Tuesday, August 06, 2019

វីដេអូ « អគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាជាមួយពណ៍បេះដូងថ្មី រឺ? »

ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហាខាងមុខនេះ

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០​១៩។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះប​រមរាជវាំង និងជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី​នៅក្នុងវិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សាសំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់​ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយ​បារម្ភ និងផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកប្រធានាធិបតី ​នឹងអញ្ជើញទៅកាន់​វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូន​ដើមពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មក លោក នឹងអញ្ជើញចូលរួមក្នុង​ពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួល​អំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីឯកឧត្តមប្រធានាធិបតី។ ជាមួយគ្នានេះដែរ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិក​គណៈ​ប្រតិភូ ក៏នឹង​អញ្ជើញទៅទស្សនា​ប្រាសាទនានានៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។
សូមបញ្ជាក់ថា ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់​លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ី​សេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការ​ពង្រឹងចំណងមិត្តភាព និង​ពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជា​និងស្រីលង្កា៕






ក្រសួងបរិស្ថាន ប្រកាសជ្រើសរើសនិស្សិត មន្ត្រីរាជការស៊ីវិលចូលបម្រើ ការងារក្របខណ្ឌក្រសួងបរិស្ថានសម្រាប់ឆ្នាំ២០១៩

ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត មន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារជាមន្រ្តីរាជការក្នុងក្របខណ្ឌ ក្រសួងបរិស្ថានសម្រាប់ឆ្នាំ២០១៩ចំនួន ៤៧កន្លែង។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖


ប្រតិភូជប៉ុន សន្យាជួយគាំទ្រលើវិស័យសុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជាឱ្យមានភាពប្រសើរ

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឱ្យលោក Kondo Yoshi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប្រូខេសអេស៊ា ខូអិលធីឌី និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលនៅក្នុងជំនួបពិភាក្សាការងារនោះ ផ្តោតសំខាន់លើវិស័យសុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។
នាឱកាសនោះដែរ លោក វង សូត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តដុកដាក់ខ្ពស់ចំពោះវិស័យសុខុមាលភាពមនុស្សវ័យចាស់ ដោយបានកំណត់ក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ ដើម្បីលើកកម្ពស់វិស័យសុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជាឱ្យមានភាពកាន់តែប្រសើឡើង។
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្កើត និងអនុវត្តកម្មវិធីនានាដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។
លោក Kondo Yoshi បានសន្យាថា នឹងជួយគាំទ្រលើវិស័យសុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជាឱ្យមានភាពប្រសើឡើងដែលអាចធ្វើទៅបាន ហើយនឹងជួយបណ្តុំបណ្តាលមន្រ្តីជំនាញការថែទាំមនុស្សចាស់ ដើម្បីឱ្យមន្រ្តីមានជំនាញបច្ចេកទេសច្បាស់លាស់ក្នុងថែទាំ ជាងនេះទៀតលោកបន្ថែមថា នឹងជួយរៀបចំមណ្ឌលថែទាំមនុស្សវ័យចាស់ឱ្យមានលក្ខណៈស្របតាមស្តង់ដាទៀតផង៕







អនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ ដោយបានបង្ហាញថា ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយចំនួន ៦ថ្ងៃ។ តែរាជរដ្ឋាភិបាល បានសម្រេចដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ទៅ ៤ថ្ងៃ។
យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងារដដែលនោះ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។ ពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ។
សូមបញ្ជាក់ថា បណ្តាឆ្នាំកន្លងទៅថ្ងៃឈប់សម្រាកមានរហូតដល់ទៅ ២៨ថ្ងៃ ដែលចំនួនថ្ងៃឈប់សម្រាកមានចំនួនច្រើនជាងបណ្តាប្រទេសដទៃ។ ការឈប់សម្រាកច្រើនថ្ងៃពេកនេះ ក៏បណ្តាលឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មផងដែរ។ ឆ្លើយតបតាមសំណូមពររបស់និយោជក និងដើម្បីធានាដល់ភាពប្រកួតប្រជែង ក៏ដូចជាបំពេញតម្រូវការទីផ្សារផលិតផលនោះ រាជរដ្ឋាភិបាលបានសម្រេចកាត់ចោលថ្ងៃឈប់សម្រាកចំនួន៦ថ្ងៃ នៅឆ្នាំ២០២០ ហើយក៏អាចនឹងអនុវត្តន៍នៅឆ្នាំបន្តបន្ទាប់ផងដែរ៕


អបអរសាទរកីឡាករទូកក្តោងកម្ពុជា ឈ្នះមេដាយមាស លើកដំបូងនៅប្រទេសសិង្ហបុរី

តាមការប្រកាសរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា សម្រាប់ការប្រកួតកីឡាទូកក្តោង Pesta Sukan Dinghy Regatta 2019 នៅប្រទេសសិង្ហបុរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោងសិង្ហបុរីបានបញ្ចប់ដោយលទ្ធផលកីឡាករ ញ៉ូវ ចាន់ វ័យ ១៧ឆ្នាំ ដែលចូលរួមប្រកួតលើវិញ្ញាសា Laser Standard ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៤រូបមកពី ៣ប្រទេសគឺមានម្ចាស់ផ្ទះសិង្ហបុរី កាណាដា និងកម្ពុជា ដោយទទួលបានមេដាយមាស ១គ្រឿង និងទទួលបានចំណាត់ថ្នាក់លេខ២ លើវិញ្ញាសា Laser Mix Open ក្នុងចំណោមកីឡាករ ១៤រូប។
តាមការបញ្ជាក់របស់សហព័ន្ធបានឲ្យដឹងថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆមាសទី២ នៃឆ្នាំ២០១៩ នឹងជាមេដាយមាស ដំបូងរបស់សហព័ន្ធកីឡាទូកក្តោងផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏នឹងត្រៀមបញ្ជូនកីឡាករលើវិញ្ញាសា Laser Boat ចំនួន ២រូប ទៅចូលរួមហ្វឹកហាត់នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមប្រកួតលើវិញ្ញាសា Windsurfing ចំនួន ៤រូប ដែលនឹងចេញទៅហ្វឹកហាត់នៅប្រទេស ចិន ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកា ក្នុងការត្រៀមកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅខែធ្នូ នៅប្រទេសហ្វីលីពីន និងដើម្បីត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពជាធ្វើម្ចាស់ផ្ទះទៀតផង ៕




ខ្លឹមសារ ៤ចំណុចសំខាន់ៗ ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីកិច្ចពិគ្រោះយោបល់ភាពជាដៃគូរនៅថ្នាក់ក្រោមជាតិ

បាត់ដំបង៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩នេះ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងរួមជាមួយ លោកនាយករដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានទៅចូលរួមសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពីកិច្ចពិគ្រោះយោបល់ភាពជាដៃគូរនៅថ្នាក់ក្រោមជាតិនៅសណ្ឋាគារ ឃីងហ្វី ខេត្តបាត់ដំបង។
សិក្ខាសាលា ពិគ្រោះយោបល់ នេះបានផ្ដោតសំខាន់ទៅលើខ្លឹមសារដូចខាងក្រោម ៖
១.ការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិល
២.សេចក្តីណែនាំស្តីពីកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ក្រោមជាតិ
៣.ប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ និងប្រព័ន្ធទិន្នន័យស្តីពីអង្គការមិនមែនរដ្ឋាភិបាល
៤.សមាហរណកម្មយន្តការពិគ្រោះយោបល់ថ្នាក់រាជធានីខេត្ត ទៅក្នុងវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ។
គូសបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពីកិច្ចពិគ្រោះយោបល់ភាពជាដៃគូរនៅថ្នាក់ក្រោមជាតិនេះ គឺមានការ ផ្ដួចផ្ដើមពីក្រុមប្រឹក្សា អភិវឌ្ឃន៍កម្ពុជា សហការជាមួយ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ និងក្រសួងផែនការ ៕



លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋបាលខេត្តកែប



ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្រោះមហន្តរាយខេត្តក្រោមអធិបតីភាព លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហត្តរាយ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈប្រតិភូ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធដែលជាសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកស្រីអភិបាល អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត មេភូមិគ្រប់ភូមិក្នុងខេត្តកែប យុវជនជន យុវនារីក្នុងខេត្តសរុបចំនួន៣៨៣រូប។
លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានឲ្យដឹងថា នៅ០៦ខែដើមឆ្នាំ២០១៩នេះ ខេត្ត បានជួបនូវគ្រោះមហន្តរាយ០៦លើក ជាករណីខ្យល់កន្ត្រាក់ ក្នុងនោះក្រុងកែប០១លើក បណ្តាលអោយខូចដំបូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង និង ស្រុកដំណាក់ចង្អើរ០៥លើក បណ្តាលអោយខូចដំបូលផ្ទះរបស់ប្រជាពលរដ្ឋ៥២ខ្នង ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ឲ្យឃើញដែរថា នាពេលថ្មីៗ ក្នុងខែសីហា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋចំនួន១១គ្រួសារ ក្នុងស្រុក់ដំណាក់ចង្អើរ ខេត្តកែប បានជួបប្រទះនឹងគ្រោះមហន្តរាយ ដោយប៉ើងដំបូងអស់ផ្ទះចំនួន១១ខ្នង ដោយសារបាតុភូតខ្យល់កន្ទ្រាក់ ដែលលាយឡំជាមួយទឹកភ្លៀង កាលពីវេលាម៉ោង ប្រមាណ ៨ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នេះ ជាការឆ្លេយតបទៅនឹងស្ថានភាពខាងលើគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា រួមគ្នាចុះជួយបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។
លោក គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ ក្នុងការឆ្លើយតបទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងត្រៀមសម្ភារ: ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះអោយបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង ពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា៕





នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តត្បូងឃ្មុំ ចុះពីនិត្យទីតាំងស្តុកឈើ នៅក្នុងមូលដ្ឋានស្រុកមេមត់

(ត្បូងឃ្មុំ)៖ ក្នុងឪកាសចុះពិនិត្យទីតាំងស្តុកឈើ០៣កន្លែង ក្នុងមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានស្នើរដល់ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាប នូវបទល្មើសធនធានធម្មជាតិ រាល់ការចរាចរបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ការចុះពិនិត្យនោះចូលរួមដោយ គណៈកម្មាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងប្រតិភូអន្តរក្រសួង ស្ថាប័ន រួមជាមួយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកមេបញ្ជាការ វ៉ា សារិទ្ធ ក៍ដូចជាមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។
ថ្លែងលើកឡើងនាឪកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសរំលេចផងដែរថា ដើម្បីធ្វើឱ្យការប្រយុទ្ធប្រឆាំងការបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិមានប្រសិទ្ធភាព គឺត្រូវមានការចូលរួមពីក្រសួងពាក់ព័ន្ធជាច្រើនទៀត និងតាមបណ្តាខេត្តនានា ពិសេសខេត្តជាប់ព្រំដែន ដោយមិនអាចពឹងផ្អែកតែលើគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាននោះឡើយ។
ជាមួយគ្នានោះដែរ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយគណ:ប្រតិភូអន្តរក្រសួង ដែលបានយកចិត្តទុកដាក់លើការងារបង្ការបង្ក្រាប រាល់បទល្មើសធនធានធម្មជាតិ ពិសេសការចុះមកផ្ទាល់នាថ្ងៃនេះ។
លោកអភិបាលខេត្ត បានលើកឡើងដែរថា កន្លងមក ក៍ដូចជានាពេលនេះ គណ:បញ្ជាការឯកភាពខេត្ត តែងប្រជុំដាក់ផែនការ ចាត់វិធានការបង្ការបង្ក្រាបជាបន្តបន្ទាប់ រាល់បទល្មើសព្រៃឈើក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលជាប្រភពធនធានដ៍មានតម្លៃរបស់មនុស្សជាតិ និងបន្តធ្វើការងារនេះឲ្យកាន់តែមានប្រសិទ្ធភាព។
សួមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះពិនិត្យតាមក្រុមហ៊ុន និងទីតាំងស្តុកឈើនៅតាមបណ្តាខេត្តជាប់ព្រំដែនឡាវ-វៀតណាម គឺចាប់ផ្តើមឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះតែម្តង។
គួររំលឹកថា ចាប់ផ្តើមពីបញ្ចេញប្រតិបត្តិការយ៉ាងក្តៅគគុក លើការបង្ក្រាបបទល្មើសព្រៃឈើមកនោះ មនុស្សមួយចំនួនទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយ (ជាពិសេសរថយន្តបាកុង និងម៉ូតូកែច្នៃ) ជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញចោល៕




លោក ឆាយ ថន ផ្តល់អនុសាសន៍ ៥ចំណុចក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់បណ្តាអង្គភាពជំនាញទាំងអស់ក្រោមឱវាទក្រសួងផែនការ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងផែនការ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងប្រធាននាយកដ្ឋាន។
បន្ទាប់ពីបានស្តាប់របាយការណ៍អំពីសមិទ្ធផលការងារសម្រេចបានរយៈពេលក្នុងឆមាសទី១ ព្រមទាំងបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ដែលបានលើកឡើងដោយតាមបណ្តាអង្គភាពជំនាញទាំងអស់ រួមទាំងការចូលរួមជាមតិយោបល់របស់ថ្នាក់ដឹកនាំរួចមក។
រដ្ឋមន្ត្រីក្រសួងផែនការ បានមានមតិសំណាល ណែនាំ និងផ្តល់នូវអនុសាសន៍៥ចំនុច ដើម្បីអង្គភាពជំនាញទាំងអស់យកទៅកែសម្រួល និងអនុវត្តបន្តរួមមាន៖
១-ក្នុងរបាយការណ៍របស់បណ្តាអង្គភាពជំនាញទាំងអស់ ក្រៅអំពីសមិទ្ធផលការងារដែលសម្រេចបាន ត្រូវតែលើកឡើងបន្ថែមនូវបញ្ហាប្រឈម សំណូមពរ និងសេចក្តីសន្និដ្ឋានជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃ និងមានវិធានការណ៍ដោះស្រាយអោយបានសមស្រប។
២-គួរតែមានការគិតគូរឱ្យបានច្បាស់លាស់ឡើងវិញនូវរបៀបរបបការងារណា ដែលធ្វើអោយរាំងស្ទះ ឬដើរថយក្រោយ ត្រូវកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងអង្គភាពនីមួយៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
៣-សំណូមពរដល់បណ្តាអង្គភាពជំនាញទាំងអស់ រក្សាការសហការគ្នាអោយបានជិតស្និទ្ធក្នុងការរៀបចំគម្រោងកម្មវិធីអនុវត្តការងារផ្សេងៗ អោយបានស៊ីសង្វាក់គ្នា។
៤-បញ្ហាបុគ្គលិក មន្ត្រីរាជការ សំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវចេះដឹកនាំ សម្របសម្រួល បណ្តុះបណ្តាល ក៏ដូចជាការបែងចែកការងារ ការទទួលខុសត្រូវតាមកម្រិតជំនាញរបស់បុគ្គលិក មន្ត្រីរាជការ របស់ខ្លួន។
៥-ចំពោះបុគ្គលិក មន្ត្រីរាជការ ដែលនៅតែបន្តអវត្តមានគ្មានច្បាប់ទម្លាប់ មិនទទួលខុសត្រូវនឹងការងារ ហើយបានរំលោភលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល លោករដ្ឋមន្ត្រី ឆាយ ថន នឹងមិនរាថយឡើយក្នុងការប្រើប្រាស់អភិក្រមទី៥ គឺវះកាត់៕


លិខិតមិត្តអ្នកអាន៖ ថ្នាំបំពុលក្នុងយុគ្គសម័យថ្មីរបស់ពួកប្រឆាំង គឺ «Fake News»


ដោយសារតែការបរាជ័យ​ផ្ទួនៗក្នុងវិថីនយោបាយរបស់ខ្លួនយ៉ាងអាម៉ាស់ជាទីបំផុត ដោយមិនអាចយកឈ្នះគណបក្សកាន់អំណាចរបស់បុរសខ្លាំង ហ៊ុន សែន តាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ ក៏ដូចជាការបរាជ័យក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈផែនការបដិវត្តន៍ពណ៌ដោយប្រមូលផ្តុំកំលាំងមនុស្សបះបោរប្រឆាំងរដ្ឋអំណាចបាននោះ ក្រុមប្រឆាំងដែលមានមេកើយជាទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បាននិងកំពុងចាប់យក និងអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្រនយោបាយបែបប្រជាភិថុតិ តាមរយៈការបំភ្លៃព័ត៌មានលើបណ្តាញផ្សព្វផ្សាយសង្គមថ្មីដែលជាយុទ្ធសាស្ត្របង្កើតព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីផ្តួលដៃគូប្រកួតប្រជែងរបស់ខ្លួន។ ដោយប្រកាន់យកនូវផ្នត់គំនិត «លេងតាមផ្លូវត្រង់មិនឈ្នះ មានតែប្រើល្បិចកលកង្វក់ និងទុច្ចរិតក្រែងលោមានសង្ឃឹមខ្លះ»។
តើមធ្យោបាយប្រើប្រាស់ Fake News ជាថ្នាំបំពុលមហាជន ក៏ដូចជាសាធារណៈមតិជាតិ និងអន្តរជាតិ ដែលពួកប្រឆាំងក្រៅច្បាប់កំពុងតែអនុវត្តយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ អាចជាគន្លឹះនាំពួកគេទៅរកជោគជ័យដូចការរំពឹងទុកដែរឬទេ? តើពួកគេបានធ្វើអ្វីខ្លះ ដើម្បីអនុវត្តនូវយុទ្ធសាស្ត្របំពុលព័ត៌មាននេះ? តើព័ត៌មានបំពុលដែលពួកគេកំពុងប្រើប្រាស់នេះ វាផ្តល់គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងជោគវាសនាជាតិទាំងមូលដែលឬទេ?
ជាការពិតណាស់ ព័ត៌មាន​ក្លែងក្លាយ​ ​ឬ​ ​Fake News​ ​បាន​ក្លាយជា​ប្រធានបទដ៏​ក្តៅ​គគុក​មួយ ​និងជាក្តីបារម្ភដ៏ធំមួយក្នុង​ចំណោម​អ្នក​ជំនាញ​សារព័ត៌មាន ​ក៏​ដូច​ជា​ពលរដ្ឋ​ទូទៅក្នុង​ពិភព​លោក។​ សម្រាប់​កម្ពុជា ដែល​ជាប្រទេស​កំពុង​អភិវឌ្ឍន៍​ ព័ត៌មាន​ក្លែងក្លាយ​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​មួយ​ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​ផ្នត់​គំនិត ​និង​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ ជាពិសេសគឺព័ត៌មាននយោបាយ។​ ​ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយបាន ព័ត៌មានពិតគឺ​មានសារៈសំខាន់ណាស់ ​សម្រាប់​ការ​បន្សាបឥទ្ធិពលនៃព័ត៌មានប្រឌិត និងក្លែងក្លាយ។ ​ការធ្វើនយោបាយ​បែប​ប្រជា​ភិថុតិ​ ​និង​ការផ្សាយ​​ព័ត៌មាន​មិន​ពិត​ គឺបានធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋទូទៅ​​និង​សង្គមជាតិទាំងមូល។​ បើនិយាយពីផ្នែកនយោបាយវិញ ព័ត៌មានក្លែងក្លាយគឺភាគច្រើនជាប្រភេទព័ត៌មានបំពុលសង្គម បំភ្លៃការពិត ប្រឌិតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងទុច្ចរិតដោយភូត​កុហក​ទាំងស្រុង​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋអំណាច ដែលជាគោលដៅរបស់ពួកប្រឆាំងក្រៅច្បាប់។​ ​នាពេល​ថ្មីៗ​នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ ចោទប្រកាន់ ទម្លាក់កំហុស ​លាបពណ៌ និងប្រឌិត ដែលប្រាសចាកពីការពិតទាំងស្រុង នៅលើបណ្តាញសង្គមកាន់តែច្រើនឡើងៗ ដែលភាគច្រើនលើសលុប គឺចេញពីប្រភពក្រុមប្រឆាំង ដែលមានទណ្ឌិត សម រង្ស៊ី និងបក្ខពួកជាមេកើយ។ ព័ត៌មានក្លែងក្លាយទាំងនោះ មានទាំងជាសំណេរ រូបភាព និងខ្លះជា​ជា​វីដេអូឃ្លីប​បង្ហោះ​តាម​ Facebook និង​ Youtube ​ជា​ដើម។​ ក្រសួង​មហាផ្ទៃ​នាពេលកន្លងមក​ បាន​ប្រកាស​បិទ​គណនី​ហ្វេសប៊ុក​ក្លែងក្លាយមួយចំនួនផងដែរ ក្នុង​គោលបំណង​បង្ការ​​អសនិ្តសុខ​ និងទប់ស្កាត់សកម្មភាពបោកប្រាស់ តាមរយៈ​ការ​បង្ហោះ​ព័ត៌មានក្លែងក្លាយ​តាម​ប្រព័ន្ធ Internet ដែលក្រុមទុច្ចរិតបានបង្កើតឡើងក្នុងគោលដៅធ្វើឱ្យមានចលាចលក្នុងសង្គមកម្ពុជា។ ​​ព័ត៌មាន​ក្លែងក្លាយ​ ​ត្រូវ​បាន​ឲ្យ​និយមន័យ​ជា​ទូទៅ​ថា ​ជា​ប្រភេទ​ព័ត៌មាន ​ឬ​ការ​ឃោសនា​ប្រជាភិថុតិ​ ដែល​បង្កប់​ទៅ​ដោយ​ព័ត៌មាន​មិន​ពិត ឬព័ត៌មាន​បោកបញ្ឆោត​ ដែល​ត្រូវ​បាន​ចែកចាយ​តាមរយៈ​​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញព័ត៌មាន ឬ​បណ្តាញ​សង្គម​តាម​ប្រព័ន្ធ Internet ហើយក្នុងយុគ្គសម័យថ្មីនេះ ​ព័ត៌មាន​ក្លែងក្លាយ​បាននិងកំពុង​មាន​ការសាយភាយ​យ៉ាង​ខ្លាំង​នៅ​កម្ពុជា និងសកលលោក។
​គួរ​រំឭក​ផង​ដែរថា បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិឆ្នាំ២០១៣ អតីតមេដឹកនាំបក្សប្រឆាំង បានចេញមកប្រកាសថាគណបក្សរបស់ខ្លួនបានឈ្នះឆ្នោត។ ការប្រកាសនេះធ្វើឡើង ខណៈពេលដែលដំណើរការនៃការរាប់សន្លឹកឆ្នោតកំពុងតែប្រព្រឹត្តទៅនៅឡើយ។ ការបំពុលព័ត៌មានដ៏គ្រោះថ្នាក់នាពេលនោះ បានបង្កឱ្យមានចលាចលដល់ពលរដ្ឋកម្ពុជា ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិមួយរយៈពេលខ្លីផងដែរ។ រហូតទាល់តែមានការបញ្ជាក់ពីការពិតថា នោះជាព័ត៌មានបំពុលដ៏អាក្រក់បំផុតដែលព័ត៌មានពិតនោះ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់តែអំណាច នៅតែជាគណបក្សដែលឈ្នះការបោះឆ្នោតយ៉ាងពិតប្រាកដ។ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយមិនអាចចូលរួមក្នុងការបោះឆ្នោតបាន ពួកក្រុមទុច្ចរិតនៅតែចិញ្ចឹមចិត្តប្រឌិតព័ត៌មានបំពុលជាបន្តបន្ទាប់ ហើយអ្វីដែលរសើបនៅពេលនោះ គឺព័ត៌មានបែកធ្លាយពីការបែងចែកអាសនៈដល់គណបក្សនយោបាយផ្សេងៗ។ ក្រោយពីការប្រកាស​លទ្ធផល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​ក្នុង​សភា​ទាំងអស់​ចំនួន ១២៥ នោះ គណនី Facebook ​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ត្រូវ​បានជនអនាមិក​លួច​ចូល​ និង​បាន​បង្ហោះ​សារ​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​ចែក​អាសនៈ​មួយ​ចំនួន​ទៅ​ឱ្យ​គណ​បក្ស​ពីរ​ទៀត។ ទោះបីការពិតមិនទាន់ត្រូវបានទម្លាយថា ជាស្នាដៃរបស់ជនណាឱ្យពិតប្រាកដ ក៏ប៉ុន្តែសារជាតិពិតនៃព័ត៌មានក្លែងក្លាយ ដែលត្រូវបានគេលួចប្រើប្រាស់ គណនី​ Facebook ​ផ្លូវ​ការ​របស់បុរសខ្លាំង ហ៊ុន​ សែន យកទៅផ្សព្វផ្សាយនោះ គឺចេញពីប្រភពក្រុមប្រឆាំងក្រៅច្បាប់យ៉ាងច្បាស់ក្រឡែត។ ក្រៅពីលួច Hack ចូលគណនី Facebook ផ្លូវការរបស់លោក ហ៊ុន សែន ហើយនោះ កន្លងមកក៏មានការបង្កើតនូវគណនី Facebook ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះរបស់ថ្នាក់ដឹកនាំសំខាន់ៗក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងកូនៗរបស់លោកនាយករដ្ឋមន្ត្រី ជាដើម។ ក្រៅពីនោះនៅមានការបង្ហោះផ្សាយដោយចំហរតែម្តង ក្នុង Page Facebook ផ្លូវការរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក នូវព័ត៌មានក្លែងក្លាយ ដោយពួកគេធ្វើឡើងជាបណ្តាញ ដែលមានទាំងមេទាំងកើយ មានខ្សែរយៈ និងក្រុមសារព័ត៌មានបំពុល ដែលតែងតែជួយបំពងសម្លេងបន្ថែម ពីព័ត៌មានក្លែងក្លាយរបស់ពួកគេ ដូចជា Page របស់វិទ្យុអាស៊ីសេរី (RFA) VOD VOA និងមួយចំនួនទៀតផងដែរ។ ពួកគេបានចែកចាយព័ត៌មានក្លែងក្លាយជាប្រព័ន្ធ អមដោយក្រុមអ្នកវិភាគផ្កាប់មុខ ស៊ីឈ្នួលដូរបាយ ចាំធ្វើអត្ថាធិប្បាយបន្ថែម ហើយក្រុមកូនជឹង និងក្រុមសកម្មជនរបស់បក្សនយោបាយខ្មោចជាញឹកញយ គឺដើរតួជាអ្នកចែកចាយបន្ត។ ព័ត៌មានក្លែងក្លាយដែលគេឃើញមានកើតឡើងជាញឹកញាប់ជាងគេគឺ ព័ត៌មានប្រឌិតដ៏អាក្រក់ជូរជាតិបំផុត ស្តីពីមរណៈភាព និងបញ្ហាសុខភាពរបស់បុរសខ្លាំង ហ៊ុន​ សែន និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ព័ត៌មានបំភ្លៃបែបញុះញង់ថាមានការបែក​បាក់ផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ព័ត៌មានបំពុល និងអុចអាលដែលធ្វើឡើងដោយចំហរពីសំណាក់មេឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដោយចោទប្រកាន់ថា លោក ហ៊ុន សែន នៅពីក្រោយខ្នងការសម្លាប់ កែម ឡី ហុក ឡង់ឌី ឬមនុស្សមួយចំនួនទៀត, ព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះលោក ស ខេង និងលោក ឌី វិជ្ជា ថាមានគំនិតសងសឹក និងរៀបចំគម្រោងក្បត់ប្រឆាំងនឹងលោក ហ៊ុន សែន, ព័ត៌មានបោកប្រាស់ពីគម្រោងបះបោររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់, ព័ត៌មានក្លែងក្លាយពីបញ្ហាទឹកដី ដោយយកផែនទីក្លែងក្លាយមកបង្ហោះផ្សាយ ធ្វើអត្ថាធិប្បាយក្នុងចេតនាបង្កចលាចល បង្កើតឱ្យមានចលនាបះបោរ ជំរុញឱ្យមានការរើបម្រះ បញ្ឆេះកម្សួលពលរដ្ឋឱ្យទៅដណ្តើមទឹកដីជាមួយប្រទេសជិតខាង, និងព័ត៌មានពីការលាបពណ៌ឱ្យមានការរើសអើង និងប្រកាន់ពូជសាសន៍យួន និងចិនជាដើម។ ក្រៅពីនោះនៅមានព័ត៌មានក្លែងក្លាយ ដែលជាថ្នាំបំពុលសង្គមជាច្រើនទៀត ដែលត្រូវបានរៀបចំ បង្កើតឡើង និងចែកចាយដោយក្រុមប្រឆាំងក្រៅច្បាប់ ក្នុងចេតនាបង្កអសន្តិសុខ និងធ្វើឱ្យខូចសណ្ដាប់សាធារណៈ ដែលពួកគេមិនដែលញញើតនូវទង្វើដ៏ខ្មៅកង្វក់របស់ខ្លួនឡើយ បើទោះបីជាដឹងថា វានឹងជះឥទ្ធិពល ឬបង្កហានិភ័យដ៏គ្រោះថ្នាក់ដល់ពលរដ្ឋស្លូតត្រង់ និងវាសនារបស់ប្រទេសជាតិទាំងមូល ក៏ពួកគេមិនខ្វល់ខ្វាយដែរ ធ្វើយ៉ាងណាឱ្យតែចំណេញនយោបាយទុច្ចរិតរបស់ពួកគេ។
ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានក្លែងក្លាយ ដែលជាថ្នាំបំពុលហើយត្រូវបានពួកប្រឆាំងកំពុងប្រើប្រាស់ និងអនុវត្តសព្វថ្ងៃនេះ គឺត្រូវបានពលរដ្ឋទូទៅចាប់ទុកត្រឹមតែជាព័ត៌មានសំរាមតែប៉ុណ្ណោះ។ ជានិច្ចកាលក្រោយពេលដឹងពីព័ត៌មានពិត ព័ត៌មានក្លែងក្លាយតែងតែត្រូវបានសាបរលាបឥទ្ធិពលរបស់វាដោយឯងៗ។ លើសពីនេះទៅទៀត ដោយសារទម្លាប់ដ៏អាក្រក់នៃការសាបព្រោះព័ត៌មានក្លែងក្លាយនេះហើយ ដែលធ្វើឱ្យអតីតសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនរូបបាន​ចាកចេញ និងលែងជឿទុកចិត្តលើមេដឹកនាំគណបក្សនេះ។ អ្នកគាំទ្រអតីតបក្សប្រឆាំងមួយភាគធំ បានសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច និងគណបក្សដទៃទៀត ព្រោះតែមិនអាចទទួលយកបាននូវទង្វើភូតភរ បោកប្រាស់ ប្រាស់ចាកពីការពិត ដែលត្រូវបានប្រឌិតឡើងក្នុងន័យកេងចំណេញ​នយោបាយឥតឈប់ឈរ។ មេចលានាប្រឆាំងក្រៅច្បាប់បានគិតខុសថា ការប្រឌិតព័ត៌មានក្លែងក្លាយ គឺជាការកេងចំនេញនយោបាយដ៏ក្រាស់ក្រែលរបស់ពួកគេ ខណៈដែលការពិតគឺ វាជាទង្វើដ៏ឆោតល្ងង់ ដែលបានធ្វើឱ្យអតីតគណបក្សប្រឆាំងកាន់តែចុះខ្សោយទៅៗ រហូតដាំក្បាលចុះ រលំរលាយដូចបច្ចុប្បន្ន។ លទ្ធផលនៃការបោកប្រាស់ មិនយូរមិនឆាប់គង់តែគេដឹង ហើយនយោបាយប្រជាភិថុតិច្បាស់ជាចាញ់បោសគូទខោជាក់ជាមិនខាន៕
ដោយ៖ ស ជាតិ











ទស្សនៈមិត្ត​អ្នក​អាន៖ តើលោក រ៉ុង ឈុន មានជំហរឯករាជ្យដូចឈ្មោះសមាគមគាត់ឬ?


សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រមូលផ្តុំមនុស្សមកតវ៉ាទាមទារឲ្យមានការដោះលែងជនជាប់ចោទ កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះ​ជា​តិ និងទាមទារឲ្យលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមខុសច្បាប់នៅក្រៅប្រទេស។ ការស្នើសុំនេះ គ្រោងនឹងរៀបចំមនុស្សប្រមាណជា ៧០នាក់ មកតវ៉ានៅពីមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខ ក្រោមលេសជួបជុំគ្នាសម្តែងមតិ។
ជាការ​ពិត ការជួបជុំសម្តែងមតិជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់ៗរូប ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណា​ចក្រកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែការប្រមូលផ្តុំគ្នាជួបជុំតវ៉ាទាមទារឲ្យទម្លាក់​ចោលការចោទប្រកាន់លើជនជាប់ចោទដែលកំពុងមានទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) និងទាមទារឲ្យលើកលែងទោសដល់ទណ្ឌិតដែលកំពុង​ស្ពាយ​ទោស​រាប់ភ្លេច​រត់ចោលស្រុក​ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសាលដីការបិទផ្លូវតវ៉ា​របស់តុលាការកំពូលចុះ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ម្យ៉ាងវិញ​ទៀតការទាមទារនេះ ក៏ជាការរំលោភលើសមត្ថកិច្ចរបស់ស្ថាប័នតុលាការផងដែរដែល​ជា​ស្ថាប័ន​ឯករាជ្យ។
គួររំលឹកឲ្យដឹងថា លោក រ៉ុង ឈុន ក៏ជាបុគ្គលម្នាក់ស្ថិតនៅក្នុងចំណោមមនុស្ស ១១៨រូប ដែលសាលដីការរបស់តុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ រាល់សកម្មភាពទាំងឡាយរបស់បុគ្គលរូបនេះដែល​បង្ហាញពីសកម្មភាពធ្វើនយោបាយ និងអ្នកដែលច្បាប់ហាមឃាត់សិទ្ធិធ្វើនយោបាយឯទៀត គឺសុទ្ធតែខុសច្បាប់​ទាំងអស់ ដែលអាចនឹងត្រូវទទួលទោសទណ្ឌបន្ថែមទៀត ប្រសិនបើតុលាការរកឃើញកំហុស។
យ៉ាង​ណា​មិញ ទោះមានងារជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ តែលោក រ៉ុង ឈុន មិនមែនជាមនុស្សឯករាជ្យ ដូចឈ្មោះសមាគមដែលគាត់ធ្វើជាទីប្រឹក្សានោះឡើយ។ ពាក្យឯករាជ្យ គឺពេញនិយមណាស់សម្រាប់បុគ្ក​ល​តាំងខ្លួនជាអ្នកវិភាគ ឬអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ហើយក៏ពេញនិយមណាស់ដែរសម្រាប់សារព័ត៌​មាន មាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា។
អ្នកណាក៏ដឹងដែរថា រ៉ុង ឈុន គឺជាមន្ត្រីរបស់អតីតគណបក្សប្រឆាំងកូតា សម រង្ស៊ី ជ្រកក្រោមស្លាកសមា​គម​គ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់បោះបង់ចោលតំណែងប្រធានសមាគមនេះ ដើម្បីឈោងចាប់កាន់យកតំណែង​ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) តាមការចាត់តាំងរបស់អតីតគណបក្សប្រឆាំង។ មុនបានតំណែងជាសមាជិក(គ.ជ.ប) បុគ្គលរូបនេះ បានធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យជា​ច្រើន​ក្នុង​ការដឹកនាំធ្វើបាតុកម្មតវ៉ានានាប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីស្វែងរកប្រជាប្រិយភាពឲ្យបក្សប្រឆាំង។ ហេតុដូច្នេះ​ហើយបានជាបក្សប្រឆាំងជ្រើសរើសបេក្ខភាព រ៉ុង ឈុន ដើម្បីតំណាងឲ្យខ្លួននៅក្នុងគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត។
កាន់តំណែងមិនបានប៉ុន្មានផង រ៉ុង ឈុន ក៏សម្រេចចិត្តលាលែងពីតំណែងជាសមាជិក (គ.ជ.ប) នៅថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ គឺបន្ទាប់ពីអតីតគណបក្សប្រឆាំង ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសារតែរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ និងបំពានច្បាប់ស្តីពីគណបក្សនយោបាយដែលទៅឃុបឃិត និងទទួលបញ្ជារពីបរទេសមកបំផ្លាញខ្មែរ។ ការលាលែងពីតំណែងរបស់បុគ្គលរូបនេះ មិនបានធ្វើឲ្យគេភ្ញាក់ផ្អើលនោះទេ ពីព្រោះ រ៉ុង ឈុន ដែលមកពីអតីតគណបក្សប្រឆាំង មិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាជនដោយសេចក្តីស្មោះត្រង់ និងធ្វើជាអាជ្ញាកណ្តាលដ៏ត្រឹមត្រូវនោះឡើយ ប៉ុន្តែបានបម្រើផលប្រយោជន៍បក្សប្រឆាំងពីក្រោយខ្នង ក្រោមរូបភាពជាសមាជិក(គ.ជ.ប) ទោះជានៅពេលចូលកាន់តំណែងត្រូវធ្វើពិធី​សច្ចាប្រណិធាន​(សំបថ)ថា មិនប្រកាន់បក្សពួកក្តី។
ទោះតាំងខ្លួនជាអ្នកឯករាជ្យ តែបុគ្គល រ៉ុង ឈុន មិនដែលមានជំហរឯករាជ្យម្តងណាឡើយ។ នៅពេលនិយាយដល់ពាក្យថា ឯករាជ្យ មានសំណួរជាច្រើនត្រូវបានចោទសួរឡើងភ្លាមៗថា តើលោក រ៉ុង ឈុន ឯករាជ្យនៅខាងណា? ចម្លើយដូចដឹងស្រាប់ គឺបុគ្គលរូបនេះជាអ្នកឯករាជ្យនៅខាងបក្សប្រឆាំង ហើយក៏ជាអ្នកស្ម័គ្រស្មោះនឹងទណ្ឌិត មេចលនាឧទ្ទាមខុសច្បាប់ក្រៅប្រទេសផងដែរ។ តាមពិត រ៉ុង ឈុន ជាមនុស្សជំនិតរបស់មេចលនាឧទ្ទាម។ ជាក់ស្តែង បុគ្គលរូបនេះ ក្នុងនាមជាប្រធានសហភាពសហជិពជាតិកម្ពុជាផងដែរនោះ បានធ្វើសក​ម្មភាព​ជាច្រើនឆ្លុះបញ្ចាំងពីការគាំទ្រអតីតបក្សប្រឆាំង វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នកធ្វើឲ្យ​បាត់​បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក ដោយបានដាក់សម្ពាធឲ្យរដ្ឋាភិបាល​ត្រូវតែលើកលែងទោសដល់ទណ្ឌិតរូបនេះ ក៏ត្រូវតែដោះលែងលោក កឹម សុខា និងត្រូវតែធ្វើឲ្យ​អតីត​គណបក្សប្រឆាំងរស់ឡើងវិញជាដើម ជាថ្នូរទៅនឹងការមិនបាត់បង់ EBA GSP។ សកម្មភាពរបស់បុគ្គលរូបនេះ មានទាំងនៅក្នុងស្រុក និងក្រៅស្រុក។
សរុបមកវិញ បុគ្គល រ៉ុង ឈុន ទោះកាន់តំណែងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឬមានតំណែងធំនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងចុងក្រោយនេះជាប្រធានសហភាពសហជិពជាតិកម្ពុជាក្តី តែបុគ្គល​រូបនេះបានដិតដាមយ៉ាងជ្រៅជាមួយនឹងក្រុមប្រឆាំង គឺមិនមែនជាមនុស្សមានជំហរឯករាជ្យក្នុងខ្លួននោះឡើយ។ ធាតុពិត បុគ្គលរូបនេះ គ្រាន់តែជាកូនអុករបស់មេឧទ្ទាមប្រឆាំងខុសច្បាប់នៅក្រៅប្រទេស ដែលគេប្រើឲ្យ​ធ្វើ​សកម្មភាពគៀរករក្រុមប្រឆាំងនៅក្នុងស្រុក ដែលនៅសេសសល់រប៉ាត់​របាយ​មានចំនួនដ៏តិចតួចបំផុតនាពេលនេះ។ ហើយការយកលេសជួបជុំសម្តែងមតិនៅថ្ងៃទី១៥សីហាខាងមុខនេះ ក៏ជាសេណារីយ៉ូមួយដែរ ក្នុងការធ្វើតេស្ត​កម្លាំងគាំទ្រអតីតបក្សប្រឆាំងនៅក្នុងស្រុក។
ទោះយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ចបានប្រកាសហើយថា មិន​អនុញ្ញាតឲ្យបុគ្គលរូបនេះ ដឹកនាំក្រុមមនុស្សមកតវ៉ានៅពីមុខសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។ រាល់សកម្មភាពទាំងឡាយដែលផ្ទុយនឹងច្បាប់ដែល​ប្រព្រឹត្តិ​ដោយ​បុគ្គល រ៉ុង ឈុន អាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិគ្រប់​គ្រាន់ក្នុងការចាត់វិធានការណ៍តាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ដោយគ្មានការយោគយល់ ដើម្បីការពារសុខសន្តិ​ភាព សណ្តាប់ធ្នាប់សាធារណៈសង្គម ជូនដល់ប្រជាពលរដ្ឋ៕
ដោយ៖ សុខ សុវណ្ណ



លិខិតមិត្តអ្នកអាន៖ « អគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាជាមួយពណ៍បេះដូងថ្មី រឺ? »

 នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន ទស្សនៈនិងផ្នត់គំនិតរបស់ប្រជាជនខ្មែរភាគច្រើនបំផុតតែងតែយល់ថាពាក្យ «ទូតអាមេរិក = មេរបស់ក្រុមប្រឆាំង » « ទូតអាមេរិក = មេបញ្ជាការផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន »។ នេះជាការពិត ដែលមន្ត្រីទូត និងក្រសួងការបរទេសអាមេរិកត្រូវហ៊ានទទួលស្គាល់ដើម្បីពិចារណាព្រោះខ្ញុំយល់ថា « ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ល្អឬអាក្រក់ វាអាស្រ័យស្ទើរតែទាំងស្រុងលើលោកអគ្គរដ្ឋទូតអាមេរិកតែម្តង។
១.ទន្ទឹមនឹងការរីករាយ សាទរ ចំពោះលោក Patrick Murphy ដែលនឹងមកបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំក៏បានស្រាវជ្រាវតាមវេបសាយហើយកត់សំគាល់ថាលោក គឺជាអ្នកការទូតដ៏មានពិសោធន៍ម្នាក់ និងជាពិសេស គឺជាអ្នកជំនាញខាងកិច្ចការអាស៊ីអាគ្នេយ៍។ ដូច្នេះ ប្រាកដណាស់ថាលោកពិតជា បានស្គាល់ច្បាស់អំពី សភាពការណ៍និងបទពិសោធន៍ផ្អែមល្វីងជូរចត់របស់កម្ពុជាក្នុងអតីតកាលនិងបច្ចុប្បន្នកាល ជាពិសេសគឺពិតជាដឹងច្បាស់អំពីអ្វីដែលពលរដ្ឋប្រទេសមួយនេះត្រូវការជាចាំបាច់បំផុត។ ដូច្នេះ សារដែលខ្ញុំចង់ផ្ញើជូនលោកអគ្គរដ្ឋទូតអាមេរិកថ្មីដើម្បីពិចារណានោះគឺ៖

ទី1៖ ដូចអ្វីដែលគេតែងតែនិយាយរត់មាត់ថា« Let bygone be bygone» «ទុកអោយរឿងចាស់វាកន្លងផុតទៅហើយសូមគិតរឿងថ្មី»។
ទី2៖ ខ្ញុំក៏មានការសប្បាយរីករាយណាស់ដែរនៅពេលឃើញមានការចុះផ្សាយដោយកាសែតអនឡាញបរទេសមួយបានស្រង់សំដីលោក Murphy ថា លោកនឹងផ្តោតការយកចិត្តទុកដាក់ លើការបង្កើនពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកអោយឡើងបានដល់ ៣.៥ ពាន់លានដុល្លារ ក៏ដូចជាបង្កើនទំនាក់ទំនងរវាងសហគមន៍ជនជាតិអាមេរិកជាមួយប្រជាជនកម្ពុជា។
ខ្ញុំក៏ដូចពលរដ្ឋខ្មែរទូទៅ សង្ឃឹមយ៉ាងមុតមាំថា លោកនឹងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានល្អក្នុងនាមជាដៃគូស្មើសិទ្ធនិងស្មើមុខមាត់គ្នាដោយមិនដើរតាម លំអានឯកអគ្គរដ្ឋទូតមុនៗនោះឡើយ ព្រោះអ្វីដែលលោកបាននិយាយថាគ្រោងនឹងធ្វើនេះ គឺពិតជាការងារត្រឹមត្រូវនិងជាក់ស្តែងដើម្បីស្តារជំនឿទុកចិត្តដែលបានបាត់បង់ស្ទើរតែទាំងស្រុងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសពីសំណាក់រដ្ឋាភិបាលដែលកំពុងគ្រប់គ្រងនិងដឹកនាំប្រទេសនេះ «Confidence building measures to restore the lowest trust in the relationship between Cambodia and USA is an Imperative »។
តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក វាលឿនទៅមុខ រឺ បន្តធ្លាក់ចុះថែមទៀតគឺ បាល់ស្ថិតនៅក្នុងជើងរបស់លោកទូតហើយ។ ដូច្នេះ បើលោកចង់ញាក់ឆ្វេងរឺស្តាំ ឬស៊ុតត្រង់គឺជាសិទ្ធិរបស់លោក ចំណែកឯភាគីកម្ពុជាគ្រាន់តែជាអ្នកចាំមើលទិសបាល់និងលេងតាមបាល់របស់លោកតែប៉ុណ្ណោះ « The Ball is in Your Court »។

ប៉ុន្តែ យោងលើបទពិសោធន៍ពីអតីតកាលនិងរហូតដល់ពេលថ្មីៗនេះ ខ្ញុំយល់ឃើញថា ដើម្បីឲ្យទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកមានលក្ខណៈល្អប្រសើរឡើងវិញបន្ថែមពីលើសារដែលខ្ញុំបានរៀបរាប់ខាងលើ ក៏នៅមានកត្តាសំខាន់ៗ ជាក់ស្តែងមួយចំនួនទៀតដែលលោក Murphy គួរពិចារណា ហើយបើលោកអាចធ្វើបាន នោះវាកាន់តែល្អប្រសើរ៖
ក/ លោកត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវសន្ធិសញ្ញាទីក្រុងវីយែនស្តីពី ការងារការទូតដែលមិនអនុញ្ញាតឲ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូឡើយ។ កន្លងទៅនេះ ការបំពានសន្ធិសញ្ញាទីក្រុងវីយែន នេះ គឺជាអធិករណ៍ដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកជួបភាពល្អក់កករជាបន្តបន្ទាប់ពីព្រោះមន្ត្រីក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាបន្តបន្ទាប់ច្រើនតាំងខ្លួនជាបងធំ ឬជាចៅហ្វាយរបស់កម្ពុជាដោយចង់ឲ្យកម្ពុជាធ្វើនេះ ឬធ្វើនោះតាមចិត្តរបស់ខ្លួនចង់បាន ដោយមិនខ្វល់ខ្វាយពីសន្ធិសញ្ញាអន្តរជាតិ ឬច្បាប់របស់កម្ពុជាឡើយរហូតដល់មន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលភ្នំពេញនិយាយថា «ចង់ធ្វើមិត្តល្អជាមួយអាមេរិកពិតជាពិបាកណាស់ ប៉ុន្តែ បើចង់ធ្វើជាអាយ៉ងកូនអុករបស់អាមេរិកវិញគឺជាការងាយស្រួលបំផុត »។ នេះគឺជាកត្តាកំណត់នូវភាពល្អក់កករ ជូរចត់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបង្កឡើងដោយភាគី មិត្តពីព្រោះកម្ពុជាគោរពបានយ៉ាងល្អនូវសន្ធិសញ្ញាទីក្រុងវីយែនដោយមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូណាមួយឡើយ។

ដូច្នេះ ខ្ញុំសង្ឃឹមថា លោក Murphy ច្បាស់ជាបានស្វែងយល់យ៉ាងច្បាស់អំពីសន្ធិសញ្ញាទីក្រុងវីយែនក្នុងនាមជាអ្នកការទូតជើងចាស់ម្នាក់។
ខ/ ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងស្គាល់ភាពរលូននិងល្អូកល្អឺន ដរាបណាស្ថានទូតសហរដ្ឋអាមេរិកឈប់ប្រើប្រាស់គេហទំព័ររបស់ស្ថានទូត មកធ្វើជាទីលានផ្ញើសារដែលមានគោលដៅវាយប្រហារមកលើកម្ពុជា ដែលជាម្ចាស់ផ្ទះ ហើយងាកមកប្រើប្រាស់ទំនាក់ទំនងការទូតដើម្បីដោះស្រាយបញ្ហាជាមួយគ្នាវិញ។
កន្លងទៅនេះ ស្ថានទូតអាមេរិកតែងប្រើប្រាស់គេហទំព័ររបស់ស្ថានទូត ដើម្បីបង្កអរិយភាពជាមួយរដ្ឋាភិបាលជាម្ចាស់ផ្ទះ ហើយខ្ញុំនៅចាំបានច្បាស់ថាសូម្បីតែក្នុងកំឡុង ពេលដែលឯកអគ្គរដ្ឋទូតចាស់ផុតអាណត្តិ និងមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីចូលមកជំនួសក៏ដោយ ពោលគឺក្នុងពេលមិនទាន់មានឯកអគ្គរដ្ឋទូតបំពេញការងារផង ក៏ស្ថានទូតអាមេរិកហ៊ានបំពានសន្ធិសញ្ញាអន្តរជាតិទីក្រុងវីយែនដោយបានបញ្ចេញព័ត៌មានតាមគេហទំព័ររបស់ស្ថានទូត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំពិតជាឆ្ងល់ណាស់ថា តើស្ថានទូតនៃប្រទេសមហាអំណាចមួយទាំងមូលអាចធ្វើរឿងបែបនេះទៅរួច? ចំពោះចំណុចនេះ ខ្ញុំក៏សង្ឃឹមថា លោក Murphy ប្រាកដជាយល់ច្បាស់និងជៀសវាងមិនឲ្យកើតមានឡើយនៅក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា។

គ/ ទំនាក់ទំនងកម្ពុជា អាមេរិក អាចល្អទៅបានទាល់តែស្ថានទូតអាមេរិក ឬក៏រូបលោកឯកអគ្គរដ្ឋទូតផ្ទាល់បំពេញការងារ ដោយមិនលម្អៀង ហើយបើនិយាយឲ្យចំ គឺគប្បីឈប់ធ្វើជាខ្នងបង្អែកឲ្យក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់នៅកម្ពុជា។ កន្លងទៅនេះ ភាពល្អក់កករ រវាងប្រទេសទាំងពីរ បានកើតឡើងជាញឹកញាប់ដោយសារតែមន្ត្រីស្ថានទូត ឬឯកអគ្គរដ្ឋទូតអាមេរិកតែងតែនិយាយនិងដើរបង្ហាញអោយគេយល់និងមើលឃើញថា ខ្លួនមានតួនាទីជាខ្នងបង្អែករបស់ក្រុមប្រឆាំងដែលធ្វើឲ្យអ្នកទាំងអស់នោះឡើងចាង បូសឃ្លៀក និងបានចិត្តបំពានច្បាប់ហើយហ៊ានក្រឡុកកកូរសភាពការណ៍ផ្ទៃក្នុងកម្ពុជាតាមក្បាលចិត្ត។
តាមខ្ញុំយល់ រដ្ឋាភិបាលភ្នំពេញមិនបានកោតខ្លាចឥទ្ធិពលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងនោះឡើយ ប៉ុន្តែ ភាពលម្អៀងរបស់ស្ថានទូតអាមេរិកបានត្រឹមបង្កអរិយភាព រវាងប្រទេសទាំងពីរតែប៉ុណ្ណោះដោយមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ ពីព្រោះនៅទីបំផុត បញ្ហាកម្ពុជានឹងត្រូវតែដោះស្រាយដោយកម្ពុជាខ្លួនឯងដោយឈរលើច្បាប់របស់កម្ពុជាតែដដែលទេ។ ដូច្នេះខ្ញុំសង្ឃឹមថា លោក Murphy នឹងយល់អំពីបញ្ហានេះ ហើយជៀសវាងកុំឲ្យស្ថានភាពដដែលៗនេះកើតមានទៀតឡើយ។
ឃ/ កម្ពុជាគឺជាប្រទេសតូចមួយដែលបានឆ្លងកាត់ភ្លើងសង្គ្រាមវិនាសកម្មយ៉ាងខ្លោចផ្សារណាស់។ ដូច្នេះពេលនេះ កម្ពុជាត្រូវការសុខសន្តិភាព និងត្រូវការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់បណ្តាប្រទេសនៅលើលោក។ ហេតុដូច្នេះហើយបានជារដ្ឋធម្មនុញ្ញកម្ពុជាប្រកាន់យកគោលការណ៍អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជាពិសេសមិនឲ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។ កម្ពុជាគ្មានចេតនាអ្វីទាំងអស់ចង់ទៅរករឿងជាមួយប្រទេសណាឡើយពោលគឺកម្ពុជា សុំតែម៉ាសុខតែប៉ុណ្ណោះ តែគឺជាសេចក្តីសុខដែលមិនស្ថិតក្រោមការដាក់សម្ពាធសង្កត់សង្កិន ឬសេចក្តីសុខតាមបែបអាយ៉ងរបស់ប្រទេសណាមួយនោះឡើយ។ សេចក្តីសុខដែលកម្ពុជា និងប្រជាពលរដ្ឋនៃប្រទេសនេះត្រូវការគឺជាសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ក្នុងដែនអធិបតេយ្យភាពជាតិរបស់ខ្លួន។ នេះគឺជាសេចក្តីប្រាថ្នាដ៏តិចតួចដែលមិនបាន បៀតបៀនអ្នកណា ហើយជាសេចក្តីសុខ ដែលគួរតែកម្ពុជាទទួលបាន។ ខ្ញុំក៍សង្ឃឹមថា លោកMurphy នឹងយល់អំពីបញ្ហានេះហើយមិនព្យាយាមរំខានបំផ្លាញដល់ប្រទេសដ៏តូចនិងដ៏កំសត់មួយនេះឡើយ។
សរុបទៅ បាល់ស្ថិតនៅក្នុងជើងរបស់ភាគីអាមេរិកនិយាយជារួម និងនិយាយដោយឡែកគឺស្ថិតនៅក្នុងជើងរបស់លោកឯកអគ្គរដ្ឋទូតហើយ។ សូមលោក លេងតាមសប្បាយចុះ។ អ្វីដែលប្រជាជនកម្ពុជាចង់បាន គឺសុំឲ្យការលេងនោះគោរពតាមលក្ខខណ្ឌបច្ចេកទេសឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ កម្ពុជាមិនចង់ឃើញគេលេងខូចហើយធ្វើបាបខ្លួននោះឡើយ។ ខ្ញុំសុំតែប៉ុណ្ណឹង គឺសុំអោយលោកអគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាដោយមានពណ៌បេះដូងថ្មី។ តើបានទេ លោកទូត?
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ