Tuesday, August 31, 2021

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក រួមទាំងលោកខាងលិច នឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែរឬទេ?


(វ៉ាស៊ីនតោន)៖ ក្រុមតាលីបង់នៅថ្ងៃអង្គារ ទី៣១ ខែសីហានេះបានអបអរជ័យជម្នះដោយប្រកាសថាអាហ្វហ្កានីស្ថានបានក្លាយជាប្រទេសដែលមានសេរីភាព និងឯករាជ្យ ពេញលេញ បន្ទាប់ពីយន្ដហោះជម្លៀសមនុស្សជើងចុងក្រោយរបស់សហរដ្ឋអាមេរិកបានហោះចេញពីអាកាសយានដ្ឋានកាប៊ុល ជានិមិត្តរូបនៃការបិទបញ្ចប់ជាផ្លូវការនូវ សង្រ្គាមរយៈពេល ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន។


ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃ១៥ ខែសីហាមក ក្រុមតាលីបង់បានព្យាយាមបង្ហាញប្រាប់ពិភពលោកថាពួកគេមិនមែនជាតាលីបង់ កាលពីជាង២០ឆ្នាំមុនឡើយ ដោយបានប្រកាសលើកលែងទោស, មិនសងសឹកចំពោះជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការឱ្យកងទ័ពបរទេស, សន្យាគោរពសិទ្ធិស្ត្រី នៅក្រោមក្របខណ្ឌនៃច្បាប់អ៉ីស្លាម ព្រមទាំងធានាថានឹងមិនអនុញ្ញាតឱ្យអាហ្វហ្កានីស្ថានក្លាយជាមូលដ្ឋានសម្រាប់ឱ្យក្រុមណាមួយប្រើប្រាស់ដើម្បីវាយប្រហារលើបណ្ដា ប្រទេសដទៃនោះទេ។

«យើងចង់បានទំនាក់ទំនងដ៏ល្អ, យើងចង់បានសេដ្ឋកិច្ចដ៏ល្អ, យើងចង់បានពាណិជ្ជកម្មដ៏ល្អ ហើយយើងចង់មានទំនាក់ទំនងការទូតដ៏ល្អ»។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែសីហា។ ការសន្យាទាំងនេះបានធ្វើ ឱ្យបណ្ដាប្រទេសជាច្រើនមានការភ្ញាក់ផ្អើល ដោយមួយចំនួនបង្ហាញជំហរស្ទាក់ស្ទើរ រីឯខ្លះទៀតប្រកាសដាច់ណាត់ថានឹងមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ។ ការដកខ្លួន របស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន អាចនិយាយបានថាជាជ័យជម្នះមួយ តែអ្វីដែលសំខាន់សម្រាប់តាលីបង់ចាប់ពីពេលនេះតទៅ នោះគឺថាតើមានប្រទេសណាខ្លះ ដែលនឹងទទួលស្គាល់ពួកគេ? ហើយថាតើត្រូវធ្វើដូចម្ដេច ទើបធ្វើឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលរបស់ពួកគេ?

*មិនប្រញាប់ប្រញាលទទួលស្គាល់

នៅពេលដែលក្រុមតាលីបង់ឡើងកាន់អំណាចដំបូងនៅអាហ្វហ្កានីស្ថានកាលពីឆ្នាំ១៩៩៦ មានប្រទេសតែបីគត់ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ក្នុងនោះរួមមាន ប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ដូចគ្នាដែរ ក្រោយតាលីបង់ចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ បណ្ដាប្រទេសលោក ខាងលិចនាំមុខដោយសហរដ្ឋអាមេរិកបាននាំគ្នាបិទស្ថានទូត, ជម្លៀសកងទ័ព, ពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្កានីស្ថានខ្លះចេញពីរដ្ឋធានីកាប៊ុលដោយចង់បង្ហាញថា ពួកគេមិនចង់មានទំនាក់ទំនង ឬក៏ទទួលស្គាល់ក្រុមតាលីបង់ឡើយ។

ក៏ប៉ុន្តែ ការពិតមួយដែលគេត្រូវទទួលស្គាល់ នោះគឺអាហ្វហ្កានីស្ថានបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ ប្រមុខការទូតអឺរ៉ុប លោក ចូសែប បូរែល (Josep Borrell) បាននិយាយថាសហភាពអឺរ៉ុបមិនមានផែនការទទួលស្គាល់តាលីបង់ភ្លាមៗនោះទេ តែអាចនឹងជួបចរចាជាមួយក្រុមតាលីបង់នៅក្នុងករណីចំាបាច់។ «ក្រុមតាលីបង់បានឈ្នះនៅក្នុងសង្រ្គាម, ដូច្នេះយើងនឹងត្រូវជជែកជាមួយនឹងពួកគេ...វាមិនមែនសំខាន់លើការទទួលស្គាល់ជាផ្លូវការទេ តែអ្វីដែលសំខាន់គឺបញ្ហាដែល ត្រូវដោះស្រាយ»។ នេះជាការលើកឡើងរបស់លោក Josep Borrel នៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយកាលពីសប្ដាហ៍មុន។

ការទទួលស្គាល់ក្រុមតាលីបង់មិនមែនជារឿងដែលមិនអាចទៅរួចនោះទេ តែអំណេះតទៅវាអា្រស័យទៅលើក្រុមតាលីបង់ខ្លួនឯងថាតើអាចគោរពតាមពាក្យសន្យារបស់ខ្លួន ដែរ ឬក៏យ៉ាងណា ខណៈទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុទ្ធតែកំពុងរង់ចាំមើលពីទង្វើប្រព្រឹត្តជាក់ស្ដែង ជាជាងការនិយាយឱ្យរួចតែពីមាត់ មុននឹងធ្វើការសម្រេចចិត្តណាមួយ។

បើតាមក្រុមអ្នកជំនាញ មានហេតុផលមួយចំនួន ទោះចង់ ឬមិនចង់ ក៏សហរដ្ឋអាមេរិក ឬបណ្ដាប្រទេសលោកខាងលិចប្រហែលជានឹងត្រូវការសហការជាមួយក្រុមតាលីបង់ ហើយហេតុផលសំខាន់ជាងគេ នោះគឺត្រូវការក្រុមតាលីបង់ ដើម្បីទប់ស្កាត់កុំឱ្យពួកភេរវករប្រើប្រាស់អាហ្វហ្កានីស្ថានជាមូលដ្ឋាន ធ្វើសកម្មភាពវាយប្រហារភេរវកម្មប្រឆាំង នឹងពួកគេ ដូចដែលធ្លាប់បានកើតឡើងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ កាសែត Washington Post កាលពីថ្ងៃ២០ ខែសីហានេះបានឱ្យដឹងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក William J. Burns បានជួបពិភាក្សាជាសំងាត់ជាមួយមេដឹកនាំក្រុមតាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដា (Abdul Ghani Baradar) ក្នុងទីក្រុងកាប៊ុល ហើយកាលពីពេលថ្មីៗនេះ យោធាអាមេរិក និងក្រុមមន្ត្រីតាលីបង់ថែមទាំងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកទៀតផង ជុំវិញការគំរា កំហែង វាយប្រហារភេរវកម្ម បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS នៅឯអាកាសយានដ្ឋានកាប៊ុលផ្ដាច់ជីវិតទាហានអាមេរិក ១៣នាក់។

ពិតមែនទៅ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលនៃអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ និងក្រុមតាលីបង់កាលពីឆ្នាំ២០២០ ព្រមទាំងការអនុញ្ញាត ឱ្យក្រុមតាលីបង់បង្កើតការិយាល័យតំណាងនៅក្នុងទីក្រុង ដូហា ប្រទេសកាតា វាហាក់ដូចជាការបោះជំហានមួយទទួលស្គាល់ថាតាលីបង់ជាតួអង្គដ៏សំខាន់មួយនៅ អាហ្វហ្កានីស្ថានរួចស្រេចទៅហើយ។ តែទាស់នៅត្រង់ថាសហរដ្ឋអាមេរិកបច្ចុប្បន្ន ក្រោមរដ្ឋបាលលោក ចូ បៃដិន និងបណ្ដាប្រទេសលោកខាងលិច ខ្លាចបាត់បង់តម្លៃនៃភាព ជាមេដឹកនាំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ខ្លួន នៅពេលប្រកាសទទួលស្គាល់តាលីបង់ភ្លាមៗតែប៉ុណ្ណោះ ដោយពួកគេចង់រង់ចំាមើលសិនថាតើតាលីបង់ឥលូវ និងពីមុនដូចគ្នា ឬក៏ខុសគ្នា។

*កន្លែងទំនេរសម្រាប់ចិននៅអាហ្វហ្កានីស្ថាន

នៅពេលក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល ហើយបណ្ដាប្រទេសលោកខាងលិចនាំគ្នាបិទស្ថានទូតរបស់ពួកគេប្រចាំទីក្រុងកាប៊ុល រុស្ស៊ី, ប៉ាគីស្ថាន, ចិន និងអ៉ីរ៉ង់ នៅតែបន្តបើកស្ថានទូតដដែល។ នៅក្នុងចំណោមប្រទេសទាំងនេះ ជាពិសេសគឺចិន ត្រូវបានគេមើលឃើញថាអាចនឹងទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ដោយ រំពឹងថាអាចនឹងបញ្ចុះបញ្ចូលឱ្យតាលីបង់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមផ្ដាច់ខ្លួននៅក្នុងតំបន់ស៊ីនជាំង ព្រមទាំងពង្រីកឥទ្ធិពលរបស់ខ្លួននៅអាហ្វហ្កានីស្ថាន និងនៅតំបន់មជ្ឈិមបូព៌ាទាំងមូល ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិក។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបប្រជុំជាមួយមេដឹកនាំក្រុមតាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដា (Abdul Ghani Baradar) នៅឯទីក្រុង Tianjin ជាទីដែលតាលីបង់សន្យាថានឹងមិនអនុញ្ញាតឱ្យក្រុមណាមួយប្រើប្រាស់អាហ្វហ្កានីស្ថាន ជាមូលដ្ឋានវាយប្រហារប្រឆាំងនឹងចិននោះទេ។ ជាការឆ្លើយតប លោក វ៉ាង យី ក៏បានសន្យាដែរថាចិននឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន ហើយថាតាលីបង់មានតួនាទីយ៉ាងខ្លាំងក្នុងការកសាងប្រទេសឡើងវិញ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន មិនមែនគ្រាន់តែជាការប្ដូរយុទ្ធសាស្ត្រងាកមក ផ្ដោតលើការខ្ទប់ឥទ្ធិពលចិនក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ តែវាក៏ជាប្រយោជន៍នយោបាយនៅក្នុងស្រុកដែរ គឺផ្គាប់ចិត្តប្រជាជនអាមេរិកភាគច្រើនដែលគាំទ្រឱ្យអាមេរិក បញ្ចប់សង្គ្រាមនេះ។ តែវាមិនមែនមានន័យថាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុខចិត្តបោះបង់អាហ្វហ្កានីស្ថានឱ្យចិន ឬរុស្ស៊ីនោះទេ ដូច្នេះប្រសិនបើ ចិនពង្រីកឥទ្ធិពលនៅអាហ្វហ្កានីស្ថានមែន នោះវាអាចនឹងបង្ខំឱ្យអាមេរិកលូកដៃជាថ្មីនៅអាហ្វហ្កានីស្ថានក៏ថាបាន ពីព្រោះថាសម្រាប់សហរដ្ឋអាមេរិកសព្វថ្ងៃឥទ្ធិពលចិន នៅទីណា គឺអាមេរិកត្រូវទៅដល់ទៅទីនោះដែរ។

មួយវិញទៀត សហរដ្ឋអាមេរិក ឬលោកខាងលិច ប្រហែលជានឹងមិនផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយអាហ្វហ្កានីស្ថានទេ ដ្បិតការធ្វើបែបនេះក៏នឹងធ្វើឱ្យពួកគេអស់ឥទ្ធិពល ទាំងស្រុងដូចគ្នានៅអាហ្វហ្កានីស្ថានដោយមិនអាចបង្ខំ ឬមានទឹកមាត់ប្រៃនិយាយជាមួយតាលីបង់ឱ្យគោរពសិទ្ធិមនុស្ស, សិទ្ធិស្ត្រី ឬក៏ចូលរួមក្នុងការប្រយុទ្ធប្រឆាំងជាមួយ ពួកភេរវករនោះដែរ។ និយាយងាយស្ដាប់ ទទួលស្គាល់ ឬមិនទទួលស្គាល់ក្រុមតាលីបង់ ត្រូវមើលសិនថាតើវា «មានផលប្រយោជន៍ដល់ពួកគេ» ដែរ ឬក៏យ៉ាងណា៕

ប្រភព៖ Washington Post (ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១)
ដោយ៖ Fresh News





គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជូនដំណឹងពីការចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញជូនប្រជាពលរដ្ឋ ដែលបានវ៉ាក់សាំងដូសទី១ និងដូសទី២រួចរាល់

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី៣១ ខែសីហានេះ បានចេញសេចក្តីជូនដំណឹងពីការចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញជូនប្រជាពលរដ្ឋ ដែលបានវ៉ាក់សាំងដូសទី១ និងដូសទី២រួចរាល់។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី ក្រោមចំណងជើងថា៖ ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!


នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយយ៉ាងទូលំទូលាយវីដេអូថ្មីមួយទៀតក្រោមចំណងជើងថា  «ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!»។


វីដេអូមានរយៈពេលជាង១៦នាទី បានរំលេចនូវខ្លឹមសារថា ទីបំផុត ផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទៅលើក្រុមប្រជាជនគោលដៅ១០លាននាក់ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជោគជ័យលើសពី៩០ភាគរយហើយ គិតមកដល់ដំណាច់ខែសីហា ឆ្នាំ ២០២១ នេះ។  ចំនួននេះ មិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យ ដែលមកដល់ពេលនេះចាក់បានចំនួនរង្វង់៨០ភាគរយ និងក៏មិនទាន់គិតពីចំនួនប្រជាពលរដ្ឋដែលបានចាក់ដូសទី៣ឬដូសជំរុញនោះទេ។ ប្រសិនបើនិយាយពីតួលេខសរុប គឺកម្ពុជាយើង ចាក់បានលើស១០លាននាក់នាក់ហើយ នៃចំនួនប្រជាជនសរុប១៦លាននាក់នៅទូទាំងប្រទេស។

ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ និងដោយមានការគាំទ្រនិងការចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋាន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១នេះ នឹងត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។

ក្នុងគោលបំណងបង្កើតឱ្យបានឆាប់រហ័សនូវ « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាល[បាន]សម្រេចប្រកាសដាក់ចេញនូវ « គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៍សង្ឃឹម និងជឿជាក់ថា ប្រជាពលរដ្ឋ និងវិស័យឯកជននឹងបន្តចូលរួមផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យមានប្រសិទ្ធភាព។ 

ដោយសារជោគជ័យនៃនយោបាយវ៉ាក់សាំង កម្ពុជាគឺជាប្រទេសឈានមុខគេមួយក្នុង ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩។នេះគឺ ពិតជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕

សូមទស្សនាវីដេអូ៖


ក្រសួងអប់រំ ចេញសេចក្តីណែនាំពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់សាលារដ្ឋ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យនៃជំងឺកូវីដ១៩ទាប

  

(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែសីហានេះ បានចេញសេចក្តីណែនាំពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់សាលារដ្ឋ និងឯកជននៅភូមិសាស្ត្រដែលមានហានិភ័យនៃជំងឺកូវីដ១៩ទាប។ សេចក្តីណែនាំរបស់ក្រសួងអប់រំបានបញ្ជាក់ថា ក្នុងអំឡុងពេល នៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សា ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ គ្រឹះស្ថានសិក្សាបានដំណើរការការរបង្រៀន និងរៀនពីចម្ងាយ តាមគ្រប់រូបភាព ក្នុងនោះក៏មានការបង្រៀន និងរៀនតាមបណ្តុំ ដែលជាការមករៀនជុំគ្នា ក្នុងទ្រង់ទ្រាយតូច រវាងគ្រូបង្រៀន និងសិស្ស នៅទីកន្លែងដែលមានសុវត្ថិភាព។

ដើម្បីធានាបាននូវការបន្តការសិក្សា របស់សិស្សានុសិស្ស និស្សិត ចាប់ពីខែកញ្ញារហូតដល់ការបិទបញ្ចប់ ឆ្នាំសិក្សា២០២០-២០២១ នៅខែវិច្ឆិកា ឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្នុងខែវិច្ឆិកា និងមធ្យមសិក្សាទុតិយភូមិ ក្នុងខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន
អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងរៀនតាមបណ្តុំ អាស្រ័យលើស្ថានភាព ធនធាន និងការច្នៃប្រឌិតរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ នៅភូមិសាស្ត្រ ដែលធានាថា មិនមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅតាមក្រុង-ស្រុក-ខណ្ឌ ដែលចាត់ទុកថា មានសុវត្ថិភាព នៅតាមខេត្តមួយចំនួន ឬយ៉ាងហោចណាស់ការរៀនជាបណ្ដុំចំនួនតិចជាង១៥ នាក់នៅតាមថ្នាក់រៀន នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលគ្មានការឆ្លងជំងឺកូវីដ-១៩។

យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសូមធ្វើការណែនាំនូវគោលការណ៍សំខាន់ៗមួយចំនួន ដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុកខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំ នៅតាមគ្រឹះស្ថានសិក្សា នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប ដូចខាងក្រោម៖

ទី១៖ ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា

* គណៈអភិបាលរាជធានី ខេត្តត្រូវកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្រ្តដែលពុំមានការឆ្លងជំងឺកូវីដ-១៩
* មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានី ខេត្តដើម្បីជ្រើសរើសសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដែលមានលទ្ធភាពបើកដំណើរការឡើងវិញ
* វាយតម្លៃ និងជ្រើសរើសគ្រឹះស្ថានសិក្សា ដែលត្រូវបើកដំណើរការឡើងវិញ ដោយត្រូវរៀបចំ យន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការ ឲ្យបានច្បាស់លាស់ ដោយមានការអនុម័តពីអាជ្ញាធររាជធានី ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប
* ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា បុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាន
* ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

* ត្រូវបន្តអនុវត្តកម្មវិធីសិក្សាបង្រួញ

* រៀបចំផែនការបង្រៀនប្រចាំសប្តាហ៍ និងប្រចាំខែឡើងវិញដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត
សង្ខេបខ្លឹមសារមេរៀនដោយផ្តោតលើបញ្ញត្តិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន
* លើកទឹកចិត្តសិស្សដែលមានលទ្ធភាពរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យចេះប្រើប្រាស់វីដេអូនៃការបង្រៀន និងសន្លឹកកិច្ចការ ដែលផលិតដោយនាយកដ្ឋានជំនាញ
នៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាមវេបសាយ ឬកម្មវិធីទូរសព្ទដៃ
* លើកទឹកចិត្ត និងជួយសិស្សឲ្យអនុវត្តលំហាត់ ឬធ្វើការហ្វឹកហាត់បន្ថែមនៅផ្ទះ
* មុខវិជ្ជាផ្សេងទៀត ត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែម នៅដើមឆ្នាំសិក្សាបន្ទាប់

ទី២៖ ការបន្តរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង១៥ នាក់ និងផ្លាស់វេន ឬការរៀនតាមបែបចម្រុះចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ

* វាយតម្លៃតំបន់សិក្សា ដើម្បីរៀបចំយន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការឲ្យបានច្បាស់លាស់ ដោយមានការអនុម័តពីអាជ្ញាធររាជធានី ខេត្ត រួចផ្ញើមកក្រសួងដើម្បីបូកសរុប
* ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាន

* ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង

* ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្តុំ មិនឱ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្តែង ដោយអាចរៀបចំការរៀន តាមបណ្តុំនៅសាលារៀន និងបែងចែកវេន ឬបណ្តុំតាមចម្រុះថ្នាក់, ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប
* រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ។ ករណីបណ្តុំមានសិស្សតិចពេក អាចផ្ដួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្ដួបលើសពី២កម្រិតថ្នាក់។ ចំពោះការធ្វើតេស្តសិស្សប្រចាំខែ ឬឆមាស ករណីគ្រូបង្រៀនថ្នាក់គួប តាមបណ្តុំមិនអាចរៀបចំខ្លឹមសារតេស្ត ឬកែកិច្ចការបាន ត្រូវសហការគ្នាជាមួយគ្រូបង្រៀននៃកម្រិតថ្នាក់នោះ

* បែងចែកគ្រូបង្រៀនឱ្យទទួលខុសត្រូវតាមបណ្តុំ ឬតាមកម្រិតថ្នាក់នីមួយៗ (ករណីគ្រូបង្រៀនមិនអាចសម្របសម្រួល បានត្រូវរៀបចំសិស្សធំ នៅបណ្ដុំជាមួយគ្នា ឬមាតាបិតាជួយសិស្សតូចៗ)

* ត្រូវបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ

- បន្តការរៀនតាមបែបចម្រុះ ដូចជារៀនតាមអនឡាញ, ចែកឯកសារ, និងរៀនផ្ទាល់ក្នុងថ្នាក់ ដោយត្រូវបែកចែកតាមវេនតាមក្រុម និងត្រូវពង្រឹងអនាម័យជាប្រចាំ
- លើកទឹកចិត្តសិស្ស ដែលមានលទ្ធភាពរៀន តាមប្រព័ន្ធអេឡិចត្រូនិក ឱ្យចេះប្រើប្រាស់ វីដេអូនៃការបង្រៀន និងសន្លឹកកិច្ចការ ដែលផលិតដោយនាយកដ្ឋានជំនាញនៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាម, វេបសាយ, ឬកម្មវិធីទូរសព្ទដៃ

- បន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រូបង្រៀនអាចបង្រៀន Live និងផ្ដល់ឱកាសដល់សិស្សក្នុងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិកអនុវត្តការធ្វើតេស្ត និងការវាយតម្លៃការសិក្សាសិស្ស ជាពិសេសថ្នាក់ទី៩ និងទី១២ ឱ្យបានគត់មត់ ក្រោមរូបភាពជាការប្រឡង ការធ្វើតេស្តដាក់ពិន្ទុប្រចាំខែ ត្រីមាស ប្រចាំឆ្នាំ

* ការអនុវត្តកម្មវិធីសិក្សាបង្រួញ

- រៀបចំផែនការបង្រៀនប្រចាំសប្តាហ៍ និងប្រចាំខែឡើងវិញ ដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត
- សង្ខេបខ្លឹមសារមេរៀនដោយផ្តោតលើបញ្ញត្តិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន
- លើកទឹកចិត្ត និងជួយសិស្សឱ្យអនុវត្តលំហាត់ ឬធ្វើការហ្វឹកហាត់បន្ថែមនៅផ្ទះ
- មុខវិជ្ជាផ្សេងទៀត ត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែម នៅដើមឆ្នាំសិក្សាបន្ទាប់

ទី៣៖ ការបង្រៀន និងរៀនពីចម្ងាយ តាមអនឡាញ ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់

* បន្តការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក និងចែកឯកសារ

* បន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រូបង្រៀនអាចបង្រៀន Live និងផ្ដល់ឱកាសដល់សិស្ស ក្នុងការធ្វើស្វ័យសិក្សាដោយប្រើប្រាស់ សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិក

* អនុវត្តការធ្វើតេស្ត និងការវាយតម្លៃការសិក្សាសិស្ស ជាពិសេសថ្នាក់ទី៩ និងទី១២ ឱ្យបានគត់មត់ ក្រោមរូបភាពជាការប្រឡង ការធ្វើតេស្តដាក់ពិន្ទុប្រចាំខែ ត្រីមាស ប្រចាំឆ្នាំ

* ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ អាចរៀបចំឱ្យមានការរៀនជាបណ្ដុំនៅតាមផ្ទះ ការសិក្សាទៅតាមកន្លែងជាក់ស្តែង ដែលជ្រើសរើសដោយសហគមន៍ និងអាជ្ញាធរស្រុក និងការធ្វើជាបណ្ដុំស្វ័យសិក្សា ដោយសិស្សថ្នាក់ខ្ពស់ ជួយសិស្សថ្នាក់ទាបជាដើម

* ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ត្រូវតែមានការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាល និងទាមទារការចូលរួមពីមាតាបិតា ហើយត្រូវអនុវត្តតាមការរៀនតាម សន្លឹកកិច្ចការ

* ជំរុញមាតាបិតាក្នុងការជួយលើកទឹកចិត្ត និងបង្កលក្ខណៈដល់ការសិក្សាពីចម្ងាយ និងស្វ័យសិក្សារបស់សិស្ស ជាពិសេសសិស្សតូចៗ។

ទី៤៖ ការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៖

* គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវពិនិត្យមើល, ចាត់វិធានការថែទាំ, លើកកម្ពស់អនាម័យ សណ្តាប់ធ្នាប់នៅសាលារៀន ទោះបីជាគ្រឹះស្ថានសិក្សាមិនទាន់បើកដំណើរការឡើងវិញក៏ដោយ

* មិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សានោះទេ

* គ្រូបង្រៀនដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរតែបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការ។

ទី៥៖ ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀន ក្នុងការបើកឬផ្អាកដំណើរការសាលារៀន៕









សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ នៅតាមបណ្តាទីតាំងដែលពុំមានការឆ្លងរាលដាលនិងមានការឆ្លងតិចនៃជំងឺកូវីដ-១៩

 

សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ នៅតាមបណ្តាទីតាំងដែលពុំមានការឆ្លងរាលដាលនិងមានការឆ្លងតិចនៃជំងឺកូវីដ-១៩ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១)