Friday, March 11, 2016

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ

រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ: ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។
ជូនដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទស្សនាសារមន្ទីរដោយផ្ទាល់ លោក យិត ចាន់ដារដ្ឋ នាយករងសារមន្ទីរសព្វទស្សន៍អង្គរ បានពន្យល់ពីដំណើរការនៃការកសាង និងការដាក់តាំងពិព័រណ៍រូបគំនូរដែលបានរំលេចឲ្យឃើញពីប្រាង្គប្រាសាទដ៏ល្អឯក និងទេសភាពវប្បធម៌នៃឧទ្យានអង្គរទាំងមូល។ គណ: ប្រតិភូក៏បានទស្សនាខ្សែភាពយន្ត3D ដែលបានរំលេចឲ្យឃើញពីការកសាងប្រាសាទដោយបុព្វបុរសខ្មែរតាំងពីសម័យបុរាណកាលមក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីរំភើប និងកោតសរសើរចំពោះការរៀបចំកសាងសារមន្ទីរនេះឡើងដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំនិងផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរឲ្យបានល្បីល្បាញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ បន្ថែមទៀត។
សារមន្ទីរសព្វទស្សន៍អង្គរដ៏ស្រស់ស្អាតនេះ បំពាក់ដោយសម្ភារៈទំនើបៗ មានទីតាំងស្ថិតនៅជាប់រង្វង់មូលផ្លូវ៦០ម៉ែត្រក្រុងសៀមរាប ហើយត្រូវបានសម្ពោធបើកដំណើរការឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាជាផ្លូវការតាំងពីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ។ សារមន្ទីរនេះស្ថាបនាឡើងតាមរចនាបទខ្មែរដ៏ល្អប្រណីត ដែលបានដំណើការសាងសង់ឡើង តាំងពីខែសីហាឆ្នាំ២០១១ដោយក្រុមហ៊ុន MansudaeNewtechCorporration Ltd នៅលើផ្ទៃដី៦១១៥ម៉ែត្រការ៉េ មានទំហំបណ្តោយ៨៣,៥ម៉ែត្រ ទទឹង៥៤,៣ម៉ែត្រកំពស់៣៤ម៉ែត្រ ចំណតរថយន្តផ្លូវដើរ និងទីតាំងផ្សេងៗមួយចំនួនទៀត ដែលសាងសង់រួចរាល់នាខែកញ្ញាឆ្នាំ២០១៥នេះ ដោយចំណាយអស់ទឹកប្រាក់ជាង២៤លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនMansudae Oversaes Project Gruop of Companiesនៃប្រទេសកូរ៉េខាងជើង។
សារមន្ទីរនេះបានរៀបចំតាំងពិព័រណ៍ផ្សេងៗ ដោយបានបែងចែកជាច្រើនផ្នែកសំខាន់ៗដូចជា ផ្នែករូបថតនិងគំនូរអំពីប្រវត្តិនៃប្រាសាទនិងភូមិដ្ឋានក្នុងរមណីយដ្ឋានអង្គរនាសម័យព្រះបាទជ័យវរ្ម័នទី៧ ផ្នែកគំនូរសព្វទស្សន៍ដែលនិយាយពីដំណាក់កាលសំខាន់ទាំង៣ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺដំណាក់កាលយុទ្ធសាស្រ្ត ការពារ ដំណាក់កាលសាងសង់ប្រាសាទបាយ័ន និងដំណាក់កាលស្រុករុងរឿង។ រោងភាពយន្ត3D ដែលអាចទទួលភ្ញៀវចូល        ទស្សនាម្តងបាន២០៤នាក់ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងភេសជ្ជៈព្រមទាំងមានកន្លែងបញ្ចាំង វីដេអូឯកសារស្តីពីប្រវត្តិប្រាសាទ និងទីតាំងបុរាណនានាដែលអាចឲ្យអ្នកស្រាវជ្រាវ និស្សិត សិស្សសាធារណជនអាចចូលទៅសិក្សាស្វែងយល់បានទៀតផង៕