Thursday, September 11, 2014

គណៈ​កម្មការ​​ទទួល​ និង​​ដោះ​​ស្រាយ​​ពាក្យ​​បណ្តឹង​ រួម​​ជា​​មួយ​​អភិបាល​​ខេត្ត​​កណ្តាល​ ចុះ​ដោះ​​ស្រាយ​​បញ្ហា​​ទំ​នាស់​​ដី​ធ្លី​​ជូន​​ប្រជា​​ពល​រដ្ឋ​១៣៤គ្រួសារ នៅ​ស្រុក​ពញាឮ

ព្រឹក​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្រុមការ​ងារ​គណៈកម្មការចំរុះទទួល និងដោះស្រាយ​ពាក្យ​បណ្តឹងតវ៉ាដឹកនាំដោយឯកឧត្តមប៉ាល់ច័ន្ទតារ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល និងជា​សមាជិក​​អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីឯកឧត្តម សេង សាវន ទីប្រឹក្សា​អម​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ឯកឧត្តមផៃ ប៊ុនឈឿនអភិបាល ​នៃគណៈអភិបាលខេត្តកណ្តាល និង​ជា​ប្រធានដោះស្រាយ​វិវាទដីធ្លីខេត្ត ព្រម​ទាំង​ថ្នាក់​ដឹក​នាំ បាន​ចុះ​ទៅ​ដោះ​ស្រាយ​​បញ្ហាទំ​នាស់​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ ជា​មួយ​ឈ្មួញ​​​ នៅឃុំ​ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល 

ប្រជាពលរដ្ឋដែលមាន​ទំនាស់ដីធ្លីចំនួន០៥ ភូមិ ក្នុងនោះមាន ភូមិស្លែងមានជ័យភូមិកាកាបភូមិប្រាសាទភូមិស្វាយឃុំឈ្វាំងនិងភូមិស្លែងឃុំជ្រៃលាស់ស្រុកពញាឮខេត្តកណ្តាលដែលមានប្រជាពលរដ្ឋចូល​រួម​​ចំនួន ១៣០ នាក់ ក្នុងចំណោម​ប្រជាពល​រដ្ឋ​ដែល​មានទំនាស់ដីធ្លី ចំ​នួន​​១៣៤ គ្រួសារ លើ​ផ្ទៃ​ដីទំហំ ១៥៥ ហិកតា ដែលមាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​លោកស្រី លឹម គាលើបញ្ហា​ទិញ-លក់​ ​ដោយអ្នក​ខ្លះមិន​​ទាន់​បានទទួល​ប្រាក់គ្រប់ចំ​នួន និង​អ្នក​ខ្លះ​ទៀតត្រូវ​គេរំ​លោភ​យក​ដី​ទាំង​ស្រុង និង​យក​ទៅ​លក់​បន្ត​ទៅ​អ្នក​ផ្សេង​។

ទំ​នាស់​ដី​ធ្លី​នេះ  បាន​កើតមាន​ឡើង​ចាប់​តាំងពីឆ្នាំ១៩៩៨មកម៉្លេះ និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន ដែល​ក្នុង​នោះ​មាន​ការ​ប្តឹង​ផ្តល់​គ្នា​ឡើង​ទៅ​តុលាការ​ និង​ប្រជាពលរដ្ឋ​មួយ​ចំ​នួន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ហើយ​ក៏​មាន​ការប្តឹង​ទាម​ទារ​ស្វែង​រក​ដំ​ណោះ​ស្រាយ​រហូត​មក​ដល់​សាលាខេត្តកណ្តាល​ ប៉ុន្តែ​ នៅ​ពេល​ចុង​ក្រោយ​នេះ ប្រជា​ពល​រដ្ឋ​ក៏​បាន​យក​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​មកស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេចតេជោ នាយក​រដ្ឋមន្ត្រី​។

ក្នុង​ឱកាស​ជួប​ជា​មួយ​ប្រជា​ពលរដ្ឋ ឯកឧត្តមផៃ ប៊ុនឈឿន បានលើកឡើងថា ការដែល​ក្រុម​ការងារ​ចម្រុះ​ចុះ​មកជួបនេះ គឺ​ក្នុង​គោល​បំ​ណង​ដើម្បីស្តាប់សំណូមពររបស់​ប្រជាពលរដ្ឋ​នូវបញ្ហា​ដែល​កើត​មាន​ឡើង​ និង​ធ្វើការសិក្សា រកវិធានការដោះស្រាយជូន ដោយអនុវត្តតាម​​គោល​នយោបាយ​ឈ្នះៗរបស់សម្តេចតេជោ។

តំ​ណាង​ប្រជាពលរដ្ឋចំនួន ១៥ នាក់ បាន​លើក​ឡើងថា  ភាគីក្រុមហ៊ុន មិនទាន់​បានឲ្យប្រាក់​គ្រប់ចំនួន ហើយថែម​ទាំង​បាន​ប្តឹង​ប្រជា​ពល​រដ្ឋ​ទៅ​តុលាការ ដោយចោទថា ប្រជាពលរដ្ឋក្លែង​បន្លំ​ឯកសារ និងលើក​ឡើងថា ​អ្នក​ទិញ​អត់​ទាន់​ទទួល​ដី​ និង​​បាន​បង្ខំឲ្យប្រជាពលរដ្ឋទាំង ១៣៤ គ្រួសារ ផ្តិតមេដៃជូនថា បានលក់ដី ហើយ​និង​បាន​ទទួល​លុយគ្រប់ចំនួនដើម្បី​បញ្ចប់​ការតវ៉ា។

ប្រជាជនម្នាក់ទៀត បានចោទទៅ​លើរដ្ឋ​អំណាច​មូល​ដ្ឋាន​ថា បានលួចលក់ដីរបស់គាត់ឲ្យ​ទៅ​ក្រុម​​ហ៊ុនរបស់លោកស្រី លឹម គា នេះ និង​ប្រជាជន​មួយចំនួនទៀត បានសំណូមពរឲ្យ​អភិបាល​​ខេត្តកណ្តាល ចាត់វិធានការទប់ស្កាត់លោកស្រី លឹម គាំ កុំឲ្យប្តឹងពួកគាត់ទៅ​តុលាការ​​ជាបន្តទៀត។

សំណូមពរ ប្រជាពលរដ្ឋខ្លះ បានសុំ​ឲ្យ​លោកស្រី លឹម គា បង់លុយឲ្យពួក​គាត់ឲ្យ​បានគ្រប់​ចំនួន និងប្រជាពលរដ្ឋខ្លះទៀត បាន​សុំយក​ដី​របស់ពួកគាត់ត្រឡប់មកវិញ។

ឯកឧត្តម ផៃ ប៊ុនឈឿន បានសំ​ណូម​ពរ​ដល់​ប្រជាពលរដ្ឋ ឲ្យរក្សាភាពស្ងប់ស្ងាត់ កុំទៅធ្វើ​បាតុកម្មនៅទីក្រុងភ្នំពេញ ព្រោះ​បញ្ហា​ខាង​លើ​នេះ ឯកឧត្តម រួម​ជា​មួយ​ក្រុម​ករងារ​ នឹងធ្វើរបាយ​​ការណ៍​​​ជូនប្រមុខ​រាជរដ្ឋាភិបាល​ជ្រាបជា​ជំហាន​ទី១ និងជាជំហានបន្ទាប់ នឹងធ្វើការ​ជាមួយ​​ភាគីក្រុម​ហ៊ុន​របស់លោកស្រី លឹម គា ដើម្បីធ្វើការដោះស្រាយនូវបញ្ហានេះជូនដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​ដែលមានទំនាស់ទាំងអស់។

ឯកឧត្តម ផៃ ប៊ុនឈឿន ក្នុង​នាម​ក្រុម​ការងារ​ចម្រុះ​ បាន​សន្យាថា នឹងត្រឡប់មក​ជួប​បង​​ប្អូន​ប្រជាពល​រដ្ឋ ជា​​ថ្មីម្តង​ទៀត​នៅ​ពេល​ក្រោយ ​ហើយនឹងធ្វើរបាយការណ៍ជូនប្រមុខ​រាជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយបញ្ចប់ ជាចុង​ក្រោយ៕