Sunday, July 05, 2015

សម្តេច​តេជោ ហ៊ុន សែន ចូលរួម​សិក្ខា​សាលា​ដើម្បី​ផ្សព្វផ្សាយ អំពីសក្តានុ​ពល​វិនិយោគ​​នៅកម្ពុជា

នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០១៥ ដែលជាថ្ងៃទី៤នៃការស្នាក់អាស្រ័យ​បំពេញការងារនៅ​ប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសិលាផ្សព្វផ្សាយ ស្តីពីអំពីសក្តានុពល​វិនិ​យោគ​នៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។ អង្គសិក្ខា​សាលានេះក៏មានការចូលរួមពីអ្នកវិនិយោគទុនជប៉ុន ទីក្រុងគីតាគ្យូស្យូ ខេត្តហ៊្វូគុអូកា និងក្រុម​អ្នកវិនិយោគរបស់ប្រទេសកម្ពុជាប្រមាណ ២៥០នាក់។
តំណាងថ្នាក់ដឹកនាំ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងថ្នាក់ដឹកនាំខេត្តហ៊្វូគុអូកា បាន​សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ​មានការរីកចំរើនយ៉ាងឆាប់រហ័យបំផុត។ តាមរយៈសុន្ទរកថាគន្លឹៈនោះដែរ ថ្នាក់ដឹកនាំនៃ​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងថ្នាក់ដឹកនាំខេត្តហ៊្វូគុអូកា បានសំដែងនូវការវាយ​តម្លៃខ្ពស់ ចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងក្នុងអង្គសិក្ខា​សាលានៅ​ពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​មុខអ្នកវិនិយោគជប៉ុនដែលមានបំណងទៅបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា ដែល​មាន​​សក្តានុពលដ៏សំបូរបែបនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹៈទៅកាន់សិក្ខាសាលាដើម្បីផ្សព្វផ្សាយ ស្តីអំពីសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងខ្លឹមសារដ៏មាន​អត្ថន័យបំ​ផុត។
បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ទស្ស​នាក្រុមហ៊ុនមនុស្សយន្ត យ៉ាហ្កាវ៉ា ស្ថិតក្នុងទីក្រុងគីតាគ្យូស្យូខេត្តហ៊្វូគុអូកាប្រទេស​ជប៉ុន​។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់​ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកក្រុមហ៊ុនមនុស្សយន្តយ៉ាហ្កាវ៉ាជាច្រើនរូប។
ក្រុមហ៊ុននេះមានអាយុ​កាល១០០ឆ្នាំមកហើយ គឺបង្កើតឡើងនៅឆ្នាំ១៩១៥ និងមានទុន​វិនិយោគ​ប្រមាណ ២៧៨ពាន់លានយ៉េន និងមានកម្មករសរុបចំនួន ១៥ពាន់៣៣៣នាក់។ ជា​មួយនិងការផលិត​ផល​របស់​ខ្លួនដែលបាន ផលិតបាននោះ ទឹកប្រាក់ដែលក្រុមហ៊ុន​លក់ចេញ​មាន​ទឹកប្រាក់ ៤ពាន់២លាន​យ៉េនជប៉ុន។ ការងារចម្បង របស់ក្រុមហ៊ុនគឺការ​ផលិតនូវ​ម៉ាស៊ីន​បញ្ជាចលនា ដែលសន្សំសំចៃថាមពល ផលិតមនុស្សយន្ត ប្រព័ន្ធវិស្វកម្ម ដែលជាប់​ចំណាត់​ថ្នាក់ទី១លើទីផ្សារពិភពលោក។ រោងចក្រដ៏ទំនើបនេះបានផលិតនូវមនុស្សយន្តសំរាប់​ឧស្សា​ហ​កម្ម មនុស្សយន្តសំរាប់ផលិតបរិក្ខារអេឡិចត្រូនិច និងមនុស្សយន្តសំរាប់​សុខាភិបាល​ជាដើម។ បន្ទាប់ពីបានតាមស្តាប់យ៉ាងយកចិត្តទុកដាក់ពីការឧទ្ទេសនាម ស្តីពីនិរន្តរភាព​នៃ​សកម្មភាពវិនិយោគ និងសកម្មភាពនៃការផលិតមនុស្សយន្តរួចមក សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជា អញ្ជើញទស្សនា​ខ្សែសង្វាក់​ផលិតកម្ម​ក្នុង​ក្រុមហ៊ុន។
សូមបញ្ជាក់ថា នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការរីកចំរើនរបស់​ប្រទេស​កម្ពុជា ប្រទេសជប៉ុនបានបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនៃការពង្រឹង​សុខ​សន្តិភាព និងឯកភាពជាតិរបស់កម្ពុជា នឹងក៏ជាដៃគូដ៏សំខាន់ដែលបាន​ផ្តល់ហិរញ្ញ​ប្បទាន​យ៉ាងច្រើន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ ចាប់តាំងពីខែធ្នូ​ឆ្នាំ​២០១៣ ប្រទេស​ទាំងពីរកម្ពុជា ជប៉ុន បានតម្លើងឋានៈនៃទំនាក់ទំនង​របស់ខ្លួនក្លាយ​ទៅជា​ដៃគូ​យុទ្ធ​សាស្រ្ត ដើម្បីបន្តពង្រឹងនិងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការឲ្យកាន់​តែទូលំ​ទូលាយ​បន្ថែមទៀត ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែមានកម្រិតខ្ពស់ និង​ប្រកប​ដោយចីរភាព តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការបង្កើន​វិនិយោគ​ទុន​​របស់ជប៉ុននៅកម្ពុជា។
បន្ទាប់ពីបានអញ្ជើញទស្សនាក្រុមហ៊ុនមនុស្សយន្តយ៉ាហ្កាវ៉ារួចមក សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រមុចនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញទស្សន កិច្ចទៅកាន់រោងចក្រចំរាញទឹកស្អាតហៃហ្ការី ទីក្រុងគីតាគ្យូស្យូខេត្ត​ហ៊្វូគុអូកា​ប្រទេសជប៉ុន។ រោងចក្រផលិតស្អាតនេះ បានបង្កើតឡើងនៅឆ្នាំ១៩៧០ រហូតមក​ដល់ពេលនេះមានអាយុកាល៤៥ឆ្នាំមកហើយ។ តាមការឲ្យដឹងពីមន្រ្តីគ្រប់​គ្រងបច្ចេកទេស​បាន​ឲ្យដឹងថា ការបង្កើតឡើងនូវរោងចក្រនេះ គឺដើម្បីផលិតទឹក កខ្វក់ជាច្រើននៅ​ក្នុងតំបន់​នេះ។
ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ រោងចក្រនេះបានធ្វើការ អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ក្នុងការចំរាញទឹកកខ្វក់ក្នុងតំបន់នេះមានសភាពល្អប្រសើរជាលំដាប់ រហូតមក ដល់​ឆ្នាំ២០០៦ ទឹកប្រើប្រាស់នៅក្នុងតំបន់នេះបានផលិតដែលមានគុណភាព​ខ្ពស់លើអត្រា​ប្រមា​ណ ៩៩,ដែលប្រជាពលរដ្ឋប្រើប្រាស់ដោយមិនមានបញ្ហាអ្វីកើតឡើង។ នៅក្នុងកិច្ចសហ​ប្រតិ​បត្តិ​ការជាមួយនិងប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុនតាមរយៈថ្នាក់ដឹកនាំទីក្រុងគីតាគ្យូស្យូ ខេត្តហ៊្វូគុ​អូកាប្រទេសជប៉ុន បានទទួលមន្រ្តី និងនិស្សិតកម្ពុជា មកសិក្សានៅទីនេះពីការ​បំណិត​ទឹកស្អាត ពិសេសនៅក្នុងអង្គភាពរដ្ឋាករ ទឹកកម្ពុជា។
បន្ទាប់មកនៅរាត្រីថ្ងៃទី៥កក្កដា ឯកឧត្តម កែនជី គីតាហាស៊ី អភិបាលក្រុងគីតាគ្យូស៊្សូ បាន​រៀបចំនូវ ពិធីពិសារអាហារពេលល្ងាចជាមហាកិត្តិយសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម កែនជី គីតាហាស៊ី អភិបាល​ក្រុងគីតាគ្យូស៊្សូ  មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសំដែង​នូវការធ្វើគារវកិច្ចយ៉ាងកក់ក្តៅបំផុត ក្នុងនាមថ្នាក់ដឹកនាំនិងប្រជាជនទីក្រុងគីតាគ្យូស៊្សូ ជូន​ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និង​​គណៈប្រតិភូដែលបាន​ចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកទស្សនាដែនដីដ៏ពិសិដ្ឋនេះ។
ក្នុងពិធីដ៏មានអត្ថន័យនោះដែរ ឯកឧត្តមអភិបាលក្រុងមានប្រសាសន៍ថា នេះគឺជាលើកទី១ ហើយ​ដែលមេដឹកនាំប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គ ដែលបានអញ្ជើញមកធ្វើ​ទស្សនកិច្ច​នៅតំបន់នេះ ដែលនោះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់បផុត ពីសំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ចំពោះទំនាក់ទំនងជាប្រពៃណីនៃប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុន។ ក្នុងពិធីទទួលទានអាហារពេលរាត្រីនោះដែរ ឯកឧត្តមអភិបាលក្រុង បានជំរាប​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្រ្តីពីទំនាក់ទំនងនៃទីក្រុងគីតាគ្យូស៊្សូ ជាមួយនិងប្រទេសកម្ពុជា ពិសេស​ការ​រួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស។
ជាមួយគ្នានេះឯកឧត្តម បានគូសបញ្ជាក់​ពីសក្តានុពល កំណើនសេដ្ឋកិច្ច និងជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ​រស់​នៅទីក្រុង​គីតាគ្យូស៊្សូ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូ​បានស្វែងយល់ផងដែរ។ ជាការ​ឆ្លើយតបសម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថ្លែង​នូវ​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋទីក្រុងគីតាគ្យូស៊្សូ ដែល​បានទទួលបដិសណ្ឋារកិច្ចនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេចនិងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកកាន់ទីក្រុងដ៏ស្រស់បំព្រងនេះ។
សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​​ក៏បានគូសបញ្ជាក់ពីភាពជាអ្នកជិតខាងល្អ នៃទំនាក់ទំនងកិច្ច​សហ​​ប្រតិ​បត្តិការ​នៃប្រទេសនិងប្រជាជនទាំងពីរ ដែលបានឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយ​នៅពេលខាងមុខថ្នាក់ដឹកនាំ ទាំងពីរនឹងខិតខំជំរុញទំនាក់ទំនងនៃប្រទេសពីរ ឲ្យឈាន​ដល់ភាពជាដៃគួយុទ្ធសាស្រ្តទូលំទូលាយ៕     

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចាកចេញ​ពីទីក្រុង​តូក្យូ ឆ្ពោះទៅបំពេញ​ទស្សនកិច្ច ទីក្រុង​ហ្សី​ម៉ូណូសីកគី

បន្ទាប់ពីបានស្នាក់អាស្រ័យនៅទីក្រុងតូក្យូរយៈពេល៣ថ្ងៃ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ -ជប៉ុន លើកទី៧ ដែលបានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅ​ព្រឹកថ្ងៃទី៥ ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូ ជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាក​ចេញពីចំណតអាកាសយានដ្ឋានអន្តរជាតិ ហា ណេដា ទីក្រុងតូក្យូ តាមយន្តហោះពិសេស​របស់​ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរ​អញ្ជើញ​ទៅបំពេញ ទស្សនកិច្ចផ្លូវការទៅកាន់ ទីក្រុងគីតាគ្យូស៊្យូ (Kita-Kyushu) ខេត្តហ៊្វូគុអូកា (Fukuoka) និងទីក្រុងហ្សីម៉ូ ណូសីកគី (Shimonoseki) ខេត្តយ៉ាម៉ាហ្គូជី (Yamaguchi) ដែល​ជា​មណ្ឌលបោះឆ្នោតរបស់ឯកឧត្តម ហ្សិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។
នៅទីក្រុងហ្សីម៉ូ ណូសីកគី ខេត្តយ៉ាម៉ាហ្គូជី សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិ​ភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាផ្សារត្រីដ៏ល្បីល្បាញ ក្នុងទីក្រុងហ្សីម៉ូ ណូ​សីកគី ខេត្តយ៉ាម៉ាហ្គូជី ប្រទេសជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនា​ដោយ​ផ្ទាល់​ពីការលក់ដូររបស់ប្រជាពលរដ្ឋជប៉ុន ក្នុងទីផ្សារលក់ត្រីដ៏ល្បីល្បាញបំផុតនេះ។ ផ្សារលក់​ត្រី​ដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងដ៏យូរលង់ណាស់មកហើយ ពេលគឺជាប្រជា​ពលរដ្ឋ​ក្នុង​តំបន់នេះ មានមុខរបរជាអ្នកប្រកបរបរនេសាទសមុទ្រទឹកប្រៃ និងនេសាទទឹក សាប ដែលជា​ផ្នែកមួយនៃដែនដីដ៏សំបូរបែបនេះ។ ទីក្រុងហ្សីម៉ូណូសីកគី ខេត្តយ៉ាម៉ាហ្គូជី គឺជាដែនកោះមួយដែលមានខ្សែទឹកសមុទ្រ ជាប់នឹងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ និង​ស្ថិតនៅភាគ ខាងជើងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រជាពលរដ្ឋមាន​មុខរបរជាអ្នក​នេសាទ និងបានប្រែក្លាយពីការនេសាទ និងការលក់ដូរត្រីគ្រប់ប្រភេទឲ្យក្លាយ​ទៅជា​តំបន់ទេសចរណ៍ ប្រកបដោយការទាក់ទាញបំផុត ក្នុង ចំណោមប្រជាជនជប៉ុន។
ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋ​ជប៉ុនប្រមាណពី១លាន៣សែននាក់ ទៅ២លាននាក់ មកពីគ្រប់​ទិសទីក្នុងប្រទេសជប៉ុន បាន​មកទទួលទានត្រីដ៏មានរស់ជាតិនៅក្នុងតំបន់នេះ ដោយបាន​ធ្វើឲ្យ​តំបន់នេះមានការ​ផ្លាស់​ប្តូរមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍនៅនឹងកន្លែងផ្ទាល់តែម្តង។
ប្រជាពលរដ្ឋជប៉ុនដែល​បាន​មក​កាន់ទីនេះ ប្រសិនជាពួកគេមិនបានទទួលទាន​ត្រីក្នុង​តំបន់​នេះ​​ទេ គឺប្រាកដណាស់ថា ពួកគេហាក់មិនបានស្គាល់ដែនដីកោះដ៏អស្ចារ្យមួយផងដែរ។ ដោយ​​សារតែភាពល្បីល្បាញនេះ ធ្វើឲ្យតំបន់នេះទទួលបាននូវការទាក់ទាញ និងការពេញ​និយមពី​សំណាក់ប្រជាពលរដ្ឋទូទៅ រួមទាំងអ្នកទេសចរណ៍ អន្តរជាតិនានាផងដែរ។ ជាមួយ​និងការអញ្ជើញទស្សនាដល់ទីកន្លែង សម្តេចតេជោ បានទទួលនូវសាច់ត្រី​ស្រស់​ដែល​ផ្តល់ជូន​ដោយអ្នកលក់ក្នុងផ្សារ។ បើតាមការអះអាងពីមន្រ្តីថ្នាក់ដឹកនាំផ្សារដ៏ទំនើបនោះបានឲ្យដឹងថា ជាធម្មតាប្រជាពលរដ្ឋបានធ្វើការនេសាទរបស់ពួកគេ ក្នុងនាមជាលក្ខណៈគ្រួសារ ហើយអ្វី​ដែល​ពិសេសទៅទៀតនោះ សាច់ត្រីធម្មជាតិទាំងអស់មានរស់ជាតិឆ្ងាញ់យ៉ាងពិសេសបំផុត ដែលយើងមិនអាចមើលរំលងបាន។
ផ្សារលក់ផលិតផលសាច់ត្រីដ៏ទំនើបនេះ ក្រៅពីការលក់រាយជូនភ្ញៀវទេសចរណ៍​ក៏ដូចជាប្រជា​ពលរដ្ឋរស់នៅក្នុងទីក្រុង និងប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗទៀតនោះ ទីផ្សារ​នេះ​ក៏បាន​ធ្វើការលក់ដុំសម្រាប់ធ្វើការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិធំៗផងដែរ។
នៅក្នុងឱកាសនៃ ការអញ្ជើញទស្សនាដោយផ្ទាល់នោះ សម្តេចតេជោ​បាន​ទទួល​​នូវការ​ស្វាគមន៍​យ៉ាងស្និតស្នាល ពីសំណាក់ប្រជាពលរដ្ឋដែលជាអាជីវករ អ្នកទេស​ចរណ៍ ដែល​មាន​វត្តមានទិញផលិតផលសាច់ត្រី ក្នុងទីផ្សារដ៏ទំនើបនោះផងដែរ។ សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​មានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ដែល​បានខិតខំថែរក្សានិងអភិរក្សទីផ្សារឲ្យស្ថិតនៅគង់វង់ ពិសេសគឺការប្រែក្លាយ​តំបន់នេះ​ឲ្យក្លាយ​ទៅជាតំបន់ទេសចរណ៍ ប្រកបដោយការទាក់ទាញបំផុតរបស់ប្រ ទេសជប៉ុន។
សូមបញ្ជាក់ដែរថា គីតាគ្យូស៊្យូ គឺជាទីក្រុងមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៦៣ មានផ្ទៃក្រឡា​ទំហំជាង៤៨៦គីឡូ ម៉ែត្រក្រឡា និងមានប្រជាជនរស់នៅជាង៩៨៣ពាន់នាក់។
ទីក្រុង​គីតាគ្យូស៊្យូ មានរោងចក្រ Nippon Steel Comporation Zenrin Company ដែលមាន​ជំនាញ​​ខាងផែនទី និងបង្កើត Sottwareនាវាចរណ៍ រោងចក្រ TOTO ដែលផលិតចាន​បង្គន់​ល្បី​​ឈ្មោះ ក្រុមហ៊ុន Yaskawa និងក្រុមហ៊ុន StarFlyer ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមាន​ការិយា​ល័យ​​កណ្តាលក្នុងទីក្រុង។ ថ្មីៗនេះគឺនៅឆ្នាំ២០០៩ Bridgestone Comporation បាន​បើក​ស្នាក់ការ​ក្នុងទីក្រុងនេះ ដើម្បីផលិតកៅស៊ូកង់រថយន្តប្រភេទធំសម្រាប់រថយន្ត ក្នុងវិស័យ​សំណង់​និង​រុករករ៉ែ៕
បន្ទាប់មកនៅវេលាថ្ងៃត្រង់នោះដែរ ឯកឧត្តម តូម៉ូអាគី ណាកាអូ អភិបាលក្រុងហ្សីម៉ូណូសីកគី បាន ប្រារព្ធរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូ​ជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញ​មកទស្សនាទីក្រុងហ្សីម៉ូណូសីកគី ខេត្តយ៉ាម៉ាហ្គូជី លើទឹកដីដ៏ពិសិដ្ឋនេះ។ ឯកឧត្តម តូម៉ូអាគី ណាកាអូ អភិបាលក្រុងហ្សីម៉ូណូសីកគី មាន ប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និង​សូមសំដែងនូវការធ្វើគារវកិច្ចយ៉ាងកក់ក្តៅបំផុត ក្នុងនាមថ្នាក់ដេកនាំនិង​ប្រជាជនទី​ក្រុង​ហ្សី​​ម៉ូណូសីកគី ជូនចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋ មន្រ្តី និងគណៈ​ប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកទស្សនាដែនដីដ៏ពិសិដ្ឋនេះ។
ក្នុង​ពិធីដ៏មានអត្ថន័យនោះ ឯកឧត្តមអភិបាលក្រុងហ្សីម៉ូណូសីកគី មានប្រសាសន៍ថា នេះគឺជា​លើកទី១ ហើយដែលមេដឹកនាំប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ ដែលបានអញ្ជើញ​មកធ្វើ​ទស្សន​កិច្ចផ្សារត្រីដ៏ល្បី ល្បាញបំផុតនេះ ដែលនោះបានបង្ហាញឲ្យឃើញ​ពីការយកចិត្ត​ទុក​ដាក់បផុត ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះទំនាក់ទំនងជា​ប្រពៃណីនៃ​ប្រទេស​យើង​ទាំងពីរកម្ពុជា‑ជប៉ុន។
ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់នោះដែរ ឯកឧត្តម​អភិបាល​ក្រុងហ្សីម៉ូណូសីកគី បានជំរាប​ជូន​​សម្តេចតេជោនាយករដ្ឋមន្រ្តីពី សក្តានុពល កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋរស់នៅទីក្រុងហ្សីម៉ូណូសីកគី ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ​បាន​ស្វែងយល់ផងដែរ។ ជាការឆ្លើយតបសម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថ្លែង​នូវ​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋទីក្រុងហ្សីម៉ូណូសីកគី ដែលបានទទួលបដិសណ្ឋារកិច្ចនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេច​និង​​គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកកាន់ទីក្រុងហ្សីម៉ូណូសីកគី ដ៏ស្រស់បំព្រងនេះ។
សម្តេច​​តេជោនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីភាពជាអ្នកជិតខាងល្អ នៃទំណាក់ទំនង​កិច្ច​សហ​​ប្រតិបត្តិការ នៃប្រទេសនិងប្រជាជនទាំងពីរ ដែលបានឈានដល់​ភាពជាដៃ​គូ​យុទ្ធ​សាស្រ្ត ហើយ​នៅពេលខាងមុខថ្នាក់ដឹកនាំ ទាំងពីរនឹងខិតខំជំរុញ​ទំនាក់ទំនង​នៃ​ប្រទេសពីរ ឲ្យឈាន​ដល់​ភាពជាដៃគួយុទ្ធសាស្រ្តទូលំទូលាយ៕ 

ប្រតិភូ​ឧក្រិដ្ឋកម្ម​សង្គ្រាម​សហរដ្ឋអា​មេរិកមាន​បំណងចូល​រួមស្ដាប់ការ​បើកសវនាកា​របណ្ដឹង​ឧទ្ធរណ៍​របស់​សាលាក្ដី​ខែ្មរក្រហមលើ​សំណុំរឿង០០២វគ្គ០១

ក្នុងជំនួបពិភាក្សា ជាមួយឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្ដី នៅអាគារមិត្តភាព នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ប្រតិភូសហរដ្ឋអាមេរិកមួយក្រុម ដឹកនាំដោយ ឯកឧត្តម STEPHEN RAPPឯកអគ្គរដ្ឋទូតគោចរ សហរដ្ឋអាមេរិក​ទទួល​បន្ទុកឧក្រិដ្ឋកម្មសង្គ្រាមបានមានប្រសាសន៍ថា៖ គោលបំណងសំខាន់របស់ប្រតិភូ​មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺក្នុងន័យគាំទ្រអំពី​ដំណើរការ អង្គជំនុំជម្រះ​វិសា​មញ្ញ​ក្នុងតុលាការកម្ពុជា អ.វ.ត.ក ឬសាលាក្ដីខ្មែរក្រហម ដែលសហរដ្ឋអាមេរិក បានជួយ​គាំទ្រចាប់តាំងពីថ្ងៃការបង្កើត សាលាក្ដីកូនកាត់មួយនេះមក។
ឯកឧត្តម STEPHEN RAPP បានប្រសាសន៍បន្ដទៀតថា៖  ទាក់ទងទៅនឹងដំណើរការនៃ អង្គជំនុំជំរៈ វិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងការកាត់ទោសអតីតៈ​មេដឹកនាំខ្មែរក្រហម​ដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនេះដែរ ប្រតិភូសហរដ្ឋអាមេរិក ក៍មាន​បំណងចូលរួមស្ដាប់ការបកស្រាយករណី បណ្ដឹង០០២របស់តុលាការ ដែលនឹងបើក​ដំណើរការនៅថ្ងៃទី២ដល់់ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៥ អំពីបណ្ដឹង ឧទ្ធរណ៍ទាក់ទង​នឹងសាលក្រម ដែលតុលាការបានចេញដីកា កាលពីខែសីហា ឆ្នាំ២០១៤ កន្លងមក ដោយបានកាត់ទោស អតីតៈមេដឹកនាំខ្មែរក្រហមចំនួន២រូប គឺ ទណ្ឌិត នួន ជា  និង ខៀវ សំផន តម្រូវជាប់ព័ន្ធធានាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ដល់ខែធ្នូ ឆ្នាំ ១៩៧៧ ។
ក្នុងនាមរាជារដ្ឋាភិបាលកម្ពុជា ឯកឧត្តម កែវ រ៉េមី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលបានចូលរួមចំណែក  ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើត​សាលាក្ដីខ្មែរក្រហម ដើម្បីធ្វើការកាត់ទោសអតីតៈមេដឹក​នាំខ្មែរក្រហម ស្វែង​រក​យុត្តិ​ធម៌​ជូនដល់ជនរងគ្រោះ ពិសេសតាមរយៈការបញ្ជូនគណៈ​ប្រតិភូ មកចូលរួម​តាមដាន​ស្ដាប់ការបើកសវនាការបណ្ដឹងឧទ្ធរណ៍លើករណីសំណុំរឿង០០២ ដែលអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា នឹងធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧  ខែកក្កដា ​ឆ្នាំ​២០១៥នេះផងដែរ៕

សម្តេច​​តេជោ ហ៊ុន សែន អញ្ជើញ​ចូលជួប ពិភាក្សាការ​ងារទ្វេភាគី​ជាមួយ ឯកឧត្តម ស៊ិនហ្សូ អាបេ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួប ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីជប៉ុន នារសៀល ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៥ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ធំចំ​នួន​៦ ចូលជួប​សំដែងការ​​គួរ​សម

នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៥ ដែលជាថ្ងៃទី៣នៃការស្នាក់អាស្រ័យ អញ្ជើញចូលរួម​កិច្ច​ប្រជុំ​​កំពូល​មេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិនិយោគទុនធំៗចំនួន៦ ក្នុង​នោះរួមមាន ក្រុមហ៊ុន Mitsui ក្រុមហ៊ុនប្រេង Mitsui Oil ក្រុមហ៊ុន Denso Comporation ក្រុមហ៊ុន Sumitomo Wiring Systems ក្រុមហ៊ុន Minebea និងក្រុមហ៊ុន Yazaka Comporation ចូលជួបសំ​ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបដាច់ដោយឡែកពីគ្នានៃក្រុមហ៊ុនវិនិយោគទាំង៦ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី មាន​ប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំនៃក្រុម ហ៊ុនទាំង៦​របស់ប្រទេសជប៉ុន ដែលបានមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានមាន​ប្រសាសន៍បន្តថា កម្ពុជាមានសក្តានុពល​យ៉ាងខ្លាំងក្នុងទាក់ទាញអ្នកវិនិយោគ​ពីគ្រប់ទិស​ទី​ទាំង​​អស់ ក្នុងការទៅបណ្តាទុកក្នុងប្រទេសកម្ពុជា ពិសេសទៅទៀត នោះច្បាប់វិនិយោគ​របស់​កម្ពុជាបានផ្តល់នូវភាពអនុគ្រោះយ៉ាងខ្លាំង ដល់គ្រប់ហ៊ុនវិនិយោគបរទេសទាំង​អស់ ដែល​មានបំណងទៅបណ្តាក់ទុននៅកម្ពុជា ពោលគឺក្រុមហ៊ុនអាចធ្វើការបណ្តាក់ទុន១០០% ដោយ​មិនចាំបាច់ពីដៃគូក្នុងស្រុក​ និងដោយមិនមានការកំណត់ទុន។
តាមការគូសបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឲ្យដឹងថា វិនិយោគទុនរបស់ប្រទេស​ជប៉ុន​នៅកម្ពុជា កាលពីឆ្នាំ២០១៤មានទឹកប្រាក់៦៨លានដុល្លារ ក្នុងរយៈពេល២ខែដើម​ឆ្នាំ​២០១៥ មានទឹកប្រាក់ចំនួនជាង២០លានដុល្លា ការវិនិយោគទាំងអស់​នោះ រួមមាន ការ​វិនិ​យោគ​​លើវិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ការកែច្នៃឈើ គ្រឿងចក្រ និងការ តម្លើង​រថយន្តជាដើម។
ក្នុងជំនួបពិភាក្សាគ្នានោះ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ បាន​សំដែងនូវការថ្លែង​អំ​ណរគុណ​យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏​មានតម្លៃបំផុតរបស់សម្តេច អនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ដែលមានវត្ត​មាននៅ​ពេល​នេះ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ពិសេសបានសិក្សាស្វែងយល់​ថែម​ទៀតពីសម្តេច ក្នុងការតំរង់ទិសដល់ការងារវិនិយោគក្នុងប្រទេសកម្ពុជា។
តាមរយៈជំនួប​ពិភាក្សា​គ្នានោះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុនបានសំដែងនូវការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ជូនចំពោះសកម្មភាពដឹកនាំរបស់សម្តេច ដែលបានផ្តល់អាទិភាព​ដល់អ្នក​វិនិ​យោ​គ​​ទុនបរទេស មិនថាតែវិនិយោគមកពីប្រទេសជប៉ុននោះទេ ពោល គឺផ្តល់អាទិភាពដល់​វិនិ​យោគ​ទុនបរទេសទាំងអស់ ដែលមានបំណងមកបណ្តាក់ទុនពិតប្រាកដនៅកម្ពុជា។
ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងអស់ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលមានកំណើនគួរឲ្យកត់សំគាល់ ពិសេសក្រោមការ​ដឹកនាំដោយផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរាជ​ទូត​ជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន រៀបចំពិធីអាហារពេលល្ងាចជាមហា​កិត្តិយ​ស ជូន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិ​បាល​កម្ពុជា ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុង តូក្យូ ប្រទេស​ជប៉ុន​។
ឯកឧត្តម Fumiaki Takahashi ក៏បានថ្លែងនូវការគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សានូវកំណើនជាង៧%ក្នុងមួយឆ្នាំ ដែលនោះ​គឺ​ជា​ការប្តេជ្ញា​ចិត្តយ៉ាងមុតមាំរបស់សម្តេច ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាព​ក្រីក្រ​និងការអភិវឌ្ឍ​ប្រទេស​ប្រកបដោយនិរន្តរភាពបំផុតនោះ។
ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា សមាគមន៍នៃប្រទេសទាំងពីរ បានភ្ជាប់នូវទំនាក់ទំនង​ជា​មិត្តភាពជាមួយនិងបណ្តាប្រទេសនានា លើសកលលោក និង​សំបូរទៅដោយ​បញ្ញា​វ័ន្ត​វ័យ​ក្មេង តាមរយៈឯកឧត្តមមានការរីករាយខ្លាំងណាស់ ក្នុងការបង្កើនកិច្ចសហប្រតិ បត្តិការជា​មួយ​​និងប្រទេសកម្ពុជា ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងជួយដល់យុវជនជំនាន់​ក្រោយរបស់យើង កាន់តែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់​តែ​ប្រសើរឡើង។     
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយខ្លាំងណាស់ ដោយ​​​បានអញ្ជើញមកកាន់ទីក្រុងតូក្យូប្រទេសជប៉ុនសាជាថ្មីម្តងទៀត ដើម្បីចូលរួមកិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​ ។ សម្តេចតេជោមាន​ប្រសាសន៍​បន្តថា វត្តមានរបស់សម្តេចមកកាន់ ប្រទេសជប៉ុននៅពេលនេះ មិនគ្រាន់តែផ្តល់ឱកាស​ឲ្យ​រូប​សម្តេចធ្វើការជាមួយភាគីជប៉ុន និងថ្នាក់ដឹកនាំ នៃប្រទេសមេគង្គ ដែលទាក់ទិនទៅ​និងការរួម​គ្នា​ដោះស្រាយ និងការបង្កើនកិច្ចសហប្រតិបត្តិការសំរាប់តំបន់​មេគង្គ ជាមួយនិងប្រទេសជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ គឺក្នុងន័យដើម្បីផ្តល់​ឱកាស​ឲ្យរូបសម្តេចបាន ជួបប្រាស្រ័យជាមួយនិងថ្នាក់ដឹកនាំជប៉ុន ក្នុងគោលបំណង​ពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រ​ទេសទាំងពីរកម្ពុជា ជប៉ុនឲ្យកាន់តែរឹង​មាំទ្វេឡើង​ថែម​ទៀត។
សម្តេច មានប្រសាសន៍បន្តថា សម្តេចនិងខិតខំប្រឹងប្រែងឲ្យអស់​ពី​សមត្ថភាព​ក្នុងការ ពង្រីក​ចំណង​ទាក់ទងជាមួយនិងប្រទេសជប៉ុន ឲ្យឈានដល់ចំណុចកំពូលថ្មីទៀត ពោលគឺនៅពេល​ខាង​មុខ រូបសម្តេចផ្ទាល់និងធ្វើការជាមួយថ្នាក់ដឹកនាំជប៉ុន ដើម្បីពង្រីកទំនាក់ទំនងនៃ​ប្រទេស​ទាំងពីរ ពី​ជាដៃ​គូយុទ្ធសាស្រ្ត ទៅកាន់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ គ្រួបង្វឹក និងក្រុម​កីឡាករបាល់ទាត់យុវជនអាយុ ក្រោម១៥ឆ្នាំចំនួន៣២នាក់ ដែលមានវត្តមានចូលរួមប្រកួតកីឡាជាលក្ខណៈមិត្តភាព ក្នុង​ប្រទេស​មេគង្គ ជប៉ុន ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។
សម្តេចតេជោនាយករដ្ឋមន្រ្តី​មានប្រសាសន៍នៅចំ​ពោះមុខថ្នាក់ដឹកនាំ គ្រូបង្វិក និងកីឡាករ​យុវជនទាំង៣២នាក់នោះថា បើទោះបីជាប្រទេសយើងតូច កីឡាកររបស់យើងមានកាយ​សម្បទានតូចក៏ពិតមែន ប៉ុន្តែនៅពេលចូលរួមប្រកួតគឺយើងមិនត្រូវខ្លបខ្លាចចំពោះ ឥទ្ធិពល​អ្វី​ទាំងអស់ ពោលគឺយើងប្រកួតទៅតាមលក្ខណៈបច្ចេកទេស និងជំនាញដែលយើងមានពិត​ប្រាកដ។
តាមរយៈកិច្ចសន្ទនាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ សំដែងនូវ​ការ​វាយតំលៃខ្ពស់ និងកោតសរសើរដល់ក្រុមយុវជនវ័យក្មេងរបស់កម្ពុជា ដែលអ្នកទាំង​អស់​គ្នា​នេះហើយគឺជាអ្នកបន្ត​វេន និងជាអ្នកនាំកិត្តិយសជូនប្រទេសជាតិ តាមរយៈកម្ពុជាដែល​នឹង​ជាម្ចាស់ផ្ទះកីឡាស៊ីហ្កេមនៅឆ្នាំ ២០២៣ខាងមុខ។
ដោយបានមានប្រសាសន៍ទៅកាន់កីឡាករវ័យក្មេងទាំងអស់នោះថាជាចៅៗ សម្តេចតេជោ មានប្រសាសន៍ជំរុញលើកទឹកចិត្តដល់កីឡាវ័យក្មេងទាំងនោះ ក៏ដូចជាកីឡាវ័យក្មេងដទៃ ទៀ​ត បន្ត​ខិតខំប្រែងប្រែងពីពេលបច្ចុប្បន្ននេះទៅ ហើយរហូតដល់ឆ្នាំ២០២៣​យុវជនវ័យ​ក្មេង​ទាំង​នេះ និងក្លាយជាអ្នកប្រកួតប្រជែងដ៏ខ្វិតស្វាញ និងនាំជ័យលាភីជូនប្រទេសជាតិ ហើយ​យុវជន​វ័យក្មេងទាំងនេះនឹង ក្លាយទៅជាកីឡាករជម្រើសជាតិ មិនគ្រាប់តែដើម្បីត្រៀមខ្លួន​ធ្វើម្ចាស់​ផ្ទះនោះទេ គឺក៏ដើម្បីត្រៀមខ្លួនសម្រាប់ កីឡាអូឡាំពិកនៅប្រទេស​ជប៉ុនក្នុងឆ្នាំ​២០២០​ផងដែរ។ បើតាមគូសបញ្ជាក់ពីអ្នកដឹកនាំក្រុមបានឲ្យដឹងថា ក្រុមកីឡាបាល់ទាត់យុវជន​អាយុ​ក្រោម១៥ឆ្នាំ បានធ្វើការប្រគួតពីថ្ងៃទី២៩មិថុនា រហូតដល់ថ្ងៃទី៥កក្កដា ក្នុងនោះលើកទី១ ក្រុម​​កម្ពុជាប្រគួតជាមួយនិងក្រុមជម្រើសយុវជនអាយុក្រោម១៥ឆ្នាំ របស់ប្រទេសជប៉ុន ដោយ​ប្រកួតចាញ់ក្រុមជប៉ុន ៥ទល់និង១ ប្រគយចាញ់ក្រុមជម្រើសជាតិវៀតណាម១សូន្យ ចាញ់​ក្រុម​លីក របស់ជប៉ុន១សូន្យ និងទាត់ស្មើរ២ទល់និង២ជាមួយនិងក្រុមប្រទេសថៃ។
បន្ទាប់​ពីការ​​បញ្ចប់ការប្រគួតនេះ ក្រុមយុវជនរបស់កម្ពុជានឹងបន្តស្នាក់នៅ​ហ្វឹកហាត់រយៈពេល​ប្រមា​ណ ២​សប្តាហ៍ទៀត ក្នុងប្រទេសប្រជប៉ុន ដើម្បីត្រៀមប្រកួតកីឡាបាល់​ទាត់អាយុ​ក្រោម​១៥ឆ្នាំ សម្រាប់​តំបន់អាស៊ីនៅពេលខាងមុខ៕   

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON Airways ក្រុមហ៊ុន Toyota Tsusho ចូលជួប​សំដែង​ការគួរសម និងពិ​ភាក្សា​ការងារ


ក្នុងជំនួបជាមួយនឹងសម្តេចតេជោនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃដដែលនោះដែរ លោកប្រធាន​ក្រុមហ៊ុន ALL NIPPON Airwaysមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកនិងខិតខំ​ប្រឹង​ប្រែង​ក្នុងការជំរុញឲ្យមានការហោះហើរឲ្យបានឆាប់បំផុត ទៅកាន់ប្រទេសកម្ពុជា។
លោក​ប្រធានក្រុមហ៊ុនមានប្រ សាសន៍បន្តថា ក្រុមហ៊ុនរបស់លោកមានក្រុមហ៊ុន៨០ជាសាខា និង​មានក្រុមហ៊ុនមួយចំនួនទៀត ដែលមានការលក់សំបុត្រតម្លៃថោក ក្នុងការធ្វ់ដំណើរ​ទៅ​កាន់​ប្រទេសនានា ក្នុងតំបន់ តាមរយៈនេះរូបលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីចិត្ត ក្នុងជំរុញ​ឲ្យ​​មានការហោះហើរទៅកាន់ប្រទេសកម្ពុជាឲ្យបានឆាប់បំផុត នៅពេលដ៏ខ្លីខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍គាំទ្រ ចំពោះការប្តេជ្ញាចិត្តក្នុងជំរុញឲ្យមាន ការ​ហោះ​ហើរត្រង់ពីជប៉ុនទៅកាន់ប្រទេសកម្ពុជា។ សម្តេចតេជោមានបប្រសាសន៍បន្តថា ជប៉ុន​មានប្រជា ពលរដ្ឋជាង១០០លាននាក់ ប៉ុន្តែពេលនេះនៅមិនទាន់​មានការហោះ​ហើរដោយ​ត្រង់​ពីគ្នាទៅវិញទៅមកនៅឡើយ ផ្ទុយពីនេះប្រទេសកូរ៉េមានការហោះ​ហើរ១១ជើង​ក្នុង​១ថ្ងៃ។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន Toyota Tsusho ចូលជួបសំដែងការគួរសម។ លោកប្រធានក្រុមហ៊ុនមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក​បានទៅបណ្តាក់ទុន ក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ពីក្រុមហ៊ុន TTK លក់​រថយន្តនៅកម្ពុជា ឥឡូវបានបង្កើតទៅជាក្រុមហ៊ុន Toyota កម្ពុជា ដែលបានដាក់ឲ្យ​ដំណើរការ​ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវ ហិរញ្ញប្បទានខ្នាតតូច នឹងពេលខាងមុខក្រុម​ហ៊ុន​របស់លោក នឹងពង្រីកសេវាធានារ៉ាប់រងដលើអតិថិជនផង ដែរ ពិសេសការកសាង​កំពង់​ផែន​នៅក្រុងព្រះសីហនុ រួមទាំងគំរោងជាច្រើនទៀតក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយក​រដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ ចំពោះវត្តមានរបស់ក្រុមហ៊ុន Toyota Tsusho នៅកម្ពុជា ដែល​នោះគឺជាការរួមចំណែកដល់ការវិនិយោគនៅកម្ពុជា។

សម្តេចតេជោបន្តថា កម្ពុជាបានផ្តល់នូវ ឱកាសវិនិយោគជាច្រើនដល់អ្នក​វិនិយោគទុន​បរទេស ពោលគឺក្រុមហ៊ុនអាចធ្វើការបណ្តាក់ទុន១០០ដោយមិនចាំបាច់ពីដៃគូក្នុងស្រុក​ និងដោយ​មិនមានការកំណត់ទុន។  
បន្ទាប់​មក​ទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យលោក Hiroyuki Ishige ប្រធាន​និង​ជា​​នាយកប្រតិបត្តិនៃអង្កការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ចូលជួប​សំដែង​ការ​គួរសម ។
ដោយឡែកក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីដែរនោះ លោក Hiroyuki Ishige ប្រធាន​​និងជានាយកប្រតិបត្តិនៃអង្កការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) មាន​ប្រសាសន៍​ថា អង្គការរបស់ លោកមានវត្តមានក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១០ ក្នុងរយៈ​ពេលនេះអង្គការរបស់លោក បានរួមចំណែក ក្នុងការជួយជំរុញអ្នកវិនិយោគទុនជប៉ុន មក​បណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មាន​ប្រសាសន៍ស្នើឲ្យអង្គការ JETRO ជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុន ក្នុងប្រទេស​កម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត ពិសេសការជំរុញឲ្យមានការនាំចេញពីប្រទេសកម្ពុជា​ទៅ​កាន់ទីផ្សារអន្តរជាតិ៕ 

សម្តេច​តេជោ ពិសារ​អាហារ​ពេល​ព្រឹក​ជាមួយ សមាគមន៍​មិត្តភាព​សភា​កម្ពុជា-ជប៉ុន

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០១៥ ដែលជាថ្ងៃទី២នៃការស្នាក់អាស្រ័យ​អញ្ជើ​ញ​ចូលរួមកិច្ច​ប្រជុំ​កំពូលមេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុង​តូក្យូប្រទេសជប៉ុន សម្តេច​​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា អញ្ជើញពិសារអាហារ​ពេល​ព្រឹក​ការងារជាមួយ សមាគមន៍មិត្តភាព​សភាកម្ពុជាជប៉ុន ដឹកនាំដោយឯកឧត្តម Takeo Hiranuma ប្រធានសមាគម​មិត្តភាពសភាកម្ពុជា-ជប៉ុន។
ឯកឧត្តម Takeo Hiranuma មានប្រសាសន៍សំដែងនូវការស្វាគមន៍សាជាថ្មីម្តងទៀត ដែល​បាន​ជួប​ពិភាក្សាការងារ ក្នុងពេលអាហារពេលព្រឹកជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី។
ឯកឧត្តមមានប្រសាសន៍សំដែងនូវការវាយ តម្លៃខ្ពស់ចំពោះភាពរីកចំរើន​នៃទំនាក់ទំនង​របស់​ប្រទេសទាំងពីរកម្ពុជា ជប៉ុន ពិសេសក្នុងទំនាក់ទំនងក្នុងរយៈពេល៦០ឆ្នាំបន្ទាប់​ពីប្រទេស​ទាំង​ពីរ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ ក្នុងជំនួបពិភាក្សាគ្នា នេះ ឯកឧត្តម​ប្រធាន​មាន​ប្រសាសន៍ជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពីការចូលរួមរំលែកទុក្ខយ៉ាង ក្រៀម​ក្រំបំផុត ចំពោះការទទួលមរណៈភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្នុងនោះឯកឧត្តម​បាន​បញ្ជូនគណៈប្រតិភូរបស់សមាគមន៍សភាមិត្តភាពកម្ពុជា ជប៉ុន ទៅមកចូលរួមគោរព​វិញ្ញាណ​ក្ខន្ធ សព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដល់រាជធានីភ្នំពេញផងដែរ។
ឯកឧត្តម​ប្រធានក៏បានវាយ តម្លៃខ្ពស់ពីភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ពិសេសទៅទៀតនោះ ការកសាង​ស្ពានភឿបាសាឆ្លង​កាត់​ទន្លេរអ្នកលឿង ដែលសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅ និងរួម​ចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យកាន់តែមានការកើនឡើងបន្លែមទៀ
ឯកឧត្តមបន្តថា ប្រទេសយើងទាំងពីរបានកសាងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យ និងពេលបច្ចុប្បន្នបានក្លាយទៅជាទំនាក់ទំនងក្នុងភាពជាយុទ្ធសាស្រ្ត។ ក្នុង​ជំនួប​​ពិភាក្សាគ្នា នោះដែរ ឯកឧត្តម Takeo Hiranuma មានប្រសាសន៍សំដែងនូវការគាំទ្រ ចំពោះ​ច្បាប់​ស្តីពីការគ្រប់គ្រងសមាគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែឯកឧត្តមក៏​មានការ​ព្រួយ​បារម្ភពីការអនុម័តច្បាប់​ ដ៏មានសារៈសំខាន់នោះ  ដែលកម្ពុជាគ្រោងនិងអនុម័ត​នៅ​ពេល​ខាង​មុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ឯកភាព ចំពោះការលើកឡើងរបស់ឯកឧត្តម Takeo
Hiranuma ដែលមានប្រសាសន៍លើកឡើងពីការរីកចំរើន នៃទំនាក់ទំនងរបស់​ប្រទេស​ទាំងពីរ ដែលបច្ចុប្បន្ន បានក្លាយទៅជាទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។ ទាក់ទិនទៅនឹងការព្រួយបារម្ភពីការបង្កើត​ ច្បាប់ស្តីពីការគ្រប់គ្រងសមាគមន៍ និងអង្គការក្រៅ​រដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាការពិតនៅលើពិភពលោក​យើង​នេះប្រហែលមានតែប្រទេសកម្ពុជាមួយគត់ ដែលមិនទាន់មានច្បាប់ស្តីពីការគ្រប់គ្រង​សមា​គម និងអង្គការក្រៅរដ្ឋាភិបាល។
សម្តេចតេជោបន្តថា ការបង្កើតច្បាប់នោះគឺ មិនមែនសម្លាប់សមាគម និងអង្គការ​ក្រៅ​រដ្ឋា​ភិបាលនោះទេ ផ្ទុយទៅវិញគឺដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាព​របស់សមាគម និង​អង្គការក្រៅរដ្ឋាភិបាលនានា ដែលបំពេញការងារក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនា​យករដ្ឋ​មន្រ្តីមានប្រសាសន៍ដែរថា ជាការពិតច្បាប់នោះត្រូវបានយកមកពិភាក្សាជាយូរណាស់មកហើ​យ ប៉ុន្តែកម្ពុជាបានពន្យារហូតមកដល់ពេលនេះ ទើបយើងយកមកពិនិត្យពិភាក្សា ហើយ នៅ​​ថ្ងៃទី១០កក្កដាខាងមុខ សេចក្តីព្រាងច្បាប់នោះនឹងបើកធ្វើ សិក្ខាសាលាដើម្បី​ពិភាក្សា​ជា​ជំហរ​ទៅលើច្បាប់ស្តីពី​ ការគ្រប់គ្រងសមាគមន៍ និងអង្គការក្រៅរដ្ឋាភិបាល មុននឹងឈាន​ទៅ​ធ្វើការអនុម័តក្នុងសភា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​​សំណូមពរដល់ឯកឧត្តម លោកជំទាវ ជាសមាជិកសភារបស់ប្រទេសជប៉ុន បន្តការ​គាំទ្រ​ដល់រដ្ឋាភិបាលជប៉ុន ក្នុងការអនុម័តនូវរាល់សេចក្តីសំរេចណាមួយដែល​ទាក់ទិន​ទៅនិង ការគាំទ្រដល់គំរោងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ប្រទេសក្នុងមហាអនុតំបន់មេគង្គ និងក្នុង​ក្រប​ខណ្ឌអាស៊ាន៕     

សម្តេច​​​​តេជោ ហ៊ុន សែន អញ្ជើញចូល​រួមក្នុង​ពិធី​បើក​​កិច្ច​ប្រជុំ​កំពូល​​មេគង្គ-​ជប៉ុន លើកទី៧ នៅទីក្រុង​​តូក្យូ ប្រទេស​ជប៉ុន



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន 
ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥

ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃប្រទេស​មេគង្គ អញ្ជើញចូល​ថ្វាយ​​បង្គំ​គាល់​ព្រះចៅ​អធិរាជ អធិរា​ជ​នី​​​ជប៉ុន និង​​ថ្នាក់​​ដឹក​​នាំ​ជប៉ុន

បន្ទាប់ពីបានបញ្ចប់នូវវេទិកាសេដ្ឋកិច្ច នៃប្រទេសមេគង្គ‑ជប៉ុនរួចមក នៅរសៀលថ្ងៃទី៣​នោះ​ដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ រួមមានព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋ​ប្រជា​ធិបតេយ្យប្រ ជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ រាជាណាចក្រថៃ និង​សាធារណរដ្ឋសង្គមនិយមវៀត​ណាម បានអញ្ជើញចូលបង្កុំគលព្រះចៅអធិរាជ ព្រះអធិរាជិនី​ជប៉ុន ក្នុងបរិយាកាសស្និតស្នាលរ៉ាក់ទាក់បំផុត។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំប្រទេស បាន​​​អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាដាម៉ូរី អូស៊ីម៉ា ប្រធានរដ្ឋសភា ជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះឯកឧត្តម តាដាម៉ូរី អូស៊ីម៉ា មានប្រសាសន៍​ក្នុង​នាមសភា និងប្រជាជន​ជប៉ុន សំដែងនូវការស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ជូន​ចំពោះ​បណ្តាមេដឹកនាំនៃប្រទេសមេគង្គ​ទាំងប្រាំ ដែលបានចំណាយ​ពេលវេលាដ៏មានតំលៃ​បំផុត អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូប្រទេសជប៉ុន។
ឯកឧត្តមប្រធានសភាជប៉ុន មានប្រសាសន៍បន្តថា ឯកឧត្តមពិតជាមានការ​រីករាយ​ខ្លាំងណាស់ ក្នុង​ការធ្វើបដិសណ្ឋារកិច្ចចំពោះថ្នាក់ដឹកនាំទាំងអស់ និងបានចាត់ទុកថា មេដឹកនាំ​នៃប្រទេស​មេគង្គ និងជប៉ុន បានរួមវិភាគទានដ៏មានសារៈសំខាន់ ក្នុងការពង្រឹងនិងពង្រីកកិច្ច​សហ​ប្រតិ​បត្តិ​ការនៃប្រទេសមេគង្គ ជាមួយនិងប្រទេសជប៉ុន មានការរីកចំរើន​យ៉ាងឆាប់រហ័ស​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ បានសំដែងនូវការរីករាយរួមគ្នា ចំពោះ​ការសភារបស់ប្រ​ទេសជប៉ុន បានធ្វើការគាំទ្រដល់គំនិតផ្តួចផ្តើមឲ្យ​មាននូវកិច្ចសហ​ប្រតិបត្តិ​ការ នៃប្រទេសមេគង្គ ជាមួយនិង ប្រទេសជប៉ុន ដែលកំពុងទទួលបាន​នូវលទ្ធផល​ជាវិជ្ជមាន​ជា​ច្រើ​ន ដែលជាផលប្រយោជន៍នៃប្រទេសនិង ប្រជាជនក្នុងបណ្តាប្រទេសមេគង្គ ជាមួយ​និងប្រទេសនិងប្រជាជនជប៉ុន។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ បាន​អញ្ជើញ​ចូល ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាម៉ាហ្សាគី មាសា​អាគី ប្រធានព្រឹទ្ធសភា​ជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម យ៉ាម៉ាហ្សាគី មាសាអាគី ប្រធានព្រឹទ្ធសភា​ជប៉ុន មានប្រសាសន៍សំដែងនូវស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ​មេដឹក​នាំ​នៃប្រទេសមេគង្គទាំងប្រាំ ដែលបានចំ​ណាយពេលវេលាដ៏មានតំលៃ អញ្ជើញមកចូលរួម​កិច្ច​ប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនដ៏ស្រស់បំព្រងនេះ។
បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ បានចាត់ទុកថា សព្វថ្ងៃនេះ ប្រទេសមេគង្គមានកិច្ច​សហ​ប្រតិបត្តិការជាមួយប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និង ប្រទេស​ចិន។ មេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំក៏បានចាត់ទុកថា កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន មាន សារៈសំខាន់ជាងគេ ដោយកន្លងមកជប៉ុនបានផ្តល់ថវិកាចំណួន ៦០០ពាន់​លានយ៉េន ក្នុងការអនុវត្តយុទ្ធ សាស្រ្តក្រុងតូក្យូឆ្នាំ២០១២ ដែលមានសសរស្តម្ភ៣ គឺទី១‑ការតភ្ជាប់​តំបន់​មេគង្គ ទី២‑ការអភិវឌ្ឍរួមគ្នា និងទី៣‑ការធានានូវសន្តិសុខមនុស្សជាតិ និងចីរភាពបរិស្ថាន។ ក្នុងកិច្ចសន្ទនាគ្នានោះ មេដឹកនាំនៃប្រទេសមេគង្គ បានវាយតំលៃខ្ពស់​ចំពោះការប្តេជ្ញា​ចិត្ត​របស់​​​ជប៉ុន ក្នុងការអភិវឌ្ឍតំបន់មេគង្គ តាមរយៈការចូលរួមជំរុញ កំណើនសេដ្ឋកិច្ច និង​សមាហរណកម្មទូលំទូលាយ នៃបណ្តាប្រទេសមេគង្គ។
បណ្តាមេដឹកនាំនៃប្រទេស មេគង្គ​ទាំង​ប្រាំក៏បានចាត់ទុកថា នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុ​ន លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤កក្កដាស្អែកនេះ ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ជប៉ុន នឹង​អនុម័តយុទ្ធសាស្រ្តក្រុងតូក្យូឆ្នាំ២០១៥ សំរាប់កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន រយៈ​ពេល​៣ឆ្នាំ​២០១៦-២០១៨ ដែលជាឯកសារសំខាន់នៃក្របខណ្ឌ កិច្ចសហប្រតិបត្តិការតំបន់មេគង្គ ជប៉ុន។
ជាមួយគ្នានេះមេដឹកនាំនៃប្រទេសជប៉ុន ក៏បានថ្លែងនូវអំណរគុណជូនចំពោះ​រដ្ឋាភិបាល និង​ស្ថាប័ននិតិបញ្ញាតិ្តរបស់ជប៉ុន ដែលបានផ្តល់នូវការគាំទ្រនិងផ្តល់ជំនួយអភិវឌ្ឍន៍ ដ៏ធំធេង​ក្នុង​ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ ក្នុងបណ្តាប្រទេសមេគង្គ។ បន្ទាប់ពីបាន បញ្ចប់នូវកិច្ចសន្ទនាគ្នារួចមក មេដឹកនាំនៃប្រទេសមេគង្គ ដែលអមដំណើរដោយឯកឧត្តម យ៉ាម៉ាហ្សាគី មាសាអាគី ប្រធានព្រឹទ្ធសភា​ជប៉ុន អញ្ជើញទស្សនាក្នុង​សាលប្រជុំព្រឹទ្ធ​សភា​របស់​ប្រទេសជប៉ុន ដែលជា​ស្ថាប័នដ៏កំពូលរបស់ប្រទេសជប៉ុន។
បន្ទាប់នៅរាត្រីថ្ងៃដដែលនោះដែរ ឯកឧត្តម ហ្សិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានប្រារព្ធ​រៀប​ចំ​ពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តមមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គទាំងប្រាំ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ថ្លែងសុន្ទរកថា​ក្នុងពិធីលាង​សាយភោជន៍​ជា​មហាកិត្តិយសនោះ ឯកឧត្តម ហ្សិនហ្សូ អាបេ មាន​ប្រសាសន៍ថ្លែងនូវអំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​បំផុត ជូនចំពោះមេដឹកនាំទាំងអស់ ដែល​បានអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
តាមរយៈវត្តមានដ៏មាន​តំលៃនៃថ្នាក់ដឹកនាំទាំងអស់ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំ​និងប្រជាជន​ជប៉ុន សូមសំដែងនូវការធ្វើ​បដិ​សណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងសូមប្រសិទ្ធពរជ័យ​បវរមហា​ប្រសើរ ជូនដល់ការស្នាក់អាស្រ័យនៃការ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើក​ទី៧ នៅទីក្រុងតូក្យូប្រទេសជប៉ុននៅពេលនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ថាម​ពល​​រឹងមាំ ដើម្បីជានិម្មិតរូបនៃភាពរីកចំរើនសំរាប់ប្រជាជន នៃប្រទេសមេ គង្គ និងប្រទេស​ជប៉ុន។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ‑ ជប៉ុន លើកទី៧របស់យើងនៅថ្ងៃទី៤កក្កដា យើងនឹងធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅបំផុតពីកាលា​នុវត្ត​ភាពថ្មីៗ ដែលប្រទេសមេគង្គ និងប្រទេសជប៉ុន រួមគ្នាដោះស្រាយ​ដើម្បី​ឲ្យ​តំបន់​របស់​យើង ទទួលបាននូវនិរន្តរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រកបដោយចីរភាព​ខ្ពស់៕ 

ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃប្រទេស​មេគង្គ ពិសារ​អាហារ​ថ្ងៃត្រង់​ការងារ ជាមួយ និង សមាគម​សភា​មេគង្គ-​ជប៉ុន និងពិធី​បើកវេ​ទិកា​សេដ្ឋកិច្ច

នៅថ្ងៃថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០១៥ បណ្តាមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេស​មេគង្គ បាន​អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារការងារថ្ងៃត្រង់ជាមួយនឹង ឯកឧត្តម លោក​ជំទាវ សមាជិកសភានៃសមាគមសភាមេគង្គ‑ ជប៉ុន ដែលទើបនិងបង្កើតឡើងថ្មី។
ក្នុងពិធីទទួលទានអាហារងារថ្ងៃត្រង់នេះ ប្រធាន​សមាគមសភាមេគង្គ‑ជប៉ុន មាន​ប្រសាសន៍​ទៅកាន់មេដឹកនាំនៃប្រទេសមេគង្គថា មកដល់ពេលនេះសមាគមសភាមេគង្គ‑ ជប៉ុន ទើបតែ​បង្កើត​ឡើងដែលមានសមាជិកសភាចំនួន៥០រូប និងជាទិសដៅសមាគមនេះនឹងពង្រីក​សមា​ជិក​​របស់ខ្លួនពីចំនួន១០០នាក់រហូតដល់២០០នាក់។
លោកប្រធានសមាគមមានប្រសាសន៍បន្តថា សមាគមនេះ ត្រូវបានបង្កើតឡើង​ក្នុងឱកាស​នៃ​កិ​ច្ច​ប្រជុំកំពូលមេគង្គ‑ជប៉ុន លើកទី៧នេះ និងមានមូលហេតុចំបងនៃការបង្កើត​សមាគម​នេះ​ឡើង គឺដោយសារតែតំបន់មេគង្គទាំងមូលមានកំណើនខ្លាំង និងដោយសារបណ្តាប្រទេស​នៅ​ក្នុងតំបន់មេគង្គនេះ មានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន ហើយ ជប៉ុនក៏ចង់មានទំនាក់​ទំនងល្អជាមួយនិងប្រទេសមេគង្គផងដែរ ។ ក្នុងន័យនេះ លោកប្រធានមានប្រសាសន៍ ដោយ​សេចក្តីសង្ឃឹមថា ការបង្កើតនូវសមាគមនេះឡើងនឹងពង្រឹងមិត្តភាព ពង្រីកកិច្ចសហការ​រវាង​ប្រ​ទេសជប៉ុន ជាមួយនិងបណ្តាប្រទេសមេគង្គ។
ដោយឡែកនៅក្នុងបទអន្តរាគមន៍​របស់​ថ្នាក់ដឹកនាំជប៉ុន ដែល​ជាតំណាងរាស្រ្តមកពីគណបក្ស​ប្រជាជិបតេយ្យសេរី បានស្នើដល់បណ្តាប្រទេសមេគង្គ គាំទ្រក្នុងការកំណត់យកថ្ងៃទី៥ ខែ​វិច្ឆិកា ដែលជាថ្ងៃដែលពិភពលោកទទួលស្គាល់នូវរលកយក្សស៊ូណាមី។ ជាមួយគ្នានេះ​ឯកឧត្តម​​អ្នកតំណាងបានផ្តល់នូវសេចក្តីសង្ឃឹមថា អ្នកតំណាងរាស្រ្តរបស់ជប៉ុន នឹងចូលរួម​ចំណែក​ដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងតំបន់មេគង្គ ពិសេស គឺនៅពេលមាន​តំរូវ​ការយើងនឹងក្លាយទៅ ជាមិត្តពិតប្រាកដ។
ក្នុងជំនួបពិភាក្សានោះដែរ មេដឹកនាំនៃប្រទេសមេគង្គ ក្នុងនោះសម្តេចតេជោនាយករដ្ឋ​មន្រ្តី មានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គទទួលទានទឹក ពីប្រភពតែមួយ គឺទឹកទន្លេ​មេគង្គ។ សម្តេចតេជោបន្តថា ការជួបគ្នានៅថ្ងៃនេះ​គឺជាព្រឹត្តិការប្រវត្តិសាស្រ្ត​ថ្មីមួយទៀត សម្រាប់ស្ថាប័ន និតិបញ្ញាត្តិ និងស្ថាប័ននិតិប្រតិបត្តិអាចប្រាស្រ័យ​ទាក់ទងគ្នា​យ៉ាង​​ជិតស្និត ហើយការបង្កើតនូវសមាគមនេះឡើង គឺឆ្លុះបញ្ចាំងពីការប្តេជ្ញា​ចិត្តក្នុងការ​គាំទ្រ​គ្នាទៅវិញទៅមក។ ដូចគ្នានឹងបណ្តាមេដឹកនាំកម្ពុជា មេដឹកនាំនៃប្រទេសឡាវ មីយ៉ាន់ម៉ារ ថៃ និងវៀតណាម ក៏បានធ្វើការសុន្ទរកថាពីការទទួលស្វាគមន៍ចំពោះគំនិតនៃការបង្កើតសមាគម​សភាមេគង្គ ជប៉ុន នេះឡើង ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង ទំនាក់ទំនងកិច្ច​សហ​​ប្រតិបត្តិការលើគ្រប់ផ្នែកទាំងអស់ នៃប្រទេសមេគង្គ ជាមួយនិងប្រទេសជប៉ុន ពិសេស ការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទីវិញទៅមក ជុំវិញស្ថាប័នសភានៃប្រទេសមេគង្គ ជាមួយ​និងប្រទេសជប៉ុន។
បន្ទាប់មកនៅវេលាថ្ងៃត្រង់នោះដែរ បណ្តាមេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំ គឺព្រះ​រាជា​ណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ារ រាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញ​ចូលរួម​ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច ដែលរៀបចំ​ដោយ​ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម​ជប៉ុន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន វិទ្យាស្ថានស្រាវ​ជ្រាវសេដ្ឋកិច្ច និងអាស៊ីខាងកើត និង​អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។
ក្នុងវេទិកាដ៏មាន សារៈសំខាន់នោះ មេដឹកនាំនៃប្រទេសជប៉ុន បានគូសបញ្ជាក់ពីគោល​បំណង​និងតួនាទីស្នូលនៃការអភិវឌ្ឍក្នុងតំបន់ទន្លេមេគង្គ ។ តាមរយៈនេះជប៉ុនបានចាត់ទុកបណ្តា​ប្រទេស​​ទន្លេមេគង្គ គឺជាគ្រូសារតែមួយ តាមរយៈ នេះយើងនិងខិតខំប្រឹង​ប្រែងក្នុង​ការតភ្ជាប់​នៃប្រទេសមេគង្គ ជាមួយនិងប្រទេសជប៉ុន។ ក្នុងវេទិកានោះដែរ មេដឹកនាំជប៉ុន បាន​ចាត់​ទុក​ថាតំបន់មេគង្គគឺជាតំបនមួយដែលមានសក្តានុពលខ្ពស់ ពិសេសទៅទៀតនោះ តំបន់​មេគង្គ​គឺជាតំបន់ដែលមានសក្តានុពលខ្ពស់បំផុត ក្នុងផលិតដ៏សំខាន់របស់ពិភពលោក។ តាម​រយៈ​វេទិកានោះដែរ បណ្តាមេដឹកនាំសេដ្ឋកិច្ចជប៉ុន បានគូសបញ្ជាក់ដែរថា ជប៉ុននិងខិត​ខំប្រឹង​ប្រែងក្នុងការបណ្តា​ទុន នៅក្នុងបណ្តាប្រទេសមេគង្គបន្ថែមទៀត។
ដោយសារតែវេទិកានេះ គឺជាវេទិកាសេដ្ឋកិច្ចលើកដំបូង មេដឹកនាំនៃប្រទេសមេគង្គ និងអ្នក​សេដ្ឋកិច្ចរបស់ជប៉ុន បានចាត់ទុកថា គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលតាមរយៈនេះ​ មេដឹកនាំ​ទាំ​ង​អស់ បានធ្វើសុន្ទរកថាគន្លឹៈពីសក្តានុពលនៃប្រទេសរៀងៗខ្លួន ក្នុងការទាក់ទាញ​អ្នក​វិនិ​យោគ​​ជប៉ុនរបស់ជប៉ុន ទៅបណ្តាទុនក្នុងប្រទេសមេគង្គ។
បន្ទាប់ពីសុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ថងស៊ីន ថាំម៉ាវង្ស ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ថេន សេន ឯកឧត្តម​ឧត្តម​សេនីយ៍នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចារ និងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន តាន់យ៉ុង បានធ្វើសុន្ទរកថាគន្លឹៈ ក្នុងវេទិកាដ៏មានសារៈសំខាន់នោះ ដើម្បីធ្វើការទាក់​ទាញ​​អ្នកវិនិយោគទុនជប៉ុន ទៅបណ្តាក់ទុនក្នុងប្រទេស រៀងៗខ្លួន៕       

ពិធីបើក​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើកទី៧

កិច្ចប្រជំកំពូលមេគង្គ-ជប៉ុន លើកទី៧ បានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃ ទី៤កក្កដានេះ នៅផ្ទះភ្ញៀវរដ្ឋក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
មេដឹកនាំនៃប្រទេស មេគង្គទាំងប្រាំ រួមមានសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងស៊ីន ថាំម៉ា វង្ស នាយក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ ឯក​ឧត្តម ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្រ្តីនៃសាធា​រណ​រដ្ឋ​សង្គមនិយមវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រថៃ ត្រូវបាន ស្វាគមន៍ យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកឧត្តម ហ្សិនហ្សូ អាបេ នាយករដ្ឋ មន្រ្តីជប៉ុន និង ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧។
នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧នេះ មេដឹកនាំនៃប្រទេសមេគង្គ និង ប្រទេសជប៉ុន បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការពង្រឹង កិច្ច សហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសនៅក្នុងតំបន់មេគង្គ ឲ្យកាន់តែរឹង មាំនិងស៊ីជំរៅថែម​ទៀត​។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃប្រទេស មេគង្គ និងប្រទេសជប៉ុន បានធ្វើការពិភាក្សាទៅលើ របៀបវារៈសំខាន់៣ គឺទី១ ‑ ការពិនិត្យឡើងវិញពីសកម្មភាពការងារ នៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៦ ទី២‑ផែនការសកម្មភាពសំរាប់កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ និងទី៣‑ បច្ចុប្បន្នភាពសេដ្ឋកិច្ច និងនយោបាយជប៉ុន។
នៅក្នុងសុន្ទរកថាបើក កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ ឯកឧត្តមនាយក រដ្ឋមន្ត្រី ជប៉ុន ហ្សិនហ្សូ អាបេ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើក​ទី៧ មានប្រសាសន៍ថា ជប៉ុននឹងបន្តធ្វើឲ្យកាន់តែមានប្រសិទ្ធភាពថែម​ទៀ​ត នៃគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរ ដើម្បីជំរុញការ​អភិវឌ្ឍ​ប្រកបដោយនិរន្តរភាពនៅតំបន់មេគង្គ។
នៅក្នុងសុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានសំដែង​នូវ​ការ​​វាយ​តម្លៃខ្ពស់ និងកោតសរសើរដល់បណ្តាប្រទេសមេគង្គ បានសំរេចនូវ ស្នាដៃ​​ដ៏ធំធេងក្នុងការតភ្ជាប់ក្នុងចំណោមប្រទេសមេគង្គ។
​ដូចគ្នានឹងបណ្តាប្រទេសមេគង្គដែរនោះ សម្តេច​តេជោនាយករដ្ឋមន្រ្តីបាន​គូស​បញ្ជាក់នៅក្នុងពិធីបើក កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ដែរថា សម្តេច សូម​វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការអភិវឌ្ឍតំបន់មេគង្គ ពិសេស​តាមរយៈការចូលរួម ជំរុញកំណើនសេដ្ឋកិច្ច និងសមាហរណកម្មទូលំទូលាយ នៃ​បណ្តា​ប្រទេសតំបន់មេគង្គ ទៅក្នុងសហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន និងតំបន់អា​ស៊ី​បូព៌ា​ទាំងមូល។
នៅក្នុងសុន្ទរកថាគន្លឹៈនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បាន​សំដែងនូវការ​វាយ​តម្លៃខ្ពស់ចំពោះ ចក្ខុវិស័យអភិវឌ្ឍន៍វិស័យឧស្សាហកម្មតំបន់មេគង្គ ដែល​ផ្តល់​នូវ ទស្សនវិស័យដ៏សមស្រប សម្រាប់រយៈពេលមធ្យមនិងវែង លើសពីឆ្នាំ​២០១៥។
តាមរយៈនេះកម្ពុជាបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់យកឱកាស​ពីនិន្នាការ​ផ្លាស់ប្តូរផ្នែកឧស្សាហកម្ម នៅក្នុងបរិការណ៍ថ្មីនេះ ដោយកម្ពុជាបានដាក់ចេញ និង​ប្តេជ្ញាចិត្តជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ដែលផ្តោតជា​ពិសេសលើការផ្សារ​ភ្ជាប់​សេដ្ឋកិច្ចកម្ពុជា ទៅនិងតំបន់ តាមរយៈការធ្វើពិពិធកម្ម ការជំរុញ​ការ​វិនិយោគ ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ការ​អភិវឌ្ឍជំនាញ ចំណេះដឹង និង​ការធ្វើឲ្យប្រសើរឡើង នូវភាពប្រកួតប្រជែងនិងផលិតភាព។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគាំ​ទ្រយ៉ាងពេញ​ទំហឹងចំពោះសេចក្តីព្រាង យុទ្ធសាស្រ្តតូក្យូ ២០១៥ សម្រាប់កិច្ចសហប្រតិ​បត្តិ​ការ​មេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦-២០១៨ និង គំនិតផ្តួច​ផ្តើម​រៀបចំផែន​ការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅនៃ​យុទ្ធ​សាស្រ្ត​ទីក្រុងតូក្យូឆ្នាំ ២០១៥។
បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពិសេសការសំរេចបាននូវសេចក្តី​ថ្លែងការណ៍ស្តីពីយុទ្ធសាស្រ្តតូក្យូ ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦​-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំ​ផែន​​ការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅ​នៃ​យុទ្ធ​សាស្រ្តទីក្រុង​តូក្យូឆ្នាំ ២០១៥ បណ្តាមេដឹកនាំនៃប្រទេសជប៉ុន និងប្រទេសមេគង្គ បានអញ្ជើញ​ធ្វើសន្និសីទ កាសែតរួមគ្នាទៅកាន់អ្នកយកព័ត៌មានមកពីប្រទេសជប៉ុន មេគង្គ និងបណ្តាញសារព័ត៌មានអន្តរជាតិនានា ក្នុងនោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនហ្សូ អាបេ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ បាន​គូស​បញ្ជាក់ថា យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៥ ដែលជាឯកសារថ្មី​សម្រាប់​គោល​នយោបាយ ២០១៦-២០១៨ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧នេះ។
ឯកឧត្តមនាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍បន្តថា សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ជប៉ុននឹងគាំទ្រដល់ប្រទេសមេគង្គនូវថវិកាចំនួន ៧៥០ពាន់លានយ៉េន នៃកម្មវិធី​នៅ​ក្នុងគំរោងអភិវឌ្ឍន៍ផ្លូវការ ODA តាមរយៈការប្រើប្រាស់នូវភាពរស់​រវើកនៃ​បណ្តា​​ប្រទេសមេគង្គ រួមទាំងផ្នែកឯកជន ពិសេសការបង្កើនកិច្ចសហ​ប្រតិបត្តិ​ការ​ពហុភាគី ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច។
ក្នុង​សន្និសីទកាសែតនោះដែរ ឯកឧត្តម​នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍​បន្តថា នៅក្នុងយុទ្ធសាស្រ្តថ្មីនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​នៃប្រទេស​មេគង្គ និងជប៉ុន ឲ្យដល់កំរិតថ្មីទៀតនោះ យើងបានឯកភាពគ្នា ដាក់ចេញនូវ​សសរស្តម្ភ៤ រួមមានទី១ ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាលើផ្នែករឹង បង្កើនកិច្ច​សហ​ប្រតិបត្តិការ​លើផ្នែករឹង ពង្រឹងការតភ្ជាប់ផ្នែករឹង ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក រវាង​តំបន់ និងអន្តរតំបន់។ ជាមួយគ្នា​នេះ​ជប៉ុននឹងបន្តចូលរួមចំណែក​ដល់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ទាំងផ្នែកគុណភាព និងបរិមាណ។ ទី២‑​ការខិត​ខំ​ផ្នែក​ទុនតាមរយៈការជួយជំរុញលើផ្នែកទំនើបនៃហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងការតភ្ជាប់ស្ថាប័ន ពិសេសជំរុញឲ្យមានការផ្លាស់ប្តូរពីគ្រប់ស្ថាប័នទាំងអស់ ក្នុង​​​ន័យជំរុញឈានឆ្ពោះទៅកាន់កីឡាអូរឡាំពិក និងកីឡាប៉ារ៉ាឡាំពិក ២០២០​នៅទីក្រុងតូក្យូប្រទេសជប៉ុន ពិសេសទៅទៀតជំរុញឲ្យមានការផ្លាស់ ប្តូរយុវជន​នៃតំបន់ទាំងពីរ ទី៣‑គឺការសំរេចឲ្យបាននូវមេគង្គបៃតង​ដើម្បីដោះស្រាយ​បញ្ហា​នានា ដូចជាគ្រោះ មហន្តរាយធម្មជាតិ ការបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន និងទី៤កិច្ចសហប្រតិបត្តិការពីផ្នែកពាក់ព័ន្ធ​ទាំងអស់ ដើម្បីគាំទ្រប្រកបដោយ​សុវត្តិភាព និងផលិតភាព។
ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃនេះ ក៏បាន​ធ្វើ​ការពិភាក្សាពីសន្តិភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។
  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណា​ចក្រកម្ពុជា បានថ្លែង ក្នុងអង្គសន្និសីទកាសែតនៅពេលនោះដ៏មាន​អត្ថន័យ។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេសឡាវ មីយ៉ាន់ ម៉ារ ថៃ និងប្រទេសវៀតណាម បានគូសបញ្ជាក់​ស្រដៀង​គ្នាទៅនិងប្រសាសន៍លើកឡើងរបស់ សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តី ដែលបាន​គូស​បញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ ពិសេសការ ដាក់​ចេញនូវយុទ្ធសាស្រ្ត២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់​រយៈពេល៣ឆ្នាំបន្ទាប់ ២០១៦​-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំផែនការ​សកម្ម​ភាព​​មេគង្គ-ជប៉ុន ដើម្បីសំរេចនូវគោលដៅ​នៃ​យុទ្ធ​សាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៥ ដែលបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ជប៉ុន បានអនុម័តរួចមកនោះ។
បន្ទាប់មកឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គទាំងប្រាំ រួមទាំង​ប្រទេសជប៉ុន បានអញ្ជើញចូល​រួមក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍​ដល់ក្រុមកីឡា​បាត់ទាត់យុវជន អាយុក្រោម១៥ឆ្នាំ មកពី​បណ្តា​ប្រទេសមេគង្គ‑ជប៉ុន។
សូម​បញ្ជាក់ដែថា ក្រុមបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៃប្រទេសកម្ពុជា បាន​ចូល​រួម​ប្រកួតបាល់ទាត់ជាមួយនឹង ក្រុមកីឡាបាល់ទាត់យុវជន​អាយុក្រោម១៥​ឆ្នាំ​​នៃប្រទេសមេគង្គ និងប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី២៩ខែមិថុនា រហូតដល់​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ ការប្រគល់នូវ​វត្ថុ​អនុស្សាវរីយ៍ជូនដល់ ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនៅ ពេល​នេះ គឺជាផ្នែកមួយនៃការជំរុញលើកកម្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ជប៉ុ​ន ចំពោះយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេន និងជាការជំរុញ​ឲ្យយុវជនមាន​ការ​ចូលរួមលេងកីឡាទាំងអស់គ្នា។
បន្ទាប់មកនៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះដែរ មេដឹកនាំនៃប្រទេសមេគង្គ បាន​អញ្ជើញចូលរួមក្នុងពិធី ទទួលទានអាហារការងារថ្ងៃត្រង់ ដែលរៀបចំឡើង​ដោយ​ថ្នាក់ដឹកនាំធុរកិច្ចជប៉ុន  Keidanren និងសភាពាណិជ្ជកម្មជប៉ុន។
លោកប្រធាន​សមាគម​ធុរកិច្ច Keidan ren មានប្រសាសន៍សំដែងនូវការវាយ​តំលៃ​ខ្ពស់ និងកោតសរសើរជូនចំពោះបណ្តាមេដឹកនាំទាំងអស់ ដែលបានឆ្លៀងពេល​ដ៏មមាញឹកអញ្ជើញមកចូលរួម ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ ពិសេស​បានជួប​ជាមួយនិងបណ្តាធុរកិច្ចទាំងអស់ ដែលចូលរួមចំណែក​ក្នុងការបណ្តាទុន​នៅតាម​បណ្តាប្រទេសមួយចំនួន ក្នុងតំបន់មេគង្គនិងប្រទេសជប៉ុន។
លោកប្រធាន​សមា​គម​ធុរកិច្ចមានប្រសាសន៍បន្តថា អ្នកវិនិយោគទុនទាំងអស់ ពិតជា​មានការរីក​រាយ​ដោយបានឃើញពីការ​រីកចំរើនក្នុងតំបន់ ពិសេសការចូល​រួម​កិច្ចសហ​ប្រតិបត្តិ​ការ​​ពី សំណាក់រដ្ឋាភិបាលនៃប្រទេសមេគង្គ ជប៉ុន ដែលបាន​ផ្តល់នូវ​ឱកាស​ដ៏​វិសេស​វិសាលក្នុងការធ្វើជាដៃគូ ក្នុងការអភិវឌ្ឍសមិទ្ធផល​សង្គ​ម​​ដែល​បំរើឲ្យភាព​រីកចំរើនរបស់តំបន់ និងភាពរីកចំរើនរបស់ប្រជាពលរដ្ឋ។ លោក​ប្រធានសមាគមធុរកិច្ចមានប្រសាសន៍​ឲ្យ​ដឹងដែរថា ទំហំនៃការវិនិយោគពី​សំណា​ក់​​ផ្នែកឯកជនសំរាប់ បណ្តាប្រទេសក្នុងតំបន់មានការកើនឡើង​ខ្លាំង​ណា​ស់ បើ​ប្រៀបធៀបទៅនិងបណ្តាឆ្នាំមុនៗ ទាំងនេះបានបង្ហាញឲ្យ​ឃើញពី​កាលា​នុវត្ត​ភាព នៃភាព​ជឿជាក់ពីសំណាក់អ្នកវិនិយោគទុន ជាមួយនិងរដ្ឋាភិបាល​នៃ​ប្រ​ទេស​​ក្នុងតំបន់។
ថ្លែងសុន្ទរកថាក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ ជាមួយនិងផ្នែកធុរកិច្ច​នៃ​ប្រទេ​ស​មេគង្គ‑ជប៉ុន សម្តេច​តេជោនាយយករដ្ឋមន្រ្តីមានប្រសាសន៍ថា អាហារ​ថ្ងៃ​​ត្រង់​នេះ​​គឺមានសារៈសំខាន់ មិនត្រឹមតែដើម្បី​លើកកម្ពស់ការយល់​ដឹងឲ្យ​កាន់តែ​ច្បា​ស់ អំពីសក្តានុពលវិនិយោគក្នុងប្រទេសមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់នូវ​ឱកាស​ដើម្បីឲ្យមេដឹកនាំធុរកិច្ចមកពីបណ្តាប្រទេសមេគង្គ និងជប៉ុន ធ្វើការ​បង្កើត​ទំនាក់ទំនង សម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេនាថ្ងៃអនាគត។
សម្តេច​តេជោ​នាយករដ្ឋមន្រ្តីបន្តថា ជារៀងរាល់ឆ្នាំ សម្តេចផ្ទាល់បានទទួល​ស្វាគម​ន៍​ដំណើរទស្សនកិច្វរបស់អង្គការ Keidanren ទៅកាន់ប្រទេសកម្ពុជា ហើយ ថ្ងៃនេះពិតជាឱកាសដ៏ល្អដែលបានជួប Keidanren ម្តងទៀត ក្នុងការ​ពិសារ​អាហារថ្ងៃត្រងនេះ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ការវិនិយោគ​នៅប្រទេសកម្ពុជាកំពុង​មានការកើនឡើង តាមរយៈនេះ​ សម្តេចសូមលើក​ទឹកចិត្ត​ដល់ក្រុមហ៊ុន​ជប៉ុន​ច្រើនទៀត ទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិសេសនឹងមាន​ការហោះហើរ​ត្រង់​ពីជប៉ុនមកកម្ពុជា និងពីកម្ពុជាទៅកាន់ជប៉ុននៅពេលដ៏ឆាប់ខាងមុខ។
នៅ​ក្នុងសុន្ទរកថាគន្លឹៈនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​សង្កត់​​ធ្ងន់ថា ក្រៅពីទំនាក់ទំនងទ្វេភាគីរវាង កម្ពុជានិងជប៉ុន ទំនាក់ទំនង​រវាង​តំបន់​មេគង្គនិងជប៉ុន តាមរយៈកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅព្រឹក​ថ្ងៃទី៤កក្កដានេះ អាចចាត់ទុកជាការបើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​​ប្រតិបត្តិការរវាង តំបន់មេគង្គ និងប្រទេសជប៉ុន ដោយបានអនុម័ត​យុទ្ធ​សាស្រ្ត​ទីក្រុងតូក្យូឆ្នាំ២០១៥៕