Friday, October 09, 2015

សម័យ​ប្រជុំពេញអ​ង្គគណៈរដ្ឋមន្ត្រី​ បានសំ​រេ​ចអនុម័ត​ សេចក្តីព្រាង​ច្បាប់ចំនួន​២នៅថ្ងៃនេះ​

 យោងតាមសេ​ចក្តីប្រកាសព័​ត៌មាន របស់អង្គភាព​ព័ត៌មាន និងប្រតិកម្មរ​ហ័ស នៃទីស្តីការ គណៈរដ្ឋមន្ត្រី  ស្តីពីលទ្ធផ​លនៃសម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥ បានឲ្យដឹងថា នៅព្រឹកមិញនេះ នៅក្នុងកិច្ចប្រជុំនៅវិ​មានសន្តិភាព ដែលប្រ​ព្រឹត្តទៅ ក្រោមក្រោម​​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ ​សម្តេចតេជោ ហ៊ុន សែន បានសំរេចអនុម័តនូវសេចក្តីព្រាង ច្បាប់ស្តីពីទូរគមនាគមន៍ និងសេច​ក្តីព្រាង​​អនុក្រឹត្យ​ស្តីពី​ការបោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភា​សា​ខ្មែរ​​និងជា​រូបភាព​លើកញ្ចប់​ផលិតផល​ថ្នាំ​ជក់។
ស្រប​នឹងកម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋ​សភា សេចក្តី​ព្រាង​ច្បាប់​​​​ស្តីពី​ទូរគមនាគមន៍ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​​​​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ប្រែប្រួល ​រីក​ចំរើន​យ៉ាងឆាប់រហ័ស​ ប្រកបដោយ​ការ​ប្រឈម​នៃ​វិស័យ​​ទូគមនាគមន៍​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា និងដើម្បី​គ្រប់គ្រង​វិស័យ​ដ៍មាន​សក្តានុពល​នេះ​ដោយ​ការពារ​ និង​ជំរុញ​ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ ការពារ​ផល​ប្រយោជន៍​អ្នកប្រើប្រាស់​ និង​ប្រមូល​ចំណូល​ជាតិ​ពីវិស័យនេះ។​
គោល​បំណង​សំខាន់​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ការធានា គុណភាព និង​ប្រសិទ្ធ​ភាព​នៃ​ការ​​ប្រើ​ប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញ និង​ការ​ផ្តល់​សេវា​ទូរគមនាគមន៍ ​លើក​ទឹក​ចិត្ត​ ចំពោះការ​វិនិយោគលើ​វិស័យ​ទូរគមនាគមន៍ និង​ការ​ការពារ​អ្នក​ប្រើ​ប្រាស់​ ព្រម​ទាំង​ការកៀរគរ​ចំណូល​ជាតិ។ គោល​ដៅ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺកំណត់​សមត្ថកិច្ច​គ្រប់​គ្រង ការ​ចេញ​បទប្បញ្ញត្តិ និង​ការ​ត្រួត​ពិនិត្យ និង​តាម​ដាន​ប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​បែប​បទ​នៃ​អភិបាល​កិច្ច​វិស័យ​។ ច្បាប់​នេះមាន ១៦ជំពូក និង ១១៤មាត្រា មាន​វិសាល​ភាពអនុវត្ត​ចំពោះ​គ្រប់​ប្រតិបត្តិការ​ទូរគមន៍ទាំង​អស់ នៅក្នុងព្រះ​រាជាណាចក្រ កម្ពុជា​លើកលែង​តែ​វិស័យ​សន្តិសុខ​ និង​ការងា​រ​ការពារ​ជាតិ។
ជាមួយគ្នានេះដែរ​ សម្តេច​តេជោ ​ហ៊ុន​ សែន បានឯកភាព​លើសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​បោះ​ពុម្ព​សា​រ​​ព្រមាន​សុខភាព​ជា​រូប​ភាព និង​ជា​ភាសា​ខ្មែរ​លើកញ្ចប់​បារី ដែលត្រូវ​បាន​តាក់​តែង​និងដាក់​ស្នើ​​ដោយ​​ក្រសួង​​សុខាភិបាល​អនុលោម​តាម​មាត្រា១០ នៃ​ច្បាប់​ស្តីពី​ការ​​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ដែល​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ដោយ​ព្រះ​រាជ​ក្រម នស/​រតម/០៥១៥/​០០៤ ចុះ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៥ និង​ស្រប​ទៅនឹង​និន្នាការ​ក្នុង​ពិភពលោក ជា​ពិសេស​​និន្នាការ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន។ គោលការណ៍ណែនាំ​សម្រាប់​អនុវត្ត​មាត្រា១១ នៃ​អនុសញ្ញា​ស្តីពីការ​ត្រួតពិនិត្យ​ថ្នាំ​ជក់ ដែល​​​ព្រះ​រាជាណាចក្រកម្ពុជា​បានផ្តល់​សច្ចាប័ន​ចូល​ជា​រដ្ឋភាគីតាំង​ពី​ឆ្នាំ​២០០៥ តម្រូវ​ឲ្យ​រដ្ឋ​ភាគី​បោះ​​ពុម្ព​​សារព្រមានសុខភាព​លើ​កញ្ចប់​បារីឲ្យ​បាន​យ៉ាង​តិច៥០% គ្របដណ្តប់​លើ​ផ្ទៃ​សំខាន់​ទាំង​ពីរ ដើម្បី​​​បង្ការកុមារ និង​យុវជន យុវនារី កុំ​ឲ្យ​ចាប់​ផ្តើម​ជក់​បារី និង​ជំរុញ​ឲ្យ​អ្នក​ជក់​លះបង់​ទំលាប់​ជក់។ សេចក្តី​ព្រាង​អនុក្រឹត្យ​នេះមាន ៦ជំពូក និង១៨មាត្រា​។
ក្រៅពីនេះអង្គប្រជុំពេញអង្គគណៈ​រដ្ឋ​មន្រ្តី​ ក៏បាន​អនុម័ត​បញ្ជូន​កិច្ចព្រមព្រៀង ​ស្តីពី​ការ​​​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អា​ស៊ី​ ទៅ​​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ផងដែរ
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ​ក៏បានកោត​សរ​សើរ​ចំពោះ​ការ​ខិត​ខំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ​ ដែលខិត​ខំ​ធ្វើការ​ងារ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈឯកជន ​ក្នុងការ​បញ្ចុះ​តម្លៃ​ប្រេង​​ឥន្ធនៈ​សម្រាប់ ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បុណ្យភ្ជំបិណ្ឌ​ និងការ​បើក​ប្រាក់​បៀវត្ស​​រ៍ខែ​តុលា ​ជូន​មន្រ្តី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​​ បានរហ័ស​ទាន់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។ សម្តេចតេជោ ក៏បានថ្លែង​កោត​សរសើរ​​​ផង​ដែរ​ ចំពោះ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ដែល​ខំ​ធ្វើ​ការ​ងារ​សម្រប​សម្រួល​បាន​ល្អ​ក្នុង​កិច្ចប្រជុំ​ត្រីភាគីស្តីពីការ​តម្លើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​រោង​ចក្រ​កាត់​ដេ​រ និង​ស្បែកជើង​​រហូត​ដល់​១៤០​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៦​ ដែល​ធ្វើ​ឲ្យប្រាក់​ឈ្នួល​អប្បបរមា និង​ប្រាក់​អត្ថ​ប្រយោជន៍​​ផ្សេងៗ​របស់​កម្មក​រ​កើនឡើងដល់​ជិត​១៧០ ដុល្លារ​អាមេរិក​ក្នុង១​ខែ៕