Wednesday, November 23, 2016

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូល CLV លើកទី៩ គឺដើម្បីពិនិត្យ​មើលលទ្ធ​ផលដែលសម្រេច​បាន និងពង្រឹងកិច្ចសហប្រ​តិបត្តិការទេ្វភាគី និងពហុភាគី រវាងប្រទេសទាំង៣

ថ្លែងសុន្ទរកថាបើកនៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី៩ (9th Cambodia-Laos-Vietnam Summit on Development Triangle Area-CLV)ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ នៅ​រសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានសំដែងការ​ស្វាគមន៍ ចំពោះ​នាយករដ្ឋមន្ត្រី ឡាវ និងវៀតណាម និងគណៈប្រតិភូប្រទេសទាំងពីរ ដែល​បាន​អញ្ជើញ​មកចូលរួមកិច្ចប្រជុំ​ដ៏​សំខាន់​នេះ។ សម្តេចតេជោបានថ្លែងថា កិច្ចប្រជុំនេះ​គឺដើម្បី​ពិនិត្យមើល​លទ្ធផលដែលសម្រេច​បាន និងពង្រឹងកិច្ច​សហប្រតិបត្តិការទេ្វភាគី និងពហុភាគី រវាងប្រទេស​ទាំង៣ កម្ពុជា ឡាវ និង​វៀតណាម នៅក្នុងតំបន់​ត្រីកោណនេះ។
សម្តេចតេជោ បានវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ​ប្រឹង​ប្រែង​បំពេញការងារតាមការកំណត់រហូតសម្រេចបានលទ្ធផលជាច្រើន ដែលក្នុងនោះរួម​មាន៖ ការអនុវត្តគម្រោងក្នុងតំបន់ត្រីកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយការ​ជួញដូរ​មនុស្ស និងគ្រឿងញៀន ការសម្រួលពាណិជ្ជកម្ម ការបង្កើនទំនាក់ទំនងរវាងប្រជាជន​និងប្រជាជន ការលើក​កម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ​យន្តការផ្សេងៗ​ក៏​ត្រូវ​បានដាក់ចេញដើម្បីដោះស្រាយឱ្យបានទាន់ពេល និងជំរុញសកម្មភាព វិនិយោគ និងអាជីវកម្ម​របស់​សហគមន៍ធុរៈកិច្ច នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់វេទិកាយុវជន និងការ​តាំង​ពីព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលទ្ធផលនៃសន្និសីទពាណិជ្ជកម្ម និង​វិនិយោគ និង​ការ​​ជំរុញវិស័យទេសចរណ៍  នៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដែលបាន​ប្រារព្ធឡើង ពីថ្ងៃទី៧-១១ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុង ប៉ាស់សេ ខេត្តចំប៉ាសាក់ នៃសាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការលើកទី៣ ស្តីពី​សន្តិសុខ និងកិច្ចការពារជាតិ នៃប្រទេស CLV នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុង ញ៉ាចាង ខេត្តអញហ័រ នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ សម្តេចក៏បានថ្លែងអំណរ​គុណ​ដល់​រដ្ឋាភិបាល និងប្រជាជនជប៉ុន ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូ​អភិវឌ្ឍន៍នានា ដែលបាន​នឹង​កំពុង​បន្តចូលរួមផ្តល់ហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍តំបន់ ត្រីកោណ​អភិវឌ្ឍ​។
សម្តេចតេជោ ហ៊ុន សែន បានកត់សំគាល់ផងដែរថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ បានចូល​រួម​ចំណែកអភិវឌ្ឍន៍តំបន់ត្រីកោណ ធ្វើឱ្យតំបន់នេះ លែងជាតំបន់ដាច់ស្រយាលទៀតហើយតែ​ជា​​​តំបន់​​ពោរពេញទៅដោយសក្តានុពល សេដ្ឋកិច្ច និងមានភាពទាក់ទាញ សម្រាប់ការរស់នៅ និង​ការវិនិយោគ៕   




មេដឹ​កនាំប្រ​ទេស CLV ទាំងបី​នឹង​ចូលរួម​ប្រជុំ​កំពូល CLV លើក​ទី៩ នៅរសៀល​នេះ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ ព្រមទាំងនាយករដ្ឋមន្រ្តីវៀតណាម នឹងអញ្ជើញចូលរួមប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ (9th Cambodia-Laos-Vietnam Summit on Development Triangle Area-CLV) និងកិច្ចប្រជុំពាក់ព័ន្ឋ នៅរសៀលនេះ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី៩ បានចាប់ផ្តើមតាំងពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលកិច្ចប្រជុំនោះ មានការចូលរួមពីឧត្តមមន្ត្រី និងគណៈប្រតិភូកម្ពុជា ឡាវ និងវៀតណាម ៕




សម្តេចតេជោ ហ៊ុនសែន ទទួលជួបទេ្វភាគីជាមួយលោក ថុងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ មុនចូលរួមប្រជុំកំពូលលើកទី៩ កម្ពុជា ឡាវ និងវៀតណាម

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានទទួលជួបទេ្វភាគីជាមួយលោក ថុងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនៅឯសណ្ឋាគារអប្សរាផាឡេស ក្រុងសៀមរាប។ ជំនួបនេះ ធ្វើឡើងក្នុងអំឡុងពេលនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម និងដឹកនាំជុំកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។
កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី ៩  ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណនឹង ពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈមចំពោះមុខ ក្នុងការអនុវត្តឯកសារសំខាន់ៗរួមមាន៖ទី១- ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)។ ទី២- លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម កម្ពុជា ឡាវ និងវៀតណាម លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ និងទី៣- ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៨ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ  នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ ២០១៤ មក។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី  នឹងចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសិទ្ធកាសែតរួមរបស់កិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងរំពឹងថា គម្រោង និងកិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានអនុម័តយល់ព្រម និងចុះហត្ថលេខា៕




សាលាក្តី​ខ្មែរ​ក្រហម បាន​ប្រកាសសាល​ដីកា​ស្ថាពរ​ដោយស​ម្រេចផ្តន្ទា​ទោសជនជា​ប់ចោទ ​នួន ជា និង ខៀវ សំផន ឱ្យជាប់ពន្ធនា​គារមួយ​ជីវិត ហើយ​បិទផ្លូវ​តវ៉ា  

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាក្តីខ្មែរក្រហម បានប្រកាសសាលដីកាស្ថាពរដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទតវ៉ា មិនឱ្យមានការប្តឹងសារទុក្ខ។
សូមជម្រាបផងដែរថា កាលពីសីហា ឆ្នាំ២០១៤ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបាន សាលាក្តីខ្មែរក្រហមកាត់ទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តឡើងកាលពីអំឡុងខែមេសា ឆ្នាំ១៩៧៥ ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងការផ្លាស់ទីដោយបង្ខំ រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការក្នុងសម័យ លន់ ណុល នៅទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែដោយមិនអស់ចិត្ត ជនជាប់ចោទ នួន ជា និង លោក ខៀវ សំផន បានប្តឹងសាទុក្ខ ដើម្បីប្រឆាំងនឹងសាលក្រមនោះ ជាបន្តបន្ទាប់រហូតដល់ ពេលនេះ៕

សម័យប្រជុំ​រដ្ឋសភា​បានអនុម័ត​យល់ព្រម​លើកិច្ច​ព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល​អាកាសធាតុ និងអនុម័តសេចក្ដីព្រាងច្បាប់​ថវិកាជាតិឆ្នាំ២០១៧

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ ពេញអង្គលើកទី៧ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភាពេលផ្ដើមកិច្ចប្រជុំចំនួន១០០រូប។

ក្នុងកិច្ចប្រជុំនាពេលនេះ រដ្ឋសភាបានលើកយករបៀបវារៈចំនួន៣ មកធ្វើការពិភាក្សានិងអនុម័តរួមមាន៖

១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ

២-សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧ និង

៣-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។

បន្ទាប់ពីបានអនុម័តលើរបៀបវារៈរួចមក សម័យប្រជុំរដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស  ស្តីពីការប្រែប្រួលអាកាសធាតុ។ សេចក្ដីព្រាងច្បាប់នេះមាន២មាត្រា ។ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃ ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់។ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្ដីព្រាងច្បាប់។

នៅក្នុងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស  ស្តីពីការប្រែប្រួលអាកាសធាតុមាន២៩មាត្រា ហើយមាត្រា សំខាន់ៗនៃកិច្ចព្រមព្រៀងនេះ គឺសមស្របទៅនឹង គោលជំហររបស់កម្ពុជាដែរ។ ការផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបាន អត្ថប្រយោជន៍ជាច្រើនក្នុងនោះមានដូចជា៖

-សហគមន៍អន្តរជាតិ ទទួលស្គាល់ឆន្ទៈនយោបាយ ការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការចូលរួម ដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុ

-ជំរុញឲ្យប្រទេសមានឧស្សាហកម្មជឿនលឿននាំមុខក្នុងការអនុវត្តកាតព្វកិច្ចតាមផ្លូវច្បាប់ និងមានការទទួលខុសត្រូវចំពោះការប្ដេជ្ញារបស់ខ្លួន

-កម្ពុជាអាចនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែម ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ជាពិសេសគឺការអនុវត្តសកម្មភាពលើកកម្ពស់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ការការពារព្រៃឈើ ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលធន់នឹងអាកាសធាតុជាដើម។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនេះ រដ្ឋសភាបានអនុម័តយល់ព្រមលើ ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ទាំងមូល ដោយទទួលបានចំនួន១០៦សំឡេង។

បន្ទាប់មកអង្គសភាបានបន្តធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ។ សេចក្ដីព្រាងច្បាប់នេះមាន ៦ជំពូក ចែកចេញជា១៥មាត្រា។ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាអ្នក រាយការណ៍ជូនអង្គសភាពីលទ្ធផល នៃការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់។

នៅក្នុងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាលបានលើកឡើងថា ក្របខ័ណ្ឌថវិកាឆ្នាំ២០១៧ គឺត្រូវបានរៀបចំឡើងតាមគោលនយោបាយវិត្ថារកម្មថវិកា ដោយប្រយ័ត្នប្រយែង ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើមនុស្ស តាមរយៈការផ្តល់ការឆ្លើយតបជាសារវ័ន្តទៅនឹងតម្រូវការចាំបាច់នានា ការបន្តធានាចលនការនៃការកែទម្រង់ ព្រមទាំងតម្រង់និងតម្រឹមគោលដៅ នៃការកែទម្រង់ស្របទៅតាមបំណងប្រាថ្នា និងការរំពឹងទុករបស់ ប្រជាពលរដ្ឋ ក៏ដូចជាការត្រៀមខ្លួនក្នុងការទប់ទល់នឹងវិបត្តិ ព្រមទាំងផ្តល់ការឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ទាំងក្នុងក្របខ័ណ្ឌ ផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ ក្របខ័ណ្ឌថវិកានេះ ក៏បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេរបស់ រាជរដ្ឋាភិបាលក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្លាប់សង្គម ការបន្តលើកស្ទួយកិត្យានុភាពកម្ពុជា ការការពារ បានដោយឥតរវាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការបន្តពង្រឹងលទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ ការបន្តរក្សាឲ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច និងធានាបាននូវភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ជាពិសេស ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ក្របខ័ណ្ឌថវិកាខាងលើនេះ ក៏មានគោលដៅធានារក្សានូវវឌ្ឍនភាព ឯករាជភាព និងភាពជាម្ចាស់របស់កម្ពុជា ក្នុងការគ្រប់គ្រងជោគវាសនារបស់ខ្លួនដោយខ្លួនឯង នៅក្នុងរយៈពេលវែងផងដែរ។

សេចក្ដីថ្លែងហេតុបន្តថា ថវិកាឆ្នាំ២០១៧ គឺពិតជាដើរតួនាទីជាឧបករណ៍ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ អាទិភាពចំណាយថវិកាឆ្នាំ២០១៧ គឺជាការឆ្លើយតបទៅនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង ស្ថាប័ននានាក្នុងការ សម្រេចបាននូវគោលបំណង គោលនយោបាយរបស់ខ្លួន ក៏ដូចជាគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ ប្រសិទ្ធភាព ទាំងក្នុងកម្រិតវិភាជន៍ ទាំងក្នុងកម្រិតប្រតិបត្តិការ និងបច្ចេកទេស។ ទន្ទឹមនឹងនេះថវិកាឆ្នាំ២០១៧ ក៏បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ ប្រកបដោយមហិច្ឆតា តាមរយៈការអនុវត្តវិធានការយ៉ាង ម៉ឺងម៉ាត់និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រ កៀងគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ។

សរុបមក ថវិកាឆ្នាំ២០១៧ អាចប្រសិទ្ធនាមបានថាជា “ថវិកានៃការពូតផ្តុំកម្លាំង និងធនធាន និងសម្រួចវិធានការគោលនយោបាយ ដើម្បីសម្រេចឲ្យ ខានតែបាននូវសមិទ្ធផលសំខាន់ៗ ដែលត្រូវបានកំណត់នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងសភាពស្មុគស្មាញនៃបរិការណ៍តំបន់ និងពិភពលោក ដើម្បីទ្រទ្រង់នូវដំណើរផ្លាស់ប្តូរមួយ ប្រកបដោយភាពប្រាកដនិយម ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយគុណភាព និងចីរភាព” ។

រដ្ឋសភាបានអនុម័តយល់ព្រម លើខ្លឹមសារទាំងមូល នៃសេចក្ដីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដោយទទួលបានចំនួន ៦៦សំឡេង។

សូមបញ្ជាក់ថា បន្ទាប់ពីអង្គសភាបានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ចប់សព្វគ្រប់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  បានប្រកាសផ្អាកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ត្រឹមរបៀបវារៈទី២នេះសិន។ ដោយឡែកនៅសល់ របៀបវារៈទី៣មួយទៀត នឹងត្រូវបន្តការពិភាក្សានិងអនុម័ត នៅក្រោយពេលបញ្ចប់មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ដែលសភាកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៦នេះ នាទឹកដីអង្គរ ខេត្តសៀមរាប។ ចំពោះកាលបរិច្ឆេទជាក់លាក់ សម្រាប់សម័យប្រជុំរដ្ឋសភា បន្តទៀត នឹងមានជូនដំណឹងនៅពេលក្រោយ៕
អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន