Monday, January 12, 2015

សម្តេច​​តេជោ​​សម្ពោធ​​ដាក់​​ឱ្យ​ដំណើរ​ការ​​វារី​អគ្គិស​នី​​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​​ដែល​​មាន​​តម្លៃ​​ជិត​​៥០០លាន​​ដុល្លារ​​អាមេរិក

វារី​អគ្គិសនីស្ទឹង​ឫស្សី​ជ្រុំក្រោម ស្ថិត​នៅ​តំបន់​ជួរ​ភ្នំក្រវ៉ាញ ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង មាន​ចម្ងាយ​ប្រមាណ ៣៥​គីឡូ​ម៉ែត្រ ពី​ទីតាំង​ខាង​ក្រោម និង​ចម្ងាយ​ប្រមាណ​ ៤៩​គីឡូ​ម៉ែត្រ​ពី​ទីតាំង​ខាង​លើ​ទៅ​ទីរួម​ខេត្ត​កោះកុង ដែល​តម្លៃ ៤៩៥​លាន ៧​សែន ៦ម៉ឺន​ដុល្លារ​អា​មេរិក វិនិ​យោគ​ទុន​ដោយក្រុមហ៊ុនមក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្ពោធ​​បើក​ដំណើរការ​ជា​ផ្លូវ​ការ​ហើយ នៅ​ព្រឹក​ថ្ងៃទី១២ ខែ​មករា ឆ្នាំ២០១៥ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា។
ដោយ​ចាត់​ទុក​វារីអគ្គិសនីស្ទឹង​ឫស្សីជ្រុំក្រោម ជាវារី​អគ្គិសនី​កំរិត​ធំបំផុត​សម្រាប់​កម្ពុជា​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ​បានមានប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាគី​ពាក់ព័ន្ធ​ ដែល​ប្រឹង​ប្រែង​រួម​គ្នា​សម្រេច​បាននូវ​សមិទ្ធ​ផល​វារីអគ្គិសនី​សម្ពោធ​ដាក់ឱ្យដំណើរ​ការនៅ​ពេលនេះ និង​កោត​សរសើរ​ដល់​ក្រុម​ហ៊ុន​សាជីវកម្ម China Huadian Hongkong company ប្រទេសចិន ដែល​បានខិត​ខំ​សិក្សា​កសាង​ទំនប់​វារីអគ្គិសនី​នៅក្នុង​តំបន់​ដាច់​ស្រ​យាល​​មួយ​នេះ ​ដើម្បី​បង្កើត​ឡើង​នូវ​សមិទ្ធ​ផល​ដ៏ធំ​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ពិសេស​បាន​ថ្លែង​អំណេគុណ ចំពោះ​ការ​គាំទ្រ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​ចិន​ដែល​ជានិច្ច​កាល បាន​លើក​ទឹក​ចិត្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន​របស់​ចិនមក​វិនិយោគនៅ​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការសាងសង់​វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​នេះ ចិន​មាន​លទ្ធភាព​ច្រើន បន្ថែម​ទៅ​ដោយ​ចិនមាន​ទុន​ពិតប្រាកដ​នៅ​ក្នុង​ការសាងសង់ មិន​​មែន​គ្រាន់​តែ​បញ្ហា​ទាក់ទង នឹង​បញ្ហា​បច្ចេកទេស​ក្នុង​ការសាងសង់​នោះ​ទេ តែ​មួយ​ផ្នែក​ទៀត​ទាក់​ទង​ ការតភ្ជាប់​បណ្តាញ បើ​គ្រាន់​តែ​មាន​វារីអគ្គិសនី​នៅ​ទីនេះ ហើយ​ពុំមាន​បណ្តាញ​​បញ្ជូន​សម្រាប់ចែក​ចាយ​នោះ​ទេ ប្រៀប​ដូចជា​មាន​ការផលិត​រថយន្ត ប៉ុន្តែ​អត់​មាន​ផ្លូវ​បើក​អញ្ចឹង​ដែរ។ ដូច្នេះហើយបាន​ជា​រយៈ​ពេល​កន្លង​ទៅយើង​បានប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​តភ្ជាប់ការ​ផលិតវារីអគ្គិសនី​ពីតំបន់​នេះ រួម​មាន​ឫស្សីជ្រុំក្រោម, អាតៃ និង​តាតៃ ហើយ​វារីអគ្គិសនីស្ទឹង​តាតៃ​នេះ ក៏​នឹង​ធ្វើពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ២០១៥ នេះ​ផងដែរ។
ជាមួយ​នឹង​ការ​រំលឹក​ពីអតីត​កាល​ដ៏យូរ​លង់​ ជាពិសេស​បើ​គិត​ត្រឹម​តែ​ពី​ឆ្នាំ​១៩៧០ មកចុះ​តំបន់​នេះ​ជា​តំបន់​អសន្តិសុខ គឺ​ខ្មែរ​មិន​ដែល​គ្រប់​គ្រង​បាន​នោះ សម្តេចតេជោ​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា អញ្ចឹង​ទេ សមិទ្ធផល​សន្តិភាព គឺផ្តល់​ឱកាស​ឱ្យ​យើង​មានលទ្ធភាព ដើម្បី​បាន​អភិវឌ្ឍន៍​វារី​អគ្គិ​សនី​នៅ​តំបន់​នេះ ហើយ​បើសិន​ជាគ្មាន​សន្តិភាព​ដែល​បង្កើត​ឡើង​​​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ទេ កុំ​និយាយ​ទៅ​ដល់​ការកសាង​សមិទ្ធផល តែ​អ្វីៗ​ក៏​ត្រូវ​​បំផ្លាញ​ដែរ។ ផ្ទុយ​ទៅ​វិញសមិទ្ធ​ផល​តំបន់​វារី​អគ្គិសនី​នៅតំបន់​នេះ មួយ​ចំនួន​ក៏​នឹង​ក្លាយ​​ទៅ​ជាតំបន់​ទេសចរណ៍​ផងដែរ។ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានអរគុណ​ជាមួយ​នឹង​ទឹកចិត្ត​បង្រួប​បង្រួម​ជាតិ នៃ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ភាគី​ពាក់​ព័ន្ធ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​របស់​យើង​អាច​បង្រួប​បង្រួម​បាន និងមាន​សន្តិ​ភាព​ពេញ​លេញ ហើយ​ផ្តល់​ឱកាស​អភិវឌ្ឍន៍​នៅ​ថ្ងៃ​នេះ។
ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​វារី​អគ្គិសនីឫស្សីជ្រុំក្រោម ​សម្តេច​តេ​ជោបាន​ជំរុញ​​ឲ្យ​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា អាជ្ញាធរ​ដែនដី និង​ក្រសួង​រ៉ែ និង​ថាមពល ពិនិត្យមើល​ការលក់​ភ្លើង​របស់​ផ្នែក​ឯកជន ដែល​មកដល់ពេលនេះ តម្លៃ​អគ្គិសនី មិនបាន​ចុះ​សោះ នៅ​ពេល​ដែល​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ មានការ​ធ្លាក់ចុះ​ជាង​ពាក់​កណ្តាល​ទៅហើយនោះ។ ជា​មួយ​នេះ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុនប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​កម្ពុជា បន្ត​ចុះថ្លៃ​បន្ថែម​ទៀត ព្រោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​លិខិត​ទៅ​ក្រុមហ៊ុន​ទាំងនោះ​ឲ្យ​បញ្ចុះ​តម្លៃ​​មក​នៅត្រឹម ៣.៩០០ រៀល​ក្នុង ១លីត្រ តែ​មកទល់ពេលនេះ​ក្រុមហ៊ុន​សាំង​មួយចំនួន មិនទាន់បាន​ចុះ​នៅឡើយ​ទេ​ពិសេស​ក្រុមហ៊ុន​បរទេស​។
​សម្តេចតេជោ​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា សហការ​ជាមួយ​អ​ជា្ញ​ធរ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការសិក្សា​ផងដែរ ចំពោះ​លំនៅដ្ឋាន ដែល​កម្មករ​កម្មការិនី កំពុង​ជួល​ស្នាក់នៅ​រាជ​ធានី​ភ្នំពេញ ដែលមាន​ជាង ៣ម៉ឺន​បន្ទប់ ហើយ​ដែល​តម្លៃ​ភ្លើង​នៃ​បន្ទប់​ជួល​នោះ មានតម្លៃ​ពី ៨៥០រៀល ទៅ ២៥០០រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដែល​ម្ចាស់​ផ្ទះជួល​ទារ​ពី​កម្មករ ដូចនេះ​ត្រូវ​រក​វិធី​ដោះស្រាយ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​តម្លៃ​នេះ​មានការ​ធ្លាក់ចុះ​សម្រាប់​បងប្អូន​កម្មករ​។ 
ក្នុង​គោល​បំណងឲ្យប្រជា​ពលរដ្ឋ​ក្នុងខេត្ត​កោះកុង​ទទួល​បាន ផល​ប្រយោជន៍ពីវារី​អគ្គិ​សនី​នេះ​​ផង​ដែរ​នោះ សម្តេចតេជោ​មានប្រសាសន៍​ថា ខេត្ត​កោះកុង​នេះ បាន​ផ្តល់​ឱកាស​ច្រើន​ណាស់ ដល់ការ​អភិវឌ្ឍន៍ ផ្នែក​ផលិតអគ្គិសនី​ដែល​មក​ដល់​ពេល​នេះ បាន​ជាង ១.០០០ មេហ្គាវ៉ាត់​ហើយ​តែ​ការ​អភិវឌ្ឍ​នេះ គឺមិនមែន​គ្រាន់​តែអគ្គិសនី ជា​រឿង​អគ្គិសនី​នោះទេ អគ្គិ​សនី គឺជាសេដ្ឋកិច្ច​សង្គម និង​អគ្គិសនី​ជាបញ្ហា​ដទៃ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ ក្នុង​ដំណើរ​ការ​របស់ប្រទេសជាតិ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង​ថាមពល​បានឲ្យ​ដឹង​ថា វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​នេះ មាន​ទុនវិនិយោគ​ចំនួន​៤៩៥​លាន ៧​សែន ៦​ម៉ឺនដុល្លារ វិនិយោគ​តាមរូបភាព សាងសង់តាម​ដំណើរ​ការ​ផ្ទេរ(BOT) រយៈពេល​សម្បទាន ៣៥ឆ្នាំ ក្នុងនោះ​៥ឆ្នាំ​សម្រាប់​ការ​សាង​សង់  និង​​ ៣០​ឆ្នាំ​សម្រាប់​ធ្វើអាជីវកម្ម។​ បរិមាណ​ថាមពល​ផលិត​ប្រចាំឆ្នាំ​១០២០ លាន​គីឡូវ៉ាត់ម៉ោង តម្លៃ​លក់​អគ្គិសនី ៧,៣៥ សេន​អាមេរិកក្នុង​១គីឡូវ៉ាត់ម៉ោង។ ចំណូល​ពន្ធចូល​រដ្ឋជា​មធ្យម​ប្រមាណ ១២,៥៥ លាន ដុល្លារ​អាមេរិក ក្នុង១ឆ្នាំ ឬសរុបរួម ៣៧៦,៥​លានដុល្លារអាមេរិក ក្នុងរយៈ​ពេល​សម្បទាន ៣០ឆ្នាំ។
អំពី​ហេដ្ឋា​រចនាសម្ព័ន្ធ និង​លក្ខណៈបច្ចេក​ទេសសំខាន់ៗ​នៃ​គម្រោង​នេះ មាន​ទំនប់​២ ដំណាក់ គឺ​ទំនប់​លើ​ប្រវែង​៤៣៩ម៉ែត្រ កំពស់​១២៥​ម៉ែត្រ និងទំនប់​ក្រោម​ប្រវែង ៣២២​ម៉ែត្រ កំពស់៥៨ ម៉ែត្រ។ មាន​ស្ថានីយ៍​វារីអគ្គិសនី​២ គឺស្ថានីយ៍​វារីអគ្គិសនី​លើ​មាន​អានុភាព ២០៦​មេហ្គាវ៉ាត់ និង​ស្ថានីយ៍​វារី​អគ្គិសនី​ក្រោម មាន​អានុភាព ១៣២​មេហ្គាវ៉ាត់។ ខ្សែ​បញ្ជូន​តុង​ស្យុង ២៣០គីឡូវ៉ុល ប្រវែង​ ១៥,៥គីឡូម៉េត្រ ពីស្ថានីយ៍​វារីអគ្គិសនី​ស្ទឹងឫស្សី​ជ្រុំ​ក្រោម ទៅភ្ជាប់​ជាមួយ​ខ្សែ​បញ្ជូន​របស់​គម្រោង​វារីអគ្គិសនីស្ទឹង​តាតៃ និង​បញ្ជូន​ទៅ​អនុស្ថានីយ៍ រួម អូសោម ដែល​បន្ត​ភ្ជាប់​ទៅជា​មួ​យ​ខ្សែ​បណ្តាញ​បញ្ជូន ភ្នំពេញ-កំពង់ឆ្នាំង-ពោធិសាត់-បាត់​ដំបង ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​ទូទាំង​ប្រ​ទេស។ ខ្សែ​បញ្ជូន​តង់ស្យុង​២២គីឡូវ៉ុល ប្រវែង ៣១,៧៤​គីឡូម៉ែត្រ ភ្ជាប់ពីស្ថានីយ៍​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ទៅ​ភ្ជាប់​ជាមួយ​បណ្តាញ​ចែក​ចាយ​ទីរួមខេត្តកោះកុង។
ឯកឧត្តម ស៊ុយ សែម បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​អភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី ឬ​ស្សី​ជ្រុំ​ក្រោម​នេះ ពិតជា​បានផ្តល់​ផលប្រយោជន៍ ជូន​ជាតិមាតុភូមិ រួមចំណែកក្នុងការបង្កើត​មុខ​របរ​ជូន​ប្រជាជន បង្កើតបាន​ប្រាក់​ចំណូល​ចូល​រដ្ឋ ជាពិសេស​បង្កើនសមត្ថភាព ផ្គត់ផ្គង់​អគ្គិសនី​ប្រកប​ដោយ​ស្ថេរភាព គុណភាព និង​តំលៃ​សមរម្យ បង្កើនកំរិត​ឯករាជ្យភាព​របស់​កម្ពុ​ជា ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី បង្កើន​សន្តិសុខ​ថាមពល​របស់​ជាតិ កាត់បន្ថយ​ហានិភ័យ ផ្នែក​ផ្គត់ផ្គង់​អគ្គិសនី ដែល​ពឹង​ផ្អែក​តែ​លើ​ការ​នាំចូល​ប្រេង ឥន្ធនៈ​ដើម្បី​ផលិត​អគ្គិសនី និង​បាន​ចូលរួមចំនែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​​សង្គម និងកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។
តាម​ការបញ្ជាក់ពី​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ឲ្យ​ដឹងថា រហូតមក​ដល់ពេលនេះ មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ប្រភព​អគ្គិសនី​ចំនួន ១១​រួចមកហើយ ដែលមាន​អនុភាពផ្គត់ផ្គង់​សរុប ចំនួន ២១២៣​មេ​ហ្គា​វ៉ា​ត់។ ក្នុងចំណោម​ប្រភព​អគ្គិសនី​ទាំង​១១​នោះ មាន​ប្រភព​អគ្គិសនី​ចំនួន៨ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​រួចរាល់​ហើយ ដែល​អនុភាព​ផ្គត់ផ្គង់​សរុប ១០៧២​មេ​ហ្គា​​វ៉ា​ត់ រួមមាន​ទី​១៖ ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​វៀតណាម តាម​ច្រកភ្នំ​ដឹ​ន ខេត្តតាកែវ (១៧០​មេ​ហ្គា​វ៉ា​ត់​) ទី​២៖ ការនាំ​ចូល​ពី​ប្រទេស​ថៃ​ចំនួន ១២០​មេ​ហ្គា​វ៉ា​ត់ ទី ៣៖ វា​រី​អគ្គិសនី​គិរី​រម្យ​១(១២​មេ​ហ្គា​វ៉ា​ត់​) ទី​៤៖ វា​រី​អគ្គិសនី​កំចាយ (១៩៤.១​មេ​ហ្គា​វ៉ា​ត់​) ទី​៥៖ វា​រី​អគ្គិសនី​គិរី​រម្យ​៣ (១៨​មេ​ហ្គា​វ៉ា​ត់​) ទី​៦៖ វា​រី​អគ្គិសនី​ស្ទឹង អា​តៃ (១២០​មេ​ហ្គា​វ៉ា​ត់​) ទី ៧៖ អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម (១០០​មេ​ហ្គា​វ៉ា​ត់​) និង​ទី ៨៖ វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម ៣៣៨​មេ​ហ្គា​វ៉ា​ត់ ដែល​ដាក់​ឲ្យ​​ដំណើរការ​នៅថ្ងៃនេះ​៕