Wednesday, November 11, 2020

អភិបាលរងខេត្តសៀមរាប ស្នើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឱ្យបានល្អប្រសើរ

 សៀមរាប៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុកស្រីស្នំ បានរៀបចំប្រកាសចូលកាន់ដំណែងលោក ឡុត ញាន ឋានន្តរសកិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុក និងលោក ហម សុផល ឋានន្តរសកិ្ត ក្រមការដើមខ្សែ ជានាយករដ្ឋបាលសាលាស្រុកស្រីស្នំ ក្រោម អធិបតីភាពរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី លោក លោកស្រី នាយក-នាយិកា សាលាអនុវិទ្យាល័យ វិទ្យាល័យ និងអ្នកពាក់ព័ន្ធសរុបចំនួន៨៥នាក់។

លោកអភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកស្រីស្នំ ដែលបានរួមសាមគ្គីគ្នាក្នុងការកសាងអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ លោក បានបន្តទៀតថា សមិទ្ធផលដែលស្រុកសម្រេចបានកន្លងមកនេះជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលហើយក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានអនុវត្តចាប់តាំងពីឆ្នាំ២០០២ និងសម្រេចបាននូវសមទ្ធិផលជាច្រើនគួរជាទីមោទកភាព។ លោក ក៏លើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីដែលបានកំណត់ក្នុងច្បាប់ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

លោកអភិបាលរងខេត្ត បានស្នើដល់លោក អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកស្រីស្នំ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម៖
– ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឱ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។
– បន្តខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមលក្ខណៈសម្បត្តិទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មើភាព។
– ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈដែលប្រកាសដោយអន្តរក្រសួង ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមមាន ការសាងសង់សំណង់ផ្សេងៗ ឲ្យផុតពីដីចំណីផ្លូវ ការសាងសង់ផ្លូវថ្មី ពង្រីកផ្លូវ និងការកំណត់ដីចំណីផ្លូវ អូរ ប្រឡាយ ជាដើម។
– ជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ ស្រុក និងឃុំ ឲ្យ ទទួលបានជោគជ័យ។
– បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស ពិសេសការដឹកជញ្ជូន គ្រប់រូបភាព និងត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស លុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់គ្រប់រូបភាពក្នុងទឹកដីស្រុកស្រីស្នំ ទាំងមូល និងការយកកម្រៃមិនស្របច្បាប់ផ្សេងៗ។
– ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងចនាសម្ព័ន្ធរដ្ឋបាលស្រុក ដោយ អវត្តតាមសេចក្ដីណែនាំលេខ ០៥៥ សណន របស់ក្រសួងមហាផ្ទៃដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ខ្ពស់ ពិសេស អនុវត្តន៍ តាមអភិក្រមទាំង ០៥ គឺ ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ ។
– តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ៕






រាជរដ្ឋាភិបាលខិតខំដាក់ចេញយុទ្ធសាស្ត្រ កំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិរក្សានូវសន្តិសុខស្បៀងអាហារ

 ក្រចេះ៖ នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណមន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ក្នុងក្រុងក្រចេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចុះសាកសួរសុខទុក្ខនិងបានចែកជូនពូជស្រូវ​ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទន្លេ នាពេលកន្លងមក ដែលមានស្រុកចំនួន០៤និងក្រុង១ស្មើនឹង១៨ឃុំ ៣សង្កាត់ត្រូវនឹង៨០ភូមិ ស្មើនឹង២.៣៧២គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាដើមទុនសម្រាប់ធ្វើការដាំដុះឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយទឹកជំនន់ទឹកទន្លេមេគង្គក្នុងឆ្នាំ២០២០នេះ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត លោក លោកស្រី ជាប្រតិភូអមដំណើរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋរងគ្រោះផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដោយមិនទុកឲ្យប្រជាពលរដ្ឋ​ណាម្នាក់អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រ កំណែទម្រង់ស៊ីជម្រៅនិងអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិរក្សានូវសន្តិសុខ​ស្បៀងអាហារជូនប្រជាជនកម្ពុជានិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។

បងប្អូនប្រជាកសិករទាំង២.៣៧២ គ្រួសារ ក្នុងមួយគ្រួសារទទួលបានស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន១០ម៉ឺនរៀលដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះនិងភ្លៀងធ្លាក់ខ្លាំងរយៈពេលកន្លងទៅក្នុងភូមិសាស្រ្តខេត្តក្រចេះ បានទទួលរងគ្រោះនូវទឹកជំនន់ទន្លេមេគង្គតាមបណ្តាក្រុង ស្រុក បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៣ស្រុក/១ក្រុង ក្នុងនោះរួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ៕






ក្រសួងសុខាភិបាល ប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនពលរដ្ឋខ្វះខាតក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

(ភ្នំពេញ)៖ ភ្លាមៗក្រោយទទួលបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល  ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។

ការបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលចំនួនពីរលានម៉ាសនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

រដ្ឋលេខាធិការ ក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ ថ្លែងបញ្ជាក់ ឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាស់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕



កិច្ចប្រជុំផ្សព្វផ្សាយពង្រឹងវិធានការការពារការរីករាលដាលជម្ងឺកូវីដ១៩ និងត្រៀមរៀបចំចែកពូជស្រូវដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង

 កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយពង្រឹងវិធានការការពារការរីករាលដាលជម្ងឺកូវីដ១៩ និងការងារត្រៀមរៀបចំចែកពូជស្រូវដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំង រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសចក្ដីណែនាំរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវបន្ដផ្សព្វផ្សាយវិធានការការពារជម្ងកូវីដ១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺនេះ ៕




លោក ម៉ែន វិបុល ដឹកនាំអង្គភាពពាក់ព័ន្ធទាំងអស់ឱ្យចូលរួមរៀបចំពូជស្រូវ ដើម្បីត្រៀមចែកជូនដល់ប្រជាកសិករ

 ស្វាយរៀង៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកងកម្លាំងទាំង៣ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ និងយុវជន សសយក ខេត្ត ចូលរួមរៀបចំពូជស្រូវដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្ថិតនៅទីតាំងមាត់ទន្លេវ៉ែគោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សូមជម្រាបជូនថា អំណោយជាពូជស្រូវសែនក្រអូបរបស់លោកនាយករដ្ឋមន្រ្ដី ដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ទឹកភ្លៀងមាន៖ ស្រុករមាសហែក ៣៩០គ្រួសារ, ស្រុកស្វាយជ្រំ ២០៥គ្រួសារ, ស្រុកកំពង់រោទិ័ ២៥៣គ្រួសារ, ស្រុកចន្រ្ទា ៨៦គ្រួសារ, ក្រុងស្វាយរៀង ៨០គ្រួសារ ក្នុងនោះ ១គ្រួសារ ទទួលបានពូជស្រូវ ១០០គីឡូក្រាម ៕




កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី៥ ឆ្នាំទី២ អាណត្តិទី ៣

 ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី៥ ឆ្នាំទី២ អាណត្តិទី ៣ ដោយមានការចូលរួមពីលោក ចេង ឡៃ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពក្នុងខេត្ត អភិបាលស្រុកទាំង ៧ លោកនាយករដ្ឋបាល នាយកទីចាត់ការ និងមន្ត្រីសាលាខេត្ត។

លោក ម៉ក់ រ៉ា បានលើកឡើងពីរបៀបវារ:ដាក់ជូនក្នុងអង្គប្រជុំដំណើរការ៖
ទី១. ពិនិត្យ និងអនុម័តិសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
ទី២. ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលាឆ្នាំ២០២០របស់រដ្ឋបាលខេត្ត។
ទី៣. ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី២ អាណត្តិទី៣ ឆ្នាំ២០២០។
ទី៤. ពិនិត្យនិង អនុម័តិសេចក្តីព្រាង សៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល២០២១-២០២៣។
ទី៥. ឆ្លងសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២១របស់រដ្ឋបាលខេត្តពោធិ៍សាត់។
ទី៦. របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។
ទី៧.ពិនិត្យ និងអនុម័តិស្នើសុំតែងតាំងព្រះមេគណខេត្ត។
ទី៨.បញ្ហាផ្សេងៗ។

លោក ម៉ក់ រ៉ា បានប្រកាសជូនអង្គប្រជុំឲ្យបានជ្រាបថាកិច្ចប្រជុំសាមញ្ញលើកទី៦និងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៨ព្រឹកនៅទីតាំងដដែល៕





ពិធីប្រារព្ធខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

 បាត់បំបង៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចូលរួម ខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅមុខសាលាខេត្ត ដោយមានការចូលរួមពីដឹកនាំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផងដែរ។

លោក ងួន រតន: បានអានសារលិខិតទាំងស្រុង និងបានថ្លែងថា ៩វិច្ឆិកាជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្ត នៃការប្រកាសឯករាជ្យពេញលេញ របស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា តែងតែចងចាំ និងចារឹកជាប់ជានិច្ច ក្នុងជីវិតនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជា ព្រះកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជាឲ្យរួចផុតពីអាណានិគមនិយមបារាំង។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក៏ដោយ។
ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់គ្នាចូលរួមអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈនិងការអភិវឌ្ឍន៏ជាតិ។

ប្រការនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានដ៏រឹងមាំ គ្រប់ផ្នែក គ្រប់វិស័យធ្វើឲ្យកិត្យានុភាពរបស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេស ក៏ដូចនៅលើពិភពលោកក្នុងនោះខេត្តបាត់ដំបង ក្រោមការណែនាំ និងតម្រង់ទិសរបស់លោក ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដមបង បានធ្វើឲ្យខេត្តបាត់ដំបងមានការរីកចម្រើនលើគ្រប់វិស័យ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម។ ស្ថិតក្នុងស្ថានភាពនៃរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលកើតឡើងវិញនៅរាជធានីភ្នំពេញ រដ្ឋបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចុះផ្សព្វផ្សាយ និងអប់រំនូវវិធានការ ការពារនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសរាល់ការជួបជុំគ្នាក្នុងពិធីផ្សេងៗ និងការបិទក្លឹបកំសាន្តជាពិសេសជំរុញការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងប្រកាន់ខ្ជាប់អនាម័យជាប់ជានិច្ច។

ក្នុងនាមរដ្ឋបាលខេត្ត ក៏សូមជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងក្នុងការចាត់វិធានការនានាដើម្បីបង្ការទប់ស្កាត់ នូវផែនការទុច្ចរិតរបស់ក្រុមប្រឆាំងរាជរដ្ឋាភិបាលសំដៅថែរក្សានូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជាតិទាំងមូលរបស់យើង៕







វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុក រមាសហែក

 ស្វាយរៀង៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងលោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុង វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលស្ថិតនៅបរិវេណសាលាស្រុករមាសហែក វេទិការនេះមានគោលបំណងដើម្បីចង់ដឹងអំពីកង្វល់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាប្រកបដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ។

អញ្ជើញចូលរួមក្នុងវេទិការនេះមានលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលស្រុក ប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានា ចំណុះសាលាខេត្ត មន្រ្តីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក រស់ ឆាយ បានថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះបានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។

សូមបញ្ជាក់ជូនថា អង្គវេទិការនេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖
១- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
២-ការងារអភិវឌ្ឍន៍មូលដ្ឋាន , ការផ្ដល់សេវាសាធារណៈ , ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ។
៣-ការធ្វើអត្តសញ្ញាណប័ណ្ណ , ទំនាស់ដីធ្លី ការចុះសំបុត្រអត្រានុកូលដ្ឋាន
៤- សុខភាពអនាម័យ , បរិស្ថាន , ការបោះបង់ការសិក្សា , សេវាសុខាភិបាល , ព្រៃឈើសហគមន៍ , អគ្គិសនី និងការសាងសង់សំណង់ផ្សេងៗ ៕









សិក្ខាសាលាស្តីពីការត្រួតពិនិត្យលទ្ធផលប្រចាំឆ្នាំ របស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព

 កោះកុង៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការត្រួតពិនិត្យលទ្ធផលប្រចាំឆ្នាំ របស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព។

ក្នុងនោះ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណលោក លោកស្រី ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ជាពិសេសមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងអង្គការដៃគូ ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ១-បង្ហាញលទ្ធផលការអនុវត្តគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព កត្តាប្រឈម ការអនុវត្ត និងអនុសាសន៍សម្រាប់ការអនុវត្តបន្ត ២-ពិភាក្សាពីផែនការសម្រាប់អនុវត្តបន្ត ដោយរួមបញ្ចូលការបញ្ជ្រាបជំងឺ កូវីដ-១៩ ការពង្រឹងគុណភាព នៃកិច្ចប្រជុំ និងសមត្ថភាពរបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ ដើម្បីគាំទ្រគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ និង៣-ពង្រឹងទំនាក់ទំនង ការចូលរួម និងការបង្កើតទំនាក់ទំនង រវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ត្រីផ្នែកលើកកំពស់សុខភាពថ្នាក់ខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាពឃុំ-សង្កាត់ និងអង្គការ CRS ដែលត្រូវគាំទ្រ នឹងធ្វើការជាមួយគ្នា ដើម្បីអនុវត្តគម្រោង និងរៀបចំផែនការសម្រាប់ការអនុវត្តគម្រោងបន្តបន្ទាប់ទៀត៕






ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលទើបមកពីសហរដ្ឋអាមេរិក

 នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបញ្ជាក់ថា ក្រសួងទើបរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកដំណើរទើបត្រឡប់មកពីសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នកឆ្លងថ្មីនេះ គឺជាស្ត្រីជនជាតិអាមេរិកកាំអាយុ ៣៥ឆ្នាំ ស្នាក់នៅណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើ តេស្កវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមជើងហោះហើរខាងលើនេះ សរុបមានចំនួន ៦៦នាក់ ដែលបានធ្វើ តេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺ អវិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផល ធ្វើតេស្តលើកទី២របស់ពួកគាត់ គឺមានវិជ្ជមានវីរុសកូវីដ-១៩ លើស្ត្រីជនជាតិអាមេរិកកាំងម្នាក់ខាងលើ។ រីឯអ្នកដំណើរចំនួន ៦៥នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តរកទី១នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន៥កន្លែង នៅក្នុងរាជធានីភ្នំពេញ (ចំនួន៤៧នាក់) នៅវិទ្យាល័យពោចិនតុងចំនួន ១៦នាក់ និងនៅស្ថានទូតអាមេរិកចំនួន០៣នាក់។ ដូច្នេះ អ្នកដំណើរដែលនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣៧នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ បន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួន ៣៦៥ នាក់ ដែលនៅក្នុងចំនួននេះ មាន៣១៥នាក់ រួមទាំងវត្ថុសំណាកចំនួន ២៣នាក់ដែលនៅសល់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលបានលទ្ធផល អវិជ្ជមានវីរុសវីដ-១៩ និងវត្ថុសំណាកនៅសល់ចំនួន៥០នាក់ទៀតនោះ ត្រូវធ្វើបន្តទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប ១៤៨១ វត្ថុសំណាក (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ (បានរាយការណ៍ជូនសាធារណជនរួចហើយ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំនួនសរុបវត្ថុសំណាកនេះ មិនទាន់បានបូកបញ្ចូល ចំនួន៥០វត្ថុសំណាកដែលនៅសល់ ដែលត្រូវវិភាគនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមិនទាន់មានលទ្ធ ផលតេស្តនៅឡើយទេ។

ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកជូនដល់អ្នកដែលប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកាទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ-១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះ ឱ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាព ធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង) ទៅតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឱ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងចូលក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ (ស្រី ៦១នាក់ និងបុរស ២៤០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់ ៕




ក្រសួងសុខាភិបាល ណែនាំឱ្យចៀសវាងការរៀបចំអាពាហ៍ពិពាហ៍និងពិធីផ្សេងៗដែលមានមនុស្សច្រើន

 ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំឱ្យរក្សាគម្លាតសុវត្តិភាពសង្គមដោយចៀសវាង ឬបើចៀសមិនបានត្រូវកាត់បន្ថយឱ្យបានជាអតិបរមានូវការជួបជុំគ្នាក្នុងសង្គមដែលមានមនុស្សម្នា ច្រើនដូចជា ការរៀបអាពាហ៍​ពិពាហ៍ ពិធីបុណ្យនានា មានដូចជា ការជួបជុំគ្នាក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យផ្សេងៗ ការប្រគុំតន្រ្តី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភក្តិខាងក្រៅផ្ទះ ការជួបជុំពិធីខួបកំណើត ឬការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកំសាន្តប្រមូលផ្តុំគ្នាច្រើនជាដើម។ នេះបើយោងទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងសេចក្តីណែនាំដដែលនោះ បានឱ្យដឹងទៀតថា ទន្ទឹមនឹងការអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម សូមប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាអនាម័យឱ្យបានស្អាតជានិច្ចផងដែរ៕

សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលខាងក្រោម៖








ក្រសួងសុខាភិបាល ចេញវិធានការសំខាន់ៗ១០ចំណុចសម្រាប់ការធ្វើចត្តាឡីស័ក

 ស្របពេលនឹងការព្រួយបារម្ភអំពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័កដែលវិធានការសំខាន់ៗនេះ មានដូចខាងក្រោម៖

១៖ នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬទីកន្លែងធ្វើចត្តាឡីស័ក)។
២៖ តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្តៅជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើកម្តៅលើពី៣៧.៥អង្សារ ឬមានរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥។
៣៖ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ
* រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ទឹក/បង្គន់ផ្សេងពីគ្រួសារ។ បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ។
* ពាក់មាស់ជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ
៤៖ ប្រើប្រាស់សម្ភារៈដោយឡែកពីសមាជិកគ្រួសារ
* ហាមប្រើសម្ភារៈរួមគ្នាជាមួយសមាជិកគ្រួសារ។ លាងសម្អាតសម្ភារៈទាំងនោះជាមួយទឹកស្អាត និងសាប៊ូ ឱ្យបានស្អាតល្អបន្ទាប់ពីប្រើរួច។ បោកគក់សំលៀកបំពាក់ឱ្យបានស្អាត និងហាលថ្ងៃឱ្យបានល្អ
៥៖ លាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់
* លាងសម្អាតដៃ ដោយប្រើសាប៊ូ និងទឹកស្អាត ឬប្រើអាល់កុល ឬជែលលាងដៃឱ្យបានញឹកញាប់ មុន និងក្រោយពេលចម្អិតអាហារ មុននិងក្រោយបរិភោគអាហារ និងក្រោយពេលប្រើបង្គន់
៦៖ ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្តាស់
* ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយម៉ាស់ ក្រម៉ា កន្សែង ក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ នៅពេលក្អក ឬកណ្តាស រួចត្រូវចោលក្រដាសនោះទៅក្នុងធុងសំរាម ហើយលាងសម្អាតដៃភ្លាមៗ។
៧៖ បរិភោគម្ហូបអាហារដែលចម្អិតបានល្អ
* ម្ហូបអាហារត្រូវចម្អិតឱ្យបានល្អ។ បរិភោគអាហារមានជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម ដើម្បីជួយពង្រឹងប្រព័ន្ធការពារសារពាង្គកាយ។
៨៖ អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ
* ធ្វើកិច្ចការផ្សេងៗជាធម្មតាហាត់ប្រាណក្នុងផ្ទះ
* សម្អាតបន្ទប់រស់នៅផ្ទះខ្លួន បន្ទប់ទឹក ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗជារៀងរាល់ថ្ងៃ។
៩៖ បញ្ចប់ការអនុវត្តចត្តាឡីស័ក
* អនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនអ្នកបានអនុវត្តត្រឹមត្រូវ តាមវិធានការចត្តាឡីស័កដោយនៅផ្ទះរាល់ពេលគ្រប់កាលកំណត់១៤ថ្ងៃ ហើយគ្មានចេញរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ដោយលទ្ធផលតេស្តកូវីដ១៩ «អវិជ្ជមាន» ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
១០៖ ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់
* បើអ្នកត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្រ្ត សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាលដោយមិនគិតថ្លៃសេវា៕


ក្រសួងអប់រំ រកឃើញអង្គភាពក្រោមឱវាទចំនួន១៩ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

 ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញអង្គភាពក្រោមឱវាទសរុបចំនួន១៩ហើយ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ បានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន១៩ គឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គ្រឹះស្ថានសិក្សាសាធារណៈចំនួន៦ និងគ្រឹះស្ថានសិក្សាឯកជនចំនួន១០។ លោក បានបន្តថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ ក្រសួងបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញ នៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០៖
១៩៖ គ្រឹះស្ថានសិក្សាសាធារណៈទី៦៖ សមាជិក១រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៨. គ្រឹះស្ថានសិក្សាសាធារណៈទី៤៖ សមាជិក១រូបបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៧. គ្រឹះស្ថានសិក្សាសាធារណៈទី៤៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៦. គ្រឹះស្ថានសិក្សាសាធារណៈទី៣៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៥. គ្រឹះស្ថានសិក្សាសាធារណៈទី២៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៤. គ្រឹះស្ថានសិក្សាសាធារណៈទី១៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៣. គ្រឹះស្ថានសិក្សាឯកជនទី១០៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២០៖
១២៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១១៖ គ្រឹះស្ថានសិក្សាឯកជនទី៩៖ សិស្ស៣រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួង គិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០៖
១០៖ ក្លឹបហាត់ការ៉ាតេដូ១នៅពហុកីឡដ្ឋានជាតិអូឡាំពិក៖ គ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរ ការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៩៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១៖ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូប បានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៨៖ គ្រឹះស្ថានសិក្សាឯកជនទី៨៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៧៖ គ្រឹះស្ថានសិក្សាឯកជនទី៧៖ សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖
៦៖ គ្រឹះស្ថានសិក្សាឯកជនទី៦៖ សិស្ស២រូបមានមាតាបិតា ដែលបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៥៖ គ្រឹះស្ថានសិក្សាឯកជនទី៥៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ស្ថានភាពនៃគ្រឹះស្ថានសិក្សា គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖
៤៖ គ្រឹះស្ថានសិក្សាឯកជនទី៤៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៣៖ គ្រឹះស្ថានសិក្សាឯកជនទី៣៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
២៖ គ្រឹះស្ថានសិក្សាឯកជនទី២៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៖ គ្រឹះស្ថានសិក្សាឯកជនទី១៖ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ក្រសួងអប់រំ យុវជន និងកីឡា ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ ០១២ ៣៣៥ ៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការទាន់ពេលវេលាប្រកបដោយសុក្រឹត្យភាព៕