Monday, December 27, 2021

អភិបាលខេត្តក្រចេះ ជួបសំណេះសំណាលមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ដែលធ្វើប្រតិបត្តិការក្នុងខេត្តក្រចេះ

ក្រចេះ៖  នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្ត អនុញ្ញាតឲ្យមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ដុចូលជួបសំណេះសំណាលសំដែងការគួរសម្យ។


លោក វ៉ា ថន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ សេដ្ឋកិច្ចកម្ពុជាបានទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះដល់អត្រាទាបបំផុត បន្ទាប់ពីទទួលបានកំណើនយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្របជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញធនាគារជាតិនៃកម្ពុជា បានគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃវិបត្តិសុខភាព ពិភពលោកជំងឺកូវីដ-១៩ តាមរយៈការអនុវត្តនូវវិធានការ និងគោលនយោបាយផ្សេងៗដូចជា៖

-រក្សាស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ និងបង្កើនទុនបម្រុង។ 

-អនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រដល់សេដ្ឋកិច្ចរូបវ័ន្ត។  

-ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យធនាគារ ផ្អែកលើទស្សនៈអនាគត ព្រមទាំងការពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យជាដើម

-អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំគោលការណ៍ឥណទានឡើងវិញដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និង អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួល និង ជំរុញសកម្មភាពសេដ្ឋកិច្ច ព្រមទាំងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជាមួយគ្នាផងដែរ ។ 


លោកអភិបាលបានបន្តថា៖ វិស័យឯកជន និងប្រជាជនគឺជាដៃគូរ និងកម្លាំងនៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិដែលមិនអាចខ្វះបាន ហើយការជោគជ័យនៃធនាគារអេស៊ីលីដា គឺជាគម្រូជោគជ័យដល់ស្ថាប័នធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍កម្រិតជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្រមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។


លោក ក៏បានស្នើសុំដល់ធនាគា  និងស្ថាប័ន្ថមីក្រូហិរញ្ញវត្ថុទាំងអស់ សូមពិនិត្យតាមដានឲ្យបានម៉ត់ចត់ច្បាស់លាស់លើឯកសារពាក់ព័ន្ធលើការផ្តល់កម្ចី និងការសងត្រឡប់មកវិញប្រកបដោយនីតិវិធី ការយោគយល់ចចារ និងពន្យាតពេលជូនប្រជាជនជៀសវាងការប៉ះពាល់លើទ្រព្យប្រជាជន៕






លោកស្រី មិថុនា ភូថង ដឹកនាំកិច្ចប្រជុំ ពិភាក្សាពិនិត្យផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបើកការដ្ឋានផ្លូវជាតិលេខ៤៨

កោះកុង÷ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨

ក្នុងនោះ លោកស្រីអភិបាលខេត្ត ក៏សូមឲ្យលោក លោកស្រី ទាំងអស់យកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អំពីផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ជាពិសេសលោកអភិបាលរងខេត្ត ទទួលបន្ទុកសន្តិសុខ ត្រូវយកចិត្តទុកដាក់បំផុត ត្រូវធ្វើការសហការជាមួយក្រុមការងារថ្នាក់ជាតិ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ ក្នុងការរៀបចំឲ្យបានល្អប្រសើរ សមស្របទៅនិងផែនការរួម ធ្វើយ៉ាងណាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់មុន ក្នុងកំឡុង និងក្រោយពីបញ្ចប់កម្មពិធីទាំងមូលឲ្យបានល្អប្រសើរ៕





អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកវិញ្ញាប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២១

បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី២៧  ខែធ្នូ  ឆ្នាំ២០២១នេះលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបេីកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២១  នៅវិទ្យាល័យអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


ខេត្តបន្ទាយមានជ័យ   មានមណ្ឌលប្រឡងចំនួន ៧មណ្ឌល  និងមានបេក្ខជនប្រឡងមានចំនួន៤.៩៤៧នាក់។


ក្នុងឱកាសអញ្ជើញបើវិញ្ញាសារប្រឡងនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបានគូសបញ្ជាក់ថា ការប្រឡងឆ្នាំ២០២១នេះ យើងបានធ្វើការរៀបចំដំណើរដោយរលូតទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តន៍វិធានការសុខាភិបា ៣ការពារ និង៣កុំ បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយមានការត្រួតពិនិត្យសុខភាពជាមុន ពាក់ម៉ាស បាញ់អាល់កុលជាដើម និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ មានកម្លាំងនគរបាល អាវុធហត្ថ និងការចូលរួមសម្របសម្រួលពីយុវជនសសយកផងដែរ។


លោកអភិបាលខេត្តបន្ទាយមានជ័យ ក៍បានផ្ញើសារជូនពរក្មួយៗទាំងអស់ សុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកប្រឡង  និងសូមអោយប្រឡងជាប់ ព្រមទាំងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ៕






អភិបាលខេត្តត្បូងឃ្មុំ កាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុង អ្នកចេះ គឺជាប់។


ថ្លែងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី សឿ សុជាតា ប្រធានគណមេប្រយោគទូទាំងប្រទេស និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ 


ជាមួយគ្នានោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។


ទន្ទឹមនឹងនោះ លោកបណ្ឌិត បានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃនៅពេលប្រឡងឲ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង ពិសេសជោគជ័យក្នុងការប្រលងសាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។


យោងលើរបាយការណ៍របស់លោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ  បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ក្នុងនោះ មណ្ឌលថ្នាក់វិទ្យាសាស្ត្រចំនួន៣មណ្ឌល និងថ្នាក់សង្គមចំនួន០៨មណ្ឌល គិតជាបន្ទប់មានចំនួន ១៧២បន្ទប់ មានបេក្ខជនដែលត្រូវចូលរួមប្រឡងមានចំនួន ៤.២៧៩នាក់ស្រី ២.៤៥២នាក់ផងដែរ៕