Thursday, October 13, 2022

ការពិតពីមាតុភូមិ ៖ តើនរណាឈ្នះក្តីក្នុងសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍ ប្តឹង សម រង្ស៊ី?

(ភ្នំពេញ)៖ តើសម រង្ស៊ី ហ៊ានបន្តមួលបង្កាច់ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធទៅនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានលោកហុក ឡងឌី ជាជនរងគ្រោះទៀតឬទេ ? អំណឹះតទៅបុគ្គលសម រង្ស៊ី ពិតជាលែងហ៊ាន ដោយសារពិភពលោកដឹងថា វាមិនមែនជាការពិត។

ដោយលើកចំណុចអំណះអំណាងមកពន្យល់ជាហូរហែរនៅក្នុងសាលក្រមរបស់ខ្លួន តុលាការបារាំងបានកត់សម្គាល់ថា៖

១៖ «លោក សម រង្ស៊ី មិនបានបង្ហាញភស្តុតាងច្បាស់លាស់ គាំទ្រសម្មតកម្មរបស់គាត់ដែលថា មូលហេតុនៃគ្រោះថ្នាក់គឺជាការផ្ទុះគ្រាប់បែក និងមិនមែនជាបញ្ហាអាកាសធាតុ ដូចដែលដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់ នៅក្នុងទិសដៅលាក់បាំងមូលហេតុពិតប្រាកដនៃការស្លាប់របស់លោក ហុក ឡងឌី៉»។

សាលាដំបូងនៃតុលាការបារាំង នៅទីក្រុងប៉ារីស បានកត់សម្គាល់ ទៀតថា៖

២៖ «យោងលើមូលហេតុទាំងអស់ខាងលើ ចៅក្រមសាលាដំបូង បានចាត់ទុកថា មូលដ្ឋានអង្គហេតុទាក់ទងគ្នានៃការនិយាយចោទប្រកាន់ ( របស់ សម រង្ស៊ី ) មានលក្ខណៈ “ ខ្សោយ ” ដែលវាផ្ទុយយ៉ាងខ្លាំងនឹងការនិយាយចោទប្រកាន់មួយ ដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយ អំពីការពាក់ព័ន្ធដោយសន្មតលើលោក ហ៊ុន សែន នៅក្នុងការធ្វើឃាតលោក ហុក ឡងឌី នោះទេ»។

តុលាការបានរកឃើញការពិត និងបញ្ជាក់ច្បាស់ថា ការពន្យល់ និងឯកសារ ដែលផ្តល់ដោយ សម រង្ស៊ី៖

៣៖ «ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាងរបស់សម រង្ស៊ី ថាមូលហេតុនៃឧប្បទ្ទវហេតុគឺដោយសារ ការបំផ្ទុះគ្រាប់បែក»។

សភាជំនុំជម្រះទី17 នៃសាលាដំបូងទីក្រុងប៉ារីស បានសម្រេចនៅក្នុងសាលក្រមចុះថ្ងៃទី10 ខែតុលា ឆ្នាំ2022 ថា ការលើកឡើងដែលសម រង្ស៊ី មិនបានជំទាស់តវា ជាការបរិហារកេរ្តិ៍ ៖

៤៖ «ការចោទប្រកាន់ថាលោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាតដែលមានចរិតនយោបាយទាំង២ករណីខាងលើ និងថា បានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន) ... ដូច្នេះ ការនិយាយចោទប្រកាន់នេះ ចាត់ទុកថាជាការបរិហារកេរ្តិ៍លោក ហ៊ុន សែន»។

ដូច្នេះ តុលាការបានស្វែងរកឃើញការពិត ភាពយុត្តិធម៌ ដែលសបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ុន សែន ពិតជាស្អាតស្អំ មិនបានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយមរណភាព លោកហុក ឡងឌី នោះទេ ។

បុគ្គលម្នាក់ពោលពាក្យមួលបង្កាច់អ្នកដទៃ ហើយខំដើរប្រកាសថាជាពាក្យពិត ប៉ុន្តែទីបំផុតត្រូវបានតុលាការរកឃើញថា ពាក្យពេចន៍របស់ខ្លួនជារឿងប្រឌិត ហើយកត់សម្គាល់ថាអំពើនោះ ជាអំពើបរិហារកេរ្តិ៍ ប្រៀបដូចតុលាការចាប់សម្រាតខោកណ្តាលហ្វូងមហាជនទូទាំងសកលលោក។ តើនេះជាការឈ្នះទៅកើតដែរឬ ?

ការជម្រះមន្ទិល ភាពយុត្តិធម៌ ភាពស្អាតស្អំ និងការប្រកាសប្រាប់សាធារណជនអំពីការពិត ដោយបញ្ជាក់ថា ដើមបណ្ដឹងមិនបានធ្វើដូចការចោទបំភ្លៃរបស់ជនជាប់ចោទនោះ ជាគោលបំណងគន្លឹះ ដែលដើមបណ្ដឹងចង់បានពីបេសកកម្មតស៊ូផ្នែកច្បាប់នៅឯយុត្តាធិការនៃទីលំនៅរបស់ជនជាប់ចោទ មិនមែនចង់បានទឹកប្រាក់ 1អឺរ៉ូ នោះទេ ។ ភាគីនាយករដ្ឋមន្ត្រីហ៊ុន សែន ពុំមានភាពចាំបាច់ក្នុងការប្តឹងឧទ្ធរណ៍ ព្រោះទទួលបានរួចទៅហើយនូវអ្វីដែលជាការទាមទារ និងចង់បាននៅក្នុងបណ្តឹង និងថែមទាំងទទួលបាននូវការវិនិច្ឆ័យមួយ ផ្តល់យុត្តិធម៌ ផ្តល់ការពិត សងជូនវិញនូវកិត្តិយស និងភាពស្អាតស្អំ ដែលដើមបណ្តឹងចង់បានបំផុត ពីក្នុងរឿងក្តីមួយនេះ ។ នៅពេលដែលតុលាការប្រទេសបារាំងបានផ្តល់ទៅដើមបណ្តឹងរដ្ឋប្បវេណី នូវកិត្តិយស និងភាពស្អាតស្អំវិញ តើនេះមិនមែនជាភាពជោគជ័យទេឬ ?

អ្វីដែលគួរឱ្យអស់សំណើចនោះ គឺសម រង្ស៊ី ខ្លួនឯង , អ្នកគាំទ្រដ៏ល្ងិតល្ងង់ , បណ្ឌិតស្ទើរភ្លើង , អ្នកវិភាគដូរបាយ , និងសារព័ត៌មានចូកចែវមួយចំនួន ធ្វើជាមិនយល់ មិនដឹងថា រាល់សេចក្តីក្នុងសំអាងហេតុ ការយល់ឃើញ អំណះអំណាង ដែលតុលាការបានលើក និងសន្និដ្ឋាន នៅក្នុងសាលក្រម គឺជាសេចក្តីសម្រេច ឬវិនិច្ឆ័យសេចក្តី ដោយចៅក្រម ទាំងអស់ ។ តើក្រុមមនុស្សទាំងនេះ ពិតជាឆោតល្ងិតល្ងង់ដល់ថ្នាក់នេះ ? ឬដឹងដែរតែធ្វើជាល្ងង់ ដើម្បីបន្តអនុវត្តគោលការណ៍បំភ្លៃលុះក្ស័យ របស់ខ្លួន ?

ពិតណាស់ អ្នកច្បាប់ទាំងអស់សុទ្ធតែយល់ និងដឹងថា អ្វីៗដែលមានសរសេរនៅក្នុងលិខិតសាលក្រម សុទ្ធសឹងជាការវិភាគ ការវាយតម្លៃ ការសន្និដ្ឋាន និងការសម្រេច របស់ចៅក្រម ជាពិសេសចំណុចដែលជាការសំអាងហេតុរបស់ចៅក្រម ដែលចាំបាច់បំផុតសម្រាប់យោង នាំទៅដល់ការសម្រេចវិនិច្ឆ័យសេចក្តីបិទបញ្ចប់ ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី12 ខែតុលា ឆ្នាំ2022 សម រង្ស៊ី បាននិយាយសារភាព យ៉ាងច្បាស់ៗថា ៖

៥៖ «ទោះជាខ្ញុំអត់មានភស្តុតាង 100% ថា ហ៊ុន សែន ជាអ្នកសម្លាប់ហុក ឡង់ឌី ក៏ដោយ តុលាការថា ខ្ញុំនិយាយហ្នឹងមិនទាន់មានភស្តុតាងក៏ដោយ....»  ។

តាមតក្កវិជ្ជា (លក្ខណៈឡូហ្ស៊ិក) អ្នកដែលត្រូវគេប្ដឹង មានតែចាញ់ ! អាចចាញ់តិច ឬចាញ់ច្រើន ឬល្អបំផុតបានត្រឹមរួចខ្លួន។ ករណីជនជាប់ចោទសម រង្ស៊ី នេះ គឺដោយសារតុលាការពិចារណាលើវិសមាមាត្រនៃអំណាចរបស់ភាគីវិវាទ ក្នុងបរិបទនៃសន្ធិសញ្ញាអឺរ៉ុប និងប្រហែលជាអាចមានចំណែកនៃទឹកភ្នែកក្រពើយំយែកដ៏កំសាកនៅក្នុងក្រចកសេះក្នុងបន្ទប់សវនាការ  ចំពោះមុខចៅក្រម និងសាធារណជន ទើបជនជាប់ចោទនេះទទួលបានការអនុគ្រោះ ឱ្យ «រួចខ្លួន» ពីបទចោទ ។ ពាក្យថា «រួចខ្លួន» មិនសមមូលនឹងពាក្យថា «ឈ្នះ» នោះទេ កុំច្រឡំ !


នៅក្នុងចំណុចទី៤ នៃការសម្រេច តុលាការបានច្រានចោលការទាមទាររបស់ជនជាប់ចោទ សម រង្ស៊ី ពាក់ព័ន្ធលើការខាតបង់ ចំណាយទាំងអស់ ដោយការទទួលរងនូវបណ្តឹងរបស់ដើមបណ្តឹងទាំងពីរ  នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីសច្ចភាពថា ជនជាប់ចោទសម រង្ស៊ី «បរាជ័យ» ពិតប្រាកដ ។


ការពិតពីមាតុភូមិ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម វប្បធម៌អាស៊ាន


នៅសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម និងវប្បធម៌អាស៊ាន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡាប្រទេសព្រុយណេ មុនពេលអញ្ជើញបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ ។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តឱ្យរដ្ឋមន្រ្តីសហគមន៍សង្គម វប្បធម៌អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានលទ្ធផលល្អ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដូច្នេះថា សសរស្ដម្ភសហគមន៍ ៣ គឺ សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និង សសរស្ដម្ភ សហគមន៍ សង្គម-វប្បធម៌។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងទាំងអស់គ្នា ចូលរួមប្រជុំនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ សម្ដេច ក៏បានលើកទឹកចិត្តឲ្យប្រតិភូទាំងមូលប្រឹងប្រែងធ្វើយ៉ាងណា ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យដំណើរការកិច្ចប្រជុំទទួលបានលទ្ធផលល្អ ។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, ឧត្តមមន្ត្រីវិស័យក្រោម សហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការរងអាស៊ាន, តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន, ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នឹងពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ៕

វិភាគអន្តរជាតិ៖ អាមេរិក និងអារ៉ាប៊ីសាអូឌីត, ពីរាត្រីទឹកឃ្មុំ ចូលដល់រាត្រីទឹកខ្មេះ?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារ ទី១១ ខែតុលានេះ បានព្រមានអារ៉ាប៊ីសាអូឌីតពីផលវិបាក បន្ទាប់ពីទីក្រុងរីយ៉ាដបានដឹកនាំអង្គការ OPEC+ ធ្វើការសម្រេចចិត្តកាលពីសប្ដាហ៍មុន ក្នុងការកាត់បន្ថយការផលិតប្រេង ២លានបារែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ដែលនេះកំពុងបង្កឱ្យមាន ការព្រួយបារម្ភពីប្រេងឡើងថ្លៃ។ ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ CNN និងជាង៣ខែ ក្រោយលោក បៃដិន បំពេញទស្សនកិច្ចទៅកាន់ ទីក្រុងរីយ៉ាដ ដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យអារ៉ាប៊ីសាអូឌីតបង្កើនការផលិតប្រេង។


បើតាមកាសែត Wall Street Journal ក្រុមមន្ត្រីអាមេរិកក៏បានព្រមានមេដឹកនាំអារ៉ាប៊ីសាអូឌីតត្រង់ៗដែរថាការកាត់បន្ថយការផលិតប្រេងនេះអាចនឹងត្រូវបានចាត់ទុកថា ជាជម្រើសមួយយ៉ាងច្បាស់ដែលទីក្រុងរីយ៉ាដ សម្រេចឈរនៅខាងរុស្ស៉ីក្នុងសង្រ្គាមអ៊ុយក្រែន ហើយទង្វើនេះនឹងកាន់តែធ្វើឱ្យការគំាទ្ររបស់សហរដ្ឋអាមេរិកចំពោះ អារ៉ាប៊ីសាអូឌីត ដែលកំពុងធ្លាក់ចុះស្រាប់នឹងធ្លាក់ចុះបន្ថែមទៀត។ លោក បៃដិន មិនបានបញ្ជាក់លម្អិតថាតើលោកនឹងចាត់វិធានការឆ្លើយតបបែបណានោះទេ តែសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សប្រជាធិបតេយ្យ គឺលោក បុប មេនិនដែស (Bob Menendez) បាននិយាយថាសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ ជាបន្ទាន់នូវរាល់កិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំងការលក់អាវុធជាដើម។


អ្វីដែលកំពុងកើតឡើង វាជាចំណុចបត់មួយដ៏សំខាន់នៃសម្ព័ន្ធភាពទឹកឃ្មុំជាង ៧០ឆ្នាំមកនេះរវាងប្រទេសទាំង២។ អារ៉ាប៊ីសាអូឌីតធ្លាប់តែត្រូវបានគេមើលឃើញថា តែងតែដើរតាមនយោបាយរបស់សហរដ្ឋអាមេរិក ដែលបានផ្ដល់អភ័យឯកសិទ្ធិពិសេសដល់សម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួនមួយនេះ។ «ដូច្នេះថាតើរាត្រីទឹកឃ្មុំរវាងអាមេរិក និងអាប៊ីសាអូឌីត ឈានចូលរាត្រីទឹកខ្មេះ ហើយឬ? ហើយថាតើហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីត មិនអើពើនឹងសំណើពីរដ្ឋបាលលោក ចូ បៃដិន?»


នៅពេលនិយាយដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត គេតែងតែនឹកឃើញមុនគេដល់ «យោធា និងប្រេង»។ ពោលគឺអស់រយៈពេលរាប់សិបឆ្នាំ មកនេះ សហរដ្ឋអាមេរិកបានផ្ដល់ការការពារផ្នែកយោធាដល់អារ៉ាប៊ីសាអូឌីត ដើម្បីដូរយកប្រេងក្នុងតម្លៃថោកមកវិញ។ ប៉ុន្តែ តាំងតែពីមុនពេលលោក បៃដិន បំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាលពីខែកក្កដាកន្លងទៅ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីតបានចាប់ផ្ដើមនិយាយជាសាធារណៈថាធម្មជាតិនៃភាពជាដៃគូរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានផ្លាស់ប្ដូរអស់ទៅហើយ ក្លាយជា «សម្ព័ន្ធភាពមួយបាត់បង់តុល្យភាព» ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។ ក្នុងនោះរួមមាន ការព្យាយាមរបស់រដ្ឋបាលលោក បៃដិន ក្នុងការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ជាមួយអ៉ីរ៉ង់ដែលជាសត្រូវស៊ូពូជរបស់អារ៉ាប៊ីសាអូឌីត, អន្តរាគមន៍យោធារបស់ អារ៉ាប៊ីសាអូឌីត ក្នុងសង្រ្គាមនៅយេម៉ែន និងការយល់ឃើញរបស់អារ៉ាប៊ីសាអូឌីតថាខ្វះការការពារពីទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការវាយប្រហារពីសំណាក់កងជីវពល គាំទ្រដោយអ៉ីរ៉ង់។


ពិតមែនទៅ ទាំងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត នៅតែត្រូវការគ្នាទៅវិញទៅមកសម្រាប់យុទ្ធសាស្ត្ររយៈពេលវែងប្រឆាំងនឹងអ៉ីរ៉ង់។ ក៏ប៉ុន្តែទាស់នៅត្រង់ថា អារ៉ាប៊ីសាអូឌីត ចូលចិត្តគណបក្សសាធារណរដ្ឋ និងប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ច្រើនជាងគណបក្សប្រជាធិបតេយ្យ។ ម្លោះហើយការបដិសេធចំពោះសំណើ របស់ក្រុមមន្ត្រីរដ្ឋបាលលោក ចូ បៃដិន ដែលទាមទារឱ្យពន្យារពេលការកាត់បន្ថយការផលិតប្រេងរយៈពេលមួយខែ ដោយរង់ចាំរហូតដល់ក្រោយការបោះឆ្នោតពាក់ កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ ត្រូវបានគេមើលឃើញថាទីក្រុងរីយ៉ាដ ហាក់ដូចជាចង់ឱ្យគណបក្សសាធារណរដ្ឋ ឡើងមកគ្រប់គ្រងសភាទាំង២របស់អាមេរិកជាថ្មី តាមរយៈការបណ្ដោយប្រេងឡើងថ្លៃ និងអតិផរណា ដើម្បីឱ្យលោក បៃដិន និងគណបក្សប្រជាធិបតេយ្យចាញ់នៅក្នុងការបោះឆ្នោតនេះ ខណៈបញ្ហាទាំងពីរនេះបាន និងកំពុងក្លាយជា​ចំណុចក្ដៅនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។


ជាងនេះទៅទៀត នៅក្នុងពិភពលោកដែលមានប៉ូលមហាអំណាច្រើនក្នុងពេលសព្វថ្ងៃ សហរដ្ឋអាមេរិកលែងជាមហាអំណាចដែលអាចកាច់ចង្កូតពិភពលោកតែម្នាក់ឯង បានទៀតនោះទេ រីឯអារ៉ាប៊ីសាអូឌីតក៏ដឹងច្បាស់ដែរថាខ្លួនមិនអាចពឹងផ្អែកលើអាមេរិកដូចមុនទៀតនោះដែរ ហើយបានចាប់ផ្ដើមមានមហិច្ឆតាចង់ក្លាយជាតួអង្គដ៏សំខាន់ នៅលើឆាកអន្តរជាតិដោយមិនចាំបាច់មើលទឹកមុខអាមេរិក។ កាលពីខែកញ្ញាកន្លងទៅ ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីនសាល់ម៉ាន បានផ្ដើមបោះជំហានដ៏ភ្ញាក់ផ្អើល ក្នុងការលើកមុខមាត់អារ៉ាប៊ីសាអូឌីត តាមរយៈការធ្វើជាអ្នកសម្របសម្រួលដោយសម្រេចបាននូវការដោះដូរឈ្លើយសឹករវាងរុស្ស៉ី និងអ៊ុយក្រែន។ មិនតែប៉ុណ្ណោះសូម្បីតែ មេដឹកនាំលោកខាងលិចក៏ចាប់ផ្ដើមបោះដៃមករកព្រះអង្គម្ចាស់ដែរ ដោយក្រៅពីលោក បៃដិន ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានជួបពិភាក្សាការងារជាមួយមេដឹកនាំមកពី បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ រួមទាំងតួកគីដែលសុទ្ធសឹងកំពុងសម្លឹងឃើញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាមួយស្ដេចប្រេងមួយនេះ។


ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត បានអះអាងជារឿយៗថាពួកគេចង់រក្សាតុល្យភាពនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផង និងរុស្ស៉ីផង។ រុស្ស៉ីគឺជាតួអង្គមួយដ៏សំខាន់មិនមែន ត្រឹមតែក្នុងវិស័យថាមពលប៉ុណ្ណោះទេ តែទីក្រុងមូស្គូក៏កំពុងមានតួនាទីដ៏សំខាន់នៅក្នុងជម្លោះក្នុងតំបន់ផងដែរដូចជានៅស៊ីរី និងលីប៊ី ហើយជាពិសេសនោះរុស្ស៉ីជាភាគី មួយនៃកិច្ចចរចានុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ ហើយខុសពីសហរដ្ឋអាមេរិក រុស្ស៉ីមិនដែលរិះគន់លើបញ្ហាសិទ្ធិមនុស្សនៅអារ៉ាប៊ីសាអូឌីតទេ។ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ ដទៃទៀតមិនបានចូលរួមជាមួយសហរដ្ឋអាមេរិក ថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែននោះទេ ដោយពួកគេខ្លាច ថាបើធ្វើឱ្យរុស្ស៉ីខឹង នោះលោក ពូទីន អាចនឹងផ្ដល់ការគាំទ្រដល់អ៉ីរ៉ង់យ៉ាងពេញទំហឹង។


គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការរិះគន់ពីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ អាប់ឌុលអាស៊ីស ប៊ីន សាល់ម៉ាន (Abdulaziz bin Salman) បាននិយាយថាការសម្រេចចិត្តរបស់ OPEC+ គឺមានជាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចសុទ្ធសាធ ដោយមិនមែនជាចេតនានយោបាយអ្វីឡើយ។ ចំណែកឯ អគ្គលេខាធិការអង្គការ OPEC លោក ហៃសាំ អាល់ហ្គ័អ៉ីស (Haitham Al Ghais) ក៏បានសង្កត់ធ្ងន់ដែរថាការកាត់បន្ថយការផលិតប្រេងធ្វើឡើងឈរលើមូលដ្ឋាន នៃសូចនាការដែលបង្ហាញថា វិបត្តិសេដ្ឋកិច្ចសកលកាន់តែខិតជិតចូលមកដល់។


ដោយសារតែពឹងផ្អែកខ្លាំងលើប្រេង សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតតែងតែងាយរងគ្រោះដោយសារប្រេងធ្លាក់ថ្លៃ ហើយក្រុមអ្នកជំនាញយល់ថាបច្ចុប្បន្នជាឱកាសដែល អារ៉ាប៊ីសាអូឌីត កើបលុយបង្កើនប្រាក់ចំណូលជាតិពីការលក់ប្រេង និងការពារខ្លួនឯងពីវិបត្តិសេដ្ឋកិច្ច។ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត ក៏មានការព្រួយបារម្ភដែរថាការព្យាយាម របស់សហរដ្ឋអាមេរិក និងក្រុមប្រទេស G7 ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៉ីដោយកំណត់តម្លៃប្រេង អាចនឹងធ្វើឱ្យពួកគេដែលជា «អ្នកទិញប្រេងមានឥទ្ធិពលខ្លាំងជាង អ្នកលក់»។ ដូច្នេះប្រឈមមុខនឹងជម្រើសរវាងការជួយសេដ្ឋកិច្ចសកលក្នុងនាមសហរដ្ឋអាមេរិក និងការពារផលប្រយោជន៍ខ្លួនឯង អារ៉ាប៊ីសាអូឌីតសុខចិត្តជ្រើសរើស ជួយខ្លួនឯងជាមុន៕ (Fresh News)

អ្នកវិភាគចៅចាក់ស្មុក៖ សាលក្រមតុលាការបារាំង ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំដល់ថ្នាក់ដឹកនាំកម្ពុជា និងវាយបំបាក់មុខក្រុមជនក្បត់ជាតិនៅលើឆាកអន្តរជាតិ


(ភ្នំពេញ)៖ ទោះបីជាទណ្ឌិត សម រង្ស៊ី និងបក្ខពួកខិតខំលាក់បាំងភាពអាម៉ាស់របស់ខ្លួនលើសំណុំរឿងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា នៅចំពោះមុខការសម្រេចរបស់តុលាការប្រទេសបារាំងយ៉ាងណាក៏ដោយ តែការពិតនៅតែជាការពិត។

ការពិតដែលតុលាការប្រទេសបារាំង ដែលជាស្រុកកំណើតទី២ របស់ទណ្ឌិត សម រង្ស៊ី តាមរយៈសាលក្រមរបស់ខ្លួន បានរកឃើញថា សម្តេចតេជោ ហ៊ុន សែន មិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី និងជា វិជ្ជា ហើយពាក្យពេចន៍ចោទប្រកាន់ទាំងអស់របស់ទណ្ឌិត សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងបានរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ប្រាកដមែន។ ប៉ុន្តែដោយយោងតាមមាត្រា១០ នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សដែលលើកឡើងពីវិសមាមាត្ររវាងដើមបណ្តឹងរដ្ឋប្បវេណី គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងជនជាប់ចោទ សម រង្ស៊ី ជាប្រជាពលរដ្ឋធម្មតា នោះតុលាការបារាំងបានសម្រេចអនុគ្រោះឱ្យ សម រង្ស៊ី រួចផុតពីបទចោទប្រកាន់ទាំង ២ ដែលប្តឹងដោយសម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា។


នេះគឺជាការយោគយល់ដោយស្របទៅលើគោលការណ៍ សិទ្ធិមនុស្ស តែប្រសិនបើតុលាការមិនលើកឡើងពីវិសមាមាត្ររវាងដើមបណ្តឹងរដ្ឋប្បវេណី និងជនជាប់ចោទទេ ម្ល៉េះ សម រង្ស៊ី នឹងត្រូវទទួលរងនូវការផ្តន្ទាទោសស្រេចបាត់ទៅហើយ ព្រោះតុលាការបានរកឃើញថា «ការចោទប្រកាន់ថាសម្តេច ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង ២ករណីខាងលើ [ករណីឯកឧត្តម ហុកឡងឌី និងលោក ជា វិជ្ជា] និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (សម្តេចហ៊ុន សែន) (...)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍សម្តេច ហ៊ុន សែន(...)»។


ការសម្រេចនេះគឺជាការផ្តល់យុត្តិធម៌ និងបញ្ជាក់ពីភាពស្អាតស្អំជូនសម្តេចតេជោ ដោយតុលាការបារាំងគឺបង្ហាញពីជោគជ័យដ៏ត្រចះត្រចង់ ស្របតាមបំណងចង់បានបំផុតរបស់ សម្តេចតេជោ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី ដែលរងនូវការចោទប្រកាន់ពីក្រុមជនអគតិ ក្នុងនោះទណ្ឌិតក្បត់ជាតិតពូជ សម រង្ស៊ី ដែលតែងតែរិះរកវិធីសាស្ត្រទុច្ចរិតនានាក្នុងការបំផ្លាញកិត្តិយសសម្តេចតេជោ ហ៊ុន សែន។ តុលាការនៃប្រទេសបារាំងផ្តល់យុត្តិធម៌ជូនសម្តេចតេជោនេះគឺ ឈរលើទឡ្ហីករណ៍ច្បាស់លាស់ ហើយ សម រង្ស៊ី និងបក្ខពួកមិនអាចបំភ្លៃបានឡើយ។ ដោយសារ «មាសសុទ្ធមិនខ្លាចភ្លើង» នេះហើយបានជាសម្តេច ហ៊ុន សែន បានតាមពីស្រុកខ្មែរ ដល់ស្រុកបារាំង ដើម្បីបញ្ជាក់ភាពស្អាតស្អំនេះ។ ភាពស្អាតស្អំនិងយុត្តិធម៌ដែលផ្តល់ដោយ តុលាការបារាំងក៏បង្ហាញពីភាពត្រឹមត្រូវនៃការសម្រេចរបស់តុលាការនៅកម្ពុជាផងដែរ។


តាមរយៈសេចក្តីសម្រេចរបស់តុលាការបារាំងនៅថ្ងៃទី១១ ខែតុលាការ បន្ទាប់ពីដំណើរការក្តីរយៈពេលជាង ៣ឆ្នាំមក គេអាចដឹងច្បាស់ ពីគោលបំណងចម្បង នៃការប្តឹងរបស់សម្តេចតេជោទៅកាន់តុលាការនៅប្រទេសបារាំង គឺដើម្បីទទួលបានភាពស្អាតស្អំតាមផ្លូវច្បាប់ពីអ្វីដែលទណ្ឌិត សម រង្ស៊ី បានចោទប្រកាន់ដោយមួយបង្កាច់ថា សម្តេចតេជោបានសម្លាប់ឯកឧត្តម ហុក ឡងឌី និងជា វិជ្ជា។ ដូចនេះ បញ្ហាដែលត្រូវដោះស្រាយតាមផ្លូវច្បាប់ និងតាមផ្លូវតុលាការ ឱ្យបានច្បាស់លាស់ ហើយដែលមហាជនទូទៅរង់ចាំមើលគឺថា តើអ្វីដែល សម រង្ស៊ី បានចោទប្រកាន់លើ សម្តេចថា បានសម្លាប់ឯកឧត្តម ហុក ឡងឌី និង ជា វិជ្ជា គឺ ជាការពិតដែរ ឬទេ? ឥឡូវនេះ សាលក្រមតុលាការបានចេញហើយ គឺជាការមិនពិតឡើយ។ គេអាចរំឭកនៅអំឡុងដំណើរការសវនាការថា សម រង្ស៊ី និងមេធាវីរបស់ខ្លួនមិនបានបង្ហាញភស្តុតាងជាដុំកំភួនអ្វីបង្ហាញពីការពិតឡើយ។


ហេតុដូច្នេះហើយបានជាខ្លឹមសារក្នុងសាលក្រម តុលាការបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា ការចោទប្រកាន់របស់ សម រង្ស៊ី លើ សម្តេចតេជោ ហ៊ុន សែន ថា បានសម្លាប់លោក ហុក ឡងឌី និង ជា វិជ្ជា គឺ គ្មានមូលដ្ឋាន ហើយជាការមិនពិតនោះទេ។ នេះគឺមានន័យច្បាស់ណាស់ថា អ្វីដែល សម រង្ស៊ី និយាយ គឺសុទ្ធជារឿងមិនពិត, ជាការចោទប្រកាន់មួលបង្កាច់ និង ជារឿងនិយាយផ្តេសផ្តាស់គ្មានការទទួលខុសត្រូវប៉ុណ្ណោះ។


តាមរយៈសាលក្រមរបស់តុលាការបារាំងនេះគឺបញ្ជាក់ច្បាស់ថា សម រង្ស៊ី ជាមនុស្សកុហកបោកប្រាស់ ដើរមួលបង្កាច់អ្នកដទៃដោយគ្មានញញើត។ តែសាលក្រមនេះ គឺជាដំបងមួយដ៏ធ្ងន់សំពងក្បាលរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ឱ្យបញ្ឈប់ការភូតកុហក និងមួលបង្កាច់។


ដូច្នេះផ្អែកលើដំណើរការនីតិវិធីផ្លូវច្បាប់លើកនេះនៅតុលាការបារាំង, យើងអាចសន្និដ្ឋានបានថា ទាំងក្នុងអតីតកាល ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៖ «អ្វីដែល សម រង្ស៊ី បាននិយាយ ឬ ចោទប្រកាន់លើអ្នកដទៃ គឺ សុទ្ធតែជារឿងកុហកបោកប្រាស់ និងជារឿងនិយាយតែផ្តេសផ្តាស់ និងជាសម្តីដែលនិយាយឱ្យរួចតែពីមាត់ និងគ្មានការទទួលខុសត្រូវប៉ុណ្ណោះ»។


សាលក្រមនេះបានធ្វើឱ្យ សម រង្ស៊ី ដែលជាប់ឈ្មោះថាជាអ្នកនយោបាយអង្ករកំប៉ុង និងជាអ្នកនយោបាយពូកែញុះញង់ចាស់វស្សា ខ្មាសគេនៅទូទាំងពិភពលោក និងមនុស្សទូទៅបានស្គាល់ច្បាស់ថា សម រង្ស៊ី ជាអ្នកនយោបាយប្រើវោហាសាស្ត្រស្អប់ខ្ពើម និងជាអ្នកធ្វើប្រជោនិយម ដែលសមនឹងត្រូវបានផ្តន្ទាទោសស្របតាមច្បាប់ជាធរមានមែន។


អ្នកជំនាញអន្តរជាតិបានហៅ ទណ្ឌិតសម រង្ស៊ីថា «ខ្មែរសាងគ្រោះឱ្យជាតិ» និង «ជាសត្វពស់ក្បាល ២ ដែលមានសម្តីផ្អែម ពេលប្រើភាសាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាមួយបរទេស តែជាមនុស្សញុះញង់ រើសអើងប្រកាន់ពូជសាសន៍ និងសម្តីប្រកបដោយហឹង្សានិយមពេលនិយាយពីកម្ពុជា»។


ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន ៖ កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ នៅក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន

ព្រឹកថ្ងៃព្រហស្បតិ៍  ទី១៣ ខែតុលា ឆ្នាំ២០២២  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ “The 28th ASEAN Socio-Cultural Community Meeting (28th ASCC Council Meeting) “ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ 


សម្តេចតេជោ  ហ៊ុន  សែន  បានថ្លែងថា  ការទទួលបាន ជោគជ័យលើការគ្រប់គ្រងការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើង អាចចាប់ផ្ដើមឡើងវិញនូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញការអនុវត្តយុទ្ធសាស្ត្រនានា សម្រាប់ការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ។


សម្តេចបានបន្ថែមថា  ឈរលើមូលដ្ឋាននេះ កិច្ចសហការក្នុងក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ នៅក្នុងការលើកកម្ពស់ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈការផ្ដោត ជាសំខាន់លើអាទិភាព ចំនួន ៤ គឺ៖ (១). ពង្រឹងគុណតម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន។  (២). លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្ដល់អំណាចទៅឱ្យស្ត្រី។  (៣). ពង្រឹងសុខភាព សុខុមាលភាព និងការគាំពារសង្គម និង (៤). ពង្រឹងសមត្ថភាព និងប្រសិទ្ធភាព ស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន៕



សម្តេចតេជោ ហ៊ុន សែន ៖ គោលដៅអាស៊ាន “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ” ដើម្បីសម្រេចជោគជ័យអាស៊ានត្រូវរួមគ្នា “ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ពិតជាមានសារៈសំខាន់សម្រាប់យើងក្នុងការវាយតម្លៃវឌ្ឍនភាព កំណត់បញ្ហាប្រឈម កាលានុវត្តភាព និងកិច្ចការពាក់ព័ន្ធនានា ដើម្បីស្តារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសង្គម-វប្បធម៌អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ១៩។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងបែបនេះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អាស៊ានគឺជាសហគមន៍ពហុវប្បធម៌ដែលតម្រូវឱ្យយើងខិតខំរួបរួមគ្នាក្នុងភាពចម្រុះសំដៅសម្រេចបាននូវការយល់ដឹងឱ្យបានកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់់ភាពធន់ និងការយោគយល់គ្នា ស្របតាមស្មារតីស្នូលរបស់អាស៊ាន “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ” ដើម្បីសម្រេចបាននូវគោលដៅនេះ ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជា បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”៕



សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ានរួមគ្នាទប់ទល់វិបត្តិសេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា បញ្ហាវិបត្តិជំងឺកូវីដ១៩ បានបន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ទុកជាស្លាកស្នាម ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ ជាងនេះទៀត អាស៊ានបានកំពុងជួបនូវបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ហើយកំពុងបង្កើតនូវបច្ច័យអវិជ្ជមាន និងបញ្ហាបន្ថែមទៀតដោយផ្ទាល់ និងដោយប្រយោលដល់ការអភិវឌ្ឍ ជាពិសេសសង្គម វប្បធម៌ សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងបែបនេះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨។


ដើម្បីដោះស្រាយបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាស៊ានរួមគ្នាស្តារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព ដែលចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា និងការពង្រឹងវិស័យអប់រំ និងអភិវឌ្ឍជំនាញជាដើម៕



សម្តេចតេជោ ហ៊ុន សែន ៖ គោលការណ៍ "សាមគ្គីភាពក្នុងភាពចម្រុះ" បានធ្វើឱ្យសហគមន៍អាស៊ានមានសុខដុមរមនាក្នុងតំបន់ និងសកលលោក

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាពិតជាមានមោទនភាពចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលអាស៊ានសម្រេចបានក្នុងនោះ រួមមាន ការលើកកម្ពស់កិច្ចគាំពារសង្គមសម្រាប់ពលករចំណាកស្រុក សុវត្ថិភាព និងសុខុមាលភាពសង្គម ការលើកកម្ពស់សហគ្រិនស្រ្តី ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌ នៅមានវិស័យជាច្រើនទៀត។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងបែបនេះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា មោទនភាពនេះ គឺជាសមិទ្ធផលដែលបានកើតចេញពីការប្រកាន់ភ្ជាប់នូវស្មារតីលើកកម្ពស់ ពហុភាគីនិយម ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា ការឯកភាពគ្នា ការលើកកម្ពស់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការអនុវត្តគោលការណ៍សាមគ្គីភាពក្នុងភាពចម្រុះ៕



ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា ឆ្នាំ២០២២

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា ឆ្នាំ២០២២។


សេចក្តីប្រកាសព័ត៌មាន លើកឡើងថា ទិវាសុខភាព ភ្នែកពិភពលោក (World Sight Day) គឺជាទិវានៃការយល់ដឹងជាអន្តរជាតិ ស្តីពីសុខភាពភ្នែក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃក្នុងសប្តាហ៍ទី២នៃខែតុលា ដើម្បីផ្តោតការយកចិត្តទុកដាក់ ជាសកលលើការថែទាំ និងរក្សាសុខភាពភ្នែកឱ្យបានល្អ។


ទិវាសុខភាពភ្នែកពិភពលោកឆ្នាំនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ ក្រោមប្រធាបទ «ស្រឡាញ់ភ្នែករបស់អ្នក» ដែលមានគោលបំណង៖


* ផ្តោតការយកចិត្តទុកដាក់របស់ពិភពលោក ទៅលើសុខភាពភ្នែកថា ជាបញ្ហាសកល

* លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែក ក្នុងចំណោមប្រជាពលរដ្ឋគ្រប់រូប ក្រុមគ្រួសារ និងសហគមន៍

* មានសារៈសំខាន់ដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត ក្នុងការផ្តល់អាទិភាពដល់គំនិតផ្ដួចផ្ដើមសុខភាពភ្នែក

* ជួយផ្សព្វផ្សាយការផ្តល់សេវាសុខភាពភ្នែក សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។


ភ្នែក គឺអាយតនៈសម្រាប់មើល មានមុខងារសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលមិនអាចខ្វះបាន។ តាមរយៈភ្នែក យើងអាចទទួលបានព័ត៌មាន និងចំណេះដឹងផ្សេងៗជុំវិញខ្លួនយើងពី ៨០% រហូតដល់ ៩០% ។ ភាពពិការភ្នែក បានជះឥទ្ធិពលអាក្រក់ ទៅលើការរស់នៅ និងជីវភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារ។ ការការពារភ្នែក និងការមើលឃើញ ជាអាទិភាពចម្បង សម្រាប់មនុស្សគ្រប់គ្នា មិនថាតែអ្នកដែលមានបញ្ហាភ្នែក ឬអ្នកដែលមានគំហើញល្អនោះទេ នេះប្រហែលជា មិនមែនជារឿងងាយស្រួល ឬជារឿងធម្មតានោះដែរ ប៉ុន្តែការវិនិយោគលើសុខភាព ដែលធ្វើឱ្យយើងមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុតមួយដែល យើងអាចផ្តល់ឱ្យខ្លួនឯង។


នៅប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ កាត់បន្ថយឱ្យនៅកម្រិតទាប បំផុតតាមតែអាចធ្វើទៅបាន ព្រោះថា៩០% នៃភាពពិការភ្នែក និងគំហើញចុះខ្សោយ គឺអាចជៀសវាង និងអាចព្យាបាលបាន។


ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពបរិបូរណ៍ រីកចម្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមិទ្ធិផលនៃ «ការបង្ការ និង គ្រប់គ្រងភាពពិការភ្នែក» សម្រេចបានអត្រាភាពពិការភ្នែកមានការថយចុះ ១.២%នៅឆ្នាំ១៩៩៥ មកត្រឹម០.៣៧%

នៅឆ្នាំ២០១៩។ ខាងក្រោមនេះ គឺជាសមិទ្ធិផលលេចធ្លោ ដែលយើងសម្រេចបានក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ៖


* ធនធានមនុស្ស

- អ្នកឯកទេសជាន់ខ្ពស់ចក្ខុសាស្ត្រចំនួន ៦០រូប

- ចក្ខុបណ្ឌិតមានចំនួន ១០៣ រូប

- ចក្ខុគិលានុប្បដ្ឋាកមានចំនួន ១៥៨ រូប

- ចក្ខុមាត្រការីមានចំនួន ១០៥ រូប

- ការបណ្តុះបណ្តាលសុខភាពភ្នែកបឋមដល់មន្ត្រីនៅថ្នាក់មណ្ឌលសុខភាព

- វគ្គសិក្សារយៈពេលខ្លី វះកាត់ជំងឺបាយភ្នែកមុខតូច និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេសចក្ខុសាស្ត្រ និងចក្ខុគិលានុប្បដ្នាក ហើយបាននឹងកំពុងបន្តដំណើការរបស់ខ្លួនជាប្រក្រតី។


* ហេដ្ឋារចនាសម្ព័ន្ធ

នាពេលបច្ចុប្បន្ននេះ អគារចក្ខុរោគត្រូវបានដាក់ឱ្យដំណើការ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក្រុង៖

- នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យចំនួន៤ ផ្តល់សេវាចក្ខុរោគ និងមន្ទីរឯកទេសភ្នែកជាន់ខ្ពស់នៅមន្ទីរពេទ្យថ្នាក់ជាតិ។

- នៅតាមបណ្តាខេត្ត មានមន្ទីរពេទ្យខេត្តចំនួន២២ និងមណ្ឌលថែទាំភ្នែកត្រូវបានដាក់ឱ្យដំណើរការចំនួន១៨ កន្លែង


* ការគ្រប់គ្រងជំងឺភ្នែក

- សេវាសុខភាពភ្នែកសរុប នៅឆ្នាំ ២០២១ សេវាពិនិត្យ និងព្យាបាល ៤១៥៥០២

- ចំនួនវះកាត់ ៣២៩០៥

- ជំងឺកង្វះជីវជាតិ អា ត្រូវបានលុបបំបាត់

- ជំងឺត្រាក់កូម មិនមែនជាបញ្ហាសុខភាពសាធារណៈតទៅទៀតទ


* ការការពារ ការស្រាវជ្រាវ ការស្វែររកការគាំទ្រ និងភាពជាមេដឹកនាំ

- ផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងភាពពិការភ្នែក

- ការដាក់បញ្ចូលសូចនាករសុខភាពភ្នែក ក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលនៃក្រសួងសុខាភិបាល

- សុខភាពភ្នែកត្រូវបានបញ្ចូលក្នុងកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកិច្ចការនារី

- បញ្ជ្រាបបញ្ចូលពិការភាពក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីភាពពិការភ្នែក

- មានការស្រាវជ្រាវស្តីពីភាពពិការភ្នែក និងគំហើញចុះខ្សោយ ឆ្នាំ ២០០៧ និងឆ្នាំ២០១៩

- មានការស្រាវជ្រាវថ្នាក់ជាតិ ស្តីពីកំហុសកំណុំរូបភាពឆ្នាំ២០១០


* គោលដៅសម្រាប់ការអនុវត្តកម្មវិធីសុខភាពភ្នែក


ក្រសួងសុខាភិបាល បានបង្កើតផែនការយុទ្ធសាស្ត្រជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ ២០២១- ២០៣០ មានគោលដៅមហិច្ឆតារបស់ខ្លួនគឺ «ដើម្បីកាត់បន្ថយអត្រាប្រវ៉ាឡង់ នៃភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០»។


ឆ្លៀតក្នុងឱកាសនៃទិវាសុខភាពភ្នែកពិភពលោកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សូមប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅពិនិត្យភ្នែក របស់លោកអ្នក នៅតាមអគារផ្តល់សេវាចក្ខុរោគនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត-ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាង ហោចណាស់ឱ្យបានរៀងរាល់២ឆ្នាំម្តង។


សម្រាប់អ្នកមានអាយុចាប់ពី ៤០ឆ្នាំ ឡើងទៅ មានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែកឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់ដល់គំហើញ) មានជំងឺទឹកនោមផ្អែម ឬលើសឈាម មានប្រវត្តិនៃការជក់បារីយូររ៉ាំរ៉ ពាក់វ៉ែនតារួចហើយ កម្រិតអំណាចភ្នែករបស់អ្នកខ្ពស់ (ភ្នែកម៉្ញូបខ្ពស់) ត្រូវតែទៅរកគ្រូពេទ្យពិនិត្យភ្នែកជារៀងរាល់ឆ្នាំ៕





រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែតុលា ស្អែកនេះ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ 

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕




អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ តម្លៃដែលជនក្បត់ជាតិតសណ្តាន សម រង្ស៊ី ត្រូវសង ចំពោះជាតិនិងប្រជាជនកម្ពុជា


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ក្រោមចំណងជើងថា តម្លៃដែលជនក្បត់ជាតិតសណ្តាន សម រង្ស៊ី  ត្រូវសង ចំពោះជាតិនិងប្រជាជនកម្ពុជា ដែលវីដេអូនេះមានរយៈពេលជាង១៨នាទី។

វីដេអូ បានផលិតឡើងក៏ស្របពេលដែលតុលាការនៅប្រទេសបារាំង ទើបនឹងចេញសេចក្តីសម្រេចក្នុងសំណុំរឿងបរិហារកេរ្តិ៍របស់ជនក្បត់ជាតិតត្រកូល ទណ្ឌិត សម រង្ស៊ី មកលើសម្តេចតេជោ ជុំវិញការស្លាប់របស់លោក ហុក ឡងឌី និងសាលក្រមនៃតុលាការបារាំងបានបញ្ជាក់ច្បាស់ថា សម្តេចតេជោ មិនស្ថិតនៅពីក្រោយនៃការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី ដូចការចោទប្រកាន់ មួលបង្កាច់របស់ទណ្ឌិត សម រង្ស៊ីឡើយ ហើយដែលនៅទីបំផុត [យុត្តិធម៌ និងភាពស្អាតស្អំត្រូវបានផ្តល់ជូនសម្តេចតេជោ] ។ 

ងាកមកទណ្ឌិត សម រង្ស៊ី វិញ តាំងពីថ្ងៃចូលប្រឡូកក្នុងឆាកនយោបាយ រហូតមកដល់សព្វថ្ងៃនេះ ចេះត្រឹមតែការបំផ្លិចបំផ្លាញជាតិនិងប្រជាជនកម្ពុជា។ ទណ្ឌិតរត់ចោលស្រុកដែលស្ពាយទោសជាប់ខ្លួន និងដែលតែងតែពោលពាក្យថា ស្មោះត្រង់ ស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា តែធាតុពិតមកបន្លំខ្លួនធ្វើនយោបាយនៅកម្ពុជា ដើម្បីតែគំនុំសងសឹកជាមួយខ្សែរាជវង្សខ្មែរ និងដើម្បីបំផ្លាញជាតិតែប៉ុណ្ណោះ។ សព្វថ្ងៃ ទណ្ឌិត សម រង្ស៊ី ត្រូវបានគេដឹងយ៉ាងច្បាស់ថា បាននិងកំពុងប្រព្រឹត្តទង្វើក្បត់ជាតិ គួរឱ្យស្អប់ខ្ពើមជាទីបំផុត។

ទង្វើក្បត់ជាតិ និងអំពើល្មើសច្បាប់ រួមទាំងការបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជា ដែលជនក្បត់ជាតិតសន្តាន សម រង្ស៊ី បានប្រព្រឹត្ត ត្រូវបានលើកយកមកបង្ហាញនៅក្នុងវីដេអូមួយនេះ។

សូមគោរពអញ្ជើញទស្សនាដូចតទៅ៖