Thursday, July 29, 2021

កិច្ចប្រជុំពិនិត្យពិភាក្សា លើយន្តការនៃការបង្កើតគណៈកម្មការចំនួន២ស្ដីពីការទប់ស្កាត់និងការបង្រ្កាបការធ្វើអាជីវកម្មខុសច្បាប់ក្នុងវិស័យរ៉ែ និងជលផលក្នុងខេត្តកំពត

កំពត÷ ដើម្បីជំរុញការអនុវត្តច្បាប់ ឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជា ការធានាបាននិរន្តរភាពនិងប្រមូលប្រភពចំណូលចូលថវិការដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលខ្លឹមសារលើយន្តការនៃរបៀបវារៈចំនួន២គឺ៖ 

ទី១.សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការចម្រុះពិនិត្យទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែ និងការដឹកជញ្ជូនរ៉ែខុសច្បាប់។

ទី២.សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ បង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពត។ 

កិច្ចប្រជុំធ្វើឡើងក្រោមធិបតីភាពលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងទាំងបីក្នុងខេត្ត ផងដែរ។

លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាការងារគ្រប់គ្រងអាជីវកម្ម និងការប្រមូលថវិការចូលរដ្ឋក៏ដូចជាការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងវិស័យរ៉ែ និងវិស័យជលផលក្នុងភូមិសាស្ត្រខេត្តកំពត កន្លងមកមានលក្ខណៈល្អប្រសើរ។ តែទោះបីយ៉ាងណា បញ្ហាបាតុភាព អសកម្មទាំងឡាយពីវិស័យរ៉ែនិងជលផលក្នុងភូមិសាស្ត្រខេត្ត តែងកើតមានឡើង ជាបន្តបន្ទាប់ គឺផ្ដើមចេញពីបុគ្គលមិនគោរពច្បាប់មួយចំនួន បានធ្វើសកម្មភាពរំលោភបំពានមិនកោតក្រែងច្បាប់កំណត់។ 

ដូច្នេះកិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងកែសម្រួលលើខ្លឹមសារនៃយន្តការសេចក្ដីសម្រេចទាំងពីរខាងលើនេះ ដើម្បីផ្ដល់ជូនលទ្ធភាពឲ្យក្រុមការងារសហការគ្នាបំពេញបេសកកម្មការងារ ក្នុងវិស័យរ៉ែ និងជលផលនេះឲ្យបានកាន់តែរលូន និងប្រកបដោយមានប្រសិទ្ធភាពនៅក្នុងភូមិសាស្ត្រខេត្តកំពត បន្ថែមទៀត៕







រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្តាហ៍ និងផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ 

 

 នៅក្នុងសេចក្តីសម្រេចខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ។

ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងបន្ថែម របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖

អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំស្តីពីផែនការត្រៀមទប់ទល់សភាពការថ្មីនៃជំងឺកូវីដ-១៩ តាមរយៈវីដេអូ ZOOM

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធបានចូលរួមប្រជុំស្តីពីផែនការត្រៀមទប់ទល់សភាពការណ៍ថ្មី នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក(គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩) ទទួលបន្ទុកអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល( អនុគណៈកម្មការទី ៤ )តាមរយៈវីដេអូ ZOOM ។

សូមជម្រាបផងដែរថា កិច្ចប្រជុំបានជាសំខាន់ទៅលើខ្លឹមសារ៣ចំណុច៖

ទី១.សម្រាប់រាជធានី-ខេត្តខាងក្នុង ត្រូវត្រៀមពីការវិលត្រឡប់ពលករពីប្រទេសថៃ អាចមានការមកជាគំហុកច្រើន ដោយត្រូវរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ពលករដែលមកពីប្រទេសក្រៅ ឲ្យបានរួចរាល់។ ទី២.ចំពោះករណីវីរុស ដែលតា(Delta) មកពីថៃ និងអាចចូលក្នុងសហគមន៍ យើងត្រូវសហការគ្នា ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់កុំឲ្យរាលដាលខ្លាំង ក្នុងសហគមន៍ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដែលយុទ្ធសាស្រ្តសំខាន់នោះ គឺខិតខំជម្រុញការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ និងចាក់វ៉ាក់សាំងសម្រាប់ក្មេងដែលមានអាយុ១២ ឆ្នាំ ឡើងដល់អាយុ១៧ឆ្នាំឲ្យបានឆាប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាល  និង៣.ការថែទាំនិងព្យាបាលតាមផ្ទះ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕






អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ សម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បាន ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានដឹងថា អនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ៨២សសរ ចុះថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២១ ស្ដីពីការ បិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕


លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសម្ភារផ្សេងទៀតដល់លោក យាយ ចាន់ ឃីម ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ រៀងទី៧លាន

សៀមរាប៖ បន្ទាប់ពីគណៈកម្មចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសការគិតគូ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់វ៉ាក់សាំងមកខេត្តសៀមរាប ដើម្បីធ្វើការវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ 

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងខេត្តសៀមរាបនេះ លោកយាយ ចាន់ ឃីម ដែលបានស្ម័គ្រចិត្តទទួលបានការចាក់វ៉ាក់សាំង មានលំនៅដ្ឋានស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន ហើយការទទួលបានលេខរៀងទី៧លាននេះលោកនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាចំនួន១០លានរៀលនិងសម្ភារផ្សេងទៀតជូនលោកយាយផងដែរតាមរយៈលោកស្រី ឱ វណ្ណឌីន។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាបសូមអបអរសាទរចំពោះលោកយាយ ចាន់ ឃីម ដែលបានស្ម័គ្រចិត្តទទួលបានការចាក់វ៉ាក់សាំង និងសូមជូនពរលោកយាយសូមជួបតែសេចក្តីសុខសេចក្តីចំរើន ជៀសផុតពីជំងឺទាំងពួង។ 

រដ្ឋបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្ត្រី ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋមិនថាប្រជាពលរដ្ឋមានបញ្ហាអ្វី ក៏លោកនៅតែជួយនិងមិនទុកប្រជាពលរដ្ឋចោលឡើយ។ ជាមួយគ្នានេះ លោក នាយករដ្ឋមន្ត្រីមិនត្រឹមតែផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃទេ តែថែមទាំងបានឧបត្ថម្ភថវិកានិងសម្ភារជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចាក់វ៉ាក់សាំងដែលទទួលបានលេខរៀងចាប់ពីលេខរៀងទី១លានរហូតមកដល់ពេលនេះ។ 

រដ្ឋបាលខេត្តសៀមរាប ក៏បានជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន អាយុយឺនយូរ ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសូមទទួលបានជោគជ័យធំធេងថ្មីៗបន្ថែមទៀត ដើម្បីបន្តជាមគ្គុទេសក៍ដឹកនាំកម្ពុជា ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់បន្ថែមទៀត៕





ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ទទួលបានអត្ថប្រយោជន៍ជាច្រើនពី គម្រោងសាងសង់ទំនប់សណ្តរឈើតោក និងសាងសង់សំណង់បង្ហៀរ (ទ្វារ៥)

ពោធិ៍សាត់៖ គម្រោងសាងសង់ទំនប់សណ្តរឈើតោក និងសាងសង់សំណង់បង្ហៀរ (ទ្វារ៥) ស្ថិតនៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាននិងកំពុងផ្ដល់ផ្លែផ្កា និងអត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ។

សូមជម្រាបផងដែរថា គម្រោងនេះរួមមាន៖

១-ការសាងសង់ទំនប់សណ្តរឈើតោក (ខាងឆ្វេង) ប្រវែង ១.០០០ម៉ែត្រ

២-ការសាងសង់សំណង់បង្ហៀរ (ទ្វារ៥) ចំនួន០១កន្លែង លើស្ទឹងឈើតោក

៣-ការសាងសង់ទំនប់សណ្តរឈើតោក (ខាងស្តាំ) ប្រវែង ១.២០០ម៉ែត្រ៕





កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនលោកតា ប្រាក់ អ៊ុ អាយុ ១០២ ឆ្នាំ នៅស្រុករមាសហែក

ស្វាយរៀង៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងមានការនិមន្តចូលរួមពីព្រះមេធវង្សបណ្ឌិត សុខ ប៊ុន ធឿន អនុប្រធានកិត្តិយសសាខា បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្តល់ជូនលោកតា ប្រាក់ អ៊ុ អាយុ ១០២ ឆ្នាំ មានកូន ៨ នាក់ ចៅ៥០នាក់ ព្រមទាំងមានមានចៅទួត ទៀតផង គាត់រស់នៅភូមិត្រពាំរុន ឃុំ ចន្ត្រី ស្រុករមាសហែក។

សព្វថ្ងៃ លោកតាមានជីវភាព មធ្យម ព្រោះគាត់រស់នៅជាមួយកូនៗ ចៅៗ ដែលផ្តល់អាហារ ហូបចុកប្រចាំថ្ងៃមិនមានការខ្វះខាតឡើយ។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៦០ គីឡូក្រាម ឃីត ១ កញ្ចប់(មុង ភួយ ក្រម៉ា សារុង) ត្រីខកំប៉ុង ២យួរ ទឹកផ្លែឈើ ២កេស ទឹកបរិសុទ្ធ ២កេសទឹកត្រី ៦ ដប ទឹកស៊ីអ៊ីវ ៦ ដប ម៉ាស ១០០ សន្លឹក អាកុល ២,៥០ លីត្រ អាវយឺត ១ មី ១ កេស ថវិកា៥ សែន រៀល។

ក្នុងនោះ ព្រះមេធវង្សបណ្ឌិត សុខ ប៊ុន ធឿន បានឧបត្ថម្ភបន្ថែម៖ អង្ករ ៧០ គីឡូក្រាម មីកំប៉ុង ៦០ កំប៉ុង ក្រម៉ា  ១ កន្សែងពោះគោ២ សាប៊ូ ១០ដុំ ថ្នាំពេទ្យមួយចំនួន ជែល ៥ ដប ស្បែកជើង ៥ គូរ ទឹកក្រូច ៣ កេស ទឹកដោះគោភីឌីស៊ួ ៨ ដប ថវិកា៣ សែនរៀល ព្រមទាំងអាជ្ញាធរភូមិ ឃុំ  ព្រះសង្ឃវត្ត ត្រពាំងរុន បានចូលរួមឧបត្ថម្ភ សម្ភារមួយចំនួនផងដែរ៕








សារាចរ លេខ៖០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ សារាចរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការរីករាលដាលខ្លាំងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែង Delta។ ក្នុងសារាចរនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការសំខាន់ចំនួន ១១ចំណុច ជូនដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែថ្មី នៅក្នុងសហគមន៍។