Wednesday, September 30, 2020

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មីដើម្បីប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល!

 នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញ នូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មីដើម្បីប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល!» វីដេអូននេះបានបង្ហាញ ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ នៃផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា របស់ ក្រុមឧទ្ទាមក្រៅច្បាប់ក្រោមការជួយជ្រោមជ្រែងរបស់បរទេស មកប្រើប្រាស់អង្គការសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពជំនួសឱ្យក្រុមបក្សប្រឆាំង ។ 



បើទោះបីជាអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបាន រំលាយ ហើយក្បាលម៉ាស៊ីន ដឹកនាំរបស់ក្រុមនេះត្រូវបានចាប់ខ្លួននិងដកហូតសិទ្ធិធ្វើនយោបាយក៏ដោយក៏ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជានៅតែត្រូវបានពួកឧទ្ទាមក្រៅច្បាប់បន្តអនុវត្តជា បន្តបន្ទាប់ ក្រោមការគាំទ្រទាំងនយោបាយនិងហិរញ្ញវត្ថុពីបរទេសមួយចំនួន។  ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះដែលមានមេដឹកនាំបញ្ជាពីក្រៅប្រទេស កំពុងរៀបចំផែនការបំផ្ទុះ ចលនាបដិវត្តន៍ពណ៌សារជាថ្មីដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមគោលដៅដែលពួកគេចង់បានដដែល។ប៉ុន្តែលើកនេះពួកគេបានផ្លាស់ប្តូរយន្តការនិងយុទ្ធសាស្ត្រថ្មីដើម្បីធ្វើសកម្មភាពតាម រយៈការ ប្រើប្រាស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនឲ្យដើរតួជំនួសគណបក្សប្រឆាំង ជ្រុលនិយម ដែលត្រូវបានតុលាការកំពូលរំលាយចោល។ ក្នុងយុទ្ធសាស្ត្រថ្មីនេះ ពួកគេបានបញ្ចូល ក្រុមសកម្មជននយោបាយប្រឆាំងឲ្យធ្វើសកម្មភាពដោយជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិលវិញម្តង ក្រោមការជួយជ្រោមជ្រែងពីបរទេសមួយចំនួនដែលជាចៅហ្វាយនាយ។ រីឯអង្គការសង្គមស៊ីវិលទាំងនោះទៀតសោត មួយចំនួនគឺជាអង្គការដែលបង្កើតឡើងដោយខុសច្បាប់ និងដោយមិនបានចុះបញ្ជីជាផ្លូវការនៅស្ថាប័នដែលកំណត់ដោយច្បាប់ឡើយ។ 

តើហេតុអ្វីបានជាក្រុមឧទ្ទាមក្រៅច្បាប់ក្រោមការជួយជ្រោមជ្រែងរបស់បរទេស ផ្លាស់ប្តូរយុទ្ធសាស្ត្រ មកប្រើប្រាស់អង្គការសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពជំនួសឱ្យក្រុមបក្សប្រឆាំង? 

សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖

 
















#ក្រុមឧទ្ទាមក្រៅច្បាប់ #បដិវត្តន៍ពណ៌ #រាជរដ្ឋាភិបាលកម្ពុជា #ផ្តួលរំលំ


សុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ»

 

សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ» ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០

Remarks by Samdech Techo Hun Sen at the Leaders’ Meeting on “Financing the 2030 Agenda for Sustainable Development in the Era of COVID-19 and Beyond”

 
Remarks by Samdech Akka Moha Sana Padei Techo Hun Sen Prime Minister of the Kingdom of Cambodia at the Leaders’ Meeting on “Financing the 2030 Agenda for Sustainable Development in the Era of COVID-19 and Beyond”

Tuesday, September 29, 2020

សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០

 សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល ស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាព ឆ្នាំ ២០៣០

ក្នុងកាលៈទេសៈកូវីដ-១៩ និង ពេលខាងមុខ» ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០

Monday, September 28, 2020

អង្គការសហប្រតិបត្តិការឥស្លាម (OIC) កោតសរសើររាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានការណ៍ខ្មែរឥស្លាមនៅក្នុងប្រទេសកម្ពុជា

 អង្គការសហប្រតិបត្តិការឥស្លាម (OIC) ថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត អូស្មាន់ ហាស្សាន់ សម្រាប់កិច្ចខំប្រឹងប្រែង និងវិធានការចំបាច់នានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងដោយជោគជ័យ លើជំងឺរាត្បាតកូវី-១៩













Friday, September 25, 2020

កាកបាទក្រហមស្រុកស្រុកស្វាយជ្រំ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យ

 ស្វាយរៀង៖ ក្រោយពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ អំពីករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី ភួង សារី លេខាគណៈកម្មាធិការសាខា និងសហការី នាំយកអំណោយមនុស្សធម៌ចុះទៅសួរសុខទុក្ខ ដល់គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យកាលពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ ដែលបណ្តាលមកពីដាំទឹកហូបក្បែរចំបើងដែលទុកនៅលើផ្ទះ ក៏ឆាបឆេះផ្ទះទំហំ ៤X៦ ម សង់ពីឈើដំបូលសង្ក័សីខូចខាតទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់របស់ឈ្មោះ ភឹម ម៉ន អាយុ ៨៤ ឆ្នាំ នៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ។

ក្នុងឱកាសនោះលោកស្រី ភួង សារី បានពាំនាំប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។

ជាមួយគ្នានេះលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ផ្ទាំងសូឡា ត្រូវឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ ។

អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ និងថវិកា ៤០០,០០០ រៀល ៕





អភិបាលខេត្តព្រះសីហនុ ៖ យុវជនជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ

ព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត ៣ ក្រុម ចូលជួបនិងសុំការណែនាំ ដោយមានការចូលរួមដោយលោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពផងដែរ ។ 

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានជំរាបជូនពីគោលបំណងរបស់ក្រុមយុវជនស្ម័គ្រចិត្តទាំង ៣ក្រុម 

១.សុខាភិបាល លើប្រធានបទ សហគមន៍ខ្ញុំពោពេញទៅដោយសមត្ថភាព។

២.កសិកម្ម ប្រធានបទបណ្តុះបណ្តាលបែបប្រពៃណី។

៣.បរិស្ថាន ប្រធានបទទីក្រុងស្អាត បរិស្ថានស្អាត សេវាល្អ ។ 

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសសើរនិងវាយតម្លៃស្មារតីនៃក្រុមយុវជនស្ម័គ្រចិត្ត ក៍ដូចជាមន្ទីរអប់រំ យុវជន និងកីឡា ដែលមានគម្រោងផែនការសកម្មភាពរៀងៗខ្លួនដឹកនាំធ្វើសកម្មភាពលើប្រធានបទខាងលើ។ រដ្ឋបាលខេត្តឯកភាព នៃការរៀបចំផែនការសកម្មភាព និងការចុះធ្វើសកម្មភាពជាក់ស្តែងក្នុងសង្គម។ហើយការងារនេះគឺជាគម្រោងផែនការសមស្របច្រើនតែនៅមានចំណុចខ្វះខាតត្រូវធ្វើការកែលម្អ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងនិងចូលរួមក្នុងសកម្មភាពជាការសំខាន់ ពីព្រោះយុវជនជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ។ 

លោកអភិបាលខេត្ត បានបន្តថាវិស័យទេសចរណ៍នាំមកនូវកំណើនសេដ្ឋកិច្ចដោយមិនមានផលប៉ះពាល់ វិស័យឧស្សាហកម្មនាំមកនូវកំណើនសេដ្ឋកិច្ច ក៍ប៉ុន្តែវាមានផលប៉ះពាល់ដល់បរិស្ថាន  វិស័យកសិកម្ម ក៍នាំមកនូវកំណើនសេដ្ឋកិច្ចដូចគ្នា ។ ខេត្តព្រះសីហនុមានសក្តានុពលដូចជា ឆ្នេរសមុទ្រ  ព្រលានយន្តហោះអន្តរជាតិ  កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទឹកជ្រៅនិងផ្លូវគមនាគមន៍ ទាមទារឱ្យយើងទាំងអស់គ្នាប្រើប្រាស់ធនធានសក្តានុពលធម្មជាតិឱ្យអស់លទ្ធភាពក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ។ នៅក្នុងឱកាសនោះលោកអភិបាលខេត្តក៍បានឧបត្ថម្ភថវិកាដល់យុវជនទាំង ៣ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ២លានរៀល ៕






ពិធីបិទវគ្គហ្វឹកហ្វឺនរៀបរយលំហាត់របៀប អបរំចិត្តសាស្ត្រ យុទ្ធវិធីថ្មើរជើង បច្ចេកទេស និងក្បាច់គុន ជូនដល់សិក្ខាកាមជានាយទាហាន

 ស្វាយរៀង៖ នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០នេះ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនរៀបរយលំហាត់របៀប អប់រំចិត្តសាស្ត្រ យុទ្ធវិធីថ្មើរជើង បច្ចេកទេស និងក្បាច់គុន ជូននាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ចំនួនប្រមាណ១២០នាក់ ស្ថិតនៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង។

ពិធីបិទវគ្គនេះមានការចូលរួមលោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការងខេត្តស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយរងការិយាល័យទី៤ កងទ័ពជើងគោក តំណាងនាយកដ្ឋានផ្គត់ផ្គង់ លោកនាយរងការិយាល័យហ្វឹកហ្វឺន យោធភូមិភាគទី២ និងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តមអស់លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយរងការិយាល័យ នាយផ្នែក មេបញ្ជាការសឹករងផ្នែកក្រុង-ស្រុកទាំង៨ និងវរសេនាតូចទាំង២ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាសិក្ខាកាមសរុបវត្តមានប្រមាណ១២០នាក់។

នាឱកាសនោះ លោក សុខ រស់ អភិបាលរងខេត្ត បានថ្លៃនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការហ្វឹកហាត់ដើម្បីជាស្ពាននៃមូលដ្ឋានគ្រិះក្នុងការការពារសុខសន្តិភាព ទាំងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិគ្រោះថ្នាក់សង្គម ផ្សេងៗជាដើម។

លោកអភិបាលរងខេត្តបានពាំនាំប្រសាសន៍សំខាន់ៗរបស់អភិបាលខេត្តនូវចំណុចល្អៗមួយចំនួនដល់សិក្ខាកាមរួមមាន៖
១ -ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាបអានពី ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះ មហន្តរាយនានាជាយថាហេតុ។
២-ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទាំងនៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រខេត្ត និងក្របខ័ណ្ឌទូទាំងប្រទេស។
៣-ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាពនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។
៤-ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។
៥-ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី។
៦-ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុស ត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ។
៧- ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្ដែងក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឲ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសការការពារជំងឺឆ្លងជំងឺកូវីដ-១៩៕





កិច្ចប្រជុំផ្សព្វផ្សាយឯកសារស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២

 កោះកុង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាង លោកស្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញស្វាគមន៍លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកអភិបាលរងខេត្ត សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកោះកុង ជាពិសេសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានថ្នាក់ជាតិ។ ជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលទូទាំងពិភពលោក និងបានបង្កផលប៉ះពាល់ទៅលើគ្រប់វិស័យ ហើយក៏មិនដឹងពេលណាអាចបញ្ចប់បាននៅឡើយ។

នៅក្នុងបរិការណ៍មួយ ដែលទ្វារត្រូវបានបិទ-សកម្មភាពតាមវិស័យមួយចំនួនត្រូវបានផ្អាកសកម្មភាព ប៉ុន្តែបង្អួចបានបើកចំហរ-សកម្មភាពនៅមូលដ្ឋានបាននិងកំពុងប្រតិបត្តិ ក្នុងន័យបន្តថែរក្សាសមិទ្ធិផលដ៏ត្រចះត្រចង់ដែលយើងទាំងអស់គ្នាសម្រចបាននាពេលកន្លងមក ក៏ដូចជាដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ នឹងដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។

ទន្ទឹមនឹងនេះផងដែរ លោក បានធ្វើការណែនាំ ដល់សមត្ថកិច្ចជំនាញ នៃគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត លេខាធិការដ្ថាន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមក្រុង ស្រុក ដូចខាងក្រោម :
១/បន្តជំរុញការអនុវត្តនូវរាល់គោលនយោបាយ ដោយរាជរដ្ឋាភិបាល ដូចជាគោលការណ៍របស់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ
២/មន្ទីរ អង្គភាព និងអង្គភាពពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀន ត្រូវអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើទំនួលខុសត្រូវ
៣/ភ្នាក់ងារអនុវត្តច្បាប់ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងសមត្ថភាព គុណភាព រឿងក្រុមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួនជានិច្ច
៤/គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋាន ត្រូវបន្តពង្រឹង និងពង្រីកយន្តការរបស់ការងារខ្លួន ដល់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងម្ចាស់ការដឹកនាំ សម្របសម្រួល មិនអនុវត្តប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព និងបានជាប់ជាប្រចាំ
៥/មន្ទីរ អង្គភាពជំនាញ គ្រឹះស្ថានអប់រំ វិស័យឯកជន នឹងអង្គភាពពាក់ព័ន្ធនានា នូវខ្លឹមសារបញ្ជ្រាបនូវខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅក្នុងផែនការ ឬការអនុវត្តការងារប្រចាំរបស់ខ្លួនតាមលទ្ធភាព ដែលអាចធ្វើទៅបាន។

ដោយមានការផ្លាស់ប្ដូរសមាសភាពគណៈអភិបាលខេត្ត មន្ទីរ អង្គភាពមួយចំនួន និងអ្នកពាក់ព័ន្ធ ដូច្នេះរដ្ឋបាលខេត្ត នឹងបញ្ជូនសំណើសុំកែសម្រួលសមាសភាព គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត លេខាធការដ្ឋាន និងកាឡៃទំនាក់ទំនងព្រំដែន(BLO) ទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីស្នើសុំចេញសេចក្តីសម្រេចតែងតាំងជាថ្មី។ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងរៀបចំច្រេសសម្រេចបង្កើតឲ្យមានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីបំពេញភារកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមមូលដ្ឋាន៕





រដ្ឋបាលខេត្តទុករយៈពេល ១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ

 រដ្ឋបាលខេត្តទុករយៈពេល ១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយនិងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបផងដែរថា ក្នុងគោលបំណងឱ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ អាចប្រព្រឹត្តទៅបានដោយរលូន និង សម្រេចតាមផែនការ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ហើយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូននិងប្អូនប្រជាប ប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការអន្តរក្រសួងសូមថ្លែងអំណរគុណចំពោះរាល់ស្មារតីចូលរួម ដើម្បីអនុវត្តការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅបានរលូនស្របតាមផែនការ និងទាន់ពេលវេលា៕




កិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ គ្រោះមហន្តរាយ ទឹកជំនន់ និងរាំងស្ងួត

 ស្វាយរៀង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ គ្រោះមហន្តរាយ ទឹកជំនន់ និងរាំងស្ងួត ក្រោមការដឹកនាំរបស់លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក អង្គការដៃគូ និងមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សរុបវត្តមានចូលរួម ៦០នាក់ ។

នាឱកាសននោះលោកស្រីបានផ្តាំផ្ញេីដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូ នូវចំណុចមួយចំនួនដូចខាងក្រោម៖
១-ត្រូវចូលរួមសហការគ្នាអនុវត្តតាមផែនការនេះ ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។
២-ជំរុញដល់ប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ ដើម្បីឲ្យប្រជាពលរដ្ឋ បានទទួលព័ត៍មានអំពីស្ថានភាពគ្រោះមហន្តរាយ មុនពេលគ្រោះមហន្តរាយកើតឡើង ហើយអាច ត្រៀមបង្ការ បានទាន់ពេលវេលា ។
៣-ជំរុញដល់ក្រុង ស្រុក បញ្ចូលទិន្នន័យគ្រោះមហន្តរាយ នៅក្នុងប្រព័ន្ធ PRISM ដែលជាប្រព័ន្ធរក្សាទិន្នន័យទុកក្នុង (Database) ងាយស្រួលក្នុងការគ្រប់គ្រង និងការប្រើប្រាស់ទិន្នន័យ ។
៤-ពង្រឹងរចនាសម្ព័ន្ធ នៃគណៈកម្មាធិការគ្រប់គ្រងគណះកម្មធិការគ្រោះមហន្តរាយស្រុក ក្រុង និងឃុំ សង្កាត់ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ភូមិ ៕





មន្ត្រីជំនាញជួសជុលប្រាសាទភ្នំបាខែងមានមោទនភាពខ្លាំងណាស់ ចំពោះកិច្ចការងារអភិរក្សប្រាង្គប្រាសាទ ដើម្បីការពារ ថែរក្សាកេរ្ត៍មរតកដូនតាខ្មែរ

 សៀមរាប៖ ក្រោមស្នាដៃជួសជុលដោយកូនខ្មែរ និងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។

លោក ឈឹម សុខា អ្នកជំនាញជួសជុលប្រាសាទបានចូលបម្រើការងារផ្នែកអភិរក្សតាំងឆ្នាំ២០០១ បានសម្តែងការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលការងារដែលសម្រេចបានក្នុងការជួសជុលប្រាសាទភ្នំបាខែងឱ្យរួចផុតពីគ្រោះថ្នាក់។

លោកបានបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានធ្វើការជួសជុលមរតកដូនតាឱ្យល្អប្រសើរឡើងវិញ។ យើងខ្ញុំធ្វើការបម្រើអង្គរដោយស្មោះត្រង់ ដោយកម្លាំងញើសឈាម ធ្វើការទាំងក្តៅ ទាំងភ្លៀង ជួបការលំបាកជាច្រើន សូម្បីថ្មបាយក្រៀមក៏រុញឡើង ថ្មនៅតែដាប់ ធ្វើការបែកដៃបែកជើង ហូរញើសជោកខ្លួនជាមួយបរទេសដើម្បីតែភាពរឹងមាំរបស់ប្រាសាទ។ ដូច្នេះ សូមបងប្អូនជួយស្រឡាញ់វត្ថុបុរាណនិងបេតិកភណ្ឌរបស់យើងឡើងវិញ។ យើងខ្ញុំស្រឡាញ់បេតិកភណ្ឌដូនតាណាស់»។

លោកស្រី Ginevra Baotto ប្រធានគម្រោងមូលនិធិប្រាសាទពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងថា WMF មានការិយាល័យនៅខេត្តសៀមរាបក្នុងឆ្នាំ១៩៩២ បានជួសជុលប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងបច្ចុប្បន្ននៅភ្នំបាខែង។ យើងជាអង្គការមិនរកប្រាក់ចំណេញ ដែលផ្តោតលើការអភិរក្សសមិទ្ធផលស្ថាបត្យកម្មពិភពលោក តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ដែលនៅជុំវិញបុរាណដ្ឋាន ដែលនឹងក្លាយជាអ្នក ជំនាន់ថ្មីបន្តថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ដោយខ្លួនឯងនាអនាគតប្រកបដោយជំនាញវិជ្ជាជីវៈតាមស្តង់ដារ។

លោកស្រី Ginevra បន្តថា «ខ្ញុំរីករាយដែលបានឃើញការខិតខំរបស់ពួកគេនៅក្នុងរឿងកិច្ចការអភិរក្ស តាមរយៈគំនិតផ្តួចផ្តើមនិងការប្រាស្រ័យទាក់ទងផ្សេងៗ។ លោកស្រីបន្ថែមថា ក្រុមការងារអន្តរជាតិទាំងអស់ដែលធ្វើការនៅតំបន់អង្គរនិងអាជ្ញាធរជាតិអប្សរាក៏កំពុងធ្វើការជាមួយគោលដៅរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា តាមរយៈការថែរក្សាមរតករបស់ខ្លួន តាមរយៈការផ្តល់ជំនាញថ្មីៗ និងឱកាសការងារមានស្ថេរភាព ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព ទំនុកចិត្ត និងការយល់ដឹងអំពីខ្លួនឯង នៅក្នុងប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាម៕





លិខិតមិត្តអ្នកអាន៖ « កម្ពុជារងគ្រោះព្រោះនយោបាយគ្មានសត្រូវ »

 ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវ បានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជា ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនដែរ។ ក្នុងស្ថានភាពបែបនេះ ប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់សម្រាប់ប្រទេសតូចមួយដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេសដើម្បីគេចផុតពី ឥទ្ធិពល របស់មហាអំណាច។ ទោះជាយ៉ាងនេះក៏ដោយ ក៏កម្ពុជាដែលមាន មេដឹកនាំដ៏ខ្លាំងពូកែនិងមានបទពិសោធន៍ម្នាក់ នៅក្នុងឆាកនយោបាយបានជ្រើសរើសជំហរដ៏ឆ្លាតវៃមួយក្នុងការសម្រប សម្រួលជាមួយ មហាអំណាចទាំងអស់ដើម្បីទាញយកផលប្រយោជន៍សម្រាប់កសាងប្រទេសផង

និងសម្រាប់រកសេចក្តីសុខជូនប្រជាពលរដ្ឋរបស់ខ្លួនផង។
សុខសន្តិភាព ការអភិវឌ្ឍន៍ និងសេចក្តី សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរដែល បានកើតឡើងបានយូរនិង យ៉ាងល្អប្រសើរមិនធ្លាប់មានពីមុនដែលប្រទេសដ៏កំសត់នេះកំពុងមាន នៅពេលបច្ចុប្បន្ន គឺជា
លទ្ធផលនៃនយោបាយការបរទេសដ៏ឆ្លាតវៃរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
នយោបាយការបរទេសកម្ពុជាគឺជា«នយោបាយគ្មានសត្រូវ»មានន័យថា ប្រទេសណាក៏ដោយ ក៏ជាមិត្តរបស់កម្ពុជា ហើយ«ទោះបីជាសត្រូវរបស់ប្រទេសណាមួយក៏ មិនមែនជាសត្រូវរបស់កម្ពុជាដែរ» ពោលគឺ កម្ពុជាកសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់នៅលើផែនដី នេះ។
កម្ពុជាដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាម រហូតដល់ធ្លាក់ទៅក្នុងរបបវាលពិឃាតប្រល័យពូជសាសន៍ដ៏ឃោរឃៅ ពិតជាមិនចង់ឃើញ ប្រវត្តិសាស្ត្រច្រំដែលសោះឡើយ។ កម្ពុជាក៏មិនចង់ឃើញប្រទេសណាមួយរងគ្រោះព្រោះសង្គ្រាមដែរ។
ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាបានក្លាយជាបទពិសោធន៍ដ៏រឹងមាំរបស់មេដឹកនាំខ្មែរឈ្មោះ
« ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាម» និងនាំមកនូវសន្តិភាពពេញលេញ និង«កំពុងបន្តយកខ្លួនពាំងគ្រប់រឿងរ៉ាវដើម្បីការពារសន្តិភាព និងសេចក្តីសុខ»ជូនប្រជាពលរដ្ឋរបស់ខ្លួនក៏ដូចជាការពារអធិបតេយ្យជាតិកម្ពុជាទាំងមូលដោយមិនព្រមធ្វើជាចំណុះ ឬ កូនអុកបរទេសណាជាដាច់ខាត។
ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ កម្ពុជាបានក្លាយជាជនរងគ្រោះ ឬជាចំណាប់ខ្មាំងព្រោះតែនយោបាយគ្មានសត្រូវរបស់ខ្លួន។ ប្រការនេះក៏ដោយ សារតែមហាអំណាចដែលសំឡឹងឃើញកម្ពុជាជាកូនក្រមុំដ៏ស្រស់ស្អាតបែរជាឈ្លោះគ្នាដណ្តើមកម្ពុជាទាំងដែលកូនក្រមុំកម្ពុជាដ៏ស្រស់ស្អាតនេះមិនដឹងរឿងអ្វីសោះ។
ជួនកាល មហាអំណាចមួយលួច ប្រច័ណ្ឌកម្ពុជាដោយគ្រាន់តែឃើញប្រទេសដ៏តូចច្រឡឹងនេះមានទំនាក់ទំនងល្អូកល្អឺនជាមួយ មហាអំណាចមួយទៀតដែលគេ ហៅថា «ប្រច័ណ្ឌខុសរឿង»។
នៅក្នុងជីវិតជាក់ស្តែង មានបុរស ឬស្ត្រីច្រើនណាស់ដែលរងគ្រោះព្រោះការប្រច័ណ្ឌខុសរឿង។
យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលកំពុងដណ្តើមឥទ្ធិពល ភូមិសាស្ត្រនយោបាយជាមួយចិន ពេលខ្លះក៏លួចប្រច័ណ្ឌកម្ពុជាជាមួយចិននៅពេលឃើញកម្ពុជា មានទំនាក់ទំនងល្អជាមួយ មហាយក្សអាស៊ីមួយនេះ។
ការប្រច័ណ្ឌខុសរឿងគឺជា ដើមហេតុដែលធ្វើឲ្យមហាអំណាចពិភពលោកខាងបស្ចឹមប្រទេសមួយនេះផ្តើមរករឿងចិនតាមរយៈការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ចិនមួយដែលកំពុងវិនិយោគនៅកម្ពុជា។
ទោះបីជាសហរដ្ឋអាមេរិកបានលើកហេតុផលពីរឿងសិទ្ធិមនុស្សមកធ្វើជាសំអាងក៏ដោយ ក៏ប៉ុន្តែ នរណាក៏ដឹងដែរថានោះ «គ្រាន់តែជាលេសដើម្បីគាបសង្កត់ចិនក្នុងន័យដណ្តើមភូមិសាស្ត្រ នយោបាយ»តែប៉ុណ្ណោះ។
គំនាបរបស់សហរដ្ឋអាមេរិកទៅ លើចិន ទោះតិចឬច្រើន វាធ្វើឲ្យប៉ះពាល់ដល់កម្ពុជាដូចសុភាសិតខ្មែរបូរាណពោលថា «ដំរីជល់គ្នា ងាប់ស្រមោចសង្អារ»។
ពិតណាស់ ក្នុងនាមជាប្រទេសអធិបតេយ្យមួយដែលស្ថិតនៅ
ចំកណ្តាលទីតាំងភូមិសាស្ត្រដ៏ ប្រទាញប្រទង់នេះ កម្ពុជាចាំបាច់ត្រូវប្រកាន់ជំហរវៃឆ្លាតមួយក្នុង នយោបាយការទូតរបស់ខ្លួន ដោយចាប់យកប្រទេសទាំងអស់ធ្វើជាមិត្តដោយគ្មានការរើសអើង។
ប៉ុន្តែជាធម្មតា នៅក្នុងក្រឹតក្រម នៃទំនាក់ទំនងអន្តរជាតិ ភាពជិតស្និទ្ធរវាងប្រទេសមួយនិងប្រទេសមួយទៀតមានកម្រិតខ្លាំងឬខ្សោយអាស្រ័យទៅតាមផលប្រយោជន៍ដែលភាគីទាំងពីរទទួលបាន មានន័យថា ប្រទេសណាដែលផ្តល់ប្រយោជន៍ច្រើន ទំនាក់ទំនងជាមួយប្រទេសនោះកាន់តែជិតស្និទ្ធនិងល្អូកល្អឺនខ្លាំង។
ឧទាហរណ៍ជាក់ស្តែង ទំនាក់ទំនងជិតស្និទ្ធខ្លាំងរវាងកម្ពុជានិងចិន មិនមែនមានន័យថា កម្ពុជានៅខាងចិន ហើយបោះបង់មហាអំណាចផ្សេងទៀត ឬប្រទេសផ្សេងទៀតដែលជាគូប្រជែង ឬជាគូសត្រូវរបស់ចិន នោះឡើយ។ ប៉ុន្តែ កម្ពុជាដែល បង្ហាញភាពល្អូនល្អឺននៃ ទំនាក់ទំនងចាក់ទឹកមិនលិចជាមួយចិន ក៏ព្រោះតែដើម្បីប្រយោជន៍សេដ្ឋកិច្ចទ្វេភាគីដែលកម្ពុជា-ចិនមានជាមួយគ្នាតែ
ប៉ុណ្ណោះ។ រីឯទំនាក់ទំនងជាមួយ មហាអំណាចផ្សេងៗទៀត ឬប្រទេសផ្សេងក៏នៅតែរក្សាដដែលបើទោះបីជាមិនសូវស្និទ្ធស្នាលខ្លាំង ឬក៏ពេលខ្លះមាន ភាពរកាំរកូសមើលមុខគ្នាមិនចំខ្លះក៏ដោយ ក៏មូលហេតុសំខាន់គឺកម្ពុជាគ្រាន់តែការពារផលប្រយោជន៍របស់ខ្លួនតែ ប៉ុណ្ណោះ។ ការការពារប្រយោជន៍និងការពារអធិបតេយ្យភាពជាតិ របស់ខ្លួន«មិនត្រូវចាត់ទុកថា កម្ពុជាយកប្រទេសណាជាសត្រូវ រឺ ឈរខាងភាគីណាមួយនោះឡើយ»។
នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងរងសម្ពាធពីការប្រជែងឥទ្ធិពលគ្នារបស់មហាអំណាច វាជាពេលវេលាដ៏សំខាន់ណាស់ដែលខ្មែរគ្រប់គ្នា គ្រប់និន្នាការ នយោបាយ ត្រូវខិតខំការពារផលប្រយោជន៍រួមរបស់ខ្លួនឲ្យបាន។ ខ្មែរអាចមានទស្សនៈនយោបាយផ្សេងគ្នា ប៉ុន្តែ ខ្មែរ នៅតែមានប្រយោជន៍រួមតែមួយគឺ ផលប្រយោជន៍ជាតិទាំងមូល។ ដូច្នេះ នៅពេលដែលផលប្រយោជន៍រួមរងការគំរាមកំហែង ខ្មែរត្រូវរួមគ្នាដើម្បីការពារប្រយោជន៍របស់ខ្លួន ដោយទុកប្រយោជន៍នយោបាយមួយឡែកសិន។
យើងជាពលរដ្ឋខ្មែរត្រូវយល់ថា ប្រទេសរបស់យើងស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយដែល
ងាយរងឥទ្ធិពលរបស់មហា អំណាច។ បើទោះបីជាយើងបាន ប្រកាន់ជំហរនយោបាយការទូត មួយដ៏ឆ្លាតវៃក៏ដោយ ក៏វាជាការ លំបាកណាស់ដែលអាចចៀសផុតទាំងស្រុងពីចំហាយនៃជម្លោះរវាងមហាអំណាច។ វាមិនខុសអ្វីពីខ្យល់ព្យុះដែលកើតឡើងចំពោះប្រទេសមួយតែចំហាយរបស់វា មានឥទ្ធិពលទៅលើប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសក្បែរខាងតែម្តង។
ស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខបច្ចុប្បន្ន គឺជាអ្វីដែលគេហៅថា«រងគ្រោះព្រោះនយោបាយគ្មានសត្រូវ»។
ទោះជាយ៉ាងណា ក៏វាពិតជា ប្រសើរជាងការរងគ្រោះព្រោះនយោបាយសាងសត្រូវដូចដែលអ្នកនយោបាយខ្មែរមួយចំនួនបាន និងកំពុងធ្វើដែរ។ នយោបាយគ្មានសត្រូវ អាចអនុញ្ញាតឲ្យកម្ពុជាចាប់ដៃសហការជាមួយគ្រប់ប្រទេសទាំងអស់ដោយ ស្នាមញញឹម។ នយោបាយនេះទៀតសោត ក៏អាចអនុញ្ញាតឲ្យកម្ពុជាងាយប៉ះប៉ូវការខូចខាតបានឆាប់រហ័ស។
ផ្ទុយទៅវិញ នយោបាយសាងសត្រូវដោយឈរនៅតែជាមួយ មហាអំណាចម្ខាង ហើយប្រកាសសត្រូវជាមួយ មហា អំណាចម្ខាងទៀត នឹងធ្វើឲ្យកម្ពុជារងគ្រោះលិចលង់ ដូច
ពីអតីតកាលជាក់ជាមិនខាន។ សូមខ្មែរចងចាំនូវចំណុចនេះ៕
ដោយ : អ្នកនយោបាយតុកាហ្វេ


សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍អបអរសារទរទិវាអន្តរជាតិស្តីពី«សិទ្ធិទទួលព័ត៌មាន» ឆ្នាំ២០២០

 នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ អបអរសាទរដល់ទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ស្ថិតក្នុងបរិបទដែលពិភពលោក កំពុងរងការយាយីរាតត្បាតដោយជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២០នេះ ទិវាអន្តរជាតិស្តីពី សិទ្ធិទទួលព័ត៌មាន ប្រារព្ធឡើងក្រោមពាក្យស្លោក «សិទ្ធិទទួលព័ត៌មាន៖ សង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងបង្កើតនូវក្តីសង្ឃឹម»។

សូមអានចេញសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានខ្លឹមសារដូចតទៅ៖








ពិធីផ្តល់ពូជកូនមាន់ដល់បណ្តុំកសិករឱ្យចិញ្ចឹមតាមបច្ចេកទេសនឹងទទួលបានទិន្នផលច្រើន

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (ឡាសិត២) ប្រចាំខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះចែកកូនមាន់ ចំណី ស្នូកចំណី និងស្នូកទឹកដល់បណ្តុំ គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ចចំនួន២៦គ្រួសារ ស្ថិតនៅភូមិសំបុកក្រៀល ក្នុងឃុំក្រាំងល្វា និងភូមិសុខសែនជ័យ ឃុំពាម ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំអនុសាសន៍សាកសួរសុខទុក្ខពីប្រមុខ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ តែងតែគិតគូររាល់សុខទុក្ខប្រជាពលរដ្ធគ្រប់រូបដែលជួបបញ្ហាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក បានបន្តទៀតថា ទាំងនេះគឺការយកចិត្តទុកដាក់របស់រាជរដ្ធាភិបាលកម្ពុជា ជាមួយដៃគូរអភិវឌ្ឃន៍ ជាពិសេសធានាគារពិភពលោកដែលជាម្ចាស់ជំនួយដ៏ធំក្នុងការជួយពង្រឹងធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គមអោយកាន់តែប្រសើរឡើង ក៏ដូចជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទដោយផ្ដល់ជាជំនាញ ឬរបរបន្ថែមសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានប្រសើរជាងមុន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលទទូលបានកូនមាន់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការចិញ្ចឹមដោយអនុវត្តតាមរបៀប បច្ចេកទេសថ្មីតាមរយ:ការផ្តល់បទពិសោធន៍របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានបង្រៀនកន្លងមក ធ្វើយ៉ាងណាដើម្បីអោយការចិញ្ចឹមទទួលបាន ជោគជ័យហើយអាចបន្ថែមប្រាក់ចំណូលទ្រទ្រង់ជីវភាពកាន់តែធូរធារជាងមុន ពិសេសគឺអាចកាត់បន្ថយពីការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋទៀតផង។

លើសពីនោះ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា កូនមាន់ដែលយកទៅចែកជូននោះ គឺកូនមាន់អាយុ២១ថ្ងៃ ចំនួន១៣០០កូន ចំណីចំនួន២៦បេ ស្នូកចំណីចំនួន៥២ និងស្នូកទឹកចំនួន៥២ ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦គ្រួសារ។ ដោយក្នុងនោះនៅភូមិសំបុកក្រៀលឃុំ ក្រាំងល្វាចំនួន១១គ្រសារ និងភូមិសុខសែនជ័យ ឃុំពាមចំនួន១៥គ្រួសារ ហើយក្នុង០១គ្រួសារ ទទូលបានកូនមាន់ចំនួន ៥០ក្បាល ចំណី០១បេ ស្មើ៣០គីឡូក្រាម ស្នូកចំណីចំនួន០២ និងស្នូកទឹកចំនួន០២ ផងដែរ ៕





សំឡេងសន្ទនាសំងាត់៖ ជុន ច័ន្ទបុត្រ ប្រាប់ច្បាស់ៗដល់លោក ហ៊ុន ម៉ាណែត ថា «ការពិត សម រង្ស៉ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅទៀត» (Sound inside)

 


(ភ្នំពេញ)៖ «លោក សម រង្ស៉ី ផ្តាច់ការជាងសម្តេចតេជោ ហ៊ុន សែន ទៅទៀត» នេះជាអ្វីដែល លោក ជុន ច័ន្ទបុត្រ បានប្រាប់ដល់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងជំនួបសម្ងាត់កាលពី៣ឆ្នាំមុន។

កិច្ចសន្ទនាដ៏សម្ងាត់រយៈពេល២ម៉ោងរវាង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី និង លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសំឡេងសន្ទនានេះត្រូវបានលាក់ទុករហូត ដោយទើបនឹងទម្លាយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ ចាប់ផ្តើមភ័យខ្លួនដោយចេញមកបំភ្លៃការពិតវាយប្រហារ លោក ហ៊ុន ម៉ាណែត ដើម្បីរំដោះខ្លួនពីការសង្ស័យរបស់មេធំបរទេស។

បន្ទាប់ពីរៀបរាប់អំពីកិច្ចការផ្ទៃក្នុងមួយចំនួនប្រាប់ដល់ លោក ហ៊ុន ម៉ាណែត, លោក ជុន ច័ន្ទបុត្រ បានទទួលស្គាល់នូវអ្វីដែល អាស៊ីសេរី ផ្សព្វផ្សាយកន្លងទៅថាមានភាពលម្អៀងទៅរក អតីតគណកប្សសង្រ្គោះជាតិ ច្រើនជាងគណបក្សកាន់អំណាច។ ទន្ទឹមនឹងនោះ ជុន ច័ន្ទបុត្រ ក៏ចាប់ផ្តើមនិយាយអាក្រក់ពី លោក សម រង្ស៉ី ដែលលោកប្រដូចមេដឹកនាំឧទ្ទាមនេះ ជាជនផ្តាច់ការ។

លោកបញ្ជាក់ដូច្នេះថា៖ «បើក្មួយបានតាមដានស្តាប់ Show របស់ពូ ដែលជែកជាមួយលោក កែម ឡី ហើយនិយាយថា "បើសិនជា សម រង្ស៉ី ឡើងកាន់តំណែង ផ្តាច់ការជាង លោក ហ៊ុន សែន ទៀត" គឺ Show របស់ពូ អញ្ចឹងបានថា មានសាច់រឿងច្រើន ដែលពីម្ខាងទៀតមិនបានឃើញ ពូមិនចង់និយាយអីពី CNRP ច្រើនទេ ប៉ុន្តែចំពោះពូ គ្មានបេះដូងណាមួយ ចង់ជួយអ្នកនេះ ចង់ជួយអ្នកនោះដើម្បីកាន់អំណាចទេ ពូមិនហ៊ាននិយាយច្រើនទេ ប៉ុន្តែការពិតគឺដូចពូនិយាយអញ្ចឹង អាយុចំណាស់នេះហើយពូសុំនិយាយតែការពិតទេ»

នៅជិតបញ្ចប់នៃជំនួបសំងាត់នោះលោក ជុន ច័ន្ទបុត្រ បាននិយាយជាលើកទី២ថា លោក សម រង្ស៉ី ផ្តាច់ការជាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលដឹកនាំប្រទេសបច្ចុប្បន្ននេះ។

លោកបញ្ជាក់ដូច្នេះថា៖ «ចំពោះពូផ្ទាល់វិញ រហូតដល់បងធំគាត់តេលេហ្វូនមកចង់ដេញពូចោល នៅពេលដែលពូសម្ភាសន៍ កឹម សុខា គឺ Very Critical មែនទែនជាមួយ កឹម សុខា ប៉ុន្តែជួនកាលក្មួយអត់បានដឹង ពូត្រូវតែ Critical ដូចពូនិយាយអញ្ចឹងនៅអាស៊ីសេរីមានតែពូម្នាក់គត់ដែលវ៉ៃទាំងសង្ខាង រហូតដល់មានសម្ភាសន៏មួយដែលពូនិយាយថា “សម រង្ស៉ី ផ្តាច់ការជាងលោក ហ៊ុន សែន” គឺជាសំណួររបស់ពូ, (CNRP) ជា Organizaton ជាអង្គការ ជាគណបក្សមួយដែលមិនមានប្រជាធិបតេយ្យផ្ទៃក្នុង ពូសប្បាយចិត្ត ប៉ុន្តែក្មួយអាចអត់បានឮពាក្យអញ្ចឹងៗ»

សូមជំរាបថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៅម៉ោង១៥៖០៤នាទី បន្ទាប់ពីបានបន្លំលួចចូលពន្ធនាគារ តាមរយៈអតីតសមាជិកគណបក្សប្រឆាំងមួយចំនួន ដើម្បីស៊ើបការណ៍នៅទីនោះ ដែលករណីនេះហើយបានក្លាយជាកំហុសព្រហ្មទណ្ឌ ធ្វើឱ្យលោកត្រូវបានតុលាការចោទប្រកាន់ រហូតដល់រត់ភៀសខ្លួនជាបន្ទាន់ពីប្រទេសកម្ពុជា។

ទោះជាយ៉ាងនេះក្តី មុនពេលចេញពីកម្ពុជានៅថ្ងៃទី៣០ ខែមេសា លោក ជុន ច័ន្ទបុត្រ ធ្លាប់ឆាតទាក់ទង លោក ហ៊ុន ម៉ាណែត ដើម្បីសុំជួយអន្តរាគមន៍មិនឱ្យ តុលាការចោទប្រកាន់លោក ឬអនុវត្តនីតិវិធីផ្សេងៗ ប៉ុន្តែសម្រាប់លោក ហ៊ុន ម៉ាណែត ករណីនេះលោកជំរុញឱ្យ លោក ជុន ច័ន្ទបុត្រ កុំមានការភ័យខ្លាច ហើយចូលរួមអនុវត្តតាមនីតិវិធីតុលាការផងដែរ។ នេះបើតាមលោក រដ្ឋា វិសាល ដែលជាសាក្សីសំខាន់ក្នុងជំនួបសម្ងាត់រវាង លោក ជុន ច័ន្ទបុត្រ និង លោក ហ៊ុន ម៉ាណែត៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជំនួយរបស់រុស្ស៊ីគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា

 នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា។ នៅក្នុងជំនួបនោះលោក ANATOLY BOROVIK បានគោរពនាំមកនូវការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ នៅក្នុងឱកាសនោះដែរ លោក ក៏បានគោរពជម្រាបជូនលោក ហ៊ុន សែន អំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីគឺជាទំនាក់ទំនងដ៏ល្អដែលមានជាមួយគ្នាជាយូរមកហើយ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតមកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។

លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) បានថ្លែងអំណរគុណ និងអបអរសាទរចំពោះលោកនាយករដ្ឋមន្ត្រីផងដែរ ចំពោះកថ្ងៃខួបទី២៧ ឆ្នាំនៃថ្ងៃបង្កើត និងការប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។ តាមពិតទៅលោក អាណាថូលី បូរូវីក (ANATOLY BOROVIK)បានមកកាន់ប្រទេសកម្ពុជាយើងតាំងពីឆ្នាំ ១៩៨៤ ដែលមកបម្រើការងារជាលេខាទូតរបស់ស្ថានទូតរុស្ស៊ី។ លោក បានចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជា ហើយលោក ក៏អាចនិយាយភាសាខ្មែរបានយ៉ាងច្រើនទៀតផង។ លោក ANATOLY BOROVIK បានមើលឃើញពីដំណើរការវិវត្តន៍ដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលកំពុងរីកចម្រើនទៅមុខជាលំដាប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជូនចំពោះរូបលោកផងដែរ ព្រមទាំងបានយល់ស្របជាមួយនឹងអ្វីដែលោកអគ្គរដ្ឋទូតបានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី និងបានថ្លែងអំណរគុណរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្សីដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមកជាពិសេសនៅក្នុងទសវត្សរ៍ ៨០ដែលកម្ពុជានាពេលនោះ កំពុងតែជួបវិបត្តិជាច្រើនបន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុល ពត មក។ មានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជាក្នុងសម័យនោះ។ ប៉ុន្តែរុស្សីជាមិត្តដែលបានជួយកម្ពុជារហូតមក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ។ លើសពីនេះទៅទៀត លោក ក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid-19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រើនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រើននៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះដែរ លោក ក៏បានស្នើសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ-១៩ដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសផងដែរ៕