Tuesday, December 12, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសនានាបានជោគជ័យដោយសារការញុះញង់កងកម្លាំងប្រដាប់អាវុធ

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បដិវត្តន៍ពណ៌​នៅតាមបណ្តាប្រទេសជាច្រើនសម្រេចបានជោគជ័យ ដោយសារតែការអនុវត្តន៍អព្យាក្រឹតូបនីយកម្មកងកម្លាំងប្រដាប់អាវុធ ដូចនេះកងទ័ព និ​ងកម្លាំងប្រដាប់អាវុធទាំងមូល គឺជាឧប​ករណ៍របស់រដ្ឋ ដែលត្រូវតែការពាររដ្ឋ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ស្ថិតនៅខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អ្នកមិនអាចញុះញង់ឱ្យកងទ័ពបះបោរប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើអព្យាក្រឹត្យកម្មកងទ័ពបានទេព្រោះកងទ័ពគឺជាឧប​ករណ៍របស់រដ្ឋដែលត្រូវការពាររដ្ឋ។ កន្លងមកបដិវត្តន៍ពណ៌ដែលកើតឡើងនៅគ្រប់ទីកន្លែងទាំង អស់ គេតែងតែខិតខំធ្វើអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធជាពិសេសគឺកងទ័ពនេះតែម្តងរហូតដល់គេទទួលបានជោគជ័យ។

ការថ្លែងសារជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីទណ្ឌិតសម រង្ស៊ី ដែលបានរត់គេចខ្លួនក្រៅសំណាញ់ច្បាប់ទៅក្រៅប្រទេសបានអំពាវនាវញុះញង់ដោយខុសច្បាប់ជាថ្មីម្តងទៀតក្នុងពេលថ្មីៗនេះដើម្បីឱ្យកងទ័ពឈរនៅជាអព្យាក្រឹត្យហើយកុំស្តាប់តាមការបញ្ជារបស់មេបញ្ជាការក្នុងជួររាជរដ្ឋាភិបាល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា អព្យាក្រឹត្យនៃកងកម្លាំងប្រដាប់អាវុធធ្វើបានតែចំពោះមុខបណ្តាបក្សនយោបាយតែប៉ុណ្ណោះនៅក្នុងស្ថានភាពដែលប្រទេសជាតិរបស់យើងអនុវត្តន៍នូវរបបប្រជាធិបតេយ្យ សេរីពហុបក្សគឺយើងអព្យាក្រឹត្យចំពោះមុខបណ្តាបក្សនយោបាយទាំងអស់ដូចជាការដាក់ការការពារសម្រាប់បក្សកាន់អំណាច ឬបក្សមិនកាន់អំណាចគឺការពារឱ្យ​ទាំង​​​អស់គ្នាស្មើៗគ្នា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា កងទ័ពឬកងកម្លាំងប្រដាប់អាវុធទាំងមូល មិនមែនអព្យាក្រឹត្យចំពោះមុខម្ខាងជារាជរដ្ឋាភិបាល និងម្ខាងជាបក្សនយោបាយទេ។ កងទ័ពឬកងកម្លាំងប្រដាប់អាវុធត្រូវបានបង្កើតឡើងដើម្បីការពាររដ្ឋ ដូច្នេះគ្មានទេពាក្យអព្យាក្រឹត្យនៅទីនេះ។ បើសិនជាមានការធ្វើខុស រដ្ឋបញ្ជាកម្លាំងប្រដាប់អាវុធដើម្បីបង្រ្កាបឬក៏ទប់ស្កាត់នូវអំពើណាដែលលេចចេញមកអំពីឧបាយកលអាក្រក់ និងអំពើខុសច្បាប់ទាំងឡាយ។ លោកបានបន្តថា «គុកគេបង្កើតឡើងសម្រាប់ដាក់អ្នកទោស អ្នកធ្វើខុស ហើយអ្នកទៅដាក់ខ្នោះចំ​ពោះ​អ្នកខុសគឺកម្លាំង នគរបាលឬអាវុធហត្ថនេះតែម្តង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បក្សនយោបាយគ្មានសិទ្ធិបញ្ជាកងទ័ព ប៉ុន្តែរាជរដ្ឋាភិបាលដែលកតើចេញពីការបោះឆ្នោត បង្កើតជារដ្ឋមានសិទ្ធិបញ្ជាទៅលើកម្លាំងប្រ​ដាប់​អាវុធ។ លោកបានបន្ថែមថា លោកបញ្ជាកងទ័ពមិនមែនក្នុងក្របខណ្ឌនៃប្រធានគណបក្សប្រជាជនកម្ពុជានោះទេ ក៏ប៉ុន្តែលោកបញ្ជាកងទ័ពក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងថ្នាក់ដឹកនាំដទៃទៀត មិនមែនបញ្ជាកងទ័ពក្នុងនាមគណបក្សប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែបញ្ជាកងទ័ពក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្នុងនាមជាអគ្គបញ្ជាការកងយោធនពលខេមរភូមិន្ទ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងថា គ្មានទេអព្យាក្រឹត្យរវាងម្ខាងរដ្ឋ និងម្ខាងជាបក្សនយោបាយឬសង្គមស៊ីវិល។ យើងអព្យាក្រឹត្យតែចំពោះមុខបក្សនយោបាយដែលត្រូវមានការស្មើគ្នាក្នុងការប្រកួតប្រជែងនៅទីលានប្រជាធិបតេយ្យ តាមរយៈនៃការបោះឆ្នោតឬតាមរយៈនៃការបញ្ចេញមតិទាំងឡាយ ក៏ប៉ុន្តែនៅពេលមានការបំពានទៅលើច្បាប់រដ្ឋ ត្រូវតែចេញមុខភ្លាមដើម្បីការពាររដ្ឋមិនអាចបណ្តែតបណ្តោយបានទេ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តដែលកម្ពុជាមានមានប្រទេសតែមួយ តំបន់ត្រួតត្រាតែមួយ(មានវីដេអូ)

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច នាព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា«ជាលើកតំបូងនៅក្នុងប្រវត្តិសាស្រ្តដែលកម្ពុជាមានមានប្រទេសតែមួយ តំបន់ត្រួតត្រាតែមួយ»។

ក្នុងពេលជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជក់ យ៉ាងដូច្នេះថា «ប្រទេស១ដំបន់ត្រួតត្រា៤ មិនមែនជារឿងសុខស្រួលសម្រាប់ប្រជាជនយើងនោះទេ។ នយោបាយឈ្នះ-ឈ្នះ យើងបានអនុវត្តដោយជោគជ័យដែលនាំមកនូវប្រទេសជាតិរបស់យើង មានប្រទេសតែមួយ តំបន់ត្រួតត្រាតែមួយ ដែលជាលើកតំបូងនៅក្នុងប្រវត្តិសាស្រ្ត បើមិនរាប់រយឆ្នាំទេ ក៏រាប់សិបឆ្នាំដែរ ដែលប្រទេសកម្ពុជាមានប្រទេសតែមួយ មានតំបន់ត្រួតត្រាច្រើន។

គួររំលឹកផងដែរថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ កម្ពុជា មិនទាន់មានឯកភាពជាតែមួយនៅឡើយ គឺប្រទេសកម្ពុជាមានតំបន់ត្រួតត្រា៤ ធ្វើសង្រ្គាមប្រឆាំងគ្នាមិនចេះចប់។


ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលត្រូវជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព»

ព្រះមហាក្សត្រ ព្រះករុណា សម្ដេច ព្រះបាទ នរោត្ដម សីហមុនី ទ្រង់បានផ្ញើព្រះរាជសារអបអរសាទរជូន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសដែលលោក ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការ អភិវឌ្ឍន៍ ប្រកបដោយចីរភាព» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ដែលទទួលបាននៅថ្ងៃនេះ ព្រះអង្គបាន មានព្រះរាជបន្ធូលយ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះដំណឹងដ៏ប្រពៃខាងលើនេះ និងសូមកោត សរសើរដ៏កក់ក្ដៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរៈភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសដ៏ឆ្នើមបំផុតលើគ្រប់វិស័យ ប្រកបដោយគតិបណ្ឌិត និងសក្ដានុពល នាំមកនូវជោគជ័យដ៏ត្រចះត្រចង់ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្ដិភាព ស្ថិរភាពសង្គម និងជាការអភិវឌ្ឍន៍ជាតិរីកចម្រើនជាលំដាប់»។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានផ្ញើសារលិខិតថ្លែង អំណរព្រះរាជគុណ ជូនចំពោះព្រះមហាក្សត្រ ដែលព្រះអង្គសម្ដេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន និងការអបអរសាទរ ប្រសិទ្ធិពរបវមហាប្រសើរ ចំពោះសម្ដេចដែលត្រូវបាន​ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
នៅក្នុងសារលិខិតថ្លែងអំណរព្រះរាជគុណ ដែល​ទទួលបាននៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មហាកិត្តិយសដ៏អស្ចារ្យ ដែលទូលព្រះបង្គំជាខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមិនអាចកាត់ផ្ដាច់ពី ព្រះករុណាទិគុណ បុណ្យបារមី នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គស្ដេចទ្រង់ បំពេញព្រះរាជបូជនិយកិច្ច ប្រកបដោយ ព្រះទសពិធរាជធម៌ បង្កលក្ខណៈត្រជាក់ត្រជំ រួមទាំងប្រជាពលរដ្ឋព្រះសង្ឃ មន្ដ្រីរាជការ ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ពិសេសភរិយាដ៏ឧត្តុង្គឧត្តមរបស់ទូលព្រះបង្គំជាខ្ញុំ ដែលបានបូជាកម្លាំងកាយ ប្រាជ្ញា សារតី ដើម្បីរួចគ្នាអភិវឌ្ឍន៍ពូនជ្រំសុខសន្ដិភាព ស្ថេរភាពនយោបាយទូទាំងព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហា បំផុតនៃយើងបានឡើយ»។​
ខាងក្រោមនេះជា ព្រះរាជសារលិខិតអបអរសាទររបស់ព្រះមហាក្សត្រ និងសារលិខិតថ្លៃងអំណរព្រះរាជគុណ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖