Friday, November 29, 2013

បទអត្ថាធិប្បាយ ដោយ រួម ជាតិ «មិន​មែន​ជា​ពេល​វេលាដែល​ត្រូវ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ទេ!»

បទ​អត្ថាធិប្បាយ​
មិន​មែន​ជា​ពេល​វេលាដែល​ត្រូវ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ទេ!

        ការ​បោះ​ឆ្នោតជ្រើ​សតាំង​តំ​ណាង​រាស្ត្រ​នីតិកាល​ទី​៥ ​ បាន​កន្លង​ផុត​ទៅ​ហើយ​ ចាប់តាំង​ពី​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ឆ្នាំ​២០១៣​ម៉្លេះ។ ពេល​នេះ​ វាមិន​មែន​ជា​ការ​ប្រកាស ​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល ​តាម​រយៈកា​រ​កៀងគ​កម្លាំង​ប្រជា​ពល​រដ្ឋប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​នោះ​ទេ។     ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិគួរគប្បី​ពិនិត្យ​មើល​ឡើង​​វិញ​ អំពី​អំ​ណាច​ផ្លូវ​ច្បាប់​ ដែល​នឹង​ត្រឡប់​មកខ្លួន​​វិញ​ ប្រសិនបើ​ សកម្មភាព​តវ៉ា​នោះ​រំ​លោភ​លើ​រដ្ឋ​ធម្មនុញ្ញ។
          តាម​រយៈប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំ​នួន​នាពេល​ថ្មី​ៗនេះ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​និយាយថា លោក​នឹងបន្តទាមទារនូវអ្វីដែលមិនបានទាន់ដល់គោលដៅ និង​ធ្វើសកម្មភាព​ឱ្យ​​កាន់​តែ​ធំៗទៅៗ ដោយប្រមូល​អ្នក​គាំ​ទ្រ​របស់​​គណ​បក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា​ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​នេះចេញ​ ទើបហៅ​ថា ជា​ការ​បញ្ចប់​បេសកម្មរបស់​លោក។ 
អ្នកវិភាគឯករាជ្យមួយចំនួនបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋបានប្រើសិទ្ធិ និង​​កាតព្វ​កិច្ច​ក្នុង​​ការ​បោះ​ឆ្នោត​ជ្រើសរើសអ្នកតំណាងរាស្រ្តរបស់ខ្លួនរួចហើយ ដែលគេបានដឹងថា គណបក្ស​ប្រជា​ជន​ទទួល​បាន ៦៨អាសនៈ និងគណបក្សសង្រ្គោះជាតិទទួលបាន៥៥អាសនៈ តាមរយៈការបោះឆ្នោតអណត្តិ​ទី​៥នេះ។  ហេតុ​អ្វី​បាន​ជាគណបក្សសង្រ្គោះជាតិ មិនបានគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយចេះតែធ្វើមហាបាតុកម្ម​ម្តង​ហើយ​ម្តង​ទៀតអញ្ចឹង? ហេតុអ្វីមិនបានយកផលប្រយោជន៍ជាតិជាធំ និង​ការ​លើកតម្កើង ឯកភាពជាតិ​ដោយ​ចូល​រួម​ប្រជុំសភា ក្នុង​​​ការជួយស្ថាបនាជាតិ​ ជា​មួយ​នឹង​រាជរដ្ឋាភិបាល​?
គណបក្សប្រឆាំង​ប្រាថ្នា​ចង់​បាន​អំណាច​តុល្យភាព​ក្នុង​សភា ប៉ុន្តែ​ ពេល​នេះ​ ​វាបាន​​កើនឡើងអសនៈ​រហូត​ដល់​៥៥ឯណោះ​ ដែល​ជា​ឱកាសដ៏​ល្អ​បំ​ផុត​ ជាងពេលណាៗទាំង​អស់​ដែលប្រវត្តិ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជាពុំធ្លាប់មានអាសនៈ​ច្រើនដូច​បច្ចុប្បន្ន​​នេះទេ ​គួរ​ណាស់​តែចូលរួមដោះស្រាយរាល់​បញ្ហាប្រទេសជាតិ​ ដោយ​ស្មោះ​ស និង​ក៏​ត្រូវ​បញ្ឈប់ជា​បន្ទាន់​​នូវរាល់​ការ​ចោទ​ប្រកាន់​មកលើ​គណបក្ស​ដទៃ​ថា ជា​ចោរ នៅ​ពេល​ដែល​ខ្លួន​ចាញ់​ឆ្នោត​​។ ​ហេតុអ្វីបាន​ជា​ជ្រើសរើសយកការធ្វើ​មហា​បាតុ​កម្ម​ និង​បង្កអសន្តិសុខជាតិ ប៉ះពាល់​ដល់អ្នកវិនិយោគ អ្នក​ទេសចរខ្លាចរអារ ​ដោយ​ធ្វើ​ការ​បះ​បោរដើម្បី​តែ​អំ​ណាច​របស់​ខ្លួន? ប្រសិនបើ​គណបក្ស​សង្រ្គោះជាតិពិតជាគិតពី​ផល​ប្រយោជន៍​ជាតិ​មែននោះ គួរណាស់ផ្លាស់​ប្តូរ​នូវ​ឥរិយាបទ​នេះ​ចេញ​។
វា​ជា​រឿង​គ្រោះ​ថ្នាក់​សម្រាប់​ជាតិខ្លាំង​ណាស់​ នៅ​ពេលដែល​គណបក្សសង្រ្គោះជាតិ​បានព្រមាន​ដល់​ប្រទេសដែលផ្តល់ជំនួយឱ្យ​ផ្តាច់​ជំ​នួយ​សម្រាប់​កម្ពុជា​។ គណបក្សសង្រ្គោះជាតិ​បានគំរាមដល់​នាយករដ្ឋ​មន្រ្តី​ជប៉ុន មិនឲ្យគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែបំណង​ទាំង​នេះ​ត្រូវបរាជ័យ ដោយនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Shinzo Abe   បានសន្យា​ផ្តល់​អ្នក​ជំនាញ​ឲ្យ​ចូល​រួម​ក្នុង​ការ​កែ​ទម្រង់​ការបោះឆ្នោតនាពេល​អនាគត ​តាម​សំណូ​ម​ពរ​របស់​សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា កាលពីសប្តាហ៍មុន។  ការសន្យារបស់​នាយករដ្ឋមន្រ្តីជប៉ុន មិនត្រឹមតែមាន​ការ​សន្យា​ដោយ​ផ្ទាល់​មាត់ប៉ុណ្ណោះទេ ថែមទាំងធ្វើសេចក្តីថ្លែការណ៍រួមគ្នា រវាងនាយករដ្ឋមន្រ្តីប្រទេសជប៉ុន និង​នាយក​រដ្ឋ​មន្រ្តីកម្ពុជាថែមទៀតផង សកម្មភាពនេះសបញ្ជាក់​ឲ្យឃើញ​កាន់តែច្បាស់នូវ​ទំនាក់ទំនងកិច្ច​សហ​​ប្រតិ​​បត្តិ​កា​រ​ និងបានបង្ហាញពីជំនឿដល់ សម្តេចតេជោសែន   ក្នុង​ការ​​បន្ត​តំណែង នាយករដ្ឋមន្រ្តី អាណ​ត្តិ​​ទី​៥ ថែម​ទៀត​ផង​ ។ ត្រង់ចំណុចនេះ​វាហាក់បីដូច​ជាការទះកំផ្លៀង គណបក្ស​សង្រ្គោះ​ជាតិដូច្នោះ​ដែរ ពីព្រោះមុនថ្ងៃដែលនាយករដ្ឋមន្រ្តីជប៉ុន មកទស្សនៈកិច្ចប្រទេសកម្ពុជា​បណ្តាញ​ផ្សព្វ​ផ្សាយ​មួយ​ចំ​នួន និងអ្នកវិភាគនយោបាយដែលគេតែងតែ​អះ​អាង​ថាអ្នកវិភាគឯករាជ្យ ​រួម​ទាំង​គណបក្សសង្រ្គោះជាតិផងបានទាយទុកជាមុនថានាយករដ្ឋមន្រ្តីជប៉ុនមិនគាំទ្ររាជរដ្ឋាភិបាលកម្ពុជាទេ។ប៉ុន្តែការពិតរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលប្រទេសជប៉ុន​បាន​សហ​ការ​​កាន់​តែ​ល្អតាមរយៈការធ្វើ​សេចក្តី​ថ្លែងការណ៍រួមគ្នារវាងគ្នា​ប្រកប​ដោយ​មោទនៈបំ​​ផុត​
ដូចគ្នានេះដែរ មុនពេលដែលអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក​មក​ធ្វើទស្សនៈកិច្ច​នៅ​កម្ពុជា ​គណ​បក្ស​​សង្រ្គោះ​ជាតិ​ក៏បានទាយទុកជាមុនថា  ​ អ្នកការទូតជាន់ខ្ពស់ នឹង​គាំទ្រ​នូវរបាយការណ៍ របស់គណបក្ស​ខ្លួន​ ហើយនឹងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែជាលទ្ធផលអ្នកការទូតរូបនោះ​គ្រាន់​តែ​សំណូមពរ​ឲ្យរាជរដ្ឋាភិបាលធ្វើការសហការឲ្យបានល្អរវាងរាជរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិតែ​ប៉ុណ្ណោះ ​​មិន​ដូច​ព័ត៌​មានមុន​ដំ​ណើរមក​ដល់​របស់​​អ្នក​ការ​ទូត​ជាន់​ខ្ពស់​នោះ​ទេ​។
ដូច្នេះ សកម្មភាព​នៃ​ការ​ប្រកូក​ប្រកាសធ្វើ​មហាបាតុកម្ម​ ផ្លាស់​ប្តូរ​មេដឹក​នាំ​រាជ​រដ្ឋាភិបាល​ ឬ​ក៏​ទាម​ទារ​ឱ្យ​មាន​ការ​ចុះ​ចេញ​ពី​ដំ​ណែង​ នៅ​ក្រោយ​ពេល​ដែល​ខ្លួន​ចាញ់​ឆ្នោត គឺ​ជា​ការ​ដើរថយ​ក្រោយ​ទម្លាក់​ជ្រោះ​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​។ ផ្ទុយ​ទៅ​វិញ​ យុទ្ធនាការ​ដើរបំភាន់ និងបំពុលបរិយាកាស និងញុះ​ញង់​ឲ្យ​អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋមិនឲ្យ​គាំទ្ររាជរដ្ឋាភិបាលកម្ពុជានោះ​ ក៏​វាបាន​ហួសពេល​ទៅ​ហើយ​ដែរ ពី​ព្រោះ​ប្រជា​ពល​រដ្ឋ​បាន​ផ្តល់​ការ​គាំ​ទ្រចំ​ពោះ​សម្តេច​តេជោ​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​រួច​​ទៅ​ហើយ។ សូម​ផ្តាំ​ដល់​លោក កឹម​ សុខា និង​បក្ខពួក គួររង់​ចាំ​អាណត្តិ​ក្រោយ​ចុះ​ បើ​លោក​មាន​សមត្ថភាព​ពិត​មែន​។ ភាព​ចលាចល​ក្នុង​សង្គម​ គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​អស់​លោកជា​មេដឹក​នាំ​បាតុកម្ម​!

អត្ថបទ៖ រួម​ ជាតិ​