Tuesday, January 03, 2023

វិភាគអន្តរជាតិ៖ តើនរណាជាសម្ព័ន្ធមិត្តពិតប្រាកដ របស់​សហ​​រដ្ឋអាមេរិក?


(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានសម្ព័ន្ធមិត្តជាច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែ ដោយសារតែមានសម្ព័ន្ធមិត្តច្រើន ទីក្រុងវ៉ាស៊ីនតោនក៏មានបញ្ហាស្មុគស្មាញច្រើនដូចគ្នាដែរ នៅក្នុងការរក្សា សម្ព័ន្ធភាពជាអចិន្ត្រៃយ៍។ សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាមានសម្ព័ន្ធមិត្តប្រហែលជា ១ភាគ៤ នៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ហើយសម្ព័ន្ធមិត្តនីមួយៗទទួលបានការយក ចិត្តទុកដាក់ផ្សេងៗគ្នាពីទីក្រុងវ៉ាស៊ីនតោន អាស្រ័យទៅលើសន្ធិសញ្ញាសម្ព័ន្ធមិត្ត និងផលប្រយោជន៍ផ្សាភ្ជាប់គ្នា។ នៅត្រង់នេះ ក្នុងវចនានុក្រមរបស់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តត្រូវបានបែកចែក ជា២ នោះគឺ «សម្ព័ន្ធមិត្តពិតប្រាកដ» និង «សម្ព័ន្ធមិត្តដែលមិនមានការការពារសមូហភាព» ឬ «collective defence»។

* តើនរណាជា «សម្ព័ន្ធមិត្តពិតប្រាកដ និងសម្ព័ន្ធមិត្តដែលមិនមានការការពារសមូហភាព» របស់សហរដ្ឋអាមេរិក?
សហរដ្ឋអាមេរិក បានចុះហត្ថលេខា និងផ្ដល់សច្ចាប័នលើសិទ្ធិសញ្ញាយោធាចំនួន៧ ដែលត្រូវបានអនុវត្តមកទល់នឹងសព្វថ្ងៃ។ ក្នុងនោះរួមមានសន្ធិសញ្ញា Rio Treaty (ឆ្នាំ១៩៤៧), NATO (ឆ្នាំ១៩៤៩), សន្ធិសញ្ញាយោធាទ្វេភាគីជាមួយអូស្ត្រាលី និងនូវែលសេឡង់ (ឆ្នាំ១៩៥១), ជាមួយហ្វីលីពីន (ឆ្នាំ១៩៥១), កូរ៉េខាងត្បូង (ឆ្នាំ១៩៥៣) និងជប៉ុន (ឆ្នាំ១៩៦០)។ នៅក្នុងចំណោម សន្ធិសញ្ញាទាំងអស់នេះ សន្ធិសញ្ញា Rio Treaty គឺមានភាពទន់ខ្សោយជាងគេ ប៉ុន្តែទោះជាបែបនេះក្ដីប្រទេសនៅក្រោមសន្ធិសញ្ញាទាំងនេះគឺជាសម្ព័ន្ធមិត្តផ្លូវការរបស់សហរដ្ឋអាមេរិក ដែល មានកាតព្វកិច្ចការពារប្រទេសជាង៥១ និងមានប្រជាជនច្រើនជាង ១.៤ពាន់លាននាក់។

ពាក្យថាសម្ព័ន្ធមិត្តដែលមិនមានការការពារសមូហភាព គឺចង់សំដៅទៅលើបណ្ដាប្រទេសដែលសហរដ្ឋអាមេរិក មិនបានសន្យា ឬក៏ប្ដេជ្ញាចិត្តថានឹងការពារនោះទេ ប៉ុន្តែពួកគេអាចទទួលបានជំនួយ យោធា និងនយោបាយ ក្នុងកម្រិតណាមួយពីសហរដ្ឋអាមេរិក ហើយដែលនេះមើលទៅហាក់ដូចជាសហរដ្ឋអាមេរិកឈរនៅខាងពួកគេដើម្បីប្រឆាំងនឹងសត្រូវរបស់ពួកគេ។ សម្ព័ន្ធមិត្តបែបនេះ ត្រូវបានគេហៅជាទូទៅថា «ជាសម្ព័ន្ធមិត្តមែនជាសមាជិក NATO) ឬហៅកាត់ថា MNNA ពោលគឺមានន័យថាប្រទេសទាំងនោះអាចទទួលជំនួយយោធា និងសេដ្ឋកិច្ច ប៉ុន្តែមិនទទួលបាន ការប្ដេជ្ញាចិត្តការពារផ្នែកសន្តិសុខពីទីក្រុងវ៉ាស៊ីនតោននោះឡើយ។

បណ្ដាប្រទេស MNNA អាចទទួលបានការគំាទ្រជាពិសេសដូចជា៖ អាចទិញអាវុធ អាចទទួលកម្ចីសម្រាប់គម្រោងស្រាវជ្រាវរួមគ្នាជាមួយសហរដ្ឋអាមេរិក មានសិទ្ធិដំឡើង ឬស្ដុកអាវុធរបស់ យោធាអាមេរិកជាដើម។ ប្រទេស MNNA មានដូចជា បារ៉ែន អេហ្ស៉ីប អ៉ីស្រាអែល ហ្ស៊កដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ាក់ ម៉ារ៉ុក ប៉ាគីស្ថាន កាតា កោះតៃវ៉ាន់ ថៃ និងទុយនីស៉ី។

ជាឧទាហរណ៍ នៅក្រោមគោលនយោបាយអាមេរិក តៃវ៉ាន់ជាសម្ព័ន្ធមិត្តដែលមិនមានការការពារសមូហភាព។ តៃវ៉ាន់ធ្លាប់ជាសម្ព័ន្ធមិត្តពិតប្រាកដរបស់សហរដ្ឋអាមេរិកដែរ តែនៅឆ្នាំ១៩៧៩ ទីក្រុងវ៉ាស៊ីនតោន បានផ្ដាច់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ដើម្បីងាកទៅភ្ជាប់ទំនាក់ទំនងការទូតជាមួយចិនវិញ ហើយចាប់តាំងពេលនោះមកដែរ រដ្ឋបាលអាមេរិកបានប្រកាន់យកយុទ្ធសាស្ត្រ មិនច្បាស់លាស់ ឬ «strategic ambiguity» ដោយមិនបានប្ដេជ្ញាចូលជួយតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីចិននោះទេ។ តែក្នុងឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានអនុម័តទំនាក់ទំនង តៃវ៉ាន់ ឬ «Taiwan Relations Act» ដែលអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនអាចលក់អាវុធឱ្យតៃវ៉ាន់ ដើម្បីការពារខ្លួនឯង។ យ៉ាងណាក៏ដោយ នៅក្រោមហេតុផលភូមិសាស្ត្រនយោបាយមួយចំនួន ក្រុមអ្នកជំនាញភាគច្រើនជឿថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ប្រសិនបើសង្រ្គាមនៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើង។

ដូចគ្នាទៅនឹងតៃវ៉ាន់ដែរ អ៉ីស្រាអែលមិនបានទទួលការប្ដេជ្ញាចិត្តការពារពីសហរដ្ឋអាមេរិកឡើយ តែអ៉ីស្រាអែល និងតៃវ៉ាន់សុទ្ធតែត្រូវបានមើលថែជាពិសេស ហើយអាមេរិកអាចនឹងធ្វើអន្តរាគមន៍ យោធាការពារពួកគេពីការវាយប្រហារ ឬពីសម្ពាធនយោបាយ។ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធា ៣ពាន់លានដុល្លារក្នុងមួយឆ្នាំឱ្យអ៉ីស្រាអែល ព្រមទាំងការគាំទ្រការខាងការទូតដោយប្រើ សិទ្ធិវេតូនៅ UN ការពារអ៉ីស្រាអែលពីការថ្កោលទោស និងការដាក់ទណ្ឌកម្ម។ ដោយឡែក អ៊ុយក្រែន ក៏មិនមែនជាសម្ព័ន្ធមិត្តផ្លូវការរបស់សហរដ្ឋអាមេរិកនោះដែរ តែទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ ជំនួយរាប់ពាន់លានដុល្លារដើម្បីជួយទីក្រុងកៀវប្រយុទ្ធតតំាងជាមួយរុស្ស៉ី បើទោះជាប្រកាសមិនធ្វើ អន្តរាគមន៍យោធាដោយផ្ទាល់ក៏ដោយ។ នេះក៏ដោយសារតែជួយអ៊ុយក្រែនដូចជាអាមេរិក ជួយខ្លួនឯងដែរ ព្រោះថាបើរុស្ស៉ីទទួលបានជ័យជម្នះ ឬគ្រប់គ្រងអ៊ុយក្រែនទាំងស្រុង នោះអាចនឹងបង្កឱ្យមានការរង្គោះរង្គើរនៅក្នុងបក្សសម្ព័ន្ធយោធា NATO ពាក់ព័ន្ធនឹងការប្ដេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសដែលខ្លួនចាត់ទុកជាសម្ព័ន្ធមិត្ត។

គួរបញ្ជាក់ថា និយមន័យនៃសម្ព័ន្ធមិត្តដែលមិនមានការការពារសមូហភាព បាន និងកំពុងបង្កឱ្យមានការយល់ច្រឡំលើនិយមន័យនៃសម្ព័ន្ធមិត្តពិតប្រាកដ ព្រោះថាមានសម្ព័ន្ធមិត្តមួយចំនួន ត្រូវបានគេជឿជាក់ថាអាចនឹងទទួលបានការការពារពីទីក្រុងវ៉ាស៊ីនតោន បើទោះជាមិនមានការប្ដេជ្ញាចិត្តដែលត្រូវបានចងនៅក្រោមសន្ធិសញ្ញាក៏ដោយ។ បើតាមក្រុមអ្នកជំនាញ ស្ថានភាពទូទៅ ឬឋានៈមិនច្បាស់លាស់នៃប្រទេសជាសម្ព័ន្ធមិត្តបែបនេះអាចបង្កគ្រោះថ្នាក់ទំាំងដល់ពួកគេខ្លួនឯង និងសហរដ្ឋអាមេរិក។ ដ្បិតដោយសារឋានៈមិនច្បាស់លាស់ ពួកគេអាចនឹងធ្វេសប្រហែស ចំពោះការវាយតម្លៃលើហានិភ័យដោយអាងថាសហរដ្ឋអាមេរិកនឹងការពារ ឬលូកដៃជួយពួកគេដោយផ្ទាល់នៅក្នុងសង្រ្គាម ឬចលាចលណាមួយផ្ទុះឡើង ហើយវាក៏ប៉ះពាល់ដល់ការពង្រឹង វិស័យការពារជាតិដោយខ្លួនឯងផងដែរ៕