Wednesday, January 08, 2020

ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងសមិទ្ធផលរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩

សៀមរាប៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានដឹកនាំកិច្ចកិច្ចប្រជុំបូកសរុបសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបនិងសមិទ្ធផលរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។
នាឱកាសនោះ លោក ទៀ បាញ់ ក៏បានឯកភាព និងវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលរដ្ឋបាលខេត្តធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំនេះ ។ លោកក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ ។
លោកបានលើកបញ្ជាក់ថា នៅគ្រប់រាល់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និង សប្បុរសជន កសាងស្ថាបនាឡើង នៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែកឲ្យបានច្បាស់លាស់ ពីសមទ្ធិផលរបស់រាជរដ្ឋាភិបាល និង សមទ្ធិផលរបស់សប្បុរសជនចូលរួម ។ ម៉្យាងវិញទៀតត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែលម្អ និងធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងឆ្នាំ២០២០នេះ ដោយផ្តោតទៅលើបញ្ហា បរិស្ថាន អនាម័យ បញ្ហាគ្រឿងញៀន ,សុខភាពសាធារណៈ , បញ្ហាដីធ្លី (ការផ្តល់កម្មសិទ្ធិជូនប្រជាជន) ព្រមទាំងបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និង ឧត្តរមានជ័យ គ្រោះថ្នាក់ចរាចរណ៍ ។
លោក ទៀ បាញ់ ក៏បានមានចំណាប់អារម្មណ៍លើការរៀបចំហេដ្ឋារចនាសម្ពន្ធ័ ក្នុងខេត្ត ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់រវាងដែនសមត្ថកិច្ចអាជ្ញាធរខេត្ត និងអាជ្ញាធរអប្សរា គឺត្រូវមានកិច្ចសហការគ្នាឲ្យបានល្អក្នុងការអភិវឌ្ឍន៍ក្រុងទេសចរណ៍ ដើមី្បជាផលប្រយោជន៍ជាតិ ។ លោកក៏បានសង្កត់ធ្ងន់ អំពីសុវត្ថិភាពការសាងសង់សំណង់គ្រប់ប្រភេទ គឺ មន្ទីរជំនាញមានការពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការអនុញ្ញាតច្បាប់សាងសង់សំណង់ ឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋាននៃច្បាប់សំណង់ មិនត្រូវធ្វើការធ្វេសប្រហែសឡើយ ។ លោកក៏បានបញ្ជាក់ថា ក្នុងពេលកន្លងមក នៅខេត្តសៀមរាបក៏ទទួលរងការបាក់រលំអគារ សាលាធម្មសភា នៅវត្តប្រាសាទគោកចក បន្ទាប់ពីការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ ហើយថ្មីៗនេះក៏មានបាក់រលំ អគារកម្ពស់៧ជាន់ទៀត នៅខេត្តកែប ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសទៀតផង។ កត្តាទាំងនេះក៏ជាការរួមផ្សំរបស់មន្ទីរជំនាញ និង មេការសំណង់ ដែលមើលស្រាលចំពោះបញ្ហាការងាររបស់ខ្លួន ។
លោកក៏បានជម្រុញឲ្យក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ខេត្តបន្តធ្វើការដោះស្រាយនូវរាល់បញ្ហាករណីដែលសេសសល់ក្នុងឆ្នាំចាស់ តាមរយៈក្នុងការធ្វើវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាងដោះស្រាយ នូវក្តីកង្វល់របស់ប្រជាពលរដ្ឋ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យត្រឹមត្រូវ និងសុក្រឹត យុត្តិធម៌ ។ លោកក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទីភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ សំខាន់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕




No comments:

Post a Comment