Wednesday, November 11, 2020

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុក រមាសហែក

 ស្វាយរៀង៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងលោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុង វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលស្ថិតនៅបរិវេណសាលាស្រុករមាសហែក វេទិការនេះមានគោលបំណងដើម្បីចង់ដឹងអំពីកង្វល់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាប្រកបដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ។

អញ្ជើញចូលរួមក្នុងវេទិការនេះមានលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលស្រុក ប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានា ចំណុះសាលាខេត្ត មន្រ្តីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក រស់ ឆាយ បានថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះបានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។

សូមបញ្ជាក់ជូនថា អង្គវេទិការនេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖
១- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
២-ការងារអភិវឌ្ឍន៍មូលដ្ឋាន , ការផ្ដល់សេវាសាធារណៈ , ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ។
៣-ការធ្វើអត្តសញ្ញាណប័ណ្ណ , ទំនាស់ដីធ្លី ការចុះសំបុត្រអត្រានុកូលដ្ឋាន
៤- សុខភាពអនាម័យ , បរិស្ថាន , ការបោះបង់ការសិក្សា , សេវាសុខាភិបាល , ព្រៃឈើសហគមន៍ , អគ្គិសនី និងការសាងសង់សំណង់ផ្សេងៗ ៕









No comments:

Post a Comment