Monday, January 31, 2022

បទវិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង នឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ឬ?

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានចេញមុខអះអាង នៅព្រឹកថ្ងៃចន្ទនេះថា មីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីគរយៈចម្ងាយមធ្យម (IRBM)។


វាជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៧ ដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលប្រភេទ IRBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះបានចាប់ពីចម្ងាយ ៩០០គីឡូម៉ែត្រ ទៅដល់ជាង ៥,០០០គីឡូម៉ែត្រនេះ ហើយសកម្មភាពនៃការហោះហើរ របស់គ្រាប់មីស៊ីល Hwasong-12 នោះ ក៏ត្រូវបានផ្តិតយកយ៉ាងល្អិតល្អន់ផងដែរ។


អ្វីដែលសំខាន់ទៅទៀត នោះគឺការធ្វើតេស្ដមីស៊ីល Hwasong-12 ដែលជាការធ្វើតេស្ដលើកទី៧ នៅក្នុងខែមករានេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជា សញ្ញាមួយនៃការចាប់ផ្ដើមឡើងវិញនូវការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីគអន្តរទ្វីប ICBM របស់ទីក្រុងព្យុងយ៉ាងនាពេលអនាគតដ៏ខ្លី ខាងមុខនេះ។


ខាងក្រោមនេះជាប្រភេទមីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដជាបន្តបន្ទាប់ នៅក្នុងខែមករានេះ៖


*មីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missile)


កូរ៉េខាងជើង កាលពីថ្ងៃទី៥ ខែមករានេះបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missile) មួយគ្រាប់ និងមួយគ្រាប់ទៀត នៅថ្ងៃទី១១ ខែដដែល ហើយដែលការធ្វើតេស្ដលើកទី២ ធ្វើឡើងដោយមានការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន។ hypersonic missile គឺជាប្រភេទអាវុធដ៏ទំនើបមួយនាពេលបច្ចុប្បន្ន ដោយវាមានសមត្ថភាពហោះសំដៅទៅរកគោលដៅ នៅរយៈកម្ពស់ទាបជាមីស៊ីលបាលីស្ទីគ ក្នុងល្បឿនលឿង ជាងសំឡេង ៥ដង ឬ ៦,២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។


*KN-23 SRBM


កាលពីថ្ងៃទី១៤ ខែមករា, កូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលីស្ទីគរយៈចម្ងាយខ្លី KN-23 SRBM ចំនួន២គ្រាប់ ដោយបាញ់ចេញពីរថភ្លើងមួយគ្រឿងស្ថិតនៅ ក្បែរតំបន់ភាគខាងជើងជាប់ព្រំដែនចិន។ KN-23 SRBM គឺជាប្រភេទមីស៊ីល ដែលត្រូវបានកូរ៉េខាងជើងធ្វើតេស្ដជាលើកដំបូងបំផុតកាលពីខែឧសភា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី២៧ ខែមករានេះ ទីក្រុងព្យុងយ៉ាងក៏បានធ្វើតេស្ដមីស៊ីល KN-23 ២គ្រាប់បន្ថែមទៀតផងដែរ។


*KN-24 SRBM


កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល KN-24 SRBM ចំនួន ២គ្រាប់ ចេញពីអាកាសយានដ្ឋានមួយកន្លែងនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៧ ខែមករា។


មីស៊ីលប្រភេទនេះត្រូវបានកូរ៉េខាងជើងធ្វើតេស្ដចុងក្រោយបំផុត កាលពីខែមីនា ឆ្នាំ២០២០ ខណៈមានសេចក្ដីរាយការណ៍ថា KN-24 SRBM កំពុងស្ថិតនៅក្រោមការផលិតជាលក្ខណៈទ្រង់ទ្រាយធំ។ KN-24 ត្រូវបានគេប្រដូចទៅនឹងមីស៊ីលរបស់សហរដ្ឋអាមេរិក US MGM-140។


*មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ពីការធ្វើតេស្ដមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ កាលពីថ្ងៃទី២៥ ខែមករា។ មីស៊ីលនេះហោះបាន ១,៨០០គីឡូម៉ែត្រ មុននឹងធ្លាក់ចំគោលដៅដែលកំណត់នៅលើកោះមួយ ស្ថិតនៅសមុទ្រនៃតំបន់ឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង។ កាលពីខែកញ្ញា ឆ្នាំ២០២១ កូរ៉េខាងជើងក៏ធ្លាប់បាញ់សាកល្បងមីស៊ីលគ្រូសមួយគ្រាប់ដែរ ហើយក្រុមអ្នកវិភាគជឿថាមីស៊ីលដែលត្រូវបានធ្វើតេស្ដកាលពីថ្ងៃទី២៥ ខែមករា គឺជាប្រភេទមីស៊ីលតែមួយនឹងមីស៊ីលកាលពីខែកញ្ញា ដែរ។


*HWASONG-12


កូរ៉េខាងជើងបានចេញមុខអះអាង នៅព្រឹកថ្ងៃចន្ទនេះថា មីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (IRBM)។ វាជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៧ ដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលប្រភេទ IRBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះបានចាប់ពីចម្ងាយ ៩០០គីឡូម៉ែត្រ ទៅដល់ជាង ៥,០០០គីឡូម៉ែត្រនេះ។


មីស៊ីល Hwasong-12 ត្រូវបានកូរ៉េខាងជើងធ្វើតេស្ដដោយជោគជ័យជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០១៧៕


ប្រភព៖ CNA (ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២)

ដោយៈ Fresh News




សម្តេចតេជោ ហ៊ុន សែន សន្ទនាតាមទូរស័ព្ទជូនពរ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម

(ភ្នំពេញ)៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ដើម្បីជូនពរជ័យឆ្នាំថ្មីដល់ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបតាមទូរស័ព្ទ បានធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២។ 


នៅក្នុងជំនួបសន្ទនា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការអបអរ សាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេច បាននាពេលកន្លងមក ជាពិសេស លទ្ធផលសំខាន់ៗដែលទទួលបានពីការអនុវត្តសេចក្តីសម្រេច នៃសមាជបក្សលើកទី១៣ ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងកំឡុងពេល នៃការបន្តឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទការរស់នៅតាមបែប «គន្លងថ្មី»។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ច្បាស់លាស់ និង ត្រឹមត្រូវរបស់ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និង លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ប្រជាជនវៀតណាម នឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងជាបន្តបន្ទាប់ ទាំងក្នុងវិស័យ ការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ។

បន្ទាប់ពីបានសម្តែងនូវក្តីសោមន្សរីករាយ និងការថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអបអរសាទរ និងជូនពរយ៉ាងកក់ក្តរួចមក លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និង លោកនាយករដ្ឋមន្ដ្រី ម៉ិញជិញ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផល សំខាន់ៗដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ ជាពិសេស ការឆ្លើយតបបកបដោយ ប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវី-១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការ បើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញផងដែរ។

ថ្នាក់នាំទាំងពីររបស់វៀតណាម មានជំនឿថាក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ការ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល ប្រទេស និងប្រជាជនកម្ពុជា នឹងបន្តទទួល បាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍប្រទេស រួមទាំងការរៀបចំប្រកប ដោយជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ ខាងមុខនេះ ពិសេសការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយលទ្ធផលផ្លែផ្កា។

លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និងលោកនាយករដ្ឋមន្ត្រី ជាម មិញជិញ និង សម្តេចតេជោ ហ៊ុន សែន បានឯកភាពថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាយ៉ាង ជិតស្និទ្ធដើម្បីលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ប្រកបដោយស័ក្ដិសិទ្ធភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់ ផ្ដល់អាទិភាពដល់ការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារួចនាពេល កន្លងមក លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរវាងគ្នាដើម្បីជំរុញការអភិវឌ្ឍរួម និងជំរុញការសម្របសម្រួល យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា៕













សម្តេចម៉ែ ផ្ញើព្រះរាជសារអបអរសាទរ និងប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពី សម្ដេចអគ្គមហាសេនាបតីតេជោ ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ិនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។



ក្នុងព្រះរាជសារ សម្តេចព្រះមហាក្សត្រី បានអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្ត សម្តេចអគ្គមហាសេនាបតីតេជោ ចំពោះការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយស ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់ សម្តេចអគ្គ មហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយកម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន កម្ពុជា ។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍, មានការធានា ឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើ ឆាកអន្តរជាតិ។

សម្តេចព្រះមហាក្សត្រី បានប្រទានពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារសូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕ 




ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរ និងប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពី សម្ដេចអគ្គមហាសេនាបតីតេជោ ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ិនហាក់ របស់ប្រទេសកូរ៉េខាងត្បូង ។


ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលទាំងស្រុងដូច្នេះថា៖

«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរ ស្តីពី សម្តេចអគ្គ មហាសេនាបតីតេជោ ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ (SUN HAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង ។

ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះនិងសូមកោតសរសើរដ៏កក់ក្ត សម្ដេចអគ្គមហាសេនាបតីតេជោ ចំពោះការទទួលពានរង្វាន់សន្តិភាព ស៊ុនហាក់ គឺជាមហាកិត្តិយស ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់ សម្ដេចអគ្គ មហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជន កម្ពុជា ។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍, មានការធានា ឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើ ឆាកអន្តរជាតិ។

ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារសូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ»៕




ផ្សាយបន្តផ្ទាល់៖ ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានបេតុងឆ្លងទន្លសាប និងផ្លុវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ។

  

ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។

គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង ២លាននាក់។ របាយការណ៍ ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញ មានជាង ២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង ៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ ២លានគ្រឿង។

កំណើនយានយន្ត កំណើនចរាចរណ៍នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបបញ្ហាកកស្ទះខ្លាំងលើការធ្វើដំណើរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវអាកាសនៅចំណុចប្រសព្វ ដែលមានការកកស្ទះខ្លាំង។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨) ។ ក្រៅពីនេះស្ពានអាកាសមួយទៀត គឺស្ពានអាកាសរង្វង់មូលចោមចៅ កំពុងដំណើរការសាងសង់ និងសម្រេចបានជាង ៩០ភាគរយ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ស្ពានអាកាសនេះ ស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបតភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់ក្រុងរណបជ្រោយចង្វា ក៏ដូចជាផ្លូវជាតិលេខ៦នោះ សាងសង់សម្រេចបានច្រើនហើយដែរ។

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២២ ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបនេះ សម្រេចបានជិត ៦៤ភាគរយហើយ។ ស្ពាននេះគ្រោងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣។

ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប មានរចនាបទទំនើប។ មានសរសរធំៗចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពាននេះគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។ ស្ពាននេះមានប្រវែង ៩២២ម៉ែត្រ និងទទឹង២០.៥ម៉ែត្រ៕