Friday, February 07, 2020

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០

















រាជរដ្ឋាភិបាល អនុញ្ញាតឱ្យសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្មពីរទៀត នៅខេត្តឧត្តរមានជ័យ និងកោះកុង

រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួនពីរទៀតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តកោះកុង។ រោងចក្រទាំងពីរនេះ អាចផ្តល់ថាមពលអគ្គិសនីបានជិត ១ពាន់មេហ្គាវ៉ាត់ ជាមួយទុនវិនិយោគជាង ១ពាន់ ៦០០លានដុល្លារអាមេរិក។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ក្រោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គម្រោងបង្កើតរោងចក្រដើរដោយធ្យូងថ្មទាំងពីរនេះ នឹងត្រូវដាក់ជូនសភាពិនិត្យ និងសម្រេចផងដែរ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មីនៅក្នុងខេត្តឧត្តរមានជ័យ នឹងត្រូវសាងសង់ឡើង នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្មដែលមាននៅក្នុងតំបន់នោះ ដែលបានគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២។
រោងចក្រនេះ វិនិយោគសាងសង់ដោយក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ដោយផ្តល់ថាមពលអគ្គិសនីប្រមាណ ២៦៥មេហ្កាវ៉ាត់។ ការវិនិយោគនេះ ប្រើទុនប្រមាណជិត ៣០០លានដុល្លាររអាមេរិក។
ដោយឡែករោងចក្រដើរដោយធ្យូងថ្មនៅខេត្តកោះកុងវិញ នឹងត្រូវសាងសង់ឡើងនៅស្រុកបុទុមសាគរ។ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មមួយនេះ វិនិយោគដោយក្រុមហ៊ុន ROYAL GROUP របស់លោក គិត ម៉េង ជាមួយទុនវិនិយោគប្រមាណ ១,៣៤៤.២០លានដុល្លារអាមេរិក។ រោងចក្រមួយនេះ អាចផលិតថាមពលបាន ៧០០មេហ្គាវ៉ាត់។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គណៈរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូន ២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ ទៅកាន់អនុស្ថានីយខាងកើតខេត្តសៀមរាបផងដែរ។ គម្រោងនេះអនុវត្តន៍ដោយក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ជាទុនវិនិយោគជាង ៦១លានដុល្លារអាមេរិក។
លោក ផៃ ស៊ីផាន បានឱ្យដឹងថា គម្រោងវិនិយោគទាំង៣ដែលរាជរដ្ឋាភិបាលបានអនុម័តនេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនីរបស់យើងមួយភាគធំពុំមានលទ្ធភាពផលិតបានច្រើន ការចរចាលើបច្ចេកទេសនិងហិរញ្ញវត្ថុមានលក្ខណៈសមរម្យ អាចចូលរួមបន្ថយថ្លៃអគ្គិសនីបន្ថែមទៀតជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា ឆ្លើយតបនឹងគោលនយោបាយបន្ថយថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល រួចម្យ៉ាងទៀងកង្វល់លើបញ្ហាបរិស្ថានត្រូវបានដោះស្រាយដោយសមស្រប តាមគោលការណ៍ក្រសួងបរិស្ថាន។
យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានទំនប់វារីអគ្គិសនីចំនួន៧ ផ្តល់ថាមពលសរុបចំនួន ១,៣២៨មេហ្កាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន២ ផ្តល់ថាមពលសរុបចំនួន ៦៤០មេហ្គាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយចំហេះប្រេងខ្មៅ តល់ថាមពលសរុបចំនួន ២៧៤មេហ្កាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន២ តល់ថាមពល ៩០មេហ្កាវ៉ាត់ និងអគ្គិសនីដើរដោយជីវឧស្ម័ន តល់ថាមពល ៥៦មេហ្កាវ៉ាត់។
ប្រភពថាមពលទាំងនេះ ធ្វើឱ្យកម្ពុជាមានថាមពលអគ្គសនីក្នុងប្រទេសសរុប ២,៣៨៨មេហ្កាវ៉ាត់។ ដើម្បីបំពេញតម្រូវប្រើប្រាស់ថាមពលអគ្គិសនី ដែលកើនឡើងជារៀងរាល់ឆ្នាំនោះ កម្ពុជា បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាងរួមមានប្រទេសថៃ វៀតណាម និងឡាវ ប្រមាណ ៤៤២.៥មេហ្កាវ៉ាត់ផងដែរ ៕

គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»

គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ «ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»។
ការអនុម័តនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ «ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» គឺត្រូវបានអនុម័តទាំងស្រុង។ ប៉ុន្តែសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ត្រូវបានដកមាត្រា៤ និងកែសម្រួលពាក្យពេចន៍នៅក្នុងមាត្រាមួយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជាក្រសួង «ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»។ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ គណៈរដ្ឋមន្ត្រីបានសម្រេចឱ្យរៀបចំជាច្បាប់ថ្មី ព្រមទាំងតែងតាំងរដ្ឋមន្ត្រីជាថ្មីម្តងទៀត ដើម្បីឆ្លងរដ្ឋសភា សម្រាប់ការប្តូរឈ្មោះក្រសួងនេះ។
ដោយឡែកសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយក្រសួងនានាមានរចនាសម្ព័ន្ធប្រហាក់ប្រហែលគ្នាមួយចំនួននោះ គណៈរដ្ឋមន្ត្រីត្រូវដឹកនាំប្រជុំសម្របសម្រួលឡើងវិញផងដែរ។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ការប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបបគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបបគំហើញផ្សេងៗ(នវានុវត្តន៍) របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជម្រុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជម្រុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានឱ្យដឹងដែរថា ដើម្បីតាក់តែងរៀបចំសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យខាងលើ ដោយផ្អែកលើមូលដ្ឋានបទបញ្ញតិ្តនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី លំនាំច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលំនាំនៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏ដូចជាបទបញ្ញតិ្តពាក់ព័ន្ធដទៃទៀត ដែលមានជាធរមាន។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានដាក់ឆ្លងពិគ្រោះយោបល់ ពិភាក្សា ពិនិត្យកែសម្រួលឡើងវិញ ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយមានក្រសួងពាក់ព័ន្ធចំនួន១៥ រួមទាំងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ផងបានចូលរួមផ្តល់ជាមតិយោបល់ និងបានលើកឡើងនូវចំនុចមួយចំនួនពាក់ព័ន្ធនឹងទម្រង់ ខ្លឹមសារ បទបញ្ញតិ្ត ដែលគួរត្រូវបានកែសម្រួល និងចែងក្នុងសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យនេះ។
ជាពិសេសអង្គប្រជុំអន្តរក្រសួង និងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក៏បានផ្តល់ធាតុចូល បញ្ជាក់បន្ថែមអំពីអត្ថន័យនៃពាក្យដែលបានប្រើប្រាស់ អំពីក្របខណ្ឌគតិយុត្ត ទិដ្ឋភាពបច្ចេកទេស ក៏ដូចជាសមត្ថកិច្ចទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យការរៀបចំឯកសារគតិយុត្តិទាំងពីរ មានលក្ខណគ្រប់ជ្រុងជ្រោយដែលអាចទទួលយកបាន (ដូចមានបញ្ជាក់នៅក្នុងកំណត់ហេតុប្រជុំ។ ចំពោះការលើកឡើងរបស់អង្គប្រជុំ អន្តរក្រសួង និងមតិចូលរួមកែលម្អរបស់តំណាងក្រុមប្រឹក្សាអ្នកច្បាប់។
សូមបញ្ជាក់ដែរថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើមឡើយមានឈ្មោះថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ លុះនៅអាណត្តិទី៥ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រសួងថ្មីមួយទៀតឈ្មោះថា ក្រសួង «រ៉ែ និងថាមពល» ដូច្នេះក្រសួង «ឧស្សាហកម្ម រ៉ែ និងថាមពល» ត្រូវបានប្តូរឈ្មោះទៅជាក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម»វិញ ៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០» និងជួបជាមួយធុរជនអាមេរិក

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា២០២០» ដែលរៀបចំឡើងដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០។ អញ្ជើញជាអធិបតីក្នុងពិធីនោះដែរគឺ លោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។
នៅក្នុងសុន្ទរកថាគន្លឹះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាពមួយដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក បានជម្រាបជូនពីផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុពលសម្រាប់ជាព័ត៌មានជូនដល់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្មឬវិនិយោគនៅកម្ពុជា។ លោក បានសង្កត់ធ្ងន់លើការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយដើម្បីទ្រទ្រង់វិស័យកសិកម្មឲ្យមានការរីកចម្រើនមួយចំណែកទៀត ដោយក្នុងនោះ លោក បានលើកជាឧទាហរណ៍ការកែច្នៃដំឡូងមីទៅជាម្សៅ គ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះ នឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិកក៏ដូចជាក្រុមហ៊ុនក្នុងស្រុកពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដោយបានលើកឡើងអំពីបរិយាកាសវិនិយោគល្អប្រសើររបស់កម្ពុជា។
នៅក្នុងសុន្ទករថាបើក ឯកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូនថា ការរៀបចំវេទិកាធុរកិច្ចស្ដីពីវិស័យកសិកម្មនៅកម្ពុជានេះ ជាវេលាដ៏ល្អមួយគាប់ជួនជាមួយនឹងខួបអនុស្សាវរីយទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ចំពោះវេទិកាធុរកិច្ចលើកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន ១៥ ក្រុមហ៊ុន ដោយក្នុងនោះរួមមានក្រុមហ៊ុនដែលប្រកបកសិកម្មបែបប្រពៃណី និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើប ដែលអាចជួយដល់ការជំរុញវិស័យកសិកម្ម និងបង្កើនទិន្នផល ហើយលោកសង្ឃឹមថា ក្រុមហ៊ុនទាំងនោះនឹងសហការជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនបន្ថែមទៀតថា តាមរយៈការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ចំណែកនៃវិស័យកសិកម្មនឹងមានការចុះថយជាលំដាប់ ហើយក្នុងពេលនោះហើយដែលបច្ចេកវិទ្យានឹងជួយបំពេញបន្ថែមក្នុងការបង្កើនផលិតភាព គាំទ្រស្ថិរភាពស្បៀង និងលើកកម្ពស់ខ្សែចង្វាក់តម្លៃកសិកម្មសម្រាប់ការនាំចេញ។
សូមជម្រាបជូនថា ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ គឺមានសរុបប្រមាណ ៥,៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែវិច្ឆិកា ស្មើនឹងកំណើនប្រមាណ ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ ក្នុងនោះផងដែរ វិស័យកសិកម្ម ក៏រួមចំណែកមួយចំនួនដ៏សំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ថា សុខភាពរបស់លោកនៅល្អរឹងមាំដូចធម្មតា និងអរគុណសារជូនពរជាច្រើនរបស់បងប្អូនជនរួមជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហោះសារអរគុណបងប្អូនជនរួមជាតិ ចំពោះការបារម្ភពីសុខភាពរបស់លោក នៅគ្រាដែលលោកបានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបន្តទៅទីក្រុងប៉េកាំងប្រទេសចិន។ លោកបានបញ្ជាក់ជូនបងប្អូនជនរួមជាតិថា នៅពេលនេះសុខភាពរបស់លោកមិនមានអ្វីប្រែប្រួលទេ គឺនៅរឹងមាំដូចធម្មតា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងប៉េកាំងជួបមេដឹកនាំកំពូលរបស់ចិននោះ បានធ្វើឲ្យកម្ពុជា នៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ដែលចិនកំពុងជួបវិបត្តិ បង្កឡើងដោយវីរុសកូរ៉ូណានេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅម៉ោង៨៖៣០បន្តិចទៀតនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរ អំពីសុខភាពរបស់ខ្ញុំ គឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូន ដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំ ក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ កុម្ភៈកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជា គឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា»៕

គណៈកម្មាការទី៦រដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីវឌ្ឍនភាព ការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា

កំពង់ឆ្នាំង៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការចុះបំពេញបេសកកម្ម នៅខេត្តកំពង់ឆ្នាំង ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀតនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក៏ដូចជាជួបសំណេះសំណាលជាមួយលោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។
គោលបំណងនៃបេសកកម្មនេះ គឺដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តច្បាប់ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការក៏បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិដែលមានភារកិច្ចស្នូល៣គឺ៖ ភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ព្រមទាំងនីតិវិធីនៃការអនុម័តសេចក្តីព្រាងច្បាប់។
លោក ប៉ែន បញ្ញា បានបន្តទៀតថា រដ្ឋសភាជាស្ថាប័នតំណាងអោយប្រជាធិបតេយ្យ ហើយរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ ពីរបបប្រជាធិបតេយ្យនៅកម្ពុជា ដែលមានភាពសេរីពហុបក្ស និងបានបែងចែកអំណាចដឹកនាំរដ្ឋជាបីដាច់ពីគ្នាគឺ អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ៕


ពិធីប្រកាសព្រះរាជប្រកាសនីយបត្រតែងតាំងព្រះវិមុលរតនៈ ទេព ហត្ថ និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមេគណខេត្តថ្មី

ក្រចេះ៖ នៅរសៀលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ នៅវត្តបុទមរង្សី ក្រគរ ក្រុងក្រចេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា លោក វ៉ា ថន អភិបាលខេត្ត និងភរិយា អញ្ជើញចូលរួម ក្នុងពិធីប្រកាសព្រះរាជប្រកាសនីយបត្រ តែងតាំងព្រះមេគណខេត្ត និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនចំពោះព្រះវិមលរតន: ទេព ហត្ថាព្រះរាជាគណ:ថ្នាក់កិត្តិយសឡើងជាព្រះសុគន្ឋសីលសារ ព្រះមេគណខេត្តក្រចេះ ក្រោមព្រះរាជ អធិបតីភាព សម្តេចព្រះមហាសុមេធាធិបតីកត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដោយពិធីមានការនិមន្តអមដំណើររដោយសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន,ព្រះរាជាគណ: និងមន្រ្តីសង្ឃ ព្រមទាំង រួមប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
មានព្រះបន្ទូលពីសម្តេចព្រះមហាសុមេធាធិបតីកត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ៖ ក្នុងន័យរំលឹកបន្ថែមថា ថេរសភាសង្ឃខេត្ត ក្រុង ស្រុក ត្រូវយកព្រះទ័យទុកដាក់ ទប់ស្កាត់ និង រំងាប់អធិករណ៍នៅក្នុងទីអារាមឲ្យបានជ្រះស្រឡះ បើសិនជាមានកើតឡើង ឬ បម្រុងនឹងកើតឡើង។ ជាមួយគ្នានេះ ព្រះសង្ឃដែលជាសាវកនៃព្រះសម្មាសម្ពុទ្ធ ត្រូវបង្កើនការអប់រំពុទ្ធសាសនិកជនឲ្យចេះរៀនសូត្រប្រតិបត្តិធម្មវិន័យ ដោយមានព្រះត្រ័យបិតក ជាគោល ដើម្បីទុកជាគោលដៅតម្រង់ទិសនៃការអប់រំសីលធម៌សង្គម ។ ព្រះអង្គទ្រង់មានព្រះបន្ទូលរំលឹកអំពីគុណូបការៈដ៏ធំធេងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប្រសូតបាននូវជីវិតទី២ របស់ប្រជាជាតិកម្ពុជា ដែលជាមួយគ្នានោះ ព្រះពុទ្ធសាសនាក៏ត្រូវបានរស់ឡើងវិញ និង ត្រូវបានរដ្ឋធម្មនុញ្ញជាតិកំណត់ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ។
សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បន្តព្រះបន្ទូលថា ការរស់ឡើងវិញទាំងអស់នេះ ពិតណាស់ គឺត្រូវបានដណ្តើមយកចេញពីរបបប្រល័យពូជសាសន៍ ដោយការលះបង់ និង បូជាជីវិត ដោយអ្នកស្នេហាជាតិក្នុងតម្លៃដែលមិនអាចកាត់ថ្លៃបាន ក៏ប៉ុន្តែសម្រាប់ការថែរក្សាសមិទ្ធផលរបស់ជាតិទាំងអស់នេះ គឺពិតជាមិនស្ថិតក្នុងភាពសាមញ្ញនោះទេ គឺពិតជាត្រូវការតម្លៃនៃសាមគ្គីធម៌ដោយសុឆន្ទៈ និង ស្មារតីទទួលខុសត្រូវជាធ្លុងមួយ ដោយសទ្ធាជាកុសលកម្មព្រមៗគ្នា រួមទាំង កាយ វាចា និង ចិត្ត ផងដែរ។ ហើយព្រះអង្គទ្រង់បានសូមឲ្យគោរពប្រតិបត្តិសិល៍សិក្ខាវិន័យឲ្យបានខ្ជាប់ខ្ជួនដឹកនាំព្រះសង្ឃក្រោមឱវាទឲ្យបានល្អ បង្រៀនធម៌វិន័យដល់សង្ឃឲ្យមានពុទ្ធិ និងដឹកនាំកសាងទីវត្តអារាម ជាមួយនិងញាតិ្តញោមពុទ្ធបរិស័ទ ដើម្បីថែរក្សាសានាព្រះពុទ្ធបរមគ្រូជាទីគោរព ជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិសទ័ និងជាថ្នាល បណ្តុះគុណធម៌ដល់កុលបុត្រខ្មែរយើង ឈានទៅរកឋានបរមសុខ ពោលគឺព្រះនិពាន្វ៕



កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ( គ.ស.ច.គ) បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពការរឹត បន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការទី២នៃ គ.ស.ច.គ អភិបាល អភិបាលរងខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ផងដែរថា៖ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះផងដែរ៕



ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាលាស្ដីពីការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ នៅថ្ងៃទី១២ ខែកុម្ភៈ

ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឲ្យបានជ្រាបថា ខ្លួននឹងរៀបចំសិក្ខាសាលា ស្ដីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មូលហេតុនៃការបើកសិក្ខាសាលា ស្ដីពី ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន សម្តៅដល់ការធានាផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឲ្យ សាធារណជនមានការភាន់ច្រឡំ៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានខាងក្រោម៖

សម រង្ស៊ី កឹម សុខា មានតែមួយ បើមានស៊ីអត់ខា បើមានខាអត់ស៊ី!



សម រង្ស៊ី កឹម សុខា មានតែមួយ បើមានស៊ីអត់ខា បើមានខាអត់ស៊ី!

#សមរង្ស៊ី #កឹមសុខា #កម្ពុជា #EBA