Friday, December 22, 2017

ចិន និងរុស្ស៊ី ត្រៀមខ្លួន​សម្រាប់សង្រ្គាម​ជាមួយអាមេរិក​ ប្រសិនបើ​ លោក Trump​ ឈ្លានពាន​កូរ៉េខាងជើង​

យោងតាមអតីតមន្រ្តីយោធាពីររូបបានឱ្យដឹងថា ចិន និងរុស្ស៊ីអាចមានផែនការមួយក្នុងការទប់ទល់នឹងកងទ័ពរបស់អាមេរិក នៅក្នុងព្រឹត្តិការណ៍សង្រ្គាមមួយ ដែលអាចកើតមានឡើងនៅឧបទ្វីបកូរ៉េ។

ឧត្តមសេនីយ៍ឯក លោក Wang Hongguang អតីតមេបញ្ជាការរងកងទ័ព Nanjing ភាគខាង

​លិចបានព្រមានថា “សង្រ្គាមនៅឧបទ្វីបកូរ៉េ អាចផ្ទុះឡើងគ្រប់ពេលវេលាចន្លោះពីពេលនេះ រហូត​ដល់ខែមីនា ឆ្នាំក្រោយ”។ មួយថ្ងៃបន្ទាប់មក កាសែតជាតិនិយមរបស់ចិនបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ ជាមួយនឹងទស្សនៈយល់ឃើញពីអ្នកជំនាញផ្នែកយោធា ជាអ្នកធ្វើបទអត្ថាធិប្បាយ និងជាអ្នកនិពន្ធ លោក Song Zhongping ដែលបាននិយាយថា ចិនអាចនឹងចូលរួម ប្រសិនបើអាមេរិកបង្កការគំរាមកំហែង។

លោក Wang បាននិយាយថា “ចិនអាចត្រៀមខ្លួនសម្រាប់សង្រ្គាមកូរ៉េ ហើយតំបន់ភាគឦសានរបស់ចិន អាចនឹងចល័តទ័ពទប់ទល់នឹងបញ្ហានេះ។ ការចល័តទ័ពនេះ មិនមែនជាការចាប់ផ្តើមសង្រ្គាមនោះទេ ប៉ុន្តែគឺជាគោលបំណងការពារ។”

លោក Song អតីតសមាជិកកងទ័ពរបស់ចិន បានប្រាប់សារព័ត៌មាន The Global Times ថា “គោលបំណងការពារ” ដូច្នោះ ទំនងជានឹងដាក់បញ្ចូលផែនការតបតប្រឆាំងនឹងការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ចិន ដោយការឈ្លានពានរបស់អាមេរិក។

នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ លោក Song បាននិយាយទៀតថា សមយុទ្ធប្រឆាំងមីស៊ីលបែបទំនើបរបស់ប្រទេសចិន និងរុស្ស៊ី ដែលធ្វើឡើងនៅទីក្រុងប៉េកាំង គឺដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយពីការបញ្ជារបស់លោក Donald Trump។ ទាំងចិន និងរុស្ស៊ី បានចូលរួមថ្កោលទោសជាមួយអាមេរិកលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ដោយលើកឡើងថា វាគឺជាកត្តាសំខាន់ក្នុងការការពារប្រឆាំងនឹងគោលបំណងទម្លាក់លោក Kim របស់អាមេរិក ក៏ប៉ុន្តែ ទីក្រុងប៉េកាំង និងទីក្រុង Moscow បានប្រឆាំងទៅនឹងការពង្រីកយោធាអាមេរិកនៅ អាស៊ី-ប៉ាស៊ីហ្វិក។

លោក Song បានប្រាប់កាសែត​ The South China Morning Post ថា “គោលបំណងចម្បងនៃសមយុទ្ធរួមគ្នារវាងចិន និងរុស្ស៊ី គឺសំដៅទៅអាមេរិក…ដែលថា កាំជ្រួចផ្លោង និងកាំជ្រួចស្វ័យនាំផ្លូវ ដែលអាចបង្កការគំរាមកំហែងពិតប្រាកដចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុង Moscow។”

គាត់បានបន្ថែមថា “ទាំងចិន និងរុស្ស៊ី ចង់ប្រើប្រាស់សមយុទ្ធប្រឆាំងមីស៊ីលរួមនេះ ជាយុទ្ធសាស្រ្តទប់ទល់មួយ។ ចិន និងរុស្ស៊ី ចង់ជំរុញឱ្យអាមេរិកដកប្រព័ន្ធការពារមីស៊ីលបាញ់រយៈចម្ងាយខ្ពស់ (THAAD) ចេញពីឧបទ្វីបកូរ៉េ។”

ខណៈដែលលោក Kim បន្តពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលបន្សល់ទុកពីឪពុក និងជីតារបស់គាត់ ប្រធានាធិបតីចិន លោក Xi Jingping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាំងពីរនាក់បានផ្តួចផ្តើមគំនិតជាប្រវត្តិសាស្រ្តរបស់ពួកគេក្នុងការពង្រីកយោធា និងឥទ្ធិពលនយោបាយទូទាំងពិភពលោក។ នៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិ (America First) របស់លោក Trump ដែលបានប្រកាសកាលពីថ្ងៃចន្ទ បានថ្កោលទោសកម្មវិធីអាវុធនុយក្លេអ៊ែររបស់លោក Kim ថា ជា “របបដ៏អាក្រក់” ក៏ដូចជាប្រឆាំងនឹងគោលបំណងរបស់ចិន និងរុស្ស៊ី ក្នុងការ “ប្រជែងអំណាច ឥទ្ធិពល និងផលប្រយោជន៍របស់អាមេរិក” ដោយលើកឡើងថា មានគោលបំណងបំផ្លាញសន្តិសុខ និងវិបុលភាពរបស់អាមេរិក៕”

ប្រភព : Newsweek ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧


No comments:

Post a Comment