Tuesday, December 06, 2016

ហ្វេសប៊ុក Boulam San៖ លោក អំ សំអាត និងវិទ្យុអាស៊ីសេរីស្រវាំងភ្នែកមើលមិនឃើញការពិត និងខំការពារចៅហ្វាយ

(ភ្នំពេញ)៖ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Boulam San កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៦ នេះ បានបង្ហោះសារ និងរូបភាពរិះគន់ចំៗចំពោះអង្គការសិទ្ធិមនុស្សលីកាដូ ដែលជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប៉ុន្ដែមិនហ៊ាននិយាយអំពីបញ្ហានៃការរំលោភសិទ្ធិមនុស្ស ពីសំណាក់សមត្ថកិច្ចអាមេរិកមកលើក្រុមបាតុករ ដែលបានធ្វើបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ នោះទេ។
ដូចគ្នានេះដែរ វិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដែលទទួលជំនួយពីបរទេសដើម្បីធ្វើការផ្សព្វផ្សាយរិះគន់មកលើរាជរដ្ឋាភិបាលកម្ពុជាកន្លងមកនេះ ក៏ត្រូវបានហ្វេសប៊ុក Boulam San រិះគន់ដែរថា មិនហ៊ានចេញផ្សាយនូវព័ត៌មានណាមួយចំពោះអាជ្ញាធរអាមេរិកដែលបានប្រើប្រាស់កម្លាំង រំលោភទៅលើសិទ្ធិធ្វើបាតុកម្មរបស់ក្រុមបាតុករ ដែលក្រុមបាតុករទាំងនោះត្រូវបានគេដឹងថា ជាក្រុមដែលគាំទ្រលោកស្រី ហ៊ីលឡឺរី គ្លីនតុន។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់គណនីហ្វេសប៊ុក Boulam San ៖
“សូមផ្ញើរូបភាពទាំងនេះជូនលោក អំ សំអាត និងវិទ្យុអាស៊ីសេរី ក្រែងលោស្រវាំងភ្នែកមើលមិនឃើញការពិត ហើយនៅតែប្រឹង ការពារ ចៅហ្វាយនាយ។ លោក អំ សំអាត មានខ្មាសខ្លួនឯងទេដែលសកម្មភាពបែបនេះលោកថា មិនរំលោភសិទ្ធិមនុស្ស? សកម្មភាពដូចគ្នានេះ បើកើតនៅស្រុកខ្មែរវិញ ម៉្លេះសមពួកអស់លោកប្រមូលគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងកងរំពងជាមិនខាន មិនមែនបិទមាត់ ជិតឈឹងមិនហារស្តីមួយម៉ាត់បែបនេះទេ។ ចំណែកវិទ្យុមហាឯករាជ្យឈ្មោះអាស៊ីសេរីវិញរឹតតែលែងហ៊ានហើបមាត់ទាល់តែសោះ ស្ងាត់ឈឹងដូចចោរលួចសេះ។ ប្រែតអាដាមក៏មិនឃើញហារមាត់ដែរ។ នេះហើយសារជាតិពួកសិទ្ធិមនុស្ស និងសារជាតិវិទ្យុបម្រើមហិច្ឆតា បរទេស ពូកែព្រុសបានតែខ្មែរគ្នាឯង!”៕

លោក ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ដល់អតីតនិស្សិត ជំនាន់ទី១ ដល់ទី៨ នៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ និងបរិញ្ញាបត្របច្ចេកវិទ្យា ជូននិស្សិតវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ៣១១៣នាក់ ដែលបានបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០០៥ ដល់២០១៥។
ពិធីនេះរៀបចំឡើងនៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ អាណាព្យាបាល ឪពុកម្តាយ ក្រុមគ្រួសារនិស្សិតយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយ។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះម្ចាស់ជ័យលាភី ទាំង៣១១៣នាក់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ថ្លែងថា វិទ្យាស្ថាននេះ ត្រូវបានកសាងដោយមូលនិធិកម្ចីសម្បទាន EDCF នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចំណាយជាង៣៤លានដុល្លារ និងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វិទ្យាស្ថានមានអាយុជាង១១ឆ្នាំ កំពុងបណ្តុះបណ្តាលនិស្សិតជំនាន់ទី១២ ។ លោកបន្តថា នាថ្ងៃនេះ ជ័យលាភីដែលត្រូវទទួលសញ្ញាបត្រ ជាអតីតនិស្សិតជំនាន់ទី១ ដល់ទី៨ ដែលមានចំនួន ៣១១៣នាក់ ស្រី១៩៨នាក់ ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា១៧៤៣នាក់ (ស្រី១៤០នាក់) ថ្នាក់បច្ចេកទេសជាន់ខ្ពស់ ១៣៤៣នាក់ (ស្រី៥៤នាក់) និងវិញ្ញាបនបត្របច្ចេកទេស ២៧នាក់ (ស្រី៤នាក់)។
លោកបន្តថា វិទ្យាស្ថានជាតិពហុបច្ចេកទេស សូមប្តេជ្ញាដើរតាមចក្ខុវិស័យដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា លើវិស័យអប់រំបណ្តុះបណ្តាល តាមរយៈការបន្តធ្វើឲ្យកាន់តែប្រសើរឡើង បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ទាំងជាតិ និងអន្តរជាតិ ពង្រឹងគុណភាពការគ្រប់គ្រង ការបណ្តុះបណ្តាល និងគ្រឹះស្ថានទាំងមូល ក៏ដូចជាពង្រីកបន្ថែមនូវការស្រាវជ្រាវ និងបោះពុម្ពផ្សាយបច្ចេកវិទ្យាថ្មីៗ ដែលទំនើប និងមានលក្ខណៈអនុវត្ត។




ក​ម្ពុជា-កូរ៉េផ្លាស់​ប្តូរបទ​ពិសោ​ធន៍ និង​​ទស្សនៈ​ស្តី​ពីការផ្សព្វ​ផ្សាយតាម​ប្រព័ន្ធឌី​ជីថល​

(ភ្នំពេញ) នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ មានការរៀបចំសិក្ខាសាលាមួយ ស្តីពីការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនទាន ស្តីពីការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារសូហ្វីធែល។
ក្នុងឱកាសនោះផងដែរ លោក សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីភាពបានបញ្ជក់ថា សាធារណរដ្ឋកូរ៉េ ជាប្រទេសឈានមុខគេមួយក្នុងការបង្កើតអភិវឌ្ឍន៍ និងផលិតសម្ភារដែលបម្រើឲ្យការងារផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ហើយសម្ភារទាំងអស់នោះ ក៏ត្រូវបានចែកចាយទូទាំងពិភពលោកផងដែរ។
លោក គីម យ៉ុងតេ ប្រធានសមាគមន៍លើកកម្ពស់វិទ្យុកូរ៉េ ក៍បានថ្លែងឱ្យដឹងផងដែរថា ថ្ងៃនេះ គឺជាថ្ងៃដ៍វិសេសវិសាល ដែលបានដាក់ឱ្យដំណើរការសាកល្បងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដែលជាមូលដ្ឋានគ្រិះសម្រាប់ការផ្លាស់ប្ដូរការផ្សព្វផ្សាយ។ លោកថា តាមរយៈនេះយើងសង្ឃថា ប្រជាពលរដ្ឋកម្ពុជា នឹងបានទស្សនាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដែលផ្ដល់ជូននូវប្រព័ន្ធរូបភាពច្បាស់ ជាងការផ្សាយតាមប្រព័ន្ធ អាណាឡូស (Analoge)។
កម្មវិធីសិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នេះ ដោយរួមមានការធ្វើបទបង្ហាញ ស្តីពីប្រភេទសម្ភារៈ ដែលត្រូវបានប្រើប្រាស់ក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ការផ្លាស់ប្តូរបទពិសោធន៍ទាក់ទង នឹងព័ត៌មាន និងការពិភាក្សាគ្នារវាងស្ថាបនផ្សព្វផ្សាយកម្ពុជា និងកូរ៉េផងដែរ។ សិក្ខាសាលានេះដែរ បានទទួបានកិច្ចសហការឧបត្ថម្ភពីក្រសួងវិទ្យាសាស្ត្រ អាយស៊ីធី និងផែនការអនាគត នៃសាធារណរដ្ឋកូរ៉េ (MSIP), ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា, សមាគមន៍លើកកម្ពស់វិទ្យុកូរ៉េ(RAPA) និងសមាគមឧបករណ៍អេឡិចត្រូនិកកូរ៉េ (KEA)៕


ការងារជួសជុលប្រាសាទ ជាមុខរបរមរតកមួយនៃអ្នកស្រុកអង្គរ

រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌរស់របស់មនុស្សជាតិ។ រមណីយដ្ឋាននេះមិនមានត្រឹមតែប្រាង្គប្រាសាទ ព្រៃព្រឹក្សាប៉ុណ្ណោះទេ តែក៏មានមនុស្សរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត និងរក្សាទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អទៀតផង។ អ្នកស្រុកដែលរស់នៅក្នុងតំបន់រមណីយដ្ឋានពិភពលោកនេះ គេច្រើនហៅថា អ្នកអង្គរ។ ក្រៅពីមុខរបរជាកសិករ អ្នកអង្គរច្រើនតែមានមុខរបរច្រើនទៀត ដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ដូចជា កម្មករជួសជុលប្រាសាទ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារការពារព្រៃឈើជុំវិញអង្គរជាដើម។
លោកតា ឈិញ ដោយ គឺជាមនុស្សម្នាក់ដែលបានមានមុខរបរជាកម្មករ ជួសជុលប្រាសាទ ស្ទើរពេញមួយជីវិត និងកំពុងតែបន្តមរតកនេះដល់ក្មេងៗជំនាន់ក្រោយ។ មានទីលំនៅ នៅភូមិនគរក្រៅ ជាប់នឹងក្រុងអង្គរធំ តា ដោយ ធ្លាប់ធ្វើការងារជាកម្មករជួសជុលប្រាសាទស្ទើរគ្រប់ជំនាន់ គឺតាំងពីជំនាន់បារាំង សម័យសង្គ្រាម និងសម័យក្រោយសង្គ្រាម។ សព្វថ្ងៃ លោកតា កំពុងធ្វើនៅការដ្ឋានJASA ជួសជុលប្រាសាទបាយ័ន។ “ប្រាសាទ និងផ្ទះរបស់ខ្ញុំវាសឹងតែជាកន្លែងតែមួយទៅហើយ ព្រោះតាំងពីក្មេងមកខ្ញុំនៅតែនឹងប្រាសាទ។ ខ្ញុំធ្វើការក្នុងប្រាសាទតាំងសម័យបារាំង ពេលដែលខ្ញុំមានអាយុប្រហែល១៧ឆ្នាំនៅឡើយ។ សព្វថ្ងៃអាយុ៧០ឆ្នាំហើយ ក៏នៅតែធ្វើការនឹងប្រាសាទដដែល”។
ដោយរៀបរាប់ពីសកម្មភាពការងារជួសជុលប្រាសាទតាំងពីក្មេងមកដល់ពេលនេះ លោកតា ដោយ បញ្ជាក់ថា “ប្រាសាទច្រើនណាស់ ដែលខ្ញុំធ្លាប់បានជួសជុល ដូចជាក្នុងសម័យបារាំង ជួសជុល ប្រាសាទធម្មនន្ទ ប្រាសាទបាភួន ជាដើម។ ក្នុងសម័យសង្គ្រាម គេជម្លៀសខ្ញុំទៅវត្តអធ្វារ ក៏ជួសជុលនៅប្រាសាទវត្តអធ្វារទៀត។ ក្រោយសម័យសង្គ្រាម ខ្ញុំក៏ចូលធ្វើការនៅតាមប្រាសាទផ្សេងៗទៀតដូចជា ប្រាសាទបាគង ប្រាសាទលលៃ។ តាំងពីជប៉ុនមកជួសជុលប្រាសាទបាយ័ននេះក្នុងឆ្នាំ១៩៩៤មក ខ្ញុំក៏ចូលមកធ្វើជាមួយគេរហូតមក ដោយបន្តជួសជុលនៅប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ននេះឯង”។
“ដំបូងយើងធ្វើតែការងារជាកម្មករធម្មតាៗ ដូចជា ដាប់ថ្ម ឈូសថ្ម ដំរៀបថ្មជាដើម។ ដល់យូរៗទៅ យើងកាន់តែជំនាញ គេឲ្យយើងឆ្លាក់ក្បាច់ខ្លះៗជំនួសក្បាច់ដែលវាខូច។ ឥឡូវយើងកាន់តែចាស់ គេឲ្យយើងជួយបង្ហាត់ក្មេងៗជំនាន់ក្រោយ និងជួយដឹកនាំការងារមើលការងារខុសត្រូវលើក្មេងៗដែលមិនទាន់ចេះច្បាស់។ ខ្ញុំស្រឡាញ់ការងារនេះណាស់ ខ្ញុំមិនមែនធ្វើការតែនៅប្រាសាទទេ ទោះជាខ្ញុំទៅផ្ទះហើយក៏ដោយ ក៏ខ្ញុំតែងគិតមមៃមករកការងារដែលខ្ញុំធ្វើរហូត”។
មិនត្រឹមតែលោកតា ដោយ ម្នាក់ឯងទេ ដែលមកធ្វើការនៅតាមប្រាសាទ កូនរបស់គាត់៦នាក់ផ្សេងទៀត បូករួមនឹងចៅប្រុសម្នាក់ទៀត ក៏កំពុងធ្វើការនៅតាមប្រាសាទដែរ។ “ខ្ញុំមានកូនទាំងអស់១២នាក់ ប៉ុន្តែនៅរស់តែ៨នាក់ទេ។ កូនប្រុសខ្ញុំ៥នាក់ និងចៅប្រុសម្នាក់កំពុងធ្វើការជាមួយខ្ញុំនៅ JASA ជួសជុលប្រាសាទបាយ័ននេះ ចំណែកកូនម្នាក់ទៀត គេធ្វើការជាមួយក្រុមអាមេរិកាំងនៅភ្នំបាខែង”។
ក្រៅពី លោកតាដោយ និងក្រុមគ្រួសាររបស់គាត់ នៅមានអ្នកអង្គររាប់ពាន់ផ្សេងទៀត ដែលមានមុខរបរពាក់ព័ន្ធនឹងកិច្ចអភិរក្សបេតិកភណ្ឌអង្គរ។ ក្រៅពីនេះ អ្នកអង្គរក៏នៅតែជាឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីដូនតាដ៏ច្រើន ដែលតំបន់ផ្សេងៗទៀត មិនសូវយកចិត្តទុកដាក់ ឬបានបោះបង់ចោលទៅហើយ។ កិច្ចពិធីទាំងនេះមានដូចជា ពិធីសុំទឹកភ្លៀង ពិធីឡើងមាឃ ពិធីកោរជុកជាដើម៕




លោក សាយ ឈុំ អនុញ្ញាតជូន លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនថ្មី ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម។
ការជួបពិភាក្សា និងសម្តែងការគួរសមនាពេលនេះ ក្នុងឱកាសដែល លោក Hidehisa HORINOUCHI ទើបត្រូវបានតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា៕



សាលាក្តីខ្មែរក្រហម ចេញសេចក្តីថ្លែងការណ៍ផ្លូវការ ជុំវិញសេចក្តីសង្ខេបរបស់សហព្រះរាជអាជ្ញា ស្តីពីដីកាសន្និដ្ឋានស្ថាពររបស់លោក អ៊ឹម ចែម

(ភ្នំពេញ)៖ សាលាក្តីខ្មែរក្រហម បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ជុំវិញសេចក្តីសង្ខេបរបស់សហព្រះរាជអាជ្ញា ស្តីពីដីកាសន្និដ្ឋានស្ថាពរ របស់លោក អ៊ឹម ចែម នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់សាលាក្តីខ្មែរក្រហម បានបញ្ជាក់ឱ្យដឹងថា វិធានការ៥៤ នៃវិធានការផ្ទៃក្នុងរបស់ អ.វ.ត.ក ថ្លែងថា ខណៈដែលដីកាសន្និដ្ឋានស្ថាពរ របស់សហព្រះរាជអាជ្ញាគឺជាឯកសារសម្ងាត់ ប៉ុន្តែដោយគិតដល់តម្រូវការក្នុងការផ្តល់ព័ត៌មាន ដល់សាធារណជនអំពីវិវឌ្ឍនភាព នៃដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញា សហព្រះរាជអាជ្ញាអាចផ្តល់ឱ្យសាធារណជននូវព័ត៌មានសង្ខេប ដែលមាននៅក្នុងដីកានេះ។ សេចក្តីសង្ខេបរបស់សហព្រះរាជអាជ្ញា ស្តីពីដីកាសន្និដ្ឋានស្ថាពរពាក់ព័ន្ធ នឹងកិច្ចស៊ើបសួរ អ៊ឹម ចែម ត្រូវបានចេញ ដោយយោងតាមវិធានការនេះ ហើយជំនឿរបស់សហព្រះរាជអាជ្ញា ដែលថា តម្លាភាព និងធ្វើជាវិភាគទាន ដល់ទំនុកចិត្តរបស់ សាធារណជន នៅក្នុងស្ថាប័នតុលាការ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ពីការសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ ប៉ុន្តែមិនបានរាប់បញ្ចូលនូវទស្សនៈរបស់មេធាវីការពារក្តីនោះទេ។ បន្ថែមពីលើនេះ សេចក្តីសង្ខេបលើសេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញានេះ គឺមិនមែនមានចេតនាឆ្លុះបញ្ចាំងពីទស្សនៈ របស់សហចៅក្រមស៊ើបអង្កេត ដែលពួកគាត់ត្រូវធ្វើការកំណត់ផ្ទាល់ខ្លួនអំពីបញ្ហាទាំងនេះ៕
សូមអានសេចក្តីថ្លែងការណ៍ របស់សាលាក្តីខ្មែរក្រហម ជុំវិញសេចក្តីសង្ខេប របស់សហព្រះរាជអាជ្ញា ស្តីពីដីកាសន្និដ្ឋានស្ថាពររបស់លោក អ៉ឹម ចែម ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖







លោក ហ៊ុន សែន អំពាវនាវឲ្យស្ថាប័នរបស់រដ្ឋកសាង និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការ

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នរបស់រដ្ឋកសាង និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការ។ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យគ្រឹះស្ថានសាធារណៈចាប់ផ្តើមធ្វើមុនគេ ក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនពិការ ដើម្បីអូសទាញឲ្យវិស័យឯកជនអនុវត្តតាម។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលតែងតែបានផ្តល់ការលើកឡើងទឹកចិត្ត និងបានផ្តល់ទីលំនៅ ដីធ្លី ផ្ទះសម្បែងជូនដល់ជនពិការ  ខណៈដែលជនពិការចំនួនជាង២ម៉ឺននាក់ បាននឹងកំពុងរៀនសូត្រ នៅកម្រិតសិក្សាដោយគ្មានរើសអើង នៅក្នុងសង្គម។ លោក ហ៊ុន សែន ក៏បានសម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ការសម្តែងសិល្បៈ ការប្រគុំតន្រ្តីជនពិការ តែលោកស្នើឲ្យក្រុមជនពិការបញ្ចូលគ្នាជាក្រុម ហើយមិនត្រូវនៅជាក្រុមតូចៗនោះទេ ហើយលោក មិនគាំទ្រចំពោះការប្រគុំតន្រ្តី របស់បងប្អូនជនពិការ នៅតាមបណ្តាស្តុបនានានោះទេ ព្រោះអាចបង្កការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ លោកនាយករដ្ឋមន្ត្រី ក៏ស្នើឲ្យក្រុមសិល្បៈជនពិការ កុំបណ្តោយខ្លួនឲ្យក្លាយជាឧបករណ៍របស់ក្រុមអ្នកនៅពីក្រោយខ្នង ដែលចង់កេងចំណេញផ្នែកណាមួយនោះ។
ដើម្បីជួយសម្រួលដល់ការងារប្រគុំតន្ត្រីជនពិការនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន សន្យាទិញភ្លេងជូនជនពិការ។ ជាមួយគ្នានេះលោកបាន អំពាវនាវដល់ស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានា អញ្ជើញជនពិការទៅច្រៀង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់៕



គណៈកម្មការទី៦ នៃព្រឹទ្ធសភា បើកកិច្ចប្រជុំពិភាក្សាការងារនៅសាលាដំបូងខេត្តឧត្តរមានជ័យ

(ឧត្តមរមានជ័យ)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយ លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយតុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ នៅសាលាដំបូងខេត្តឧត្តរមានជ័យ ។
កិច្ចប្រជុំនេះ គឺដើម្បីស្តាប់អំពីការរាយការណ៍ ការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី របស់សាលាដំបូងខេត្តឧត្តរមានជ័យ និងមន្ត្រីនគរបាលយុត្តិធម៌។
នៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីនគរបាលយុត្តិធម៌ ដែលរួមមាន៖ នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀត ដែលមាននីតិសម្បទា ពិសេសជាមន្ត្រីនគរបាលយុត្តិធម៌ សម្រាប់ពិនិត្យបទល្មើសខាងរដ្ឋបាលព្រៃឈើ ជលផល បសុពេទ្យ បរិស្ថាន កាំកុងត្រូល កាំសាប កិច្ចការនារី គយ ពន្ធដារ ឧស្សាហកម្ម និងសិប្បកម្ម៕




លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជួបពិភាក្សាការងារជាមួយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាការងារជាមួយលោកស្រី Polly Dunford នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅទីស្តីការក្រសួងរៀបចំដែនដី។
នៅក្នុងជំនួបពិភាក្សាការងារនាពេលនោះ ក៏បានឈានដល់ការឯកភាពគ្នាសហការដើម្បី      ពន្លឿនការងារចុះបញ្ជីដីធ្លីសហគមន៍ជនជាតិដើមភាគតិច និងរួមសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកផងដែរលើយន្តការដោះស្រាយវិវាទដីធ្លី៕



លោក​ស្រី ម៉ែន សំអន អញ្ជើញ​ចូលរួមបុ​ណ្យព្រះស​ព ព្រះ​មុនីកោ​សល ហ៊ុល​ សុវណ្ណ​

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យព្រះសព ព្រះមុនីកោសល ហ៊ុល សុវណ្ណ ព្រះរាជាគណៈថ្នាក់ទោកត្តិបណ្ឌិតសមាជិកថេរសភាសង្ឃ ឧត្តមក្រុមប្រឹក្សាអក្សរសាស្ត្រជាតិ ព្រះប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ព្រះអនុគណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) ដែលបានទទួលមរណភាពកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៨:៥៥នាទីព្រឹក ក្នុងជន្មាយុ ៩៣ព្រះវស្សា ដោយរោគាពាធ ។
ពិធីបុណ្យត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តទួលសុវណ្ណរាម (ហៅវត្តទួលសង្កែ) ដែល ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។
នាឱកាសនោះផងដែរលោកស្រី ក៏បានចូលរួមសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារនៃសព និងបានសូមបួងសួងឧទ្ទិសដល់ដួងវិញ្ញានក្ខន្ធរបស់ព្រះអង្គបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ ការជ្រើសរើសមន្ដ្រីនគរបាលប៉ុស្ដិ៍ចេញពីមូលដ្ឋានដែលគាត់រស់នៅ ធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការជ្រើសរើសមន្ដ្រីប៉ុស្ដិ៍នគរបាលនីមួយៗ គឺត្រូវតែរើសចេញពីមូលដ្ឋានដែលពួកគាត់រស់នៅ ព្រោះថា ពួកគាត់ដឹងសុខទុក្ខរបស់ពលរដ្ឋច្រើនជាងអ្នកនៅខាងក្រៅ និងម្យ៉ាងទៀត ជៀសវាងការផ្ទេរចុះឡើង។ ការបញ្ជាក់បែបនេះ របស់លោក ស ខេង ត្រូវបានធ្វើឡើង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងសន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេស លើកទី១ និងការអនុវត្តការងារនគរបាល និងសហគមន៍ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក ស ខេង ថ្លែងយ៉ាងដូច្នេះថា «ការជ្រើសរើសមន្ដ្រីនគរបាលប៉ុស្ដិ៍ លក្ខខណ្ឌចាំបាច់មួយដែលត្រូវគោរពឱ្យបាន គឺត្រូវតែជាកូនចៅរបស់ប្រជាពលរដ្ឋ នៅកន្លែងនោះ ពីព្រោះប្រសិនបើឱ្យអ្នកនៅភ្នំពេញ ទៅធ្វើមន្ដ្រីនគរបាលប៉ុស្ដិ៍នៅកន្លែងណាមួយនោះ គាត់ប្រាកដជាមិនទៅនោះទេ ហើយប្រសិនបើទៅ ក៏នៅមិនយូរនោះទេ នឹងប្ដូរចេញមកវិញហើយ»។
លោក ស ខេង បន្ថែមថា «ប្រសិនបើជ្រើសរើសចេញពីកូនរបស់ប្រជាពលរដ្ឋ ពួកគាត់ប្រាកដជាធ្វើការនៅទីនោះហើយ គាត់មិនប្ដូរចេញនោះទេ មួយវិញទៀតគឺគាត់ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទីនោះ ច្រើនជាងអ្នកទៅពីក្រៅ»។ លោករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ដែរថា ប្រសិនបើមន្ដ្រីនគរបាលប៉ុស្ដិ៍ណា ធ្វើការទៅមានការប៉ះពាល់ជាមួយពលរដ្ឋ នៅឃុំដែលខ្លួនកំពុងធ្វើការនោះ ថ្នាក់លើត្រូវតែប្ដូរចេញពីឃុំដែលកំពុងធ្វើការនោះ ទៅឃុំមួយផ្សេងទៀត ដែលនៅក្បែរនោះ។ ដោយឡែកមន្ដ្រីនគរបាលស្រុក ខេត្ត ក៏គួរតែជ្រើសចេញពីមូលដ្ឋាន ដូចគ្នាដែរ តែប្រសិនបើមិនមានអ្នកចូលប្រឡងនោះទេ ត្រូវរើសចេញពីពលរដ្ឋដែលមានស្រុក ឬខេត្តដែលនៅក្បែរនោះ៕






លោក​ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុងពិ​ធីអបអរសាទរ​ទិវាជនពិ​ការកម្ពុជា​​លើក​ទី១៨​ និង​​ទិវាជន​ពិការអន្តរ​ជាតិ​ ៣៤

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី ៣៤  រៀបចំដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា លើគ្រប់វិស័យពិការភាព នៅមជ្ឈមណ្ឌលកោះពេជ្រ។