Sunday, November 14, 2021

ព្រះមហាក្សត្រកម្ពុជា មានព្រះរាជឱង្ការស្នើអង្គការយូណេស្កូ ដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

(បារាំង)៖ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកស្រី Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ អញ្ជើញចូលថ្វាយបង្គំគាល់ សម្តែងការគួរសម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងកិច្ចសវនការដ៏មានសារៈសំខាន់នេះដែរ កម្ពុជាបានជូនដំណឹងដល់អង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន២ ដែលកំពុងដំណើរការមាន «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ដែលនឹងសុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។

លោកស្រីអគ្គនាយិកានៃអង្គការយូណេស្កូ បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកស្រី បានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ក្នុងឱកាសដ៏ថ្លៃថ្លានេះ។

លោកស្រីអគ្គនាយិកា នៃអង្គការយូណេស្កូ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថែមទៀត ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុងឧត្តមនៃព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ស្តេចយាង ប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថា ប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកិច្ចប្រជុំ មហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួប គម្រប់៧៥ឆ្នាំ របស់អង្គការយូណេស្កូ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានញាំងឲ្យ មហាសន្និបាត និងពិធីបុណ្យខួបរបស់អង្គការយូណេស្កូ បានប្រព្រឹត្តទៅដោយជ័យមង្គល។

ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជឱង្ការ សម្តែងនូវការចូលរួមអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីអគ្គនាយិកា ដែលបានជាប់ឆ្នោតយ៉ាងត្រចះត្រចង់សាជាថ្មីជាអគ្គនាយិកានៃអង្គការ យូណេស្កូ។

ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការយូណេស្កូនៅកម្ពុជា លើវិស័យវប្បធម៌ ដោយរាប់បញ្ចូលពីភាពជោគជ័យ នៃយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) អង្គរ ដែលនឹងប្រារព្ធខួបលើកទី៣០ នៅឆ្នាំ ២០២៣ ខាងមុខនេះ។

ព្រមជាមួយនេះព្រះអង្គ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងចង់ចាំជានិច្ច ចំពោះសេចក្តីខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល ដើម្បីគាំពារ និងអភិវឌ្ឍន៍អង្គរ ហៅកាត់ថា ICC អង្គរ ដែលមានប្រទេសបារាំង និងប្រទេសជប៉ុន ជាសហប្រធាន រួមជាមួយ និងការគាំទ្រយ៉ាងសកម្មពីអង្គការយូណេស្តូ ដោយមានការខិតខំប្រឹងប្រែង រួម សហប្រតិបត្តិការល្អពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួសជុលកែលំអ ប្រាង្គប្រាសាទ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាវប្បធម៌ជាតិខ្មែរ ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត ក្នុងការដាក់បញ្ចូលប្រាង្គប្រាសាទក្នុងតំបន់ប្រវត្តិសាស្ត្រអង្គរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីក្នុងខែធ្នូ ឆ្នាំ ១៩៩២ នោះមក។

កម្ពុជាសូមជូនពរគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលដើម្បីគាំពារ និងអភិវឌ្ឍន៍អង្គរ ICC អង្គរ ដែលមានប្រទេសបារាំង និងប្រទេសជប៉ុន ជាសហប្រធាន និងបណ្តាប្រទេសផ្សេងទៀតក្នុងអង្គការយូណេស្កូ សម្រេចទទួលបានជោគជ័យជាបន្តទៅទៀត ក្នុងការបំពេញបេសកម្មដ៏វិសេសវិសាលនៅកម្ពុជា។

កម្ពុជាសូមចូលរួមអបអរសាទរអង្គការយូណេស្កូ ចំពោះយុទ្ធសាស្រ្តរបស់ខ្លួនក្នុងវិស័យអប់រំ ក្នុងក្របខណ្ឌ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអប់រំរួមបញ្ចូល និងការរៀនសូត្រជាប្រចាំ ដើម្បីកំណត់ផលប៉ះពាល់នៃមេរោគកូវីដ ដើម្បីការពារវិស័យអាទិភាពទាំង៣ របស់រាជរដ្ឋាភិបាល លើ ការលើកកម្ពស់គុណភាពអប់រំ ពង្រឹងសមត្ថភាពគ្រូបង្រៀន ការពង្រឹងការអប់រំក្រៅប្រព័ន្ធ តាមរយៈការសិក្សាពេញមួយជីវិត។

កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថែមទៀត ចំពោះជំនួយដែលអង្គការយូណេស្កូបាន ផ្តល់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ សេរីភាពនៃការបញ្ចេញមតិ ការចូលប្រើព័ត៌មានដោយឥតគិត ថ្លៃ ក្រមសីលធម៌ព័ត៌មាន ការអភិរក្ស និងការធ្វើបេតិកភណ្ឌឯកសារជាលក្ខណៈ ឌីជីថល។

ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យអញ្ជើញលោកស្រី Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ មកបំពេញទស្សនៈកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលា ដ៏សមស្របណាមួយ៕





បទ «សូរិយារះហើយ» និពន្ធដោយសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ព្រះបរមរតនកោដ្ឋ និងសម្តេចម៉ែ អមដង្ហែដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពី៣០ឆ្នាំមុន

 ចម្រៀងមួយបទដែលមានចំណងជើងថា «សូរិយារះហើយ» បានច្រៀងរៀបរាប់អំពីការ យាងវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញរបស់ ព្រះបរមរតនកោដ្ឋ និងសម្ដេចម៉ែ ដែលអមដង្ហែដោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីឆ្នាំ១៩៩១ ដែលព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់មាតុភូមិកម្ពុជា។

ចម្រៀងដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅនេះ និពន្ធដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បកស្រាយដោយ លោក យិន សារិន ហើយត្រូវបានចាក់ផ្សាយលើកដំបូងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ ក្រោយការវិលត្រឡប់របស់សម្តេចព្រះនរោត្តម សីហនុ និងសម្តេចម៉ែ កាលពី៣០ឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឲ្យអ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សំាងពេញលេញ មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ (Sound Inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លើកលែងតែអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារកម្ពុជារបស់យើង គឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតដល់ជិត៨៨ភាគរយនៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះមិនត្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល ប៉ុន្តែសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចរាល់ ទាំងជនជាតិខ្មេរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា មិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័ស ដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។

សម្តេចបន្ថែមថា បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៉ីន PCR និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីអាចដំណើរការការសម្រេចនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ សម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបានការសម្រេចថ្មីនេះ សូមឲ្យមានការលើកលែងការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចអនុញ្ញាតការមិនតម្រូវធ្វើចត្តាឡីស័ក ចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញរួចនេះ គឺត្រូវជាមួយប្រទេសថៃ ឡាវ និងវៀតណាមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការមិនតម្រូវឲ្យធ្វើចត្តាឡីស័កនេះ គឺឆ្លើយតបទៅនឹងបរិបទថ្មី ដែលយើងត្រូវបានដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈប្រជាពលរដ្ឋខ្មែរយើងត្រូវការធ្វើដំណើរចេញចូលប្រទេស ប៉ុន្តែព្រួយបារម្ភអំពីការធ្វើចត្តាឡីស័ក នៅពេលនេះបងប្អូនប្រជាពលរដ្ឋលែងព្រួយបារម្ភ ពីការធ្វើចត្តាឡីស័កទៀតហើយ៕