Monday, September 09, 2019

ទស្សនៈមិត្តអ្នកអាន តើតម្លៃពិតរបស់លោក រ៉ុង ឈុន គឺជាអ្វី?


ដោយ​​តាំង​​ខ្លួន​​ឯង​​ថា​​ជាតំ​ណាង​​សង្គម​​ស៊ីវិល​​ឯករាជ្យ​ លោក​ រ៉ុង​ ឈុន ម្តង​ហើយ​ម្តង​ទៀត​បាន​ព្យា​យាម​​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់ស្តីពី​ការគ្រប់​គ្រង​សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​យ៉ាង​ងងើល​។​ មាត្រា​២៤​នៃ​ច្បាប់​​នេះ​ចែង​ថា​ «អង្គការ​មិនមែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ ឬ​សមា​គម​​បរទេស​​ ត្រូវ​​ប្រកាន់​​ជំហរ​​អព្យា​ក្រឹត​​ចំពោះ​​គ្រប់​​គណបក្ស​​នយោបាយ​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​​»​។​ ផ្ទុយ​ទៅ​វិញ​ ក្នុង​នាម​ខ្លួន​ជាប្រធាន​អង្គការ​សហភាព​សហជីព​កម្ពុជា (CCU)​ លោក រ៉ុង ឈុន​ បែរ​ជា​បាន​ធ្វើ​សកម្មភាព​ និង​ប្រព្រឹត្តិ​ផ្ទុយពី​ច្បាប់​ដែល​បាន​ចែង​ទៅ​វិញ​។​ មិន​តែប៉ុណ្ណោះ​ ក្នុង​​នាម​​ខ្លួន​ជាសង្គម​ស៊ីវិល ឬ​ជា​សមាគមមិនមែន​រដ្ឋាភិបាល លោក​ រ៉ុង​ ឈុន​ បែរ​ជាបាន​និង​កំពុងធ្វើ​សកម្មភាព​ និង​​លូក​​ដៃ​​ចូល​​យ៉ាង​​ជ្រៅ​​ជាមួយអតី​ត​​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នោះ​ថែម​ទៀត​។
ការ​ដាក់​លិខិត​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រកាល​ពីថ្ងៃ​ទី​៥ ខែ​កញ្ញា កន្លង​ទៅ​នេះ​ របស់​​​លោក រ៉ុង​ ឈុន​ និង​សមាគម​៣​ផ្សេង​ទៀត​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ខ្លួនដោយ​លើក​ឡើង​ថា​ ប្រទេស​​កម្ពុជា​​កំពុង​​មាន​​វិបត្តិ​​នយោបាយ​​ ក្នុង​បំណង​​ស្នើ​ឱ្យ​មាន​ការ​សម្រប​សម្រួល​​នយោបាយពី​ព្រះ​មហាក្ស​ត្រ​​​​រវាង​​ភាគី​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ និង​​អតីត​គណ​បក្ស​​​ប្រឆាំង​ដែល​​ត្រូវ​​បាន​រំលាយ​​បាត់​ទៅ​ហើយ​ដោយតុលាការ​កំពូល​​នៅពេល​នោះ​​ គឺជា​រឿង​ដែល​​មិន​សមស្រប​ទាល់​តែ​សោះ ព្រោះសំណើ​នេះ​បាន​បង្កប់​​នូវ​ឧបាយ​កល​ដែល​មាន​​ចរិត​ចាត់​ទុក​អង្គ​ព្រះ​មហា​ក្សត្រ​​ជា​ចំណាប់​​ខ្មាំង​​ខាង​នយោបាយ​​​ និង​​ជា​ការ​​ដាក់​​សម្ពាធ​​ចំពោះព្រះ​អង្គ​​​​យ៉ាង​​ពិត​ប្រាកដ​ ដោយ​ហេតុ​ថា​​ ព្រះ​មហា​ក្សត្រ​ព្រះអង្គ​​ទ្រង់​គ្រង​រាជ្យ​​​ តែ​​ទ្រង់​មិន​​កាន់​អំណាច​ និង​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ​ឡើយ​។​​
ជាការពិត​ នៅកម្ពុជា​ពុំ​មាន​វិបត្តិ​នយោបាយ​ដូច​ការ​ចោទប្រកាន់​របស់លោក​ រ៉ុង ឈុន​ និង​​ក្រុម​ដែល​​មាន​និន្នាការ​ប្រឆាំង​​មួយចំនួន​តូច​នោះ​ទេ។ ការ​លើក​ឡើង​បែប​នេះ​គឺ​ជាការប្រមាថ​ និង​​បោក​ប្រាស់​ចំពោះ​ព្រះអង្គ​​យ៉ាង​ធ្ងន់​ធ្ងរ​។  គឺ​មាន​តែ​អ្នក​នយោបាយដែល​កំពុង​រត់​ចោល​ស្រុក​ទេ​​​​ដែល​កំពុង​មាន​​វិបត្តិ​នៅផ្ទៃ​​ក្នុង​ក្រុម​របស់​ខ្លួន​​។ ចេត​នា​នៃ​​លិខិត​ស្នើសុំ​របស់​លោក​ រ៉ុង​ ឈុន​ គឺ​ចង់​ទម្លាក់​បន្ទុក​នៃបទ​ល្មើស​សន្ទិដ្ឋិភាព​ជាមួយបរទេស​ដែល​ជា​​ទោស​ក្បត់​​ជាតិ​ របស់​អតីត​គណបក្ស​ប្រឆាំង​មក​លើ​អង្គព្រះ​មហាក្សត្រឱ្យ​មក​ពាក់​ព័ន្ធ​​ដើម្បី​ជួយ​​ប្រោះ​អតី​ត​គណបក្ស​ប្រឆាំង​ឱ្យ​​រស់​ឡើង​វិញ​។​ ក្នុង​ន័យ​នេះ​ ប្រសិន​បើ​ព្រះ​មហាក្សត្រ​ទ្រង់​ទទួល​យក​សំណើ​​​នេះ​ទៅ​ដោះ​ស្រាយ​ គឺ​ពួក​គេ​នឹង​រុញ​ព្រះ​មហាក្សត្រ​ឱ្យ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ដែល​ជាច្បាប់​កំពូល​របស់​ជាតិ​។ ប៉ុន្តែ​ ប្រសិន​បើ​​ព្រះ​មហាក្សត្រ​ទ្រង់​មិន​ដោះ​ស្រាយ​​ពួក​​គេ​​នឹង​​ចោទ​ព្រះអង្គ​ថា​អសមត្ថភាព​គ្រប់​គ្រង​នគរ​ ដូច្នេះ រឿង​នេះ​គឺ​ចេតនា​អាក្រក់​ដែលសមត្ថកិច្ច​​មិន​​គួរ​អត់​​​ឱន​​ឱ្យ​​លោក​ រ៉ុង​ ឈុន និង​បក្ខ​ពួក​រួច​ខ្លួន​នោះឡើយ​។
ក្នុង​នាម​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​ លោក រ៉ុង ឈុន គឺ​ត្រូវ​មាន​ឯករាជ្យ​ភាព​ ដោយ​មិន​ត្រូវ​ពាក់​ព័ន្ធជា​មួយ​​បញ្ហា​នយោបាយដូច​ការ​ស្នើ​សុំ​របស់​ខ្លួន​ឱ្យ​មាន​ការ​ដោះ​លែង​ទណ្ឌិត​ ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​អតី​ត​គណបក្ស​ប្រឆាំង​ឡើយ​។ ជា​​ការ​សង្កេត​នូវ​សកម្ម​ភាព​​​របស់​​លោក​ រ៉ុង ឈុន ទាំង​អតី​ត​ភាព​​ និងបច្ចុ​ប្ប​ន្ន​ភាព​គឺ​​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ថា​ បុគ្គល​រូប​នេះ​គឺ​ជាមន្ត្រី​របស់​អតី​ត​គណបក្ស​ប្រឆាំង​យ៉ាង​ពិត​ប្រាកដ​ ប៉ុន្តែ​ គាត់​ធ្វើ​សកម្មភាព​លាក់កំបាំង​​មុខ​ជា​អង្គការ​​ក្រៅ​​រដ្ឋា​ភិ​បាល​​ទៅ​​វិញ​​។​ គេ​នៅចាំ​បាន​ថា លោក រ៉ុង ឈុន គឺ​ជាសមាជិក​ គ.ជ.ប ដែល​ជ្រើស​រើស​​ចេញ​ពី​អតីត​បក្ស​ប្រឆាំង​​​ ហើយ​ក្រោយ​ពេល​ដែល​តុលាការ​កំពូល​​សម្រេច​រំលាយ​អតីត​គណបក្ស​ប្រឆាំង​មក​ លោក​ រ៉ុង​ ឈុន​ ក៏​បាន​លាលែង​តំណែង​ផង​ដែរ​ ដែល​ចំណុច​នេះ​បញ្ជា​ក់​យ៉ាង​ច្បាស់​​ថា​ លោក រ៉ុង​ ឈុន មិន​មែន​ជាបុគ្គល​ឯក​រាជ្យ​នោះ​ទេ​។ ជាង​នេះ​ទៀត​ តាម​ប្រភព​ផ្ទៃ​ក្នុង​​ពីមន្ត្រី​ គ.ជ.ប បាន​​ឱ្យ​​ដឹង​ថា​ ក្រោយ​ពី​ការ​លាលែង​របស់​លោក រ៉ុង ឈុន នៅ​ក្នុង​ម៉ាស៊ីន​កុំ​ព្យូទ័រ​របស់​គាត់​ដែល​បាន​ប្រើ​ប្រាស់​​នៅក្នុង​ការិយាល័យ​ គ.ជ.ប គឺ​មាន​ផ្ទុក​សុទ្ធតែ​ឯក​សារ​កិច្ច​ការ​របស់អតីត​​គណ​បក្ស​ប្រ​ឆាំង​​ ដែល​បង្ហាញ​ពី​ផែន​​ការ​ការងារ​របស់​គណបក្សនេះ​។​ ​​ឯកសារ​ថ្មីៗ​នេះ​ទៀត​ គេ​ឃើញ​វត្តមាន​របស់​លោក រ៉ុង ឈុន បាន​ចូល​រួម​នៅក្នុង​វេទិកា​​ជាច្រើន​របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​នៅ​ឯបរទេស​ ដែល​ចំណុច​នេះ​បាន​ឆ្លុះ​បញ្ចាំង​កាន់​តែ​ច្បាស់​ថា ​គឺ​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ ដែល​​ផ្ទុយ​ពី​ច្បាប់​ទាំង​ស្រុង​​។​​​
សូម​រំឮក​ថា​ ការ​រំលាយ​អតីត​បក្ស​ប្រឆាំង​ដោយ​តុលាការ​កំពូល​ គឺ​ដោយ​សារ​តែ​អតីត​គណបក្ស​ប្រឆាំង​មាន​មេដឹកនាំ និង​កូន​ចៅ​ ​ដែល​ដណ្តើម​អំណាច​គ្នា​នៅ​ផ្ទៃ​ក្នុងបក្ស​ ដែល​រឿង​នេះ​គឺ​ជា​ចំណុច​​ផ្តើម​​នៃ​​ការ​​បែក​​ធ្លាយ​​នូវ​​វីដេអូ​​សារ​ភាព​​អំពី​​​ផែន​​ការ​​ដ៏​អាក្រក់​​របស់​​លោក​ កឹម សុខា​ ក្នុង​ការ​រៀប​ចំ​ផ្តួល​​រំលំ​​រាជ​​​រ​ដ្ឋា​​ភិ​បាល​​ដែល​​កើ​ត​​ចេញ​​ពី​​កា​រ​​​បោះ​​ឆ្នោ​ត​។ ចំណាត់​ការ​នេះ​គឺ​ជាការអនុវត្ត​នូវ​វិធាន​ការ​ច្បាប់​ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន​ឃុប​ឃិត​ជាមួយ​បរទេស ​ដែល​ផ្ទុយ​ពី​ច្បាប់​គណបក្ស​នយោបាយ​ ហើយ​អ្នក​ចូល​រួម​ជឿ​តាម​ការញុះញង់​ និង​​អូសទាញមនុស្ស​ឱ្យ​​មក​តវ៉ា​គឺ​​ជាចេតនា​ប្រឆាំង​នឹង​​សាល​​ដី​កា​​រ​បស់​​តុលាការ​​កំពូល អាច​ត្រូវ​មាន​ទោស​។​ដូច្នេះ​ ការ​ដាក់​លិខិត​ស្នើ​សុំ​ព្រះរាជ​​អន្តរាគមន៍​​ពី​​ព្រះមហាក្សត្ររបស់​លោក រ៉ុង ឈុន​ គឺ​គ្មាន​តម្លៃ​សម្រាប់​ការពិចារណា​​នោះ​ទេ​។​
​​​​​បច្ចុប្បន្ន​នៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង​មួយក្តាប់​តូច​នោះ​ទេ​។​ ប្រជា​ពលរដ្ឋ​ ទាំង​នៅទីក្រុង​ និង​ជន​បទ​ បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទាំង​ការងារ​​ធ្វើ​កសិកម្ម​និង​កា​រ​​រក​ស៊ី​ជួញដូរ​គ្រប់​ប្រភេទ​ប្រកប​ដោយ​ក្តី​មោទនៈ​​ និង​រស់​នៅ​ក្នុង​​សុខ​​សន្តិភាព។​​ ចំណែក​​​​មន្ត្រី​រាជការ​​ អាជ្ញាធរ​គ្រប់​​លំដាប់​ថ្នាក់​ កង​​កម្លាំង​​ប្រដាប់​​អាវុធ​​គ្រប់​​ប្រភេទ​​​​នៅតែ​បន្ត​​​រួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​​ជាតិ​ឱ្យ​កាន់​តែ​រុង​រឿង​។
ជារួម​ បើ​សកម្មភាព​របស់​លោក រ៉ុង ឈុន និង​សមាគម​ដែល​ជា​បក្ខពួក​មាន​លក្ខណៈ​ជា​កូន​ជឹង​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​បែបនេះ​ ហើយ​ការ​ដាក់​លិខិត​ស្នើ​សុំរបស់​ក្រុម​ខ្លួន​បង្កប់​នូវ​ឧបាយកល​ដ៏ពិស​ពុល​ក្នុង​ការ​ចាប់​អង្គព្រះ​មហា​ក្ស ធ្វើ​​ជាចំណាប់​ខ្មាំង​នយោ​បាយ​​​របស់​​ក្រុម​​ខ្លួន​បែបនេះ​ តើ​តម្លៃ​ពិត​របស់​លោក រ៉ុង ឈុន​ ​គួរ​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​​ក្នុង​​បទ​​ប្រមាថ​​អង្គ​ព្រះ​មហាក្សត្រ​ដែរឬទេ?​
ដោយ​៖ ពង្ស​ សុក្រឹត្យ



រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពង់ធំ ឯកភាពគ្នាជួយអភិវឌ្ឍន៍សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញរពាក់នៅសំបូរព្រៃគុក

កំពង់ធំ៖ ក្រោយពីក្ដាប់បាននូវបញ្ហាមួយចំនួនរបស់សហគមន៍ទេសចរណ៍សំបូរព្រៃគុករួចមក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានពួតដៃឯកភាពគ្នាប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញវល្លិរពាក់ឱ្យកាន់តែរីកចម្រើនឡើង ដើម្បីជួយជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍ផងដែរ។
ការប្ដេជ្ញាចំពោះមុខប្រជាសហគមន៍យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។
នាឱកាសនោះ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានលើកឡើងថា សហគមន៍បកគ្រាប់ស្វាយចន្ទី នៅមានសកម្មភាពមកដល់ពេលបច្ចុប្បន្ននេះ ដោយបានជួយបណ្តុះបណ្តាលដល់សហគមន៍ផ្សេងៗ ដូចជានៅខេត្តព្រះវិហារ រតនគិរី និងខេត្តកំពង់ធំ។
ជាមួយគ្នានេះ ក៏មានការមកបណ្តាក់ទុនចូលមកសមាគមន៍ ឱ្យបកគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់ ដោយថ្មីៗនេះមានកិច្ចសន្យាបកគ្រាប់ស្វាយចន្ទីជាមួយក្រុមហ៊ុនអាល្លឺម៉ង់ និងបានចុះកិច្ចសន្យាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនថៃ ដើម្បីបកគ្រាប់ស្វាយចន្ទី សម្រាប់ផែនការរយៈពេល៥ឆ្នាំ។
លោកប្រធានមន្ទីរបានបន្តថា ទោះបីមានលទ្ធភាពអាចបកគ្រាប់ស្វាយចន្ទី ប៉ុន្តែសមាគមន៍នៅមានការខ្វះទុនសម្រាប់ការទិញគ្រាប់ស្តុកក្នុងឃ្លាំង ដើម្បីដំណើរការបកគ្រាប់ស្វាយចន្ទីនេះនោះឡើយ។ ជាមួយគ្នានោះ តំណាងប្រជាសហគមន៍ក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងដំណើរការសិប្បកម្មខាងលើផងដែរ។
ក្រោយពីស្ដាប់បាននូវរបាយការណ៍ និងការលើកឡើងរបស់ប្រជាសហគមន៍រួចមក លោករដ្ឋមន្ត្រី ថោង ខុន បានចេញដំណោះស្រាយភ្លាមៗ ដោយបញ្ជាទៅមន្ត្រីជំនាញដែលមានលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ត្រូវចុះជួយសម្រួលមធ្យោបាយជូនប្រជាសហគមន៍ឱ្យបានសម្រេច ហើយការងារចំពោះមុខបញ្ហានេះ គឺខ្វះទុនវិនិយោគ ដើម្បីពង្រីកសកម្មភាពសិប្បកម្មបន្ថែម។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានឯកភាពគ្នាជាមួយលោក សុខ លូ នៅចំពោះមុខប្រជាសហគមន៍ផងដែរ ដោយប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទីនេះ ឱ្យបានសម្រេចជាផ្លែផ្កា។
ចំពោះសិប្បកម្មតម្បាញរពាក់ទៀតសោត ត្រូវបានលោក សេង អាន លើកឡើងថា នៅមានសកម្មភាពដំណើរការជាប្រចាំ ប៉ុន្តែបច្ចុប្បន្ននេះវត្ថុធាតុដើមក្នុងការផលិតកាន់តែតិចទៅៗ ធ្វើឱ្យមានការលំបាកដល់ដំណើរការផលិត។ បញ្ហានេះក៏ទទួលការយកចិត្តទុកដាក់ពីសំណាក់លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្តផងដែរ។
លោក ថោង ខុន បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ខិតខំដាំដើមរពាក់ ដើមឫស្សីឱ្យបានច្រើនឡើងវិញ ដើម្បីទុកប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតជាផលិតផលតម្បាញនានា។
ក្រៅពីនោះ លោករដ្ឋមន្ត្រី ថោង ខុន និងលោក សុខ លូ ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះសិប្បកម្មផលិតស្ករត្នោត ទឹកសណ្តែក តម្បាញក្រមាសូត្រ ផ្ទះស្នាក់ មគ្គុទ្ទេសក៍ទេសចរណ៍ សេវាលក់ម្ហូបអាហារជាដើម។
លោក ថោង ខុន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅតំបន់ប្រាសាទសំបូរព្រៃគុក ខិតខំដាំដុះដំណាំ និងចិញ្ចឹមសត្វ ធ្វើជាវត្ថុធាតុដើមក្នុងការផលិតជាផលិតផល សេវាកម្មម្ហូបអាហារ ដើម្បីបម្រើដល់តម្រូវការភ្ញៀវទេសចរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បន្ថែមលើគុណភាពសេវា អនាម័យចំពោះផលិតផលរបស់ខ្លួន ដែលលក់ជូនភ្ញៀវទេសចរ ដើម្បីអន្ទងចិត្តពួកគេឱ្យមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក នាពេលក្រោយៗទៀត ព្រមទាំងជំរុញទឹកចិត្តឱ្យពួកគេជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងតំបន់នេះផងដែរ ៕






ប្រតិភូកងទ័ពជើងទឹកឥណ្ឌា មកបំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្រ

ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក រួមដំណើរជាមួយនាយនាវី នាយនាវីរងជាច្រើនរូប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ បានអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកឥណ្ឌា ចំនួន២គ្រឿង ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរមកបំពេញទស្សនកិច្ចសុឆន្ទះ នៅកម្ពុជា រយៈពេល០៤ថ្ងៃ ចាប់ពីពីថ្ងៃទី០៥ ដល់ថ្ងៃ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩។ នាវីទាំងពីគ្រឿងដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាពេលនោះ នាវាទី១ឈ្មោះ អ៊ីន សាយ៉ាទ្រី ( INS SAHYATRI )ជាប្រភេទនាវាចម្បាំងបំពាក់គ្រាប់មីស៊ីល មានបណ្តោយ=១៤៣ម ទទឹង=១៧និង មាននាយនាវី និង នាវិក បំរើការលើនាវាសរុបចំនួន ៣៩០នាក់។ នាវាទី២ឈ្មោះ អ៊ីន ឃីលតាន់ ( INS KILTAN ) ជាប្រភេទនាវា ប្រឆាំងនឹង នាវាមុជទឹក មានបណ្តោយប្រវែង=១១០ម ទទឹង=១២.៨ម មាននាយនាវី និងនាវិក បំរើការនៅលើនាវាសរុបចំនួន ២៨០នាក់។
ប្រតិភូកងទ័ពជើងទឹកឥណ្ឌាដឹកនាំដោយ លោក វរនាវីឯក អាសស្វ៊ីន អារីណ ( ASHWIN ARIN ) មេបញ្ជាការនាវា អ៊ីន សាយ៉ាទ្រី INS SAHYADRI និង សហការី អមដំណើរដោយសេនានុព័ន្ធយោធាឥណ្ឌា ប្រចាំនៅកម្ពុជា បានអញ្ជើញចូលជួបសំណេះសំណាល និង សម្តែងការគួរសមជាមួយ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។
ក្នុងនាម នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ឧត្តមនាវីឯក អ៊ុក សីហា បានសម្តែងនូវការអបអរសាទរ និង សំដែងការស្វាគមន៏ចំពោះការអញ្ជើញមកដល់ របស់ប្រតិភូនាវាកងទ័ពជើងទឹកឥណ្ឌា នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នាឱកាសដែលនាវាកងទ័ពជើងទឹកឥណ្ឌា បានមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

លោកបានបញ្ជាក់ថា រយៈពេលកន្លងមកនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា ធ្លាប់បានមកបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្រ ដែលបាននាំមកនូវកិច្ចសហការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ផ្លាស់ប្តូរនាវិកធ្វើទស្សនកិច្ចសិក្សាស្វែងយល់លើនាវា ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕



លោក ឡៅ ម៉ុងហៃ កំពុងក្លាយជាអ្នកច្បាប់ចម្លែក

ថ្មីៗនេះ លោក ឡៅ ម៉ុងហៃ បានថ្លែងលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ចង់ឲ្យតុលាការស្អាតស្អំអត់ពុករលួយ? គោរពអនុវត្តរដ្ឋធម្មនុញ្ញពាក់ព័ន្ធតុលាការឲ្យបានត្រឹមត្រូវ ថ្វាយអំណាចពេញលេញទៅព្រះមហាក្សត ដើម្បីឲ្យលោកធានាឯករាជ្យភាពតុលាការ និងគ្រប់គ្រងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលត្រូវជួយលោកក្នុងការធានាឯករាជ្យភាពតុលាការនេះ។ល។ តើការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ គឺពិតជាកំពុងក្លាយទៅជាអ្នកច្បាប់ចម្លែក? តើលោក ឡៅ ម៉ុងហៃ ប្រាកដជាបានអាន ហើយបកស្រាយត្រឹមត្រូវតាម  អត្ថន័យ និងខ្លឹមសារពិតនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ឬទេ?
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាច្បាប់កំពូលនៃប្រទេស រហូតមកដល់ពេលនេះ មានអាយុ២៦ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញនេះ បានចែងយ៉ាងច្បាស់ក្នុងមាត្រា ៧ ថា ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែ ទ្រង់មិនគ្រប់គ្រងអំណាចឡើយ។ ជាការពិតណាស់ ស្ថាប័នធំៗទាំងបីរបស់រដ្ឋត្រូវបានបែងចែកអំណាចឯករាជ្យដាច់ពីគ្នា ហើយក៏គ្មានអំណាចណាមួយត្រូវបានរំលោភបំពានពីអំណាចណាមួយទៀតបានឡើយ។ ព្រះមហាក្សត្រកម្ពុជាទ្រង់គង់នៅជាអាជ្ញាកណ្តាល ដើម្បីធានានូវនិរន្តរភាពនៃអំណាចដឹកដឹកនាំរដ្ឋទាំងបី។ ក្នុងន័យនេះ ពិតណាស់ព្រះអង្គមិនកាន់អំណាចផ្ទាល់ឡើយ តែអំណាចគ្រប់គ្រងរដ្ឋនីមួយៗ ​ត្រូវបានផ្តល់អំណាចស្របតាមរដ្ឋធម្មនុញ្ញ។ អង្គនីតិប្រតិបត្តិត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តី អំណាចនីតិប្បញ្ញត្តិត្រូវបានដឹកនាំដោយប្រធានរដ្ឋសភា អំណាចតុលាការតុលាការត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃងអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដោយច្បាប់ ដែលកំណត់សមាសភាព និងមុខងារ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឱ្យធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សាចៅក្រមនេះ។ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្តីទាំងអស់។ ហើយរដ្ឋធម្មនុញ្ញក៏បានចែងយ៉ាងច្បាស់ថា ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬ អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យករណីទាក់ទងចៅក្រម ឬ ព្រះរាជអាជ្ញា។
អត្ថន័យ និងខ្លឹមសារពិតនៃរដ្ឋធម្មនុញ្ញ គឺ គួរត្រូវបានលោក ឡៅ ម៉ុងហៃ បកស្រាយឱ្យបានច្បាស់បំផុត ដើម្បីជៀសវាងការបង្កើតឱ្យមានការយល់ដឹងខុស យល់ដឹងមិនត្រឹមត្រូវតាមស្មារតីពិតនៃរដ្ឋធម្មនុញ្ញ     កម្ពុជាឆ្នាំ១៩៩៣។
ជាការពិតណាស់ រហូតមកដល់ពេលនេះ តុលាការកម្ពុជាដែលជាស្ថាប័ន​ឯករាជ្យបាន និងកំពុងឆ្លងកាត់ការកែទម្រង់បន្តិចម្តងៗហើយកាន់តែល្អប្រសើរឡើងៗ ក្នុងការផ្តល់សេវាយុត្តិធម៌ ដោយបានប្រកាន់យកវិន័យសច្ចធម៌ អនាគត និងអព្យាក្រិត្យក្នុងការសម្រេចក្តី ដោយឈរលើគោលការណ៍អនុវត្តនីតិរដ្ឋដ៏ត្រឹមត្រូវ ដើម្បីធ្វើសង្គមកម្ពុជាទាំងមូលមានសុខដុមរមនា សង្គមកម្ពុជាមួយមានស្ថិរភាព ប្រកដបដោយសណ្តាប់សង្គម។ ជាក់ស្តែងសាលាឧទ្ទណ៍មួយចំនួនទៀតត្រូវបានបង្កើតនៅតាមតំបន់។
ដូច្នេះ លោក ឡៅ ម៉ុង​ហៃ មិនគួរក្លាយទៅជាអ្នកច្បាប់ចម្លែក ដែលធ្វើការវិភាគចាកឆ្ងាយពីភាពជាអ្នកវិភាគឯករាជ្យយ៉ាងពិតប្រាកដ ដោយសារតែលោកចេញមុខការពារអតីតបក្សប្រឆាំងយ៉ាងផ្កាប់មុខ ដែលតុលាការកំពូលកម្ពុជាបានសម្រេចរំលាយចោលរួចហើយនោះទេ៕

ដោយ ឡុង បូរិតា