Saturday, July 13, 2024

ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ




(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល, ឯកឧត្តម ថោង ខុន, ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម នាង ផាត និងលោកអ្នកឧកញ៉ា ទ្រី ភាព ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក យុវជន និងសកម្មជនគណបក្សជាច្រើនរូប។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ជូនចំពោះសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងខេត្តកំពង់ធំ ក៏ដូចជាការវាយតម្លៃខ្ពស់របស់សម្តេចតេជោ និង សម្តេចធិបតី ជូនចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំយកអស់កំលាងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ជាពិសេសការសម្រេចបានជោគជ័យដ៏ធំធេងលើសពីការរំពឹងទុក នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍លើកឡើងថា ការផ្លាស់ប្តូរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នាពេលនេះ គឺជារឿងធម្មតា និងគ្មានអ្វីចម្លែកទេ។ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ងួន រតនៈ អតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងបានយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការដឹកនាំការងារគណបក្ស ដោយសម្រេចបាននូវស្នាដៃការងារជាច្រើនជូនប្រជាជន និងគណបក្ស។ ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានអបរអរសារទរចំពោះឯកឧត្តម នួន ផារ័ត្ន ដែលទើបទទួលបានការតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ថ្មី ហើយឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម នួន ផារ័ត្ន ដែលជាជួរយុវជនឆ្នើម និងមានសមត្ថភាពខ្ពស់មួយរូប ពិតជានឹងអាចផ្តល់នូវជវភាពថ្មីន្ថែមទៀតដល់ការងារពង្រឹងគណបក្សនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាការងារអភិវឌ្ឍខេត្ត ការលើកកម្ពស់ជីវភាពប្រជាជន និងការដោះស្រាយបញ្ហាសង្គមនានា ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារគណបក្សមកពីថ្នាក់កណ្តាល និងមន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា សំដៅធ្វើឱ្យយន្តការទាំងពីរនេះ ក្លាយទៅជាតួអង្គតែមួយ និងជាកម្លាំងសរុប ដែលមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយរួមគ្នាធ្វើការក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ សំដៅសម្រេចចក្ខុវិស័យក្នុងការកែប្រែកំពង់ធំ ដែលខេត្តមានលក្ខណៈភូមិសាស្រ្តយុទ្ធសាស្រ្ត, មានផ្ទៃដីធំលំដាប់ទី២ និងមានចំនួនប្រជាជនច្រើនលំដាប់ទី១១ ឱ្យក្លាយទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលវែង និងអាចជះឥទ្ធិពលដល់បណ្តាខេត្តជុំវិញក្នុងការជួយធ្វើឱ្យគណបក្សទទួលបានជោគជ័យជារៀងរហូត។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា យើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំប្រឹងប្រែងត្រៀមរៀបចំនិងដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពពីចម្ងាយ ឱ្យបានល្អ និងឱ្យត្រូវ តាមស្ថានភាពជាក់ស្តែង ជាពិសេសការត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៨ ខាងមុខ។

ឯកឧត្តម វង្សី វិស្សុត បានបន្តមានប្រសាសន៍ថា ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យខាងលើនេះ យើងចាំបាច់ត្រូវផ្តោតលើការដ្ឋានចំនួន ៣ គឺ៖ ទី១.ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ, ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ព្រមទាំងការដោះស្រាយបញ្ហាសង្គម និងសមធម៌សង្គម ទី២.ការពង្រីក និងពង្រឹងកម្លាំងគណបក្សគ្រប់លំដាប់ថ្នាក់ និង ទី៣.ការទប់ស្កាត់និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា និងការបង្កើនភាពកក់ក្កៅ និងស្វាគមន៍បងប្អូនដែលជាអតីតសមាជិកគណបក្សដដៃ ឬចាញ់បោកការឃោសនាអូសទាញរបស់គណបក្សនិងអ្នកនយោបាយបោកប្រាស់មួយចំនួន ហើយមានបំណងមករួមរស់ជាមួយនឹងគណបក្សយើង។ ឯកឧត្តមបានបន្តថា ដើម្បីធានាឱ្យការអនុវត្តការងារតាមការដ្ឋានទាំង ៣ ខាងលើ ឱ្យទទួលបានជោគជ័យ យើងចាំបាច់ត្រូវអនុវត្តតាមអភិក្រម ៣ យ៉ាង គឺ៖ ១. បញ្ជ្រាបទឹក សំដៅបញ្ជ្រាបទស្សនៈ, របៀបរបបការងារ, សកម្មភាពជាក់ស្តែង និងធនធាន ទាំងធនធានមនុស្ស និងធនធានថវិកា ២.បន្សើមដី សំដៅបង្កើនភាពកក់ក្តៅ និងភាពជឿជាក់មកលើការដឹកនាំ និងកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់ទាក់ទាញការគាំទ្រ និង ៣.បណ្តុះដើមឈើ សំដៅបណ្តុះ ពង្រឹង និងពង្រីកកម្លាំងយុវជនសម្រាប់បន្តវេន ដែលជាយុទ្ធសាស្រ្តយូរអង្វែងរបស់គណបក្ស។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានបន្តថា កន្លងមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពប្រជាជនក្នុងខេត្តកំពង់ធំ, ក្រុមការងារគណបក្សបានបង្កើតក្រុមការងារតាមវិស័យមួយចំនួន ដូចជាក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច, ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន និងក្រុមការងារអន្តរាគមន៍ពិសេសសម្រាប់ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។ បច្ចុប្បន្នក្រុមការងារតាមវិស័យខាងលើនេះ កំពុងអនុវត្តតាមមុខងារភារកិច្ចរបស់ខ្លួន ពិសេសការរៀបចំផែនការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរបស់ខេត្តកំពង់ធំទាំងមូល ដោយផ្តល់អាទិភាពលើ ផ្លូវ ស្ពាន ប្រឡាយទឹក ទំនប់ទឹក អគ្គិសនី និងទឹកស្អាត, ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ ការអភិវឌ្ឍទីក្រុង និងការរៀបចំជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧ្សាហកម្ម ពិសេសដំណាំស្វាយចន្ទី ដែលនឹងមានសក្កានុពលខ្ពស់នាពេលខាងមុខ ដោយគិតគូរទៅដល់កត្តានៃការប្រែប្រួលអាកាសធាតុ និងទីផ្សារ។ ដោយឡែក ក្នុងការចូលរួមដោះស្រាយបញ្ហាទំនាស់សង្គមវិញ ក្រុមការងារក៏បានរៀបចំក្រុមមេធាវីតាមក្រុងស្រុកទាំង៩ ដើម្បីជួយការពារក្តី និងផ្តល់ការប្រឹក្សាផ្នែកច្បាប់ជូនដល់ប្រជាជន ព្រោះខេត្តកំពង់ធំក៏មាននៅបញ្ហាទំនាស់ដីធ្លី និងទំនាស់សង្គមមួយចំនួនផងដែរ។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធការពង្រឹងអង្គការចាត់តាំងរបស់គណបក្ស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់គណបក្ស ជាពិសេសអំពីតម្រូវការសាងសង់ទីស្នាក់ការគណបក្សខេត្តថ្មី ដើម្បីជំនួសទីស្នាក់ការគណបក្សចាស់ ដែលបច្ចុប្បន្នមានសភាពតូចចង្អៀត និងមិនអាចឆ្លើយតបបានទៅនឹងការងារគណបក្ស និងកសាងទីស្នាក់ការគណបក្សឃុំសង្កាត់ទាំង ដែលពុំទាន់មានទីស្នាក់ការនៅឡើយ រួមទាំងការស្វែងទីតាំងដីសម្រាប់សាងសង់ផងដែរ។ ឯកឧត្តមក៏បានផ្តល់ការណែនាំឱ្យបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារកសាងសមាជិកគណបក្សបន្ថែម ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស និងការត្រៀមកម្លាំងយុវជនសម្រាប់ការបន្តវេនកម្លាំងយុវជនសម្រាប់បន្តវេន និងការសម្របសម្រួលការងារក្រុមយុវជន។ ឯកឧត្តម វង្សី វិស្សុត ក៏បានបន្តក្រើនរំលឹកដល់មន្រ្តីគណបក្សឱ្យខិតខំផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយគុណភាព និងប្រសិទ្ធភាព និងត្រូវបន្តទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពិសេសតំបន់ទន្លេសាប ព្រមទាំងត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាពិសេសល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់និងការជួញដូរគ្រឿងញៀនខុសច្បាប់ និងសកម្មភាពក្មេងទំនើង។















សម្តេច​តេជោ ហ៊ុន សែន បានទទួលជួបសវនាការជាមួយនឹង​ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋ​វៀតណាម​





នៅថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែ​​កក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយនឹង ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមតណាម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម មកកាន់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ និងបានអបអរសាទរជាថ្មីចំពោះការតែងតាំង ឯកឧត្តម ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម។ សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធិរវាងប្រទេសកម្ពុជានិងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប សម្តេច សាជាថ្មី ដែលកាលពីខែមករាកន្លងទៅនេះ ឯកឧត្តម ទើបតែបានអញ្ជើញបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងនគរបាល។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តម ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អគ្គលេខាធិការបក្ស​ នាយករដ្ឋមន្ត្រី ប្រធានសភាវៀតណាម និង បានជូនពរសម្តេច ចំពោះថ្ងៃខួបកំណើតនាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះប្រតិភូវៀតណាមទាំងមូល។ ឯកឧត្តម បានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់នៃការបោះឆ្នោតនាពេលចុងក្រោយនេះ និង អបអរសាទរសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋព្រឹទ្ធសភា។

ឯកឧត្តម បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿននិងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្តេចតេជោ និងនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន​ ម៉ាណែត ជាប្រមុខ។ ឯកឧត្តមប្រធានរដ្ឋ ​មានជំនឿជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា​ ហើយប្រទេសវៀតណាម ប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និង កិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគីនិងកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេស ការជម្រុញ​ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត។ ឯកឧត្តម ក៏បានគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសង្ឃឹមថា សម្តេចតេជោ នឹងអាចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងវេលាសមស្របណាមួយនាពេលអនាគត។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះសារសួរសុខទុក្ខរបស់ ឯកឧត្តម អគ្គលេខាធិការបក្ស​ នាយករដ្ឋមន្ត្រី ប្រធានសភា វៀតណាម និង សារពរជូនថ្ងៃកំណើតរបស់សម្តេច។ សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តមប្រធានរដ្ឋ ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និង បានលើកឡើងថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​បក្ស​កុម្មុយនីស្តវៀតណាម ​ ប្រទេសវៀតណាម​នឹងសម្រេចគោលដៅ​ឧស្សាហូបនីយកម្ម និង​ទំនើប​​កម្មនៅឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។  វៀតណាមនឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និង អភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ដូចកម្ពុជា និងឡាវ។ សម្តេចតេជោ បានបន្ថែមថា សភាពការណ៍ពិភពលោកមានការប្រែប្រួលនិងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត។

សម្តេចបានបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាម ក្នុងការផ្តួលរំលំរបបប៉ុលពត ដែល ខែមុននេះ យើងបានប្រារព្ធខួបលើទី៤៧ នៃការធ្វើដំណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយ ថ្នាក់ដឹកនាំវៀតណាម បានរំលឹកពីជំនួយរបស់កម្ពុជាក្នុងការជួយបង្រួបបង្រួមជាតិវៀតណាមផងដែរ។

មុននឹងបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពទទួលយកការអញ្ជើញរបស់ ឯកឧត្តម ប្រធានរដ្ឋ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខ និងបានជូនពរ ឯកឧត្តម និងគណៈប្រតិភូ សូមឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ៕





កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ




នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារជាមួយឯកឧត្តម និងគណៈប្រតិភូ ព្រមទាំងបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និង​ឯកឧត្តម​ ង្វៀង​ ហ៊្វូចុង​ អគ្គលេខាធិការ​ នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម​ ជូនចំពោះសម្តេចធិបតីផងដែរ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថាប្រទេសកម្ពុជានឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឈានដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បានបញ្ជាក់ជូនសម្តេចធិបតី ថាវៀតណាម និងកម្ពុជានឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងវប្បធម៌ប្រហាក់ប្រហែលគ្នា ព្រមទាំងប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ 


ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្ដម តូ ឡឹម ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូ ព្រមទាំងបានបញ្ជាក់ថា ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងកំឡុងពេល ៥៧ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានបន្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ ដែលរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការទូតនិងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាកម្រិតជាន់ខ្ពស់បន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងថាមពល តាមរយៈការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យអស់សក្តានុពល និងខិតខំជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន (៣) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងកិច្ចសហការ និងការចែករំលែកព័ត៌មានគ្នា ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ (៤) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ ដោយផ្តោតលើការបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមជានិស្សិត និងមន្ត្រីរាជការ ការជំរុញវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរផ្ទាល់ ក៏ដូចជាការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និង ហូជីមិញ-ម៉ុកបៃ) 

និង (៥) កិច្ចការព្រំដែន ដោយភាគីទាំងពីរនៅតែចាត់ទុកការបោះបង្គោលព្រំដែនគោក ជាកិច្ចការអាទិភាព និងបន្តពិភាក្សាដើម្បីឈានទៅសម្រេចបាននូវការបោះបង្គោលព្រំដែនគោក។ 


ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានជូនពរដល់ឯកឧត្ដមប្រធានរដ្ឋ និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព៕