Monday, August 28, 2017

គ.ជ.ប កំណត់ចំនួនអាសនៈសមាជិក ព្រឹទ្ធសភានីតិកាលទី៤មានចំនួន៦២ អាសនៈ ដែលនិងបោះឆ្នោតឆ្នាំ២០១៨ខាងមុខ

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) លោក ស៊ិក ប៊ុនហុក កាលពីថ្ងៃទី២៤ ខែសីហា បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទនិងចំនួនអាសនៈ នៃការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ ២០១៨។

នៅក្នុងសេចក្តីជូនដំណឹង ប្រធាន គ.ជ.ប បានជម្រាបជូនសាធារណជន និងស្ថាប័នពាក់ព័ន្ធ, គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបាន ជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៤នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ខាងមុខ។

លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ទៀតថា សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥ មានចំនួនសរុប ចំនួន៦២រូប ក្នុងនោះ សមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប សមាជិកព្រឹទ្ធសភា៥៨រូបត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់អាណត្តិទី៤ ក្នុងនោះ អាសនៈ បានបែងចែកតាមភូមិភាគចំនួន០៨ រួមមាន ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦អាសនៈ ភូមិភាគទី២ ខេត្តកំពង់ចាម ត្បូងឃ្មុំ មាន៨អាសនៈ ភូមិភាគទី៣ ខេត្តកណ្តាល មាន៥ អាសនៈ ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប ឧត្តរមានជ័យ ប៉ៃលិន មាន១០អាសនៈ ភូមិភាគទី៥ ខេត្តតាកែវ កំពត និងខេត្តកែប មាន៧អាសនៈ ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្ត ស្វាយរៀង មាន៧អាសនៈ ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំងពោធិ៍សាត់កោះកុងនិងខេត្តព្រះសីហនុ មាន៩អាសនៈ ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង,ក្រចេះ,រតនគីរី មណ្ឌលគិរី មាន៦អាសនៈ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធ សភាគឺជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតគឺ សមាជិកសភា ក្នុងតំណែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្ថិតក្នុងតំណែង៕


(មានវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ១ឆ្នាំ (២០១៨)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ១ឆ្នាំ (២០​១​៨) ដើម្បីជួយកម្មករមានលទ្ធភាពរកប្រាក់ចំណូលបានច្រើនដើម្បីជួយសម្រួលដល់ជីវភាពរស់នៅកាន់តែប្រសើរឡើង៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើចិនបើកឱ្យមាន Facebook, នោះ Page Like របស់លោក នឹងកើនឡើងច្រើនទៀត ខណៈប៉ុន្មានថ្ងៃនេះ Facebook របស់លោក សម រង្ស៊ី មានគេ Unlike រហូត

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា ប្រសិនបើប្រទេសចិន អនុញ្ញាតឲ្យលេង Facebook នោះ ចំនួនអ្នកចុះ Like Page របស់លោក នឹងកើនឡើងច្រើនជាងនេះទៅទៀត ខណៈដែល ចំនួន Like របស់លោកពេលនេះ កើនឡើងជាង៨,៦លាននាក់។

ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៤,៤០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ប្រសិនបើប្រទេសចិនអនុញ្ញាតឲ្យលេង Facebook ចំនួនអ្នកចុះ Like Page របស់លោក នឹងកើនឡើងច្រើនជាងនេះ ជាក់ជាមិនខាន ព្រោះថាអ្នកចុច Like Facebook មិនមានព្រំដែនកំណត់នោះទេ ទោះបីមនុស្សនោះ នៅប្រទេសណាក៏ដោយ។ ដោយឡែក Facebook របស់ទណ្ឌិត សម រង្ស៊ី ក៏មានជនជាតិបរទេសចុច Like ដូចគ្នាដែរ រហូតដល់ទៅជាង១លាននាក់ឯណោះ ដោយក្នុងនោះមកពីប្រទេសវៀតណាម ជាង១៣ម៉ឺននាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាននិយាយចំអកឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅបរទេសនោះថា ជាមនុស្សដែលមិនចេះលេង Facebook ប៉ុន្ដែតាំងខ្លួនជាមេ Facebook ហើយលោកបានហៅ Facebook ដែលលោក សម រង្ស៊ី លេងរាល់ថ្ងៃនេះជាប្រភេទ Facebook ខ្យល់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សម រង្ស៊ី ការពិតទៅមនុស្សអត់ចេះលេង Facebook ផងហ្នឹង រួចមកតាំងខ្លួនធ្វើមេ Facebook ដល់ពេលខ្ញុំដាក់ Facebook របស់ខ្ញុំខុសគ្នា សម រង្ស៊ី អត់ស្គាល់អ្វីទៅដែលហៅថា Post Like អ្វីដែលហៅថា Total Page Like សម រង្ស៊ី អត់ដឹង ហើយអត់ស្គាល់ទេ…គឺចំនួន Like របស់ សម រង្ស៊ី មានការធ្លាក់ចុះរហូត អាហ្នឹងគេហៅថាប្រភេទ Facebook ខ្យល់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ប៉ុន្មានថ្ងៃនេះ Facebook របស់លោក សម រង្ស៊ី គឺ Unlike រហូត ខណៈដែលគិតរយៈពេល១២ម៉ោងដូចគ្នា Facebook លោក សម រង្ស៊ី មានអ្នក Unlike ២៩នាក់ ហើយ Facebook លោកវិញកើនឡើងរហូតដល់១,១៤៣នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ទំព័រ Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអ្នកចុច Like រហូតដល់ ៨,៦៣២,១៨២នាក់ រីឯ Faebook របស់លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន មានអ្នក Like ត្រឹមតែ ៤,២៩៩,៥៦៨នាក់ប៉ុណ្ណោះ ពោលគឺខុសគ្នាប្រហែលជាងពាក់កណ្ដាល៕






ភ្ញៀវទេសចរជិត ៧ម៉ឺននាក់ ទៅទស្សនាប្រាសាទព្រះវិហារ

រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ប្រាសាទព្រះវិហារ មានភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ទៅទស្សនាមានចំនួន ៦៨២៧៩នាក់ ក្នុងនោះភ្ញៀវបរទេស១២០៣០ នាក់ បើប្រៀបធៀបនៅឆ្នាំ២០១៦ ក្នុងរយៈពេលដូចគ្នានេះ កើនឡើង៥៥.៧៦%។
លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ថា ក្នុងមួយឆមាសក្នុងឆ្នាំ២០១៧នេះ ប្រាសាទព្រះវិហារ មានអ្នកទេសចរណ៍ទៅកម្សាន្តមានចំនួន ៦៨២៧៩នាក់ គឺមានការកើនឡើង៥៥.៧៦% បើប្រៀបធៀបក្នុងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០១៦។ ក្នុងនោះ មានភ្ញៀវជាតិចំនួន៥៦២៤៩នាក់ និងភ្ញៀវអន្ដរជាតិ មានចំនួន១២០៣០នាក់។ ការកើនឡើងភ្ញៀវទេសចរណ៍ គឺដោយសារតំបន់ទេសចរណ៍នោះ បានរៀបចំផ្លូវថ្នល់ឡើងភ្នំព្រះវិហារមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងមានសុវត្ថិភាពល្អដល់ភ្ញៀវទេសចរណ៍ ជាពិសេសប្រាង្គប្រាសាទបុរាណទាំងនោះមានភាពទាក់ទាញ។ ជាពិសេសទៅទៀតការអភិវឌ្ឍន៍ផ្លូវឡើងភ្នំ ទៅកាន់ប្រាសាទមានលក្ខណៈងាយស្រួល និងសុវត្ថិភាពល្អ។
ភ្ញៀវទេសចរណ៍មកពីខេត្តសៀមរាប ជាច្រើននាក់ បានសម្ដែងការភ្ញាក់ផ្អើល និងសប្បាយចិត្តនៅពេលឃើញប្រាសាទព្រះវិហារជាលើកដំបូង។ ពួកគាត់បានបន្ដទៀតថា ដំបូងឡើយរូបគាត់លឺតែផ្សព្វផ្សាយតាមទូរទស្សន៍ និងលឺនិយាយតគ្នាថា ប្រាសាទព្រះវិហារ មានភាពស្រស់ស្អាត និងបរិយាកាសល្អ ប៉ុន្តែនៅពេលឃើញផ្ទាល់ភ្នែក គឺប្រាសាទបុរាណមួយនោះ ស្រស់ស្អាត និងអស្ចារ្យជាងលឺគេនិយាយទៅទៀត។ ពួកគាត់បាននិយាយថា ស្ទើរមួយជីវិតទៅហើយ ពួកគាត់ទើបតែឃើញប្រាសាទព្រះវិហារលើកដំបូងប៉ុណ្ណោះ។ ពួកគាត់បានបន្ដថា នេះជាមោទនភាពមួយរបស់កម្ពុជា ដែលមានប្រាសាទដ៏ល្បីល្បាញនៅតាមព្រំដែនខ្មែរថៃ។ ពួកគាត់ស្នើឱ្យពលរដ្ឋខ្មែរ និងភ្ញៀវបរទេសទៅទស្សនាប្រាសាទព្រះវិហារ ឱ្យបានកាន់តែច្រើនដើម្បីជួយលើកស្ទួយវប្បធម៌ និងស្នាដៃរបស់បុព្វបុរសខ្មែរពីជំនាន់មុន។
សូមជម្រាបថា ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅខ្នងភ្នំដងរែក និងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឱ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។ សព្វថ្ងៃនេះ អ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ទើបកសាងឡើងដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន។

ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩–៩១០) ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២–១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣–១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០–១១០៩)៕

អ្នកនាំពាក្យ CPP ថា ដើម្បីអំណាច មេបក្សប្រឆាំង ទោះបីកូនស្រី ក៏ហ៊ានបរិច្ចាគដែរ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តាមរយៈសារអេឡិចត្រូនិច Telegram នៅរសៀលថ្ងៃទី២៧ សីហា ឆ្នាំ២០១៧ បានលើកឡើងរបៀបផ្លែផ្កា ទោះបីមិន​បាន​បង្ហាញចំៗ តែគេអាចដឹងថា គឺសំដៅទៅកាន់មេបក្សប្រឆាំងថា ដើម្បីអំណាច ទោះបី​កូនស្រីក៏ហ៊ានបរិច្ចាកដែរ។
លោក សុខ ឥសាន បានមានប្រសាសន៍ថា «អំណាចគឺជាគោលដៅដ៏ធំចម្បង របស់​អ្នកនយោបាយមួយចំនួន ដែលហ៊ានលះបង់អ្វីសព្វយ៉ាង ដើម្បីតែអំណាចនេះ ដោយ​អ្នកនយោបាយខ្លះ ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីស្រោចស្រង់ និងសង្គ្រោះ​ជាតិឱ្យរួចផុតពីគ្រោះមរណៈ នៃរបបប្រល័យពូជសាសន៍ តួយ៉ាងដូចថ្នាក់ដឹកនាំ គណបក្ស​ប្រជាជនកម្ពុជា នេះជាសក្ខីភាពស្រាប់ ដែលប្រជាជនកម្ពុជា គ្រប់ៗរូបបានដឹង និងឃើញ​ច្បាស់ និងផ្ទាល់ភ្នែក រួចហើយ»។
លោក បានបន្តទៀតថា «ប៉ុន្តែ ក៏នៅមានអ្នកនយោបាយខ្លះទៀត ក៏ហ៊ានលះបង់ដែរ តែមិន​ហ៊ានលះបង់ អាយុជីវិតខ្លួនឯងទេ ព្រោះខ្លាចងាប់ខានបានកាន់អំណាចបែរជាហ៊ាន លះ​បង់​សាច់ស្រស់ និងរូបសម្រស់របស់កូនក្រមុំ ទៅដោះដូរនឹងអំណាចទៅវិញ។ ម៉្យាងដែរ នេះហើយជាការដោះដូរ តាមផ្លូវត្រជាក់ ដែលហៅថាធ៌មអហឹង្សា បានអំណាចផង បាន​សមាជិកគ្រួសារថ្មីថែមផង ចំណេញទាំងនយោបាយផង ទាំងស្នេហាផង ទាំងសម្បាច់​គ្រួសារផង ។ នេះបានហៅថាចំណេញ តាមទ្រឹស្តីបាញ់ព្រួញមួយ​ បានសត្វបីតែម្តង»។
លោក សុខ ឥសាន ក៏បានបញ្ជាក់បន្ថែមទៀត ប៉ុន្តែគួរឲ្យសោកស្តាយខ្លាំងណាស់ ព្រោះ​វាយឺតពេល និង ភ្លាត់ស្នៀតដោយសារមិនអាចទៅរួច នឹងភាពឈ្លាសវៃ របស់គណបក្ស​ប្រជាជនកម្ពុជា ដែលធ្វើឲ្យឧបាយកល ព្រួញមួយបាញ់បានសត្វបីនោះ ត្រូវបរាជ័យ​យ៉ាង​អាម៉ាស់ ទាំងតួអង្គខ្មែរ ទាំងតួអង្គបរទេស។ ឥឡូវត្រូវបែកមុខ ឃើញច្បាស់ហើយ មានអី​ត្រូវដោះសារទៀត ? ចាប់ពីពេលនេះ ដល់ការបោះឆ្នោតឆ្នាំ២០១៨ រកក្បាច់លោតលែង​បានហើយ ។ តែមិនអីទេ គ្រាន់តែអស់កូនក្រមុំ ពីរនាក់ប៉ុណ្ណោះ មិនបញ្ហា បើមិនបាន​អំណាច ក៏បានចៅដែរមិនថាអញ្ចឹង ?
ស្រដៀងនិងការលើកឡើង របស់លោក សុខ ឥសាន នេះ តាមរយៈបណ្តាញ​សង្គមហ្វេស​ប៊ុក ឈ្មោះថា «កូនខ្មែរ» ក៏បានទម្លាយព័ត៌មាន ពីក្រុមអ្នក ប្រជាធិបតេយ្យសេរី ជឿនលឿន​នៅតៃវ៉ាន់ថា «ផែនការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវ​បាន​​គេចងក្រង ចាក់ស្រេះប្រទាក់ក្រឡាគ្នា យ៉ាងស៊ីជម្រៅ។ វាមិនមែនគ្រាន់តែជាការ ឃុប​ឃិតរវាងបរទេសនិងខ្មែរ (Conspiracy Theory) ដោយមានការលូកដៃ យ៉ាងជ្រៅពី​មហា អំណាចអាមេរិក ដូចកាលពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាផែនការដ៏ធំនេះ ត្រូវបាន​ពង្រឹង បន្ថែមដោយ ទំនាក់ទំនាក់ស្នេហាផ្សារសាច់ឈាម យ៉ាងស្អិតល្មួតថែមទៀត រវាងពួក​ចារកម្មបរទេស ជាមួយក្រុមគ្រួសារ បក្សប្រឆាំងនៅកម្ពុជា»។
តាមហ្វេសប៊ុក កូនខ្មែរ បានបង្ហាញភស្តុតាងដែល ស៊ីសង្វាក់គ្នាយ៉ាងល្អ ដែលអាចពន្យល់​បាន​ច្បាស់លាស់ អំពីផែនការដ៏ល្អិតល្អន់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈការរៀបចំបណ្តាញ បដិវត្តពណ៌នៅកម្ពុជា ដោយរាប់បញ្ចូលទាំងទំនាក់ទំនង ស្នេហាទៀតផង។ ជាក់ស្តែងភ្នាក់ងារចារកម្ម CIA និងជាមន្ត្រីស្ថានទូតអាមេរិក ទទួលបន្ទុក​កិច្ចការ នយោបាយប្រចាំកម្ពុជាឈ្មោះ Sam Downings គឺជាសង្សាររបស់ កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា។  ទំនាក់ទំនងស្នេហា រវាងកូនស្រីមេបក្សប្រឆាំង ដែលមានតួនាទី ជាមន្ត្រីនយោបាយ របស់​បក្ស​សង្គ្រោះជាតិ ថែមទៀតនោះ អាចហៅថា ជាស្នេហា នយោបាយ (Political Wedding – Marriage Politique) ដើម្បីឃុបឃិតគ្នាកាន់តែស៊ីជម្រៅ ឈានទៅសម្រេចផែនការ ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំ នាយករដ្ឋមន្រ្តី ហ៊ុន សែន?
ចំណែកកូនស្រីលោក កឹម សុខា ម្នាក់ទៀតឈ្មោះ កឹម សាម៉ាធីតា (Kem Samathida) ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយឈ្មោះ Geoffrey Cain ដែលជាភ្នាក់ងារចារកម្ម របស់អាមេរិកបង្កប់ខ្លួន ធ្វើជាអ្នកកាសែតឯករាជ្យ ហើយធ្វើសកម្មភាព ជាសំងាត់​នៅក្នុង​ប្រទេសកម្ពុជា។ Geoffrey Cain ធ្លាប់ទទួលជោគជ័យ ក្នុងការផ្តួលរំលំលោកស្រី ប៉ាក់ ហ្គន់ហេ ( Park Geun Hye ) នៅកូរ៉េខាងត្បូង។ ក្រៅពីទំនាក់ទំនងស្នេហា និងផ្ទាល់ខ្លួន យ៉ាងស៊ីជម្រៅ របស់កូនស្រីលោក កឹម សុខា ទាំងពីរជាមួយភ្នាក់ងារ ចារកម្មអាមេរិក ដោយផ្ទាល់ ក៏នៅមានភ្នាក់ងារចារកម្ម និងអង្គការ NGO របស់អាមេរិកជាច្រើនទៀត ដែល ត្រូវបានប្រើប្រាស់ ក្នុងផែនការផ្តួលរំលំដ៏ធំ​មួយ​នេះ។ ជនជាតិអូស្ត្រាលីឈ្មោះ James Ricketson ដែលជាអ្នកនិពន្ធ និងផលិតខ្សែភាពយន្ត ដែលបានធ្វើចារកម្ម នៅកម្ពុជាជាយូរ ឆ្នាំហើយនោះ ក៏បានជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុង​កម្ពុជាយ៉ាងគឃ្លើន ជាពិសេសក្នុង ពេលដំណើរការ ឃោសនាបោះឆ្នោតឃុំ​សង្កាត់ឆ្នាំ ២០១៧ ដោយជនជាតិអូស្ត្រាលីរូបនេះ បានឃុបឃិតជាមួយទណ្ឌិត សម រង្ស៊ី ថតយក​រូបភាព សកម្មភាពឃោសនា របស់គណបក្សសង្រ្គោះជាតិ ដើម្បីបំភ័ន្តសាធារណៈមតិ។
ចំណែកអង្គការ CANVAS ជ្រកក្រោមស្លាក IRI ក៏មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ​ជាមួយ​កូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា ផងដែរនោះ ហើតាមរយៈនេះ ក៏បានបញ្ចូលមនុស្ស​ជំនាញរបស់ខ្លួន មកកម្ពុជារៀបចំចាត់ចែង អនុវត្តគម្រោងការ ធ្វើបដិវត្តពណ៌ជាពិសេសគឺ Jackson Cox ដែលត្រូវបានអាមេរិក ចាត់បញ្ជូនមកឱ្យធ្វើជាប្រធាន IRI ប្រចាំនៅ​កម្ពុជាក្នុង​ឆ្នាំ២០០៤ ដោយមានការសហការ ជាមួយលោក កឹម សុខា ប្រធានមជ្ឈមណ្ឌល សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ។  Jackson Cox ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយអាមេរិក បានជ្រើសរើសយកលោក កឹម សុខា សម្រាប់ធ្វើកិច្ចការឈានទៅសម្រេច ផែនការផ្តួល រំលំរដ្ឋាភិបាលលោក ហ៊ុន សែន ដោយប្រើបដិវត្តន៍ពណ៌។ ដើម្បីផ្តល់ទំនុកចិត្ត កាន់តែ ខ្លាំងចំពោះលោក កឹម សុខា អង្គការ IRI ដែលមានលោក Jackson Cox ជាប្រធានក៏ បានរៀបចំ ឱ្យកូនស្រីរបស់ កឹម សុខា គឺ កឹម មនោវិទ្យា និង កឹម សាម៉ាធីតា ទៅរស់នៅ និងបន្តការសិក្សា នៅអាមេរិក។ Jackson Cox (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៤-២០០៦) និង Lazar Antonic (ប្រធាន IRI ប្រចាំ​កម្ពុជា ពីឆ្នាំ២០០៦ -២០០៧) គឺនៅបន្ត​អនុវត្ត នូវផែនការផ្តួលរំលំ រដ្ឋាភិបាល​នាយក​រដ្ឋមន្រ្តី ហ៊ុន សែនដដែលហើយ​ជាក់ស្តែង នៅចុងខែសីហា ឆ្នាំ២០១៣ អង្គការ CANVAS បានទៅ​បង្រៀនថ្នាក់ដឹកនាំ និងសកម្មជន CNRP ដល់ទីស្នាក់ការបក្សប្រឆាំងតែម្តង អំពីយុទ្ធ​សាស្រ្ត និងយុទ្ធវិធីធ្វើបាតុកម្ម និងកុប្បកម្ម។
លើសពីនេះ អង្គការមួយនេះ ក៏ជាអ្នកផ្តល់​គំនិត ល្បិចនិងធនធានហិរញ្ញវត្ថុដល់ CNRP ដើម្បីប្រមែប្រមូលកម្លាំងគាំទ្រ ពីអង្គការ​ក្រៅរដ្ឋាភិបាលបន្ថែមទៀត ក្នុងគោលដៅ​ជួយជំរុញឲ្យ CNRP មានថាមពលគ្រប់គ្រាន់ ក្នុងការផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន ដូចជាការផ្តល់ថវិកាចំនួន 390.000 US$ ដើម្បីជួយ CNRP ក្នុងការរៀបចំផែនការ និង​ចាត់តាំងអនុវត្ត យុទ្ធសាស្រ្ត ចងក្រងបណ្តាញ ជាមួយ​អង្គ​ការសង្គមស៊ីវិល និងយុវជន នេះបើយោងតាមប្រភព បណ្តាញស្រាវជ្រាវ នៅក្រៅប្រទេស ដែលបានបញ្ជាក់​យ៉ាង​ច្បាស់។ ក្នុងការរៀបចំគម្រោងបន្ត អនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន នេះដែរ Jackson Cox និងលោក កឹម សុខា បានណាត់ជួបគ្នា ជាសម្ងាត់ នៅទីក្រុង​បាងកក ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ ទាំងនេះគឺជាផែនការដ៏ធំមួយ ដែលពួកបរទេស ឃុបឃិត​ជាមួយបក្សប្រឆាំងនៅកម្ពុជា ក្រោមការជួយជ្រោមជ្រែង និងលូកដៃយ៉ាងជ្រៅ ពីសហ​រដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌។
ការរៀបចំផែនការដ៏ធំ និងយ៉ាងយូរនេះឡើង ពីព្រោះពួកគេយល់យ៉ាងច្បាស់ថា ការផ្លាស់​ប្តូរតាមសន្លឹកឆ្នោត មិនអាចផ្តួលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឡើយ។​ដូច្នេះ​ស្នេហាន​យោបាយ ក៏ជាចំណែកដ៏សំខាន់មួយទៀត ក្នុងផែនការឃុបឃិត ដ៏ធំមួយនេះហើយ​ទំនាក់ទំនងស្នេហានេះ គឺមិនមែនជារឿងចៃដន្យឡើយ។
ប្រភពពត៌មានពីក្រុមអ្នក ប្រជាធិបតេយ្យសេរីជឿនលឿន នៅតៃវ៉ាន់បានបញ្ជាក់​យ៉ាង​ច្បាស់ថា យុទ្ធសាស្ត្រដ៏សំខាន់មួយ របស់អាមេរិកគឺ ចងញាតិមានប្រសិទ្ធភាព ជាង​ចងមិត្ត៕

(ប្រភព៖ DAP)

Facebook បន្តទម្លាយថា «ផែនការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន ត្រូវបានគេចងក្រងចាក់ស្រេះប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅ»

នៅថ្ងៃអាទិត្យនេះ​ បណ្តាញទំនាក់ទំនងសង្គម Facebook បានបន្តទម្លាយឯកសារសំខាន់ៗពាក់ព័ន្ធផែនការធ្វើប​ដិវត្តពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន។ បណ្តាញទំនាក់ទំនងសង្គមនេះបានទម្លាយខ្លឹមសារទាំងស្រុងថា៖ «ស្នេហានយោបាយដើម្បីសំរេចផែនការធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ធាភិបាលលោកហ៊ុន សែន?»
«ប្រភពពត៌មានពីក្រុមអ្នក ប្រជាធិបតេយ្យសេរីជឿនលឿននៅតៃវ៉ាន់បានទំលាយឲ្យដឹងថា ផែនការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានគេចងក្រងចាក់ស្រេះប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅ។ វាមិនមែនគ្រាន់តែជាការឃុបឃិតរវាងបរទេសនិងខ្មែរ (Conspiracy Theory) ដោយមានការលូកដៃយ៉ាងជ្រៅពីមហាអំណាចអាមេរិកដូចកាលពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាផែនការដ៏ធំនេះត្រូវបានពង្រឹងបន្ថែមដោយ ទំនាក់ទំនាក់ស្នេហាផ្សារសាច់ឈាមយ៉ាងស្អិតល្មួតថែមទៀត រវាងពួកចារកម្មបរទេសជាមួយក្រុមគ្រួសារបក្សប្រឆាំងនៅកម្ពុជា។
មានភស្តុតាងស៊ីសង្វាក់គ្នាយ៉ាងល្អដែលអាចពន្យល់បានច្បាស់លាស់អំពីផែនការដ៏ល្អិតល្អន់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈការរៀបចំបណ្តាញ បដិវត្តពណ៌នៅកម្ពុជាដោយរាប់បញ្ចូលទាំងទំនាក់ទំនងស្នេហាទៀតផង។ ជាក់ស្តែងភ្នាក់ងារចារកម្ម CIA និងជាមន្ត្រីស្ថានទូតអាមេរិកទទួលបន្ទុកកិច្ចការ នយោបាយប្រចាំកម្ពុជាឈ្មោះ Sam Downings គឺជាសង្សាររបស់ កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា។
ទំនាក់ទំនងស្នេហារវាងកូនស្រីមេបក្សប្រឆាំង ដែលមានតួនាទីជាមន្ត្រីនយោបាយរបស់បក្សសង្គ្រោះជាតិថែមទៀតនោះ អាចហៅថា ជាស្នេហានយោបាយ (Political Wedding – Marriage Politique) ដើម្បីឃុបឃិតគ្នាកាន់តែស៊ីជម្រៅឈានទៅសម្រេចផែនការ ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំនាយករដ្ឋមន្រ្តី ហ៊ុន សែន?
ចំណែកកូនស្រីលោក កឹម សុខា ម្នាក់ទៀតឈ្មោះ កឹម សាម៉ាធីតា (Kem Samathida) ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឈ្មោះ Geoffrey Cain ដែលជាភ្នាក់ងារចារកម្មរបស់អាមេរិកបង្កប់ខ្លួន ធ្វើជាអ្នកកាសែតឯករាជ្យ ហើយធ្វើសកម្មភាពជាសំងាត់នៅក្នុងប្រទេសកម្ពុជា។ Geoffrey Cain ធ្លាប់ទទួលជោគជ័យក្នុងការផ្តួលរំលំលោកស្រី ប៉ាក់ ហ្គន់ហេ ( Park Geun Hye ) នៅកូរ៉េខាងត្បូង។
ក្រៅពីទំនាក់ទំនងស្នេហា និងផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅរបស់កូនស្រីលោក កឹម សុខា ទាំងពីរជាមួយភ្នាក់ងារចារកម្មអាមេរិកដោយផ្ទាល់ ក៏នៅមានភ្នាក់ងារចារកម្ម និងអង្គការ NGO របស់អាមេរិកជាច្រើនទៀត ដែលត្រូវបានប្រើប្រាស់ក្នុងផែនការផ្តួលរំលំដ៏ធំមួយនេះ។ ជនជាតិអូស្ត្រាលីឈ្មោះ James Ricketson ដែលជាអ្នកនិពន្ធ និងផលិតខ្សែភាពយន្ត ដែលបានធ្វើចារកម្មនៅកម្ពុជាជាយូរឆ្នាំហើយនោះ ក៍បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងគឃ្លើន ជាពិសេសក្នុងពេលដំណើរការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ដោយជនជាតិអូស្ត្រាលីរូបនេះបានឃុបឃិតជាមួយទណ្ឌិត សម រង្ស៊ី ថតយករូបភាព សកម្មភាពឃោសនារបស់គណបក្សសង្រ្គោះជាតិ ដើម្បីបំភ័ន្តសាធារណ:មតិ។
ចំណែកអង្គការ CANVAS ជ្រកក្រោមស្លាក IRI ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា ផងដែរនោះ ហើតាមរយៈនេះក៏បានបញ្ចូលមនុស្សជំនាញរបស់ខ្លួន មកកម្ពុជារៀបចំចាត់ចែងអនុវត្តគម្រោងការ ធ្វើបដិវត្តពណ៌ជាពិសេសគឺ Jackson Cox ដែលត្រូវបានអាមេរិកចាត់បញ្ជូនមកឱ្យធ្វើជាប្រធាន IRI ប្រចាំនៅកម្ពុជាក្នុងឆ្នាំ២០០៤ដោយមានការសហការជាមួយលោក កឹម សុខា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ។
Jackson Cox ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយអាមេរិក បានជ្រើសរើសយកលោក កឹម សុខា សម្រាប់ធ្វើកិច្ចការឈានទៅសម្រេចផែនការផ្តួល រំលំរដ្ឋាភិបាលលោក ហ៊ុន សែន ដោយប្រើបដិវត្តន៍ពណ៌។ ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្លាំងចំពោះលោក កឹម សុខា អង្គការ IRI ដែលមានលោក Jackson Cox ជាប្រធានក៏បានរៀបចំឱ្យកូនស្រីរបស់ កឹម សុខា គឺ កឹម មនោវិទ្យា និង កឹម សាម៉ាធីតា ទៅរស់នៅនិងបន្តការសិក្សានៅអាមេរិក។
Jackson Cox (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៤-២០០៦) និង Lazar Antonic (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៦-២០០៧) គឺនៅបន្តអនុវត្ត នូវផែនការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែនដដែលហើជាក់ស្តែង នៅចុងខែសីហា ឆ្នាំ២០១៣ អង្គការ CANVAS បានទៅបង្រៀនថ្នាក់ដឹកនាំ និងសកម្មជន CNRP ដល់ទីស្នាក់ការបក្សប្រឆាំងតែម្តងអំពីយុទ្ធសាស្រ្ត និងយុទ្ធវិធីធ្វើបាតុកម្ម និងកុប្បកម្ម។ លើសពីនេះ អង្គការមួយនេះក៏ជាអ្នកផ្តល់គំនិត ល្បិចនិងធនធានហិរញ្ញវត្ថុដល់ CNRP ដើម្បីប្រមែប្រមូលកម្លាំងគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបន្ថែមទៀតក្នុងគោលដៅជួយជំរុញឲ្យ CNRP មានថាមពលគ្រប់គ្រាន់ ក្នុងការផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន ដូចជាការផ្តល់ថវិកាចំនួន 390.000 US$ ដើម្បីជួយ CNRP ក្នុងការរៀបចំផែនការ និងចាត់តាំងអនុវត្តយុទ្ធសាស្រ្ត ចងក្រងបណ្តាញជាមួយអង្គការសង្គមស៊ីវិល និងយុវជន នេះបើយោងតាមប្រភពបណ្តាញស្រាវជ្រាវ នៅក្រៅប្រទេស ដែលបានបញ្ជាក់យ៉ាងច្បាស់។
ក្នុងការរៀបចំគម្រោងបន្តអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន នេះដែរ Jackson Cox និងលោក កឹម សុខា បានណាត់ជួបគ្នាជាសម្ងាត់ នៅទីក្រុងបាងកក ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។
ទាំងនេះគឺជាផែនការដ៏ធំមួយដែលពួកបរទេស ឃុបឃិតជាមួយបក្សប្រឆាំងនៅកម្ពុជា ក្រោមការជួយជ្រោមជ្រែង និងលូកដៃយ៉ាងជ្រៅពីសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌។ ការរៀបចំផែនការដ៏ធំ និងយ៉ាងយូរនេះឡើងពីព្រោះពួកគេយល់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរតាមសន្លឹកឆ្នោតមិនអាចផ្តួលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឡើយ។ ដូច្នេះស្នេហានយោបាយក៏ជាចំណែកដ៏សំខាន់មួយទៀត ក្នុងផែនការឃុបឃិតដ៏ធំមួយនេះហើយទំនាក់ទំនងស្នេហានេះគឺមិនមែនជារឿងចៃដន្យឡើយ។
ប្រភពពត៌មានពីក្រុមអ្នកប្រជាធិបតេយ្យសេរីជឿនលឿននៅតៃវ៉ាន់បានបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាមេរិកគឺ «ចងញាតិមានប្រសិទ្ធភាព ជាងចងមិត្ត» ។
ចាំមើលតើរដ្ឋាភិបាលភ្នំពេញគួរ មានវិធានការបែបណាដើម្បីការពារអធិប្បតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាចំពោះបញ្ហាបរទេសចូលមកធ្វើចារកម្ម ក្នុងទឹកដីខ្មែរ ហើយនិងការឃុបឃិតមិនអាចប្រកែកបាន រវាងចារកម្មបរទេសជាមួយបក្សប្រឆាំង CNRP នេះ?»

ប្រភព Freshnews












៥ ចំណុចរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដើម្បីធានាលក្ខណការងារ និងប្រាក់ចំណូលល្អ ដល់កម្មករ-កម្មការិនី

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អញ្ជើញ​ជួប​សួរ​សុខទុក្ខ​ជាមួយតំណាងកម្មករ​មកពីបណ្តារោងចក្រផ្សេងៗគ្នាចំនួន ៤,៤០៣ នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។

ក្នុងពេលជួបសំណេះសំណាលព្រឹកមិញនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​ផ្តល់​អនុសាសន៍​ល្អៗ ​៥​ចំណុច ដល់អាជ្ញាធរ​និយោជិតនិងកម្មករកម្មការនី ធ្វើ​ការរួមគ្នា​ដើម្បី​ធានា​ដល់​លក្ខណ​ការងារនិង ប្រាក់​ចំណូល​ល្អ:

ទី១) ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់ សង្គមអោយ បានល្អ។

ទី២) រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារ បន្ថែម។

ទី៣) រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំ អោយ​កម្មករ​​នី​ភ័យខ្លាចពីការបាត់បង់ការងារនិងប្រាក់ចំណូល។

ទី៤) ផ្តល់របបគាំពារសន្តិសុខសង្គមដល់ កម្មករចាប់ពីខែ មករា ២០១៨ នេះគឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី ដែលបងប្អូនអាចចំណេញ ថវិកា (៨,០០០៛ទៅ១៣,០០០៛ក្នុង១ខែ)។

ទី៥) ផ្តល់​កិច្ច​គាំពារ​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​កម្មការនី​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ​រដ្ឋាភិបាល​បន្ត​​គាំទ្រ​ និង​ជួយ​ជ្រោមជ្រែង​ដោយ​ធ្វើការ​ទំនាក់ទំនង​ល្អ​ជា​មួយ​បណ្តាល​ប្រទេសដៃ​គូ​ដើម្បី​ផ្តល់​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​និង​លក្ខណ​ការងារ​ល្អៗ​រួមទាំង​ជួយ​សម្រួល​នូវ​លិខត​បទដ្ឋាន​ដែល​ពាក់ព័ន្ឋការងារស្របច្បាប់ដល់ក្មួយៗកម្មករ ។

ក្នុងឱកាសនោះផងដែរ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រំលឹក​ផងដែរ​ពី​វិស័យ​ឧស្សាហ​កម្ម​ក្នុង​អតីតកាល​ ដែលត្រូវបានបំផ្លាញដោយសង្គ្រាម ដូចជាក្នុងសម័យ លន់ ណុល និង​សម័យ​ប្រល័យ​ពូជសាសន៍​ប៉ុលពត ដែល​ពេល​នោះ​រោងចក្រ​សហគ្រាសមួយចំនួនធំត្រូវបានបំផ្លាញចោល បើរំលឹក កាលពីឆ្នាំ ១៩៩៧ យើងមានរោងចក្រ​តែ ៦៤​ប៉ុណ្ណោះ តែឥឡូវនេះរោងចក្រកាត់ដេរកើនដល់ ១,១១៧ ហើយ​បើ​សរុបរោងចក្រសហគ្រាសទាំងអស់គឺមានប្រមាណ ១១,១៦៨ ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជាប្រមាណជាង១លាននាក់។








វិភាគ៖ ប្រតិកម្មទទឹងទិសបញ្ជាក់ពីការសម្រេចចិត្តត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា!

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក, សមាជិកព្រឹទ្ធសភាអាមេរិកមុខដដែលៗ និងមន្ត្រីអង្គការសហប្រជាជាតិខ្លះ រួមទាំងបក្សប្រឆាំងនៅកម្ពុជា ក៏ដូចជាពួកសង្គមស៊ីវិលក្នុងស្រុកខ្លះ បានបញ្ចេញប្រតិកម្មទទឹងទិសតបទៅនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងភាពអនាធិបតេយ្យរបស់អង្គការបរទេស និងសារព័ត៌មានបរទេស និងក្នុងស្រុកមួយចំនួន។
ហេតុអ្វីបានជាយើងអាចចាត់ទុកថាទាំងនោះជាប្រតិកម្មទទឹងទិស?
ទី១៖ ពាក់ព័ន្ធនឹងការបណ្តេញអង្គការ NDI របស់អាមេរិកចេញពីស្រុកខ្មែរ៖ មានមូលហេតុសំខាន់ពីរដែលអាជ្ញាធរកម្ពុជាសម្រេចយ៉ាងដូច្នេះ។ មូលហេតុទី១គឺ គេបានរកឃើញថា អង្គការនេះបានជួយរៀបចំយុទ្ធសាស្ត្រឲ្យគណបក្សសង្គ្រោះជាតិដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលជាការលូកចូដៃលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ និងមូលហេតុទី២គឺ អង្គការនេះបំពានច្បាប់កម្ពុជាព្រោះធ្វើសកម្មភាពទាំងមិនបានចុះបញ្ជីនៅក្រសួងការបរទេសនៅឡើយ។ មូលហេតុទាំងពីរនេះជាកំហុសធ្ងន់ធ្ងរណាស់របស់ NDI ដែលទោះប្រទេសណាក៏ដោយក៏គេមិនអនុគ្រោះឲ្យដែរ។ ក្រោយការបោះឆ្នោតប្រធានាធិបតីកន្លងទៅ សហរដ្ឋអាមេរិកចោទប្រកាន់រុស្ស៊ីថាបានលូកដៃជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់ខ្លួនដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត។ ទោះគ្មានភស្តុតាងអ្វីជាក់លាក់សោះ តែអាមេរិកចោទរុស្ស៊ីត្រង់ៗ រហូតឈានដល់ការបណ្តេញមន្ត្រីការទូតរុស្ស៊ី ៣៥ នាក់ចេញពីប្រទេស និងបិទទីតាំងទូតរុស្ស៊ីពីរកន្លែងក្រោមហេតុផលថា រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតរបស់អាមេរិក និងចាត់ទុកសកម្មភាពមន្ត្រីទូតរុស្ស៊ីទាំងនោះថាជាអំពើចារកម្ម។ ចុះឥឡូវ ពេលកម្ពុជារកឃើញភស្តុតាងច្បាស់ក្រឡែងទាំងពីរចំណុចដូចបានលើកឡើងខាងដើម ហើយរដ្ឋាភិបាលភ្នំពេញសម្រេចបណ្តេញអង្គការនេះចេញពីប្រទេស មន្ត្រីអាមេរិកខ្លួនឯងបែរជាមកចោទកម្ពុជាថា ធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីុវិលទៅវិញ? ចុះត្រង់ខ្លួនចាត់ការទៅលើមន្ត្រីការទូតរុស្ស៊ីម្តេចក៏ធ្វើបាន?
ទី២៖ ពាក់ព័ន្ធនឹងកាសែត Cambodia Daily ដែលជំពាក់ពន្ធរដ្ឋ ៦ លានដុល្លារ ហើយត្រូវអាជ្ញាធរកម្ពុជាព្រមានបិទប្រសិនបើមិនព្រមបង់ពន្ធ ក្រុមមនុស្សដដែលនេះបែរជាបញ្ចេញប្រតិកម្មថា ជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មាន? រឿងលួចពន្ធគឺជាទោសធ្ងន់ធ្ងរដែលគ្មានប្រទេសណាអនុគ្រោះបានឡើយជាពិសេសប្រទេសមហាអំណាចធំៗដូចជាអាមេរិក បារាំងជាដើម។ អ្នកលួចពន្ធរដ្ឋកុំថាឡើយដល់ទៅ ៦ លានដុល្លារ សូម្បីមួយដុល្លារក៏មិនបានដែរគឺត្រូវតែបង់ពន្ធគ្រប់ចំនួនបើមិនដូច្នោះទេ អ្នកលួចពន្ធនោះប្រាកដជាគុកហើយ។ ពួកបរទេសដែលជាម្ចាស់កាសែត Cambodia Daily ប្រាកដជាយល់ច្បាស់ណាស់អំពីបញ្ហានេះ។ ចុះហេតុអ្វីបានជាពួកគេមិនព្រមបង់ពន្ធ? ហើយចំណាត់ការរបស់អាជ្ញាធរកម្ពុជាប្រឆាំងអ្នកលួចពន្ធរដ្ឋត្រូវបានគេបង្វែឲ្យទៅជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ?
ទី៣៖ ករណីបិទស្ថានីយវិទ្យុក្នុងស្រុកមួយចំនួន ឬការដែលស្ថានីយខ្លះទៀតផ្អាកការជួលម៉ោងឲ្យវិទ្យុបរទេសដូចជាអាស៊ីុសេរី វីអូអេ ឬវីអូឌី ជាដើមនោះ គឺមកពីម្ចាស់ស្ថានីយវិទ្យុទាំងនោះបំពានកិច្ចសន្យាជាមួយក្រសួងព័ត៌មានដែលហាមមិនឲ្យជួលម៉ោងទៅឲ្យអ្នកខាងក្រៅ។ កិច្ចសន្យានេះមានចែងច្បាស់ពេលក្រសួងព័ត៌មានផ្តល់អាជ្ញាប័ណ្ណឲ្យទៅម្ចាស់ស្ថានីយនីមួយៗ ពោលគឺក្រសួងព័ត៌មានមិនអនុញ្ញាតឲ្យយកអាជ្ញាប័ណ្ណទៅជួលធ្វើអាជីវកម្មបន្តទេ។ ម្ចាស់ស្ថានីយពាក់ព័ន្ធទាំងឡាយដឹងច្បាស់អំពីបញ្ហានេះ ហើយសុទ្ធតែទទួលស្គាល់ថា ខ្លួនពិតជាបានបំពានកិច្ចសន្យានេះមែន។ ចុះហេតុអ្វីបានជាចំណាត់ការប្រឆាំងនឹងអំពើខុសច្បាប់បែរក្លាយទៅជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ? សួរថា នៅអាមេរិក ស្ថានីយវិទ្យុ ឬទូរទស្សន៍ក្នុងស្រុកអាចលក់ម៉ោងឲ្យវិទ្យុ ឬទូរទស្សន៍បរទេសផ្សាយចូលប្រទេសរបស់ខ្លួនដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលរបស់ខ្លួនដែរឬទេ? គឺប្រាកដជាមិនអាចឡើយ។ សូម្បីតែទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាត្រូវបានគេប៉ុនប៉ងបិទក្រោមការចោទប្រកាន់ថាជាទូរទស្សន៍បម្រើឲ្យពួកភេរវជន។ ចុះកម្ពុជាគ្មានសិទ្ធិអនុវត្តច្បាប់របស់ខ្លួនទេឬ?
ករណីទាំងបីខាងលើនេះសបញ្ជាក់ឲ្យឃើញដោយគ្មានមន្ទិលសង្ស័យឡើយថា កម្ពុជាគ្រាន់តែអនុវត្តតាមច្បាប់របស់ខ្លួនតែប៉ុណ្ណោះ ចុះហេតុអ្វីបានជាប្រទេសមហាអំណាចធំៗ មន្ត្រីក្បាលទំពែកទាំងអស់នោះខំបង្វែសាច់រឿងឲ្យទៅជារឿងនយោបាយទៅវិញ? បើនិយាយពីផ្លូវច្បាប់គ្មានអ្វីមន្ទិលសោះឡើយ ប៉ុន្តែ ពួកបរទេសទាំងនោះ និងពួកបក្សប្រឆាំង ព្រមទាំងសង្គមស៊ីុវិលក្នុងស្រុកដែលគេស្គាល់ថាជាបក្ខពួកតែមួយនោះនៅតែពួតដៃគ្នាបង្វែរទិសអ្នកបំពានច្បាប់ឲ្យទៅជាអ្នករងគ្រោះ ចំណែកអ្នកអនុវត្តច្បាប់ឲ្យទៅជាជនផ្តាច់ការ។ ប្រតិកម្មទាំងទទឹងទិសបែបនេះគឺបញ្ជាក់កាន់តែច្បាស់អំពីចេតនាទុច្ចរិតរបស់ក្រុមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលកំពុងចងបណ្តាញប្រទាក់ក្រឡាគ្នាតាំងពីក្រៅរហូតដល់ក្នុងប្រទេស។ ហើយវាក៏បញ្ជាក់កាន់តែច្បាស់ដែរអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់អាជ្ញាធរកម្ពុជា ក្នុងការកម្ចាត់ក្រុមបណ្តាញបដិវត្តពណ៌ចេញពីទឹកដីកម្ពុជាដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស។ តាមពិតចំណាត់ការនេះហាក់យឺតពេលបន្តិចផង។ រដ្ឋាភិបាលកម្ពុជាគួរចាត់វិធានការតាំងពីយូរមកហើយមិនគួរបណ្តោយឲ្យក្រុមនេះបង្កើតបណ្តាញ ធ្វើសកម្មភាពពាសពេញប្រទេសបែបនេះទេ។
កម្ពុជាមានច្បាប់របស់ខ្លួន និងមានអធិបតេយ្យភាពគ្រប់គ្រាន់ដើម្បីសម្រេចចិត្តក្នុងនាមរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។ អ្វីដែលប្រទេសផ្សេងធ្វើបាន កម្ពុជាក៏អាចធ្វើបានដែរគឺមិនមែនខ្លួនធ្វើបាន តែដល់ពេលគេធ្វើដូចគ្នាដែរបែរជាចោទគេថា ជាជនផ្តាច់ការនោះឡើយ។ ខ្មែរជ្រុលនិយមក្នុងស្រុកមួយចំនួនក៏ដូច្នេះដែរ។ ចូលចិត្តណាស់ហៃអើតាមបរទេសទាញ គេទៅឆ្វេងក៏ឆ្វេង គេទាញទៅស្តាំក៏ស្តាំ ដោយមិនគិតពីផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។ ប្រតិកម្មទាំងទទឹងទិសរបស់ពួកបរទេសជ្រុលនិយម និងខ្មែរជ្រុលនិយមដែលកើតឡើងចុងក្រោយនេះប្រៀបដូចជាទឹកដែលកំពុងរងថ្លាធ្វើឲ្យគេមើលឃើញដល់បាតដី។ គ្មានអ្វីជាអាថ៌កំបាំងទៀតឡើយ។ ចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំដែលគេធ្វើបានសម្រេចក្នុងបណ្តាប្រទេសមួយចំនួនហើយកំពុងធ្វើឲ្យប្រទេសទាំងនោះរងភាពខ្ទេចខ្ទាំយ៉ាងខ្លាំងនោះ មិនត្រូវឲ្យកើតមានលើទឹកដីកម្ពុជាជាដាច់ខាតទោះជាត្រូវចាយក្នុងតម្លៃណាក៏ដោយ៕

ដោយ សូរ គងជ័យ

លិខិតចំហរពីកម្ពុជា៖ សូមកុំក្លាយជាទ្រង់ ស៊ីសុវត្ថិ សិរិមតៈទី២

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ គឺនៅមួយថ្ងៃមុនពេល ប៉ុលពត វាយដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ ទ្រង់ស៊ីសុវត្ថិ សិរិមតៈ បាន​សរសេរសំបុត្រ​មួយច្បាប់ខ្លី​សម្តែងវិប្បដិសារីជាខ្លាំង​ជាទីបំផុតផ្ញើទៅកាន់​មន្ត្រី​អាមេរិក​ដោយបដិសេធមិនចាកចេញពីប្រទេសកម្ពុជាក្នុងខ្លឹមសារថា៖ «… សូមលោកចងចាំថា បើសិនជា​ខ្ញុំ​ស្លា​ប់នៅ​ទីនេះក្នុងប្រទេសរបស់ខ្ញុំ ដែលខ្ញុំស្រឡាញ់ដូចម្តេចក៏ដោយចុះ ព្រោះ​យើង​​កើតមកនឹង​ស្លាប់​ទាំ​​ងអស់គ្នា នៅថ្ងៃមួយមិនខាន។ ខ្ញុំបានប្រព្រឹត្តិកំហុសមួយ គឺដោយសារតែជឿលើលោក និង​ជឿ​លើ​អាមេរិក…»។
ដោយជឿតាមល្បិចកលពិលពុលរបស់អាមេរិក ទ្រង់ស៊ីសុវត្ថិ សិរិមតៈ រួមជាមួយ លន់ ណុល បាន​ក្បត់​សម្តេច​ព្រះនរោត្តម សីហនុ ហើយបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះអង្គ និងប្តូរ​របប​ដឹក​នាំ​នៅ​កម្ពុជា​មក​ជា​របប​សាធារណៈរដ្ឋខ្មែរ។ តែទីបំផុតកូនជឹងមួយត្រូវអាមេរិកបោះបង់ចោលទុកឲ្យទ្រង់ស៊ីសុវត្ថិ សិរិមតៈ ត្រូវ ប៉ុលពត សម្លាប់​ចោល​ដោយ អារ-ក។
សភាពការណ៍​នយោបាយកាលពីទសវត្សរ៍ឆ្នាំ១៩៧០ និងនៅឆ្នាំ២០១៧នេះ គឺហាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រដៀងគ្នា ដែលប្រជាជនកម្ពុជាទាំងអស់ គប្បីស្វែងយល់មេរៀននេះ។ យើង​ត្រូវ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​ជំហរ​នយោបាយរបស់សហរដ្ឋអាមេរិក និងជៀសវាងប្រការគេដើរខ្សែលើតាមរបៀប «អាមេរិក​ស៊ី​បាយ ហៅខ្មែរឲ្យចេញលុយ» ឬតាមរបៀបអាមេរិក យកទឹកដីខ្មែរជាឈ្នាន់បង្វែងសមរភូមិ ដើម្បី​សង្គ្រោះ​ដក​កងទ័ពខ្លួនចេញពីសង្គ្រាមវៀតណាម។ ឈាមខ្មែរ និងជីវិតខ្មែរជាង៨សែននាក់ បាន​ក្រាល​ជាព្រំ​សម្រាប់ការដើររបស់ក្រុមដែលហៅថា ប្រជាធិបតេយ្យ អ្វីដែលហៅថា សេរីភាព ក្រោម​ដំណក់​ទឹក​ភ្នែក ឈាម និងការឈឺចាប់៖
ទី១៖ ទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិក បានជាប់ផុងក្នុងសង្គ្រាមវៀតណាម ហើយ​ក៏ត្រៀម​ដក​ខ្លួន​ចេញ​ពី​អាស៊ីដែរ។ ពេលនោះអាមេរិកអស់ខ្យល់នឹងការធ្វើ សង្គ្រាមតទៅទៀតហើយ។ នៅកម្ពុជា​នា​គ្រា​នោះ ខ្មែរខ្លះក្តាប់សភាពការណ៍នេះមិនបានទេ ក៏ងាកទៅចាប់ដៃបម្រើ «អ្នកត្រៀមរត់» គឺចាប់​ដៃ​ជា​មួយ​អា​មេរិក ដែលត្រៀមរត់ចេញពីឥណ្ឌូចិនទៅហើយ។ ទីបំផុតអាមេរិកដកកងទ័ពរត់មែន ដែលគេហៅថា ចាញ់​សង្គ្រាម​វៀតណាមនៅ ឌៀនបៀនភូ នោះ។ ការឈ្លានពាន និងការ​ដែល​អាមេរិក​ទម្លាក់​គ្រាប់​បែក​ជាង​២លាន៧សែនតោន នៅលើទឹកដីកម្ពុជាយើង គឺជាការបើកសមរភូមិថ្មី ដើម្បី​ដក​កង​ទ័ព​អាមេរិក​នៅ​វៀតណាម​តែប៉ុណ្ណោះ។
មេរៀន​ប្រវត្តិសាស្ត្របា​​នប្រាប់យើងថា នៅក្នុងសង្គ្រាមវៀតណាម ដើម្បី​ផលប្រយោជន៍​អាមេរិក​នាពេល​នោះ ខ្មែររងគ្រោះ៣ដំណាក់កាល៖ ទី១) លន់ ណុល និង សិរិមតៈ យល់ថា អាមេរិក មិនរត់ចោលទេ ក៏សុខ​ចិត្ត​ធ្វើ​ជា«អាយ៉ង» អាមេរិក ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ សម្តេច សីហនុ ដែល សម្តេច សីហនុ ប្រកាន់​ជំហរ​នយោបាយអព្យាក្រិត្យប្រឆាំងការជ្រៀតជ្រែករបស់អាមេរិក។ តែអកុសល ជាតិ បែក​បាក់​ធ្ងន់ធ្ងរ​ចាប់​ពីពេលនោះ។
ទី២៖ ប្រជាជនខ្មែរ៨សែននាក់ ត្រូវព្រាត់ប្រាស់និងបានស្លាប់ដោយសារការទម្លាក់គ្រាប់ B-52 របស់ អាមេរិក។ ពេលអាមេរិក និយាយថា កម្ពុជាជំពាក់បំណុលជាង៤០០លានដុល្លារ សូម​ខ្មែរ​ហ៊ាន​ផ្តាំ​ទៅ​អាមេរិក​វិញ​ថា៖ «អាមេរិក ជំពាក់ឈាមនិងជីវិតខ្មែរច្រើនណាស់»។
ទី៣៖ ពេលអាមេរិក ដកកងទ័ពចេញ គឺបានបន្សល់នូវរបួសផ្លូវចិត្តនិងការសងសឹកធំធេងក្នុងសង្គមខ្មែរ និង​បើកផ្លូវឲ្យ ប៉ុលពត ឡើងកាន់អំណាច។ ទីបំផុត ពួកអ្នកបម្រើអាមេរិកត្រូវប៉ុល ពត ចាប់អារ-ក។ ប្អូន​របស់​លន់ ណុល គឺ លន់ ណុន និង ទ្រង់ស៊ីសិវត្ថិ សិរិមតៈ សុទ្ធតែត្រូវ ប៉ុលពត សម្លាប់ចោលដោយ អារ-ក។ នេះហើយផលវិបាកនៃការក្តាប់មិនជុំជំហរនយោបាយរបស់បរទេស។ ប្រយោជន៍​គេ​សោះ​ខ្មែរ​ខ្លះ​ធ្វើ​ជា​ឧបករណ៍គេដោយក្រអឺតក្រទម។ ទីបំផុតបានត្រឹមវិប្បដិសារីដូចក្នុងសំបុត្រទ្រង់សិរិមតៈ។
ទី៤៖ ឥឡូវនេះឆ្នាំ២០១៧ ស្ថានភាពអាមេរិក ក្នុងរដ្ឋការប្រធានាធិបតី Donal Trump ក៏ស្រដៀងគ្នាដែរ។ ការ​សម្រេចចិត្តអត្តនោម័តរបស់ ដូណាល់ ត្រាំ (Executive Decision) គឺ​គណៈរដ្ឋមន្រ្តី​ដែល​តែង​តាំង​ជំនាន់​គាត់ ត្រូវបានដកចេញ និងលាឈប់ស្ទើអស់ហើយ មានន័យថា នៅសេតវិមាន មាន​ភាព​រង្គោះរង្គើ​ខ្លាំង​ណាស់។ គេបានព្យាករណ៍ថា តើដូណាល់ត្រាំ អាច​ទប់​កៅអី​ប្រធានាធិបតី​បាន​ ៦ខែ​ទៀត​ដែរ​ឬ​យ៉ាង​ណា? ដូណាល់ត្រាំ ក៏មិនចង់ធ្វើសង្គ្រាមតទៀតដែរ។ សូម្បីកូរ៉េខាងជើងដែល​សំញ៉ែង​ឥទ្ធិពល​អាវុធ​នុយក្លេអ៊ែរ​យ៉ាងណា ប៉ុន្តែ អាមេរិក ក៏​នឹងមិន​ធ្វើ​សង្គ្រាម​ដែល​គ្មាន​ចំណេញ​ដល់​ផល​ប្រយោជន៍​ខ្លួន​នោះ​ទេ។ ដូណាល់ត្រាំ ក៏នឹងមិនពង្រីកសង្គ្រាមនៅមជ្ឈិបបូព៌ាទៀតទេ មានតែដកថយ ដូច​នៅ​សង្គ្រាម​វៀតណាម។ ក្នុងករណីនេះ ខ្មែរខ្លះដែលចង់ធ្វើជា «ទ្រង់សិរិមតៈទី២» សូម​សិក្សាស្ថានភាព​ជំហរ​នយោបាយ អាមេរិក ឲ្យច្បាស់លាស់។ កុំចាប់ដៃបានត្រឹមអាម៊ីអាថោងផឹកកាហ្វេបង្ហោះហ្វេសបុក រួច​អួត​អាមេរិកៗ។ ប្រយ័ត្ន! ម៉ត់ ដូចម្រេចបុក!!។
ទី៥៖ គ្មានផលប្រយោជន៍ អាមេរិក នៅក្នុងប្រទេសតូចដូចនៅកម្ពុជានេះទេ។ វាមិនមែន​ជារឿង​សិទ្ធិ​មនុស្ស ឬប្រជាធិបតេយ្យនោះទេ។ ជម្លោះនៅវៀតណាម គឺ​ជារឿង​ប្រគួត​ឥទ្ធិពល​មនោគមន៍វិជ្ជា​សង្គ្រាម​ត្រជាក់​រវាង ឥន្ទ្រី និង ខ្លាឃ្មុំ គឺ អាមេរិក និង រុស្ស៊ី តែប៉ុណ្ណោះ។ ពិតណាស់បច្ចប្បន្ននេះ អាមេរិក ត្រូវ​ការ​ផលប្រយោជន៍​សេដ្ឋកិច្ច និងនយោបាយនៅអាស៊ី តែ អាមេរិក ក៏មិនងាកមក​អាស៊ី​តាម​រូបភាព​សង្គ្រាម​ទៀតទេ។
ទី៦៖ ហេតុអ្វីបានជា អាមេរិក មួយចំនួនតូចខិតខំការពាររឿងអត់ច្បាប់នៃ «អង្គការ» របស់ខ្លួនដូចជា NDI ជាដើម? ពីព្រោះអង្គការទាំងនេះ គឺជា «ភ្នាក់ងារ» នៃផលប្រយោជន៍អាមេរិក។ បើ​ប្រទេស​អធិបតេយ្យ​មួយ​ទាត់ចោលភ្នាក់ងារទាំងនេះអាមេរិក មានសន្លឹកបៀរឯណាសម្រាប់លេង!? ជាការកត់សំគាល់ថា បរិបទ​​ឥឡូវនេះគោលដៅរបស់អាមេរិក មិនមែនកម្ពុជាទេ តែគឺ ចិន និង រស្ស៊ី។
ទី៧៖ រឿងរ៉ាវការពិតក្នុងប្រវត្តិសាស្ត្រនិងនយោបាយដែលខ្មែរយើងគួរដឹង គឺត្រូវតែដឹង។ យើង​ត្រូវ​តស៊ូ​មតិ​ដោយ​ឆ្លាតវៃ ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងនាមរដ្ឋឯករាជ្យ និងរដ្ឋអធិបតេយ្យ។ ខ្មែរ​ទាំង​មួយ​ចំនួន​នោះ ក៏សូមជៀសវាងការខិតខំធ្វើឲ្យជាតិយើងបែកបាក់គ្នាសារជាថ្មីទៀត ដោយសារតែភាពល្ងិតល្ងង់ និង​ការ​បម្រើបរទេសដោយល្ងង់ខ្លៅ។ ប្រយ័ត្នការចាប់សម្ព័ន្ធភាពជាមួយអ្នកចាំកេង និង​អ្នក​ត្រៀម​រត់​ម្តង​ទៀត ដូចនៅសង្គ្រាមវៀតណាម។ យើងខ្ញុំសូមផ្តាំថា៖ «សូមកុំក្លាយជាទ្រង់ ស៊ីសុវត្ថិ សិរិមតៈទី២»៕

ប្រភព ៖ Freshnews