Monday, April 10, 2023

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជា

 នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារ អាហារ  សាមគ្គី ជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះ ពេជ្រ រាជធានីភ្នំពេញ។ 

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស FASMEC, លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានកិតិ្តយស FASMEC, អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធិសភា ជាអនុប្រធានកតិ្តយស FASMEC។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណប្រាំពាន់នាក់ ដែលក្នុងនោះ រួមមានអនុប្រប្រធាន សមាជិកក្រុមប្រឹក្សាភិបាល សហការរី នៃសមាគមមូលនិធិសម្ដេចតេជោ ប្រធានសាខា FASMEC តាមបណ្តាលខេត្ត ដៃគូរអង្គការក្រៅរដ្ឋាភិបាល ធនាគារដៃគូរ ក្រុមហ៊ុនដៃគូរ និង សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាមកពី២៥ រាជធាននី និងខេត្ត។

ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីនៅរសៀលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះអ្នកធ្វើធុរកិច្ច និងជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាវិស័យដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។

វិស័យនេះ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដោយក្នុងនោះសហគ្រាសជាង ៩០ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបានផ្តល់ការងារជាង ៧០ភាគរយ ស្មើនឹងប្រមាណ ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុប។

បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួនសរុបជាង ៧០ម៉ឺនមូលដ្ឋាន ក្នុងនោះវិស័យកម្មន្តសាលមានប្រមាណ ៧ភាគរយ ស្មើនឹងជាង ៤ម៉ឺនមូលដ្ឋាន ហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារប្រមាណជា ៨០ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ពាន់មូលដ្ឋាន។

ដោយមើលឃើញពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យមនេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់ពួកគេក្នុងកំលុងពេលជួបវិបត្តិជំងឺកូវីដ១៩។

ដើម្បីដោះស្រាយផលលំបាកបង្កដោយជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាពិសេស ៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បង្កើតគម្រោងសហហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ក្នុងបដិភាគស្មើគ្នារវាង SME Bank និងគ្រឹះស្ថានធនាគា និងហិរញ្ញវត្ថុដែលចូលរួមចំនួន៣៣ និងផ្តល់ដើមទុន ២០០លានដុល្លារ សម្រាប់បង្កើតសាជីវកម្មធានាឥណទានកម្ពុជា៕


សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស អបអរស្វាគមន៍ឆ្នាំថ្មី

 CNV:

សម្តេចក្រឡាហោម, សម្ដេចពិជ័យសេនា, ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា!


ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរស្វាគមន៍ ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ នេះគឺជាការជួបជុំទ្រង់ទ្រាយធំលើកទី ១ របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយខ្ញុំ ក៏សូមលើកទឹកចិត្តឱ្យមានការជួបជុំបែបនេះនៅឆ្នាំក្រោយៗបន្តទៀត សំដៅបង្កើនមិត្តភាព ការផ្លាស់ប្តូរមតិយោបល់និងឧត្តមានុវត្តន៍ជាក់ស្តែងល្អៗ សម្រាប់​អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានសហការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដ៏មានសារៈសំខាន់នេះឡើង។ ពិធីនេះផ្តល់ឱកាសដល់សហគ្រិន ធុរជន និងនវធុរជនបានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាអង្គពិធីទាំងមូលបានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធល្អៗ ពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ការជំរុញកំណើន ការងារប្រសិទ្ធភាព សមធម៌ និងចីរភាពនៅកម្ពុជា។

តាមរបាយការណ៍ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ ៧០ ម៉ឺនមូលដ្ឋាន (ស្មើនឹងជាង ៩០%) ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន (ស្មើនឹងប្រមាណ ៧%) ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ ពាន់មូលដ្ឋាន។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

(១) តាមរយៈសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មនៅកម្ពុជា បច្ចុប្បន្នយើងប្រើប្រាស់ផលិតផលកែច្នៃក្នុងស្រុក

ចំណុចនេះ អនុញ្ញាតឱ្យខ្ញុំបានសម្ដែងនូវមោទនភាព និងកោតសរសើរចំពោះការខិតខំទាំងអស់ ដែលប្រឹងប្រែងនៅក្នុងការធ្វើឱ្យរីកចម្រើនរីកលូតលាស់ នូវឧស្សាហកម្មកែច្នៃពាក់ព័ន្ធទៅនឹងម្ហូបអាហារ ដែលមានប្រមាណរហូតដល់៨០%នៃសកម្មភាព​។ កាល(ពីពេល)មុននេះយើងធ្លាប់តែនាំចូលនូវអ្វីៗទាំងឡាយសម្រាប់បម្រើឱ្យសេចក្ដីត្រូវការនៅក្នុងប្រទេស ប៉ុន្តែតាមរយៈនៃសកម្មភាពសហគ្រាសធុនតូចនិងមធ្បម និងសិប្បកម្មនៅកម្ពុជា បច្ចុប្បន្នបានប្រើប្រាស់ផលិតផលដែលកែច្នៃក្នុងស្រុក ហើយចាប់ផ្ដើមពីវត្ថុធាតុដើមនៅក្នុងស្រុក។ ប្រសិនបើប្រជាពលរដ្ឋកម្ពុជារបស់យើងផ្ដល់នូវលទ្ធភាពប្រើប្រាស់ផលិតផលក្នុងស្រុក ប្រាកដណាស់វានឹងរីកចម្រើនថែមទៀត។ នៅក្នុងរយៈពេលកន្លងទៅនេះ នៅពេលមានគ្រោះអាសន្នគ្រោះទឹកជំនន់ម្ដងៗ និងមានទាក់ទិនជាមួយនឹងបញ្ហាដែលកើតមាន ត្រូវផ្ដល់ជំនួយសង្គ្រោះ រាជរដ្ឋាភិបាលបានពឹងពាក់ស្ទើរតែទាំងស្រុងនូវការផ្គត់ផ្គង់ផលិតផល ដែលចេញពីការប្រើប្រាស់ ការកែច្នៃនៅក្នុងស្រុកដែលទាក់ទងជាមួយនឹងម្ហូបអាហារតែម្ដង។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បាន និងកំពុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ពីព្រោះសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មមានចំនួនច្រើននៅក្នុងខឿនសេដ្ឋកិច្ចជាតិ​ ជាពិសេសប្រទេសតូចៗ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាប្រភពចម្បងនៃការបង្កើតការងារច្រើន ជាថ្នាលបង្កើតទ្រព្យ- សម្បត្តិជាតិ និងជាតួអង្គដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្រួមវិសមភាពសេដ្ឋកិច្ចជូនប្រជាជនកម្ពុជាទូទៅ។ ជាលទ្ធផល រាជរដ្ឋាភិបាលតែងតែចាត់ទុកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូ មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

កន្លងមក រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការអន្តរក្រសួង-ស្ថាប័នសម្រាប់សិក្សា ស្រាវជ្រាវ វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម ជាប្រព័ន្ធ និងគាំទ្រសហគ្រិន ធុរជន និងនវធុរជនក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងចីរភាព។

ក្នុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាស ធុនតូច​ និងមធ្យមកម្ពុជាសម្រាប់ចូលរួមផ្តល់ការគាំទ្រ និងដាក់ចេញ នូវយន្តការគាំទ្រនានាដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។ ទន្ទឹមនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុង ផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យមតាមរយៈគម្រោង ហិរញ្ញប្បទានធំ ២ គឺ ១).គម្រោងហិរញ្ញប្បទានដោយផ្ទាល់និង២).គម្រោងសហហិរញ្ញប្បទាន ដែលគិតមកដល់ ខែកញ្ញា ឆ្នាំ២០២២ នេះ ធនាគារបានបញ្ចេញឥណទានសរុបចំនួនជាង ៤០០ លានដុល្លារអាម៉េរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ០៨៥។ ចំពោះវិធានការផ្នែកពន្ធដារ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និងបទប្បញ្ញតិសម្រាប់លើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត និងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ ចំពោះវិធានការផ្នែកគយ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយពន្ធអាករ និងយន្តការលើកទឹកចិត្តផ្នែកគយ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ម៉្យាងទៀត រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកស្ទួយសហគ្រាសធុនតូច និងមធ្យម តាមរយៈការកែលម្អអភិបាលកិច្ច គុណភាព និងសមត្ថភាពស្ថាប័នសាធារណៈដើម្បីកាត់បន្ថយ ចំណាយប្រតិបត្តិការក្នុងអាជីវកម្ម ការដាក់ឱ្យដំណើរការវេទិការដ្ឋ និងវិស័យឯកជន ដើម្បីពន្លឿនការដោះស្រាយបញ្ហាប្រឈមរបស់ធុរជន ការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ដើម្បីបង្កើនសមត្ថភាពរបស់សហគ្រិនធុរជន និងនវធុរជន ជាដើម។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
ដើម្បីរួមចំណែកដល់ការបង្កើនសម្ទុះនៃការអភិវឌ្ឍសហ-គ្រាសធុនតូចនិងមធ្យម ក៏ដូចជា​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច ឱ្យកាន់តែប្រសើរ ខ្ញុំសូមឆ្លៀតឱកាសនេះ លើកទឹកចិត្ត និងផ្តល់នូវ ទស្សនៈមួយចំនួនដូចខាងក្រោម ៖

ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាបង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។ ជាមួយនេះ ខ្ញុំសូមលើកទឹកចិត្ត ឱ្យក្រសួង-ស្ថាប័នខិតខំបន្ថែមទៀត​ ក្នុងការដោះស្រាយ​បញ្ហា ប្រឈមទាំងឡាយ ក៏ដូចជាការកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច សំដៅជំរុញផលិតភាព​ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ទី២. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ត្រូវសហការជាមួយក្រសួងពាណិជ្ជកម្ម សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេច- តេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល សម្រាប់លើកកម្ពស់សមត្ថភាពរបស់សហគ្រិន ធុរជន នវធុរជន និងសមត្ថភាពស្ថាប័នរបស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងភាពធន់​នៃធុរកិច្ច។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

(២) ជួបសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម បើនិយាយឲ្យទូលាយស្មើជួបក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចំណុចនេះ គឺជាចំណុចដែលគប្បីត្រូវយកចិត្តទុកដាក់ដោយស្ថាប័នរបស់រាជរដ្ឋាភិបាល។ យើងទាំងអស់គ្នានៅទីនេះកំពុងតែស្ថិតនៅជាអ្នកដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កន្លងទៅមានទស្សនៈមួយចំនួនបានលើកឡើងថា ពួកគេតាំងខ្លួនជាសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ប៉ុន្តែពួកគេមិនទាន់បានដឹងទេថា តើរាជរដ្ឋាភិបាលកំពុងធ្វើអ្វី? នោះគឺការផ្ដល់នូវលទ្ធភាពគ្រប់យ៉ាង ដើម្បីពង្រីកនូវសេដ្ឋកិច្ចគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឯង។ យន្តការមួយដែលបានដាក់ចេញ ហើយក្របខណ្ឌនៃការជួបគ្នាល្ងាចនេះគឺជាជំនួបរវាងរាជរដ្ឋាភិបាល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និយាយឲ្យទូលំទូលាយ ប៉ុន្តែយើងប្រើពាក្យសហគ្រាសធុនតូចនិងមធ្បម និងសិប្បកម្មតែប៉ុណ្ណោះ។ ចំណុចដែលខ្ញុំត្រូវលើកទឹកចិត្តតទៅទៀតនោះ ឱ្យខិតខំយកចិត្តទុកដាក់ជំរុញការកែច្នៃទៅលើផលិតផលដែលមានស្រាប់នៅក្នុងប្រទេសរបស់យើង ជាពិសេសសម្រាប់សិប្បកម្ម សហគ្រាសធុនតូចនិងមធ្បមដែលពាក់ព័ន្ធនិងការកែច្នៃចំណីអាហាររបស់កម្ពុជាតែម្ដង។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

ទី៣. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសិក្សាវាយតម្លៃសេចក្តីត្រូវការជំនាញ ដើម្បី អភិវឌ្ឍជំនាញស្របតាមតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាកង្វះជំនាញ ដែលសហគ្រាសធុនតូច និងមធ្យម បាន និងកំពុង ជួបប្រទះ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

(៣) នឹងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់យុវជនក្រីក្រ ១លាន ៥សែន នាក់ ដែលរដ្ឋាភិបាលជាអ្នកបង់ថ្លៃ

ចំណុចនេះជាចំណុចកាន់តែពិសេស ដែលសុំឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ពិភាក្សាជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចដែលខ្ញុំបានប្រកាសរួចហើយថា នៅពេលខាងមុខយើងនឹងផ្ដល់នូវការបណ្ដុះបណ្ដាលសម្រាប់យុវជនក្រីក្ររបស់យើង ១លាន ៥សែននាក់។ ដូច្នេះ ខ្ញុំគិតថាយើងក៏នៅទីនេះ មុខរបរនៅទីនេះនិងទទួលបាននូវចំណែកភាគច្រើននៃការបណ្ដុះបណ្ដាល ដែលខ្ញុំសង្ឃឹមថារៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីជំរុញផ្នែកនេះចូលទៅក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាល។ បើយោងទៅលើអ្វីដែលជាការគិតផ្ទាល់របស់ខ្ញុំ នៅក្នុងចំណោម១លាន ៥សែននាក់ ដែលត្រូវបណ្ដុះបណ្ដាលនៅពេលខាងមុខ គឺគ្របដណ្ដប់យកចេញពីវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនេះប្រមាណជា១លាននាក់ នេះគឺជាប៉ាន់ស្មានរបស់ខ្ញុំ ជំនាញនេះគឺជាជំនាញដែលយើងមានលទ្ធភាពអាចនឹងទទួលបាន។ ហើយខ្ញុំសូមបញ្ជាក់ថាជំនាញដែលត្រូវទៅរៀននេះមិនត្រូវបានបង់ថ្លៃនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលនិងបង់ថ្លៃជូនអ្នកដែលត្រូវទទួលការបណ្ដុះបណ្ដាល ដើម្បីឱ្យពួកគេទទួលបាននូវជំនាញ ហើយមិនអស់ប្រាក់កាក់ដើម្បីបង់ថ្លៃក្នុងការរៀនសម្រាប់ជំនាញនោះឡើយ។

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

ទី៤. ក្រសួងពាណិជ្ជកម្មត្រូវដឹកនាំសម្របសម្រួលបង្កើត ក្រុមការងារបច្ចេកទេសអន្ដរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយថ្លៃ នៃការធ្វើពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ កម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយ។

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ]

(៤) មួយផ្នែកជំរុញប្រជាជនកម្ពុជាប្រើផលិតផលក្នុងស្រុក, មួយទៀតជំរុញការនាំចេញនៅនឹងកន្លែងក្នុងទេសចរណ៍

ចំណុចនេះ គឺជាចំណុចក៏កាន់តែសំខាន់ផងដែរ ក្នុងហ្នឹងមាន២ផ្នែក។ មួយផ្នែកត្រូវខិតខំដើម្បីឱ្យប្រជាជនកម្ពុជាយើងប្រើប្រាស់នូវផលិតផលដែលផលិតបានក្នុងស្រុក ដែលកែច្នៃដោយសហគ្រាសធុនតូចនិងមធ្បម និងសិប្បកម្មរបស់យើង។ ឯមួយផ្នែកទៀតត្រូវនាំចេញនៅនឹងកន្លែងតាមរយៈវិស័យទេសចរណ៍។ ទេសចរបន្ទាប់ពីកូវីដ-១៩ កំពុងតែមានការកើនឡើងជាប្រចាំ បើយើងផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានទេសចរ តាមរយៈនៃផលិតផលដែលមានស្រាប់ ដូចជាគ្រាប់ស្វាយចន្ទីជាដើម មិនមានការចាំបាច់ណាដើម្បីនាំពីបរទេសមកផ្គត់ផ្គង់ឱ្យទេសចរក្នុងស្រុកនោះទេ។ ផលិតផលនានាដែលកើតចេញពីការកែច្នៃ និងការផលិតរបស់កសិកររបស់យើង ត្រូវនាំចូលទៅកាន់បណ្ដាសណ្ឋាគារដែលមានជនបរទេសស្នាក់នៅ ដែលយើងហៅថាការនាំចេញនៅនឹងកន្លែង។ ជាមួយគ្នានោះដែរ យើងមានទីផ្សារកាន់តែធំតាមរយៈកិច្ចព្រមព្រៀង RCEP, តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ និងតាមរយៈកិច្ចព្រមព្រៀងដែលទើបនឹងបញ្ចប់ការចរចាជាមួយអារ៉ាប់អេមីរ៉េត។ ប៉ុន្តែខ្ញុំក៏សូមឱ្យយកចិត្តទុកដាក់ផងដែរជាមួយនឹងទីផ្សារប្រទេសជិតខាងរបស់យើង ដូចជាវៀតណាម, ថៃ, ឡាវ ជាដើម ដែលនោះសុទ្ធតែជាទីផ្សារសម្រាប់ការនាំចេញ ប្រសិនបើការផលិតណាមួយមិនមានទីផ្សារនោះទេ យើងមិនអាចជំរុញការផលិតបន្ថែមពីសំណាក់កសិករនិងពីសិប្បកររបស់យើងនៅក្នុងក្របខណ្ឌសហគ្រាសធុនតូចនិងមធ្បម និងសិប្បកម្មនោះដែរ។ ដូច្នេះទីផ្សារនៅតែដើរតួនាទីសំខាន់ដើម្បីស្រូបបង្កើតនូវផលិតផលបន្ថែមនៅក្នុងប្រទេសរបស់យើង សម្រាប់បម្រើឱ្យសេចក្ដីត្រូវការក្នុងស្រុកផង និងសម្រាប់បម្រើឱ្យការនាំចេញផង។​

[បញ្ចប់សេចក្ដីអត្ថាធិប្បាយ]

ទី៥.គ្រប់ក្រសួង-ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ដើម្បី​ពន្លឿន​​​ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង-ស្ថាប័ន រៀងៗខ្លួន និងជំរុញ​ការបណ្តុះ​បណ្តាល​មន្ត្រីក្រោម​​ឱវាទឱ្យចេះ ​ប្រើ​ប្រាស់​បច្ចេកវិទ្យាឱ្យបានទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់​សេវា​សាធារណៈជូនធុរជន វិនិយោគិន និងប្រជាជន ទូទៅក៏ដូចជាការរួមចំណែកដល់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយ​រដ្ឋាភិបាលឌីជីថល។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបាននូវសិរីសួស្តី វិបុលសុខ និងជោគជ័យ តាមភារកិច្ចរៀងៗខ្លួននៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ខាងមុខនេះ សូមទទួលបាននូវពុទ្ធពរទាំង ៥ ប្រការអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។

សូមអរគុណ!

វីដេអូ៖ លិខិតមិត្តអ្នកអាន៖ «តើ លី សុធារ៉ាយុត្តិ បានលុយពីណា មកចិញ្ចឹមស្រី?

 

វីដេអូ៖ ទស្សនៈពលរដ្ឋ៖ «តើសន្តានអ្នកនយោបាយប្រឆាំង សុទ្ធតែស្មោកគ្រោកបែបនេះឬ»

 

ទស្សនៈមិត្តអ្នកអាន៖ «លី សុធារ៉ាយុត្តិ កំពុងដុតសន្លឹកឆ្នោតបក្សភ្លើងទៀន»

 ពិតជាគួរឲ្យសង្វេគជាពន់ពេកណាស់សម្រាប់គណបក្សភ្លើងទៀនដែលនៅបន្តប្រើមនុស្សធុន លី សុធារ៉ាយុត្តិ ឲ្យដើរឃោសនារកសំឡេងឆ្នោត។ មនុស្សដែលគេនិយាយដើមគ្រប់ទិសទី បន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទដ៏ស្មោគគ្រោកបែកធ្លាយពេញប្រទេសបែបនេះ គួរតែសម្ងំលាក់មុខដើម្បីគេចចេញពីក្តីអាម៉ាស់ ប៉ុន្តែបែរជានៅមានមុខជាអ្នកបណ្តុះបណ្តាលសកម្មជនទៀត។ 


គេឃើញ លី សុធារ៉ាយុត្តិ ចេញមុខក្នុងកម្មវិធីបណ្តុះ បណ្តាលពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំសង្កាត់នៅភូមិព្រៃសខាងលិច សង្កាត់ព្រៃស ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ទី ៨ ខែមេសា ឆ្នាំ ២០២៣។ ឃើញទិដ្ឋភាពបែបនេះ មហាជនទូទៅបានរឺតទ្រូងនិងសម្តែងនូវការហួសចិត្តដោយចោទជាសំណួរថា ធនធានមនុស្សរបស់បក្សភ្លើងទៀនប្រហែលជាអស់ត្រឹម លី សុធារ៉ាយុត្តិនេះហើយមើលទៅ។ មហាជនខ្លះទៀត ជាពិសេសអ្នកនៅតាមផ្សារ និងតុកាហ្វេក៍បានលាន់មាត់ថា ប្រើមនុស្សបែបនេះឲ្យដើរតួជាអ្នកបណ្តុះបណ្តាលពង្រឹងសមត្ថភាពសកម្មជននិងអ្នកគាំទ្រ តើគណបក្សភ្លើងទៀតរំពឹងចង់ បានលទ្ធផលបែបណា? បើគ្រូបណ្តុះបណ្តាលធុនហ្នឹងទៅហើយ តើសិក្ខាកាមទទួលបានអ្វីពីគ្រូ? 


នៅក្នុងវគ្គបណ្តុះបណ្តាលនេះ គេសង្កេតឃើញទិដ្ឋភាពដ៏គួរឲ្យអស់សំណើចជាច្រើន។ លី សុធារ៉ាយុត្តិ 

ដែលជាមេកើយ និងជាគ្រូ ខំតាំងចិត្តនិយាយធ្វើដូចជាគ្មានអ្វីកើតឡើង។ ប៉ុន្តែក្នុងចិត្តវិញ ក្តីអាម៉ាស់កំពុងដុតរោលយ៉ាងខ្លាំង ទោះជាខំសម្តែងយ៉ាងណា តែការនិយាភ្លេចមុខភ្លេចក្រោយដូចមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួន។  លោកគ្រូបោកខំនិយាយស្រែកឲ្យខ្លាំងៗដើម្បីបង្ហាញថា ខ្លួនជាឃោសនិកដ៏ល្អ ប៉ុន្តែនិយាយខុសមុខ ខុសក្រោយព្រោះតែអារម្មណ៍ច្របូកច្របល់ដោយម្យ៉ាងខ្មាស់សកម្មជន និងអ្នកគាំទ្ររបស់ខ្លួនដែលជាសិក្ខាកាមផង និងម្យ៉ាងទៀតខ្មាស់មហាជនដែលឃើញមុខព្រាននារីមុខស្រស់និងកំពូលបុរសមុខក្រាសនិងអាសអាភាស។ ហេតុដូច្នេះហើយបានជាការនិយាយ ស្តីចេះតែខុសនិងអារម្មណ៍ញ័រៗ។ 


ងាកទៅមើលសិក្ខាកាមដែលអង្គុយស្តាប់វិញ ! ពួកគេចេះតែលួចសម្លឹងមុខ លី សុធារ៉ាយុត្តិ ជាញយៗដោយអ្នកខ្លះខំទប់សំណើច។ សិក្ខាកាមមួយចំនួនចេះតែលួចខ្សឹបគ្នាហើយសើចញឹមៗដែលបង្ហាញនូវអាការៈនិយាយដើមនរណាម្នាក់។ នៅឯក្រៅបន្ទប់សិក្ខាសាលាឯ ណេះវិញ សកម្មជននិងអ្នកគាំទ្រគណបក្សនេះជាច្រើនកំពុង

ខឹងសម្បារយ៉ាងខ្លាំងចំពោះអំពើអសីលធម៌របស់ លី សុធារ៉ាយុត្តិ ផង និងចំពោះការមិនអើពើចាត់វិធានការអោយបានទាន់ពេលវេលាពីសំណាក់មេដឹកនាំបក្សភ្លើងទៀនផង។ ពួកគេខ្សឹបខ្សៀវគ្នាថា គួរឲ្យខ្មាសគេណាស់ដែលគណបក្សនៅបន្តប្រើធនធានមនុស្សបែប នេះខណៈដែលការ បោះឆ្នោតកាន់តែខិតចូលមកដល់។ នៅក្នុងហាងកាហ្វេមួយនាក្រុងតាខ្មៅ ខេត្តកណ្តាល សកម្មជននិងអ្នកគាំទ្របក្សភ្លើងទៀនមួយក្រុមនិយាយកំប្លែងបែបឈឺចាប់ថា យក លី សុធារ៉ាយុត្តិ ទៅធ្វើគ្រូបណ្តុះបណ្តាល បើមិនអស់សំឡេងគាំទ្រទើបចម្លែក។ 


កន្លងទៅ សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀនក្នុងខេត្តកណ្តាលក៏ដូចជាខេត្តផ្សេងៗជាច្រើនទៀតបានចលនាឲ្យដក លី សុធារ៉ាយុត្តិ ចេញពីតំណែងអគ្គលេខាធិការគណបក្ស។ ប៉ុន្តែ អ្នកដឹកនាំខ្លះនៅខាងលើមិនទាន់ហ៊ានអារកាត់វះសាច់មហារីកនេះចេញដែលធ្វើឲ្យសកម្មជនថ្នាក់មូលដ្ឋានខកចិត្តនិងខឹងសម្បារដោយ

អ្នកខ្លះបានមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញជាបន្តបន្ទាប់។


នៅពេលដែល លី សុធារ៉ាយុត្តិ និយាយពីការប្រឆាំងអំពើពុករលួយ សិក្ខាកាមនាំគ្នាសើចដាក់គ្នា ពីព្រោះពួកគេហួសចិត្តថា ទៅប្រឆាំងអំពើពុករលួយម្តេចកើតបើមេៗរបស់ខ្លួន រាប់ទាំងគ្រូដែលកំពុងតែនិយាយផង

សុទ្ធតែកំពូលអ្នក ប្រមូលស្រោមសំបុត្រនិងជាឈ្មួញនយោបាយ? នៅពេល លី សុធារ៉ាយុត្តិ និយាយថា សូមឲ្យបងប្អូនគោរពបទបញ្ជាផ្ទៃក្នុងរបស់គណបក្សឲ្យបានល្អដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ អ្នកស្តាប់បានលាន់មាត់និងសើចគ្រប់គ្នាពីព្រោះពួកគេហួសចិត្តហើយចោទជាសំណួរថា ធ្វើគំរូខាងលួចប្រពន្ធគេមិនរើសមុខដូចលោកអគ្គលេខាធិការឬ? នៅពេលដែល លី សុធារ៉ាយុត្តិ និយាយថា នឹងកសាងសង្គមមួយយុត្តិធម៌តាមរយៈតុលាការឯករាជ្យ សិក្ខាកាមអស់សំណើចជាថ្មីពីព្រោះបើតុលាការយុត្តិធម៌  អ្នកលួចប្រពន្ធគេត្រូវមានទោសតាមច្បាប់ឯកព័ន្ធភាព។ 


នៅពេល លី សុធារ៉ាយុត្តិ និយាយថា បក្សភ្លើងទៀននឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មហាជនរឹតតែអស់សំណើចទៅទៀតពីព្រោះថា ទៅជួយប្រជាពលរដ្ឋឲ្យមានជីវភាពធូរធាយ៉ាងដូចម្តេច បើទៅដល់ខេត្តណាមានប្រពន្ធចុងក្នុងខេត្តនោះ ហើយបើទៅដល់ឃុំណាមានស្រីស្នេហ៍នៅឃុំនោះ។ ផ្ទុយទៅវិញ បែបនេះគេ

ហៅថា ទៅបំផ្លាញប្រជាពលរដ្ឋទៅវិញទេ។


សរុបមកវិញ ស្ថានភាពនេះពិតជាសបញ្ជាក់ឲ្យឃើញថា លី សុធារ៉ាយុត្តិ មិនមែនកំពុងដើររកសន្លឹកឆ្នោតឲ្យបក្សភ្លើងទៀននោះទេ ប៉ុន្តែកំពុងដើរដុតសន្លឹកឆ្នោតបក្សភ្លើងទៀនទេតើ៕ 


ដោយ : អតីតសកម្មជនបក្សភ្លើងទៀន



ក្រសួងសុខាភិបាល អំពាវនាវឲ្យមានការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមេសានេះបានចេញប្រកាសព័ត៌មាន ដោយអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសាកលលោក។ បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦ ០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ។ ដូច្នេះកំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។



បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។ ចំណុចសំខាន់ៗ ដែលប៉ះពាល់ដល់សមត្ថភាពរាងកាយ របស់អ្នកក្នុងការធ្វើឱ្យខ្លួនអ្នកត្រជាក់ក្នុ ងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង គឺនៅពេលមានកំដៅខ្លាំងបណ្ដាលឱ្យអ្នកបែកញើសច្រើន នឹងមិនរំហួតលឿននោះទេ នេះមានន័យថា កំដៅរារាំងរាងកាយរបស់អ្នក ពីការបញ្ចេញកំដៅឱ្យបានលឿន តាមដែលវាត្រូវការ ហើយក៏មានកត្តាបុគ្គលផ្ទាល់ខ្លួនរួមផ្សំជាមួយដែរ គឺបុគ្គលដែលមានអាយុតិច និងមនុស្សចាស់ បុគ្គលដែលធាត់ គ្រុនក្តៅ ខ្សោះជាតិទឹក ជំងឺបេះដូង ជំងឺផ្លូវចិត្ត ឈាមរត់មិនល្អ ការរលាកស្បែក និង ការប្រើប្រាស់គ្រឿងស្រវឹង។

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជន ដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង សូមចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកំដៅក្ដៅខ្លាំងមានដូចជា៖ បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកំដៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ចង្អោរ និង/ឬក្អួត វិលមុខ និង/ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នកឲ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាពដែល អាចកើតមានជាយថា ហេតុបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងនេះ សូមអនុវត្តនូវវិធីសាស្ត្រសាមញ្ញាៗ រួមមាន៖

១៖ ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសារទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះតែទុកឱ្យត្រជាក់ (ចៀសវាងប្រើទឹកក្ដៅ) ឬទឹកច្រោះល្អឱ្យបានច្រើន និងញឹកញាប់លើសពី ២លីត្រក្នុងមួយថ្ងៃ បើទោះបីជាអ្នកមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាងការរាករូស និងជំងឺផ្សេងៗ ដោយរក្សាអនាម័យខ្លួនប្រាណស្អាត និងអនាម័យចំណីអាហារល្អផងដែរ។

២៖ ចៀសវាងការពិសាភេសជ្ជៈ ដែលបណ្ដាលឱ្យជាតិទឹក នៅក្នុងរាងកាយថយចុះ មានដូចជា៖ ពិសាគ្រឿងស្រវឹងឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។

៣៖ សូមកុំពិសាប្រៃ និងផ្អែម ដោយកាត់បន្ថយការទទួលទានជាតិអំបិល និងជាតិស្ករច្រើន។ ពិសារផ្លែឈើដែលសម្បូរជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។ ចៀសវាងអាហារដែលមានជាតិប្រូតេអ៊ីន ជាតិប្រៃ ជាតិស្ករ និងជាតិខ្លាញ់ខ្ពស់។

៤៖ ស្លៀកសម្លៀកបំពាក់ជួយការពារកំដៅ និងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យ ដូចជាស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស្រាល អាចប្រើឡេលាបស្បែកការពារកំដៅថ្ងៃជាជំនួយ និងពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រ ធ្វើជារបាំងការពារកម្ដៅថ្ងៃ ហើយឱស្សាហ៍ផ្លាស់ប្តូរសម្លៀកបំពាក់ ប្រសិនបើវាសើមខ្លាំង។

៥៖ ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយធ្វើឱ្យមានកំដៅឡើងបន្ថែម។

៦៖ ចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក (ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកំដៅព្រះអាទិត្យ) និងកាត់ បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងផ្ទះច្រើនពេក និងយូរពេក ដើម្បីកាត់បន្ថយកំដៅចូលក្នុងផ្ទះ។

៧៖ ប្រើកន្សែងសើមជូតមុខរបស់អ្នក ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនបើមានអារម្មណ៍ថា ក្ដៅខ្លាំងពេក។

៨៖ ងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវជៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀស វាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មកពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកំដៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។

៩៖ ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពខាងក្រៅផ្ទះ សម្រាប់ព្រឹកព្រលឹមបើអាចធ្វើបាន ឬ ពេលល្ងាចនៅពេលដែលសីតុណ្ហភាពក្ដៅ មានការថយចុះមកត្រជាក់ ចៀសវាងសកម្មភាពពេលថ្ងៃត្រង់ ឬនៅពេលព្រះ អាទិត្យក្តៅបំផុត។ ហាត់បន្សំខ្លួនជាបណ្តើរៗ សម្រាប់លក្ខខណ្ឌអាកាសធាតុក្ដៅ។

១០៖ ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការដោយសុវត្ថិភាព នៅក្នុងកំដៅដែលអាចទ្រាំទ្របាន ធ្វើការសន្សឹមៗ កុំប្រញាប់ប្រញាល់ ដែលមានការចំណាយកម្លាំងច្រើន ដោយគំហុកភ្លាមៗហើយក្តៅខ្លាំង។

១១៖ ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងដែលត្រជាក់ ឬម៉ាស៊ីនត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ ឬ ទីតាំងដែលត្រជាក់ តាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថា រាងកាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាច ទប់ទល់ចំពោះកំដៅក្នុងកម្រិតណាមួយ។

១២៖ ពឹងផ្អែកតែលើកង្ហារជាឧបករណ៍ ធ្វើឱ្យត្រជាក់ជាចម្បងរបស់លោកអ្នក អំឡុងពេលមានកំដៅខ្លាំង ត្រូវប្រើមធ្យោបាយផ្សេងៗ ដើម្បីបន្ថយកំដៅ។

១៣៖ កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ-វានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។

១៤៖ សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរងគ្រោះដោយសារ អាកាសធាតុក្តៅ រួមមាន មនុស្សវ័យចាស់អាយុចាប់ពី ៦៥ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការជំនួយយ៉ាងតិចណាស់ ២ដង ក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាស ធាតុក្តៅ សូមកុំទុកពួកគាត់ចោល ដោយមិនបានអើតមើលពួកគាត់។

១៥៖ ប្រសិនបើមានរោគសញ្ញាដូចជា៖ វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើរ ជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកំដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី២-៥នាទី ហើយពិសាទឹកត្រជាក់យឺតៗ កុំបន្តសកម្មភាពពីព្រោះអាចមានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាត នូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព ត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាល។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាព ឬសង្ស័យថាមានជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះ នៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕