Friday, October 25, 2013

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រជុំនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៣







បទ​អត្ថា​ធិប្បាយដោយ រ័ត្ន សណ្តាប់៖ “ដូរ ដូរ ដូរ”...ក្រោយ​ការ​បោះ​ឆ្នោត គឺជាការ​ធ្វើ​រដ្ឋ​ប្រហារ!

ដូរ ដូរ ដូរ...ក្រោយការបោះឆ្នោត គឺជាការធ្វើរដ្ឋប្រហារ!
 នៅថ្ងៃទី២៥ ​​តុលានេះ គឺជាថ្ងែគម្រប់ខួប​១ខែ ​នៃដំណើរការរាជរដ្ឋាភិបាលស្របច្បាប់​អាណត្ដិទី៥នៃរដ្ឋសភា​ ​ដែលត្រូវបាន​ប្រសូត្រចេញពីឆន្ទ:ប្រជាពលរដ្ឋ ​តាមរយៈ​ការបោះឆ្នោត នៅថ្ងៃទី២៨​កក្ក​ដា២០១៣ ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ បញ្ជាក់ថា ដំណើរ​ការ​បោះឆ្នោតបានប្រព្រឹត្ដទៅដោយសេរី យុត្ដិធម៌ ត្រឹមត្រូវ និងក្នុងបរិយាកាសអហិង្សា សុវត្ថិភាព​គ្មានការគំរាមគំហែង។
ប្រមុខរដ្ឋ​នៃប្រទេសមួយ​ចំនួនក្នុងតំបន់ ​និងនៅលើពិភពលោក មានជាអាទិ៍ បារាំង ​ចិន អូស្រ្ដាលី ជប៉ុន​​ លោក​បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ។ល។បានស្វាគមន៍ និងអបអរសាទរនូវព្រឹត្ដិការណ៍នេះ​យ៉ាងស្មោះស្ម័គ្របំផុត។
          ផ្ទុយទៅវិញ​ គណបក្សប្រឆាំងបានប្រមូល​ពូនផ្ដុំ​ជាបន្ដបន្ទាប់គ្នា​ នាំគ្នា​ប្រឆាំង​នឹងលទ្ធផល​នៃការបោះឆ្នោត​។ នៅថ្ងៃទី២៣​ តុលា​ នេះ បក្សប្រឆាំងបានយកលេសជាថ្មីថា​ ពួកគេប្រារព្ធ​ពិធី២៣​ តុលា ដើម្បី​​រំឭកខួបគម្រប់២២ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រ​មព្រៀងសន្ដិភាព​ ទីក្រុង​ប៉ារីស។​​ ការពិតពួកបក្សប្រឆាំង​បានយកទិវានេះ​ បំផុសបំផុលចលនាមិនទទួលស្គាល់​ភាព​ស្រប​ច្បាប់នៃរាជរដ្ឋាភិបាលថ្មី​។ ចលនានេះ បាន​បង្ហាញយ៉ាងច្បាស់ពីចេតនាផ្ដួល​រំលំ​រាជរដ្ឋា​ភិបាល ដែលផ្ទុយពីដំណើរការលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា។ ព្រោះថាការផ្លាស់ប្ដូររដ្ឋា​ភិបាល អាច ធ្វើទៅបានតាមរូបភាពតែមួយគត់គឺការបោះឆ្នោត។ ហើយការបោះឆ្នោតកន្លងមកនេះ ទៀត សោតក៏​បានសបញ្ជាក់​​យ៉ា​ងច្បាស់ថា ប្រជាពលរដ្ឋនៅបន្ដការគាំទ្រ​គណបក្សប្រជាជន​កម្ពុជា។
ដូចនេះ គណបក្សប្រឆាំងដែលយកលេសថា ទាមទាមរកយុត្តិធម៌ជូនម្ចាស់ឆ្នោត​​ ដែល​បាន​​បោះឆ្នោតគាំទ្រពួកគេ​ វា​គ្រាន់តែជាវាំងននខ្មៅមួយផ្ទាំង បាំងមុខនៅក្នុងការបន្ដប៉ុនប៉ង ​និង​សាកល្បងធ្វើ​ជាមេខ្យល់នាំមុខចលនាបះ​បោរតាមគ្រប់រូបភាព ​​ដែលអ្នកនយោបាយអាច​បកស្រាយ បានថាជា ចលនាផ្ដួល​រំលំរាជរដ្ឋាភិបាលតាមរយៈ រដ្ឋប្រហារតាមផ្លូវថ្នល់ ។ មានន័យថា អំណាចដែលគណបក្សប្រជាជន​ទទួលបាន​តាមការបោះឆ្នោត​​បែប​ប្រជាធិបតេយ្យ​​​ បែរជាត្រូវ​បានគណបក្ស​ប្រឆាំង​ចង់​ដណ្ដើម​អំណាច​នេះ តាមបែបអនាធិបតេយ្យទៅ​វិញ។
ក្នុងការដែលពួកគេ​ប្រកាសថា គេកំពុងតែធ្វើចលនាមហាបាតុកម្មនោះ តើពួកគេធ្វើក្នុង​គោល​បំណងចង់បាន​អ្វីពិតប្រាកដ​ ​ក្នុងសភាពការណ៍ដែលប្រជាពលរដ្ឋ​កំពុងរស់នៅក្នុង​សុខ​សន្ដិភាព និងការអភិវឌ្ឍ​នោះ​?
ជាការពិតណាស់ និងវាច្បាស់ដូចពន្លឺថ្ងៃអ៊ីចឹង! ​ក្រុមគណបក្សប្រឆាំងបានបង្ហាញ​ពី ចេតនា​យ៉ាងច្បាស់​​ គឺពួកគេ​បាន​ដើរ​ធ្វើវិទ្ធង្សនានយោបាយ ​​វិចេ្ឆទកម្មសេដ្ឋកិច្ច ​តាមរយៈ​ការបង្ក​ភាព​ចលាចលក្នុងសង្គម ការស្រែកទ្បាំប៉ា​ឲ្យបរទេស​​ផ្ដាច់ជំនួយ និងការឃោសនា​រារាំង​មិនឲ្យ ក្រុមហ៊ុនបរទេសចូលមកធ្វើវិនិយោគ​នៅស្រុកខ្មែរ​ គឺជាការរាំងខ្ទប់​ដល់​ដង្ហើម​សេដ្ឋ​កិច្ច​ជាតិ។ ក្នុង​ ន័យនេះ គ្មាននរណាម្នាក់គេមិនជឿថា ពួក​បក្សប្រឆាំង​កំពុងខិតខំ​ប្រឹងប្រែង​បម្រើ​មហិច្ឆតា​​បក្ស ខ្លួនឯងដែលជាមហិច្ឆតាបុគ្គល ​ដោយពុំបានគិតពីភាពសុខ​សាន្ដរបស់​ប្រទេស​ជាតិទាល់សោះ​។
តើនេ:ពុំមែនជា​ទង្វើស្រេកឃា្លន​​អំណាចតាមបែប​អនាធិបតេយ្យ ​​ដោយបង្កចលនា​កូដ​កម្ម ក្នុង​គោលបំណងផ្ដួលរំលំរដ្ឋាភិបាល​ដោយខុសច្បាប់ទេឬអ្វី?​​ តើនេះពុំមែនជាទង្វើ​ប្រឆាំង​​នឹង​ប្រវត្ដិ​សាស្រ្ដទេឬអ្វី? ​មជ្ឈដ្ឋានទូទៅ​បានស្គាល់យ៉ាងច្បាស់អំពី បរិបទនយោបាយនៅកម្ពុជា​ពិសេស​គោលនយោបាយ​ ឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន​ ដែលបានធ្វើឲ្យសង្គម មានសនិ្ដភាព និង​អភិវឌ្ឍលើគ្រប់វិស័យ​រហូតធ្វើឲ្យ​អន្ដរជាតិទទួលស្គាល់ថា កម្ពុជាគួរត្រូវបាន ទុកជាគំរូសម្រា​ប់​បណ្ដាប្រទេសនានាលើពិភពលោកទៀតផង
          គណបក្សប្រឆាំងបានយកលេសពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ស្រែក​ប្រកូ​ក​ប្រកាស​ច្រំដែលៗថា រាជរដ្ឋាភិបាលមិនបានអនុវត្ដតាមខ្លឹមសារ​ កិច្ចព្រមព្រៀងសន្ដិភាព​ទីក្រុង​ប៉ារីសទេ។ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់ គឺ​បញ្ចប់ នូវសង្រ្គាមផ្ទៃក្នុងប្រទេស​ ជំរុញឲ្យកម្ពុជាទទួលបាននូវសន្ដិភាពជា​​និរន្ដន៍​ ប្រជាពលរដ្ឋ​រស់នៅ ប្រកបដោយសុវត្ថិភាព​ វឌ្ឈនភាព​ សេរីភាព​ គ្មានការជ្រៀតជែ្រក​គ្មាន​ការគាបសង្កត់​ពី​អំណាច​​បរទេស។ កម្ពុជាត្រូវដើរតាមលំអាន​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្សតាមរយ:​ការបោះ​ឆ្នោត ដោយ​សេរី​ យុត្ដិធម៌​ពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់។​​​
          ម្ភៃឆ្នាំ​បាន​កន្លងផុតទៅ។ ការបោះឆ្នោតសកលបានប្រព្រឹត្ដទៅប្រាំលើកហើយ​។ កម្ពុជា​បានដើរតាមលំអានលទ្ធិប្រជាធិបតេយ្យជានិច្ច។បានទទួលនូវការអបអរសាទរពីមតិជាតិ និង​អន្ដរជាតិជានិច្ច។ ដូចេ្នះបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលក្រោយការបោះឆ្នោត គឺស្មើ​នឹង​ការ ធ្វើ​រដ្ឋ​ប្រហារ​សុទ្ធ​សា​ធ។
ការ​ខិតខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេលជាង ១​ទស្សវត្សន៍ ដើម្បី​សម្រេច​ឲ្យបាន​នូវ​ការ​ឯក​ភាព​មួយ​រវាង​ប្រទេស​ទាំង ១៨ រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្នុងនោះ មាន​ប្រទេស​មហា​អំណាច​ទាំង​៥ ចិន រុស្ស៊ី បារាំង អង់គ្លេស សហរដ្ឋ​អាមេរិក សង្គ្រោះ​ប្រទេស​មួយ គឺ​កម្ពុជា​ឲ្យផុត​ពីការ​រង​គ្រោះ គឺ​មិនជាការ​ធម្មតា​ទេ។ ប្រវត្តិសាស្ដ្រ​មិនអាច​បកក្រោយ​បាន​ទេ។ អង្គ​ការ​សហប្រជាជាតិ​ពុំ​អាច​អនុញ្ញាត​ឲ្យ​កម្ពុជា​វិល​ថយក្រោយ ទៅរក​ភាព​វិនាសកម្ម​បាន​ទៀត​ឡើយ។

កំណត់ អ្នកនិពន្ធ  
បុរាណវិទូ                     : អតីតអនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា
សាស្រា្ដចារ្យ      ​​: និពន្ធនិងបោះពុម្ពផ្សាយ ប្រវត្ដិប្រដាល់ក្បាច់ខ្មែរ Email rathsandab@yahoo.com