Monday, August 23, 2021

វិភាគអន្តរជាតិ៖ រាត្រីទឹកឃ្មុំសហរដ្ឋអាមេរិក និងវៀតណាម


(ហាណូយ)៖ គេថានៅពេលជួបបញ្ហា ធ្វើឱ្យយើងស្គាល់មិត្តពិតប្រាកដ។ ជំងឺឆ្លង COVID-19 បានផ្ដល់ឱកាសឱ្យយើងបង្ហាញពីការប្ដេជ្ញាចិត្តចំពោះមិត្តភក្តិ ហើយក្នុងន័យនេះដើម្បីងាយយល់ថាតើប្រទេសនីមួយៗមានទំនាក់ទំនងជិតស្និទ ឬក៏កក់ក្ដៅប៉ុនណានៅក្រោមលក្ខខណ្ឌភូមិសាស្ត្រនយោបាយ គេគ្រាន់តែមើលទៅលើចំនួន នៃដំណើរទស្សនកិច្ចកម្រិតខ្ពស់ ឬចំនួនវ៉ាក់សាំង COVID-19 ដែលត្រូវបានផ្ដល់ជាអំណោយ ក៏អាចឱ្យយើងដឹងពីចម្លើយខ្លះៗដែរ។

ដូច្នេះប្រសិនជាយកការអះអាងបែបនេះមកបកស្រាយ នោះវៀតណាមត្រូវបានគេមើលឃើញថានៅជិតបង្កើយនឹងសហរដ្ឋអាមេរិក ហើយនៅដាច់ឆ្ងាយពីចិនជាងគេ ធៀបទៅនឹងបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។ សហរដ្ឋអាមេរិក និងវៀតណាមបានរៀបចំការបំពេញដំណើរទស្សនកិច្ចកម្រិតខ្ពស់ចំនួន ៣លើករួចមក ហើយ ចាប់តាំងពី COVID-19 ឆ្លងរាតត្បាតខ្លាំងកាលពីដើមឆ្នាំ២០២០ ហើយចំនួនទស្សនកិច្ចបែបនេះនឹងឡើងដល់ ៤ ឆាប់ៗនេះ នៅពេល អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី ផ្ដើមបំពេញទស្សនកិច្ចមកកាន់ប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី២៤ ខែសីហា ស្អែកនេះ។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងហាណូយផងដែរ ក្រោមក្របខណ្ឌនៃ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសអាស៊ីគ្នេយ៍ចំនួន៣ បូករួមទាំងសិង្ហបុរី និងហ្វីលីពីន។ កាលពីកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ចិនបានបញ្ជូនរដ្ឋមន្ត្រីសន្តិសុខ សាធារណៈ លោក Zhao Kezhi មកបំពេញទស្សនកិច្ចនៅវៀតណាម និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នៅខែមេសា ឆ្នាំដដែល។ តែចាប់តាំងពី COVID-19 ផ្ទុះឡើងខ្លាំង រដ្ឋមន្ត្រីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី រួមទាំងមន្ត្រីការទូតកំពូលចិន លោក Yang Jiechi បានបំពេញទស្សនកិច្ចទៅកាន់ គ្រប់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ លើកលែងតែវៀតណាមមួយចេញ។

ការផ្ដល់អំណោយជាវ៉ាក់សាំង COVID-19 ក៏អាចវាស់វែងពីភាពកក់ក្ដៅរវាងប្រទេសទាំងនេះដែរ។ មកទល់បច្ចុប្បន្ន ចិនបានផ្ដល់អំណោយជាវ៉ាក់សាំងដល់វៀតណាម ជាប្រទេសដែលមានប្រជាជនជិត ១០០លាននាក់ ត្រឹមតែ ៧០០,០០០ដូសប៉ុណ្ណោះ ក្នុងនោះមាន ៥០០,០០០ដូសសម្រាប់ពលរដ្ឋចិន ឬប្រជាជនវៀតណាមរស់នៅ តាមបណ្ដោយព្រំដែនជាប់ចិន ឬអ្នកជំនួញត្រូវចេញចូលចិន និង ២០០,០០០ដូសទៀតសម្រាប់កងទ័ពវៀតណាម។ ដោយឡែក ធៀបទៅនឹងប្រទេសឡាវដែលមាន ប្រជាជនសរុប ៧លាននាក់ ចិនបានផ្ដល់វ៉ាក់សាំងជាអំណោយដល់ទៅជិត ៣លានដូសឯណោះ។ ចំពោះវៀតណាម សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតជាមួយ ការផ្ដល់ជំនួយវ៉ាក់សាំងដល់ទៅ ៥លានដូស។

តែទោះជាយ៉ាងនេះក្ដី វៀតណាមមិនដែលបានចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រនោះទេ។ វៀតណាមបានចាត់ទុកប្រទេសចំនួន១៤ គឺជា «ដៃគូយុទ្ធសាស្ត្រ» តែមិនទាន់មានអាមេរិកឡើយ ហើយប្រទេស ៣ផ្សេងទៀត ដូចជា ចិន រុស្ស៊ី និងឥណ្ឌាជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ តើនេះមកពីហេតុអ្វី? ពិតមែនទៅ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយមើលពីក្រៅ គឺល្អូកល្អើននឹងគ្នាណាស់ តែមើលឱ្យចំ មានភាពផុយស្រួយ និងស្មុគស្មាញខ្លាំងបំផុតដោយមាន ជាប់ពាក់ព័ន្ធនឹងស្នាមរបួសប្រវត្តិសាស្ត្រ (សង្រ្គាមវៀតណាម), មនោគមន៍វិជ្ជាខុសគ្នា, ប្រព័ន្ធដឹកនាំខុសគ្នា និងប្រព័ន្ធនយោបាយខុសគ្នា។ វៀតណាម និងអាមេរិក នៅតែមើលគ្នាក្នុងផ្លូវប្រុងប្រយ័ត្នរៀងៗខ្លួន ដោយម្ខាងវៀតណាមជាប្រទេសកុម្មុនិស្ដ មិនសូវស្គាល់ទេសិទ្ធិមនុស្ស រីឯម្ខាងអាមេរិកជាប្រទេសប្រឆាំងនឹងកុម្មុយនិស្ដ។

តែប្រទេសទាំងពីរអាចទុកបញ្ហាមនោគមន៍វិជ្ជា និងស្នាមរបួសពីប្រវតិ្តសាស្ត្រនៅមួយឡែក ដោយសារតែកត្តាមួយដ៏សំខាន់ដែលរុញឱ្យពួកគេខិតជិតគ្នាបាន នោះគឺ «ចិន»។ អាមេរិក និងវៀតណាមបានបង្កើនទំនាក់ទំនងទ្វេភាគីនៅឆ្នាំ២០១៤ ជាពេលដែលចិន និងវៀតណាមផ្ទុះជម្លោះនឹងគ្នាយ៉ាងខ្លាំងនៅឯតំបន់សមុទ្រចិនខាងត្បូង ដោយភាគីទីក្រុងហាណូយបានចោទប្រកាន់ថាចិនបានរុករកប្រេងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខរបស់ខ្លួន (EEZ) ហើយចាប់តាំងពីនោះមកទំនាក់ទំនងចិន និងវៀតណាមប្រែជារកាំរកូសដូចសព្វថ្ងៃ។ ចំណែកឯ សហរដ្ឋអាមេរិកវិញ បានចាប់យកឱកាសនេះបង្ហាញការគំាទ្រយ៉ាងពេញទំហឹងចំពោះវៀតណាមជាសាធារណៈ ហើយវាមិនមែនត្រឹមតែជាការគំាទ្រតែពាក្យសម្ដីប៉ុណ្ណោះទេ ដោយរដ្ឋបាលអាមេរិកនៅកាលណោះក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ថែមទាំងបានលុបចោល ទណ្ឌកម្មលក់អាវុធឱ្យវៀតណាមទៀតផង។

លោក បារ៉ាក់ អូបាម៉ា បានបំពេញទស្សនកិច្ចមកកាន់វៀតណាមនៅឆ្នាំ២០១៦ ដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំង២ ដែលជាពេលបក្សកុម្មុយនិស្ដ វៀតណាម ចាប់ផ្ដើមទុកចិត្តលើអាមេរិក ច្រើនជាងចិន។ ប៉ុន្តែបញ្ហានៅតែមាន ដ្បិតមកទល់សព្វថ្ងៃវៀតណាមមិនទាន់បានចាត់ទុកអាមេរិកជាដៃគូរយុទ្ធសាស្ដ្រ ឡើយ។ នៅពេលអគ្គលេខាធិការបក្សកម្មុយនិស្ដចិន លោក Nguyen Phu Trong បំពេញទស្សនកិច្ចទៅកាន់សេតវិមាននៅខែកក្កដា ឆ្នាំ២០១៥ វៀតណាមធ្លាប់ស្នើឱ្យទំនាក់ទំនងជាមួយអាមេរិកក្លាយជា «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» ដូចដែលវៀតណាម និងជប៉ុនបានប្រកាសឡើងកាលពីខែមីនា ឆ្នាំ២០១៤។ តែផែនការនេះមិនត្រូវបានអនុម័តទេ ដោយសារតែអាមេរិកចង់ឱ្យវៀតណាមចាត់ទុកខ្លួនជាដៃគូយុទ្ធសាស្ត្រភ្លាមៗតែម្ដង។

ជាថ្មីម្ដងទៀត លោក Nguyen Phu Trong ធ្លាប់មានផែនការបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីបញ្ហានេះជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងឆ្នាំ២០១៩។ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានផ្អាកដោយមិនមានពេលកំណត់ បន្ទាប់ពីលោក Trong ត្រូវបានគេរាយការណ៍ថាមាន បញ្ហាសុខភាព។ បើតាមក្រុមអ្នកជំនាញភាគច្រើន ការរារែករបស់វៀតណាម ក្នុងការចាត់ទុកសហរដ្ឋអាមេរិកជា «ដៃគូយុទ្ធសាស្ត្រ» អាចមកពីហេតុផលមួយចំនួនក្នុង នោះជាពិសេសគឺដោយសារតែប្រព័ន្ធនយោបាយ និងផែនការសេដ្ឋកិច្ច ដើយ មើយ (doi moi) របស់វៀតណាមតែម្ដង។ ប្រព័ន្ធនយោបាយវៀតណាមសម្បូរទៅដោយ អ្នកអភិរក្សនិយម និងមិនហ៊ានប្រថុយប្រថាន ដោយពួកគេតែងតែមានការរារែកក្នុងការសម្រេចចិត្តណាមួយដែលអាចនាំឱ្យមានការផ្លាស់ប្ដូរតុល្យភាពនៃទំនាក់ទំនង របស់វៀតណាមជាមួយមហាអំណាចលោកខាងលិច។ ជាឧទាហរណ៍ ដូចជានៅក្នុងគណប្សកុម្មុយនិស្ដវៀតណាម គេឃើញមានឡូកឡំទៅដោយក្រុមអ្នកអភិរក្សនិយម ឬក្រុមអ្នកគាំទ្រចិន, និងក្រុមអ្នកកំណែទម្រង់និយម ឬគាំទ្រលោកខាងលិច ហើយមាននិន្ននាការបែបនេះហើយទើបធ្វើឱ្យពួកគេរារែកនៅពេលធ្វើការសម្រេចចិត្ត។

មួយវិញទៀត ផែនការសេដ្ឋកិច្ច doi moi ដែលតម្រូវឱ្យវៀតណាមប្រកាន់ខ្ជាប់ «គោលការណ៍គ្មានចំនួន ៤» នោះគឺ គ្មានសម្ព័ន្ធភាពយោធា, គ្មានសម្ព័ន្ធភាពជាមួយប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសដទៃ, គ្មានមូលដ្ឋានយោធាបរទេសនៅលើទឹកដីវៀតណាម និងគ្មានការបង្ខំ ឬការគំរាមកំហែងប្រើប្រាស់កម្លាំងបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។ គោលនយោបាយទាំងនេះ គឺវៀតណាមចង់ឱ្យប្រាកដថាខ្លួននៅតែអាចរក្សាទំនាក់ទំនងពិសេសរបស់ខ្លួនជាមួយរុស្ស៊ី និងរក្សាឱ្យបាននូវ កិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយចិនផង រួមទាំងប្រទេសដទៃ ក្នុងនោះមានទាំងអាមេរិកផង។

តែយ៉ាងណាក៏ដោយ ឈរលើវត្ថុបំណងរួម ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បូករួមទាំងកំពុងមានជម្លោះដែនទឹកជាមួយចិន ចង់ ឬមិនចង់ ទំនាក់ទំនងរវាងអាមេរិក និងវៀតណាមអាចនឹងក្លាយជា «ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងរយៈពេលខ្លី ឬមធ្យម អាស្រ័យលើសកម្មភាពរបស់ ចិន ឬទំនាក់ទំនងរវាងចិន និងវៀតណាមដែរ។ មានន័យថាប្រសិនបើទំនាក់ទំនងរវាងចិន និងវៀតណាមមានស្ថិរភាព ឬភាគីទាំង២ អាចដោះស្រាយការខ្វែងគំនិតគ្នា បាន នោះទីក្រុងហាណូយក៏នឹងមិនចូលជិតអាមេរិកពេកនោះដែរ និយាយឱ្យងាយស្ដាប់ អាមេរិក និងវៀតណាមអាចសាងរាត្រីទឹកឃ្មុំដូចសព្វថ្ងៃ ក៏ដោយសារតែចិន ដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមីនា ឆ្នាំ២០២១នេះបានប្រកាសចាត់បញ្ចូលវៀតណាមទៅក្នុងបញ្ជីឈ្មោះនៃប្រទេសដែលស្ថិតនៅក្នុង យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន។ ក្រុមអ្នកវិភាគជាច្រើនយល់ថានយោបាយអាមេរិកបច្ចុប្បន្នគឺមានលក្ខណៈ សាច់ការណ៍និយម ឬគិតតែពីលទ្ធផល ជាជាងមនោគមន៍វិជ្ជា។ បានន័យថាអាមេរិកផ្ដោតសំខាន់តែទៅលើលទ្ធផល លែងសូវខ្វល់ពីបញ្ហាសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ ដូចមុនទៀតទេ ហើយការយល់ឃើញបែបនេះគឺគេអាចយកវៀតណាមដែលកំពុងល្អូកល្អើនជាមួយអាមេរិកមកធ្វើឧទាហរណ៍បាន។ ពោលគឺអំណេះតទៅ អាមេរិក ធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនមានប្រសិទ្ធភាពលេចចេញជាលទ្ធផលតែប៉ុណ្ណោះ៕

ប្រភព៖ Diplomat (ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១)

(ដោយ៖ Fresh News)






គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ប្រាប់អភិបាលរាជធានី-ខេត្ត រៀបចំទីតាំងដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋដែលនៅសេសសល់

(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់។

ក្នុងលិខិតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោងទុកចំនួន១០លាននាក់នៅឡើយ។

កត្ដានេះតម្រូវឲ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ឲ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តឲ្យបានទាន់ពេលវេលានៅតាមទីតាំង ដែលកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះឲ្យបានគ្រប់ៗគ្នា។

គ.វ.ក-១៩ ពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមួយចំនួន មិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេសហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុ ផ្សេងៗទៀត) ដូចនេះសូមអភិបាលរាជធានី-ខេត្ត ចាត់ចែងរៀបចំជាប់ជាប្រចាំទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួល ទៅទទួលយកសេវាចាក់វ៉ាក់សាំងវីដ-១៩ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ឬទីតាំងមួយចំនួនទៀត ដែលអាចផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋដែលនៅសេសសល់អាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ គ.វ.ក-១៩ សូមស្នើឲ្យអភិបាលរាជធានី-ខេត្ត ចេញសេចក្តីជូនព័ត៌មានឲ្យបានទូលំទូលាយ និងញឹកញាប់អំពីទីតាំង និងកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជូនសាធារណជនឲ្យបានជ្រាប និងទៅចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា។

លើសពីនេះ សូមផ្សាយជូនសាធារណជននូវលេខទូរសព្ទទំនាក់ទំនងតាមទីតាំងនីមួយៗ ដែលនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការទំនាក់ទំនងបាន៕




សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២។

ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២ សរុបមានរយៈពេល២១ថ្ងៃ៕







អាជ្ញាធរជាតិអប្សរាធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុងនៅ ជើងភ្នំគូលែន

ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បានចាត់វិធានការទល់ទ្រពង្រឹងដើម្បីជួយសង្រ្គោះប្រាសាទ តាដុង ឱ្យជៀសផុតពីហានិភ័យ  ជាដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ 

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដោយមើលឃើញ   ហានិភ័យរបស់ប្រាសាទតាដុង ទើបក្រុមអ្នកបច្ចេកទេសនៃ  អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមរៀបចំទល់ទ្រសង្រ្គោះបន្ទាន់នៅតាម ផ្នែកជញ្ជាំងខាងកើត ដែល បម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ លើសពីនេះ ក្រុមអ្នកបច្ចេកទេសក៏បានធ្វើការសិក្សា និងលើកគម្រោងជួសជុល ដើម្បីលើកតម្លៃប្រាសាទតាដុងសម្រាប់ផែនការឆ្នាំខាងមុខ។

សូមបញ្ជាក់ថា ប្រាសាទតាដុង កសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ក្នុង រចនាបទគូលែន នាអំឡុង សតវត្សទី៩នៃគ.ស ស្ថិតនៅភាគ ខាងកើតនៃ ជម្រាលជើងភ្នំគូលែន មានទីតាំងនៅក្នុងភូមិជប់លើ ឃុំស្វាយ លើ  ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់ ប្រាសាទឥដ្ឋនេះបានពុកផុយ ជ្រុះធ្លាក់ ដោ យ សារតែមាន ដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ ចំណែក រួតទី១ផ្នែកខាងកើតក៏ជ្រុះ ធ្លាក់ ដោយ សារដើមឈើ រលំលើ បណ្ដាលឱ្យមាន ស្នាមប្រេះហែកជញ្ជាំង ទាំងបីជ្រុង ៕






អភិបាលខេត្តក្រចេះ បានចុះពិនិត្យយកសំណាកធ្វើតេស្តទៅលើអាជីវករលក់ដូរក្នុងផ្សារសាមគ្គី

ក្រចេះ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក  វ៉ា ថន អភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត និងក្រុមគ្រូពេទ្យបានចុះរៀបចំដាក់ទីតាំងនៅមុខផ្សារសាមគ្គីក្រុងក្រចេះ ប្រមូលអាជីវករលក់ដូរក្នុងផ្សារទាំងអស់មកទទួលការយកសំណាក ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីអស់មានការមន្ទិលសង្ស័យនិងដើម្បីសុខសុវត្ថិភាព សុខភាព និងដើម្បីកាត់ផ្ដាច់ចរន្តនៃការចម្លងមេរោគកូវីដ-១៩ ពីម្នាក់ទៅម្នាក់ ទៅលើបងប្អូនអាជីវករលក់ដូរក្នុងផ្សារសាមគ្គីក្រុងក្រចេះ ។ 

លោក  វ៉ា ថន មានប្រសាសន៍ថា ដើម្បីបញ្ចៀសពីការសង្ស័យក្នុងនោះក្រែងមានបងប្អូនណាមានផ្ទុកនូវវីរុសកូវីដ-១៩ បើទោះបីជាបានការចាក់វ៉ាក់សាំងការពារបង្ការ ហើយក៏ដោយប្រសិនបើសុខភាពរបស់យើងខ្សោយវានឹងអាចឆ្លងបាន អញ្ចឹងហើយបានជាមានការរៀបចំយកសំណាកធ្វើតេស្ត ជូនបងប្អូនដោយមិនគិតថ្លៃ។ 

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការចុះមកយកសំណាកធ្វើតេស្តទៅលើបងប្អូនអាជីវករផ្សារសាមគ្គីក្រុងក្រចេះ នាពេលនេះ គឺមិនតម្រូវឲ្យមានការបិទផ្សារនោះទេ ព្រោះថាការបិទផ្សារម្ដងវាមានផលប៉ះពាល់ ខាតបង់ពេលវេលាប្រាក់កាក់ របស់បងប្អូនអាជីវករ និងមានផលលំបាកដល់បងប្អូនដទៃទៀត ដែលត្រូវមកទិញអាហារហូបចុក។ 

លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនរស់នៅតាមផ្ទះជុំវិញផ្សារសាមគ្គីក្រុងក្រចេះ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ អោយគ្រប់គ្នា ដើម្បីឲ្យអស់មានការមន្ទិលសង្ស័យ ដើម្បីសុខសុវត្ថិភាព សុខភាព ព្រោះថាការធ្វើតេស្តនេះមិនមានការឈឺចាប់ទេ សូមកុំខ្លាចសូម្បីតែកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័នក៏គេធ្វើតេស្តរកមេរោគកូវីដ-១៩ ជាប្រចាំផងដែរ។ 

ជាចុងក្រោយឯកឧត្តម បានបញ្ជាក់ថា  កាលណាទៅយើងបានធ្វើតេស្តទាំងអស់គ្នាហើយ យើងនឹងអស់មានការមន្ទិលសង្ស័យពីព្រោះបើយើងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ភ្លាម យើងនឹងបញ្ជូនទៅព្យាបាលដោយមិនត្រូវទុកឱ្យជ្រុលនោះទេកាលណាបើយើងទុកវាជ្រុលដោយមិនបានធ្វើតេស្តនោះ វាអាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចបាត់បង់អាយុជីវិត៕







លោក ហេង សំរិន៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ (អាយប៉ា) តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៣សីហា២០២១នេះ លោក ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលត្រូវបានគេមើលឃើញថាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ។ 

លោកប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័ស លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។

មហាសន្និបាតអាយប៉ាលើកទី៤២ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធនិមិ្មត ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែសីហាឆ្នាំ២០២១នេះ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥។” 

ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិកAIPAទំាង១០ លោកប្រធានរដ្ឋសភាបានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារ៉ូសាឡាម ជាពិសេស លោក ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ាលើកទី៤២ ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

លោកបានគូសបញ្ជាក់ថាសម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥” សំដៅកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឱ្យមានភាពរស់រវើកដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល។

គោលនយោបាយនេះ នឹងរួមចំណែកដល់ការជំរុញការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះលោក ហេង សំរិន បានអំពាវនាវដល់អាស៊ាននិងអាយប៉ាយ ជំរុញនិងលើកកម្ពស់ឌីជីថលូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពថ្មី។

លោកបានស្នើដល់អ្នកពាក់ព័ន្ធត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលូបនីយកម្មប្រកបដោយបរិយាប័ន្ន។ 

ឆ្លៀតនៅក្នុងឱកាសនេះ លោក ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំនេះ ផងដែរ។ 

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភាតំបន់ តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា(ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ជាសមាជិក។ សមាជិក AIPA ផ្លាស់ប្តូរវេនគ្នាធ្វើជាប្រធានរៀបចំមហាសន្និបាត ផ្អែកលំដាប់អក្ខរក្រមនៃឈ្មោះប្រទេស តាមអក្សរឡាតាំង។ 

នៅឆ្នាំ២០២២ ខាងមុខ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត អាយប៉ាលើកទី៤៣។ 

ពិធីប្រគល់តួនាទីប្រធានប្តូរវេនAIPAដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់ពិធីបិទមហាសន្និបាត លើកទី៤២នេះ៕








អភិបាលខេត្តប៉ៃលិន ជំរុញដល់កសិករឱ្យខិតខំចិញ្ចឹមសត្វ និងដាំដុះបន្លែបង្ការសិរីរាង្គ តាមបែបធម្មជាតិ និងតម្រូវតាមទីផ្សារ ដើម្បីលើកកំពស់ជីវភាព ក្នុងអំឡុងវិបត្តិកូវីដ-១៩

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីរាជការ និងក្រុមការងារ អញ្ជើញចុះសំណេះ សំណាលសួរសុខទុក្ខ និងជួយទិញបន្លែបង្ការបស់ប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់ពលករកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជម្ងឺកូវីដ-១៩ តាមមណ្ឌលនានាក្នុងខេត្ត លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់បងប្អូនប្រជាកសិករ ឱ្យខិតខំចិញ្ចឹមសត្វ និងដាំដុះបន្លែបង្ការ សិរីរាង្គ តាមបែបធម្មជាតិ និងតម្រូវតាមទីផ្សារ ដើម្បីលើកកំពស់ជីវភាព ក្នុងអំឡុងវិបត្តិកូវីដ-១៩។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ លើកឡើងថា៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំអោយមានផ្សារចុងសប្តាហ៍ ដែលមានទីតាំងស្ថិតនៅខាងមុខមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសម្រាប់ប្រជាកសិករលក់កសិផល មានដូចជា៖ បន្លែ ផ្លែឈើ ត្រីសាច់ ដែលជាផលិតផលរបស់បណ្តុំផលិត ផលក្នុងស្រុក តាមបែបធម្មជាតិ ក្រោមកិច្ចសហការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ដូច្នេះតម្រូវឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ដើម្បីធ្វើការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ហើយជាសវាងការចិញ្ចឹម និងការដាំដុះដំណាំដែលគ្មានគុណភាព និងមិនមានទីផ្សារ។

លោកស្រីអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង ហើយពេលថ្មីៗនេះ លោកទាំងទ្វេរ ក៍បានជួយទិញផ្លែមៀនប៉ៃលិន ពីកសិករយើង ដែលកំពុង មានបញ្ហា ទីផ្សារផងដែរ ដោយរដ្ឋបាលខេត្តជាអ្នកប្រមូលទិញពីកសិករក្រីក្រដែលជាម្ចាស់ចំការផ្ទាល់តែម្តង ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល។

ក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាកសិកររស់នៅក្នុងខេត្តប៉ៃលិនទាំងអស់ ដែលដាំបន្លែបង្ការជាលក្ខណះគ្រួសារ ហើយពេលទទួលផល មិនមានទីផ្សារ ឬ ឈ្មួញកណ្តាលអោយក្នុងតំលៃថោកក្រោមទីផ្សារ សូមទំនាក់ទំនងមកក្រុមការងារ ឬ រដ្ឋបាលក្រុង/ស្រុក នោះរដ្ឋបាលខេត្ត នឹងទទួលទិញ ដើម្បីយកមកធ្វើម្ហូបអាហារជូនបងប្អូនពលករ កំពុងធ្វើចត្តាឡីស័ក និងព្យាបាលជម្ងឺកូវីដ-១៩ តាមមណ្ឌលនានាក្នុងខេត្ត ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

សូមបញ្ជាក់ថា៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានជួយទិញបន្លែបង្ការបស់ប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់ពលករកំពុងធ្វើចត្តាឡីស័ក រួមមាន៖ ស្ពៃខាត់ណា ត្រសក់ ល្ហុង ម្ទេស ត្រប់ និងមើមការ៉ុត ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កសិករ ក្នុង១គ្រួសារៗ ចំនួន ១០ម៉ឺនរៀល និងកសិករគម្រូ ចំនួន ១លានរៀល ដើម្បីពង្រីកការដាំដុះបន្លែសរីរាង្គបន្ថែមទៀតផងដែរ៕






កាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង បានផ្តល់អំណោយមនុស្សធម៌របស់អនុសាខាដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន

ស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពប្រចាំថ្ងៃរបស់គ្រួសារមានជីវភាពខ្វះខាតប្រចាំថ្ងៃ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ ក្រុមការងាអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង លោក ជួន ចាន់ឬទ្ធី ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងមានការនិមន្តចូលរួមពីព្រះគ្រូសច្ចៈកល្យាណោ យ៉ន សុខ សាន្ត បានផ្តល់អំណោយមនុស្សធម៌របស់អនុសាខា ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២១ គ្រួសារ មកពី ៥ សង្កាត់ ក្នុងក្រុងស្វាយរៀង ដែលពិធីនេះប្រារព្វធ្វើនៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ។

អំណោយដែលបានផ្តល់ជូមរួមមាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ម៉ាស ២ ប្រអប់ សាប៊ូ ២ ដុំ ទឹកត្រី ៣ ដប ទឹកស៊ីអ៊ីវ ៣ ដប ថវិកា ៦០,០០០ រៀល ។

ក្នុងពិធីនោះដែរមានសប្បុរសជនចូលរួមតាមរយៈអនុសាខា -ព្រះគ្រូធម្មបាលវង្សា រឹក សាបូ ថវិកា ៤២០.២០០ រៀល  ព្រះគ្រូសច្ចៈកល្យាណោ យ៉ន សុខ សាន្ត ថវិកា ២១០,០០០ រៀល លោកស្រី ប៉ុល ស៊ីវ៉ឺន ថវិកា ២១០,០០០ រៀល លោក កែន រិទ្ធី ថវិកា ៣០០,០០០ រៀល ៕






លោក អ៊ុ រាត្រី នាំយកផ្លែមៀន ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល

បន្ទាយមានជ័យ÷ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ 

លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក កេតុ វណ្ណសុីន នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញបន្តនាំយកផ្លែមៀន ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ជូនពលករធ្វើចត្តាឡីស័កតាមមណ្ឌល និងមណ្ឌលព្យាបាល នៅមណ្ឌលធ្វើចត្តាឡីស័កស្រុកមង្គលបូរី 

ខេត្តបន្ទាយមានជ័យ។

ផ្លែមៀន ដែលលោកអភិបាលខេត្ត ទទួលបានពីក្រុមការងារ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានចុះប្រមូលទិញផ្លែមៀន (តាង៉ែន)ពីប្រជាកសិករនៅខេត្តបាត់ដំបង។

នេះជាលើកទី២ដែលខេត្តទទួលផ្លែមៀននាយប់ថ្ងៃទី២២ សីហា ២តោនបន្ថែមទៀត សរុបប្រមាណជាង ៤តោន 

ដើម្បីបែងចែកជូនទៅកាន់ប្រជាពលករ បានកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាតាមក្រុង/ស្រុក។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕






លោក ទូ សាវុធ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាល និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

កោះកុង÷ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកគិរីសាគរ។

ក្នុងនោះ លោកអភិបាលរងខេត្ត សូមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ជម្រុញការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាពិសេសរាយការណ៍ជាប្រចាំអំពីអ្នកពាក់ព័ន្ធ និងអ្នកជំងឺត្រូវធ្វើសំណាករហ័ស និងធ្វើចត្តាឡីស័កឱ្យបានសមស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។ មួយវិញទៀតត្រូវទប់ស្កាត់រាល់ការឆ្លងដែនគ្រប់ច្រកមកពីប្រទេសថៃតាមទូកនេសាទទាំងអស់ និងទប់ស្កាត់ និងរាយការណ៍បន្ទាន់អំពីបងប្អូនដែលបានចូលមកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមន្ត្រីសុខាភិបាលធ្វើការស្រាវជ្រាវ រឺយកសំណាកកុំឱ្យមានការឆ្លងបន្ត ក្នុងករណីពួកគាត់បានឆ្លងជំងឺកូវីដ-១៩។ 

បន្ថែមពីនោះ លោកក៏បានសុំអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង នឹងរៀបចំយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង នៅពេលខាងមុខ ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចាក់ដូសទី១ នៅខេត្តកោះកុង៕