Thursday, April 08, 2021

អាជ្ញាធរជាតិអប្សរាកំពុងធ្វើកំណាយ សិក្សាពីលទ្ធភាពស្ដារនិងលើកតម្លៃត្រពាំងសេសឡើងវិញ

 សៀមរាប៖ ត្រពាំងសេសដែលស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែរូបរាងបន្ដិចៗម្ដង ក្រោយពេលដែលអាជ្ញាធរជាតិអប្សរា សម្របសម្រួលឲ្យមានការផ្លាស់ទីតូបលក់ដូរ ចេញពីបរិវេណត្រពាំងនេះ នៅចុងឆ្នាំ២០២០។ បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ និងកែលម្អត្រពាំងសេស កំពុងដំណើរការ ហើយអ្នកបុរាណវិទ្យាកំពុងធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាពីលទ្ធភាពបន្ថែមទៀតក្នុងការស្ដារ និងលើកតម្លៃត្រពាំងបុរាណនេះឡើងវិញ។

លោក ធឿន សុខុន មន្រ្តីបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឲ្យដឹងថា ក្រុមការងារកំណាយរបស់លោក បានរកឃើញសណ្ឋាននៃទំនប់ត្រពាំងសេស ដូចជាមានស្រទាប់ច្រើនថ្នាក់ដែលរៀបចំក្នុងរចនាសម្ពន្ធរបស់ទំនប់។ ក្រុមការងាររបស់លោក សុខុន បានបើករណ្ដៅកំណាយចំនួន១១ទីតាំង និងបានប្រទះឃើញកុលាលភាជន៍មួយចំនួន ក៏ដូចជាបានឃើញនូវរចនាសម្ពន្ធទំនប់ជុំវិញត្រពាំងកាន់តែច្បាស់។ លោករៀបរាប់ថា ទំនប់នេះត្រូវបានគេលើកដីព័ទ្ធជុំវិញ បន្ទាប់មកយកដីឥដ្ឋចេញ រួចចាក់ដីខ្សាច់លាយគ្រួសបាយក្រៀម បន្ទាប់មកប្រើដីឥដ្ឋជាស្នួលដើម្បីឲ្យទំនប់នៅយូរអង្វែង ហើយក្រោយមកទៀតប្រើខ្សាច់មួយស្រទាប់ និងបុកបង្ហាប់ដោយប្រើកម្ទេចកថ្មបាយកក្រៀមលាយដីឥដ្ឋ។

តាមការបញ្ជាក់របស់លោក ធឿន សុខុន អាជ្ញាធរជាតិអប្សរាមានគម្រោងស្ដារត្រពាំងសេសឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីស្ដុកទឹកបានច្រើនជាងពេលមុន ទុកជាប្រយោជន៍ទាំងការងារអភិរក្សប្រាសាទ និងប្រយោជន៍ប្រជាពលរដ្ឋជុំវិញតំបន់។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និយាយថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំដាំស្មៅ និងដើមឈើជាបណ្ដើរៗជុំវិញត្រពាំងសេសនេះ ដែលតាមគម្រោងគឺរៀបចំលើផ្ទៃដីសរុបជាង៣ម៉ឺនម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ ការងារបានដំណើរការបានប្រមាណ៤០ភាគរយហើយ។

គម្រោងដែលចាប់ផ្តើមពីដើមខែ កុម្ភៈមកនេះ រៀងយឺតយ៉ាវបន្ដិច ដ្បិតថាការងារនៅជុំវិញត្រពាំងសេសដែលជាអតីតតូបលក់ដូរ និងធ្លាប់មានរថយន្តបើកបរបណ្ដាលឲ្យដីរឹង មានថ្មច្រើន ធ្វើឲ្យក្រុមការងាររៀបចំសួនត្រូវប្រើពេលយូរ និងលំបាកក្នុងការធ្វើដី។ លោក ជូ រ៉ាឌីណា បន្ថែមថា មួយវិញទៀតបរិវេណត្រពាំងសេសជាបុរាណដ្ឋាន ដែលត្រូវធ្វើកំណាយសិក្សាជាមុន ទើបអាចរៀបចំអ្វីផ្សេងៗបាន ដូច្នេះក្រុមការងាររបស់លោកនឹងពន្លឿនការងាររៀបចំសួន ក្រោយពេលក្រុមបុរាណវិទូសិក្សារួច។

គួរបន្ថែមថា ក្នុងផែនការការងារឆ្នាំ២០២១នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ គ្រោងរៀបចំនិងកែលម្អបរិស្ថាននៅតំបន់មួយចំនួនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលក្នុងនោះរួមមាន នៅប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល ច្រកសំពៅលូន ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយក្ដី ប្រាសាទបាគង និងទីតាំងមួយចំនួនទៀត ក្នុងន័យលើកតម្លៃបរិស្ថាន សោភ័ណភាពក្នុងតំបន់ប្រាសាទឲ្យកាន់តែល្អប្រសើរ៕






លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំ ផ្តោតទៅលើរបៀបវារៈស្តីពីវិធានការបង្កា ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

 ព្រះសីហនុ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖

១.ការអនុវត្តសេចក្រីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
២.ការត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមលំនៅដ្ឋាន
៣.ការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន
៤.ពិនិត្យបញ្ជីឈ្មោះអ្នកដែលបញ្ចាក់នឹងមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
៥.ពិនិត្យបញ្ជីឈ្មោះមន្ត្រីរាជការតាមមន្ទីរ-អង្គភាព នូវចំនួនអ្នកបានចាក់ ចំនួនអ្នកមិនត្រូវបានអនុញ្ញាតឱ្យចាក់ និងចំនួនអ្នកមិនព្រមទៅចាក់ការពារកូវីដ-១៩។

ក្នុងពិធីនោះ ក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាផងដែរ៕




អភិបាលរងខេត្តក្រចេះ ចុះត្រួតពិនិត្យក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

 ក្រចេះ ÷ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោក គង់ គឹមនី អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត បានចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្តទាំង២(ក្រចេះ-មេមត់ និងក្រចេះ-កែវសីម៉ា) ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៤សណន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក គង់ គឹមនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះ លោកបានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ចដែលបានឈរជើងនៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។

លោកអភិបាលរងខេត្ត បានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាលបានគិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូនក្នុងគ្រួសារ និងសង្គមជាតិ ហើយចំពោះអ្នកចំណូលស្រុកត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌលចត្តាឡីស័ក អោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ (៣ការពារ ៣កុំ) របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។

ក្នុងឱកាសនោះ លោកក៏បាននាំយកសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន ÷ អង្ករ អាល់កុល ម៉ាស់ និងថវិកាចំនួន១លានរៀលក្នុង១គោលដៅ៕





លោក ម៉ៅ ធនិន ចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង

 ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

លោកអភិបាលខេត្ត ក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ១០កេសធំ, មី១០កេសតូច, ទឹកត្រី២យួរ, ទឹកស៉ីអ៉ីវ២យួរ, ត្រីខ៥ឡូតិ៍, សាប៑ូលាងដៃ២ដប, ម៉ាស់២ប្រអប់ និងឧបត្ថម្ភម្ហូបដល់កម្លាំង៦នាក់ ក្នុងមួយគោលដៅ ដោយម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល៕





លោក អ៊ុំ រាត្រី ចុះត្រួតពិនិត្យគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ

 បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ខេត្តបាត់ដំបង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹងការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

នៅក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ នៅចំពោះមុខកងកម្លាំងគ្រប់គោលដៅ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់នូវគោលបំណង នៃបទបញ្ជាដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត ក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ីវ៥យួរ, ត្រីខ១កេស
និងឧបត្ថម្ភម្ហូបដល់កម្លាំង ក្នុងមួយគោលដៅ ថវិកា ៨០ មឺនរៀល។

គោលដៅ ដែលខេត្ត បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៧សំខាន់ៗរួមមាន៖
១- ស្រុកមង្គលបូរី០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
២- ស្រុកម៉ាឡៃ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
៣- ព្រះនេត្រព្រះ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀមរាប
៤- ស្រុកភ្នំស្រុក០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀម និងឧត្តរមានជ័យ
៥-ស្រុកថ្មពួក ០២ គោលដៅ ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ

សូមបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងគ្រាដែលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីកសាយភាយទៅកាន់ខេត្តជាច្រើន ដែលតម្រូវឱ្យមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមក ពីខេត្តមួយទៅខេត្តមួយ៕





រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យបើកដំណើរការផ្សារពង្រឡើងវិញ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ផ្សារពង្រដែលស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យបើក ដំណើរការឡើងវិញ។

សូមអានសេចក្តីសម្រេចដូចខាងក្រោម៖





ពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន

 ស្វាយរៀង៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ នៃសាលាខេត្ត លោក ម៉ែន វិបុល អភិបាល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងចាត់តាំងការអនុវត្តសេចក្ដីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួនពាក់ព័ន្ធនឹងការពង្រឹងសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក៏ដូចជាការរិតត្បិតការប្រមូលផ្តុំមនុស្សនៅក្នុងមូលដ្ឋាន សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ រួមនឹងការពង្រឹងគោលដៅដែលបានរៀបចំនៅតាមព្រំប្រទល់ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដើម្បីទប់ស្កាត់ការធ្វើដំណើរឆ្លងទៅឆ្លងមកផ្ទុយពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។

នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនា និងលោកប្រធានមន្ទីរទេសចរណ៍ខេត្ត៕





លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អនុញ្ញាតឲ្យលោកស្រីឯកអគ្គរាជទូតសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យ លោកស្រី តាវ ឡាយចេង (Teo Laycheng) ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី កាន់តែប្រសើរឡើង នៅបន្ទប់សវនាការ អាគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី នាទីក្រុងភ្នំពេញ។

ក្នុងជំនួបនាឱកាសនោះ លោក ទៀ បាញ់ ក្នុងនាមឲ្យប្រមុខរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅរីករាយបំផុតចំពោះវត្តមាន លោកស្រី តាវ ឡាយចេង (Teo Laycheng) ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ប្រចាំនៅកម្ពុជា ដោយលោកបានវាយតំលៃខ្ពស់ ចំពោះលទ្ធផលការងាររបស់លោកស្រី ដែលបានធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៍ល្អ ជាមួយរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងអាណត្តិការទូតរបស់លោកជំទាវ នៅកម្ពុជា។

លោក ទៀ បាញ់ សង្ឃឹមយ៉ាងមុតមាំថា ឯកអគ្គរាជទូតថ្មី និងបន្តធ្វើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី កាន់តែល្អប្រសើរថែមទៀត នៅក្នុងអាណត្តិថ្មីនេះ។

លោកស្រី Teo Laycheng ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ទៀ បាញ់ និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានផ្ដល់នៅពេលវេលាអនុញ្ញាតឲ្យលោកជំទាវបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ពាក់ព័ន្ធដល់បញ្ហាជំងឺកូវីដ១៩ នៅកម្ពុជា លោកស្រី Teo Laycheng បានពិនិត្យឃើញថា កងទ័ពកម្ពុជា បានធ្វើការងារយ៉ាងមមាញឹក ជាមួយនឹងរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយសេចក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

សូមអានសារលិខិតដូចខាងក្រោម៖











រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ក្នុងផ្សារអូរឫស្សី ក្រោយរកឃើញមានអ្នកឆ្លងជាង១០០នាក់

 លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី។ នេះបើតាមសេចក្ដីណែនាំដែលទទួលបាន។

ក្នុងសេចក្ដីណែនាំថ្មីបន្ថែមនេះបានបញ្ជាក់ថា ក្រោយការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននេះជាពិសេស ក្នុងចំណោមអាជីវករ សន្តិសុខ និងបុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់សរុបត្រឹមរយៈពេល៤ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង១០០នាក់។

ចំពោះមុខដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដូចខាងក្រោម៖

*ទី១៖ ដើម្បីចៀសវាងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន សូមបងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញ ទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្ទះ ឬបន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល១៤ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬបន្ទប់ ឬទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

*ទី២៖ ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ

*ទី៣៖ ចំពោះប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាង ជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារអូរឫស្សី ក្នុងកាលៈទេសៈនេះដាច់ខាត គឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។

ក្នុងករណីពិនិត្យឃើញថា មានបុគ្គលណាមួយ មិនព្រមអនុវត្ត ឬអនុវត្តមិនបានពេញលេញ តាមវិធានចត្តាឡីស័ក សូមបងប្អូនប្រជាពលរដ្ឋ ធ្វើការណែនាំ និងរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនងទៅកាន់លេខ ១២៩៩ ហើយរដ្ឋបាលរាជធានីភ្នំពេញ ធានារក្សាការសម្ងាត់ជូនដើម្បីឲ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ បានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ។

*ទី៤៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយជំរុញឲ្យពួកគាត់ ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រង ឃ្លាំមើលណែនាំ និងមានចំណាត់ការឲ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់ពិតជា បានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣០២៨នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៤៩៦នាក់, អ្នកជាសះស្បើយចំនួន ១៩១៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៨៥នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕




ក្រសួងសុខាភិបាល បង្ហាញពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានផ្លូវការបង្ហាញពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ទៀត។ ក្នុងនោះម្នាក់អាយុ ៦៨ឆ្នាំ និងម្នាក់ទៀត អាយុ ៤៩ឆ្នាំ។ មកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ចំនួន ២៤នាក់ហើយ ដែលស្លាប់ដោយសារជំងឺកូវីដ១៩។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមការផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ដែលរស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត និងបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៥៥នាទីព្រឹក។

*ករណីបុរសជនជាតិខ្មែរ ដែលមានអាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០១៖៣០នាទីរំលងអាធ្រាត ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១៖៤០នាទីរំលងអាធ្រាត។

*ករណីបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ អ្នកជំងឺត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាលតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តជំងឺពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៥៥នាទី អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖

*ករណីបុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩។

*ករណីបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕



(វីដេអូ)៖ ត្រូវរួមគ្នាទៅទទួលវ៉ាកសាំងប្រឆាំងកូវីដ-១៩ តាមការកំណត់របស់រាជរដ្ឋាភិបាលផង រួមគ្នាបន្តអនុវត្ត ៣ការពារ និងបីកុំផង ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង

 


ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះពិនិត្យតំបន់ត្រួតពិនិត្យ រវាងព្រំប្រទល់ខេត្តនីមួយៗ

 កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់មិនឱ្យមានការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ឱ្យមានប្រសិទ្ធភាពខ្ពស់នោះ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១នេះ លោក សាន់ យូ អភិបាលរងខេត្ត លោកឧត្ត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពង់ឆ្នាំង ចុះពិនិត្យ នៅតំបន់ត្រួតពិនិត្យ រវាងព្រំប្រទល់ខេត្តនីមួយៗជាប់នឹងខេត្តកំពង់ឆ្នាំង ជាប់នឹងព្រំប្រទល់ជាមួយនឹងខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ និងបានឧបត្ថម្ភ សម្ភារ និងថវិកាដល់គោលដៅប្រចាំការ។

គូសបញ្ជាក់ជូនផងដែរថា សេចក្តីសម្រេច នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន នេះគឺមានរយៈ ពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ហើយរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសត្រូវបិទជាបណ្តោះអាសន្ន។

ចំពោះករណីហាមឃាត់នេះ ក៏មានករណីលើកលែង ចំពោះករណីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្ត្រីរាជការក្នុងការបំពេញការងារ (ឯកសារបញ្ជាក់) ការធ្វើដំណើររបស់កម្លាំង​ប្រដាប់អាវុធរថយន្តសង្គ្រោះបន្ទាន់, រតយន្តពន្លត់អគ្គីភ័យ, រតយន្តប្រមូលកាកសំណល់ ការដឹកជញ្ជូនពលករទៅកាន់រោងចក្រ ករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរ ៕