Friday, December 22, 2017

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃសម័យ​ប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧

នៅថ្ងៃសុក្រ៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមាន​សន្តិភាព មាន​បើក​​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​​​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ​សម្តេច​អគ្គ​មហា​សេនា​​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី៥ ដើម្បី​ឆ្លង៖

១-  សេចក្តី​ព្រាងកម្មវិធីសកម្មភាពជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឱន​ភាពដី​ឆ្នាំ ២០១៧-២០២៦​ ។

២- សេចក្តីព្រាងរបាយការណ៍ស្តីពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ។

៣- បញ្ហា​ផ្សេងៗ៖ សំណើសុំ​ការ​យល់​ព្រម​ពី​គណៈ​រដ្ឋមន្រ្តី​ដើម្បី​សុំ​សច្ចាប័ន​​​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិលើកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ សេវាកម្ម​ក្រោម​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​ស្តីពី​សហ​ប្រតិ បត្តិ​ការ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​រវាង​សមាគម​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​សាធា​រណរដ្ឋ​ឥណ្ឌា។

ក្រោយពីបាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក កិច្ច​ប្រជុំ​ពេញ​​​អង្គ​គណៈរដ្ឋមន្ត្រី បាន​សម្រេច​អនុម័ត៖

១-  សេចក្តី​ព្រាងកម្មវិធីសកម្មភាពជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឱន​ភាពដី​ឆ្នាំ ២០១៧-២០២៦​ ។

​អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចឱ្យក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់ និង​នេសាទ យកសេចក្តីព្រាងកម្មវិធីសកម្មភាពជាតិនេះ​ត្រឡប់ទៅកែសម្រួលឡើងវិញអោយបាន​ពេញ​លេញ​ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​​សក្តានុពលដីកសិកម្មដែលមាន ​​និងតម្រូវការ​អភិវឌ្ឍជាក់​ស្តែង​របស់ព្រះរាជាកម្ពុជា ក្នុង​វិស័យ​​កសិកម្ម​​។




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកដល់ក្រសួងការងារបញ្ជូនសាច់ប្រាក់ទៅឱ្យ ប.ស.ស ដើម្បីត្រៀមផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនី និងមន្រ្តីរាជការដែលឆ្លងទន្លេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរំលឹកដល់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូន​សាច់ប្រាក់​ទៅឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ស​ម្រាប់​ការអនុវត្ត​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មការិ​នី មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់​អា​វុធ ​ដែល​ឆ្លង​ទ​ន្លេ ចាប់ពីម៉ោង​សូន្យ ខែមករា ឆ្នាំ​២០១៨។  លោកបានថ្លែងដូចនេះនៅថ្ងៃសុក្រ៥ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ វេ​លាម៉ោង៨ និង៣០នាទីព្រឹក ក្នុងឱកាស​អ​ញ្ជើ​ញ​ជាអធិបតី​បើក​​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចឱ្យក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់ និង​នេ​សាទ យ​ក​សេចក្តីព្រាងកម្មវិធីសកម្មភាពជាតិធ្វើការកែសម្រួលឡើងវិញ អោយបាន​ពេញ​លេ​ញ​ ដើ​ម្បី​ឱ្យ​ស្រប​ទៅ​តាម​​សក្តានុពលដីកសិកម្មដែលមាន ​​និងតម្រូវការ​អភិវឌ្ឍជាក់​ស្តែង​រប​ស់​ព្រះ​រា​ជា​ណាចក្រកម្ពុជាក្នុង​វិស័យ​​កសិកម្ម​​។ ដោយឡែកសម្រាប់គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័​យ​ឧស្សា​ហកម្ម​កម្ពុជា​​ឆ្នាំ​២០១៥-២០២៥ ត្រូវ​បាន​អនុ​ម័ត ​​ដោយគណៈ​រដ្ឋមន្រ្តី កាល​ពី​ថ្ងៃទី០៦ ខែ​មីនា​ ឆ្នាំ​២០១៥ និង​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី២៦​ ខែសីហា ឆ្នាំ​២០១៥ ដែលជា​មគ្គុទេ្ទស​ក៍ផងដែរដើម្បី​ជំរុញ​ការ​អភិ​វឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ ដែល​នឹង​រួម​ចំណែ​ក​ដល់​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកប​ដោ​យ​ចីរភាព​ និង​បរិយាប័ន្ន តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ ការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ និង​ការ​លើក​កម្ពស់​ផលិត​ភាព។

ចក្ខុ​វិស័យ​នៃ​គោល​នយោបាយអភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម​កម្ពុជា​​ឆ្នាំ​២០១៥-២០២៥ ​នេះ គឺ​ជំរុញ​កែ​ប្រែ​ និង​ធ្វើ​ទំនើប​កម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម​ឈាន​ទៅ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥ ដោយ​ខិត​ខំ​សម្រេច​គោល​ដៅ​បី​សំខាន់​ គឺ៖​ទី១-ប​ង្កើន​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​ ជាពិសេស​វិស័យ​កម្មន្ត​សាល​ ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប, ទី២-ជំរុញ​ពិពិធ​កម្ម​មុខ​ទំនិញ​នាំ​ចេញ​ក្រៅ​ពី​សម្លៀកបំពាក់​ និង​ការ​នាំ​ចេញ​កសិផល​កែ​ច្នៃ, និង​ទី៣- គាំ​ទ្រដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ ដើម្បី​សម្រច​បាន​នូវ​ចក្ខុវិស័យ​ ​និង​គោល​ដៅ​ខាង​លើ​នេះ​ រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​​នូវ​យុទ្ធ​សាស្រ្តគន្លឹះ​បួន៖ ទី១-​ការកៀរគរ និង​ទាក់​ទាញ​​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​វិនិយោគ​ឯកជន​ក្នុង​ស្រុក​ ទី២- ការ​អភិវឌ្ឍ និង​ធ្វើ​ទំនើប​កម្ម​សហគ្រាស​ធុនតូច​ និង​មធ្យម​, ទី៣- ការ​កែ​លម្អបរិស្ថាន​និយត​កម្ម​ដើម្បី​​ពង្រឹង​ភាព​ប្រកួត​ប្រជែង និង​ទី៤-ការ​សម្រប​សម្រួល​គោល​នយោបាយ​គាំ​ទ្រ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំ​ និងជំរុញ​ថ្នាក់​ដឹកនាំ​ ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និង​អា​ជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដាច់ខាតបន្ត​ និងខិតខំ​អនុវត្តកម្មវិធី​កំណែ​ទម្រង់ នៅ​​​ចុងអាណត្តិ​ទី៥ នៃ​រដ្ឋ​ស​ភា​របស់​រាជ​រដ្ឋាភិបាល​តាម​រយៈ​ទិសស្លោក «ឆ្លុះ​កញ្ចក់ ងូត​ទឹក​ ដុសក្អែល ព្យាបាល»​​ ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ទទួលបាន​ជោគជ័យ​​ថែមទៀត។​​ នៅចុងបញ្ចប់ លោកក៏បានថ្លែង​អំណរគុណ​ កោត​សរសើរ ដល់​មន្រ្តី​រាជការ កងកំលាំង​ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ ដែលបានខិតខំបំរើការងារ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ​អស់​រយៈពេលពេញ​មួយឆ្នាំ​២០១៧ និងជូនពរ​សុខភាព​ល្អ  សិរីសួសួរស្តី សុខភមង្គល​ក្នុងគ្រួសារ​ក្នុង​ឱកាសបុណ្យចូលឆ្នាំ​ថ្មី ឆ្នាំសកល​ ​២០១៨ ខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះគឺដើម្បី​ឆ្លង៖ ១- សេ​ចក្តី​ព្រាងកម្មវិធីសកម្មភា​ពជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឱន​ភាពដី​ឆ្នាំ ២០១៧-២០២៦​ ២ សេចក្តី​ព្រាងរបាយការណ៍ស្តីពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥  និង៣- បញ្ហា​ផ្សេងៗ៖ សំណើសុំ​ការ​យល់​ព្រម​ពី​គណៈ​រដ្ឋមន្រ្តី​ដើម្បី​សុំ​សច្ចាប័ន​​​ពី​ស្ថាប័ន​នីតិ​បញ្ញត្តិលើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ សេវាកម្ម​ក្រោម​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​ស្តីពី​សហ​ប្រតិ បត្តិ​ការ​សេដ្ឋ​កិច្ច​ទូលំ​ទូលាយ​រវាង​សមាគម​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​សាធា​រណរដ្ឋ​ឥណ្ឌា៕







(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកដល់​ក្រសួងការងារបញ្ជូន​សាច់ប្រាក់ទៅឱ្យបេឡាជាតិ​សន្តិសុខសង្គមដើម្បីត្រៀមផ្តល់​ប្រាក់ឧបត្ថម្ភបន្ថែមដល់​កម្មការិនី និងមន្រ្តីរាជការ​ដែលឆ្លងទន្លេ

កាកបាទក្រហមកម្ពុជាសម្ពោធឱ្យប្រើប្រាស់អណ្តូងចំនួន១៩ ជូនដល់ប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារនៅខេត្តកំពត

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា​ (កក្រក) ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១៩ (មានលេខរៀងចាប់ពី ៦៨ ដល់លេខរៀងទី ៨៦) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន៣២៣គ្រួសារ ស្មើនឹងមនុស្ស ១.៦១៥នាក់ រស់នៅក្នុងឃុំចំនួន​៨​ ស្រុកចំនួន​៥​ នៃខេត្តកំពត​ដែលពិធីនេះធ្វើនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តស្ទឹងកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពី​ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កក្រក​ និងលោក​ ចាន់​ តេស្តា​ ប្រធានកិត្តិយសសាខាកក្រកខេត្តកំពត​ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រី​-យុវជន​កក្រក​ និងប្រជាពលរដ្ឋចូលរួមអបអរសាទរជាច្រើននាក់។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី​១ បានពាំនាំប្រសាសន៍​ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ​ក្តីនឹករលឹកជូនប្រជាពលរដ្ឋ និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ​ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ ចូលរួមលុបបំបាត់គ្រឿងញៀន​ អំពើហិង្សា​ ដើម្បីលើកកម្ពស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។​ ជាមួយគ្នានេះ​ សូមចូលរួមថែរក្សា​ ការពារ​ អណ្តូងទាំងនេះ​ ទុកជាផលប្រយោជន៍រួមគ្នាសម្រាប់សហគមន៍​ឱ្យបានគង់វង្សយូរអង្វែង។

ជាមួយនឹង​អំណោយក្នុងម្នាក់ៗ​ សារុង​ ១​ ក្រមា​ ១​ និងថវិកា​ ១ម៉ឺន​រៀល​ ប្រជាពលរដ្ឋប្រមាណ​ ២០០នាក់​ បានសំដែងនូវក្តីរំភើប​រីករាយដោយបានការយកចិត្តទុកដាក់ពី​លោកស្រី​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជួយដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋ​ខ្វះខាតទឹកប្រើប្រាស់​ ហើយដែលពួកគាត់មិនពិបាកទៅរែកទឹកនៅឆ្ងាយផ្ទះ​ដូចមុនទៀតឡើយ។

សូមបញ្ជាក់ថា​ គិតចាប់តាំងពីឆ្នាំ ២០១០មក​ កាកបាទក្រហមកម្ពុជាបានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះបានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហ​គមន៍ និងស៊ីទែនទឹកបានសរុបចំនួនរាប់ពាន់អណ្ដូង​ ហើយបាន​ និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។​ ដោយឡែក​ សម្រាប់ខេត្តកំពត បា​នទទួលអណ្តូងសរុបចំនួន៨៦អណ្តូង៕









អភិបាលរងខេត្តព្រះសីហនុ ជួបប្រជុំជាមួយមន្ត្រីតំណាងអង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម

ព្រះសីហនុ៖ នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២២ ខែ ធ្នូ ធ្នាំ ២០១៧ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីទីចាត់ការចំណុះសាលាខេត្ត មន្ទីរជំនាញ និងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ជួបប្រជុំជាមួយមន្ត្រី តំណាងអង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម (UNIDO) គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូលដូចជា ស្ថានភាពទូទៅ នៃវិស័យឧស្សាហកម្ម បញ្ហាប្រឈម និងឱកាសនៃកាអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅក្នងខេត្តព្រះសីហនុ។

សូមជម្រាបផងដែរថា នៅក្នុងកិច្ចពិភាក្សានោះ ភាគីរដ្ឋបាលខេត្ត បានផ្តល់នូវព័ត៌មាន ដែលជាតម្រូវការរបស់ UNIDO ដើម្បីជាទិន្នន័យសម្រាប់ប្រើប្រាស់ ក្នុងការរៀបចំគម្រោងអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងខេត្តព្រះសីហនុ។ កិច្ចពិភាក្សាបានដំណើរប្រកបដោយជោគជ័យ ហើយភាគីទាំងពីរបានឯកភាពនិងបន្តកិច្ចប្រជុំ នាពេលខាងមុខទៀត តាមសំណើរបស់ UNIDO ៕



សាលាដំបូងរាជធានីភ្នំពេញកោះអញ្ជើញមេធាវីក្រុមសហជីពធំៗ ចូលបំភ្លឺចំពោះការប្តឹង លោក ជា មុនី ពីបទញុះញង់

លោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញលិខិតកោះអញ្ជើញ លោក កេតុ សុវណ្ណឌី និង លោក ដារ៉ា សុបញ្ញា មេធាវីរបស់ក្រុមសហជីពធំៗ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ដើម្បីសាកសួរអំពីដំណើររឿងប្តឹង លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករពីបទញុះញង់។ មេធាវីរបស់ក្រុមសហជីពធំៗ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំណត់ឱ្យចូលបំភ្លឺ នៅម៉ោង៩៖០០នាទីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅបន្ទប់ «ឋ» ជាន់ទី២ នៃសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នាថ្មីៗនេះ សហជីពធំៗចំនួន១២០ បានដាក់ពាក្យប្តឹងលោក ជា មុនី អតីតប្រធានសហភាពសហជីពសេរីកម្មករ និង បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ដែលបានញុះញង់​ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេស​កម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាពអឺរ៉ុបដាក់ ទណ្ឌកម្មនេះកាន់តែលឿន រាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រឆាំង។

ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែល​សហគម​ន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់ និងបាត់បង់ការងារធ្វើ ក្នុងនោះផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ៕



ខេត្តព្រះសីហនុរៀបចំខួបលើកទី១១ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សាលាខេត្តព្រះសីហនុបានរៀបចំខួបលើកទី១១ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧ ក្រោមប្រធានបទ « រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និង ពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សពីការជួញដូរ » ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ។

នាឱកាសនោះដែលលោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងអោយដឹងថា ការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧ មានគោលបំណងបន្តយកចិត្តទុកដាក់ ក្នុងការការពារប្រជាពលរដ្ឋ ពីភាពរងគ្រោះដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កអោយមានវិនាសសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងកា្លយជាទាសភាពសម័យទំនើប គួរអោយខ្លាច និងគួរអោយស្អប់ខ្ពើម។

លោកស្រីក៏បានរំលឹកការធ្វើទេសន្តប្រវេសន៍ គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលមិនអាចហាមឃាត់បាន ហើយក៏មិនមែនសុទ្ធតែជាហានិភ័យ ដែលគួរអោយជៀសវាងដែរ ប៉ុន្តែពលករមួយចំនួនធំ បានទទួលកម្រៃល្អ និងអាចលើកកម្ពស់ជីវភាពបានប្រសើរជាងមុន រួមទាំងទទួលបានជំនាញ បច្ចេកទេសកាន់តែប្រសើរគួរឲ្យមោទនៈ។ ប៉ុន្តែអ្វីដែលជាការបារម្ហនោះ ការធ្វើទេសន្តប្រវេសន៍ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំអោយប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ចនិងជួញដូរមនុស្ស។ លោកស្រីក៏បានថ្លែងនូវរបាយការណ៏ សង្ខេបដោយបង្រ្កាបបានចំនួន១៩ ករណី ២៥ មុខសញ្ញា កិច្ចប្រតិបត្តិការសង្រ្គោះជនរងគ្រោះចំនួន១៧ករណី មានជនរងគ្រោះជាស្រ្តីចំនួន២២នាក់ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចំនួន២៣ ករណី ២៦ មុខសញ្ញា។

ឆ្លៀតក្នុងឱកាសនោះដែលលោក យន្ត មីន ក៏បានថ្លែងនូវសុន្ទរកថា ដោយរំលេចនូវការកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំក្រុង/ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្ត និងអន្តរជាតិ ដែលបានរួមគ្នាដោះស្រាយប្រឆាំងដាច់ខាត ទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជនស្របទៅតាមទិសដៅ គោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានបន្តទៀតថា ដើម្បីរួមគ្នាប្រឆាំងទៅនឹងអំពើជួញដូរមនុស្សនេះបាន គឺទាមទារមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ មានការរួមសហការគ្នា រួមទាំងមានការយល់ដឹងដូចគ្នា មានឆន្ទៈនិងការប្តេជ្ញាខ្ពស់ ដើម្បីអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយលោកក៏បានសំនូមពរ អោយសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមគ្នាដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ៕



តើមាន​ថ្នាំអ្វីសម្រាប់​ជួយដល់​សេដ្ឋកិច្ច​ធ្លាក់ចុះរបស់ភូមា?​

ចាប់តាំងពីការចាប់ផ្តើមនៃសហស្សវត្សរហូតដល់ឆ្នាំ២០១០ ភូមាបានទទួលកំណើនសេដ្ឋកិច្ចពីខ្ទង់នៅក្នុងរយៈពេល ១១ ឆ្នាំនេះ។ នៅក្នុងរយៈពេលមួយទសវត្សរ៍នេះ ភាគច្រើនបំផុតប្រទេសនៅក្នុងអាស៊ីមិនបានទទួលកំណើនសេដ្ឋកិច្ចពីរខ្ទង់ណាទាល់តែសោះ។ ប្រទេសប៊ូតង់ បានទទួល កំណើនសេដ្ឋកិច្ចពីរខ្ទង់បានពីរឆ្នាំ។ កម្ពុជាបាន ៤ ឆ្នាំ។ ហើយចិនវិញទទួលបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ ៦ ឆ្នាំ ក្នុងចំណោម ១១ ឆ្នាំកន្លងមកនេះ។ ជាពិសេសទៅទៀតនោះ កំណើនសេដ្ឋកិច្ចមធ្យមរបស់ប្រទេសអាស៊ីទាំង ១៨ ក្នុងរយៈពេលមួយទសវត្សរ៍នេះមាន ៥,៦ ភាគរយ ហើយប្រទេសភូមាមាន ១២,២ ភាគរយ ច្រើនជាងពីរដងនៃមធ្យមភាគ។

ភាគច្រើនបំផុតប្រជាជននៅភូមា មិនទុកចិត្តទៅលើតួលេខទាំងអស់នេះទេ។ អ្នកខ្លះទៀតសង្ស័យថា មានសេដ្ឋកិច្ចពីរបែបនៅក្នុងភូមា: ស្ថានភាពពិតដែលប្រជាជនរស់នៅ និងស្ថិតិពិតដែលមានជាផ្លូវការនៅក្នុងរបាយការណ៍ និងឯកសារ។ ទាំងអស់នោះ គឺជាកត្តាចាំបាច់ដើម្បីដោះស្រាយស្ថានភាពដែលទាក់ទងទៅនឹងទីផ្សារ និងការសង្កេតមើលជាប្រចាំទៅលើចំនួនអ្នកលក់ និងអ្នកទិញ ដែលប្រឈមមុខទៅនឹងតម្រូវការជាក់ស្តែងសម្រាប់ជីវិត និងក្រុមគ្រួសារពួកគេ។

ការនិយាយដោយខ្លី ភូមាមានសេដ្ឋកិច្ចយ៉ាប់យឺន ហើយជាសេដ្ឋកិច្ចដែលត្រូវជួយសង្គ្រោះពីវេជ្ជបណ្ឌិតសម្រាប់ពិគ្រោះយោបល់ ដើម្បីទទួលបានសញ្ញាប្រភេទជម្ងឺច្បាស់លាស់ណាមួយ និងទទួលយកថ្នាំពេទ្យដែលមានវេជ្ជបញ្ជាច្បាស់លាស់។

ដូច្នេះតើអ្វីទៅគួរតែជាថ្នាំពេទ្យសម្រាប់ភូមានោះ?

ប្រជាជនភូមាដែលមានសុខភាពល្អគួរតែមានប្រជាជាតិមួយ ដែលមានការអភិវឌ្ឍសម្រាប់តម្រូវការចង់បានរបស់ប្រជាជនខ្លួនឱ្យមានជីវិតកាន់តែល្អប្រសើរឡើង។ វាគួរតែមានទំនាក់ទំនងឱ្យបានច្រើន និងមានកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដែលមិនត្រឹមតែជួយប្រទេសភូមាឱ្យក្លាយទៅជាប្រទេសមួយដែលមានការអភិវឌ្ឍប៉ុណ្ណោះទេ ក៏ប៉ុន្តែជាប្រទេសមួយដែលអាចពឹងផ្អែកដើម្បីជួយដោះស្រាយបញ្ហានៅក្នុងតំបន់ និងពិភពលោកថែមទៀតផងនៅក្នុងសតវត្សទី២១ នេះ។

ដើម្បីឈានទៅដល់កម្រិតនោះ ភូមាត្រូវការទទួលផលប្រយោជន៍ទាំងផ្នែកចំណេះដឹងបច្ចេក វិទ្យា ជំនាញ និងធនធានទាំងឡាយដែលមាននៅក្នុងពិភពលោក។ ភូមាក៏ត្រូវការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធផងដែរជាមួយប្រទេសជិតខាង ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដូច ៗគ្នា។

មានតួអង្គសំខាន់ៗជាច្រើនដែលមានការចូលរួម និងគាំទ្រយ៉ាងសកម្មជាការចាំបាច់ដើម្បីធ្វើឱ្យប្រាកដថា ឱ្យមានការព្យាបាលឱ្យជោគជ័យមួយសម្រាប់ប្រទេសភូមា។ កងកម្លាំងប្រដាប់អាវុធភូមាត្រូវការផ្តល់ឱ្យមានកិច្ចសហប្រតិបត្តិការ ការគាំទ្រ ហើយគណបក្សនយោបាយភូមាគួរត្រូវបានលើកទឹកចិត្តដើម្បីដាក់ចេញនូវរបៀបវារៈដែលមានការគិតគូឱ្យបានត្រឹមត្រូវ និងផែនការទាំងឡាយដើម្បីដោះស្រាយភាពប្រឈមចម្បងៗរបស់ប្រជាជាតិនេះ។ បន្ថែមទៅទៀតនោះ ការចូលរួមវិភាគទានដ៏ចាំបាច់មួយឆ្ពោះទៅរកការព្យាបាលសេដ្ចកិច្ចឱ្យមានប្រសិទ្ធភាពត្រូវតែកើតចេញមកពីជាតិសាសន៍ទាំងឡាយរបស់ប្រទេសនេះ ដែលគួរតែត្រូវបានធ្វើឱ្យប្រាកដថា ពិពិដ្ឋកម្មមួយនឹងត្រូវបានគេមើលទៅលើធនធានរបស់ប្រទេសនេះតែម្តង។ ពួកគេគួរតែធានាថា មិនត្រឹមតែទទួលយកក្នុងឋានៈជាដៃគូស្មើភាពគ្នានោះទេ នៅក្នុងការកសាងសង្គមថ្មីមួយ ប៉ុន្តែក៏ផ្តល់ឱ្យមាននូវការយកចិត្តទុកដាក់ពិសេសផងដែរ ដោយសារតែទាក់ទងទៅនឹងទីតាំងភូមិសាស្ត្រ និងកត្តាមិនអំណោយផលផ្សេងទៀត បើពុំដូច្នេះទេ ពួកគប្រហែលជាមិនអាចបែងចែកឱ្យមានសមធម៌នៅផ្លែផ្កាដែលបានមកពីការរីកចម្រើននេះ។

ការសរសេរបញ្ជីឈ្មោះថ្នាំនេះ គ្មានអ្វីថ្មីនោះទេ។ ប្រទេសនេះបានចាប់យកជាមួយនឹងកំណើនសេដ្ឋកិច្ចដែលមានការចូលរួម ចាប់តាំងពីឯករាជ្យភាពរបស់ខ្លួន។ នៅឆ្នាំ២០១៧ មានកត្តាថ្មីៗជាច្រើនប្រព្រឹត្តទៅ និយាយឱ្យចំឈ្មោះតែម្តងទៅគឺថា រដ្ឋាភិបាលសព្វថ្ងៃនេះត្រូវការឱ្យមានការជាប់ឆ្នោត ដែលមានការចូលរួមរបស់មហាជន។

គោលបំណងល្អ និងការងារសកម្មដែលបានធ្វើឡើងដោយរដ្ឋាភិបាលគឺវាច្បស់លាស់ទៅហើយ។ សមិទ្ធផលដ៏ច្រើនរាប់មិនអស់ដូចដែលបានចុះផ្សាយនៅក្នុងកាសែតជាតិជាសាធារណៈ ប៉ុន្តែអ្វីដែលបានផ្តល់ជូននៅក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ មានភាពខ្វះខាតជាងការរំពឹងទុក។

ធុរកិច្ចជនតវ៉ាថា ពួកគេមិនប្រាកដថា តើរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ដល់សេដ្ឋកិច្ចដែលខ្លួនសមនឹងទទួលនោះ ហើយបាននិយាយថា ពួកគេមានការពិបាកដើម្បីយល់ឱ្យបានច្បាស់អំពី នយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនេះ ហើយនិងយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ពួកគេនៅតែរង់ចាំឱ្យមានការស្រាយបំភ្លឺឱ្យច្បាស់លាស់របស់រដ្ឋាភិបាលទៅលើបញ្ហាទាំងនោះ ខណៈ ដែលពួកគេនៅរង់ចាំមើលសេដ្ឋកិច្ចដែលនៅគាំងនេះ។

តាមរយៈកំណែទម្រង់ និងការអនុវត្តជាក់ស្តែងក៏ដោយ ក៏លោកស្រី Aung San Suu Kyi អាចស្តារសេដ្ឋកិច្ចភូមាដោយមិនចាំបាច់ផ្តោតទៅលើផ្នែកផ្សេងៗទៀត។

ទី១ ភូមាត្រូវតែដាក់ចេញឱ្យច្បាស់ថា សេដ្ឋកិច្ចរបស់ខ្លួននឹងទទួលបានអាទិភាពដ៏ខ្ពស់ជាងគេបំផុត ស្របគ្នាទៅនឹងការកសាងសន្តិភាព។

ទី២ រដ្ឋាភិបាលនេះត្រូវតែដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចថា ឱ្យមានការចូលរួមពីតួអង្គសំខាន់ៗទាំងអស់។ បញ្ហាបរិស្ថាន អប់រំ និងសុខាភិបាលត្រូវតែមានសមត្ថភាពក្នុងការងារ។

ទី៣ ក្រុមប្រឹក្សារដ្ឋរបស់លោកស្រី Suu Kyi គួរតែមានការផ្លាស់ប្តូរទស្សនៈយោបល់ឱ្យបានញឹកញាប់បន្ថែមទៀតជាមួយនឹងសមាជិកនៃគណៈកម្មការសេដ្ឋកិច្ចបក្សរបស់លោកស្រី៕

ប្រភព : East Asia Forum ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧


របាយការណ៍: ​កូរ៉េខាងជើង​សម្លាប់មន្ត្រី​ដែលទទួល​បន្ទុកកន្លែង​សាកល្បង​នុយក្លេអ៊ែរ​

តាមការចុះផ្សាយព័ត៌មានរបស់កាសែតជប៉ុន Asahi Shimbun បានរាយការណ៍ថា កូរ៉េខាងជើងបានបដិសេធថា មន្ត្រីដែលទទួលខុសត្រូវចំពោះកន្លែងសាកល្បងសព្វាវុធនុយក្លេអ៊ែរនៅ Punggye-ri ហើយបានសម្លាប់គាត់ដោយលើកឡើងនូវរបាយការណ៍ព័ត៌មានដែលមិនបានបញ្ជាក់ មួយចេញពីប្រភពអ្នករត់ចេញពីកូរ៉េខាងជើង។

ឈ្មោះ Park In Young ជាការប្រកបឈ្មោះប្រហែលជាត្រូវបានផ្លាស់ប្តូរអាស្រ័យទៅលើការបកប្រែ និងការសរសេរ។ ហើយឈ្មោះ Park In Young នេះ គឺជាប្រធានការិយាល័យកូរ៉េខាងជើងលេខ១៣១ ជាផ្នែកមួយរបស់គណៈកម្មការកណ្តាលនៃបក្សកាន់អំណាចដែលទទួលបន្ទុកការត្រួតពិនិត្យមើលទីតាំងយោធា ដូចជានៅ Punggye-ri ជាកន្លែងសាកល្បងសព្វាវុធក្រោមដី ហើយក៏ជាទីកន្លែងដាក់ទីតាំងផ្កាយរណបហៅថា Sohae ផងដែរ។

មូលហេតុនៃការសម្លាប់នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែរបាយការណ៍របស់កាសែត Asahi បានលើកឡើងនូវហេតុផលចម្បងពីរ។ ហេតុផលទី១ អាចមកពីការពន្យារពេលការអនុវត្តនៃការបាញ់សាកល្បងសព្វាវុធនុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងលើកទី៦ ដែលបានកើតឡើងនៅថ្ងៃទី៣ កញ្ញា ប៉ុន្តែផែនការដំបូងនោះ គឺនៅរដូវផ្ការីកឯណោះទេ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែមានភាពយឺតយ៉ាវនៅក្នុងការសាងសង់រូងក្រោមដី។

ភូគុព្ភវិទូបានព្រមានថា មានរញ្ជួយផែនដីទ្រង់ទ្រាយតូចត្រូវបានគេកត់សម្គាល់នៅក្នុងតំបន់នោះ បន្ទាប់ពីមានការសាកល្បងកាលពីខែកញ្ញា បង្ហាញឱ្យឃើញថា ទីតាំងនោះប្រហែលជាមិនអាចទ្រទ្រង់បានសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរថ្មី ដោយសារតែខ្លាចមានហានិភ័យបាក់រលំ និងលេចធ្លាយវិទ្យុសកម្ម។

មន្ត្រីចារកម្មកូរ៉េខាងត្បូងបានប្រាប់សមាជិករដ្ឋសភានៅក្នុងការប្រជុំបិទទ្វាររយៈពេលខ្លីមួយ កាលពីខែវិច្ឆិកា អំពីការសាកល្បងសព្វាវុធថ្មីនេះ ទំនងជាទៅមិនរួចទេ ក៏ប៉ុន្តែបើសិនជាលោក Kim Jung Un មានបំណងធ្វើនោះវាអាចធ្វើទៅបាន ដោយសារតែរូងក្រោមដីមួយនោះ ហាក់ដូចជាត្រូវបានសាងសងរួចរាល់សម្រាប់ការប្រើប្រាស់ទៅហើយ។

ដំណឹងស្តីពីការសម្លាប់លោក Park បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា អំពីការដាក់ទណ្ឌកម្មទៅលើមន្ត្រីដែលមានឥទ្ធិពលទី២ បន្ទាប់ពីលោក Kim Jung Un គឺឧត្តមសេនីយ៍ Hwang Pyong So នៅក្នុងបញ្ជី ការិយាល័យនយោបាយ ហើយបានបាត់មុខពីសាធារណៈ និងអវត្តមាននៅក្នុងកិច្ចប្រជុំបក្ស ក៏ដូចជានៅក្នុងពិធីប្រារព្ធផ្សេងៗ ដែលបង្កឱ្យមានកង្វល់ថា គាត់ត្រូវបានគេសម្លាប់ហើយ។

នៅក្នុងសម័យប្រជុំរយៈពេលខ្លីមួយកាលពីខែវិច្ឆិកា ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងនិយាយថា ឧត្តមសេនីយ៍ Hwang ហើយនិងជំនួយការរបស់គាត់ត្រូវបានគេដាក់ទណ្ឌកម្ម ដោយសារតែឥរិយាបថមិនស្មោះត្រង់។

សមាជិករដ្ឋសភាម្នា ក់បាននិយាយទៅកាន់សារព័ត៌មានក្រោយពីកិច្ចប្រជុំរយៈពេលខ្លីនោះ ថា គាត់មិនអាចផ្តល់យោបល់បានទេស្តីពីព័ត៌មានលម្អិតអំពីការធ្វើទណ្ឌកម្មនេះ ដោយសារតែវាគឺជាព័ត៌មានសម្ងាត់។

កាលពីសប្តាហ៍មុន ការចុះផ្សាយរបស់កាសែត Korea JoongAn ប្រចាំថ្ងៃ របស់កូរ៉េខាងត្បូងបានលើកសម្តីប្រភពព័ត៌មានដែលមិនបង្ហាញអត្តសញ្ញាណថា ឧត្តមសេនីយ៍ Hwang ត្រូវបានគេបោសសម្អាតចេញពីបក្ស ដោយសារតែទទួលសំណូក ហើយអនុប្រធានរបស់គាត់ត្រូវបានគេបញ្ជូនទៅកាន់ជុំរំឃុំឃាំង៕

ប្រភព : Newsweek ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧

ចិន និងរុស្ស៊ី ត្រៀមខ្លួន​សម្រាប់សង្រ្គាម​ជាមួយអាមេរិក​ ប្រសិនបើ​ លោក Trump​ ឈ្លានពាន​កូរ៉េខាងជើង​

យោងតាមអតីតមន្រ្តីយោធាពីររូបបានឱ្យដឹងថា ចិន និងរុស្ស៊ីអាចមានផែនការមួយក្នុងការទប់ទល់នឹងកងទ័ពរបស់អាមេរិក នៅក្នុងព្រឹត្តិការណ៍សង្រ្គាមមួយ ដែលអាចកើតមានឡើងនៅឧបទ្វីបកូរ៉េ។

ឧត្តមសេនីយ៍ឯក លោក Wang Hongguang អតីតមេបញ្ជាការរងកងទ័ព Nanjing ភាគខាង

​លិចបានព្រមានថា “សង្រ្គាមនៅឧបទ្វីបកូរ៉េ អាចផ្ទុះឡើងគ្រប់ពេលវេលាចន្លោះពីពេលនេះ រហូត​ដល់ខែមីនា ឆ្នាំក្រោយ”។ មួយថ្ងៃបន្ទាប់មក កាសែតជាតិនិយមរបស់ចិនបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ ជាមួយនឹងទស្សនៈយល់ឃើញពីអ្នកជំនាញផ្នែកយោធា ជាអ្នកធ្វើបទអត្ថាធិប្បាយ និងជាអ្នកនិពន្ធ លោក Song Zhongping ដែលបាននិយាយថា ចិនអាចនឹងចូលរួម ប្រសិនបើអាមេរិកបង្កការគំរាមកំហែង។

លោក Wang បាននិយាយថា “ចិនអាចត្រៀមខ្លួនសម្រាប់សង្រ្គាមកូរ៉េ ហើយតំបន់ភាគឦសានរបស់ចិន អាចនឹងចល័តទ័ពទប់ទល់នឹងបញ្ហានេះ។ ការចល័តទ័ពនេះ មិនមែនជាការចាប់ផ្តើមសង្រ្គាមនោះទេ ប៉ុន្តែគឺជាគោលបំណងការពារ។”

លោក Song អតីតសមាជិកកងទ័ពរបស់ចិន បានប្រាប់សារព័ត៌មាន The Global Times ថា “គោលបំណងការពារ” ដូច្នោះ ទំនងជានឹងដាក់បញ្ចូលផែនការតបតប្រឆាំងនឹងការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ចិន ដោយការឈ្លានពានរបស់អាមេរិក។

នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ លោក Song បាននិយាយទៀតថា សមយុទ្ធប្រឆាំងមីស៊ីលបែបទំនើបរបស់ប្រទេសចិន និងរុស្ស៊ី ដែលធ្វើឡើងនៅទីក្រុងប៉េកាំង គឺដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយពីការបញ្ជារបស់លោក Donald Trump។ ទាំងចិន និងរុស្ស៊ី បានចូលរួមថ្កោលទោសជាមួយអាមេរិកលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ដោយលើកឡើងថា វាគឺជាកត្តាសំខាន់ក្នុងការការពារប្រឆាំងនឹងគោលបំណងទម្លាក់លោក Kim របស់អាមេរិក ក៏ប៉ុន្តែ ទីក្រុងប៉េកាំង និងទីក្រុង Moscow បានប្រឆាំងទៅនឹងការពង្រីកយោធាអាមេរិកនៅ អាស៊ី-ប៉ាស៊ីហ្វិក។

លោក Song បានប្រាប់កាសែត​ The South China Morning Post ថា “គោលបំណងចម្បងនៃសមយុទ្ធរួមគ្នារវាងចិន និងរុស្ស៊ី គឺសំដៅទៅអាមេរិក…ដែលថា កាំជ្រួចផ្លោង និងកាំជ្រួចស្វ័យនាំផ្លូវ ដែលអាចបង្កការគំរាមកំហែងពិតប្រាកដចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុង Moscow។”

គាត់បានបន្ថែមថា “ទាំងចិន និងរុស្ស៊ី ចង់ប្រើប្រាស់សមយុទ្ធប្រឆាំងមីស៊ីលរួមនេះ ជាយុទ្ធសាស្រ្តទប់ទល់មួយ។ ចិន និងរុស្ស៊ី ចង់ជំរុញឱ្យអាមេរិកដកប្រព័ន្ធការពារមីស៊ីលបាញ់រយៈចម្ងាយខ្ពស់ (THAAD) ចេញពីឧបទ្វីបកូរ៉េ។”

ខណៈដែលលោក Kim បន្តពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលបន្សល់ទុកពីឪពុក និងជីតារបស់គាត់ ប្រធានាធិបតីចិន លោក Xi Jingping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាំងពីរនាក់បានផ្តួចផ្តើមគំនិតជាប្រវត្តិសាស្រ្តរបស់ពួកគេក្នុងការពង្រីកយោធា និងឥទ្ធិពលនយោបាយទូទាំងពិភពលោក។ នៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិ (America First) របស់លោក Trump ដែលបានប្រកាសកាលពីថ្ងៃចន្ទ បានថ្កោលទោសកម្មវិធីអាវុធនុយក្លេអ៊ែររបស់លោក Kim ថា ជា “របបដ៏អាក្រក់” ក៏ដូចជាប្រឆាំងនឹងគោលបំណងរបស់ចិន និងរុស្ស៊ី ក្នុងការ “ប្រជែងអំណាច ឥទ្ធិពល និងផលប្រយោជន៍របស់អាមេរិក” ដោយលើកឡើងថា មានគោលបំណងបំផ្លាញសន្តិសុខ និងវិបុលភាពរបស់អាមេរិក៕”

ប្រភព : Newsweek ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧


ប្រយោជន៍​ផ្ទាល់ខ្លួន​បានកំណត់​គោលនយោបាយ​ របស់ចិន​ទៅលើ​សណ្តាប់ធ្នាប់​អន្តរជាតិ​

​ការ​កើន​ឡើង​យ៉ាង​លឿន​​ខាង​អំណាច​សេដ្ឋកិច្ច​ យោធា​ និង​អំណាច​ទន់​របស់​ចិន​ចាប់ពី​ទសវត្សរ៍ទី ៩០ មក​បាន​បង្កើន​ការ​ព្រួយ​បារម្មណ៍​ជា​លំដាប់​ដែល​ប៉េកាំង​ស្វះ​ស្វែង​ទាត់​ចោល​​សណ្តាប់​ធ្នាប់​អន្តរជាតិ​សេរី។ សណ្តាប់ធ្នាប់​ដែល​បង្កើត​ឡើង​ដោយ​អាមេរិក​ក្រោយ​សង្គ្រាម​នេះ​រួម​មាន​​បទដ្ឋាន​និង​ស្ថាប័ន​ជា​ច្រើន​ដែល​លើក​កម្ពស់​ពាណិជ្ជកម្ម​សេរី​​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ “បើក​ចំហរ​” ផ្សេង​ៗទៀត​ និង​បង្កើត​ជា​នីតិវិធី​ផ្អែក​លើ​ច្បាប់​សម្រាប់​ដោះ​ស្រាយជម្លោះ​រវាង​រដ្ឋ​និង​រដ្ឋ​ដោយ​សន្តិវិធី។​

អ្នកខ្លះ​ជឿ​ថា ចិន​បាន​ស្វែង​រក​ការ​ផ្លាស់ប្តូរ​សណ្តាប់​ធ្នាប់​នេះ​ក្នុង​វិធី​​ផ្សេង។ ឧទាហរណ៍ Amitav Acharya បាន​សរសេរ​ថា “វា​ជា​ការ​យល់​ខុស​ក្នុងការ​សន្និដ្ឋាន​ថា ដោយ​សារតែ​ចិន ឥណ្ឌា និង​មហាអំណាច​ដែល​កំពុង​លេច​មុខ​ផ្សេងៗ​ទៀត​បាន​ទទួល​ផល​ប្រយោជន៍​ពី​សណ្តាប់​ធ្នាប់​ដ៏​អានុត្តរៈភាព​សេរី​នោះ ពួក​គេ​នឹង​ធ្វើ​តាម​បទដ្ឋាន​និង​ស្ថានប័ន​​ទាំង​នោះ។ ពួក​គេ​ប្រហែលជា​មិន​ស្វែង​រក​ការ​រំលំ​វា​ចោល​នោះទេ ប៉ុន្តែ​អាច​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដែល​អាច​កែ​សម្រួល​ច្បាប់​និង​ស្ថាប័ន​​ក្នុង​សណ្តាប់​ធ្នាប់​បច្ចុប្បន្ន​នេះ”។​

ប៉ុន្តែ ទំនាក់ទំនង​របស់​ចិន​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ​សេរី​នោះ​គឺ​ដូច​គ្នា​ទៅ​នឹង​ទំនាក់​ទំនង​របស់​រដ្ឋ​ធំៗ​ផ្សេងទៀត។ នេះ​ក៏​ដោយ​សារតែ​សណ្តាប់​ធ្នាប់​នេះ​បាន​បម្រើ​ដល់​ផល​ប្រយោជន៍​ចិន។ ចិន​បាន​ចូល​រួម​ក្នុងកិច្ច​ព្រមព្រៀង​និង​ស្ថាប័ន​ដែល​បាន​បង្កើត​សណ្តាប់​ធ្នាប់​នេះ និង​គោរព​តាម​​ដូច​ដែល​រដ្ឋធំៗ​ផ្សេងទៀតដែរ​។ ចិន​បាន​ស្វែង​រក​ការ​មាន​ឥទ្ធិពល​លើ​សណ្តាប់ធ្នាប់​នេះ ប៉ុន្តែ​​នឹង​មិន​ផ្តួល​រំលំ ឬ​កែប្រែវា​ធំដុំ​នោះទេ។​

ទស្សនៈ​ជា​ច្រើន​ទៀត​ដែល​គេ​លើកឡើង​សម្រាប់​អ្វីដែល​បានជំរុញ​ដល់​គោល​នយោ​បាយ​ការ​បរទេស​របស់​ចិន​នោះ។ ទស្សនៈ​មួយ​ក្រុម​បាន​មើលឃើញ​ថា ចិន​កំពុង​លើក​កម្ពស់​មនោ​គម​វិជ្ជា​​ ឬ​ចក្ខុវិស័យ​ពិសេស​មួយ​នៃ​ប្រព័ន្ធ​អន្តរជាតិ​ និង​តួនាទី​របស់​វា​ ដូច​ជា​គោល​ការណ៍​​អធិបតេយ្យ​​ ពិភព​លោក​ពហុប៉ូល គោល​តម្លៃ​អាស៊ី ឬ​ការ​មាន​ប្រៀប​របស់ចិន។ ជា​ជំនួស​វិញ គោល​នយោ​បាយ​របស់​ចិន​អាច​ត្រូវ​គេ​មើលឃើញ​ថា ជា​ការ​ឆ្លើយ​តប​ជាក់ស្តែង​ទៅ​នឹង​ផល​ប្រយោជន៍​ជាតិ​របស់គេ​ ដូចជា​ការ​ការ​ពារ​សុខមាលភាព​របស់ខ្លួន ការ​លើក​កម្ពស់​ឥទ្ធិពល​របស់ខ្លួន​ និង​ការ​លុប​បំបាត់​ឥទ្ធិ​ពល​របស់​មហាអំណាច​កំពុង​ប្រគួត​ប្រជែង​ដូចជា​អាមេរិក។ ការ​ពិនិត្យ​មើល​ឡើង​វិញ​ដល់​​ការ​គ្រប់​គ្រង​​អន្តរជាតិ​ចោះ​ៗ​នោះ​បាន​គាំទ្រ​ដល់​ទស្សនៈ​ដែល​ថា អំណាច​ចរចា​របស់​ចិន​គឺផ្អែក​លើ​ផល​ប្រយោជន៍​ជាជាង​លើ​​​ការ​ធ្វើ​បដិវត្តន៍​ទាំងស្រុង។​

នៅ​ក្នុងការ​ចរចា​ពាណិជ្ជកម្ម​តំបន់​ ចិន​ចង់​បាន​ទីផ្សារ​ពិភព​លោក​កាន់តែ​បើក​ចំហរ​ថែម​ទៀត​ដល់​ការ​នាំ​ចេញ​ទំនិញរបស់ខ្លួន។ នៅពេល​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​​កំពុង​ត្រូវ​គេ​ចរចា ចិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​នឹង​វា ប៉ុន្តែ​មិន​ចង់​ចូល​រួម ដោយ​សារតែក្របខណ្ឌ​​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ដាក់លក្ខខណ្ឌ​ដល់​កម្លាំង​ពល​កម្ម​និង​បរិស្ថានដែល​អ្នក​ធ្វើ​គោល​នយោ​បាយ​​ចិន​បានចាត់​ទុក​ថា មិន​ល្អ។ ជា​ជំនួសវិញ ចិន​បាន​ចូល​រួម​ ឬ​បង្កើត​កិច្ច​ព្រមព្រៀង​ទ្វេភាគី​និង​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេង​ទៀត​ ដូចជា​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ចិន និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​របស់​តំបន់​ ដែល​បង្កើត​ស្តង់ដារទាប​ជាង​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​លើ​ការ​ការ​ពារ​សង្គម​និង​បរិស្ថាន។​

ការ​ចូល​រួម​របស់​ចិន​ក្នុង​ការ​គ្រប់​គ្រង​អាវុធ​និង​ការ​កាត់​រំលាយ​អាវុធ​នាពេល​បច្ចុប្បន្ន​​ក៏​បាន​គាំ​ទ្រ​ស្ថានភាព​យុទ្ធ​សាស្ត្រ​បច្ចុប្បន្ន​។ ចិន​បាន​គាំទ្រ​​ការ​ប្រឆាំង​ការ​អភិវឌ្ឍន៍​នុយក្លេអ៊ែ​កូរ៉េខាង​ជើង​និង​អ៊ីរ៉ង់​ ហើយ​ខ្លួន​បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ការ​គ្រប់គ្រង​អាវុធ​បន្ថែម​ទៀត។ ប៉ុន្តែ​ ចិន​បាន​គាំ​ទ្រ​​សេចក្តី​ប្រកាស​តំបន់​គ្មាន​នុយក្លេអ៊ែរ ដែល​អាមេរិក ក្នុង​នាមជា​មហាអំណាច​នុយក្លេអ៊ែរ​​ប្រៀប​លើស​គេ មិន​បាន​គាំទ្រ។​ ស្រដៀង​គ្នា​ដែរ ចិន​បាន​គាំទ្រ​បំរាម​លើ​ការ​ប្រើ​ប្រើដំបូង​នៃ​អាវុធ​នុយក្លេអ៊ែរ​ ការ​អភិវឌ្ឍន៍​​មីស៊ីល​ប្រឆាំង​មីស៊ីល​ និង​ការ​ប្រណាំង​ប្រជែង​អាវុធ​នៅ​លំហ​រ​អាកាស​ ជាចំណុច​ទាំង​ដែល​អាមេរិក​ទទួល​បាន​ផល​ប្រយោជន៍​។​

ជា​រួម​ ចិន​គឺជា​អ្នកគាំទ្រ​​​លើ​ការ​គ្រប់​គ្រងនិង​ការ​រំសាយ​អាវុធ​ ប៉ុន្តែ​ដូច​ប្រទេស​ផ្សេង​ទៀត​ដែរ ចិន​ចង់​ទាញ​ផល​ប្រយោជន៍​ផ្ទាល់​ដោយ​គោរព​ទៅ​តាម​របៀប​ដែល​ច្បាប់​នោះ​​ត្រូវ​គេ​ប្រើ​និង​បង្កើត​ឡើង។​

ក្នុង​ពេល​ ២៥ ឆ្នាំ​កន្លង​ទៅ​នេះ ចិន​ក៏​បាន​ពង្រីក​ឥទ្ធិពល​ច្រើន​គួរ​សម​ដែរ​ទៅ​លើ​របៀប​​ដែល​ការ​គោរព​សិទ្ធិមនុស្ស​អន្តរ​ជាតិ​​មាន​ដំណើរ​ការ​។ ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ ចិន​និង​ប្រទេស​សហការ​ណ៍​ផ្សេងទៀត​បាន​ជំរុញ​ឲ្យ​មាន​គោល​ការ​សាកល។

ស្រដៀង​គ្នាដែរ ចិន​គឺជា​អ្នក​លើក​កម្ពស់​មួយ​ដល់​ការ​ផ្តួច​ផ្តើម​គំនិត​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​​ដើម្បី​ឲ្យ​រដ្ឋ​នីមួយ​ៗ​​ដាក់បញ្ជូន​ផែនការ​សកម្ម​ភាព​សិទ្ធិមនុស្ស ដែល​អនុញ្ញាត​ឲ្យ​រដ្ឋ​នីមួយៗ​​ដើម្បីជំរុញ​​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​នូវ​របៀប​ដែល​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​គួរ​តែ​ត្រូវ​បក​ស្រាយ​​សម្រាប់​ការ​ដាក់ពាក្យ​សុំ​នៅ​ក្នុង​ប្រទេស​នោះ។​ ឥទ្ធិពល​រួម​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ផ្សេងទៀត​​ ដូចជា​ការ​រឹត​បណ្តឹង​​ឥទ្ធិពល​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដើម​​ គឺ​ដើម្បី​ពង្រឹង​ជំហរ​ចិន​​ស្របតាម​អាទិភាព​​ដែល​ខ្លួន​កំណត់​ឡើង​ និង​​ការ​ពារ​ខ្លួន​​ពី​សម្ពាធ​ធ្ងន់ធ្ងរ​​តាម​រយៈ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ ដោយ​សារតែ​សមិទ្ធ​ផល​ការ​ទូតទាំង​នេះ ប៉េកាំង​​ហាក់ដូចជា​មិន​ចង់​កែប្រែធំៗ​ណា​មួយ​ក្នុង​របប​នោះ ឬ​ការ​បោះបង់​វា​ចោល​ទេ។​

ដូចគ្នា​ដែរ ចិន (ដូចប្រទេស​ផ្សេង​ទាំង​អស់ទៀត​ដែរ) បាន​បក​ស្រាយ​ច្បាប់​សមុទ្រ​​ដោយ​លម្អៀង​មក​លើ​ខ្លួន​។ បន្ទាប់ពី​បាន​​យល់​ព្រម​ទទួល​យក​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាស់​សមុទ្រ​នៅ​ឆ្នាំ ១៩៩៦ ចិន​បាន​បក​ស្រាយបទ​បញ្ញត្តិ​ច្បាប់​នោះ​លើ​ខ្ពស់​រាបបាតសមុទ្រ​និង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ដើម្បី​ទាមទារ​គ្រប់គ្រង​លើ​ផ្ទៃ​សមុទ្រ​ធំៗ។ ចិន​បាន​បង្ហាញការ​ទាម​ទារ​លើ​ទម្រង់​ដី​នៅ​សមុទ្រ​ដែល​ផ្អែក​លើ​បទ​បញ្ញត្តិ​ច្បាប់​អន្តរជាតិ​ដូចជា​ការ​បន្តការ​កាន់កាប់។ ចិន​បាន​បក្ស​ស្រាយ​លើ​បទ​បញ្ញត្តិ​​ស្តីពី​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ ដូចជា​ការ​បដិសេធ​ការ​ធ្វើ​ដំណើរបស់​នាវា​ជើង​ទឹក​អាមេរិក​និង​យន្ត​ហោះ​ទ័ព​អាកាស​អាមេរិក​ នូវ​សិទ្ធិ​ក្នុងការ​ធ្វើ​ប្រតិបត្តិការណ៍​ស៊ើបយក​ការ​ និង​សេរី​ភាព​នៃ​ការ​ប្រតិបត្តិការ​នៃនាវា​ចរ​ក្នុង​ដែន​ទឹក​ចិន​ដោយ​គ្មានការ​អនុញ្ញាត​ពី​ចិន។​

លើ​ការ​ប្រែប្រួល​អាកាសធាតុ​ ចិន​បាន​គាំទ្រ​​គោល​ការ​ពិធីសារ​ Kyoto និង​ចូល​រួម​ក្នុង​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​​ឆ្នាំ ២០១៦។ ចិន​ក៏​បាន​លើក​ឡើង​ថា ខ្លួន​នឹង​បន្ត​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នោះ ទោះជា​ប្រធានាធិបតីអាមេរិក​ប្រកាស​ថា អាមេរិក​នឹង​ដកខ្លួន​ចេញពីកិច្ច​ព្រម​ព្រៀង​នោះ​ក៏​ដោយ។​

ជា​រួម ឥរិយាបថ​របស់​ចិន​ក្នុ​ង​សណ្តាប់ធ្នាប់​អន្តរជាតិ​មិន​បាន​បង្ហាញ​នូវ​ការ​លើក​កម្ពស់​ “គំរូ​ចិន​” ខុស​ប្លែក​គេ ឬ​ចក្ខុវិស័យ​​ផ្សេង​​ដល់​សណ្តាប់ធ្នាប់​ពិភព​លោក​នោះទេ។ ប្រសិន​បើ​មាន​ការ​ផ្លាស់ប្តូរ​ធំ​នោះ ចិន​ចង់​ក្លាយជា​មហាអំណាច​អភិរក្ស ពោល​គឺ ខ្លួន​ប្រឆំាង​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​អាមេរិក​និង​ដៃគូរបស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ច្បាប់​ដែល​ខូ​ច​ប្រយោជន៍​របស់​ចិន។ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​របស់ខ្លួន​ជា​មួយ​វ៉ាស៊ីន​តុន​និង​សម្ព័ន្ធ​មិត្ត​របស់គេ​នោះ ចិន​ ជា​រឿយៗ​ បាន​ការ​ពារ​ការ​បក​ស្រាយ​អធិបតេយ្យ​ភាព​តាម​បែប​ចាស់​ទល់​នឹង​ការ​បក​ស្រាយ​មាន​កម្រិត​។ ដូច្នេះ​ វា​លំបាក​ក្នុង​ការ​ស្រមៃ​​ដល់​សេនារីយ៉ូ​ប្រាកដនិយម​ដែល​ថា ចិន​នឹង​ព្យាយាម​ធ្វើ​បដិវត្តន៍​ ឬ​ផ្តួល​រំលំ​បទដ្ឋាន​ពិភព​លោកណាស់៕

ប្រភព៖ East Asia Forum ចុះថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៧


អគ្គនាយកដ្ឋានកាំកុងត្រួល ប្រកាសរាំងខ្ទប់ផលិតផលចិញ្ចឹមទារក និងកុមារតូចៗ (ម្សៅទឹកដោះគោ) ផលិតដោយក្រុមហ៊ុន GROUPE LACTALIS

អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជំរាបជូនដំណឹង ដល់សាធារណជន ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា អាជ្ញាធរ ប្រទេសបារាំង (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានចេញបទបញ្ជាស្តីពីការព្យួរការនាំចេញ ការធ្វើចរាចរណ៍លើទីផ្សារ រយៈពេលមួយឆ្នាំ និងប្រមូលត្រឡប់មកវិញនូវ ផលិតផល ចិញ្ចឹមទារក និងកុមារតូចៗ (ម្សៅទឹកដោះគោ….) ដែលផលិតដោយក្រុមហ៊ុន GROUPE LACTALiS បន្ទាប់ពីមានបញ្ហាសុខភាព បានកើតឡើងចំពោះទារក និងកុមារតូចចំនួន២៦នាក់ ហើយលទ្ធផលនៃការវិភាគរបស់មជ្ឈមណ្ឌលបង្អែកជាតិប្រទេសបារាំង (National Reference Center: Institute Pasteur, Paris) បានបង្ហាញអំពីការចម្លងបាក់តេរី Salmonella Agona នៅក្នុងផលិតផលខាងលើ ។

ក្រុមហ៊ុនបានប្រមូលត្រឡប់មកវិញ នូវផលិតផលដែលមាន បញ្ហាពីទីផ្សារប្រទេសបារាំង និងពីបណ្តាប្រទេសនានា ដែលក្រុមហ៊ុនបានចែកចាយ។  ការចម្លងបាក់តេរី Salmonella Agona មានចំពោះតែលើផលិតផលដែលមានអត្តសញ្ញាណ មានដូចជា ៖ ឈ្មោះផលិតផល ( Article designation )  លេខឡូតិ៍ ( Batch Number ) ថ្ងៃ ខែ ឆ្នាំប្រើប្រាស់ជាអប្បបរិមា ( DDM : Date of Minimal Durability ) ដែលស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធនៃបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសបារាំង ដែលជូនភ្ជាប់មកជាមួយប៉ុណ្ណោះ ។

វត្តមានបាក់តេរី Salmonella ក្នុងផលិតផលខាងលើនឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារក និងកុមារតូចៗ ដោយបង្កឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ  គ្រុនពោះវៀន។ ល។ ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការរួមមាន ៖
– រាំងខ្ទប់មិនឱ្យនាំចូលផលិតផលដូចបានអធិប្បាយខាងលើ។
– ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយក្នុងករណីមាននំាចូល និងមាន ចរាចរលើទីផ្សារ។
– ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការ តាមនីតិវិធីប្រសិនបើ មានការដាក់តាំងលក់។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋាន កាំកុងត្រូលសូម អំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណ ដូចបានជំរាបជូនខាងលើ និងសូមជួយ សហការផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។

លេខទូរស័ព្ទទំនាក់ទំនង៖
• ទូរស័ព្ទខ្សែទី ១     ០១២ ២៧៨ ៧៨៩
• ទូរស័ព្ទខ្សែទី ២     ០៩២ ៩៩៩ ៨៦៧
• ទូរស័ព្ទខ្សែទី ៣     ០១២ ៩៨៥ ៥៧៧

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មសូមថ្លែងអំណរគុណ និងសង្ឃឹមចំពោះការយកចិត្តទុកដាក់ របស់សាធារណៈជន ពាណិជ្ជករ អាជីវករទាំងអស់លើកិច្ចសហការការពារសុខុមាលភាពទារក និងកុមារតូចៗឱ្យបានល្អប្រសើរ៕

ក្រោយពីរបាយការណ៍​របស់លោក Trump​ ចិនទទូច​ឱ្យសហរដ្ឋអាមេរិក​ ទទួលយក​នូវការកើនឡើង​របស់ខ្លួន​

រដ្ឋា​ភិបាល​ចិន​កាល​ពី​ថ្ងៃ​អង្គារ​បាន​រិះ​គន់សេចក្តី​សម្រេច​របស់​​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក Donald Trump ដែល​បាន​ដាក់​ឈ្មោះ​ទី​ក្រុងប៉េ​កាំង​ថា​ជា​គូ​ប្រ​កួត​យុទ្ធ​សាស្រ្ត​ និង​បាន​អំពាវ​នាវ​ដល់​ទី​ក្រុង​វ៉ាស៊ីន​តោន​ឱ្យ​បោះ​បង់ចោល​នូវ​​ចិត្ត​សាស្រ្ត​សង្រ្គាម​ត្រ​ជាក់​ និង​ទទួល​យក​នូវ​ការ​កើន​ឡើង​របស់​របស់​ចិន។

ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន Xinhua ផ្លូវ​ការ​បាន​និយាយ​ថា សេចក្តី​សម្រេច​របស់​លោក Trump បាន​ឆ្លុះ​បញ្ចាំង​ពី​ជ័យ​ជំនះ​របស់​ពួក​ក្បាល​រឹង​នៅ​ក្នុង​រដ្ឋ​បាល​របស់​គាត់​។ ចិន​បាន​ព្រ​មានពី​​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​អា​មេរិក-ចិនទំនង​ជា​ប្រ​ឈម​នឹង​សម្ពាធ និង​បញ្ហា​ប្រ​ឈម​កាន់​តែ​ច្រើនទៀត​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ចិន លោក​ស្រី Hua Chunying បាន​និយាយ​ថា «​យើង​បាន​ទទូច​ឱ្យ​អា​មេ​រិក​បញ្ឈប់​ការ​បំភ្លៃ​ដោយ​ចេតនា​ចំពោះ​បំណងជា​យុទ្ធ​សាស្រ្ត​​របស់​ចិន​ និង​បោះ​បង់ចោល​នូវ​​ចិត្ត​សាស្រ្ត​សង្រ្គាម​ត្រ​ជាក់។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អ្នក​ដទៃ និង​បំផ្លាញ​ខ្លួន​ឯង»។

កាល​ពី​ថ្ងៃ​ចន្ទ របាយ​ការ​ណ៍​របស់លោក Trump បាន​វាយ​ប្រ​ហារ​ជាច្រើន​ទៅ​លើ​ចំណុច​រសើប​របស់​ចិន។ វា​បាន​បញ្ជាក់​ពី​ទំនាក់​ទំនង​ជា​មួយ​នឹង​កោះ​តៃ​វ៉ាន់ដែល​ចិន​ដី​គោក​អះ​អាង​ថា ជា​ទឹក​ដី​របស់​ខ្លួន​ និង​បាន​សន្យា​ថា នឹង​ធ្វើ​ឱ្យ​សម្ព័ន្ធ​មិត្ត​របស់​យើង​ខ្លាំង​ក្លា​ឡើង​វិញ​ជា​មួយ​នឹង​រដ្ឋា​ភិបាល​មួយ​ចំនួន​នៅ​តំបន់​អា​ស៊ី​អា​គ្នេយ៍​ ដែល​មាន​ប្រ​ទេស​ខ្លះ​មាន​ជម្លោះ​ជា​មួយ​នឹងចិន​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​ដែន​អធិប​តេយ្យ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អា​មេ​រិក​ និង​ចិន​បាន​ចែក​រំលែក​នូវ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ធំបំផុត​នៅ​លើ​ពិ​ភព​លោក និង​ធ្វើសហ​ប្រ​តិ​បត្តិ​ការ​លើ​វិ​ស័យ​មួយ​ចំនួន​ចាប់​ពី​ថាម​ពល​ស្អាតរហូត​ដល់​សុខ​ភាព​សាធារណៈ។ ប៉ុន្តែ​ទី​ក្រុង​ប៉េ​កាំង​ចាត់​ទុក​​ទី​ក្រុង​វ៉ាស៊ីន​តោនថា​ជា​ឧប​សគ្គ​ចំពោះ​មហិច្ឆតា​របស់​ខ្លួន​ដើម្បី​​ក្លាយខ្លួន​ជា​មហា​អំណាច​នៅ​តំបន់​អា​ស៊ី​បូ​ព៌ា និង​មាន​បញ្ហា​រកាំ​រកូស​លើ​បញ្ហាកោះ​​តៃ​វ៉ាន់ គោល​នយោ​បាយ​ពាណិជ្ជ​កម្ម បច្ចេក​វិទ្យា និង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​តែ​តាន​តឹង​ឡើង។

ស្ថាន​ទូតចិន​ប្រ​ចាំ​ទី​ក្រុង​វ៉ាស៊ីន​តោនបាន​និយាយ​នៅ​ក្នុងសេចក្តី​ថ្លែង​ការ​ណ៍​ថា «​គឺ​វា​អាត្មានិយម​ដែល​ដាក់​ផល​ប្រ​យោជន៍​ជាតិ​របស់អ្នក​​លើ​ផលប្រ​យោជន៍​របស់​ប្រ​ទេសដ​​ទៃ​ និង​ផល​ប្រ​យោជន៍​ទៅ​វិញ​ទៅ​មក​របស់​សហ​គមន៍​អន្តរ​ជាតិ»។

សេចក្តី​ថ្លែង​ការ​ណ៍​ដដែល​បាន​និយាយ​ថា «​ភាគី​ចិន​មាន​ឆន្ទះ​ធ្វើ​ឱ្យ​មាន​សន្តិ​សហ​វិ​ជ្ជ​មាន​ជា​មួយ​នឹង​ប្រ​ទេស​ទាំង​អស់​។ អា​មេ​រិក​គួរ​តែ​សម្រប​ខ្លួន និង​ទទួល​យកនូវ​​ការ​អភិ​វឌ្ឍ​របស់​ចិន»។

មន្រ្តី​អា​មេ​រិក​មិន​សប្បាយ​​អំពី​ការ​វាត​ទី​យោ​ធា​និយមកាន់​តែ​កើន​ឡើង​របស់​ចិន​ ឈរ​លេខ​រៀង​ទី​២ ខ្ពស់​បំផុត​បន្ទាប់​ពី​អា​មេ​រិក។ ពួក​គេ​មើល​ឃើញ​កម្ម​វិធី​គំនិតផ្តួច​ផ្តើម​ផ្លូវ​មួយ ខ្សែ​ក្រវ៉ាត់​មួយរបស់​ប្រ​ធា​នា​ធិប​តី Xi Jinping ដែល​ជា​គម្រោងមួយ​ដើម្បី​សាង​សង់​ផ្លូវ​ដែក និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀតឆ្លង​កាត់​ប្រ​ទេស​មួយ​ចំនួន​ពី​អា​ស៊ី​រហូត​ដល់​អឺ​រ៉ុប​ និង​អា​ហ្រ្វិក គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​លុប​បំបាត់​ឥទ្ធិ​ពល​របស់​អា​មេ​រិក និង​ថែ​រក្សា​នូវ​រចនា​សម្ព័ន​នយោ​បាយ​ដែល​ផ្តោតសំខាន់​​លើ​ចិន​។

បញ្ហា​រសើប​បំផុត​នោះ គឺ​​តៃ​វ៉ាន់​ ​ជា​កោះ​ប្រ​ជា​ធិប​តេយ្យដែល​ទី​ក្រុង​ប៉េ​កាំង​បាន​ប្រ​កាស​ថា ជា​ផល​ប្រ​យោជន៍​ស្នូលដែល​ខ្លួន​នឹង​ធ្វើសង្រ្គាម​ ប្រ​សិនបើ​ចាំ​បាច់។

របាយ​ការ​ណ៍​របស់​លោក Trump បាន​សន្យា​ថា​នឹង​រក្សា​នូវ​ទំនាក់ទំនង​របស់​យើង​ឱ្យ​បាន​រឹង​មាំ​ជា​មួយ​នឹង​កោះ​តៃ​វ៉ាន់ និង​ផ្តល់​នូវ​តម្រូវ​ការ​ការ​ពារ​ស្រប​ច្បាប់​របស់​ខ្លួន»៕

ប្រភព: AP ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមបុណ្យសមុទ្រនៅខេត្តកែបឱ្យបានច្រើនកុះករ

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយបានអំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមបុណ្យសមុទ្រនៅខេត្តកែបឱ្យបានច្រើនកុះករ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងពេលដែលខ្យល់អាកាសត្រជាក់បន្តធ្លាក់នៅស្ទើរគ្រប់ទីកន្លែងពិសេសនៅតាមតំបន់មាត់សមុទ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ខ្យល់អាកាសនៅបន្តធ្លាក់មកជាមួយធាតុអាកាសត្រជាក់ស្ទើរគ្រប់ទីកន្លែង ជាពិសេស​ នៅតាមតំបន់មាត់សមុទ្រ។ សូមបងប្អូនជនរួមជាតិថែរក្សាសុខភាពអោយបានល្អ ទន្ទឹមនឹងនេះ​ សូមកូន​ក្មួយមើលថែ​រក្សា​លោកយាយ លោកតា និងឪពុកម្តាយអោយបានល្អក្នុងខែរងារនេះ។ សូមអញ្ជើញបងប្អូនជនរួមជាតិទៅចូលរួមបុណ្យសមុទ្រនៅខេត្តកែបនៅចុងសប្តាហ៍នេះឱ្យបានច្រើនកុះករ និងសូមជូនពរជន​រួមជាតិជួបតែសេចក្តីសុខ និងធ្វើដំណើរមានសុវត្ថិភាពគ្រប់ទីកន្លែង»។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៦ (ជុំទី២) នៅខេត្តកែប ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ហើយនឹងបញ្ចប់នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។ ពិធីបុណ្យសមុទ្រ ឆ្នាំ២០​១៧នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» អ្វីដែលពិសេសជាងនេះទៀត ពិធីបើកដំណើរការជាផ្លូវការនៃព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ៕


តើបក្សប្រឆាំងរបស់​ជប៉ុនបានកើន​ប្រជាប្រិយភាព​ ប្រសើរជាងមុន​ដែរឬទេនៅ​ក្នុងការបោះឆ្នោត​ឆ្នាំ ២០១៧?​

ដោយ​មានការ​បោះឆ្នោត​មុន​កាល​កំណត់​នៅថ្ងៃទី ២២ ខែ​តុលា ឆ្នាំ ២០១៧ នាយក​រដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe បាន​ទទួល​សម្លេង​ឆ្នោត​លើសលប់​ជាប់ៗគ្នា​ជា​លើកទី ៣ របស់​គាត់។ រដ្ឋាភិបាល​ចម្រុះ​របស់​បក្ស​ប្រជាធិបតេយ្យ​សេរី​ (LDP) របស់​លោក​ Abe និង​បក្ស Komeito នៅតែ​ទទួល​បាន​សម្លេង​ ២ ភាគ ៣ ដែល​អាច​ត្រួស​ត្រាយ​ផ្លូវ​ដល់​រដ្ឋាភិបាល​ក្នុងការ​ផ្តួច​ផ្តើម​គំនិត​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​តាម​ការ​ចង់​បាន​ជា​យូរ​មក​ហើយ​របស់​លោក Abe ដើម្បី​សើរើ​​ “ខ​សន្តិភាព” នៃ​មាត្រា​ ៩ និង​ធ្វើ​ឲ្យ​ស្រប​ច្បាប់​ដល់​កងកម្លាំង​ស្វ័យការ​ពារ​របស់​ជប៉ុន។​

ភាព​ខុស​គ្នា​ធំ​រវាង​ការ​បោះឆ្នោត​ជាតិ​កាលពីពេល​ឆ្នាំ ២០១៤ គឺ​ការ​បែក​ខ្ញែក​​នៅ​មុន​ការ​​បោះ​ឆ្នោត​របស់​បក្ស​ប្រជាធិបតេយ្យ (DP) ដែលជា​បក្ស​ប្រឆាំង​ទៅជា​បក្ស​ថ្មី​ពីរ គឺ​បក្ស​នៃ​ក្តី​សង្ឃឹម និង​បក្ស​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញ​ជប៉ុន (CDPJ)។ ការ​មក​ដល់​របស់​បក្ស​ពីរ​នោះ​​បាន​នាំ​ឲ្យ​មានការ​ប៉ាន់​ស្មាន​ថា លោក Abe ប្រហែលជា​អាច​ភ័ន​ច្រឡំ​ដោយ​ការ​​កោះ​ឲ្យ​បោះឆ្នោត​មុន​អាណត្តិ។​

ប៉ុន្តែ តើ​ការ​ចាប់​កំណើត​រ​បស់​បក្ស​ទាំង​ពីរបាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិផល​នៅ​ក្នុង​វិធី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណា​ខ្លះ?

ប្រព័ន្ធ​បោះ​ឆ្នោត​របស់​ជប៉ុន​បូក​បញ្ចូល​ស្រុក​ដែល​មាន​សមាជិក​តែ​ម្នាក់​ចំនួន ២៨៩ (SMDs) ដែល​ជាប់​ឆ្នោត​ដោយ​​​សម្លេង​ភាគ​ច្រើន​ជា​មួយ​អាសនៈចំនួន ១៧៦ ដែល​ជាប់​ឆ្នោត​ដាច់​ដោយ​ឡែក​ដោយ​តាម​ប្រព័ន្ធ​សមាមាត្រ​​​តាម​បញ្ជី។ បក្ស​នៃ​ក្តី​សង្ឃឹម​និង​បក្ស CDPJ បូក​បញ្ចូល​គ្នា​​បាន​ឈ្នះ​សម្លេង​ ៦៩ ក្នុង​បញ្ជី​សមាមាត្រ​ នៅពេល​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​ ដែលជា​បក្ស​មេ​របស់​បក្ស DP នោះ​បាន​ឈ្នះ​សម្លេង​ត្រឹម​តែ ៣៥ ប៉ុណ្ណោះ​នៅឆ្នាំ ២០១៤។ ប៉ុន្តែ​ សម្លេង​កើន​ឡើង​នេះ​ទទួល​បាន​ដោយ​សារតែ​បក្ស​ពីរ​ដែល​បាន​ទទួល​សម្លេង​ល្មម​នៅ​ឆ្នាំ ២០១៤ គឺបក្ស Nippon Ishin no Kai (Ishin) និង​បក្ស​កុម្មុយនីស្ត​ជប៉ុន​។ ដូច្នេះ នៅ​រយៈ​ពេល​ខ្លី ការ​បែក​បាក់​របស់​បក្ស DP នោះ​បាន​ផ្តល់​ឱកាស​ដល់​ការ​ប្រមូល​ផ្តុំ​ការ​គាំទ្រ​ឡើង​វិញ​ក្នុង​ចំណោម​បក្ស​ប្រឆាំង​ទាំង​អស់។​

គេ​អាច​រំពឹង​ថា ការ​បែក​ខ្ញែក​បក្ស DP នឹង​រួម​ចំណែក​ខ្លាំង​ដល់​ការ​បោះឆ្នោត​តាម​ស្រុក​ (SMDs) ដែល​ប្រើ​ប្រព័ន្ធ​អ្នក​ឈ្នះ​កើប​យក​សម្លេង​ទាំង​អស់។ នេះ​មិន​កើត​ឡើង​ទេ ប្រសិន​បើ​យើង​គិត​ទៅ​លើ​បក្ស​តែ​បក្ស​នៃ​ក្តី​សង្ឃឹម​និង​បក្ស CDPJ នោះ ដោយ​សារតែ​បក្ស​ទាំង​នេះ​គ្រាន់តែ​ប្រកួតប្រជែង​គ្នា​ឯង​ប៉ុណ្ណោះ​នៅ​ក្នុង​ SMDs ចំនួន ៣៩។ ប៉ុន្តែ​ តើ​ SMDs ចំនួន​ប៉ុន្មាន​ដែល​ក្រុម​ចម្រុះ​រវាង​បក្ស LDP និង​បក្ស Komeito បាន​ចាញ់​ទៅ​ឲ្យ​បក្ស​ប្រឆាំងដែល​បាន​រួម​រួម​គ្នា​ រាប់បញ្ចូលទាំង​អ្នក​ឯករាជ្យ​ដែលជា​អតីត​នៅ​បក្ស DP និង​បក្ស​តូច​ៗ​ជា​ច្រើន​? ក្នុង​ចំណោម​អ្នក​ទទួល​បាន​អាសនៈ​​នៅ SMD ចំនួន ២២៣ របស់​ក្រុម​ចម្រុះ LDP និង​ Komeito នោះ អ្នក​ឈ្នះ​ចំនួន ១៣៥ ទទួល​បាន​សម្លេង​ឆ្នោត​ជាង​ពាក់កណ្តាល។ ការ​សហការ​របស់បក្ស​ប្រឆាំង​​ទំនង​ជា​នឹង​មិន​ផ្លាស់ប្តូរ​​លទ្ធ​ផល​ទាំង​នោះទេ។ ហើយ​វា​លំបាក​ក្នុង​ការ​ស្រមៃ​ដល់​ការ​រួម​សហការ​របស់​បក្ស​ប្រឆាំង​ដែល​ទទួល​បាន​សម្លេង​​ក្នុងការ​បោះឆ្នោតនៅ​ក្នុង​ស្រុក​ ៨៨ ផ្សេងទៀត​ណាស់ ដោយ​សារតែ​បក្ស​ប្រឆាំង​ទាំង​នោះ​បែក​បាក់​គ្នា​ផ្នែក​​មនោគមវិជ្ជា គឺ បក្ស CDPJ បាន​បង្កើត​ឡើង​ដោយ​អ្នក​នយោ​បាយ​ដែល​បដិសេធ​​សន្យា​គាំទ្រគោល​នយោ​បាយ​របស់​​បក្ស​នៃ​ក្តីសង្ឃឹម​ដែល​បាន​ប្រមូល​​មនុស្ស​របស់​បក្ស LDP។

បក្ស​ LDP តែ​ងតែ​មាន​ប្រៀប​នៅ​តំបន់ជន​បទ​ជប៉ុន​ ហើយ​អាសនៈ​នៅ​ក្នុង​ស្រុក​ចំនួន ១០០ ក្នុង​ចំណោម​អាសនៈចំនួន ១៣៥ ដែល​បក្ស​មិន​បាន​ឈ្នះ​នោះ​គឺ​នៅ​តំបន់​ជន​បទ​ ឬ​តំបន់​ពាក់​កណ្តាល​ជន​បទ។ ប៉ុន្តែ​ នៅ​ក្នុង​ការ​ទទួល​បាន​សម្លេង​ ៥៩ ក្នុង​ចំនួន​សម្លេង ៩៤ របស់ខ្លួន​នៅ​តំបន់​ប្រជុំ​ជននោះ សម្លេង​ឈ្នះ​របស់​ក្រុម​ចម្រុះបក្ស LDP និងបក្ស Komeito បាន​ធ្លាក់ចុះ​ ៥០ ភាគ​រយ​។ តើ​បក្ស​ប្រឆាំង​អាច​ទទួល​បាន​អាសនៈ​ទាំង​នេះ​ខ្លះដែរឬទេ? ការ​សហការ​គ្នា​ល្អ​ក្នុង​ចំណោម​បក្ស​នៃ​ក្តី​សង្ឃឹម បក្ស CDPJ និង​បក្ស Ishin អាច​​ទម្លាក់​សម្លេង​របស់​ក្រុម​ចម្រុះ LDP និង​បក្ស Komeito រហូត​ដល់​ ២១ អាសនៈ​នៅ​តំបន់​ប្រជុំ​ជន។ ប្រសិន​បើ​បក្ស​ប្រឆាំង​​ទាំង​អស់ដែល​រួម​គ្នា​​ (ដោយ​ដក​អ្នក​ឯករាជ្យ​ចេញ) អាច​រក​ច្រក​យល់​ស្រប​គ្នា​ក្នុងការ​ដាក់​បេក្ខជន​តែ​មួយ​នៅ​ក្នុង​ស្រុក​នីមួយ​ៗនោះ បក្ស​ចម្រុះ LDP និង​បក្ស Komeito អាច​បាត់​អាសនៈ​រហូត​ដល់​ ៥៦ នៅ​ក្នុង​អាសនៈ​តំបន់​ប្រជុំ​ជន​ដែល​ខ្លួន​ទទួល​បាន​នៅ​ឆ្នាំ ២០១៧។​

ដើម្បី​ឡើង​កាន់អំណាច​ បក្ស​ប្រឆាំង​ត្រូវ​ការ​កលយុទ្ធ​ច្រើនថែម​ទៀត ពោល​គឺ​ខ្លួន​ត្រូវ​តែ​មាន​ប្រជា​ប្រិយភាព​ថែម​ទៀត​។ ដើម្បីជំនួស​ឲ្យ​បក្ស DP ដែល​បែក​ខ្ញែក​និង​គ្មាន​គោល​ដៅ​នៅ​ចំពេល​មាន​​សម្ព័ន្ធ​ភាព​ដ៏​ចលាចល​នោះ ឆ្នាំ ២០១៧ ត្រូវ​គេ​មើលឃើញ​ថា បក្ស​ប្រឆាំង​​បាន​ស្ថិត​នៅ​ក្នុងប្លុក​រួម​គ្នា​ចំនួន ២ គឺ ប្លុក​បែប​ហួង​ហែង​ដែល​ដឹកនាំ​ដោយ​បក្ស​នៃ​ក្តី​សង្ឃឹម​និង​បក្ស Ishin និង​ក្រុម​​សន្តិ​ភាព​និយម​ដែល​ដឹកនាំ​ដោយ​បក្ស CDPJ។ តើ​ក្រុម​ទាំងពីរ​នោះ​រក​ច្រក​ឡើង​កាន់អំណាច​បាន​ដែរ​ឬទេ?

វិធី​សាស្ត្រ​របស់​បក្ស​នៃ​ក្តី​សង្ឃឹម​ក្នុងការ​​ចំលង​យក​​ផែនការ​ភាគ​ច្រើន​របស់ LDP-Komeito មិន​ទំនង​ជា​មាន​ដំណើរការ​នោះទេ ប្រសិន​បើ​ស្តង់ដារ​រស់នៅ​មិន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​សម្គាល់ខ្លាំងនោះ។ សង្គ្រាម​វណ្ណៈ​និង​ទស្សនៈ​សន្តិភាព​និយម​មិន​សូវ​មាន​ប្រជា​ប្រិយភាព​ជាង​ពេល​ណា​ៗ​ទាំង​អស់។ ប៉ុន្តែ ការ​ស្ទង់​មតិ​នាពេល​ថ្មីៗនេះ​លើក​ឡើង​ថា បក្ស CDPJ អាច​ជា​បក្ស​ប្រឆាំង​តែ​មួយ​គត់​ក្នុងការ​ប្រជែង​បក្សចម្រុះ​កំពុង​កាន់​អំណាច​នៅ​ការបោះឆ្នោត​នៅពេល​ខាង​មុខ។​

វិធីសាស្ត្រ​ដែល​នៅ​សេសសល់​គឺ​ការ​ស្វែង​រក​បញ្ហាគោល​នយោ​បាយ​ដែលកើត​មាន​រវាង​បក្ស​ LDP និង​បក្ស​ Komeito ឬ​នៅ​ក្នុង​បក្ស LDP តែ​ម្តង។ ការ​បែក​ខ្ញែក​​របស់​បក្ស LDP នៅ​ឆ្នាំ ១៩៩៣ និង​ឆ្នាំ ២០០៥ បាន​កើ​ត​ឡើង​មានការ​បែក​បាក់​គ្នា​រវាង​ពួក​សេរី​និង​ពួក​គាំពា​រ​និយម។ នេះ​បាន​កើ​ត​ឡើង​ក្នុង​ទស្សនៈ​សាកលនិយម​និង​ប្រឆាំង​សាកល​និយមដែល​កំពុង​ធ្វើ​ឲ្យ​រអាក់រអួល​ដល់​ប្រព័ន្ធ​បក្ស​នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ។ បក្ស​ប្រជាធិបតេយ្យ​ជប៉ុន (DP) បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ ២០០៩ ជា​មួយ​នឹង​កា​រ​អំពាវ​នាវ​មិន​ឲ្យ​មានការ​ទាត់​ចោល​សាកលភាវូបនីយកម្ម​និង​សេរីភាវូប​នីយកម្ម​ ប៉ុន្តែ​អំពាវនាវ​ដល់​រដ្ឋ​ដែល​មាន​សុខមាល​ភាព​ខ្លាំង​ឲ្យ​ជួយ​អ្នក​ចាញ់។ ទោះជា​បំណង​បរាជ័យ​លើក​ដំបូង​របស់​បក្ស​ DP ក៏​ដោយ ក៏​វិធីនេះ​អាច​យក​ទៅ​សាកល្បង​ម្តងទៀត​បាន។

រាល់​អ្នក​ប្រកួត​ប្រជែង​នៅអនាគត​ទាំង​អស់​នឹង​មាន​ឱកាស​ល្អ​បំផុត​ក្នុង​ការ​កើន​ឡើង​អាសនៈ​នៅ​សភា​របស់​អ្នក​នៅ​ប្រជុំ​ជន។ ពួកគេ​ក៏​ត្រូវ​តែ​រក​វិធី​ក្នុងការ​ទាញ​​ភាព​ប្រឆាំង​គ្នា​រវាង​ផល​ប្រយោជ​ន៍​របស់​អ្នក​បោះ​ឆ្នោត​នៅ​តំបន់​ជន​បទ​របស់​បក្ស LDP និង​អ្នក​នៅ​តាម​ទីក្រុង ឬ​រវាង​បក្ស​ LDP និង​បក្ស Komeito។ បក្ស​ប្រឆាំង​ក៏​ត្រូវ​តែ​ពិចារណា​​នូវ​របៀប​ជំរុញ​ឲ្យ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ជិត​ពាក់​កណ្តាល​ផង​ដែរ៕

ប្រភព៖ East Asia Forum ចុះថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៧


គំនិត​ផ្តួចផ្តើម​ផ្លូវមួយខ្សែក្រវ៉ាត់មួយ​របស់ ចិន​ជួបនឹងការ​ប្រឈមសន្តិសុខ​ថ្មីក្នុងឆ្នាំ ២០១៨​

ប្រទេសជាង ១៤០ និងអង្គការអន្តរជាតិចំនួន ៨០ កំពុងគាំទ្រ និងចូលរួមក្នុងគំនិត  ផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) គំនិតនេះត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសចិនដែលត្រូវបានគេរំពឹងថា នឹងឈានចូលដំណាក់កាលថ្មីនៅក្នុងឆ្នាំ ២០១៨។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថ្មីៗនេះបានអះអាងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍អន្តរជាតិ និងការទូតរបស់ចិននៅក្នុងឆ្នាំ ២០១៧ ដែលប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីនីមួយៗដើម្បី «ពង្រឹងកម្លាំងជំរុញថ្មីសម្រាប់ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយ»។

ប៉ុន្តែ គេគួរកត់សម្គាល់ផងដែរថា ហានិភ័យសន្តិសុខថ្មីកំពុងគំរាមទៅលើគំនិតដ៏ធំ   មហិមារនេះ។ ទោះបីជាទាំងរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើរដ្ឋអ៊ីស្លាមក៏ដោយ ក៏ការគំរាមកំហែងរបស់ភេរវករដែលកំពុងធ្វើឲ្យគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយប្រឈមមុខគឺពិតជាកំពុងតែកើនឡើងជាជាងការធ្លាក់ចុះ។ ប្រសិនបើកាលពីមុន កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ថិតនៅក្នុងផែនការ BRI ត្រូវជៀសវាងការគំរាមកំហែងរបស់ភេរវករ តាមរយៈការជៀសវាងកន្លែងដែលក្រុមភេរវករប្រមូលផ្តុំ ហើយយុទ្ធសាស្រ្តនេះនឹងលែងមានប្រសិទ្ធិភាពទៀតហើយ។

ពួកសកម្មប្រយុទ្ធត្រូវបានអូសទាញចេញពីមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយត្រូវបានបែកខ្ញែកគ្នានៅទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលទីកន្លែងទាំងអស់នេះជាទីតាំងសំខាន់ៗស្ថិតនៅក្នុងផែនការ BRI ។ ជាពិសេស តំបន់ភ្នំ និងបណ្តាញភេរវកម្មដែលមានស្រាប់នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានធ្វើឱ្យប្រទេសទាំងពីរទំនងក្លាយជាការផ្តោតថ្មីរបស់រដ្ឋអ៊ីស្លាមដែលមិនបានដាក់អាវុធរបស់ខ្លួន។ នេះមានន័យថា ការគំរាមកំហែងរបស់ភេរវករកាន់តែខិតចូលទៅជិតប្រទេសចិន ដែលជាអ្នកផ្តួចផ្តើមនៃផែនការ BRI និងគម្រោងស្នូលនៃ BRI ជាច្រើនដូចជាច្រកសេដ្ឋកិច្ចចិន – ប៉ាគីស្ថាន។

អស្ថិរភាពនយោបាយបង្កឱ្យមានការព្រួយបារម្ភមួយទៀតចំពោះផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI)។ បរិយាកាសនយោបាយនៃប្រទេសដែលមិនមានស្ថិរភាពស្ថិតនៅក្នុងផែនការ BRI មិនសូវមានការរីកចម្រើន។ យោងទៅតាមសន្ទស្សន៍ស្តីពីភាពប្រេះឆានៃបណ្តា រដ្ឋ (FSI) ដូចជា យេម៉ែន សូម៉ាលី ស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់នៅតែជាប្រទេសងាយផុយស្រួយបំផុតនៅលើពិភពលោក។ ការសម្លាប់លោក Ali Abdullah Saleh ដែលជាអតីតប្រធានាធិបតីយេម៉ែនដោយពួកឧទ្ទាមហ៊ូរី និងកុបកម្មនៅក្នុងតំបន់   Kurdish របស់អ៊ីរ៉ាក់បានបង្ហាញថា ស្ថានភាពនៃប្រទេសទាំងនេះអាចនឹងធ្លាក់ចុះថែមទៀត។

បន្ថែមពីលើនោះ អស្ថិរភាពនយោបាយកាន់តែរីករាលដាលនៅក្នុងប្រទេសមួយចំនួនដែលបានដាក់នៅក្នុងឋានៈជាប្រទេសមានស្ថិរភាព នៅក្នុងកំឡុងផ្លូវមួយខ្សែក្រវ៉ាត់មួយ ។ ឧទាហរណ៍ដូចជាតួកគី ដែលសន្ទស្សន៍ស្តីពីភាពប្រេះឆារបស់រដ្ឋបានធ្លាក់ចុះ ៣,៥ ពិន្ទុ នៅពេលដែលប្រទេសនេះកំពុងតែប្រឈមមុខទៅនឹងការតស៊ូប្រដាប់អាវុធដ៏ធ្ងន់រវាង   រដ្ឋាភិបាល និងក្រុមចលនា PKK របស់ពួក Kurdistan ក៏ដូចជាទទួលការលំបាកពីវិបត្តិស៊ីរី។ ឧទាហរណ៍ប្រទេសមួយផ្សេងទៀតគឺប្រទេស Ethiopia មានការបែកបាក់នយោបាយ និងសង្គមធ្ងន់ធ្ងរ។ ជាងនេះទៅទៀតនោះ មានប្រទេសមួយចំនួនដែលស្ថិតនៅក្នុងផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយរាប់បញ្ចូលទាំងរុស្ស៊ី កម្ពុជា ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ីនឹងជួបប្រទះការបោះឆ្នោតឆ្នាំ ២០១៨។ ហានិភ័យមួយដ៏ចម្បងនៃការផ្ទេរអំណាចនៅក្នុងបណ្តាប្រទេសទាំងនេះគឺលុបចោលនៅក្នុងនយោបាយរដ្ឋាភិបាលចំពោះប្រទេសចិន និងផែនការ BRI នេះ។ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ ចិនប្រហែលជាក្លាយទៅជាប្រធានបទយុទ្ធនាការសម្រាប់បេក្ខភាពទៀតផង។ បេក្ខភាពមួយចំនួនអាចប្រកាន់យកទស្សនៈប្រឆាំងចិន និងប្រឆាំងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់ ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ហើយស្ថានភាពនេះបានកើតឡើងរួចស្រេចទៅហើយ អំឡុងពេលការបោះឆ្នោតប្រធានា ធិបតីនៅប្រទេសម៉ុងហ្គោលីកាលពីខែមិថុនា។

ក៏ប៉ុន្តែវាមិនចប់ត្រឹមហ្នឹងទេ ការកើនឡើងនូវយុទ្ធសាស្រ្តរបស់មហាអំណាចធំៗនៅក្នុងផ្នែកជាច្រើននៃពិភពលោកទំនងជាធ្វើឲ្យជម្លោះតំបន់កាន់តែអាក្រក់។ សរុបសេចក្តីទៅការ ការបែកខ្ញែកនៃក្រុមភេរវករ ការកើនឡើងអស្ថិរភាពនយោបាយនៅក្នុងប្រទេសកំពុងរីកចម្រើនមួយចំនួនស្ថិតនៅក្នុងផែនការ BRI និងការធ្វើឲ្យជម្លោះក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងបង្កជាភាពប្រឈមថ្មីដល់ផែនការ BRI ក្នុងឆ្នាំខាងមុខ ដោយអំពាវនាវឱ្យមានការឆ្លើយតបទៅនឹងហានិភ័យសន្តិសុខដែលបានរីករាលដាលជាងពេលមុន៕

ប្រភព: The Diplomat ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧


ខេត្តស្វាយរៀង រៀបចំសិក្ខាសាលាសមាហរណកម្មផែនការឃុំ ថ្នាក់ស្រុក ដើម្បីអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព

ស្វាយរៀង៖ រដ្ឋបាលស្រុកចន្រ្ទា ខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការ ឃុំ ថ្នាក់ស្រុក ក្រោមអធិបតីភាព លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

សិក្ខាសាលាសមាហរណកម្មនេះ មានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលខេត្ត, នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត, ប្រធាន ឬតំណាងមន្ទីរនានាជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាស្រុក, អភិបាល និងអភិបាលរងស្រុក, អង្គការសង្គមស៊ីវិល, ប្រធាន អនុប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក, តំណាងមកពីមណ្ឌលសុខភាព, មេឃុំ, ស្មៀនឃុំ, ព្រមទាំងជនបង្គោលទទួលបន្ទុកស្រ្តី និងកុមារឃុំផងដែរ។

លោក ហែម ពិសិដ្ឋ បានលើកឡើងថា សិក្ខាសាលាសមាហរណកម្មផែនការឃុំ ថ្នាក់ស្រុក គឺជាគម្រោងសកម្មភាពជាអាទិភាព ស្នើឡើងដោយឃុំនីមួយៗ នៃស្រុកចន្ទ្រា ដែលមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលដៅ ឈានទៅសម្រេចបាន នូវការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ពិតប្រាកដរបស់ប្រជាពលរដ្ឋ៕



អភិបាលខេត្តស្វាយរៀងបញ្ជាក់ថា លោកស្វាគមន៍ និងគាំទ្រជានិច្ច ចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួន។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលកន្លងមក តែងតែសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោក អាចដំណើរការបានងាយស្រួល រលូន និងមានការរីកចម្រើនជាលំដាប់។ ជាមួយនេះ លោកក៏បានសំណូមពរដល់លោកអភិបាលខេត្ត សូមបន្តជួយគាំទ្រ ចំពោះគម្រោងវិនិយោគផ្សេងៗទៀត របស់ក្រុមហ៊ុននាពេលខាងមុខ។

មានប្រសាសន៍ក្នុងជំនួបនេះ លោក ម៉ែន វិបុល ក៏បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើតការងារជាច្រើនកន្លែង សម្រាប់ប្រជាជនខេត្តស្វាយរៀង ដែលបានជួយឱ្យជីវភាពរស់នៅរបស់ពួកគាត់ មានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងក៏សូមចូលរួមអបអរសាទរ ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលចេះតែមានការរីកចម្រើនជាលំដាប់ ដែលមិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀងទាំងមូលផងដែរ។

ទន្ទឹមនេះ លោក ម៉ែន វិបុល ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសូមស្វាគមន៍ គាំទ្រ និងសម្របសម្រួលសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគនានា របស់ក្រុមហ៊ុន ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមចំណែកក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត៕



ខេត្តកំពង់ឆ្នាំងរៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣

កំពង់ឆ្នាំង៖ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំវេទិកាសាធារណៈ ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងកំពង់ឆ្នាំង និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

វេទិកាសាធារណៈនេះបានធ្វើឡើង នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំង ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន៤០០នាក់។

នៅក្នុងវេទិកាសាធារណៈនោះដែរ តំណាងប្រជាពលរដ្ឋបានលើកឡើង អំពីក្តីកង្វល់ និងសំណូមពរដល់គណៈអធិបតីដូចជា៖ សុំចាក់ផ្លូវ ក្នុងភូមិផ្សារលើ ដើម្បីភ្ជាប់ផ្លូវត្រពាំងបី, សុំដាក់បង្គោលអគ្គីសនី បំភ្លឺតាមផ្លូវភូមិផ្សារលើ និងភូមិសំរោង, បញ្ហាអគ្គីសនី, សុំបញ្ចុះតម្លៃទឹក, សុំស្ពានពីដើមពោធិ៍ទៅភូមិកណ្តាល និងបញ្ហាផ្សេងៗមួយចំនួនទៀត។

ជាការឆ្លើយតបទៅនឹងសំណូម ក៏ដូចជាក្តីកង្វល់របស់ប្រជាពលរដ្ឋគណៈអធិបតី និងមន្ទីរជំនាញបានទទួលយកដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានតម្លាភាព សមស្របតាមគោលការណ៍ច្បាប់ ហើយសំណូមពរដែលនៅសេសសល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ នឹងសិក្សាដោះស្រាយជូនជាបន្តបន្ទាប់ទៀត។

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែគិតគូរដល់បងប្អូនជានិច្ច ហើយរដ្ឋាភិបាលមិនចង់ឱ្យប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រព្រឹត្តអំពើល្មើសច្បាប់, កុំបង្កអំពើហឹង្សាក្នុងគ្រួសារ និងសង្គម, ត្រូវទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់, ជួយអប់រំដល់កូនក្មួយអោយធ្វើអ្វីត្រូវគោរពតាមច្បាប់ និងកុំធ្វើអ្វីដែលសង្គមស្អប់ខ្ពើម ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ដោយអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ថៃ្ងនេះ ថៃ្ងស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍)៕




រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំពិធីបុណ្យសមុទ្រ

កែប៖ នៅសាលប្រជុំសាលាខេត្តកែប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មានកិច្ចប្រជុំលើកចុងក្រោយ ដើម្បីពិភាក្សាលើការងាររៀបចំ ពិធីបុណ្យសមុទ្រនាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តកែប។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រតិភូអមដំណើរ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕






(សូមទស្សនាវីដេអូ) ស្ថានភាពនយោបាយបច្ចុប្បន្នមិនបានផ្តល់ផលប៉ះពាល់ដល់ការអភិវឌ្ឍអចលនទ្រព្យដែលកំពុងតែធ្វើការសាងសង់ឡើយ

(សូមទស្សនាវីដេអូ)៖ មហាអំណាចចិន និងមហាសេដ្ឋកិច្ចជប៉ុន បន្ដទម្លាក់លុយដល់​កម្ពុជាជាង​៣៥លានដុល្លារ គ្រាដែលអាមេរិក និងអឺរ៉ុបគំរាម​កាត់ជំនួយតាម​ការញុះញង់របស់​ក្រុមប្រឆាំងក្រៅច្បាប់

ខេត្តកែប រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសពិធីសម្ភោធព្រឹត្តិការណ៍បុណ្យសមុទ្រ

កែប៖ នៅទីតាំងឆាកវេទិកាបរិវេណមុខសាលាខេត្តកែប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មានរៀបចំនៅពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ក្នុងឱកាសពិធីសម្ភោធព្រឹត្តិការណ៍បុណ្យសមុទ្រ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រតិភូក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត៕






ក្រសួងមុខងារសាធារណៈ ចេញសេចក្តីសម្រេចស្តីពីការធ្វើនិយ័ត និងបន្ថែមក្របខណ្ឌក្រសួង ស្ថាប័នចំនួនប្រាំមួយ សម្រាប់ឆ្នាំ២០១៧

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្តីសម្រេចចុះហត្ថលេខាដោយលោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈស្តីពីការធ្វើនិយ័យត និងបន្ថែមក្របខណ្ឌសម្រាប់​ការប្រទ្បងប្រជែងជ្រើសរើសសិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័ន ទាំងប្រាំមួយ សម្រាប់ឆ្នាំ២០១៧។

សូមអានសេចក្តីសម្រេចរបស់ក្រសួងមុខងារសាធារណៈខាងក្រោម៖







(សូមទស្សនាវីដេអូ) ទស្សនៈវិភាគ៖​ បោកលុះក្ស័យ ~ ក្ស័យហេីយនៅតែបោក !

(មានវីដេអូ) អ្នកវិភាគនយោបាយអន្តរជាតិថ្លែងថា សហភាពអឺរ៉ុបត្រូវរៀនសូត្រពីកំហុសអតីតកាលចំពោះកម្ពុជា



លោក Raoul-Marc Jenna អ្នកវិភាគនយោបាយអន្តរជាតិ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ថ្មីថ្មី បានបញ្ជាក់ថាលោកមិនចង់ឱ្យសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អឺរ៉ុបបញ្ឈប់ការអនុគ្រោះពន្ធនាំចូលចំពោះប្រទេសកម្ពុជាឡើយ ហើយលោកចង់ឱ្យសហភាពអឺរ៉ុបត្រូវរៀនសូត្រពីកំហុសអតីតកាលចំពោះកម្ពុជាព្រោះការសម្រេចចិត្តបែបនេះ គ្មានអ្វីក្រៅពីធ្វើឱ្យប្រជាជនកម្ពុជារងទុក្ខ និងរារាំងដល់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។

អ្នកវិភាគនយោបាយអន្តរជាតិរូបនេះ បានបន្ថែមថា លោកមិនចង់ឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មណាមួយឡើយមកលើកម្ពុជា ហើយត្រូវចាប់ផ្តើមការសន្ទនាបែបស្ថាបនាដើម្បីដឹងថា តើប្រជាធិបតេយ្យបែបណាសម្រាប់កម្ពុជាដែលខ្លួនចង់បាន ដែលវាមិនមាននៅក្នុងប្រទេសណាមួយសោះនៅអាស៊ី។

លោក Raoul-Marc Jenna ក៏បានបញ្ជាក់ថា ប្រជាធិបតេយ្យមិនអាចកំណត់បានភ្លាមៗក្នុងមួយថ្ងៃឬពីរថ្ងៃបាននោះទេ ពោលគឺត្រូវមានអ្នកយល់ដឹងពីលទ្ធិប្រជាធិបតេយ្យច្រើននៅក្នុងជួរគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ លោកបង្ហាញការសោកស្តាយថា កម្ពុជាមានគណបក្សប្រឆាំងមួយដែលមិនបានប្រព្រឹត្តខ្លួនតាមបែបប្រជាធិបតេយ្យដោយមិនគោរពបុគ្គលឬស្ថាប័នឡើយ៕

(សូមទស្សនាវីដេអូ) ទស្សនៈមិត្តអ្នកអាន៖ នាវាលាផែ

(សូមទស្សនាវីដេអូ) ចៅក្រមស៊ើបសួរ នឹងបន្តសួរចម្លើយ លោក កឹម សុខា បន្ថែមទៀត ពាក់ព័ន្ធ នឹងបទល្មើសក្បត់ជាតិ

លោក ហ៊ុន ម៉ាណែត ថ្លែងថា នយោបាយល្អ ឬអាក្រក់ត្រូវមើលលើលទ្ធផលមិនមែនលើការនិយាយល្អនោះទេ

លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា នយោបាយល្អ ឬអាក្រក់ គឺត្រូវមើលលើលទ្ធផល មិន​មែនលើការនិយាយល្អនោះទេ។ បើលទ្ធផលនៃនយោបាយមួយធ្វើឱ្យប្រទេសចប់សង្គ្រាម រីកចម្រើនលឿនជាងគេ បានចំណាត់ថ្នាក់លេខ៦លើពិភពលោក (របាយការណ៍ធនាគារពិភពលោក) បើលទ្ធផលនយោបា យធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានឱកាសនេះហើយជាគោលន​យោ​បាយត្រឹមត្រូវ។ តែបើគ្រាន់តែគោលនយោបាយស្តាប់ទៅពិរោះ ហើយធ្វើមិនបាន នេះមិនមែនជានយោបាយល្អនោះទេ ព្រោះអ្នកណាក៏អាចនិយាយល្អបានដែរ យើងធ្លាប់មានមេរៀនរួចមកហើយដូចកាលរបបខ្មែរក្រហមជាឧទាហរណ៍។ លោកបានថ្លែងដូចនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យកម្ពុជា (UC) រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ។

លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះប្អូនៗ និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះ ហើយនេះជាលទ្ធផល នៃភាពជោគជ័យរបស់ប្អូនៗក្នុងការសិក្សាអស់រយៈពេល៤ឆ្នាំ ជាពិសេសគឺចូលរួមត្រេកអរចំពោះអាណាព្យាបាលដែលបានលះបងគ្រប់បែបយ៉ាអោយកូនៗបានសិក្សារហូតទទួលជោគជ័យ។ ជាមួយគ្នានេះលោកបានថ្លែងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំ បើប្រៀបធៀបទៅវិស័យផ្សេងៗព្រោះនេះដូចជាការវិនិយោគ ហើ​យការវិនិយោគធនធានមនុស្ស គឺជាការវិនិយោគធនធានមិនចេះរីងស្ងួតសម្រាប់ប្រទេសជាតិ យើងមានធនធានមនុស្សកាន់តែច្រើន និងជួយអភិវឌ្ឍប្រទេសយើងបានកាន់តែច្រើន។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះវិស័យអប់រំ រដ្ឋាភិបាលបានផ្តោតលើមុខព្រួញសំខាន់ពីរ ទី១- បរិមាណ គឺជាលទ្ធភាពដែលរដ្ឋាភិបាលខិតខំកសាងសាលាឱ្យដល់គ្រប់មូលដ្ឋាន និងបើកឱកាសឱ្យមានការចូលរួមចំណែកវិនិយោគពីវិស័យឯកជននានា ទី២-បង្កើនគុណភាពសិក្សាតាមរយៈកំណែទម្រង់ប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាព។ លោកបានបញ្ជាក់​ថា រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងប្រកបកិច្ចការដោយការប្រកួតប្រជែង ដោយភ្ជាប់ការជោគជ័យរបស់ខ្លួនឱ្យជាប់ជាមួយការជោគជ័យរបស់សង្គមជាតិ កុំឱ្យភាពជោគជ័យរបស់យើងម្នាក់ ទៅបំផ្លាញអ្នកដ៏ទៃឬសង្គមទាំងមូល។ លទ្ធផលនៃសន្តិភាពប្រជាពលរដ្ឋអាចធ្វើអ្វីៗគ្រប់បែបយ៉ាង មានការអភិវឌ្ឍគ្រប់វិស័យទាំងអស់រួមទាំង ពុទ្ធចក្រ និងសាសនាដ៏ទៃ ជាក់ស្តែងថ្ងៃនេះមានព្រះសង្ឃបានបញ្ចប់ និងទទួលសញ្ញាបត្រផងដែរ។

ទន្ទឹមគ្នានេះ លោក ក៏បានថ្លែងបញ្ជាក់ទៀតថា ប្អូនៗជាជំនាន់មួយនៃគ្រួសារ មានឱកាសបញ្ចប់កាសិក្សា និងទទួលសញ្ញាបត្រ ដែលខុសពីជំនាន់ឪពុកម្តាយយើង ពួកគាត់មិនមានឱកាសរៀនដូចយើង សូមរក្សានូវដំណែលសន្តិភាពនេះដើម្បីជាឱកាសដល់កូនចៅយើងទទួលបានជោគជ័យដល់ជំនាន់ក្រោយៗទៀត។ កន្លងទៅមានសិស្សនិស្សិតខ្មែរជាច្រើន បានចូលរួមប្រគួកប្រជែងជាមួយសិស្សនិស្សិតប្រទេសដ៏ទៃ ហើយទទួលបានជោគជ័យ និងបានមេ​ដាយជាច្រើន ដែលនេះបានបង្ហាញថាប្រព័ន្ធអប់រំរបស់ប្រទេសយើងក៏មិនអន់ជាងប្រទេសគេទេ។ លោកក៏បានផ្តាំទៅប្អូនៗត្រូវរៀនឱ្យចប់ រៀនឱ្យចេះ និងច្បាមយកអ្វីដែលថ្មីបន្ថែម ប្អូនៗមានឱកាសច្រើន តែឱកាសនោះត្រូវមានការប្រកួតប្រជែង បញ្ហាធ្វើឱ្យយើងខិតខំ ខិតខំធ្វើឱ្យយើងជោគជ័យ។ យើងមានជម្រើសច្រើនដែលខុសពីជំនាន់ឪពុកម្តាយយើងមានតែមួយជំរើស គឺតស៊ូឱ្យរស់សិន៕

(ប្រភព៖ Fresh News)






ចៅក្រមស៊ើបសួរនឹងបន្តសួរចម្លើយ លោក កឹម សុខា បន្ថែមទៀតពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ

នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំ​បូងរាជធានីភ្នំពេញ នឹងបន្តសួរចម្លើយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុងបន្តទៀត ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។ មន្រ្តីជាន់ខ្ពស់របស់តុលាការ បានបញ្ជាក់ឱ្យដឹងថា ការសួរចម្លើយនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា ពោលគឺនៅថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីការសួរចម្លើយ កាលពីថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០១៧​ មិនទាន់បញ្ចប់។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិកក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។ លោក​ កឹម សុខា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំ​ពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕