Sunday, September 25, 2022

សម្តេចតេជោ ឆ្លៀតជួបនិស្សិតសិក្សានៅគុយបា និងណែនាំឱ្យខិតខំសិក្សាយកចំណេះបម្រើជាតិ


(ហាវ៉ាណា)៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសគុយបា បើទោះបីមមាញឹកជាមួយកម្មវិធីនានាយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែឆ្លៀតជួបនិស្សិតកម្ពុជាកំពុងសិក្សានៅគុយបា និងផ្តល់ដំបូន្មានមួយចំនួនដល់ពួកគេ។


ក្នុងជំនួបជាមួយនិស្សិត៦រូបកំពុងសិក្សានៅគុយបា សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់និស្សិតកម្ពុជាទាំងអស់ ត្រូវខិតខំសិក្សាលើផ្នែកសុខាភិបាល ព្រោះថា គុយបា ជាប្រទេសមានភាពជឿនលឿនលើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។


សម្តេចតេជោ បានណែនាំឱ្យពួកគេត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះវិទ្យាមកបម្រើប្រទេសវិញ។ ជាមួយគ្នានោះត្រូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋគុយបា និស្សិតរៀនក្នុងថ្នាក់ សិស្សរៀនក្នុងសាលាជាមួយ និងនិស្សិតមកពីបរទេសដូចគ្នា។


សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់និស្សិតទាំង៦រូបផងដែរ។ តំណាងនិស្សិត បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ឱកាស និងអនុញ្ញាតឱ្យក្មួយៗ បានចូលជួបសំដែងការគួរសម ដើម្បីបានស្តាប់ដោយផ្ទាល់នូវ ប្រសាសន៍ណែនាំ។ តំណាងនិស្សិតក៏ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានខិតខំដំឡើងប្រាក់អាហារូបករណ៍ ដល់ការសិក្សារបស់និស្សិតនៅក្រៅប្រទេស៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបសំដែងការគួរសម អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ ដល់លំនៅដ្ឋានផ្ទាល់របស់ឯកឧត្តម ក្នុងរដ្ឋធានីហាវ៉ាណា។
ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកសួរសុខទុក្ខឯកឧត្តមដោយផ្ទាល់ដល់លំនៅដ្ឋាន។ ឯកឧត្តមបន្តថា ឯកឧត្តមធ្លាប់បានធ្វើការងារជាច្រើនជាមួយបងប្រុសរបស់ឯកឧត្តម ពិសេសធ្លាប់បានបកប្រែពេលឯកឧត្តម ហ្វីដែល កាស្រ្តូបានជួបសម្តេចកាលពីទសវត្ស៨០ និងទសវត្ស៩០។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា សម្តេចពិតជាសោកស្តាយដែលសម្តេចមិនបានមកសួរសុខទុក្ខឯកឧត្តមហ្វីដែលកាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូ ហាក់បីដូចជាឪពុក និងកូន។ នៅពេលនេះ សម្តេចមានការចងចាំជាច្រើន ជាពិសេសទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូ ដែលធ្លាប់បានចរចា និងពិភាក្សាគ្នាជាច្រើន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្កគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះ ប្រទេសគុយបានជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលធនធានមនុស្ស គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងកម្ពុជា និងគុយបា ជាពិសេសទំនាក់ទំនងនយោបាយនៅតែខ្លាំងទោះបីមានបញ្ហាប្រឈមបញ្ហានានាយ៉ាងណាក៏ដោយ។ ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ សូមថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភអង្ករចំនួន ៦ពាន់តោន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា៕


 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ក្នុងប្រទេសគុយបា


សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលជាវិទ្យាស្ថានមួយបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា។ 



បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងវិទ្យាស្ថានបានឲ្យដឹងថា ក្នុងក្តីស្រមៃរបស់ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ឯកឧត្តម នឹងខិតខំធ្វើយ៉ាងឲ្យមានការបង្កើតឡើងនូវមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យានេះឡើង ដើម្បីជួយដល់បញ្ញាវ័ន្តគុយបា បានធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តទាក់ទិនទៅនឹងវិស័យកសិកម្ម សុខាភិបាល និងការអភិវឌ្ឍសមត្ថភាព។


សូមបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសកោះធំជាងគេបង្អស់ ក្នុងចំណោមដែនដីកោះ នៅសមុទ្រការ៉ាអ៊ីប និងជាកូនសោនៃច្រកឈូងសមុទ្រមិចស៊ិក ដែលជាទីតាំងភូមិសាស្រ្ត និងយុទ្ធសាស្រ្តល្អឥតខ្ចោះ សំរាប់រភ្ជាប់តំបន់អាមេរិកកណ្តាល អាមេរិកខាងត្បូង និងការ៉ាអ៊ីប ទៅកាន់សហរដ្ឋអាមេរិក។ គុយបាមានធនធានធម្មជាតិដ៏សំបូរបែប មានសន្តិភាពយូរអង្វែង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តស្ទើររៀបរយទាំងស្រុង ដែលបន្សល់ទុកដោយអាណានិគមអេស្បាញ និងរដ្ឋាភិបាលមុនសម័យបដិវត្តន៍ ហើយធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ រាប់ពីការនាំចេញស្ករស កំណត់ត្រាខ្ពស់ នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស រហូតដល់ការនាំចេញធនធានមនុស្សជាដើម។


 បច្ចុប្បន្នគុយបា បាននិងកំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងររួមមាន កង្វះអាហារ ថ្នាំពេទ្យ បរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ លំនៅដ្ឋាន ការខកខានសងបំណុលបរទេស កំណើននៃចលនាចំណាកស្រុក និងអត្រាអតិផរណាខ្ពស់ជាដើម។ ក្នុងន័យជំរុញការរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ ឯកឧត្តម ហ្វីដែល កាស្រ្តូ បានបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីបង្កើនការសិក្សាស្រាវជ្រាវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបាឲ្យកាន់តែរីកចំរើន។ មជ្ឈមណ្ឌលមានការរីកចំរើនធំធាត់ប្រកបដោគុណភាពលើផ្នែកវិទ្យាសាស្រ្ត វិស្វកម្ម ហ្សេន និងជីវបច្ចេកវិទ្យា ពិសេសលើការសិក្សាស្រាវជ្រាវទៅលើវិស័យសុខាបាល តាមរយៈការបង្កើតវ៉ាក់សាំងប្រឆាំងទៅនិងជំងឺមហារីក ទឹកនោមផ្អែម វ៉ាកសាំងជំងឺកូវីដ-១៩ ដែលគុយបាផលិតដោយផ្ទាល់។ 


បន្ទាប់ពីបានតាមដានស្តាប់រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ឲ្យ ឯកឧត្តម ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនិងមជ្ឈមណ្ឌលនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រោះថាកម្ពុជាមានអត្រាមនុស្សកើតជំងឺទាំងពីរប្រភេទនេះខ្ពស់។ ថ្នាក់ដឹកនាំវិទ្យាស្ថានបានទទួលយកនូវសំណូមពររបស់សម្តេចតេជោ ហើយនឹងបន្តសហការជាមួយនិងក្រសួងសុខាភិបាលកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីគុយបារ អញ្ជើញធ្វើជាសហធិបតីក្នុងពិធីចុះហត្ថលេខា


បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមានទី១- អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា ភាគីកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយឯកឧត្តមវេជ្ជបណ្ឌិត ហូសេ អាងហ្គេល ព័រតាល់ មីរ៉ាន់ដា រដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ គុយបា។ 

ទី២- ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាងឯកឧត្តម ហេឡាដូ ផេណាល់ប៊ែរ ព័រតាល់ អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា ជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទី-៣ អនុស្សារណៈនៃការយោគយល់គ្នា  រវាងវិទ្យាស្ថានឧត្តមសិក្សាទំនាក់ទំនងអន្តរជាតិ នៃសាធារណរដ្ឋគុយ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម រ៉ូហេលីអូ ស៊ីរ៉ា ឌីយ៉ាស ព្រឹទ្ធបុរស នៃវិទ្យាស្ថានទំនាក់ទំនងបរទេសជាន់ខ្ពស់ នៃក្រសួងការបរទេសគុយបា៕


សកម្មភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបាហើយ កាលពីព្រឹកថ្ងៃទី២៤កញ្ញា ឆ្នាំ២០២២ ម៉ោងនៅ រដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា ត្រូវនិងថ្ងៃទី២៥កញ្ញា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។


នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា ឯកឧត្តម Jose Marti នៅវិមាន Jose Marti Memorial ក្នុងរដ្ឋធានីហាវ៉ាណា។ ជាមួយនឹងកម្រងផ្កាដែលចារឹកអក្សរ នៃការគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម Jose Marti វីរបុរសគុយបា ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីការគាបសង្កត់នៃសត្រូវឈ្លានពាន រហូតគូបាទទួលបាននូវឯករាជ្យភាព ស្ថេរភាព និងការកសាងប្រទេសរហូតមកដល់បច្ចុប្បន្ន។ 


សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាវ៉ាណា សាធារណរដ្ឋគុយបា នៅពេលនេះរួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សុខ ចិន្តាសោភារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ ឯកឧត្តម កៅ គឹមហួន ឯកឧត្តម អ៊ុច បុររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីគុយបា



ក្នុងជំនួបជាមួយឯកឧត្តម Miguel Diaz-Canel ប្រធានាធិបតីគុយបា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់អង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ 


សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អង្ករ ៦ពាន់តោននេះ មាន ៣ពាន់តោន ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយ ៣ពាន់តោនទៀតជាជំនួយរបស់វិស័យឯកជន។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អង្ករ៦ពាន់តោននេះ នឹងដឹកចេញពីកម្ពុជានៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ។


ឯកឧត្តម ប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ។


នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតីគុយបា បានជជែកគ្នាពីការរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើដំណាំស្រូវ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជារ៉ាប់រងរាល់ការចំណាយលើការសិក្សាស្រាវជ្រាវនេះ។


សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម គឺជាចំណែកមួយសម្រាប់ធានាដល់សន្តិសុខស្បៀងរវាងកម្ពុជា និងប្រទេសគុយបា ៕



សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានសភាអំណាចប្រជាជនគុយបា



នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា។


ជំនួបនេះ ឯកឧត្តមប្រធានសភាអំណាចប្រជាជនគុយបាបានស្វាគមន៍យ៉ាងកក់កក្តៅចំពោះវត្តមានរបស់សម្ដេចតេជោ ដែលបានអញ្ជើញមកកាន់មន្ទីរសភាគុយបានៅពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកប្រទេសកម្ពុជា និងគុយបាមានទំនាក់ទំនង និងមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីស្ថានភាពនៃប្រទេសគុយបាជា ពិសេសការដំណើរការនៃរដ្ឋសភាគុយបា។ ឯកឧត្តមបានមាសប្រសាសន៍ថា រយៈពេលជាង៦២ឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងកម្ពុជា និងគុយបាន គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមទាំងជាលក្ខណៈមិត្តភាព ជាពិសេសឯកឧត្តមមានភាពជឿជាក់ថា យើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយកន្លងមកនេះប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា សម្ដេចតេជោធ្លាប់មកបំពេញទស្សនកិច្ចនៅប្រទេសគុយបានៅឆ្នាំ១៩៩៩ ហើយប្រទេសគុយបានៅតែប្រឈមនៃការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅ ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមួយឆ្នាំក្រោយមកសម្ដេចតេជោក៏បានបន្តបំពេញទស្សនកិច្ចមកប្រទេសគុយបាលជាថ្មីទៀតក្នុងការចូលរួមកិច្ចប្រជុំកំពូលដែលប្រទេសគុយបាបានរៀបចំនៅពេលនោះ។នៅពេលនេះជាពេលសំខាន់ដែលយើងនឹងលើកអំពីចំណុចសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមប្រធានរដ្ឋសភាគុយបាលបានមានប្រសាសន៍ថា កន្លងមកយើងបានលើកឡើងអំពីទំនាក់ទំនងក្នុងក្របខ័ណ្ឌចលនាមិនចូលបក្សសម្ព័ន្ធដែលវាមានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមមានប្រសាសន៍ថា កន្លងមកប្រទេសគុយបាធ្លាប់ជួបបញ្ហាប្រឈមដូចជាការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ដូច្នេះឯកឧត្តមចាត់ទុកថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក វាបានផ្ដល់ការលំបាកចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ប្រទេសគុយបា ហើយឯកឧត្តមចាត់ទុកថា នេះជាការរំលោភជាប្រព័ន្ធចំពោះសិទ្ធិមនុស្ស ដែលប្រឆាំងនឹងប្រជាពលរដ្ឋគុយបាលផងដែរ។ ឯកឧត្តមបានមានប្រសាសន៍អំពីស្ថានភាពពេលកូវីដចាប់ផ្ដើមនៅប្រទេសគុយបាល ទី១)គឺស្ថានភាពនៃជំងឺកូវីដ-១៩ និងទី២)គឺការលំបាកនៃការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយរដ្ឋសភាគុយបាន នឹងបន្តខិតខំប្រឹងប្រែងធ្វើការ ដើម្បីគាំទ្ររដ្ឋាភិបាលគុយបាលជាបន្តទៀត ពិសេសក៏បានដាក់ចេញនូវច្បាប់ ក៏ដូចជាវិធានការផ្សេងៗជាច្រើនទៀតក្នុងការគាំទ្ររដ្ឋាភិបាលគុយបា ។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីច្បាប់ដែលបានដាក់ចេញដោយសភាគុយបាគឺមាន៣០ ច្បាប់ រួមទាំងច្បាប់ដទៃទៀតមានចំនួន៦០ឯណោះ ដូច្នេះឯកឧត្តមបានគូបញ្ជាក់ថាទោះជាយ៉ាងណាក៏ដោតសភានៅតែដើរតួនាទីសំខាន់ក្នុងការគាំទ្ររដ្ឋាភិបាលគុយបា។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា យើងបានផ្សារភ្ជាប់នូវទំនាក់ទំនង ជាមួយប្រជាជនយើង យើងក៏មានការគាំទ្រពីប្រជាជនយើងផងដែរ ជាពិសេសយើងក៏មានការផ្ដល់ឱកាសឲ្យប្រជាជនមានការបោះឆ្នោត។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោអំពីលក្ខណៈច្បាប់ ក៏ដូចជាដំណើរការបោះឆ្នោតនៅប្រទេសគុយបាលផងដែរ ដោយ ឯកឧត្តមបញ្ជាក់ថា ត្បិតមានការប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក្នុងនោះចំនួន៩៥% នៃអ្នកចុះឈ្មោះបោះឆ្នោត គឺមាន៩២% បានទៅបោះឆ្នោតគាំទ្រសភាអំណាចប្រជាជនគុយបា។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមក៏ធ្លាប់អញ្ជើញមកប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រទេសគុយបា។ អ្វីត្បិតតែប្រទេសគុយបាលត្រូវបានទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជានៅតែបន្តសហការ និងធ្វើការជាមួយគុយបា ។ ឯកឧត្តមក៏បានអរគុណសម្ដេចតេជោដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានពីប្រទេសគុយបា ត្បិតមានប្រព័ន្ធការផ្សព្វផ្សាយមួយចំនួនផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាលគុយបាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាកន្លងមកនេះនៅតែគាំទ្រដល់ប្រទេសគុយបាលជានិច្ច។ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវអង្ករដល់ប្រទេសគុយបា ។ ឯកឧត្តមបានបញ្ជាក់ថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងគុយបា មកដល់ពេលនេះគឺស្ថិតក្នុងស្ថានភាពមួយមានខ្ពស់បំផុត ជាពិសេសការទស្សនកិច្ចដោយសម្ដេចតេជោមកប្រទេសគុយបាននៅពេលនេះ ជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងទ្វេរភាគី ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

នៅក្នុងជំនួបនេះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមចង់គោរពអញ្ជើញសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសគុយបានាពេលខាងមុខ។ ក្នុងជំនួបនេះ ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច និងនយោបាយផងដែរ។ ឯកឧត្តមចង់ឃើញប្រទេសទាំងពីរ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសបន្តមានសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានគោលបំណងពង្រឹងទំនាក់ទំនងរវាងរដ្ឋសភា និងរដ្ឋសភា នៃប្រទេសទាំងពីរ ជាពិសេសពង្រីក ពង្រឹងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ វិស័យអប់រំ វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងការវិនិយោគទៅវិញទៅមក។ ឯកឧត្តមបញ្ជាក់ថា ដោយសារបច្ចុប្បន្នយើងមានបច្ចេកវិទ្យាជឿនលឿន យើងអាចប្រជុំតាមប្រព័ន្ធអនឡាញបានផងដែរ ដូច្នេះយើងមានឱកាសក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ប្រទេសគុយដាមានចំណាប់អារម្មណ៍ចង់ក្លាយជាអ្នកសង្កេតការណ៍ក្នុងអាស៊ាន និងទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់នៅក្នុងជំនួបនេះថា សម្ដេចពិតជារីករាយ និងអរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាគុយបាល ដែលបានទទួលស្វាគមន៍សម្ដេច និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត ហើយសម្ដេចតេជោបានចាត់ទុកថាមដំណើរទស្សនកិច្ចរបស់សម្ដេច នាពេលនេះ ជាដំណើរទស្សនកិច្ចមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ក្នុងការរឹតចំណងមិត្តភាពទំនាក់ទំនងរវាងកម្ពុជានិងគុយបានបន្ថែមទៀត។ ជាងនេះទៅទៀត សម្តេចតេជោក៏បានអរគុណដល់គុយបាដែលបានធ្វើការចែករំលែកនូវព័ត៌មានអំពីស្ថានភាពនៅប្រទេសគុយបា។ ទាក់ទងទៅនឹងអ្វីដែលឯកឧត្តមបានមានប្រសាសន៍ពីទំនាក់ទំនងរវាងកម្ពុជា និងអង្គុយបាកន្លងមកនេះ សម្តេចតេជោសូមសម្ដែងនូវការកោតសរសើរចំពោះប្រជាជនគុយបាដែលបន្តប្រឆាំងអ្វីដែលជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលចាត់ទុកថា វាមិនមានយុត្តិធម៌សម្រាប់គុយបានោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានការកោតសរសើរចំពោះប្រជាជននិងរដ្ឋាភិបាលគុយបា ក៏ដូចជារដ្ឋសភាគុយបាលដែលបានធ្វើឱ្យប្រទេសគុយបាយកឈ្នះទៅលើជំងឺកូវីដ-១៩ ហើយក៏មានលទ្ធភាពផ្ដល់វ៉ាក់សាំងដល់បណ្ដាលប្រទេសមួយចំនួនទៀតផង។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ថ្វីត្បិតកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មិនមានស្ថានទូតគុយបានៅកម្ពុជាទេ តែក្រោយឆ្នាំ១៩៩៩ ក្រោយខ្មែរក្រហមត្រូវបានផ្ដួលរំលំ ប្រទេសគុយបាបានដាក់ស្ថានទូតនៅកម្ពុជាវិញ ហើយមិនតែប៉ុណ្ណោះ ប្រទេសគុយបា ក៏បានជួយដល់ប្រទេសកម្ពុជានាគ្រាលំបាកនោះផងដែរ។ ដែលកន្លងមកយើងមានសមិទ្ធផលបន្សល់ទុកជាឈ្មោះមួយចំនួនដូច ជាស្ករគុយបា មជ្ឈមណ្ឌលក្មេងកំព្រាគុយបា យើងមានទូកដរគុយបា នៅអ្នកលឿងនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រយៈពេល៦២ ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងគុយបា មានលក្ខណៈស្ថេរភាព ជាពិសេសនយោបាយ ត្បិតតែមានការផ្លាស់ប្ដូរច្រើនមែន តែទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរមានស្ថេរភាព មិនតែប៉ុណ្ណោះយើងនៅបន្តដាក់ស្ថានទូតទៅវិញទៅមក ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ទៀតថា កន្លងមកនេះ ប្រទេសគុយបាធ្លាប់បានជួយផ្តល់នូវការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើវិស័យកីឡា វិស័យអប់រំ ជាដើម ។ សម្តេចតេជោក៏បានមានប្រសាសន៍ទៀតថានៅពេលខាងមុខនេះ យើងនឹងមានទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបាទៅកាន់ប្រទេសកម្ពុជា និងមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីគុយបាទៅកាន់ប្រទេសកម្ពុជាផងដែរ ។ ក្រៅពីនោះយើងនឹងមានឯកសារ នៃកិច្ចព្រមព្រៀងមួយចំនួន ទាំងការជំរុញកិច្ច និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្តេចតេជោបានគូសបញ្ជាក់ទៀតថា កំណើរទស្សនកិច្ចលើកនេះ ប្រទេសកម្ពុជា និងផ្ដល់ជាអំណោយជូនដល់ប្រទេសគុយបា នូវអង្ករចំនួនអង្ករ៦,០០០តោន។ ក្នុងឱកាសនេះ សម្ដេចក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់ឧត្តមប្រធានរដ្ឋសភាគុយបា និងក៏មានការអញ្ជើញឯកឧត្តមទៅបំពេញទស្សនកិច្ចនៅកម្ពុជានារយៈពេលសមស្របខាងមុខផងដែរ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈទំនាក់ទំនងសភានៃប្រទេសយើងទាំងពីរ នឹងបន្តធ្វើការ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីគាំទ្រការងាររដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ហើយការងារពាក់ព័ន្ធទៅនឹងអាស៊ានវិញសម្ដេចតេជោបានមានប្រសាសន៍ថា ដោយមានវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងឱកាសនេះដែរ ដូច្នេះយើងនឹងបន្តធ្វើការជាមួយគ្នាជាបន្តទៀត៕