Friday, December 18, 2020

កិច្ចប្រជុំពិភាក្សាការងារជាមួយខេត្តស្រះកែវ ប្រទេសថៃដើម្បីជំរុញឲ្យមានដំណើរសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញបន្ទាប់ពីបិទមួយរយៈដោយសារជំងឺកូវីដ១៩

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តស្រះកែវ ដែលដឹកនាំដោយ លោក កៀត ពិស័ក្ដិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាការជំរុញឲ្យមានដំណើរសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញនៅតាមច្រកទ្វារព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំពិភាក្សានេះដែរប្រព្រឹត្តទៅនៅចំណុចព្រំប្រទល់លើស្ពានច្រកទ្វារព្រំដែនភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងច្រកអន្តរជាតិខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះដែរ គឺផ្ដោតសំខាន់ទៅលើការបន្ធូរបន្ថយច្បាប់ស្ដីពីការគ្រប់គ្រងស្ថានការក្នុងគ្រាអាសន្ននៅក្នុងប្រទេសថៃ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការចូលទៅធ្វើការ និងប្រកបអាជីវកម្មវិញបាន ក្រោយពេលដែលមានការផ្អាកជាបណ្ដោះអាសន្នក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩បានផ្ទុះឡើងនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា ជាពិសេសដើម្បីសម្រួលដល់ការស្ដារសេដ្ឋកិច្ចឡើងវិញនៃប្រទេសទាំងពីរក្រោយទទួលរងគ្រោះនូវវិបត្តិកូវីដ-១៩នេះឡើង ហើយកិច្ចប្រជុំនេះមានរបៀបវារៈចំនួន០៣សំខាន់៖
១- ឱ្យពលករកម្ពុជាចូលមកធ្វើការប្រមូលផលិតផលកសិកម្ម នៅប្រទេសថៃ
២- ឱ្យអាជីវករកម្ពុជាចូលមកប្រទេសថៃ ដើម្បីប្រកបអាជីវកម្មនៅក្នុងផ្សាររោងក្លឿ (ខាងខេត្តបន្ទាយមានជ័យ)
៣- បើកដំណើរការស្ពានមិត្តភាព ណងអៀន-ស្ទឹងបត់ (ខាងខេត្តបន្ទាយមានជ័យ )។

ក្រោយពីធ្វើការពិភាក្សារួចមក ភាគីកម្ពុជា និងភាគីថៃ បានសម្រេចលទ្ធផលដូចជា៖
ទី១- ខេត្តបាត់ដំបង ស្នើឲ្យភាគីខេត្តស្រះកែវ អនុវត្តវិធានការសុខាភិបាល ចត្តាឡីស័ក១៤ថ្ងៃ នៅប្រទេសថៃដល់ប្រជាពលរដ្ឋកម្ពុជាមុននឹងចូលទៅធ្វើការធម្មតា ដែលក្នុងនោះភាគីខាងខេត្តស្រះកែវ បានធ្វើការឯកភាពគ្នា ហើយថៅកែដែលយកប្រជាពលរដ្ឋខ្មែរទៅធ្វើការ គឺជាអ្នកធានាសុខភាព និងរ៉ាប់រងថ្លៃចំណាយទាំងអស់ក្នុងកំឡុងពេលធ្វើចត្តាឡីស័ក។

ទី២- រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការស្នើសុំដល់ភាគីខេត្តស្រះកែវ ស្នើឱ្យបន្ថែមពេលវេលាបើកច្រកព្រំដែនអន្តរជាតិភ្នំដី (ពីម៉ោង៦ ព្រឹកដល់ម៉ោង ៦ ល្ងាច ទៅជាម៉ោង ៦ ព្រឹកដល់ម៉ោង១០យប់វិញ ភាគីខេត្តស្រះកែវ ទទួលយកសំណើរ និងយកទៅពិភាក្សាបន្ថែម)
ទី៣គឺ ក្នុងករណីពលករកម្ពុជាមានជំងឺ ឬ វិជ្ជមានកូវីដ-១៩ ស្នើឲ្យភាគីខេត្ត ទទួលរាប់រ៉ងព្យាបាល (ដោយភាគីខេត្តស្រះកែវ មិនទាន់ឆ្លើយតប និងយកទៅពិភាក្សាបន្ថែម )

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំពិភាក្សានេះ ភាគីខេត្តស្រះកែវ បានរៀបចំព្រាងកំណត់ហេតុរួមមួយ ដោយមានការចុះហត្ថលេខាបីភាគី មានខេត្តស្រះកែវ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយឡែកខេត្តបាត់ដំបង និងបន្ទាយមានជ័យ ស្នើសុំយកពង្រាងកំណត់ហេតុរួមនេះ មកពិនិត្យជាមុនសិននិងចំណុចដែលខេត្តមិនអាចសម្រេចបានខេត្តនឹងស្នើសុំគោលកាណ៍ទៅក្រសួងមហាផ្ទៃជាមុនសិន៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ»

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២០ បានលើកយកប្រធានបទ ស្តីពី «តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ពិតជាមានសារៈសំខាន់ណាស់ និងសមស្របទៅនឹងបរិបទជាក់ស្តែងដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបប្រទះនឹងជំងឺរាតត្បាតសាកលកូវីដ-១៩។

សូមអានសារលិខិតដូចខាងក្រោម៖