Wednesday, April 15, 2020

(Video)៖ អ្នកឆ្លងជម្ងឺកូវីដ១៩ នៅកម្ពុជាបានព្យាបាលជាសះស្បើយចំនួន៩៦នាក់ហើយ ក្នុងរយៈពេល២ថ្ងៃនេះព្យាបាលជាសះស្បើយ១៩នាក់ គ្មានករណីឆ្លងថ្មី និងអ្នកបន្តព្យាបាលបានថយចុះនៅមកត្រឹមតែ២៦នាក់ទៀតប៉ុណ្ណោះ!

អ្នកឆ្លងជម្ងឺកូវីដ១៩ នៅកម្ពុជាបានព្យាបាលជាសះស្បើយចំនួន៩៦នាក់ហើយ ក្នុងរយៈពេល២ថ្ងៃនេះព្យាបាលជាសះស្បើយ១៩នាក់ គ្មានករណីឆ្លងថ្មី និងអ្នកបន្តព្យាបាលបានថយចុះនៅមកត្រឹមតែ២៦នាក់ទៀតប៉ុណ្ណោះ!

នៅព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានជូនព័ត៌មានអំពីស្ថានភាពជម្ងឺកូវីដ១៩នៅកម្ពុជា ដោយបានបញ្ជាក់ឱ្យដឹងថា អ្នកឆ្លងជម្ងឺកូវីដ១៩ បានព្យាបាលជាសះស្បើយ៥នាក់បន្ថែមទៀត ដែលធ្វើឱ្យមានការកើនឡើងចំនួនអ្នកព្យាបាលជាសះស្បើយរហូតដល់៩៦នាក់ ខណៈដែលក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ គ្មានករណីឆ្លងថ្មីទៀតទេ។
ដូចនេះ ក្នុងចំណោមអ្នកឆ្លងជម្ងឺកូវីដ១៩នៅទូទាំងប្រទេសកម្ពុជាគិតពីពេលចាប់ផ្តើមដំបូងមកដល់ពេលនេះមានចំនួន១២២នាក់ បន្ទាប់ពីបានព្យាបាលជាសះស្បើយសរុបកើនឡើងរហូតដល់៩៦នាក់នោះ គឺអ្នកជម្ងឺដែលកំពុងនៅបន្តព្យាបាល បានថយចុះមកនៅត្រឹមតែ២៦នាក់ទៀតប៉ុណ្ណោះ ហើ់យសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខតាមរយៈការប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យ អ្នកជម្ងឺដែលកំពុងបន្តព្យាបាល នឹងត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ទៀត។
បើទោះបីជាគ្មានករណីឆ្លងថ្មីរយៈពេល២ថ្ងៃជាប់គ្នាយ៉ាងនេះក្តី ក៏ក្រសួងសុខាភិបាលនៅតែបន្តជូនដំណឹងដល់សាធារណជនឱ្យចូលរួមប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏កាចសាហាវនេះ និងចូលរួមអនុវត្តបទបញ្ជា និងវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នេះ ហើយនឹងបន្តជម្រាបជូនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh និងបានបញ្ជាក់ថា គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ៕