Monday, August 28, 2017

វិភាគ៖ ប្រតិកម្មទទឹងទិសបញ្ជាក់ពីការសម្រេចចិត្តត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា!

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក, សមាជិកព្រឹទ្ធសភាអាមេរិកមុខដដែលៗ និងមន្ត្រីអង្គការសហប្រជាជាតិខ្លះ រួមទាំងបក្សប្រឆាំងនៅកម្ពុជា ក៏ដូចជាពួកសង្គមស៊ីវិលក្នុងស្រុកខ្លះ បានបញ្ចេញប្រតិកម្មទទឹងទិសតបទៅនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងភាពអនាធិបតេយ្យរបស់អង្គការបរទេស និងសារព័ត៌មានបរទេស និងក្នុងស្រុកមួយចំនួន។
ហេតុអ្វីបានជាយើងអាចចាត់ទុកថាទាំងនោះជាប្រតិកម្មទទឹងទិស?
ទី១៖ ពាក់ព័ន្ធនឹងការបណ្តេញអង្គការ NDI របស់អាមេរិកចេញពីស្រុកខ្មែរ៖ មានមូលហេតុសំខាន់ពីរដែលអាជ្ញាធរកម្ពុជាសម្រេចយ៉ាងដូច្នេះ។ មូលហេតុទី១គឺ គេបានរកឃើញថា អង្គការនេះបានជួយរៀបចំយុទ្ធសាស្ត្រឲ្យគណបក្សសង្គ្រោះជាតិដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលជាការលូកចូដៃលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ និងមូលហេតុទី២គឺ អង្គការនេះបំពានច្បាប់កម្ពុជាព្រោះធ្វើសកម្មភាពទាំងមិនបានចុះបញ្ជីនៅក្រសួងការបរទេសនៅឡើយ។ មូលហេតុទាំងពីរនេះជាកំហុសធ្ងន់ធ្ងរណាស់របស់ NDI ដែលទោះប្រទេសណាក៏ដោយក៏គេមិនអនុគ្រោះឲ្យដែរ។ ក្រោយការបោះឆ្នោតប្រធានាធិបតីកន្លងទៅ សហរដ្ឋអាមេរិកចោទប្រកាន់រុស្ស៊ីថាបានលូកដៃជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់ខ្លួនដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត។ ទោះគ្មានភស្តុតាងអ្វីជាក់លាក់សោះ តែអាមេរិកចោទរុស្ស៊ីត្រង់ៗ រហូតឈានដល់ការបណ្តេញមន្ត្រីការទូតរុស្ស៊ី ៣៥ នាក់ចេញពីប្រទេស និងបិទទីតាំងទូតរុស្ស៊ីពីរកន្លែងក្រោមហេតុផលថា រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោតរបស់អាមេរិក និងចាត់ទុកសកម្មភាពមន្ត្រីទូតរុស្ស៊ីទាំងនោះថាជាអំពើចារកម្ម។ ចុះឥឡូវ ពេលកម្ពុជារកឃើញភស្តុតាងច្បាស់ក្រឡែងទាំងពីរចំណុចដូចបានលើកឡើងខាងដើម ហើយរដ្ឋាភិបាលភ្នំពេញសម្រេចបណ្តេញអង្គការនេះចេញពីប្រទេស មន្ត្រីអាមេរិកខ្លួនឯងបែរជាមកចោទកម្ពុជាថា ធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីុវិលទៅវិញ? ចុះត្រង់ខ្លួនចាត់ការទៅលើមន្ត្រីការទូតរុស្ស៊ីម្តេចក៏ធ្វើបាន?
ទី២៖ ពាក់ព័ន្ធនឹងកាសែត Cambodia Daily ដែលជំពាក់ពន្ធរដ្ឋ ៦ លានដុល្លារ ហើយត្រូវអាជ្ញាធរកម្ពុជាព្រមានបិទប្រសិនបើមិនព្រមបង់ពន្ធ ក្រុមមនុស្សដដែលនេះបែរជាបញ្ចេញប្រតិកម្មថា ជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មាន? រឿងលួចពន្ធគឺជាទោសធ្ងន់ធ្ងរដែលគ្មានប្រទេសណាអនុគ្រោះបានឡើយជាពិសេសប្រទេសមហាអំណាចធំៗដូចជាអាមេរិក បារាំងជាដើម។ អ្នកលួចពន្ធរដ្ឋកុំថាឡើយដល់ទៅ ៦ លានដុល្លារ សូម្បីមួយដុល្លារក៏មិនបានដែរគឺត្រូវតែបង់ពន្ធគ្រប់ចំនួនបើមិនដូច្នោះទេ អ្នកលួចពន្ធនោះប្រាកដជាគុកហើយ។ ពួកបរទេសដែលជាម្ចាស់កាសែត Cambodia Daily ប្រាកដជាយល់ច្បាស់ណាស់អំពីបញ្ហានេះ។ ចុះហេតុអ្វីបានជាពួកគេមិនព្រមបង់ពន្ធ? ហើយចំណាត់ការរបស់អាជ្ញាធរកម្ពុជាប្រឆាំងអ្នកលួចពន្ធរដ្ឋត្រូវបានគេបង្វែឲ្យទៅជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ?
ទី៣៖ ករណីបិទស្ថានីយវិទ្យុក្នុងស្រុកមួយចំនួន ឬការដែលស្ថានីយខ្លះទៀតផ្អាកការជួលម៉ោងឲ្យវិទ្យុបរទេសដូចជាអាស៊ីុសេរី វីអូអេ ឬវីអូឌី ជាដើមនោះ គឺមកពីម្ចាស់ស្ថានីយវិទ្យុទាំងនោះបំពានកិច្ចសន្យាជាមួយក្រសួងព័ត៌មានដែលហាមមិនឲ្យជួលម៉ោងទៅឲ្យអ្នកខាងក្រៅ។ កិច្ចសន្យានេះមានចែងច្បាស់ពេលក្រសួងព័ត៌មានផ្តល់អាជ្ញាប័ណ្ណឲ្យទៅម្ចាស់ស្ថានីយនីមួយៗ ពោលគឺក្រសួងព័ត៌មានមិនអនុញ្ញាតឲ្យយកអាជ្ញាប័ណ្ណទៅជួលធ្វើអាជីវកម្មបន្តទេ។ ម្ចាស់ស្ថានីយពាក់ព័ន្ធទាំងឡាយដឹងច្បាស់អំពីបញ្ហានេះ ហើយសុទ្ធតែទទួលស្គាល់ថា ខ្លួនពិតជាបានបំពានកិច្ចសន្យានេះមែន។ ចុះហេតុអ្វីបានជាចំណាត់ការប្រឆាំងនឹងអំពើខុសច្បាប់បែរក្លាយទៅជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ? សួរថា នៅអាមេរិក ស្ថានីយវិទ្យុ ឬទូរទស្សន៍ក្នុងស្រុកអាចលក់ម៉ោងឲ្យវិទ្យុ ឬទូរទស្សន៍បរទេសផ្សាយចូលប្រទេសរបស់ខ្លួនដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលរបស់ខ្លួនដែរឬទេ? គឺប្រាកដជាមិនអាចឡើយ។ សូម្បីតែទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាត្រូវបានគេប៉ុនប៉ងបិទក្រោមការចោទប្រកាន់ថាជាទូរទស្សន៍បម្រើឲ្យពួកភេរវជន។ ចុះកម្ពុជាគ្មានសិទ្ធិអនុវត្តច្បាប់របស់ខ្លួនទេឬ?
ករណីទាំងបីខាងលើនេះសបញ្ជាក់ឲ្យឃើញដោយគ្មានមន្ទិលសង្ស័យឡើយថា កម្ពុជាគ្រាន់តែអនុវត្តតាមច្បាប់របស់ខ្លួនតែប៉ុណ្ណោះ ចុះហេតុអ្វីបានជាប្រទេសមហាអំណាចធំៗ មន្ត្រីក្បាលទំពែកទាំងអស់នោះខំបង្វែសាច់រឿងឲ្យទៅជារឿងនយោបាយទៅវិញ? បើនិយាយពីផ្លូវច្បាប់គ្មានអ្វីមន្ទិលសោះឡើយ ប៉ុន្តែ ពួកបរទេសទាំងនោះ និងពួកបក្សប្រឆាំង ព្រមទាំងសង្គមស៊ីុវិលក្នុងស្រុកដែលគេស្គាល់ថាជាបក្ខពួកតែមួយនោះនៅតែពួតដៃគ្នាបង្វែរទិសអ្នកបំពានច្បាប់ឲ្យទៅជាអ្នករងគ្រោះ ចំណែកអ្នកអនុវត្តច្បាប់ឲ្យទៅជាជនផ្តាច់ការ។ ប្រតិកម្មទាំងទទឹងទិសបែបនេះគឺបញ្ជាក់កាន់តែច្បាស់អំពីចេតនាទុច្ចរិតរបស់ក្រុមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលកំពុងចងបណ្តាញប្រទាក់ក្រឡាគ្នាតាំងពីក្រៅរហូតដល់ក្នុងប្រទេស។ ហើយវាក៏បញ្ជាក់កាន់តែច្បាស់ដែរអំពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់អាជ្ញាធរកម្ពុជា ក្នុងការកម្ចាត់ក្រុមបណ្តាញបដិវត្តពណ៌ចេញពីទឹកដីកម្ពុជាដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស។ តាមពិតចំណាត់ការនេះហាក់យឺតពេលបន្តិចផង។ រដ្ឋាភិបាលកម្ពុជាគួរចាត់វិធានការតាំងពីយូរមកហើយមិនគួរបណ្តោយឲ្យក្រុមនេះបង្កើតបណ្តាញ ធ្វើសកម្មភាពពាសពេញប្រទេសបែបនេះទេ។
កម្ពុជាមានច្បាប់របស់ខ្លួន និងមានអធិបតេយ្យភាពគ្រប់គ្រាន់ដើម្បីសម្រេចចិត្តក្នុងនាមរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។ អ្វីដែលប្រទេសផ្សេងធ្វើបាន កម្ពុជាក៏អាចធ្វើបានដែរគឺមិនមែនខ្លួនធ្វើបាន តែដល់ពេលគេធ្វើដូចគ្នាដែរបែរជាចោទគេថា ជាជនផ្តាច់ការនោះឡើយ។ ខ្មែរជ្រុលនិយមក្នុងស្រុកមួយចំនួនក៏ដូច្នេះដែរ។ ចូលចិត្តណាស់ហៃអើតាមបរទេសទាញ គេទៅឆ្វេងក៏ឆ្វេង គេទាញទៅស្តាំក៏ស្តាំ ដោយមិនគិតពីផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។ ប្រតិកម្មទាំងទទឹងទិសរបស់ពួកបរទេសជ្រុលនិយម និងខ្មែរជ្រុលនិយមដែលកើតឡើងចុងក្រោយនេះប្រៀបដូចជាទឹកដែលកំពុងរងថ្លាធ្វើឲ្យគេមើលឃើញដល់បាតដី។ គ្មានអ្វីជាអាថ៌កំបាំងទៀតឡើយ។ ចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំដែលគេធ្វើបានសម្រេចក្នុងបណ្តាប្រទេសមួយចំនួនហើយកំពុងធ្វើឲ្យប្រទេសទាំងនោះរងភាពខ្ទេចខ្ទាំយ៉ាងខ្លាំងនោះ មិនត្រូវឲ្យកើតមានលើទឹកដីកម្ពុជាជាដាច់ខាតទោះជាត្រូវចាយក្នុងតម្លៃណាក៏ដោយ៕

ដោយ សូរ គងជ័យ

No comments:

Post a Comment