Sunday, July 10, 2016

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្កោលទោសចំពោះអំពើបាញ់សម្លាប់លើបណ្ឌិត កែម ឡី

(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមប្រកាសថ្កោលទោសចំពោះអំពើឃាតកម្មលើបណ្ឌិត កែម ឡី និងសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់!

មន្រ្តីរាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ក៏សូមអំពាវនាវដល់បណ្តាញផ្សព្វផ្សាយនានា មេត្តារក្សាជំហរ ព័ត៌មានឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងករណីនេះ ដោយទុកលទ្ធភាពឲ្យមន្ត្រីមានសមត្ថកិច្ចស៊ើប អង្កេតស្រាវជ្រាវករណី នេះ!

សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Stamart ស្តុបបូកគោ ខណ្ឌចំការមន។ ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញ អាវប្រឡាក់ឈាម ហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារមិនសង។

ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ជនសង្ស័យបានសារភាព ថា ខ្លួនជិះម៉ូតូឌុបមកទេ ហើយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះ៕