Wednesday, January 10, 2018

នាយករដ្ឋមន្រ្តីចិនលើកឡើងថា ការសង់ស្ពាននិងក្រាលផ្លូវដើម្បីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនិងចំណងមេត្រីភាពចិននិងកម្ពុជា

លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា ការសង់ស្ពាន និងក្រាលផ្លូវ គឺដើម្បីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងចំណងមេត្រីភាពចិននិងកម្ពុជា ដែលអត្ថបទនេះត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធសារព័ត៌មានកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃអត្ថបទរបស់លោក នាយករដ្ឋមន្រ្តីចិន លី ខឺឈាង ៖

ទឹកទន្លេ ជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាលនិងពូនជ្រំនូវ

អរិយធម៌ ។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លេ បន្តពូជពង្សនិងរស់

នៅដោយបណ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ ទន្លេឡានឆាងនិងទន្លេមេគង្គដែលមានទី

ប្រភពនៅប្រទេសចិនបានលាតសន្ធឹងជិត ៥០០០ គីឡូម៉ែត្រ ជាទន្លេដែលហូរកាត់ប្រទេស

ច្រើនបំផុតនៅអាស៊ី ដែលបានស្រោចស្រពលើដីដ៏មានជីជាតិនិងស្រស់បំព្រងដែលស្ថិតនៅ

តាមបណ្តោយច្រាំងទន្លេនិងកកើតបានជាវប្បធម៌ដ៏ត្រចះត្រចង់បីដូចរស្មីនៃដួងតារានៅក្នុង

តំបន់ ។ទន្លេដ៏ធំមួយខ្សែនេះ ជាអំណោយពីធម្មជាតិដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់

យើង ហើយកាន់តែជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង ។ វាបាន

ផ្សារភ្ជាប់ប្រទេសទាំង ៦ ដែលហូបទឹកនៃទន្លេតែមួយឲ្យក្លាយជាសហគមន៍រួមវាសនាតែមួយ

ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធដូចជាមនុស្សក្នុង

គ្រួសារតែមួយ ។ អាស្រ័យហេតុនេះ គ្រាន់តែលើកពីគំនិតផ្តួចផ្តើមស្តីពីយន្តការសហប្រតិបត្តិ

ការឡានឆាង-មេគង្គដែលបានប្រើឈ្មោះរបស់ទន្លេមួយនេះ ក៏ទទួលបានការឆ្លើយតបយ៉ាង

សកម្មពីបណ្តាប្រទេសពាក់ព័ន្ធ ។



ទំហំសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសទាំង ៦ មានភាពខុសប្លែកពីគ្នា

មានបញ្ហាអ្វីក៏ពិគ្រោះពិភាក្សាជាមួយគ្នា ដោយបានប្រែក្លាយភាពបំពេញបន្ថែមគ្នាផ្នែកសេដ្ឋ

កិច្ចឲ្យទៅជាកម្លាំងជួយជំរុញគ្នាដើម្បីការអភិវឌ្ឍ ដែលផ្តោតលើវិស័យធំៗទាំង ៣ គឺសន្តិសុខ

នយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាព សង្គមនិងវប្បធម៌មនុស្សជាតិ ស្របតាម

ឧត្តមភាពជាប្រទេសជិតខាង ក្នុងន័យជីកកកាយរកឲ្យបានកាន់តែស៊ីជម្រៅនូវសក្តានុពលនៃ

កិច្ចសហប្រតិបត្តិការ ហើយបានធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា

យ៉ាងទូលំទូលាយលើវិស័យការតភ្ជាប់ សមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក

កសិកម្ម និងការកាត់បន្ថយភាពក្រីក្រជាដើម ។ ដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពប្រពៃណីដ៏យូរលង់និងការអភិវឌ្ឍប្រកប

ដោយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលជាក្តីបំណងរួមរបស់យើង ដែលជាហេតុ

ញ៉ាំងឲ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបានផ្លែផ្កាដោយសារមានលក្ខណ

សម្បត្តិគ្រប់គ្រាន់រួចជាស្រេច ។ គម្រោងជាសមិទ្ធផលដំណាក់កាលដំបូងចំនួន ៤៥ ដែលបាន

កំណត់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកដំបូងកាលពីឆ្នាំ ២០១៦ បាននិងកំពុងដំណើរការទៅតាម

ផែនការ ពោលគឺហិរញ្ញប្បទានពិសេសនៃកិច្ចសហការផ្នែកសមត្ថភាពផលិតដែលមានតម្លៃ

៥០០០ លានដុល្លារអាមេរិកបានសម្រេចដោយលើសទំហំដែលបានគ្រោងទុក ហើយ

មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គគ្រោងនឹងផ្តល់ការគាំទ្រលើគម្រោង

ចំនួន ១៣២ ដែលលើកឡើងដោយប្រទេសទាំង ៦ បានបង្កើតជាល្បឿនឡានឆាង-មេគង្គ

ដែលមានភាពវិវឌ្ឍរីកចម្រើនជារៀងរាល់ថ្ងៃ មានផ្លែផ្កាជារៀងរាល់ខែ និងឈានដល់កម្រិត

ខ្ពស់ថ្មីជារៀងរាល់ឆ្នាំ ។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលកកើតឡើងដោយសារទឹក និងចម្រើន

រុងរឿងដោយសារទឹក បានវិវឌ្ឍជាយន្តការសហប្រតិបត្តិការអនុតំបន់ដែលពោរពេញទៅ

ដោយភាពរស់រវើកនិងប្រកបដោយសក្តានុពលអភិវឌ្ឍន៍ ។ ក្នុងនាមជាផ្នែកមូលដ្ឋានមួយនៃ

កិច្ចសហប្រតិបត្តិការតំបន់ ក្រោមបរិបទបច្ចុប្បន្នដែលមានភាពផ្ទុយពីការធ្វើសកភាវូបនីយកម្ម

និងការងើបឡើងនៃការគាំពារនិយម ក៏ដូចជាកម្លាំងចលករមិនគ្រប់គ្រាន់នៃកិច្ចសហប្រតិបត្តិ

ការក្នុងតំបន់អាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គវាមិនត្រឹមតែមានអំណោយផល

សម្រាប់ការបង្រួញនូវគម្លាតអភិវឌ្ឍន៍នៃផ្ទៃក្នុងអាស៊ាន ផ្តល់ជាកម្លាំងចលករសម្រាប់ការធ្វើ

សមាហរណកម្មអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ចូលនូវប្រភពទឹករស់រវើក និងកម្លាំង

ចលករសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ រហូតដល់ដំណើរវិវឌ្ឍនៃ

សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រកបដោយភាពកាន់តែបើកចំហ បរិយាប័ន្ន ផ្តល់ផល

ប្រយោជន៍ជាទូទៅ តុល្យភាព និងឈ្នះ-ឈ្នះទៀតផង ។

ទន្លេឡានឆាងនិងទន្លេមេគង្គដែលមានតាំងពីសម័យបុរាណមក វាបានផ្ទុកនូវភាព

លំបាកជូរចត់ ភាពរុងរឿងនិងក្តីសុបិនដ៏មោទនៈនៃប្រទេសតាមបណ្តោយទន្លេ កិច្ចសហ

ប្រតិបត្តិការឡានឆាង-មេគង្គនឹងហូរឆ្ពោះទៅកាន់អនាគត ដែលវាប្រាកដជានឹងហូរកាត់នូវ

ការសម្រេចសុបិន និងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នារបស់យើងជាក់ជាពុំខាន ។

ឆ្នាំថ្មី អ្វីៗក៏ថ្មី ។ ខ្ញុំរំពឹងថានឹងអាចធ្វើការពិគ្រោះពិភាក្សាគ្នាជាមួយគ្រប់ភាគីអំពីផែនការ

ប្រតិបត្តិនាពេលអនាគតតាមរយៈកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

លើកទី២ដែលនឹងប្រារព្ធធ្វើនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ក្នុងន័យស្រោចស្រពឲ្យបាន

ផ្លែផ្កាកាន់តែសម្បូរលើវិស័យធារាសាស្ត្រ អប់រំ វប្បធម៌និងយុវជនជាដើម ។

កាលពីឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅប្រទេស កម្ពុជាប្រកបដោយភាពជោគជ័យ ដែលបានជំរុញឲ្យកិច្ចសហប្រតិបត្តិការភាពជាដៃគូ

យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងកម្ពុជាឈានដល់កម្រិតថ្មីថែមទៀត ។ លើក

នេះខ្ញុំមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដោយតបតាមការអញ្ជើញរបស់សម្តេចអគ្គមហា

សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រំពឹងថានឹងមានការ

សំណេះសំណាលយ៉ាងស្និទ្ធស្នាលអំពីចំណងមេត្រីភាពដ៏ល្អប្រពៃរវាងប្រទេសទាំងពីរម្តង

ទៀត ។

ឆ្នាំនេះត្រូវជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងកម្ពុជា ។

និយាយចំពោះមហាជនចិន កម្ពុជាគឺជាប្រទេសមួយដែលញ៉ាំងឲ្យពួកយើងមានភាព

ស្និទ្ធស្នាលជាអនេក ។ នេះវាមិនត្រឹមតែដោយសារទំនាក់ទំនងជាអ្នកជិតខាងដ៏ស្អិតល្មួតរវាង

ចិននិងកម្ពុជាដែលអាចស្វែងរកប្រភពនៅជាង ២០០០ឆ្នាំមុន ហើយក៏មិនត្រឹមតែដោយសារ

វប្បធម៌ខ្មែរដ៏ត្រចះត្រចង់ និងប្រសាទបុរាណអង្គរដែលល្បីរន្ទឺទូទាំងពិភពលោកដែលញ៉ាំងឲ្យ

អ្នកផងទាំងពួងនឹកភ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះទៅទៀត គឺដោយសារតែក្នុងរយៈពេល

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជាបានជួបប្រទះរឿងប្រវត្តិសាស្ត្រស្រដៀងគ្នា

និងបានឆ្លងកាត់ការរួមគ្នាតស៊ូប្រយុទ្ធ ជាហេតុនាំឲ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយ

គ្នាក្នុងភាពមោះមុត ហើយក៏ដោយសារតែក្នុងពេលដែលប្រឈមនឹងបញ្ហាដែលពាក់ព័ន្ធដល់

ផលប្រយោជន៍ជាស្នូលរបស់សមភាគី និងរឿងធំនិងសំខាន់ដែលភាគីទាំងពីរយកចិត្តទុកដាក់

ដូចគ្នា ឈរលើគោលការណ៍នៃការគាំពារសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ក៏ដូចជាអធិបតេយ្យ

ភាពនិងឯករាជ្យភាពរបស់ជាតិ ប្រទេសចិននិងកម្ពុជាមានការយល់ឃើញដូចគ្នាលើតម្លៃនៃ

មិត្តស្មោះក្នុងគ្រាលំបាក និងការប្រកាន់ខ្ជាប់នូវការគាំពារសច្ចភាពទៅវិញទៅមក។

ចំណងមិត្តភាពដ៏មហិមារវាង ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ

ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ដែលបានឆ្លងកាត់អស់រយៈពេលកន្លះ

ទសវត្សរ៍បានចារឹកជារឿងតំណាលដ៏អស្ចារ្យ ទាំងក្នុងទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងរវាងចិន

និងកម្ពុជា ក៏ដូចជាអន្តរជាតិផងដែរ ។ ជាការពិតណាស់ នៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន

ចិន ប្រទេសកម្ពុជានិងព្រះនាមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ

ព្រះបរមរតនកោដ្ឋសុទ្ធតែជាការចងចាំនៃយុគសម័យមួយដែលមិនអាចលុបបំបាត់បាន ។

មានគេនិយាយថា រឿងតំណាលដ៏អស្ចារ្យនេះគឺបានសបង្ហាញឲ្យឃើញពីឥរិយាបថចំពោះ

មនុស្ស និងការដោះស្រាយបញ្ហាដែលជាផ្នែកមួយនៃវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ជនជាតិចិន

និងបានឆ្លុះបញ្ចាំងពីកម្លាំងទាក់ទាញនៃសច្ចភាពរបស់ប្រទេសចិនថ្មីដែលប្រកបដោយភាព

ឯករាជ្យម្ចាស់ការនិងកិច្ចការទូតសន្តិភាព ។ ថ្វីបើពេលវេលាបានរំកិលទៅមុខ ពិភពលោក

មានការប្រែប្រួលក្តី ក៏ប៉ុន្តែការថែរក្សានិងឲ្យតម្លៃរបស់យើងទៅលើចំណងមិត្តភាពប្រពៃណី

រវាងចិននិងកម្ពុជា ការប្រកាន់ខ្ជាប់របស់យើងលើទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផល

ប្រយោជន៍ បរិយាប័ន្ន និងគោលការណ៍ណែនាំស្តីពីកិច្ចការទូតជាមួយប្រទេសជិតខាង គឺការ

រក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាង ចាត់ទុកប្រទេសជិតខាងជាដៃគូ ការប្តេជ្ញាចិត្ត

របស់យើងក្នុងការបង្កើតសហគមន៍រួមវាសនាតែមួយជាមួយប្រទេសជិតខាង និងទស្សន

សច្ចភាពនិងផលប្រយោជន៍ដ៏ត្រឹមត្រូវដែលយើងបានប្រកាន់ខ្ជាប់ គឺជាការបន្តវេននៃ

ឥរិយាបថ​​និងសច្ចភាពរបស់​ប្រជាជាតិចិនវាមិនកែប្រែជាដរាប ពោលគឺពេលវេលារឹតតែយូររឹត

តែរឹងមាំ ។

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសដែលដាក់ឈ្មោះតាមកំពង់ផែក្រុងព្រះសីហនុ បាននិង

កំពុងអភិវឌ្ឍយ៉ាងផុលផុស ដែលបានស្រូបទាញសហគ្រាសចិននិងបរទេសជាង ១០០ ទៅ

ធ្វើអាជីវកម្ម បានផ្តល់ឱកាសការងារក្នុងតំបន់ជិត ២ ម៉ឺន គឺដូចជាគម្រោងសហប្រតិបត្តិការ

ជាក់ស្តែងដទៃទៀតរវាងចិននិងកម្ពុជាដូច្នោះដែរ វាបាននិងកំពុងបន្តចារឹកនូវទំព័រថ្មីសម្រាប់

យុគសម័យនៃចំណងមិត្តភាពចិននិងកម្ពុជាតាមវិធីដែលផ្តល់សេចក្តីសុខសុភមង្គលពិត

ប្រាកដជូនដល់ប្រជាជន ។ ពេលបានមើលឃើញប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ទុក្ខលំបាក

បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់នៅលើមាគ៌ាអភិវឌ្ឍន៍ ប្រជាជនចិនមានសេចក្តីត្រេក

អរយ៉ាងស្មោះអស់ពីដួងចិត្ត ។ ក្នុងដំណើរដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិ

ឡើងវិញ និងការដឹកនាំឲ្យប្រទេសជាតិខ្លាំងក្លាប្រជាជនសម្បូរសប្បាយ ប្រទេសចិននិងកម្ពុជា

កាន់តែត្រូវចាប់ដៃគ្នាដើរឆ្ពោះទៅមុខ តស៊ូពុះពារឧបសគ្គជាមួយគ្នា ។ ប្រទេសចិនរីករាយក្នុង

ការតភ្ជាប់ដោយស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាក្នុងន័យត្រួសត្រាយ

នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ។ ការបណ្តាក់ទុន បច្ចេកទេស សមត្ថភាព

ផលិត និងភ្ញៀវទេសចរដែលមកពីប្រទេសចិន នឹងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍដល់

សេដ្ឋកិច្ចសង្គមរបស់កម្ពុជាដូចគ្រាកន្លងទៅ ។



កិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសចិននិងកម្ពុជា ក៏ដូចជាឡានឆាងនិងមេគង្គ

គឺសុទ្ធតែចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺជីវភាពរស់នៅនិងការផ្តល់សេចក្តីសុខ

សុភមង្គលជូនដល់ប្រជាជនជាទិសដៅណែនាំ ។ ខ្ញុំមានក្តីសប្បាយរីករាយជាពន់ពេកដែល

បានដឹងថាក្រុមការងារសុខាភិបាលរបស់ចិនក្នុងសកម្មភាព “ដំណើរពន្លឺនៃក្តីសង្ឃឹមតាមទន្លេ

មេគង្គ”បានជួយឲ្យប្រជាពលរដ្ឋកម្ពុជាជាង ៦០០ រូបដែលមានជំងឺភ្នែកឡើងបាយបានជា



សះស្បើយ ជឿជាក់ថាអនាគតដ៏ភ្លឺស្វាងនៃការរួមគ្នាអភិវឌ្ឍរបស់យើង នឹងស្ថិតនៅក្នុងក្រសែ

ភ្នែកដែលពោរពេញទៅដោយក្តីសង្ឃឹមរបស់ពួកគាត់ ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹង

រួមជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបើកដំណើរការ

នូវសកម្មភាពវះកាត់ជំងឺបេះដូងស្តីពី”ដំណើរសប្បុរសធម៌” ខ្ញុំសូមជូនពរឲ្យអ្នកជំងឺទាំងឡាយ

ឆាប់បានជាសះស្បើយ និងជឿជាក់ថា ចំណងមិត្តភាពរវាងចិននិងកម្ពុជានឹងទទួលបាន

កម្លាំងចលករកាន់តែយូរអង្វែងពីក្នុងចង្វាក់បេះដូងរបស់ពួកគាត់ដែលកាន់តែមានកម្លាំងខ្លាំង

ក្លា ។



មានស្ថិតិបង្ហាញថា ប្រទេសចិនបានជួយកសាងស្ពាននិងផ្លូវថ្នល់ច្រើនបំផុតនៅក្នុង

ប្រទេសកម្ពុជា ។ ខ្ញុំយល់ឃើញថា ក្នុងចំណោមនោះ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ស្ពានដែលល្អ

បំផុតគឺស្ពានមិត្តភាពរវាងប្រជាជនចិននិងកម្ពុជា ឯផ្លូវដែលល្អបំផុតជាការពិតណាស់គឺផ្លូវរួម

គ្នាអភិវឌ្ឍរវាងប្រទេសចិននិងកម្ពុជា ហើយការមកដល់របស់ខ្ញុំលើកនេះ គឺក្នុងគោលបំណង

ដើម្បីបន្តសាងសង់ស្ពាននិងក្រាលផ្លូវបែបនេះតទៅទៀត ៕


ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក គង់ ខាត់ ត្រូវជាឪពុកក្មេកលោក សាយ ឈុំ និងលោកស្រី អ៊ូ សាន

នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងប្រតិភូថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសក គង់ ខាត់ ដែលទទួល មរណភាព នៅថ្ងៃ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ វេលាម៉ោង ០៥:៣៦នាទីព្រឹក ត្រូវជាឪពុកក្មេករបស់ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី អ៊ូ សាន ។

ការទទួលមរណភាពរបស់មហាឧបាសក គង់ ខាត់ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយ ព្រហ្មវិហារធម៌ មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហា ឧបាសក គង់ ខាត់ បានសោយសុខ ក្នុងសុគតិភពជា និច្ចនិរន្តន៍តរៀងទៅ ។

សពរបស់មហាឧបាសក គង់ ខាត់ ត្រូវបានតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ពិធីដង្ហែសពនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧:០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិវី-ជើងឆ្នុក ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៕


ព្រឹកនេះ ក្រសួងសាធារណការ នឹងចុះកិច្ចព្រមព្រៀងជាមួយភាគីជប៉ុន លើគម្រោងកែលម្អផ្លូវជាតិលេខ៥

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៨នេះ នឹងអញ្ជើញជាអធិបតីនៅក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ចាប់ពីព្រែកក្តាម ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ដល់ធ្លាម្អម ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

គម្រោងជួសជុលផ្លូវជាតិលេខ៥នេះ កម្ពុជាប្រើប្រាស់ឥណទានសម្បទាន (កម្ចីមានការប្រាក់ទាប) ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន ប្រចាំនៅកម្ពុជា (JICA) ដែលមានទឹកប្រាក់១៧,២៩៨លានយ៉េន ត្រូវជាប្រមាណជិត១៥០លានដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០៖០០ព្រឹក នៅសាលប្រជុំធំនៃទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រោយពីបានបញ្ចប់នីតិវិធីជ្រើសរើសដោយមានតម្លាភាព ក្រុមហ៊ុនសាងសង់ចំនួន២ ត្រូវបានជ្រើសរើស ក្នុងនោះមាន៖
-កញ្ចប់ការងារទី១និងទី២ (CP-1&2)៖ បានទៅសម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsui Construction Co., ltd and World Kaihatsu Kogyo Co., ltd Joint Venture
-កញ្ចប់ការងារទី៣ (CP-3)៖ បានទៅក្រុមហ៊ុន Hanshin Engineering and Construction Co., ltd ៕


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ចិនជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ប្រទេសចិន គឺជាដៃគូដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជា ធាតុផ្សំដ៏សំខាន់ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ក្នុងបទសម្ភាសន៍ មុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកកាន់ ប្រទេសកម្ពុជា នោះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ អាកាស យានដ្ឋាន ពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ហើយប្រទេសចិនបាន ដើរតួនាទី និងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ «កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគឺល្អឥតខ្ចោះ ពីព្រោះផ្លូវជាតិភាគច្រើននៅកម្ពុជា ត្រូវបានសាងសង់ក្រោម កម្ចីសម្បទាន និងជំនួយឥតសំណងពីប្រទេសចិន»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា មានផ្លូវថ្នល់ជាង ២,០០០គីឡូម៉ែត្រ ស្ពានធំៗឆ្លងកាត់ទន្លេចំនួន៧ និងកំពង់ផែកុងតឺន័រថ្មីមួយនៃកំពង់ផែស្វយ័តភ្នំពេញត្រូវបានស្ថាបនាក្រោមជំនួយរបស់ចិន។ ក្រៅពីផ្តល់ជំនួយហិរញ្ញវត្ថុប្រទេសចិន ក៏បានផ្តល់ជំនួយបច្ចេកទេស និងជួយបណ្តុះបណ្តាលមន្រ្តី ដឹកជញ្ជូនកម្ពុជាផងដែរ។ លោក ស៊ុន ចាន់ថុល បានបង្ហាញថាប្រទេសចិន នឹង វិនិយោគលើគម្រោង ព្រលានយន្តហោះអន្តរជាតិថ្មីមួយ និងគម្រោងផ្លូវហាយវេប្រវែង ១៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅកាន់ ខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងសម្បទាន BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងទាំងនេះ នឹងត្រូវចុះហត្ថលេខានាពេលឆាប់ៗរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានគូសបញ្ជាក់ថា «ព្រលានយន្តហោះថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយជាមួយនឹងការកើនឡើងចំនួនភ្ញៀវទេសចរទៅកាន់តំបន់បេតិកភណ្ឌពិភពលោកអង្គរ។ សម្រាប់គម្រោងផ្លូវហាយវេភ្នំពេញ-ព្រះសីហនុ វានឹងក្លាយជាមធ្យោបាយដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចដោយសារវាភ្ជាប់ប៉ារ៉ាម៉ែត្រសេដ្ឋកិច្ចរាជធានីភ្នំពេញ និងកំណាត់សេដ្ឋកិច្ចព្រះសីហនុ»។
លោកបន្តថា «បង្គោលសេដ្ឋកិច្ចធំៗទាំងពីរត្រូវភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកដោយផ្លូវហាយវេ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចបន្ថែមទៀត»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលចិន ជាប្រទេសបានផ្តល់កម្ចី សម្រាប់ សាងសង់ផ្លូវ និងស្ពាននៅកម្ពុជា ច្រើនជាងគេមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក។ ស្ពានឆ្លងកាត់ទន្លេសរុបចំនួន ៧ខ្សែដែលបានសាងសង់រួចនោះរួមមាន៖ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ។ ក្រៅការផ្តល់កម្ចីសាងសង់ស្ពានឆ្លងកាត់ទន្លេទៅ រដ្ឋាភិបាលចិន បានផ្តល់កម្ចីជួយសាងសង់ផ្លូវនៅកម្ពុជា រួចរាល់ បានប្រវែងជិត ២ពាន់គីឡូម៉ែត្រ និងកំពុងសាងសង់ជិត ៧រយគីឡូម៉ែត្រ និងត្រៀមសាងសង់មួយ ចំនួនទៀតផងដែរ ៕





នៅព្រឹកនេះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង អញ្ជើញសម្ពោធអគារសិក្សាថ្មី ក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជា​អធិបតីភាពសម្ពោធអគារសិក្សាថ្មីមួយ នៅក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា។
នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់ថា អគារថ្មីនេះ ត្រូវបាន​ដាក់ឈ្មោះថា «អគារសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ញ៉ែម សាខន»។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ ក៏មានការអញ្ចើញចូលរួមពីសំណាក់មន្ត្រីនគរបាល គ្រប់ជាន់ថ្នាក់យ៉ាង​ច្រើនកុះករផងដែរ ៕







លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំថ្មីនៃអាជ្ញាធរកំចាត់មីនកម្ពុជាត្រូវប្រឹងប្រែងបន្តបេសកកម្មបោសសំអាតមីននៅកម្ពុជា

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អនុ​ប្រធានទី១ អគ្គលេខាធិការ និងអគ្គលេខាធិការរងនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំ​ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ដែលប្រ ព្រឹត្តទៅនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានធ្វើការផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំថ្មីនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំ​ចាត់មីន និងសង្រ្គោះជនពិការដោយសារ មីនធ្វើការខិតខំប្រឹងប្រែងបន្តបេសកកម្មបោសសំអាតមីននៅកម្ពុជាដើម្បីជួយសង្រ្គោះប្រជាពល​រដ្ឋ ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានកោតសរសើរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដែលបានដឹកនាំប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនទៅមុខជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកក៏បានថ្លែងអំ ណរគុណដល់ភាគីអន្តរជាតិនានាដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីធ្វើសកម្ម​ភាព​ដោះមីននៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដីធ្លី ដែលជាការចូលរួមចំណែកក្នុងការកាត់បន្ថ​យភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានថ្លែងកោតសរសើរផងដែរដល់ប្រ តិ​បត្តិករបោសសំអាតមីនជាតិ និងអន្តរជាតិដែលបានចំណាយកម្លាំងកាយ កម្លាំងចិត្តធ្វើការរំដោះផ្ទៃដីសម្រាប់បង្កបង្កើនផលនៅក្នុងវិស័យកសិកម្មនាពេលកន្លងមក។

លោកទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ថ្មីនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានបញ្ជាក់ថា កន្លងមកសកម្មភាពកំចាត់មីននៅកម្ពុជាទទួលបានសមិទ្ធិផលធំធេងណាស់ដែលបានរំដោះដីជូនប្រជាពលរដ្ឋក្រីក្រដើម្បីបង្កបង្កើនផល ប្រែក្លាយពីដីដែលគ្រោះថ្នាក់ទៅជាដីដែលធ្វើស្រែចំការបាន ក្លាយទៅជាដីដែលនាំចំ​ណូលជូនពួកគាត់ដើម្បីកសាងជីវភាពរស់នៅ។ លោកបន្តថាការងារដែលនៅសេសសល់ជាបន្តទៀតគឺការបោសសំអាតមីនឱ្យអស់នៅលើទឹកដីកម្ពុជាយើងដោយត្រូវបញ្ចប់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។

លោកទេសរដ្ឋមន្រ្តី លី ធុច ក៏បានបញ្ជាក់ថា នឹងខិតខំគៀងគរធនធានហិរញ្ញវត្ថុពីប្រទេសជាមិត្ត សហគមន៍ផ្តល់ជំនួយដែលកន្លងមករួមមាន ជប៉ុន អាមេរិក កាណាដា អូស្រ្តាលី ចិន ។ល។ រួមជាមួយរាជរដ្ឋាភិបាលរបស់យើងដែលបានផ្តល់នូវកញ្ចប់ថវិកាដល់មន្រ្តីរាជការដើម្បីបន្តធ្វើកិច្ចការនេះឱ្យបានចប់ជាស្ថាពរនៅឆ្នាំ២០១៥ ដែលយើងបានខិតខំប្រឹងប្រែងជាង២៥ឆ្នាំកន្លងមកហើយ៕