Wednesday, January 27, 2021

លោក អ៊ុ រាត្រី​ ជំរុញឱ្យមន្ត្រីក្រោមឱវាទបន្តខិតខំដោះស្រាយ​បញ្ហាប្រឈមនានា​ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​

 បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក ដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលាស្រុកថ្មពួក នោះធ្វើការដោះស្រាយហើយបញ្ហាដែលនៅសេសសល់ និងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។

នៅក្នុងវេទិកាសាធាណៈនេះ ត្រូវបានតំណាងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក បានលើកឡើងឱ្យរាជរដ្ឋាភិបាលអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធបន្តជួយដោះស្រាយ មានចំនួន៥៧ សំណូមពរ បញ្ហា គឺបញ្ហាក្តីព្រួយបារម្ភលើកង្វះទឹកធ្វើស្រែប្រាំង ការជួស ជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន ប្រព័ន្ធធារាសាស្រ្ត និងមានបញ្ហាប្រឈមលើ ការអភិវឌ្ឍមូលដ្ឋានមួយចំនួនទៀតដែលតម្រូវឱ្យជួយដោះស្រាយជាបន្ទាន់។

នៅក្នុងឱកាសនោះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ ប្រជាពលរដ្ឋ ទាំងប្រុសទាំងស្រីក្នុងកិច្ចដំណើរការរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្តទៀតថា ការបើកវេទិកានេះឡើងបានផ្តល់ឱកាសក្នុង ការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាល ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ ប្រកបដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរឡើង ម្យ៉ាង ទៀតក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះ ប្រជាពលរដ្ឋ និងសង្គមជាតិទៀតផង ហើយមានគោលបំណងសំខាន់លើគោលនយោបាយ ការកែលម្អនូវប្រព័ន្ធអភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកិច្ច នៅតាម មូលដ្ឋានដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស៕





អភិបាលខេត្តកែប ប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

 កែប៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានប្រកាសកាត់ប្រាក់បៀវត្សរយៈពេល ៧ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ការប្រកាសបរិច្ចាគនេះធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់ប្រាក់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា ៕




ពិធីបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់តាមរយៈប្រព័ន្ធonline (Zoom Platform)

 ស្វាយរៀង៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ (ខ) នៃសាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងលោក រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត និងលោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់ តាមរយៈប្រព័ន្ធonline (Zoom Platform) ដែលសហការរៀបចំដោយក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាល ជាសេនាធិការ ។

សូមបញ្ជាក់ថា ពិធីបើកសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យសិក្ខាកាមជាថ្នាក់ដឹកនាំមានលទ្ធភាពកាន់តែប្រសើរក្នុងការដឹកនាំមន្ត្រី និងអង្គភាព នៅក្នុងបរិការដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននេះ ជាពិសេសក្នុងការកសាងរដ្ឋឆ្លាតវៃ ការបង្កើត Ecosystem សម្រាប់សេដ្ឋកិច្ចឌីជីថល ការកសាងសង្គមប្រកបដោយបរិយាប័ន្នបែបឌីជីថល និងការជំរុញនូវនវានុវត្តន៍ក្នុងវិស័យសាធារណៈ ៕







មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្ត

ក្រោមការអញ្ជើញដឹកនាំកិច្ចប្រជុំដោយ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ មន្រ្តីជំនាញ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរចូលរួមផងដែរ។

កិច្ចប្រជុំបានផ្តោតទៅលើរបៀបវារៈរួមមាន៖
– បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តការងារខែបន្ត
– ផ្សព្វផ្សាយផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
– ផ្សព្វផ្សាយផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
– ផ្សព្វផ្សាយវិធានការបង្ការការពារជម្ងឺឆ្លងកូវីដ១៩
– ពិភាក្សាបញ្ហាប្រឈម និងការងារចាំបាច់មួយចំនួន៕





លោក ជុំ ហាត​ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២០​ ឆ្នាំទី២ ​អាណត្តិទី៣​ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង​

 ស្វាយរៀង៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឯក សុវណ្ណភារៈ តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរព័ត៌មានខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈនៃកិច្ចប្រជុំនេះមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩
២-ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
៣-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៤-ស្តាប់របាយការណ៍ប្រចាំមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១របស់គណៈកម្មាធិការលទ្ធកម្មខេត្ត ។
៥-ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្ត
៦-ពិនិត្យ និងអនុម័ត បោះឆ្នោតលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត ចំនួន០១រូប
៧-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១)៕






មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្ពុជា នឹងមានវ៉ាក់សាំងកូវីដ១៩ ចំនួន ២០លានដូស, ១១លានដូសជាជំនួយ

 មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លោក វង្ស៉ី វិស្សុត បានថ្លែងឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។

នៅក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោក វង្ស៉ី វិស្សុត បានអះអាងថា ប្រភពវ៉ាក់សាំងដំណាក់កាលដំបូងនេះ តាមយន្តការកូវ៉ាក់ ៧លានដូស, ១លានដូសជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី។

ដោយឡែក ៩លានដូសទៀត បើតាមលោក វង្ស៉ី វិស្សុត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧លានដុល្លារ។

លោក វង្ស៉ី វិស្សុត បានអះអាងថា ប្រទេសកម្ពុជា ជាប្រទេសតូច តែយន្តការចាក់វ៉ាក់សាំងនេះ អាចនឹងមានល្បឿនលឿន។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ក៏បានគូសបញ្ជាក់ដែរថា វ៉ាក់សាំងកូវីដ១៩ ក៏ជាយុទ្ធសាស្ត្រមួយសម្រាប់ជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញផងដែរ ដោយផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ។

សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ប្រមាណជា ៣០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងត្រូវមកដល់ប្រទេសកម្ពុជានៅក្នុងខែកុម្ភៈ ខាងមុខ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសទៅទទួលវ៉ាក់សាំងនេះ ដល់ព្រលានយន្តហោះ ហើយក៏នឹងចាក់វ៉ាក់សាំងនេះមុនគេផងដែរ។

បើទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្រ្ដី បានប្រកាសហើយ ការចាក់វ៉ាក់សាំងនឹងធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត មិនបង្ខិតបង្ខំនោះឡើយ ៕





ពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩-២០២០ និងលើកទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី

 នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៩-២០២០ និងលើកទិសដៅការងារ២០២១ របស់ក្រសួងកិច្ចការនារី ដែលមានអ្នកចូលរួមសរុប១៩៤រូប ស្ត្រី១៦៤រូប ដែលមានសមាសភាពជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំស្ថាប័ន-ក្រសួង អគ្គលេខាធិកាអចិន្ត្រៃ CNCW តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធ។

នាឱកាសនោះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរាយការណ៍ដោយសង្ខេបជូនលោកស្រីឧបនាយករដ្ឋមន្ត្រី និងអង្គពិធី អំពីលទ្ធផលនៃសន្និបាតរបស់ក្រសួងកិច្ចការនារីសម្រេចបានក្នុងឆ្នាំ២០១៩ និង២០២០ រួមមាន៖ ១- ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ ២- ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ៣- កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តី និងក្មេងស្រី ៤- ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ ៥- យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ៦- ការងារអប់រំ ផ្សព្វផ្សាយនិងបង្កើនការយល់ដឹងជាសាធារណៈ ៧- ការអភិវឌ្ឍធនធានមនុស្សរបស់ស្ថាប័ន នៅថ្នាក់ជាតិ និងក្រោមជាតិ ៨- កិច្ចសហការអន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ៕






ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីជាសះស្បើយអ្នកជំងឺ១១នាក់

 នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺ១១នាក់។

ករណីជាសះស្បើយសរុបចំនួន ១១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ រួមមាន៖

* ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

* បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

* បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។

* បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។

* បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង០៧រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសក្ខវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

* បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

* បុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

* ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃព្រីងខាងត្បូង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤២៣នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៣៧នាក់ ៕