Wednesday, March 31, 2021

ក្រសួងទេសចរណ៍ អំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ចូលរួមគាំទ្រផែនការចាក់វ៉ាក់សាំងកូវីដ១៩

 ក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ចូលរួមគាំទ្រផែនការចាក់វ៉ាក់សាំងកូវីដ១៩ ពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ និងការចូលរួមជាសកម្មភាពសប្បុរសផ្សេងៗ។

សូមអានសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖





អភិបាលខេត្តស្វាយរៀង ដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល

 ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀងដើម្បីបំពាក់សម្ភារៈបរិក្ខាពេទ្យផ្សេងៗត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ គ្រប់ចំនួនកំណត់។

រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដោយប្រកាន់ភ្ជាប់ "៣ការពារ ៣កុំ" ក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោកដោយរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕







ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិកអតីតយុទ្ធជន

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ក្រុង និងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះចំនួន ៤,០០០,០០០ រៀល និងលិខិតចូលរួមមរណទុក្ខ ជូនដល់លោកស្រី ទិត វាសនា ត្រូវជាប្រពន្ធ របស់សពអតីតយុទ្ធជនឈ្មោះ រស់ សុទ្ធី អតីតនគបាលចូលនិវត្តន៍ជន ID-RB17000627 ទទួលមរណភាព នៅវេលាម៉ោង ៦:៤០នាទីព្រឹកថ្ងៃទី៣០ ខែមីនា។


ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់មន្ត្រីរាជការ ក៏ដូចជាក្រុមគ្រួសារសមាជិកអតីតយុទ្ធជនទទួលមរណភាព សូមគោរពជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបន្តគាំទ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ៕






អភិបាលខេត្តបន្ទាយមានជ័យ​ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ​តាមក្រុង/ស្រុក​

 បន្ទាយមានជ័យ÷ នៅក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យមើលទីតាំងដែលត្រូវបានរៀបចំជាកន្លែងចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការ អាជីវករ បងប្អូនប្រជាពលរដ្ឋ តាមបណ្តាក្រុង/ស្រុក ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នាពេលឆាប់ខាងមុខនេះ ដោយចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុកក្រុមការងារ ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកូវីដ១៩ និងអនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ ៕



លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

 ព្រះសីហនុ៖ នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃ គណ:អភិបាល ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។

កិច្ចប្រជុំនេះភ្ជាប់ប្រព័ន្ធបញ្ជូនសារសម្លេងរូបភាព Video Conference ជាមួយគណៈកម្មាការចាក់វ៉ាកសាំងថ្នាក់ជាតិ ក្រោមអធិបតីភាព លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

អភិបាលខេត្តព្រះសីហនុ បានណែនាំ ដល់ អភិបាល ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។ មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលបងប្អូនប្រជាពលរដ្ឋមកកាន់ទីតាំងចាក់វ៉ាកសាំងឲ្យបានច្បាស់។ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តនាពេលខាងមុខ ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩ អនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕




សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ចូលរួមបរិច្ចាគថវិកា២ពាន់ដុល្លារ ជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រាប់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

 សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងស្វាមី ក្នុងមូលនិធិមុទិតា បានចូលរួមបរិច្ចាគវិភាគទានចំនួន២ពាន់ដុល្លារអាមេរិក ជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីរៀបចំដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។

ការបរិច្ចាគនេះបានធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត ៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្វាយលិខិតថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានថវិកា ទិញមន្ទីរពេទ្យ «នគរទេព»

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងនូវកតញ្ញូតាធម៌ប្រកបដោយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ទិញមន្ទីរពេទ្យ «នគរទេព» និងទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ដែលនឹងប្តូរឈ្មោះថា «ហ្លួងម៉ែ»។

លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ក្នុងសារលិខិតដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា «ព្រះទានឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែងប្រោសព្រះរាជូបត្ថម្ភចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ»។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរនៅថ្ងៃទី៣០ ខែមីនា បានប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព»។

ក្នុងព្រះរាជសារផ្ញើជូនលោកនាយករដ្ឋមន្រ្ដី បញ្ជាក់ពីការប្រោសព្រះរាជទានថវិកាទិញមន្ទីរពេទ្យនេះ ព្រះមហាក្សត្រខ្មែរ បានគូសបញ្ជាក់ថា ព្រះអង្គមានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ» ៕



ត្រីមាសទី១ ក្នុងឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

 សៀមរាប៖ លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាស​ទី១ក្នុង​ឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦១៦សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួកបានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន១២០ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៧ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន១៨សំណើ សរុបចំនួន៦១៦សំណើ។

ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភថវិកាដល់ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន ចូលរួមក្នុងកិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ។

ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាព ទាន់ពេលវេលា។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕






ក្រសួងសុខាភិបាល ជូនដំណឹងពីការផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា

 គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនព័ត៌មានដែលទទួលបាននៅមុននេះបន្ដិច។

តាមរយៈសេចក្ដីព័ត៌មាននេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំរបស់ លោកនាយករដ្ឋមន្ត្រី គ.វ.ក-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនក្រុមមនុស្សដែលដល់វេនចាក់នាពេលនេះ មានដូចតទៅ៖

*ទី១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
*ទី២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន គ.វ.ក-១៩ រួចហើយ
*ទី៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គ.វ.ក-១៩ តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ)
*ទី៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំ ដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ)
*ទី៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់ នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះ ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយបានផ្ញើជូន គ.វ.ក-១៩ រួចហើយ)
*ទី៦៖ មន្ត្រី-បុគ្គលិកបម្រើការ នៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូន គ.វ.ក-១៩ រួចហើយ
*ទី៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រប ដែលបានផ្ញើបញ្ជីឈ្មោះជូន គ.វ.ក-១៩ រួចហើយ
*ទី៨៖ កម្មករ-កម្មការិនី នៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូន គ.វ.ក-១៩។

ខាងក្រោមនេះ ជាតារាងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្តាក្រសួង និងស្ថាប័នថ្នាក់ជាតិ៖








សារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាត ត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេលថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

សូមអានសារាចរណែនាំដូចខាងក្រោម៖




លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្វាយលិខិតថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានថវិកា ទិញមន្ទីរពេទ្យ «នគរទេព»

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងនូវកតញ្ញូតាធម៌ប្រកបដោយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ទិញមន្ទីរពេទ្យ «នគរទេព» និងទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ដែលនឹងប្តូរឈ្មោះថា «ហ្លួងម៉ែ»។


លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ក្នុងសារលិខិតដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា «ព្រះទានឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែងប្រោសព្រះរាជូបត្ថម្ភចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ»។


សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរនៅថ្ងៃទី៣០ ខែមីនា បានប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព»។


ក្នុងព្រះរាជសារផ្ញើជូនលោកនាយករដ្ឋមន្រ្ដី បញ្ជាក់ពីការប្រោសព្រះរាជទានថវិកាទិញមន្ទីរពេទ្យនេះ ព្រះមហាក្សត្រខ្មែរ បានគូសបញ្ជាក់ថា ព្រះអង្គមានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស។


ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ» ៕