Wednesday, September 13, 2017

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រាប់ឱ្យអភិបាលរាជធានី-ខេត្តធ្វើការជួសជុលនិងកែលម្អអគារសាលាឃុំ-សង្កាត់

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ អំពីការសាងសង់ ការជួលជុល និងការកែលម្អអគារសាលាឃុំសង្កាត់ នៅទូទាំងប្រទេស។ ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាក់ថា បច្ចុប្បន្ននេះមានអគារសាលាឃុំសង្កាត់ ចំនួន៧៨៣ ដែលមានសភាពចាស់ទ្រុឌទ្រោម មិនអាចបំពេញការងារបាន ហើយឃុំសង្កាត់ខ្លះទៀត ដែលទើបបង្កើតថ្មី មិនទាន់មានអគារធ្វើការ។

សូមអានលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ខាងក្រោមនេះ៖

បទវិភាគ៖ លោកទូតអាមេរិកកំពុងបន្តបំភ័ន្តប្រជាជាតិខ្មែរថាខ្លួនជាឯកអគ្គរដ្ឋទូតសហគមន៍អន្តរជាតិ

សម័យព័ត៌មានវិទ្យាទំនើបទៅហើយ បែរជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ នៅ​តែបន្តចាត់ថ្នាក់ប្រទេសរបស់គាត់ថាជាសហគមន៍អន្តរជាតិទៀត មិនចេះខ្មាស់អៀនសោះ​។ តាមរយៈព័ត៌មានវិទ្យាទំនើប គឺគ្រប់គ្នាបានដឹងច្បាស់ណាស់ថា ពិភពលោកបានវិវត្តន៍ទៅជា «ពហុប៉ូល» ដែលមាន «បងធំ» ច្រើន ពោលគឺមិនមែនមានតែសហរដ្ឋអាមេរិកតែម្នាក់នោះទេ។ សូម្បីតែលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីរបស់លោក William A. Heidt ក៏បានយល់ដឹងអំពីទិដ្ឋភាពពិតនៃពិភពលោកបច្ចុប្បន្ននេះផងដែរ។

តុល្យភាពមហាអំណាចពិភពលោក បានផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរណាស់ដល់ប្រទេសតូចៗក្នុងការពង្រឹងឯករាជ្យអធិបតេយ្យជាតិ តតាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​ពីសហរដ្ឋអាមេរិក។ ជាក់ស្តែងបច្ចុប្បន្ននេះ ដូចជានៅតំបន់អាស៊ីគ្នេយ៍មានប្រទេសថៃ, ហ្វីលីពីន ជាដើម បានផ្លាស់ប្តូរនយោបាយការបរទេសរបស់ខ្លួន ដោយបានបញ្ចប់ទំនាក់ទំនង «ឯកប៉ូល» ជាមួយសហរដ្ឋអាមេរិកងាកទៅរក «ពហុប៉ូល» ក្នុងទំនាក់ទំនងល្អជាមួយចិន និងរុស្ស៊ី។ នេះមានន័យថាជាការផ្តាច់ចេញពីភាពចំណុះរាប់សិបឆ្នាំមកហើយក្រោម «ឯកប៉ូល» របស់សហរដ្ឋអាមេរិក ឬអាចនិយាយបានម៉្យាងទៀតថា ដោយបុព្វហេតុឯករាជ្យអធិបតេយ្យ និងដៃគូអភិវឌ្ឍន៍ចម្រុះប្រកបដោយប្រសិទ្ធភាពនៃយុគសម័យថ្មីប្រទេសទាំងនោះ លែងចាត់ទុកសហរដ្ឋអាមេរិកជាបងធំតែមួយគត់របស់ពួកគេទៀតហើយ។

ដោយឡែកកម្ពុជាក្នុងអតីតកាល ក៏បានស្គាល់រសជាតិអាណានិគមអាមេរិកក្នុងសម័យសាធារណៈរដ្ឋខ្មែររបស់លោក លន់ ណុល ច្បាស់ណាស់ដែរ។ ដូច្នេះ ស្របទៅនឹងបច្ចប្បន្នភាពពិភពលោក កម្ពុជាបច្ចុប្បន្ន ប្រកាន់​យកគោលនយោបាយ «អព្យាក្រឹត្យអចិន្ត្រៃយ៍» គឺជានយោបាយពង្រឹងភាពជាដៃគូ «ស្មើភាព និង ស្មើសិទ្ធិ» ពោលគឺ លែងដាក់ខ្លួនឱ្យអាមេរិកាំងមកធ្វើជាចៅហ្វាយនាយទៀតហើយ។

ដូច្នេះ ការចាប់ខ្លួនលោក កឹម សុខា ពីទោសក្បត់ជាតិ ព្រោះតែប្រព្រឹត្តបទ «សន្ទិដ្ឋិភាព» ជាមួយបរទេសគឺសហរដ្ឋអាមេរិកហ្នឹងឯង។ ចំណាត់ការផ្លូវច្បាប់នេះជាទឡ្ហីករណ៍បញ្ជាក់ពីការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។ បើទោះបីសហរដ្ឋអាមេរិកខំព្យាយាមប្រតិកម្មការពារអាយ៉ងរបស់ខ្លួនក៏ដោយ ប៉ុន្តែការលើកឡើងរបស់លោក កឹម សុខា បញ្ជាក់ថា អ្វីៗទាំងអស់ គឺធ្វើតាមអាមេរិក។ អញ្ចឹងសំខាន់គឺ អាមេរិកខ្លួនឯង ចាត់ទុកអ្វីដែលលោក កឹម សុខា អះអាងនោះ «ពិត ឬ មិនពិត»។ ប្រហែលជាសម្រាប់លោក William A. Heidt ពិបាកប្រកែកណាស់ ព្រោះពិភពលោក នរណាក៏គេជឿថាវាប្រាកដជាអញ្ចឹងមែនហើយ! ដូចពាក្យដំនៀលខ្មែរបូរាណពោលថា «មានប្រឡាយទើបទឹកវាហូរ មានសម្រាមទើបឆ្កែវាជុះ»៕

(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


ដំណើរទស្សនកិច្ច របស់គណៈប្រតិភូសហព័ន្ធ​នារីវៀតណាម​ គឺដើម្បីបន្ត​កិច្ចសហប្រតិបត្តិការ​ល្អរវាងប្រទេស​ទាំងពីរ​ កម្ពុជា​-វៀតណាម​

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកស្រី ង្វៀង ធីធូហា សមាជិកគណៈកម្មាធិការកណ្តាល មជ្ឈឹមមបក្សកុម្មុយនីស្ត និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោក សាយ ឈុំ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយសហព័ន្ធនារីវៀតណាម នឹងរៀបចំវេទិកា ដើម្បីពួនជ្រុំកិច្ចសហប្រតិបត្តិការ នៅទីក្រុងហូជីមិញ។ ក្នុងកិច្ចសហប្រតិបត្តិការ រវាងសមាគមនៃប្រទេសទាំងពីរ គឺផ្តោតសំខាន់លើការឃោសនា អប់រំយុវជន ដើម្បីស្វែងយល់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកផងដែរ។

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលត្រូវបានបង្កើតឡើងដោយអតីតព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតថ្នាក់ដឹកនាំវៀតណាមជំនាន់មុន។ លោក សាយ ឈុំ មានសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងរួមចំណែកក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាម។ ជំនួយគាំទ្ររបស់សហព័ន្ធនារីវៀតណាម បានផ្តល់លទ្ធភាពជាច្រើនដល់សមាគមនារី ដើម្បីរួមចំណែកពង្រឹងស្ថាប័ន និងសមត្ថភាពមន្រ្តីរបស់សមាគមនារីកម្ពុជា។

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានលើកឡើងទៀតថា តាមរយៈជំនួយគាំទ្រទាំងអស់នេះ ត្រូវបានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ននេះ ប្រជាជននៃប្រទេសទាំងពីរ កំពុងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង។
លោកស្រី ង្វៀង ធីធូហា បានជម្រាបជូន ប្រមុខរដ្ឋស្តីទី អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហព័ន្ធនារីវៀតណាម នៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ក្នុងនោះសមាគមនារីនៃប្រទេសទាំងពីរបានធ្វើការវាយតម្លៃ និងបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៣ ដល់២០១៧ ព្រមទាំងបានចុះអនុស្សារណៈយោគយល់គ្នាថ្មី ២០១៧ ដល់២០២០។ លោកស្រី ក៏បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនចំពោះថ្នាក់ដឹកនាំកំពូល នៃកម្ពុជាផងដែរ៕



ប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍ ចុះជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយបងប្អូនប្រជាការពារ

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លោក ហ៊ុន សុខា ប្រធានកិត្តិយសចុះជួយសង្កាត់បារាយណ៍ លោក មូល វិចិត្រ ប្រធានក្រុមចុះជួយសង្កាត់បារាយណ៍ លោក រិន រាវី ក្រុមការងារចុះជួយសង្កាត់បារាយណ៍ ព្រមទាំង អស់លោក លោកស្រី ជាប្រធាន អនុប្រធានចុះជួយភូមិទាំង១៤ ក្នុងសង្កាត់បារាយណ៍ បានអញ្ជើញចុះសួរ សុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ និងបងប្អូន ប្រជាពលរដ្ឋនៅក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ចំនួន ២៣២នាក់។

ក្នុងនោះលោក ហ៊ុន សុខា បានឧបត្ថម្តថវិកា ១,២០០,០០០រៀល សម្រាប់ទិញប្រេងម៉ាស៊ូត ៣០០លីត សម្រាប់បូមទឹកដាក់ស្រែ និងលោក មូល វិចិត្រ ព្រមទាំងក្រុមការងារបានឧបត្ថម្ភជូនបងប្អូន ក្នុងម្នាក់ ១០,០០០រៀល សរុប ២,៥០០,០០០រៀលផងដែរ ៕





លោកស្រី ម៉ែន សំអន ចុះកិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសហព័ន្ធនារីវៀតណាម

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសហព័ន្ធនារីវៀតណាម ឆ្នាំ២០១៧-២០២២ ដើម្បីបន្តកិច្ចសហ ប្រតិបត្តិការទ្វេភាគី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។ លោកស្រី បានមានប្រសាសន៍ថា យោងតាមអនុវត្តតាមកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀត​ណាមឆ្នាំ២០១៣-២០១៧ និងយោងកិច្ចព្រមព្រៀងរវាងនារីបណ្តាខេត្ត ដែលជាប់ព្រំដែនគឺ ខេត្តស្វាយរៀង និងកំពង់ចាម ជាមួយខេត្តតៃនីញ ខេត្តស្វាយរៀង និងខេត្តឡុងអាន ខេត្តព្រៃវែង ជាមួយងខេត្តដុងថាប ខេត្តតាកែវ ជាមួយខេត្តអានយ៉ាង ខេត្តព្រះសីហនុ កំពត និងកែប ជាមួយខេត្តគៀងយ៉ាង ខេត្តក្រចេះជាមួយខេត្តប៊ីញភឿក ខេត្តមណ្ឌលគីរី ជាមួយខេត្តដឹតណុង សមាគមយើបានអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងសកម្ម ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ បានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្ស របស់សមាគមនារីយើងខ្ញុំ ដើម្បីគ្រប់គ្រង ដឹកនាំចលនាស្ត្រី នៅគ្រប់ថ្នាក់ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ក្នុងការបំពេញភារកិច្ច ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ជំរុញការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើន នៅក្នុងការងារនយោបាយ និងការងារសង្គម រួមចំណែកក្នុងការអនុវត្តិឱ្យបានសម្រេចនូវទិសដៅ ជាយុទ្ធសាស្ត្ររបស់បក្ស និងរាជរដ្ឋាភិបាល។ ជោគជ័យទាំងនេះពិតជាមិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភ គាំទ្រយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាងពីសំណាក់បក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរបស់បងប្អូននារីទាំងអស់បានឡើយ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ក៏នៅមានចំណុចខ្វះចន្លោះមួយចំនួន ដូចជា៖ការខ្វះខាតខាងទំនាក់ទំនង ការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកមិនទាន់ធ្វើបានរលូន និងជាប់ជាប្រចាំនៅឡើយដែលទាមទារត្រូវកែលំអរនិងបំពេញបន្ថែម។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងហូជីមិញ បានមកពិនិត្យជម្ងឺជូនប្រជាពលរដ្ឋក្រីក្រកម្ពុជា នៅតាមបណ្តាខេត្ត និងចែកអំណោយជាថវិកា និងស្បៀងអាហារ បានចំនួន២៣,២២៨នាក់ ក្នុងនោះពិនិត្យនិងវះកាត់ភ្នែក បានចំនួន ១ម៉ឺន៨ពាន់៣៥៨នាក់ ពិនិត្យជម្ងឺទូទៅ និងរោគស្រ្តីបានចំនួន៩៧១០នាក់ ចែកអំណោយជូនប្រជាពលបានចំនួន ៣៥០២គ្រួសារ និងចែករទេះដល់ជនពិការបានចំនួន៣១០នាក់ ៕





យុវជនម្នាក់ដែលឆក់ខ្សែភ្លើងរលួយពេញខ្លួន បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាមួយចំនួន ជូនយុវជន ហៀង ឆាន់នី អាយុ ២៤ឆ្នាំ ដែលបានរងគ្រោះដោយ ខ្សែភ្លើងឆក់យ៉ាងធ្ងន់ធ្ងរ ប្រឈមនឹងពិការភាពមួយជីវិត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវ ប្រសាសន៍របស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្តីអាណិតអាសូរ ចំពោះ យុវជន ហៀង ឆាន់នី ដែលបានជួបឧបទ្ទវហេតុនេះ និងសូមផ្តាំផ្ញើឱ្យអាណាព្យាបាលយកចិត្តទុកដាក់ ថែទាំអ្នកជំងឺឱ្យបានល្អ គោរពតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសូមជូនពរឆាប់បានជាសះស្បើយឡើងវិញ។

ឪពុកម្តាយបង្កើតរបស់អ្នកជំងឺដែលមានកូន ១១នាក់ និងចៅ ១៥នាក់ ក្នុងបន្ទុក ហើយដែលមក ទទួល អំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះជួបការលំបាក ដោយគ្មានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជូនដំណឹងស្តីពីការទូរទាត់សងប្រាក់ថ្លៃទឹកលម្អៀង

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជម្រាបបញ្ជាក់សារជាថ្មីម្តងទៀតជូន លោក លោកស្រី ដែលជាអតិថិជនប្រើប្រាស់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទូទាំងរាជធានី និងទីក្រុងតាខ្មៅ ឱ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការកែតម្រូវការគណនាតម្លៃទឹកត្រឡប់ទៅតាមរបៀបគណនាចាស់ហើយ និងកំពុងធ្វើការទូតទាត់សងនូវប្រាក់ថ្លៃទឹកលម្អៀងជូនអតិថិជនវិញ៕

សូមអានខ្លឹមសារលិខិតខាងក្រោម៖

ដោយសារជីវភាពប្រជាពលរដ្ឋរីកចម្រើនធូរធារនិងប្រទេសមានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យរួមគ្នាបាន

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិ ន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យបានថ្លែងថា ដោយសារជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនធូរធារនិងប្រទេសមានសន្តិភាព សន្តិសុខទើបយើងអាចមកអង្គុយធ្វើបុណ្យជាមួយគ្នាបាន និងសូមអរគុណដល់ប្រជាលរដ្ឋទាំងអស់បានចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជន ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសចូលរួមពិធីរាប់បាត្រ ដារឆ្លងកាន់បិណ្ឌវេណទី៨នៅវត្តធម្មសាធរាម (វត្តភ្នំ៩៣ ) ឃុំអូរស្រឡៅ និងបានជួបសំណេះសំណាលជាមួយគណៈកម្មាធិការសាខាបក្សភូមិ ក្នុងឃុំអូរស្រឡៅ មានសមាជិក សមាជិការចូលរួមចំនួនជាង១២០០នាក់នៅក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានរម្លឹកថា តំបន់ម៉ាឡៃ គឺជាសមរភូមិសង្រ្គាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវរវាងខ្មែរនិងខ្មែរ ប្រជាពលរដ្ឋបានបោះបង់ចោលផ្ទះសម្បែង ភូមិករដើម្បីគេចពីគ្រោះថ្នាក់នៃគ្រាប់រំសេវ។ ទីនេះហើយជាទីតាំងបង្ហូរឈាមស្រស់ សាច់ស្រស់របស់យុវជនកូនប្រជាពលរដ្ឋយើងមានអ្នកខ្លះ បានបាត់បង់ជីវិត អ្នកខ្លះបានរងរបួសពិការដាច់ដៃជើងវេទនា ព្រាត់ប្រាស់ប្តីប្រពន្ធកូន កុមារ យុវជនមិនបានទៅសាលារៀនប្រជាពលរដ្ឋគ្មានពេលធ្វើស្រែចម្ការ នាំមកនូវភាពអវិជ្ជា ក្រីក្រលំបាក ពេលនោះមិនមានគណបក្សណាមកធ្វើការសន្យាឬជួយដោះស្រាយនូវសម្រែកហៅរកសេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ ក្នុងដំណាក់កាលនោះគណបក្សប្រជាជនដែលជាគណបក្សរបស់ប្រជាជន រួមសុខទុក្ខជាមួយប្រជាជន ដៃម្ខាងកសាងប្រទេស និងការពារប្រជាជនរក្សាសន្តិសុខភូមិករពីការលួចឆក់ប្លន់ដុតផ្ទះសម្បែងប្រជាពលរដ្ឋយើងពីសំណាក់ពួកទ័ពព្រៃប្រតិកិរិយា និងដៃម្ខាងស្វែងរកសន្តិភាពជូនប្រទេសតាមរយៈកិច្ចចរចាសន្តិភាពបង្រួបបង្រួមជាតិ។
លោក កែ គឹមយ៉ាន ក៏បានបញ្ជាក់ថា ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសទាំងមូលមានសុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយសង្គមពេញផ្ទៃប្រទេស សង្គ្រាមផ្ទៃក្នុងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ធ្វើឱ្យគណបក្សប្រជាជនមានពេលវេលាដោយរួមគ្នាជាមួយប្រជាជនកសាងបានមកវិញនូវផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ សង្គមរីកចម្រើនទៅមុខលើគ្រប់វិស័យ ការអនុគ្រោះមិនយកពន្ធដីធ្លី គ្រឿងបរិក្ខារបម្រើដល់វិស័យកសិកម្ម ការប្រែក្លាយតំបន់ដែលធ្លាប់តែច្បាំងវាយប្រយុទ្ធគ្នាទៅជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម គឺដើម្បីសម្រួលជីវភាពរស់នៅកាត់បន្ថយបាននូវភាពក្រីក្រជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែឆាប់រហ័ស ដែលយើងបានឃើញទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា ដោយសារជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនធូរធារនិងប្រទេសមានសន្តិភាព សន្តិសុខទើបយើងអាចមកអង្គុយធ្វើបុណ្យជាមួយគ្នាបាន និងសូមអរគុណដល់ប្រជាលរដ្ឋទាំងអស់បានចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជន ។ ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់ ដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំយកនូវអំណោយរួមមាន៖ ប្រជាពលរដ្ឋចំនួនជាង១២០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង ១ ថវិកាបច្ច័យបុណ្យប្រគេនវត្តធម្មសាធរាម (វត្តភ្នំ៩៣) ចំនួន៥.១៤០.០០០រៀល អង្ករ២០០គីឡូក្រាម ទឹកស៊ីអ៊ីវ១០យួរ ទឹកត្រី១០យួរ ទឹកសុទ្ធ១០កេស មី១០កេស ទឹកក្រូច៥កេស ទឹកផ្លែឈើ៥កេស ជូនថវិកាឧបត្ថម្ភសាខាបក្សភូមិទាំង៨ក្នុង១សាខា២០ម៉ឺនរៀល គណបក្សឃុំអូរស្រឡៅ១លានរៀល ថវិកាដល់គណបក្សឃុំទាំង៥ ឃុំតាគង់ ឃុំម៉ាឡៃ ឃុំបឹងបេង ឃុំអូរសំព័រ ឃុំទួលពង្រ ក្នុង១ឃុំទទួលបានថវិកា៥០ម៉ឺនរៀល សាលារៀន១ខ្នង៦បន្ទប់នៅឃុំអូរស្រឡៅ ផ្លូវបេតុង១ខ្សែ១៤០០ម៉ែត្រ ស្ពានបាឡេមួយខ្សែប្រវែង២៤ម៉ែត្រនៅភូមិអូរកាច់ឃុំបឹងបេង អណ្ដូងស្នប់ចំនួន៧អណ្ដូង និងលូទឹក៨កង់ផងដែរ៕







អភិបាលខេត្តកណ្តាល បានដោះស្រាយបញ្ចប់ករណីប្រជាពលរដ្ឋ៣ គ្រួសារ រស់នៅលើដីអនុវត្តសាលដីកា

ករណីប្រជាពលរដ្ឋ ៣ គ្រួសារ រស់នៅលើដីអនុវត្តសាលដីកា នៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ត្រូវបានដោះស្រាយបញ្ចប់ហើយកាលពីព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ នៅសាលាខេត្តកណ្ដាល ដោយបានបើកកិច្ចប្រជុំរកដំណោះស្រាយជូនប្រជាពលរដ្ឋ៣គ្រួសារ រស់នៅលើដីអនុវត្តសាលដីកា ក្រោមអធិបតីភាពលោក ម៉ៅ ភីរុណ អភិបាលខេត្តកណ្ដាល។
សមាសភាពចូលរួមកិច្ចប្រជុំនោះរួមមាន៖ លោកអាជ្ញាសាលាអយ្យការនៃសាលាដំបូងខេត្តកណ្តាល លោកអភិបាល អភិបាលរងស្រុកស្អាង លោក ប្រធានមន្ទីសុរិយោដីខេត្តនិងស្រុក លោក ស្នងការការងនិងអធិការង ជំនាញអាវុធហត្ថ ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក លោកមេភូមិ ឃុំទួលក្រសាំង ភាគីចាញ់ក្តីនិងភាគីឈ្នះក្តីផងដែរ។
ជាលទ្ធផលក្នុងការសម្របសម្រួល របស់លោកអភិបាលខេត្ត បានពិនិត្យ ឯកសារភាគីឈ្នះគឺលោកអភិបាលខេត្តពិនិត្យឃើញត្រឹមត្រូវតាមជំនាញសុរិយោដីដែលបានបញ្ជាក់ ឯកសារភាគីចាញ់ក្តីលោក ប៉ុន ថន ឯកសារមិនត្រឹមត្រូវតាមផ្លូវការនិងមិនប្រក្រតីតាំងពីភូមិ-ឃុំ។ លោកអភិបាលខេត្ត បានពន្យល់ថាគ្រួសារទាំង៣ កុំតវ៉ាទៀតនាំមានរឿងវែងឆ្ងាយក្លាយទៅជាបទល្មើសព្រហ្មទណ្ឌព្រោះចាញ់ក្ដីគេហើយ ចាំគាត់រកដំណោះស្រាយជូនក្នុងនាមអភិបាលខេត្ត។

ការដោះស្រាយជូនគ្រួសារទាំង៣នោះរួមមាន៖ ១- លោក ប៉ុន ថន បានទទួលដីទំហំ10×12
ប្រាក់ចំនួន 3000$ និងជួយធ្វើផ្ទះឱ្យទៀតនៅចំណុចក្រោយអារុណរះទួលក្រសាំង។ ២- អ៊ុង អ៊ីម ទទួលបានដីទំហំ5×12 ប្រាក់1500$ និងជួយធ្វើផ្ទះឱ្យ។ ៣- សែ គឹមអូន ទទួលបានដី 5×12
និងប្រាក់1500$និងជួយធ្វើផ្ទះឱ្យ។ ហើយគ្រួសារទាំង៣ បានឯកភាពទទួលយក។ លោកអភិបាលខេត្ត បានចាត់តាំងឱ្យលោកអភិបាលស្រុក ចាត់ការចុះមើលដីជាបន្ទាន់។ គ្រួសារទាំង៣បានឯកភាពទទួលយកដោយរីករាយក្នុងការដោះស្រាយរបស់លោកអភិបាលខេត្ត៕



ខេត្តកែប ទទួល​បានពានរង្វាន់​ទីក្រុងនិរន្តរភាព​បរិស្ថាន​អាស៊ានគឺ ​ខ្យល់ស្អាត​ ដីស្អាត ​និងទឹកស្អាត​

ប្រតិភូជាន់ខ្ពស់នៃក្រសួងបរិស្ថាន រួមនឹងគណៈអភិបាលខេត្តកែប នៃប្រទេសកម្ពុជា ដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងទទួលពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន និងផ្នែកនិរន្តរភាពទឹកស្អាត នៅប្រទេសប្រ៊ុយណេ។

ពិធីប្រគល់ពានរង្វាន់អាស៊ានទាក់ទងនឹងផ្នែកបរិស្ថាននេះ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសប្រ៊ុយណេ ដារុយសាឡឹម ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន។ នៅក្នុងនោះខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ដ៏វិសេសវិសាលបំផុតគឺ ខ្យល់ស្អាត ដីស្អាត និងទឹកស្អាត ហើយនេះជាមោទនភាពនៃប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលខេត្តរបស់កម្ពុជា បានទទួលពានរង្វាន់អាស៊ានទាក់ទងនឹងវិស័យបរិស្ថាន៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។

តាមរយៈពិព័រណ៍នេះ ផលិតផលកម្ពុជាជាច្រើន ជាពិសេសផលិតផលកសិកម្មបាននិងកំពុងហូរចូលមកកាន់ប្រទេសចិន ដែលបានពង្រីកទីផ្សារ និងពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំធំឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តក្វាងស៊ី ក៏កាន់តែជិតស្និទ្ធ ហើយជាពិសេស ទំនាក់ទំនងនិងសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិន-កម្ពុជា ក៏កាន់តែឈានទៅកាន់កម្រិតខ្ពស់ជាបន្តបន្ទាប់។ មិត្តចិនគឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ៕









មានអ្នកពុលទឹកមាត់ក្នុងបក្សសង្គ្រោះជាតិ

ទំព័រហ្វេសប៊ុកចៅចាក់ស្មុក ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ បានបង្ហោះផ្សាយនូវអត្ថបទមួយ​ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ថ្ងៃម្សិលមិញ និងថ្ងៃនេះ គោលជំហររបស់គណបក្សសង្គ្រោះជាតិប្រែប្រួលដូចមេឃនិងដី! ម្សិលមិញ មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ​បានប្រកាសថា​សុខចិត្តឱ្យ​គណបក្សត្រូវបានគេរំលាយមិនប្តូរប្រធាន ហើយនឹងធ្វើពហិការក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខ បើគ្មានការដោះលែង កឹម សុខា ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែថ្ងៃនេះ សុន ឆ័យ បានលើកឡើងនៅក្នុងសន្និសីទ​កាសែតនៅស្នាក់ការ​បក្សសង្គ្រោះជាតិ​នៅចាក់អង្រែ​ដោយ​បាន ទាត់ចោលនូវពាក្យសម្តីដែលគ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី មូរ សុខហួរ ហើយ​ប្រកាសថា គណបក្សសង្រ្គោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាង​មុខនេះ។ លោក សុន ឆ័យ បានបញ្ជាក់នៅចំពោះមុខ មូរ សុខហួរ ថា៖ «គណបក្សសង្រ្គោះជាតិ មានទិសដៅតែមួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨។ នេះជា​បំណងប្រាថ្នារបស់គណបក្សសង្រ្គោះជាតិ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពី​ថ្ងៃទី៩ ខែកញ្ញា បានសម្រេចរួមគ្នាថា យើងនៅតែបន្តការងាររបស់យើងជាធម្មតា»។
ការថ្លែងរបស់ សុន ឆ័យ នៅពេលនេះហាក់ដូចជាបានវាយទម្លាក់ទំនុកចិត្តរបស់ មូរ សុខហួរ អនុប្រធានបក្សនៅកម្រិតទាបបំផុត និងក៏ជាការព្រមានចំពោះតំណាងរាស្ត្ររូបនេះ ដែលគេ​ស្គាល់ថាជាអ្នកពុកទឹកមាត់ កាន់ក្បាលមីក្រូនិយាយជំនួសបក្សទាំងមូលដោយមិន បានឆ្លង​កាត់​ការយល់ព្រមពីគណៈកម្មាធិការកណ្តាល ឬសមាជរបស់បក្ស។ មូរ សុខហួរ បាន​ត្រឹមតែ​ធ្វើមុខស្ងួត មិនសប្បាយចិត្តនឹងសម្តីរបស់ សុន ឆ័យ។ តើមូលហេតុអ្វីបានជា មូរ សុខហួរ បែរជាចេញមកប្រកាសមិនចូលរួមការបោះឆ្នោត និងមិនខ្វល់នឹងការរំលាយបក្ស ដែលផ្ទុយ​ពីចំណុចទី៤ នៃសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ ខែកញ្ញាដែលថា បន្តការងារ​គណបក្ស​ឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ ២០១៨? ឬមួយ មូរ សុខហួរ ពុលទឹកមាត់ និងជ្រុលគំរាមតាមអេង ឆៃអ៊ាង ដែលថានឹងធ្វើពហិការក្នុង ការបោះឆ្នោត ហើយបើចាំបាច់នឹងធ្វើបាតុកម្ម?
តាមពិតសន្និសីទកាសែតនៅថ្ងៃនេះគឺជាការកែប្រែនូវគោលជំហរដែល មូរ សុខហួរ បានប្រកាស​នៅមុខពន្ធនាគារត្រពាំងផ្លុង និងការប្រកាសរបស់ អេង ឆៃអ៊ាង តាមរលកវិទ្យុ សំឡេងសហរដ្ឋអាមេរិក ភ្លាមៗក្រោយអាជ្ញាធរចាប់ខ្លួន កឹម សុខា។ សាររបស់ សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រនៅថ្ងៃនេះគឺជាការទះកំផ្លៀងផ្ទួនៗ ទៅអនុប្រធានគណបក្ស
សង្គ្រោះ​​​​​ជា​តិពីរនាក់ដែលបង្ហាញជំហរបែបអត្តនោម័តមិនឆ្លងគណៈអចិន្ត្រៃយ៍ គណៈ កម្មាធិការ​កណ្តាល ឬសមាជបក្ស មុននឹងនិយាយក្នុងនាមបក្សទៅកាន់សាធារណជន និង​ប្រព័ន្ធ ផ្សព្វផ្សាយ។ នេះគឺជាកំហុសយុទ្ធសាស្ត្រព័ត៌មាន​ធំណាស់សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមិនអាចគ្រប់គ្រងព័ត៌មានក្នុងបក្សរបស់ខ្លួនបាន។ ចំណែកកូនស្រី កឹម សុខា ទាំងពីរ ក៏មានផ្លូវមួយផ្នែកទៀតរបស់ខ្លួនដែរ។ ផ្ទៃក្នុងបក្សសង្គ្រោះជាតិនៅពេលនោះ មើល​ទៅពិតជាបាត់ម្ចាស់ការកាន់តែខ្លាំងហើយ គ្មាននរណាមេ នរណាកើយពិតប្រាកដទេ គឺ​ជើងខ្លាំងរៀង ៗខ្លួន។ ទាំងអស់គ្នាដែលបានបញ្ចេញមតិយោបល់និងគោល ជំហរនេះមិន​បាន​ធ្វើឱ្យស្ថាន ភាពល្អប្រសើរឡើយ ប៉ុន្តែបានធ្វើឱ្យ កឹម សុខា កាន់តែវណ្ឌកជាមួយនឹងច្បាប់ ហើយគណបក្សសង្គ្រោះជាតិ ក៏កាន់តែដើរដល់ជ្រោះមរណៈនៃការប្តឹងរំលាយបក្សចោល។
តាមប្រភពព័ត៌មានពីបន្ទាយចាក់អង្រែ អ្វីដែលកូនស្រី កឹម សុខា និយាយ និង​អនុប្រធាន​បក្សមូរ សុខហួរ និយាយកាលពីម្សិលមិញគឺពិតជាធ្វើឱ្យសមាជិកគណៈកម្មាធិការ
កណ្តាល​​​​​​បក្ស​ផ្សេងទៀតឈឺក្បាលវិលមុខមិនចេះស្ទើរជាពិសេស ប៉ុល ហំម ដែលបាន​និយាយ​​តាមកាសែត ភ្នំពេញ ប៉ុស្តិ៍ថា គាត់ហាក់ដូចជានឿយហត់នឹងនយោបាយ ហើយ ចង់ចូល​និវត្តន៍ និងទៅវត្តវ៉ាម្តង។ សូម្បី ប៉ុល ហំ និងអ្នកកឹម សុខានិយមផ្សេងទៀតដូចជា យ៉ែម ប៊ុញ្ញាឫទ្ធិ និងអ៊ូ ច័ន្ទរ័ត្នជាដើម ក៏នាំគ្នាគ្រវីក្បាលដូចគោស្រាំងទិច ហើយហួសចិត្ត នឹង​អ្វីដែល មូរ សុខហួរ និយាយក្នុងនាមបក្ស និងការតែរុញគណបក្សឈានទៅដល់គ្រោះថ្នាក់ កាន់តែខ្លាំង។ តាមប្រភពពីបន្ទាយចាក់អង្រែ ក្រោយពី មូរ សុខហួរ ថ្លែងសាររួចនៅមុខពន្ធ នាគារ​ត្រពាំងផ្លុង អ្នកតំណាងរាស្ត្រខ្លះរត់ជាន់ជើងគ្នាព្រាត ខ្លះស្វះស្វែងជួប មូរ សុខហួរ ដើម្បីស្នើសុំសម្រួលសារ ឬដកត្រឡប់មកវិញនូវសារខ្លះដែលធ្វើឱ្យប៉ះពាល់​គោលជំហរ​រួម​របស់​បក្ស។ ហេតុដូច្នេះហើយបានជាគណបក្សសម្រេចធ្វើសន្និសីទកាសែតដើម្បីទាត់ចោលការបង្ហាញពី គោលជំហរបុគ្គលធ្វើជាគោលជំហរបក្សចោលរបស់ មូរ សុខហួរ។
នេះជាមេរៀន​មួយសម្រាប់មូរ សុខហួរ និងអេង ឆៃអ៊ាង ធ្វើដល់អនុប្រធានបក្ស កុំពុល​ទឹកមាត់ និយាយត្រូវគិតមុខគិតក្រោយ គោលជំហរបុគ្គលឱ្យចំបុគ្គល គោលជំហរបក្ស ឱ្យ​ចំ​បក្ស​ព្រោះក្នុងបក្សសង្គ្រោះជាតិ មិនមែនមានតែក្រុម សម រង្ស៊ី ទេ មានក្រុមកឹម សុខា ដែល​បាន​និងកំពុងដណ្តើមឥទ្ធិពលគ្នា។ បើនិយាយមិនស្រួលប្រាកដជាត្រូវព្រនង់របស់ ប្រធាន​ក្រុម​តំណាងរាស្ត្រ សុន ឆ័យ ដូចព្រឹកនេះទៀតហើយ៕

ដោយ៖ ចៅ ចាក់ស្មុក

ក្រសួងការងារ បង្កើតក្រុមការងារបច្ចេកទេសត្រីភាគីពិភាក្សាការឡើងប្រាក់ឈ្នួលជូនកម្មករ

សមាជិកគណៈកម្មការប្រឹក្សាការងារ ដែលមានសមាសភាពមកពី ភាគីកម្មការនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល បានព្រមព្រៀងគ្នា បង្កើតក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាការតម្លើងប្រាក់ឈ្នួលជូនកម្មករនិយោជិត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មការប្រឹក្សាការងារចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

សូមអានសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារដូចខាងក្រោម៖

សិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើ នៅឃុំត្រើយស្លា និងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល

តើជាបដិវត្តន៍ពណ៌ ឬជាការផ្តួលរំលំ ?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានលើកឡើងពីទង្វើទុច្ចរិតរបស់លោក កឹម សុខា ដែលចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈបដិវត្តន៍ពណ៌ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង។
លោក សុខ ឥសាន បានបញ្ជាក់ថា តាមសម្តីរបស់លោក កឹម សុខា សហរដ្ឋអាមេរិកបានដាក់ផែនការឱ្យ កឹម សុខា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយបំពានលទ្ធិប្រជាធិបតេយ្យដោយយកគម្រូតាមប្រទេស យូហ្គោស្លាវី និង ស៊ែបប៊ី ដែលបានផ្តួលរំលំ លោក ស្លូបូដាន ម៉េឡូសូវិច នោះ។ តើការផ្តួលរំលំលោក ស្លូបូដានម៉េឡូសូវិច ជាលទ្ធិប្រជាធិបតេយ្យ ឬតើជាប្រជាធិបតេយ្យនៅប្រទេសណា?

អ្នកនាំពាក្យរូបនេះ ក៏បានសន្និដ្ឋានថា អំពើដែលលោកកឹម សុខា និងថ្នាក់ដឹកនាំគណបក្សប្រឆាំង បាននិង កំពុងអនុវត្តន៍តាំងពី១៩៩៣មក មិនមែនដើរតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ វាគ្រាន់តែយកលទ្ធិ ប្រជាធិបតេយ្យមកបិទបាំងពីមុខដើម្បីលាក់លៀមឧបាយកលទុច្ចរិតរបស់ខ្លួនតែប៉ុណ្ណោះ ។ សរុបមក អំពើដែលលោក កឹម សុខា និងក្រុមមេដឹកនាំបក្សប្រឆាំង បាននិងកំពុងធ្វើ ច្បាស់ណាស់ ជាទម្រង់បដិវត្តន៍ ពណ៌ និងការផ្តួលរំលំ ផ្ទុយពីគោលការណ៍ លទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដមិនអាចប្រកែកបានឡើយ៕

ប្រធានមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង ជំរុញឱ្យមន្ត្រីទាំងអស់សម្រេចឱ្យបាននូវសូចនាករចុងឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានជំរុញឱ្យការិយាល័យ ចំណុះមន្ទីរទាំងអស់ត្រូវបន្តសកម្មភាពតាមជំនាញរៀងៗខ្លួន ដើម្បីសម្រេចឱ្យបាននូវ សូចនាករតាមផែនការ សកម្មភាពរបស់មន្ទីរ ក្រសួង ខេត្ត ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់ រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ជាប្រមុខដឹកនាំ។
លោក បានជំរុញបែបនេះនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ រយៈ៩ខែ និង លើកទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កំពង់ឆ្នាំង ដោយមានការចូលរួមពី អនុប្រធានមន្ទីរ និងលោកលោកស្រី ប្រធានការិយាល័យ ចំណុះមន្ទីរ ចូលរួមផងដែរ។

លោក កែវ ពៅ ក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំការិយាល័យទាំងអស់ត្រួវសហការសាមគ្គីគ្នា កត្តាសំខាន់ត្រូវបម្រើ សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ផ្សព្វផ្សាយច្បាប់ចរាចរណ៍ តាមគ្រប់រូបភាព ឱ្យប្រជាពលរដ្ឋយល់ ដឹង និងចូលរួមគោរពអនុវត្តន៍តាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានលើកឡើងថា «ថ្ងៃនេះ ថ្ងៃស្អែក សួមកុំឱ្យមានគ្រោះថ្នាក់ដោយចរាចរណ៍» ជាពិសេសត្រូវថែទាំផ្លូវជាតិលេខ៥ និងផ្លូវក្នុង ខេត្តឱ្យបានជាប់ជាប្រចាំសំខាន់កុំឱ្យមានការស្ទះលូបណ្តាលឱ្យខូចផ្លូវ និងធ្វើឱ្យកកស្ទះចរាចរណ៍រំខានដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ៕




ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី១៣ ខែកញ្ញានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

(សូមទស្សនាវីដេអូ) ទស្សនៈពលរដ្ឋ៖ វប្បធម៌ឈូឆរធ្វើឲ្យវ័ណ្ឌកកាន់តែខ្លាំង!