Thursday, April 23, 2020

សន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»


ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង​៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលមានវាគ្មិនអញ្ជើញចូលរួមគឺ ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន រួមកម្លាំងគ្នាជាធ្លុងមួយក្នុងការការពារថែរក្សាសន្តិភាពឱ្យបានគង់វង្សនិងរក្សាគម្លាតសុវត្ថិភាព អនាម័យជាប្រចាំ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយ ករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយអស់លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន១៥០០គ្រួសារនៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខនិងជូនពរជ័យពីលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគេន និងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ពិសេសនៅស្រុកអូរជ្រៅ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងគ្រប់សាសន៍នៅក្នុងកាលៈទេសៈប្រទេសកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃជំងឺរាតត្បាត COVID-19 បានរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តតាមការអំពាវនាវ និងណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបរិច្ចាគធនធាន និងសម្ភារផ្ទាល់ខ្លួនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
ជាមួយនឹងបញ្ហាកូវីដ១៩ ពុំទាន់មានសញ្ញាធូរស្រាលនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ព័ត៌មានក្លែងក្លាយបង្ករចលាចលសម្របសម្រួលចរាចរទំនិញឆ្លងកាត់ បន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលរក្សាគម្លាតសុវត្ថិភាព អនាម័យជាប្រចាំ មិនចេញក្រៅបើមិនចាំបាច់បន្តអនុវត្តការធ្វើចត្តាឡីស័កពលករដែលមកពីក្រៅប្រទេសនិងកម្មករដែលត្រឡប់មកពីស្រុកកំណើត ក្នុងកំឡុងពេលចូលឆ្នាំ បន្តព្យាបាល ថែទាំអ្នកជំងឺកូវីដ១៩ បន្តឧបត្ថម្ភស្បៀងសង្គ្រោះដល់គ្រួសារជនក្រីក្ររងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩បំផុសជំរុញឱ្យធ្វើកសិកម្ម ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារជំរុញការរៀនសូត្រតាមប្រព័ន្ធ online ដើម្បីពង្រឹងចំណេះដឹង និងគុណភាពសិក្សា និងប្រែក្លាយបញ្ហាប្រឈមពីជំងឺកូវីដ១៩ ឱ្យក្លាយទៅជាកាលានុវត្តន៍ថ្មីប្រែក្លាយធនធានមនុស្សជំនាន់ថ្មីក្លាយជាធនធានដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដេីម្បីសម្រេចបានតាមចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយទេយ្យទាន ថវិកា បច្ច័យប្រគេន និងផ្តល់ជូនដល់៖
ទី១- ប្រគេនជូនដល់វត្តចាន់ស៊ី រួមមាន អង្ករ២០០ គីឡូក្រាម មី៥កេស ត្រី ខ៥០កំប៉ុង ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកក្រូច ៥កេស បច័្ចយ១លានរៀល
ទី២- ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ចំនួន២០០គ្រួសារដែលមកចូលរួមក្នុងកម្មវិធីក្នុង១គ្រួសារទទួលបាន អង្ករ២០ គីឡូក្រាម មី១ កេស ត្រីខ ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ នំធុង ១ធុង ក្រមា ២ ថវិកា ៥ម៉ឺនរៀល
ទី៣- ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន១៣០០គ្រួសារនៅតាមគេហដ្ឋានក្នុង១គ្រួសារទទួលបាន អង្ករ២០ គីឡូក្រាម មី ១ កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ
ទី៤- ឧបត្ថម្ភឃុំកូប មណ្ឌលសុខភាពកូប និងក្រុមចត្តាឡីស័ក នៅកូបក្នុងអង្គភាព១លានរៀល។
ទី៥- ឧបត្ថម្ភ ក្រុង/ស្រុក ទាំង៩ ក្នុង១ក្រុង/ស្រុក ថវិកា២លានរៀល
ទី៦- ឧបត្ថម្ភ នគរបាលកងរាជអាវុធហត្ថយោធាសឹករង កងពល៥១ ភូមិភាគជួរមុខ កងការពារព្រំដែន៥០៣នគរបាលអន្តោប្រវេសន៍ ក្នុង១អង្គភាពៗទទួលបានថវិកា៥០ម៉ឺនរៀល។
ទី៧- ឧបត្ថម្ភ ក្រុមចត្តាឡីស័កឬ ទាំង១១ទីតាំងនិងក្រុងប៉ោយប៉ែតសរុប២០៤នាក់ម្នាក់ៗថវិកា២ម៉ឺនរៀល
ទី៨- ឧបត្ថម្ភដល់គណកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យថវិកា១០០លានរៀល៕




ក្រសួងការងារ បង្ហាញតួលេខបន្ថែមនៃកម្មករនៅរាជធានីភ្នំពេញដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសមួយទៀត ដើម្បីបង្ហាញអំពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការជាវិញ។
បើតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងការងារ លទ្ធផលនៃការត្រួតពិនិត្យសុខភាព កម្មកររោងចក្រ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១៨:០០នាទីយប់ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៥១៦នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ៥០៥នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវន) ចំនួន៦នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលបត្តាឡីស័កកម្រិត២ (វិទ្យាវ័យជម្ពូវ័ន) ចំនួន ៥នាក់ និងយកសំណាកទៅពិសាធបន្ត ចំនួន៦នាក់។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន៦០នាក់ ក្នុងនោះ ចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ១១នាក់ និងកម្រិត២ ចំនួន ៤៩នាក់។
ដោយឡែកលទ្ធផលទី២៣ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១១:០០នាទីព្រឹក មានកម្មករ រោងចក្រមកត្រតពិនិត្យសុខភាព ចំនួន ៩៥នាក់ ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៣នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ០០នាក់ និងដាក់ឱ្យស្នាក់នៅបណ្ដូលចត្តាឡីស័កត២ ចំនួន២នាក់៕
សូមអានសេចក្តីប្រកាសរបស់ក្រសួងការងារខាងក្រោម៖


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីស ម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ។ សមាសភាពនៃក្រុមការងារនេះ មានចំនួន ១៥រូប និងមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន៕
សូមអានសេចក្តីសម្រេចខាងក្រោម៖


ន ១៥រូប និងមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន៕


ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍សរុប៨គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

ព្រះវិហារ៖ នៅរសៀលថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០២០ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅមេរោគអេដស៍ សរុបចំនួន ៨គ្រួសារ នៅភូមិទំនប់ សង្កាត់ប៉ាលហាល និងបន្តសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំនៅមណ្ឌល​ចត្តាឡីស័ក កំរិត២ នៅទីតាំងផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរ លោកប្រធានសាខាខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ លោកក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគ​កូវីដ​១៩។

ចំពោះសម្ភារៈផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ថវិកាមួយចំនួន គ្រួសារកុមារីពិការ បន្ថែមជូន រទះរុញជនពិការ ១ សារុង៣ ក្រមា១ មុង១ និងភួយ១។ រីឯក្រុមគ្រូពេទ្យ ទទួលបានទឹកសុទ្ធចំនួន ២កេស ម៉ាស់ ១ដំ អាល់កុល ៥លីត្រ និងថវិកាចំនួន ២៦០,០០០ រៀលផងដែរ៕





ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរប្រមាណជាង៨ម៉ឺននាក់ មិនឲ្យត្រឡប់ទៅក្រៅប្រទេសវិញដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ពលករខ្មែរចំណាកស្រុកដែលត្រឡប់មកស្រុកខ្មែរវិញនាពេលកន្លងទៅនេះ មានប្រមាណជាង៨ម៉ឺននាក់ គឺមិនទាន់រកឃើញមានឆ្លងជំងឺ កូវីដ-១៩ នៅឡើយទេ ហើយក្នុងស្ថានភាពនេះដែរ ក្រសួងមហាផ្ទៃ ក៏បានហាមឃាត់ពលករទាំងនោះមិនឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកស្រី បានមានប្រសាសន៍ថា «សូមមេត្តាកុំអាលវិលត្រឡប់ទៅរកប្រទេសគោលដៅវិញ ដោយសារប្រទេសគោលដៅហ្នឹង បច្ចុប្បន្ននេះគឺមានអត្រាឆ្លងខ្ពស់ជាងយើងទៀត។ ចឹងប្រសិនបើពួកគាត់វិលត្រឡប់ទៅពេលនេះ គឺជួបនឹងហានីភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេវិញក៏រឹតបន្ដឹងដែរ អំពីការបិទព្រំដែនដែរ»។

ក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែងរបស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា នៅពេលពលករខ្មែរចូលដល់ព្រំដែនភ្លាមៗ ភាគីពាក់ព័ន្ធទាំងអស់បានចុះពិនិត្យ និងសួរប្រវត្តិពួកគាត់ ព្រមទាំងបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ។ លោកស្រី បានមានប្រសាសន៍ថា «បើសិនយើងរកឃើញថា មានពលករយើងណាម្នាក់មានកម្តៅ ខុសពីធម្មតា។ គឺពួកគាត់ស្ថិតនៅការតាមដានបន្ដអត់ទាន់បញ្ជូនគាត់ចេញមកទេ។ ចឹងនៅពេលនោះ មានជាបន្ដបន្ទាប់ ដែលយើងស្នើសុំមន្ទីរពេទ្យបង្អែកព្រំដែនត្រូវពិនិត្យបន្ថែម ដើម្បីយកសំណាកក្នុងការពិនិត្យចឹង យើងរកអត់ទាន់ឃើញ យើងគិតថាពួកគាត់មានក្ដៅដោយមូលហេតុផ្សេងៗ»។ លោកស្រី បន្ដថា «នៅក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលគឺមានជាង៤០០នាក់ (ពលករ) ដែលបានសង្ស័យ ហើយយកសំណាកទៅពិនិត្យ ប៉ុន្ដែមកដល់ពេលនេះការចេញលទ្ធិផលជាបន្ដបន្ទាប់ ដូចជា មិនទាន់រកឃើញថាអ្នកដែលមានឆ្លងមេរោគ កូវីដ-១៩ នៅឡើយទេ»។

ឆ្លៀតឱកាសនោះដែរ លោកស្រី ជូ ប៊ុនអេង ក៏បានអំពាវនាវ និងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការដាំដុះបន្លែបន្ថែមនៅតាមទីលំនៅរៀងៗខ្លួនជាដើម ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀត ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាលដែលកម្ពុជាកំពុងជួបប្រទះបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ លោកស្រី បានរំលឹកថា រហូតដល់ពេលនេះ មិនទាន់មានសភាពធ្ងន់ធ្ងរណាមួយចំពោះការឆ្លងជំងឺកូវីដ-១៩ទៅពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅឡើយនោះទេ ប៉ុន្តែបើទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ ពលករ ពលរដ្ឋ សិស្សនិស្សិតនៅក្រៅប្រទេសផងដែរ៕



សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ថ្ងៃនេះមិនមានករណីជាសះស្បើយបន្ថែមទៀត និងមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានជូនព័ត៌មានអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបានបញ្ជាក់ឱ្យដឹងថា មិនមានករណីជាសះស្បើយបន្ថែមទៀត និងក៏មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ។
អ្នកជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយរហូតដល់១១០នាក់ ខណៈដែលក្នុងរយៈពេល១១ថ្ងៃជាប់គ្នានេះគ្មានករណីឆ្លងថ្មីទៀតទេ។ដូចនេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកម្ពុជាគិតពីពេលចាប់ផ្តើមដំបូងមកដល់ពេលនេះមានចំនួន១២២នាក់ បន្ទាប់ពីបានព្យាបាលជាសះស្បើយសរុបកើនឡើងរហូតដល់១១០នាក់នោះ គឺអ្នកជំងឺដែលកំពុងនៅបន្តព្យាបាល បានថយចុះមកនៅត្រឹមតែ១២នាក់ទៀតប៉ុណ្ណោះ ហើ់យសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខតាមរយៈការប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យ អ្នកជំងឺដែលកំពុងបន្តព្យាបាល នឹងត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ទៀត។

បើទោះបីជាគ្មានករណីឆ្លងថ្មីរយៈពេល១១ថ្ងៃជាប់គ្នាយ៉ាងនេះក្តី ក៏ក្រសួងសុខាភិបាលនៅតែបន្តជូនដំណឹងដល់សាធារណជនឱ្យចូលរួមប្រយុទ្ធប្រឆាំងជាមួយជងឺដ៏កាចសាហាវនេះ និងចូលរួមអនុវត្តបទបញ្ជា និងវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជងឺកូវីដ១៩នេះ ហើយនឹងបន្តជម្រាបជូនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh និងបានបញ្ជាក់ថា គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ១១៥ ដោយឥតគិតថ្លៃ៕