ចេញផ្សាយថ្ងៃ: ( ២៥ - មិនា - ២០១៥ )
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
បានស្នើឲ្យសហរដ្ឋ អាមេរិក ជួយដល់កម្ពុជាឲ្យចប់ចុងចប់ដើម
លើកម្មវិធីគាំទ្រការអប់រំក្មេងស្រី ឲ្យបន្តការសិក្សា
រហូតដល់ថ្នាក់មហាវិទ្យាល័យ ដើម្បីក្មេងស្រីក្រីក្រនោះ អាចមានលទ្ធភាព
បន្តការសិក្សា នៅ ថ្នាក់ឧត្តមសិក្សា។ ការថ្លែងរបស់
សម្តេចតេជោនាយករដ្ឋមន្ត្រីពេលនេះ នៅក្រោយ៤ថ្ងៃ នៃដំណើរ ទស្សនកិច្ច
របស់លោកជំទាវទី១ សហរដ្ឋអាមេរិក មីសែល អូបាម៉ា មកកាន់ ព្រះរាជាណាចក្រ
កម្ពុជា។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តមជំនាន់ទី១៩
និងសញ្ញាបត្រគ្រូបង្រៀ ន កម្រិតមូលដ្ឋាន ឯកទេសភាសាបារាំង-ខ្មែរ
ជំនាន់ទី១៦ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី ២៥ មីនានេះ សម្តេចតេជោ
ហ៊ុន សែន បានស្នើសុំឲ្យសហរដ្ឋអាមេរិកពង្រីកកម្មវិធី ជួយ ក្មេង
ស្រីតាមរយៈគំរោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា ឬ Let Girls Learn ៤ឆ្នាំ
បន្ថែមទៀត
ដើម្បីបន្ថែមលទ្ធភាពក្មេងស្រីក្រីក្រទាំងនោះ
អាចបញ្ចប់ការសិក្សានៅថ្នាក់ឧត្តម តាមរយៈការ ពង្រីកវិសាលភាពពី ៦ឆ្នាំ
ឲ្យដល់១០ឆ្នាំ។
គម្រោង Let Girls Learn គឺជាគម្រោង ដែលត្រូវបានគាំទ្រ
ដោយស្ថានទូតអាមេរិកតាមរយៈ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍ USAID
ដោយជ្រើសរើសក្មេងស្រីក្រីក្រ និងជួយពួកគាត់ឲ្យបន្តសិក្សា
នៅថ្នាក់អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ ។
សម្តេចតេជោ បានគាំទ្រនូវយុទ្ធនាការ
លើការផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា រឺ Let Girls Learn
របស់សហរដ្ឋអាមេរិកដែលនឹងផ្តល់ឱកាសច្រើនដល់ស្រីក្រីក្រអាចបន្តសិក្សា
ប៉ុន្តែសម្តេចតេជោ បានបញ្ជាក់ថា
អាមេរិកបានទំលាក់ការទទួលខុសត្រូវទាំងស្រុងលើការសិក្សានៅ
ថ្នាក់មហាវិទ្យាល័យមកក្រសួងអប់រំទៅវិញ។ សម្តេច ទទូចឲ្យអាមេរិកធ្វើការងារនេះ
ឲ្យបាន ចប់ចុងចប់ដើម ជួយឲ្យដល់ថ្នាក់មហាវិទ្យាល័យ។
ទោះបីយ៉ាងណាក៍ដោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធិបណ្ឌិត
បានសំរេចប្រើប្រាស់កញ្ចប់ផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនក្មេងស្រីទាំង ១០
ដែលកំពុងសិក្សានៅវិទ្យាល័យបាគង ខេត្តសៀមរាប ដើម្បីបន្តការ
សិក្សានៅថ្នាក់ឧត្តម ដោយសម្តេចនឹងផ្តល់ថវិកា១៥០០ដុល្លារអាមេរិក
ក្នុងមួយឆ្នាំ ជាមួយនឹងការស្នាក់នៅអន្តេវេសិកដ្ឋាន
និងសំភារៈសិក្សាមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ថា នៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្មេងស្រី នៅវិទ្យាល័យហ៊ុន
សែន បា្រសាទបាគង នៅជាយក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
លោកជំទាវទី១ សហរដ្ឋអាមេរិក Micchelle Obama
បានអំពាវនាវឲ្យក្មេងស្រីកម្ពុជា បន្តការរៀនសូត្រក្នុងសាលា ដើម្បីជំរុញ
មានភាពស្មើគ្នា និងដើម្បីផ្តល់ឲ្យក្មេងស្រីទទួលបានសំលេងមួយនៅក្នុង
សហគមន៍ នៅក្នុងប្រទេស។ លោកជំទាវទី១ សហរដ្ឋអាមេរិក បានអះអាងថា
នៅទូទាំងពិភពលោកមានស្ត្រីប្រមាណ៦២លាននាក់មិនបានទទួលការសិក្សា
ដោយសារមូលហេតុសេដ្ឋកិច្ចនិងវប្បធម៌។
តាមការវាយតំលៃរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា
អត្រាក្មេងស្រី
និងក្មេងប្រុសចូលរៀននៅថ្នាក់បឋមសិក្សាមានកំរិតប្រហាក់ប្រហែលគ្នា
ប៉ុន្តែអត្រាចូលរៀនរបស់ក្មេងស្រីនៅថ្នាក់អនុវិទ្យាល័យ
និងវិទ្យាល័យមានចំនួនទាបជាងក្មេងប្រុស រហូតដល់ថ្នាក់ឧត្តមទៀតសោត
ក៍កាន់តែមានចំនួនតិចតួច ទាំងនោះដោយសារកត្តាសេដ្ឋកិច្ច កត្តាគ្រួសារ
និងកត្តាវប្បធម៌ជាដើមជាឧបសគ្គដ៍ធំ៕