Wednesday, June 09, 2021

ពិធីប្រគល់-ទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យ ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

 ពោធិ៍សាត់÷ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត រួមទាំងលោកលោកស្រី និងលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានចូលរួមក្នុងពិធីប្រគល់-ទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយករដ្ឋមន្ត្ត្រី ហ៊ុន សែន ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៥ខេត្ត។

ខេត្តទាំង៥នោះរួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន៕










សកម្មភាពដ៏មមាញឹកនៃការស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំរបស់មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា

 សៀមរាប៖ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កំពុងបង្ហាញសកម្មភាពដ៏មមាញឹកក្នុងការងារស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជា៖ កំប្លោក ស្លែរ កកនៅក្នុងទឹករយៈពេលយូរនៅក្នុងកសិន្ធុខាងលិចក្រុងអង្គរធំ។

មុនពេលមានសកម្មភាពស្តារពើកស្មៅនេះ ស្ថានភាពទឹកកសិន្ធុខាងលិចនៃក្រុងអង្គរធំ មើលទៅស្ទើតែមិនឃើញផ្ទៃទឹកសោះ ដោយសារមានពើកស្មៅដ៏ក្រាស់ៗដុះជុំជិតនៅទីនោះ តែពេលនេះប្រែមកជាស្រស់ស្អាតឡើងវិញបណ្តើៗហើយ ព្រោះតែការយកចិត្តទុកដាក់ថែទាំរបស់អាជ្ញាធរជាតិអប្សរា។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ចាប់តាំងពីថ្ងៃអនុវត្តការងារស្តារពីកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥០០០ម៉ឺនម៉ែត្រក្រឡា ពោលគឺអាចបញ្ចប់នារយៈពេល៣ខែខាងមុខ បើសិនជាមិនមានបញ្ហារាំងស្ទះណាមួយកើតឡើង។ ការងារនេះមិនអាចធ្វើលឿនទៅបាន ដោយសារពើកមានសភាពក្រាស់ ធ្ងន់ និង មានសត្វអាសិរពិស និងសត្វឈ្លើងនៅក្នុងពើក ដែលជាបញ្ហាប្រឈមខ្លះៗ សម្រាប់ក្រុមការងារចុះកាប់ពើក។

លោកបន្តទៀតថា ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាសនេះ រួចរាល់ រំពឹងថាបរិស្ថាន និងសោភ័ណភាពនៅបរិវេណកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅទីនោះ។

សូមជម្រាបផងដែរថា ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមគំនិតផ្តួចផ្តើមនិងជួយឧបត្ថម្ភ ដោយលោកឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួនទៀត៕






អភិបាលរាជធានីភ្នំពេញ កំណត់ផ្នែកខ្លះនៅតាម មូលដ្ឋានសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់ «តំបន់លឿងទុំ» រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះ នៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿងទុំ» រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។


ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់អភិបាល រាជធានីភ្នំពេញ៖












រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៉ីលីត (ខេមបូឌា) ស្ថិតនៅក្រុងបាវិត បងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ

 រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៉ីលីត (ខេមបូឌា) ស្ថិតនៅក្រុងបាវិត នៃតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន កន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូច វិជ្ជមានកូវីដ-១៩ សូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន

បរសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕




ពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ

 ក្រចេះ÷ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ ត្រូវបានធ្វើពិធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ និងលោកស្រី ហឹង ណារី។

ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន បានឲ្យដឹងថាអគារទីសា្នក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ ជាអគារដ៏ថ្មីស្រឡាង និងជាសមិទ្ធិផលទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងចំណោមអនុសាខាទាំង៦ក្រុងស្រុក ដែលមានទំហំ ៩ គុណ ១២ ម៉ែត្រ រួមជាមួយការចាក់សាបមុខអគារ និងធ្វើរបងទ័ព្ធជុំវិញ ចំណាយថវិកាអស់ចំនួន ៣១.៥០០ ដុល្លារអាមេរិក ក្នុងនោះថវិកាផ្ទាល់របស់លោក វ៉ា ថន និងលោកស្រី ចំនួន ២៥.០០០ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះចំនួន ៦.៥០០ដុល្លារផងដែរ ដើម្បីពន្លឿនក្នុងកិច្ចប្រតិបត្តិការការងារមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របនឹងពាក្យស្លោក « កាកបាទក្រហមកម្ពុជាមានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល » ដែលបានឆ្លុះបញ្ជាំងអំពីសមានចិត្តដ៏ជ្រះថ្លាគាំទ្រខ្លាំងក្លាដល់សកម្មភាពកាកបាទក្រហម ក្រោមការដឹកនាំរបស់លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកស្រីតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សធម៌ ជួយគាំទ្រដល់វិស័យសង្គមកិច្ច រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ជាមួយគ្នានោះ ប្រធានបានជំរុញ និងបង្កលក្ខណៈដល់ថ្នាក់សាខា-អនុសាខា អនុវត្តឲបានស៊ីជម្រៅនៅតួនាទីភារកិច្ចជួយសង្រ្គោះប្រជាជននៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពជាប្រចាំ។

ក្នុងឱកាសនោះដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ពោធចំនួន ៦០នាក់ លោកអភិបាលខេត្ត បានឧបត្ថម្ភនូវ សាប៊ូ១ដុំ និងថវិកា ៣០០០០រៀលក្នុងម្នាក់ៗផងដែរ៕







អភិបាលខេត្តត្បូងឃ្មុំ ប្រគល់អំណោយជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ចូលរួមចំណែកយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

 ត្បូងឃ្មុំ÷ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងម៉ាស់ ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ កំពង់ចាម មកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ កំពង់ចាម សម្រាប់ចូលរួមចំណែកយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (Covid 19)។

សូមបញ្ជាក់ថា ៖ អំណោយគ្រឿងឧបភោគ បរិភោគ និងម៉ាស់ ដែលលោក លោកស្រី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ កំពង់ចាម ត្បូងឃ្មុំ បានឧបត្ថម្ភជូនរដ្ឋបាលខេត្តត្បូងឃ្មុំ នាពេលនោះរួមមាន៖ ទឹកត្រីចំនួន ១០០យួរ ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកសុទ្ធចំនួន ១០០កេស ត្រីខកំប៉ុងចំនួន១០០យួរ មីចំនួន១០០កេស និងម៉ាសចំនួន៤ពាន់ម៉ាស៕




លោក គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

 ព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ  ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ដើម្បី យកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។

អំណោយដែលប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖
១.លោកឧកញ៉ា សុខ សុង អនុប្រធានកិត្តិយសសាខា និងលោកជំទាវឧបត្ថម្ភថវិកាចំនួន ២.០០០ដុល្លារអាមេរិក
២.លោកឧកញ៉ា គិត ប៊ុន ម្ចាស់ក្រុមហ៊ុន ថាយហ្គើរ ដាយនែមីក ត្រេដស៊ស ឯ.ក ឧបត្ថម្ភថវិកាចំនួន ២០.០០០.០០០រៀល
៣.រតនាគារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៣១៥.០០០រៀល
៤.លោក សួន ដារ៉ារិទ្ធ ប្រធានរតនាគារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល
៥.មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ១០.០០០.០០០រៀល
៦.លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិ វឌ្ឍន៍ជនបទខេត្តព្រះសីហនុ ថ្នាក់ដឹកនាំមន្ត្រីរាជការ ឧបត្ថម្ភថវិកាចំនួន ៣.០៦០.០០០រៀល
៧.លោក មីន កុម្ភ: និងលោកស្រី លី គឹមឡេង ឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល
៨. ក្រុមហ៊ុន ញូវ ស្តារ ស៊ូ ឧបត្ថម្ភថវិកាចំនួន ៣.០០០ដុល្លារអាមេរិក
៩.ក្រុមហ៊ុន សូគីម៉ិច ឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារអាមេរិក ។

លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា អស់លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ  និងបងប្អូនសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា និងធនធាន ដើម្បី យកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនមានប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។

លោក ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់  បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ  របស់យើងបន្តទៀត ដើម្បីសាខាមានធនធាន ថវិកា សម្ភារៈដើម្បី យកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានាបានទាន់ពេលវេលា ៕





លោក គួច ចំរើន ចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រព័ន្ធ Online និងការធ្វើតេស្ត នៅសាលាវិទ្យាល័យស្ទឹងហាវ

 ព្រះសីហនុ÷ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន ចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រព័ន្ធ Online និងការធ្វើតេស្ត នៅសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងពិធីនោះ លោក គួច ចំរើន បានកោតសរសើរលោកគ្រូ អ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនពីចំងាយដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រក្នុងដំណាក់កាលដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញដោយសារតែជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា​ ទន្ទឹមនឹងការខិតខំរបស់លោកគ្រូ​ អ្នកគ្រូ ការជម្រុញលើកទឹកចិត្តនិងតាមដានមើលការសិក្សាពីសំណាក់មាតាបិតា អាណាព្យាបាលក៏ជាកត្តាសំខាន់មួយទៀតដើម្បីជម្រុញការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។
ក្នុងនោះ លោកបានស្នើដល់ផ្នែកពាក់ពន្ធ័ទាំអស់ត្រូវរួមគ្នាជួយជម្រុញតាមគ្រប់លទ្ធភាពនិងមធ្យោបាយក្នុងការពង្រឹងធនធានយុវជនយើងអោយបានខ្លាំងក្លា​ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ក្រសួអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញ និងឥរិយាបទថ្លៃថ្នូរសីលធម៌ល្អក្នុងសង្គម។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។

លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ បានឱ្យដឹងថា វិទ្យាល័យស្ទឹងហាវ មាន ១៥ថ្នាក់ មានសិស្សសរុប៥៦៦នាក់ ស្រី ២៦៩នាក់ មានលោកគ្រូ អ្នកគ្រូ៣៨នាក់ ស្រី ១៥នាក់ សិស្សានុសិស្សបានចូលរៀនតាមប្រព័ន្ធ Goole Meet ចំនួន ៥១៨នាក់ សិស្សចំនួន ៤៥នាក់ មិនទាន់មានស្មាតហ្វូនប្រើប្រាស់។

ស្របគ្នានោះ សាលាបានបង្កើតក្រុមទំនាក់ទំនងជាមួយសិស្ស និងមាតាបិតាសិស្សតាមរយៈកម្មវិធី ១.Facbook ២.Messenger ៣.Telegram ៤.Google Classroom ។ លោកថាក្រៅពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកខាងលើ សាលាក៏មានការប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមឃុំ ដោយវេចខ្ចប់កិច្ចការបញ្ជូនសន្លឹកកិច្ចការទៅមេឃុំ មេភូមិ ធ្វើការចែកជូនដល់សិស្សដែលគ្មានស្មាតហ្វូន ពេលធ្វើកិច្ចការរួចលោកមេភូមិជាអ្នកទទួលសន្លឹកកិច្ចការពីសិស្សមកសាលារៀនវិញ ម្យ៉ាងទៀតសិស្សដែលនៅជិតសាលាអាចមកយកសន្លឹកកិច្ចការនៅសាលាបាន ពេលធ្វើរួចយកមកសាលាវិញ។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានវិទ្យាល័យចំនួន៩ អនុវិទ្យាល័យមានចំនួន ១៨ និងសាលាបឋមសិក្សាមានចំនួន ៧២។ សិស្សរៀនតាមប្រព័ន្ធអនឡាញនាដើមឆ្នាំសិក្សា២០២០-២០២១ មានចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់។ ចំនួនសិស្សរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកមាន ចំនួន ៦៧.០៩%៕





អាជ្ញាធររាជធានី ស្នើឱ្យក្រសួងការងារចេញសេចក្តីជូនដំណឹងទៅម្ចាស់រោងចក្រ ធ្វើបញ្ជីស្នាក់នៅ កម្មករឲ្យបានច្បាស់លាស់ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩

 លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករ កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករនិងដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយនោះ ។

ការស្នើឡើងបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាលនិងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបងប្អូនកម្មករកម្មការិនីដែលបម្រើនៅតាមបណ្តាលរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ ។ ដូច្នេះលោកស្នើសុំទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមឱ្យក្រួសួង ចេញជាសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើជាបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះបាននិងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានជំរុញនិងធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមសហការនិងធ្វើការងារនេះព្រមៗគ្នាជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវសហការចុះផ្ទាល់ជាមួយនឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះបានលឿននិងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។

លោក ឃួង ស្រេង បញ្ជាក់ផងដែរថា៖ ចំពោះការងារនេះត្រូវតែធ្វើឡើងដោយលម្អិត មានទាំងលិខិតប័ត្ររបស់កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយនឹងរូបថត៤គុណនឹង ៦ផងដែរ មានន័យថា មានបញ្ហាយើងអាចឈានទៅកាត់ផ្តាច់ឬសគល់នៃជម្ងឺកូវីដ-១៩នេះបាន។

ជាមួយគ្នានោះដែរលោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មានវិធានការបន្ថែមទៀត ទៅលើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ឲ្យមានប្រសិទ្ធភាព ដើម្បីយើងឈានទៅកាត់ផ្ដាច់អោយបាននៅពេលឆាប់ៗនេះ៕