Wednesday, September 13, 2017

យុវជនម្នាក់ដែលឆក់ខ្សែភ្លើងរលួយពេញខ្លួន បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាមួយចំនួន ជូនយុវជន ហៀង ឆាន់នី អាយុ ២៤ឆ្នាំ ដែលបានរងគ្រោះដោយ ខ្សែភ្លើងឆក់យ៉ាងធ្ងន់ធ្ងរ ប្រឈមនឹងពិការភាពមួយជីវិត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវ ប្រសាសន៍របស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្តីអាណិតអាសូរ ចំពោះ យុវជន ហៀង ឆាន់នី ដែលបានជួបឧបទ្ទវហេតុនេះ និងសូមផ្តាំផ្ញើឱ្យអាណាព្យាបាលយកចិត្តទុកដាក់ ថែទាំអ្នកជំងឺឱ្យបានល្អ គោរពតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសូមជូនពរឆាប់បានជាសះស្បើយឡើងវិញ។

ឪពុកម្តាយបង្កើតរបស់អ្នកជំងឺដែលមានកូន ១១នាក់ និងចៅ ១៥នាក់ ក្នុងបន្ទុក ហើយដែលមក ទទួល អំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះជួបការលំបាក ដោយគ្មានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕



No comments:

Post a Comment