Tuesday, September 28, 2021

លោក តូច ប៉ូលីវ៉ា ចុះពិនិត្យការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ

ស្វាយរៀង÷ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានចុះពិនិត្យការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ចេក និងអនុវិទ្យាល័យស្វាយតឿ ស្ថិតក្នុងក្រុងស្វាយរៀង និងវិទ្យាល័យហ៊ុន សែន ប្រសូត្រ ស្ថិតក្នុងស្រុកស្វាយទាប ដែលមានសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងមួយបន្ទប់ត្រូវបានបែងចែកតាមបណ្ដុំ ១ថ្នាក់ ចំនួន១៥នាក់ ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ផងដែរ។ 

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់លោកនាយកសាលា៖

-ត្រូវរៀបចំបន្ទប់ដាច់ដោយឡែកមួយនៅក្នុងសាលាក្នុងករណីមានសិស្សានុសិស្ស ដែលសុខភាពមិនប្រប្រតីត្រូវដាក់គាត់នៅដាច់ដោយឡែកតាមដានសុខភាព និងទាក់ទងទៅមន្រ្តីជំនាញដើម្បីយកវត្ថុវិភាគសំណាកធ្វើតេស 

-សិក្សានុសិស្សមុននឹងចូលដល់ថ្នាក់រៀន ត្រូវពាក់ម៉ាស់ សម្អាតដៃជាមួយអាល់កុល ឬសាប៊ូ និងសួរនាំក្នុងករណីមានបងប្អូនឬអ្នកជិតខាងមានវិជ្ជមានជំងឺកូវីដ-១៩ តម្រូវឱ្យឈប់សម្រាកធ្វើចត្តាឡីស័ក 

-ម៉ោងសម្រាកចេញលេងរបស់សិស្សានុសិស្ស ត្រូវផ្លាស់ប្តូរឆ្លាស់វេនគ្នា ជៀសវាងមានការជួបជុំប្រមូលផ្តុំគ្នាអាចបង្កហានិភ័យការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ 

បន្ថែមលើសពីនេះ  លោកក៏បានអំពាវនាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត។

និងត្រូវបន្តអនុវត្ត ៣.ការពារ ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP( នីតិវិធីប្រតិបត្តិការស្តង់ដារ) របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ៕





ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំនៅវត្តមណីរង្សីវេស្សវ័ណ

ក្រចេះ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ  លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តមណីរង្សីវេស្សវ័ណ ហៅវត្តកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដើម្បីផ្គត់ផ្គង់ទ្រទ្រង់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈពិធីសម្រាប់ឆ្នាំនេះត្រូវបានផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ឆ្លងរីករាលដាល ។

នាឱកាសនោះ លោក ហឿ ស៊ីយ៉ែម មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តតែងតែរៀបចំពិធីកាន់បិណ្ឌ នៅតាមវត្តមួយក្នុងក្រុងក្រចេះ និងស្រុកមួយចំនួន ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ រដ្ឋបាលខេត្តមិនអាចប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់បានឡើយ ដូច្នេះមានតែនាំយកថវិកា និងស្បៀងអាហារ ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌ។

ជាមួយគ្នានេះដែរ លោកបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខចំពោះព្រះចៅអធិការនិងព្រះសង្ឃ សូមមានការយោគយល់ ព្រមទាំងចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង ក្នុងអំឡុងពេលនេះ ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជា វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕





សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ក្នុងឱកាសទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន»

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)ចេញសេចក្តីថ្លែងការណ៍ ក្នុងឱកាសទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» បានចូលរួមជាមួយអ្នកសារព័ត៌មាននៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយសម្រាប់ឆ្នាំ២០២១នេះ ទិវាអន្តរជាតិស្តីពីសិទ្ធិទទួលព័ត៌មានរំលេចចេញនូវប្រធានបទ «សិទ្ធិដឹង៖ កសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន» ដោយសង្កត់បញ្ជាក់ថា សាធារណជនត្រូវការព័ត៌មានដែលពិតត្រឹមត្រូវ។
សូមអានខ្លឹមសារលិខិតទាំងស្រុង ៖

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

 

 សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១

 

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់១៩៤ដុល្លារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសមួយ ដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ១៩៤ដុល្លារ ទោះបីជាកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក៏ដោយ។

ការប្រកាសដំឡើងប្រាក់ឈ្នួលនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានប្រជុំលើកចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីបោះឆ្នោតកំណត់តួលេខដំឡើងប្រាក់ឈ្នួល លើតួលេខ៣ដែលស្នើដោយភាគីពាក់ព័ន្ធ មានដូចជា ១៨៨ដុល្លារ, ២០៤ដុល្លារ និង១៩២ដុល្លារ ដោយក្នុងនោះតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង។
តាមសេចក្តីប្រកាសរបស់ក្រសួងការងារ បាន បញ្ជាក់ឱ្យដឹងថា «ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២»។
ក្រសួងបានបន្តថា «យោងរបាយការណ៍របស់លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារ អាម៉េរិក។ ដូច្នេះចាប់ ពីថ្ងៃ ទី១ ខែមករា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង»។
បើតាមក្រសួងការងារ ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុក នៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់ អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែល បានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជា មធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិច ចំនួនពី ២១១ (ពីររយដប់មួយ) ដុល្លារអាម៉េរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គឺទទួលបានប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនសរុប ១៩២ ដុល្លារអាមេរិកក្នុងមួយខែ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ដោយក្នុងពេលរៀបចំដំឡើងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើសម្រេចផ្ដល់ឱ្យ ១៩០ ដុល្លារ ចំណែក ២ ដុល្លារទៀត គឺត្រូវបានបន្ថែមដោយលោកនាយករដ្ឋមន្ត្រីនៃ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕












លោក ស៊ុន សុវណ្ណារិទ្ធិ ទទួលអំណោយពីសុប្បុរសជនដើម្បីចូលរួមសកម្មភាពបង្ការ ការពារនិងទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក អម សុភា អភិបាលរងខេត្ត បានទទួលអំណោយឧបត្ថម្ភពីលោកឧកញ៉ា លី សុភ័ក្រ និងលោក លន់ ឡេង ជំនួយការផ្ទាល់លោកឧត្តមសេនីយ៍ឯក ចៅ តុល នាយរងសេនាធិការចំរុះអគ្គបញ្ជាការកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្ស និងជានាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ប្រេីប្រាស់ ក្នុងការចូលរួមសកម្មភាពបង្ការការពារ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ក្នុងនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា លី សុភ័ក្រ និងលោក លន់ ឡេង ដែលបានចំណាយនូវធនធានយ៉ាងច្រើនដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់រដ្ឋបាលខេត្តយកទៅបម្រើក្នុងសកម្មភាពការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ 

អំណោយដែលបាននាំយកមកឧបត្ថម្ភដល់ រដ្ឋបាលខេត្ត មាន៖ អង្ករចំនួន ២តោន, ទឹកត្រី ២៥យួរ, ទឹកស៊ីអ៉ីវ ២៥យួរ, ទឹកសុទ្ធ ២៥កេស និងថវិកាចំនួន ៥ពាន់ដុល្លា។ ជាមួយគ្នានោះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានជូនពរអោយលោកឧកញ៉ាលី សុភ័ក្រ និងលោក លន់ ឡេង ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕





ថ្នាក់ដឹកនាំ និងកម្លាំងមន្ត្រីជំនាញចុះធ្វើយុទ្ធដំណើរត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយឧបករណ៍ សម្ភារៈត្រៀមចល័ត និងពិនិត្យស្ថានភាពទឹក

កំពង់ឆ្នាំង៖ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររុករក សង្គ្រោះ និងសន្តិសុខ នៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ៦១នាក់ ធ្វើយុទ្ធដំណើរត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារៈ ត្រៀមចល័ត និងពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនថា ការរៀបចំយុទ្ធដំណើរត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយឧបករណ៍សម្ភារៈ ត្រៀមចល័ត និងពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង គឺដើម្បីត្រៀមការងារបង្ការ ទប់ស្កាត់ និងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ៕






សមាជិកគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់អំពើហឹង្សា ការជួញដូរគ្រឿងញៀន

កំពង់ឆ្នាំង៖ លោកស្រី ឈុំ ចាន់សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង បានជំរុញដល់សមាជិក សមាជិការបស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ័ញ្ចកំលាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថេរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការការពារពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោកស្រីបានជំរុញបែបនេះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំ "គ"សាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីលោកស្រី ប៊ន សុភី អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត សមាជិក សមាជិកា គ.ក.ស.ក ខេត្ត និងអង្គភាពដៃគូសហការពាក់ព័ន្ធក្នុងខេត្តចូលរួមផងដែរ ៕




លោកទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពទឹកទឹកជំនន់ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ÷ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការ កងកម្លាំងយោធា អាវុធហត្ថ ស្នងការនគរបាល អាជ្ញាធរក្រុង/ស្រុក បានចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងជន់លិចក្រោមផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា បានត្រៀមកម្លាំង សម្ភារៈ ទូក រថយន្ត ស្បៀង និងបានសាងសង់ទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ។ ពលរដ្ឋដែលត្រូវជម្លៀសគឺនៅចំនុចស្ពានសែសិន និងផ្លូវវាងក្រុង ប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

ជាមួយគ្នានោះ អាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងទឹកជន់លិចនិងអ្នកនៅដាច់ស្រយាលត្រូវទាក់ទងមកសមត្ថកិច្ចដែលនៅជិតខ្លួន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕






អភិបាលខេត្តកំពង់ចាម ដាក់គោលការណ៍ ៧ ចំណុចដល់អាជ្ញាធរក្រុង-ស្រុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

(កំពង់ចាម)៖ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ ទៅលើអាជីវករលក់ដូរ ក្នុងផ្សារស្ពឺ និងផ្សារថ្នល់បែក ក្នុងស្រុកចំការលើ ជាបន្តបន្ទាប់ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំដាក់គោលការណ៍បន្ទាន់៧ ចំណុច ដើម្បីឲ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធយកទៅអនុវត្ត ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំ នៃជំងឺកូវីដ១៩ ។

វិធានការទាំង ៧ ចំណុចដែល លោក អភិបាលខេត្តកំពង់ចាម បានដាក់ចេញក្នុងអង្គប្រជុំនោះគឺ ៖         

ទី១ ៖ ត្រូវបង្កើនការផ្សព្វផ្សាយ សារអប់រំរបស់ក្រសួងសុខាភិបាលបន្ថែមទៀត នៅតាមមូលដ្ឋាន ជាពិសេសតាមទីប្រជុំជនដូចជា ទីផ្សារជាដើម ។ 

ទី២ ៖ ត្រូវពង្រឹងផ្នែកប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ជាពិសេសការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានប្រភេទ ដែលតា ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។ 

ទី៣ ៖ សូមឱ្យផ្នែកសុខាភិបាលធ្វើយ៉ាងណា ព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ឲ្យបានហ្មត់ចត់ និងហាមដាច់ខាត អ្នកជំងឺមកអង្គុយលេងផ្ទះអ្នកជិតខាង ។ 

ទី៤ ៖ ត្រូវអនុវត្តច្បាប់ទៅលើជនខិលខូចទាំងឡាយ ដែលព្យាយាមគេចវេសពីការព្យាបាល បូករួមទាំងការមិនគោរពទៅតាមវិធានការការពារជំងឺឆ្លងនេះ ត្រូវតែអនុវត្តច្បាប់តាមបទល្មើសជាក់ស្ដែង ។ 

ទី៥ ៖ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវអំពីអ្នកចំណូលស្រុក ជាពិសេសអ្នកចំណូលស្រុកមកពីតំបន់ ដែលមានហានិភ័យខ្ពស់ ត្រូវតែឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ១៤ថ្ងៃ ។ 

ទី៦ ៖ ត្រូវជំរុញនៃការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន ជាពិសេសតាមទីផ្សារ ។

ទី៧ ៖ ចំពោះសាលារៀន ត្រូវពិនិត្យមើលបើមានវិជ្ជមានកូវីដ១៩ ក្នុងថ្នាក់ណា ត្រូវធ្វើការព្យាបាល និងសិស្សពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កចំពោះតែថ្នាក់នោះ ពោល គឺមិនមែនបិទសាលានោះទេ ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ចំនួន២០ម៉ឺនដូស

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ១៩ (ប្រភេទស៊ីណូវ៉ាក់) ចំនួន២០ម៉ឺនដូស ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវកូវីដ-១៩។

នៅក្នុងលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះបានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំមានសេចក្តីរីករាយជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិតពីរឆ្នាំមកហើយ តែប្រទេសនានាជុំវិញពិភពលោកនៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញនៃជំងឺរកូវីដ១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់សុខុមាលភាពរបស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីត១៩បំលែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។

ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់)ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏សាហាវនេះ។ អំណោយវ៉ាក់សាំងនេះនឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១។»

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ប្រទេសឡាវ ក៏ទទួលបានអំណោយជាម៉ាស២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត មានដូចជាម៉ាសក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ។

ឡាវជាប្រទេសដំបូងគេ ដែលកម្ពុជា បានផ្តល់ម៉ាស់ និងគ្រឿងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

កាលពីថ្ងៃដើមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា ក៏បានផ្តល់ថវិកា ២០ម៉ឺនដុល្លារ ទៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ ថវិកានេះបន្ថែមពីលើថវិកាតាមអាស៊ានចំនួន ១០ម៉ឺនដុល្លារ។

ក្រៅពីថវិកាកម្ពុជា ក៏បានឧបត្ថម្ភបរិក្ខារមួយចំនួនទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

នៅខែកក្កដា ឆ្នាំ២០២១ កម្ពុជា ក៏បានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម។

កាលពីឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឧបត្ថម្ភម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ផងដែរ៕