Tuesday, November 01, 2022

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ថ្លៃងក្នុងពិធីចែកសញ្ញាបត្រនិស្សិត​នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

 CNV:

(១) សិស្សប្រមាណជា ៤ លាននាក់រៀនតាមអនឡាន/ឌីជីថល, ០១ វិច្ឆិកា ២០២១ ខួប ១ ឆ្នាំ នៃការបើក​ប្រទេសឡើងវិញ, កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ធ្លាក់ដល់ -៣,១%, ២០២១ ឡើងមក ៣% និងនៅឆ្នាំ ២០២២ នឹងកើនដល់ ៥,៥%, វិធានការណ៍សុខាភិបាល ៣កុំពិបាកនឹងអនុវត្ត

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសាជាថ្មីចែកសញ្ញាបត្រចំពោះនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រហូត(ទៅ)ដល់ ៦ ៣០៧ នាក់ ដែលអាចចាត់ទុកថា ជាចំនួនមួយដ៏ច្រើន … ប្រហែលជាបន្តិចទៀតក្លាយទៅជាបុរសដែលមានឆ្អឹងដែកស្បែកស្ពាន់ពិតប្រា​កដហើយ ដោយសារតែសកម្មភាព(មួយរយៈ)នេះវាជាប់រហូតពេក។ ប៉ុន្មានថ្ងៃនេះ គឺជុំវិញបឹងទន្លេសាប (និង)ហួសដល់ព្រៃវែង ដើម្បីជួយដល់ប្រជាជន(ជួបបញ្ហាជំនន់ទឹកភ្លៀង)។ ម៉្យាងទៀតក៏សូមជម្រាបជូនដែរ ម៉េចបានលោក ហ៊ុន សែន មកចែកសញ្ញាបត្រចោលក្រវ៉ាត់កអស់? រឿងដែលមិនពាក់ក្រវ៉ាតក សូមយោគយល់ ទី(១) អត់ចេះចងក្រវ៉ាត់កទេ។ ប្រហែលមួយជីវិតនេះអត់ចេះចងក្រវ៉ាត់ករហូត។ ចងវាអត់កើត។ ឯទី(២) ​គេចងឱ្យទៅហើយ តែមេដាយមិនដឹងយ៉ាងម៉េចដោះឡេវក(អាវ)វាមិនចេញ ជួនកាលដោះបាន(តែ)ក្រវ៉ាត់កអញ្ចឹងទៅ សូម្បីតែប្រជុំគណៈរដ្ឋមន្ត្រីមិនបាច់ពាក់ក្រវ៉ាត់ករ(ទេ)។ នេះមិនមែនជាហេតុផលដែលបញ្ចៀសទេ ប៉ុន្តែឱ្យវាធូរករបន្តិចដើម្បីនឹងនិយាយ។

ថ្ងៃនេះ យើងជួបជុំគ្នាឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈ (ដោយ)យើងជួបប្រទះគ្រោះទាក់ទិនជាមួយនឹងជំងឺឆ្លងកូវីដ-១៩។ យើងផ្អាកការជួបជុំសម្រាប់ការចែកសញ្ញាបត្រឆ្នាំ ២០២០-២១ ប៉ុន្តែឆ្នាំ ២០២២ នេះយើងបានចាប់ផ្ដើមចែកសញ្ញាបត្រឡើងវិញ។ ខ្ញុំព្រះករុណាខ្ញុំ សូមយក​ឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹក​នាំនៃសកលវិទ្យាល័យ (ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច) ដែលបានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាទាំងឡាយ ដែលបានជួបប្រទះក្នុងរយៈពេលកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីកកាយ ដោយ​សារ​តែគ្រប់សាកលវិទ្យាល័យទាំងអស់ ឬអាចនិយាយបានគ្រឹះស្ថានអប់រំទាំងអស់ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវមួយយាយីនៅក្នុងប្រទេសរបស់យើង។ ប្រទេសនានានៅក្នុងតំបន់/ពិភពលោក សុទ្ធតែរងគ្រោះដូចគ្នា។ យើងពិតជាមានការសោកស្ដាយ ចំពោះអ្វីដែលបានបាត់បង់រួចមកហើយ គឺជីវិតមនុស្សជាង ៣ ពាន់នាក់ បូកជាមួយនឹងថវិកាជាច្រើន ដែលយើងត្រូវធ្វើអន្តរាគមន៍ដើម្បីការពារជីវិតមនុស្សនៅក្នុងប្រទេសរបស់យើង។

ពិតមែនតែយើងជួបប្រទះការលំបាក ក៏ប៉ុន្តែ យើងបានរួមគ្នាជំនះនូវការលំបាកនោះ ហើយទាក់ទិននឹងវិស័យអប់រំនេះទៀតសោត យើងបានឃើញថា ឱកាសថ្មីបានមកដល់នោះ នៅត្រង់ថា ពេលដែលជំងឺកូវីដ-១៩ រាត​ត្បាត យើងបានបិទសាលារៀន។ ប៉ុន្តែយើងជំនួសមកវិញដោយការរៀនតាមអនឡាញ។ នេះអាចចាត់ទុកថាជាដំណើរលោតផ្លោះមួយនៃបញ្ហាឌីជីថល។ វិបត្តិតែងបង្កប់នូវ​ឱកាស។ នោះហើយដែលយើងមើលឃើញថា សិស្សប្រមាណជា ៤ លាននាក់ ដែលត្រូវឆ្លងកាត់រៀនតាមអនឡាន និយាយរួមយើងហៅថា ឌីជីថល។ ឌីជីថល នេះវាក៏រីកចម្រើនៅក្នុងដំណាក់កាលនៃវិបត្តិនេះ​ឯង។ វាជាភ័ព្វសំណាងមួយរបស់ពិភពលោក ដែលកូវីដ-១៩ បានកើតក្រោយអនឡាន។ បើសិនជាពិភពលោកមិនទាន់រកឃើញទំនាក់ទំនងតាមប្រព័ន្ធអនឡាញនេះទេ ប្រហែលជាក្នុងរយៈពេលនៃការបិទខ្ទប់ ​តាមប្រទេសនីមួយៗយើងមិនអាចជួបប្រជុំគ្នាបាននោះទេ

តួយ៉ាងដូចជាកាលពីឆ្នាំ ២០២១ កម្ពុជាគឺជាប្រទេសម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អឺរ៉ុប។ ពេលនោះ ប្រមុខរដ្ឋ/រដ្ឋាភិបាលរហូតជាង ៥០ (ប្រទេស) ត្រូវមកកាន់កម្ពុជា។ ក៏ប៉ុន្តែទាំងកម្ពុជា (ទាំង)ប្រទេសនៅអាស៊ី និងប្រទេសនៅអឺរ៉ុប សុទ្ធតែរងបញ្ហាដូចគ្នា។ ដូច្នេះ យើងសម្រេចថាត្រូវប្រជុំក្នុងភាពជាប្រធានរបស់កម្ពុជាតាមរយៈអនឡានតែម្ដង។ ឆ្នាំនេះដោយសារការខិតខំរបស់យើងៗបានបើកប្រទេសឡើងវិញតាំងពីថ្ងៃទី​ ០១ វិច្ចកា (២០២១)។ ថ្ងៃនេះ គឺជាខួប ១ ឆ្នាំ នៃការចាប់បើក​ប្រទេសឡើងវិញ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើង នៅ)ឆ្នាំ ២០២១ មានកំណើន ៣ ភាគរយ បន្ទាប់ពីការធ្លាក់ចុះ -៣,១  ភាគរយ នៅឆ្នាំ ២០២០ ហើយក៏ធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះកើនរហូតដល់ ៥,៥ ភាគរយ និងបានដាក់ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច យើងបានព្យាករណ៍ថា កំណើនរបស់យើងនឹងអាចឡើងដល់​ ៦,៦ ភាគរយ។ នេះក៏បានមកពីការខិតខំរបស់យើងទាំងអស់គ្នា ដែលយើងបានបើកប្រទេសឡើងវិញ ដែលក្នុងនោះក៏បើកឱ្យដំណើរការនូវសាលារៀនទាំងអស់ បន្ទាប់ពីការរៀនអញ ដែលយើងយកវិធានការនោះក្នុងគោលដៅរក្សាជីវិតសិស្ស/និស្សិត និងសាស្ត្រាចារ្យ និងលោក/អ្នកគ្រូរបស់យើងតែប៉ុណ្ណោះ។

អ្វីដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅឆ្នាំ ២០២០-១១ គ្មានអ្វីក្រៅតែពីខិតខំ ដើម្បីនឹងការពារជីវិតប្រជាជន(នោះទេ) ពេលនោះប្រសិនបើយើងការពារមិនបាន ធ្វើឱ្យមានចំនួនមនុស្សស្លាប់ច្រើន  សួរថាក្នុងចំណោម ៦ ៣០៧ នាក់(នេះ) មានប៉ុន្មានទៅដែលអាចបាត់បង់ជីវិតនៅពេលនោះ? ប៉ុន្តែ ដោយសារការចូលរួមរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋរបស់យើង ក្នុងហ្នឹងមានទាំងសាស្ត្រាចារ្យ/និស្សិតនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងនោះ យើងជម្នះបាននូវការលំបាកនេះ​។ ថ្ងៃនេះ មិនមែនជាលើកចុង ដែលខ្ញុំត្រូវចែកសញ្ញាបត្រនោះទេ កម្មវិធីត្រូវបានដាក់ចេញមួយចំនួនរួចស្រេចទៅហើយ សម្រាប់ការ(ចែកសញ្ញាបត្រ)បន្តបន្ទាប់ទៅទៀតនៃសាកលវិទ្យាល័យនានា … ប៉ុន្តែ បើយោងតាមប្រតិទិនការងារ គឺជាពេលវេលានៃការធ្វើសកម្មភាពទាក់ទិននឹងកិច្ចការបរទេស។ ភ្ញៀវក៏មកកម្ពុជា ហើយខ្លួនខ្ញុំក៏ត្រូវធ្វើដំណើរចេញទៅក្រៅប្រទេស ក្នុងការចូលរួមប្រជុំប្រទេស G20 និងកិច្ចប្រជុំអង្គការ APEC ផងដែរ។

ថ្ងៃនេះ យ៉ាងណាក៏ដោយ យើងជួបជុំគ្នាក្នុងទ្រង់ទ្រាយធំមួយ ដែលមានរហូតទៅដល់(ជាង) ៦ ពាន់នាក់ ដែលខ្ញុំព្រះករុណាខ្ញុំបាននិយាយថា វិធានការ “៣ការពារ ៣កុំ”។ “៣ការពារ” នៅអាចធ្វើបាន (ប៉ុន្តែ) “៣កុំ” ពិបាកណាស់។ ៣ការពារ គឺទី(១) ពាក់ម៉ាស។ ទី(២) លាងដៃ។​ ទី(៣) រក្សាគម្លាត។ ឥឡូវ យើងពាក់ម៉ាស រួចហើយយើងរក្សាគម្លាត។ យើងអាចធ្វើបាន។ ប៉ុន្តែ “៣កុំ” ទី(១) កុំទៅកន្លែងដែលមានមនុស្សច្រើន អញ្ចឹង យើងកំពុងតែជួបជុំកន្លែងនេះមនុស្សច្រើន។ ទី(២) កុំនៅកន្លែងបិទជិត យើងកំពុងតែបិទជិតហើយ ព្រោះបើមិនបិទទេ ម៉ាស៊ីនត្រជាក់វាអត់ត្រជាក់។ ទី(៣) រក្សាគម្លាត កុំប៉ះពាល់គ្នា ប៉ុន្តែ អ្នកខ្លះក៏នៅតែប៉ះ(ពាល់គ្នា)។ តែយ៉ាងណាក៏ដោយ ចំនួនឆ្លងនៅក្នុងប្រទេសរបស់យើង គឺចំនួនមិនច្រើនទេ។ ថ្ងៃនេះ​អាច​មានចំនួន ១ ករណី ឬ ២ ករណីប៉ុណ្ណោះ នៃការឆ្លង សម្រាប់ទូទាំងប្រទេស។ អ្នកជំងឺកូវីដ-១៩ ដែល​នៅ​ព្យាបាលនៅគ្រប់មន្ទីរពេទ្យ ឬទូទាំងប្រទេស មានត្រឹមតែ ៣ នាក់តែប៉ុណ្ណោះ ហើយ ៣ នាក់នេះ មិនមាន សភាពអីធ្ងន់ធ្ងរទេ ប៉ុន្តែប្រហែលជាផ្ទះរបស់គាត់ គឺពិបាក អញ្ចឹង (ជា)គាត់(មក)សម្រាកនៅក្នុងមន្ទីរពេទ្យ។

(២) សាកលវិទ្យាល័យរដ្ឋនៅតែមានការទាក់ទាញ, អ្នកចាស់/ជំនាន់មុននិងជំនាន់នេះ កសាងសំរាប់អ្នក​ ជំនាន់ក្រោយ, សាកលវិទ្យាល័យភូមិន្ទនីតីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលនិស្សិតបរទេសចូលរៀន​បានច្រើន, យុវជនកម្ពុជាមានឱកាសច្រើន មិនទទួលរងនូវផលលំបាកដោយសារសង្រ្គាមទៀតទេ, ការគ្មានសន្តិភាព គ្មានធនធានមនុស្ស គ្មានការអភិវឌ្ឍ

ខ្ញុំព្រះករុណាខ្ញុំ សាជាថ្មីម្តងទៀត ថ្លែងនូវការកោតសរសើរ ចំពោះសាកលវិទ្យាធិការ ក៏ដូចជាថ្នាក់ដឹកនាំ នៃសា​កលវិទ្យាល័យ (ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច) សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ ដែលបាន ចូល​រួម​ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កូវីដ-១៩។ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះ​សាកលវិទ្យាល័យដែលនៅតែដំណើរការដ៏ល្អរបស់ខ្លួន។ ខ្ញុំសង្កេតឃើញថា សាកលវិទ្យាល័យរដ្ឋទាំងបី នៅតែ​ទទួល​បាននូវប្រជាប្រិយភាពក្នុងការទទួលយកនិស្សិតសិក្សា។ ទី(១) សាកលវិទ្យាល័យ (ភូមិន្ទ)ភ្នំពេញ ទី(២) សាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងទី(៣) គឺសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនៅមានសាលារដ្ឋដទៃទៀត ដែលបាននឹងកំពុងទទួលបាននិស្សិតចូលសិក្សាក្នុងចំនួនច្រើន។ នេះគឺជា​ធន​ធាន​មនុស្សដែលនឹងបន្តវេនទៅថ្ងៃអនាគត ព្រោះអ្នកចាស់កសាងគឺមិនមែនដើម្បីអ្នកចាស់ទេអ្នកចាស់​កសាង គឺដើម្បីអ្នកថ្មី (ឬ)អ្នកជំនាន់ក្រោយ។ បុព្វការីរបស់យើងកសាង(ស្នាដៃ)ទាំងឡាយ ក៏ទុកឱ្យយើងជំនាន់នេះ ហើយពួកយើងជំនាន់នេះ ក៏កសាងសម្រាប់អ្នកជំនាន់ក្រោយ (ឬ)អ្នកបន្តវេន

ជាក់ស្តែង សាលានេះបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៨២។ ខ្ញុំព្រះករុណាខ្ញុំក៏មានឱកាសទៅឧទ្ទេសនាមច្រើនវគ្គ តាំងពីសាលានៅលិចទឹក/ប្រក់ស័ង្កសី … ទៅឧទ្ទេសនាមតែផ្នែកមន្ត្រីមធ្យម និងជាន់ខ្ពស់តែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ សាកលវិទ្យាល័យនេះ បានរីកធំធាត់យ៉ាងខ្លាំង ហើយទីកន្លែងដែលធ្លាប់តែជារខេករខាកនោះ ក៏ត្រូវបានជំនួសដោយអគារថ្មី។ ខ្ញុំនៅចាំថា យើងបានស្នើសុំដីវិទ្យាល័យបឹងត្របែកបានមួយផ្នែក ដើម្បីពង្រីក ទីធ្លានៃសាកលវិទ្យាល័យរបស់យើងនេះផងដែរ។ សូមអរគុណចំពោះវិទ្យាល័យសាលាបឹងត្របែក ដែលបាន ផ្តល់ដីសម្រាប់ការពង្រីកសាលារបស់យើងនេះ។ ខ្ញុំក៏នៅចាំ ទាក់ទិនជាមួយនឹងការទៅចែកសញ្ញាបត្រ ពេល​ខ្លះគឺភ្លៀង។ ពេលនោះយើងអត់ទាន់មានអគារអញ្ចឹងៗទេ សូម្បីតែនៅវិទ្យាស្ថានជាតិអប់រំ ក៏នៅដំបូលទូក។ ឥឡូវ យើងមានសាលប្រជុំ ដែលអាចដាក់(មនុស្ស)បានរាប់ពាន់នាក់។ គ្រាន់តែអគារនេះយើងដាក់(មនុស្ស)បានជាង ៦ ពាន់នាក់ ហើយអាចនឹងគេទម្លាយទៅខាងក្រោយ អាច(ដាក់មនុស្ស)បានច្រើនលើសពីហ្នឹង ទៀតផង។ កន្លែងនេះ ក៏សូមជម្រាបថា យើងនឹងយកធ្វើជាកន្លែងជប់លៀងកិច្ចប្រជុំអាស៊ាន-អាស៊ីបូព៌ា និង​ផ្នែកពាក់ព័ន្ធ គឺជប់លៀង(នៅកន្លែងនេះ)។ នៅតែ ១២ ថ្ងៃទៀតតែប៉ុណ្ណោះ ដែលមិត្តភក្តិរបស់យើងទាំង អស់នឹង(មក)ជួបជុំគ្នានៅទីនេះ ហើយយើងក្នុងឋានៈជាម្ចាស់ផ្ទះ (ត្រូវ)រៀបចំឱ្យបានល្អ សម្រាប់ការចូលរួម របស់មិត្តភក្តិរបស់យើង។

យើងពិតជាមានការរីករាយណាស់ ដែលឃើញគុណភាពនៃការបណ្តុះបណ្តាលយ៉ាងល្អ ហើយមាននិស្សិត​ចង់ចូលរួម។ នៅទីនេះ គឺយើងឃើញថាមាននិស្សិតបរទេសនៅក្នុងវគ្គនេះរហូតដល់ ៥១ នាក់ ក្នុងនោះ គឺ​មាន​មកពីឡាវ/កូរ៉េ/បារាំង/ចិន/អង់គ្លេស/អ៊ុយក្រែន/ទួរគី/អាមេរិក អញ្ចឹងទេ នេះជារឿងធម្មតានៃការផ្លាស់ប្តូរ​និស្សិត។ និស្សិតនៅប្រទេសយើងក៏ចង់ទៅរៀននៅប្រទេសនេះ/នោះ ទៅតាមការជ្រើសរើសរបស់គេ ហើយ​ទៅ​តាម​ការជ្រើសរើសនៃមុខវិជ្ជារបស់គេ។ និស្សិតបរទេសគេក៏ចង់មករៀននៅក្នុងប្រទេសយើង មិនមែនជា​ការ​តម្រូវ ឬក៏ជួនកាលខាងរដ្ឋាភិបាលប្រទេសរបស់គេផ្តល់ឱកាសមករៀននៅក្នុងប្រទេសរបស់យើង។ ប៉ុន្តែ ក្នុងចំណោមសាកលវិទ្យាល័យទាំងអស់គឺសាកលវិទ្យាល័យភូមិន្ទនីតីសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះ​ហើយដែលទទួលនិស្សិតបរទេសឱ្យចូលរៀនបានច្រើនជាងគេ។ ខ្ញុំគិតថា យើងត្រូវបន្តជាមួយនឹងការខិតខំ ដើម្បីពង្រឹងគុណភាពនូវគ្រឹះស្ថានឧត្តមសិក្សា ដែលដើរទន្ទឹមនឹងគ្រឹះ មូលដ្ឋាន នៃការពង្រឹងចំណេះទូទៅ ដែលនោះជាការឆ្លើយតប នៃគុណភាព សម្រាប់ការបណ្តុះបណ្តាលនិស្សិត នៅក្នុងប្រទេសរបស់យើង។

នៅទីនេះ ក្នុងចំណោម ៦ ៣០៧ នាក់ អ្នកដែលមានការងារធ្វើរហូតទៅដល់ ៦ ១២៧ នាក់ ស្មើនឹង ៩៧,១៥ ភាគរយ ក្នុងនោះ ថ្នាក់បរិញ្ញាបត្រ គឺស្មើនឹង ៩៦,៣០ ភាគរយ។ (ថ្នាក់)បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៩៩,៦០ ភាគរយ។ បែងចែកទៅតាមស្ថាប័នរដ្ឋ (ចំនួន) ២៩ ភាគរយ។ (បែងចែក)ទៅអង្គការមិនមែនរដ្ឋាភិបាលជាតិ (ចំនួន) ១ ភាគរយ។ (បែងចែក)ទៅអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ (ចំនួន) ០,៨០ ភាគរយ។ (បែងចែក)ទៅវិស័យឯកជន (ចំនួន) ៥៧,៧០ ភាគរយ។ (បែងចែកទៅ)អាជីវកម្មផ្ទាល់ខ្លួន (ចំនួន) ៨,៦៥ ភាគរយ។ អា​ជីវកម្មផ្ទាល់ខ្លួននេះមានរហូតទៅដល់ ៥៤៦ នាក់ នេះជាចំណុចដែលគប្បីយកចិត្តទុកដាក់។ ការធ្វើអាជីវកម្មផ្ទាល់ខ្លួននេះ បង្កើតនូវការងារសម្រាប់ខ្លួនឯង ក៏ប៉ុន្តែ ក៏ជួយទៅដល់ការផ្តល់ការងារធ្វើបន្ថែមទៀតឱ្យអ្នកដទៃ ដែលទាក់ទិនជាមួយនឹងការពង្រឹងរបស់យើងទៅក្នុងសហគ្រិនភាព និងការដោះស្រាយការងារធ្វើ សម្រាប់ការរីកលូតលាស់នៃប្រទេសរបស់យើង។ គួរតែត្រូវបានបញ្ជាក់ថា បើពុំមានសន្តិភាពទេ យើងក៏មិនអាចធ្វើអីបានដែរ។ ជាក់ស្តែង អត់មានអ្នកណារៀនក្រោមគ្រាប់បែក/ប្លោងបានទេ (គឺ)រត់ចោលសាលាអស់ហើយ ដូចជាឆ្នាំ ១៩៧០-៧៥ ពេលនោះ តើមានតំបន់ប៉ុន្មានទៅដែលនៅសល់សាលារៀន? ហើយសាលារៀននេះទៀតសោតក៏ស្ថិតក្នុងការគំរាមកំហែងនៃគ្រាប់បែក/ប្លោង។ ល្ងាចនេះម៉ោង ៤ ល្ងាច ត្រូវនឹងម៉ោង ១១ នៅទីក្រុង Kiev។ ខ្ញុំនឹងជួបពិភាក្សាតាមទូរស័ព្ទជា​មួយនឹងប្រធានាធិបតីអ៊ុយក្រែន ទាក់ទិននឹងទំនាក់ទំនងទ្វេភាគីផង ហើយទំ​នាក់ទំនងរវាងអ៊ុយក្រែន-អាស៊ានផង។ នៅទីនេះមាននិស្សិតអ៊ុយក្រែនម្នាក់នៅជាមួយយើងផងដែរ។

កាលពីមុន ជំនាន់អតីតសហភាពសូវៀត អ៊ុយក្រែនក៏បានជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ ក្នុងហ្នឹងរាប់ទាំងមន្រ្តីកងទ័ពជើងទឹករបស់យើងដែលរៀននៅ Crimea។ អញ្ចឹងទេ យើងមើលស្ថានភាពប្រទេសដែលកើតសង្រ្គាម សួរថាប្រទេសទាំងនោះអាចផ្តល់ឱកាសសម្រាប់ការសិក្សារបស់សិស្ស/និស្សិតបានឬអត់? ឆ្លើយខ្លីមកថា ទេ! បើសិនអ្នកឯងរៀន ក៏រៀនទាំងកញ្ឆក់កណ្តៀត។ យើងនៅចាំបានថា សាលារៀនក្រោយឆ្នាំ ១៩៧០ ដែលនៅសេសសល់តាមតំបន់រំដោះខ្លះ គឺសុទ្ធតែជាលេណដ្ឋាន។ នៅទីក្រុងសាលារៀន(យើង)បើក(ឱ្យសិស្សចូលរៀន) ក៏ប៉ុន្តែស្ថិតនៅក្នុងការគំរាមកំហែងនៃសង្រ្គាម។ ឆ្នាំ ១៩៧៩-១៩៩៣ តំបន់មួយចំនួនត្រូវរៀនដោយការគំរាមកំហែងនៃសង្រ្គាម លោក/អ្នកគ្រូត្រូវការពារកូនសិស្សឱ្យរួចផុតពីការស្លាប់ ឬរបួសនៅពេលដែលមានគ្រោះថ្នាក់កើតឡើង។ ឥឡូវនេះ យុវជនកម្ពុជាពិតជាមានសំណាង ដែលពួកគេមិនត្រូវបានទទួលរងនូវផលលំបាកដោយសារសង្រ្គាមទៀតទេពួកគេមានឱកាសច្រើន។

មាន(យុវជន)ចំនួនតិចណាស់ ដែលបានយកពេលវេលា ដែលមានតម្លៃរបស់ខ្លួនទៅប្រព្រឹត្តអំពើផ្តេសផ្តាស រហូតទៅដល់ប្រណាំងឡាន/ម៉តូ បបួលទៅកាប់គ្នា​។ វាមិនជាចំនួនច្រើនទេ បើប្រៀបធៀបទៅនឹងយុវជនរាប់លាននាក់ ដែលបាននឹងកំពុងធ្វើការសិក្សានោះ ក៏ប៉ុន្តែវាមិនគួរនឹងត្រូវមានទេសម្រាប់ការអភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ។ សម្រាប់យើង ការរីកលូតលាស់យើងនៅតែបន្តធ្វើ ដើម្បីការរីកចម្រើនរបស់ខ្លួនឯងផ្ទាល់ និងសម្រាប់ក្រុមគ្រួសារ ដែលជាការរួមចំណែកដ៏ធំមួយសម្រាប់ប្រទេសជាតិរបស់យើងក្នុងការអភិវឌ្ឍន៍។ កុំនិយាយដល់ការអភិវឌ្ឍន៍ បើគ្មានសន្តិភាព ហើយកុំនិយាយដល់ការអភិវឌ្ឍន៍ ប្រសិនបើគ្មានធនធានមនុស្ស ព្រោះការអភិវឌ្ឍន៍ណាក៏ដោយ(ក៏)ត្រូវការធនធានមនុស្ស(ដែរ) ទើបអាចអភិវឌ្ឍបាន។

(៣) ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ផ្តល់អាទិភាពចំណាយលើមនុស្ស ក្នុងហ្នឹងវិស័យអប់រំនិងសុខាភិបាល, មន្រ្តីតាមស្ថាប័ននានាមានថ្នាក់ឧត្តមសិក្សាស្ទើរតែទាំងអស់, ៧ មករា មិនមែនរបស់គណបក្សប្រជាជនតែឯងទេ តែជារបស់ប្រជាជន

ចំណុចនេះជាការដាស់តឿន សម្រាប់ការខិតខំប្រឹងប្រែងដើម្បីវិនិយោគឱ្យកាន់តែច្រើន សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ដែលច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ក៏បានដាក់ចេញរួចមកហើយ អំពីកំណើនទាក់ទងជាមួយនឹងចំណាយទៅលើបញ្ហាមនុស្សតែម្តង ក្នុងហ្នឹងក៏មានវិស័យអប់រំ និងសុខាភិបាល ដែលទទួលបានថវិកាក្នុងចំនួនច្រើន ដែលយើងត្រូវផ្តល់អាទិភាពទៅលើរឿងបែបនេះ។ ខ្ញុំសូមអរគុណ ចំពោះលោកបណ្ឌិត ចាន់ណា ដែលបានផ្តល់នូវអាហារូបករណ៍សម្រាប់ខ្ញុំ ដែលថ្ងៃនេះ(មាននិស្សិតអាហារូបករណ៍)មកចូលរួមនៅក្នុងការទទួលសញ្ញាបត្រ (ចំនួន) ១០៥ នាក់ ផងដែរ ដែលក្នុងហ្នឹងមាន ៦៩ នាក់ ជាស្រ្តី។ ខ្ញុំមិនយកទៅណាទេ ក្នុងមួយឆ្នាំៗសាកលវិទ្យាល័យនានាក៏បានផ្តល់ឱ្យខ្ញុំចំនួនរហូតទៅដល់ជាង ៣ ០០០ អាហារូបករណ៍ ហើយយើងតែងតែចែកជូនជាមួយនឹងនិស្សិតដែលក្រីក្រជួបការលំបាកដើម្បីទទួលបាននូវការបណ្តុះបណ្តាល។ ក្នុងចំនួនដែលយើងបានបណ្តុះបណ្តាលមកដល់ពេលនេះមានជាង ៦០ ០០០ នាក់ ហើយនិស្សិតដែលកំពុងនៅបន្តការសិក្សា គឺមានរហូតជាង ១៤ ០០០ នាក់ អាចចាត់ទុកថាជាចំនួនមួយដ៏ច្រើន។

ខ្ញុំពិនិត្យឃើញថា សាកលវិទ្យាល័យ(របស់រដ្ឋចំនួន)ពីរ ដែលមាននិស្សិតច្រើនទទួលបានការបណ្តុះបណ្តាល (មួយគឺ)សាកលវិទ្យាល័យជាតិគ្រប់គ្រង និង(មួយទៀតគឺ)សាកលវិទ្យាល័យ(វិទ្យាសាស្ត្រនីតិសាស្ត្រនិងសេដ្ឋកិច្ច)នេះ ដែលមាននិស្សិតច្រើនមកទទួលការបណ្តុះបណ្តាលតទៅទៀត។ ជាមួយនឹងការសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពនៃសាកលវិទ្យាល័យ អនុញ្ញាត្តិឱ្យខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះនិស្សិតទាំងអស់ដែលទទួលសញ្ញបត្រនៅថ្ងៃនេះគ្រប់កម្រិត ទាំងព្រះសង្ឃ/គ្រហស្ថ ដែលមកដល់ពេលនេះយើងអាចចាត់ទុកថា ក្មួយៗទាំងឡាយដែលទទួលបាននូវការបណ្តុះបណ្តាល។ ដូចដែលបានបញ្ជាក់អម្បាញ់មិញ ចំនួនការងារធ្វើត្រូវបានដោះស្រាយយ៉ាងច្រើនរហូតទៅដល់ជាង ៩៧ ភាគរយ នេះជាចំនួនដែលយើងចង់បាន។

កាលពីឆ្នាំ ១៩៧៩-១៩៨០ (ចំនួន) អ្នកដែលមានឧត្តមសិក្សានិងក្រោយឧត្តមសិក្សារាប់នឹងម្រាមដៃបាន។ ឥឡូវមិនអាចរាប់ម្រាមដៃបានទេ គ្រាន់តែសាកលវិទ្យាល័យពីរទេ បូកបញ្ចូលគ្នាទៅជាង ១ ម៉ឺននាក់ គឺសាកលវិទ្យាល័យនេះ ជាមួយនឹងសាកលវិទ្យាល័យជាតិគ្រប់គ្រង។ អញ្ចឹងទេ ថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់មានចំនួនច្រើន។ កន្លងទៅនេះមានថ្នាក់មេឃុំ-ចៅសង្កាត់ខ្លះ គឺថ្នាក់បរិញ្ញា(បត្រ)ទៅគេឈរ(ឈ្មោះ)។ បើសិនជាថ្ងៃក្រោយមេឃុំ-ចៅសង្កាត់របស់យើងមានអ្នកមានកម្រិតវប្បធម៌ថ្នាក់ឧត្ដមសិក្សាទៅឈរឈ្មោះ វាកាន់តែប្រសើរ សម្រាប់អ្នកដែលចេះដឹងទៅធ្វើការ។ មន្រ្តីរបស់យើងនៅតាមស្ថាប័ននានា គឺស្ទើរតែអស់ទៅហើយ អ្នកដែលគ្មានកម្រិតឧត្ដមសិក្សានោះ ដោយសារតែអ្នកទាំងនោះបានចូលនិវត្តន៍។ ឥឡូវ មន្រ្តីថ្នាក់ស្រុក គឺភាគច្រើនមានថ្នាក់ឧត្តម​សិក្សា។ ចំណុចនេះ បើយើងប្រៀបធៀបទៅដំណាក់កាលដែលហៅថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច​បង្រៀនអ្នកមិនចេះ” គឺវាជារឿងខុសគ្នាឆ្ងាយណាស់។

(អ្នក)ខ្លះគេនៅតែនិយាយថា ចុះទៅរំលឹកធ្វើអីអតីតកាលហ្នឹង? ទេ! បើអ្នកមិនរំលឹកពីអតីតកាល ស្មើនឹងអ្នកមិនស្គាល់ម៉ែឪខ្លួនឯងចេញពីត្រង់ណាមកទេ។ និយាយតាមមួយបែបអញ្ចឹងទៅ។ អ្នកខ្លះមិនហ៊ានរំលឹកទេ ខ្លាច។ ខ្លាចអី? ព្រោះពីដើមចេញមកវាអត់មានអីទេ ដល់ពេលវាមានឡានជិះ វាជេរឯងទៀត។ កាលឆ្នាំ១៩៧៩ វារកតែកង់ជិះមិនបានផង? ដល់ឥឡូវមានឡានជិះ វានៅតែជេរឯងដដែល។ អញ្ចឹង បានពួកនេះមិនហ៊ានរំលឹកអតីតកាល។ បើមនុស្សដល់ថ្នាក់មិនស្គាល់អតីតកាលហើយ ស្មើនឹងមិនស្គាល់ម៉ែឪខ្លួនឯង។ តើម៉ែឪខ្លួនឯងចេញមកពីត្រង់ណាអីត្រង់ណា? រស់រានបានមកពីត្រង់ណា? គាត់រត់លូនបែបណាជំនាន់សម័យ ប៉ុល ពត? អញ្ចឹងអ្នកខ្លះមិនហ៊ានរំលឹកពីអតីតកាលទេ ខ្លាចអតីតកាល។ សួរតែចាស់ៗដែលគាត់នៅ គាត់វេទនាប៉ុណ្ណា? ប៉ុន្តែ (ពេលអ្នកទាំងនោះ)ទៅចាប់ផ្ដើមនៅគណបក្សនយោបាយផ្សេង អត់ហ៊ានរំលឹកទេ … លើក ៧ មករា មកនិយាយ។ (មាន) ៧ មករា ទើបរស់ទាំងអស់គ្នា។ ៧ មករា មិនមែនរបស់គណបក្សប្រជាជនទេ។ ៧ មករា ជារបស់ប្រជាជនទាំងអស់គ្នាហ្នឹង។ បានរស់ដោយសារតែ ៧ មករា ហ្នឹងទេតើ? កុំអីត្បូងចបតទៅទៀត។ សាកទុកត្រឹមតែ ៣ ខែតទៅទៀត តើមនុស្សនឹងសល់ប៉ុន្មាន?…។

(៤) នៅក្នុងរដ្ឋាភិបាលមិនដាច់រយៈតាំងពីថ្ងៃទី ៨​ មករា ១៩៧៩ រហូតមកដល់ថ្ងៃនេះ, ជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេ មកយូរជាងគេ, ប្រទេសក្រីក្រ តែមានសន្តិភាព គ្មានការវាយប្រហារភេរវកម្ម ការពារបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទើបមិត្តភក្ដិរបស់យើងមករួម​ប្រជុំ

ឆ្នាំ ១៩៧៩ អ្នកមានអាវធំមានប៉ុន្មាននាក់? ខ្លួនខ្ញុំៗនៅតែរំលឹកអនុស្សាវរីយ៍ខោអាវធំមួយកំប្លេឱ្យគត់ ទៅដល់ Colombo ប្រទេសស្រីលង្កា​ ដើម្បីចូលរួមគណៈ​កម្មការសម្របសម្រួលនៃចលនាមិនចូលបក្សសម្ព័ន្ធ ថ្នាក់រដ្ឋមន្រ្តីការបរទេស គឺអាវធំមួយកំប្លេរឱ្យគត់។ អាវធំនេះទៀត ប្ដូរគ្នានៅលើកប៉ាល់ហោះទៀត។ បង តាំង សារឹម អាវគាត់នោះដៃវែង ឯអាវខ្ញុំដៃខ្លី។ អញ្ចឹង ក្នុងដំណើរចេញពីភ្នំពេញទៅចុះ​នៅហូជីមិញ ហើយចេញពីហូជីមិញទៅហាណូយ មើលចុះមើលឡើង អាវបងឯងដូចដៃវែង អាវខ្ញុំដូចដៃខ្លី សាកមើលៗដូរគ្នាបាន។ អាវក្នុងមានតែបីទេ។ ដៃខ្លីមួយ (និង)ដៃវែងពីរ ហើយក្រវាត់កគេចងឱ្យ។ អាពត ឆ្លាតណាស់ ស្បែកជើងគ្វៀរ វាយកអាឆ្វេងទៅដាក់ផ្ទះមួយ វាយកអាស្ដាំទៅដាក់ផ្ទះមួយ អញ្ចឹងទេ យើងដើររក។ ដល់តែយកមកផ្គុំគ្នា វាឃើញថាអានេះស្ដាំ អានេះឆ្វេង លេខវាត្រូវគ្នាហើយ ប៉ុន្តែដល់ពេលពាក់អាស្ដាំវាតឹង …។

(ខ្ញុំ)នៅសល់រូបថត ១ សន្លឹក ដែលខ្ញុំអង្គុយនៅព្រលានយន្តហោះ Karachi នៅក្នុងខែឧសភា ឆ្នាំ១៩៧៩ ខ្ញុំទៅក្រៅប្រទេសលើកដំបូង។ ចេញដំបូងទៅទស្សនកិច្ចត្រឹមវៀតណាម បន្ទាប់ទៅបានធ្វើដំណើរទៅទីក្រុងមូស្គូ ជួបជាមួយថ្នាក់ដឹកនាំសហភាពសូវៀត ត្រឹមអនុរដ្ឋមន្រ្តីការបរទេសទេ។ ឯរដ្ឋមន្រ្តីការបរទេស Andrei Gromyko ជាប់ធ្វើដំណើរជាមួយនឹងប្រធានាធិបតី Leonid Brezhnev ដើម្បីទៅ Helsinki ក្នុងការប្រជុំពាក់ព័ន្ធជាមួយនឹងអាវុធនៅអឺរ៉ុប។ ល្បីល្បាញណាស់កិច្ចព្រមព្រៀង Helsinki ទាក់ទងជាមួយនឹងអាវុធនៅអឺរ៉ុបនេះ។ អញ្ចឹង ខ្ញុំក៏ធ្វើដំណើរចេញពីមូស្គូមកវិញ ព្រោះពេលហ្នឹងយើង​អត់មានផ្លូវណាហោះក្រៅពីទៅតាមផ្លូវហ្នឹង។ ភ្នំពញទៅដល់ហាណូយ ចេញពីហាណូយទៅមូស្គូ ចេញពីមូស្គូមក Colombo តែមុនមកដល់ Colombo ត្រូវចុះនៅ Karachi របស់ប៉ាគីស្ដង់ រួចហើយបានបន្ត។ នៅមានរូបថតមួយសន្លឹក អាហ្នឹងតាំងពីអាយុ ២៧ ឆ្នាំ ដែលជារដ្ឋមន្រ្តីការបរទេសក្មេងជាងគេនៅលើលោកនេះ។

រំលឹកអនុស្សាវរីយ៍ចាស់ ខ្ញុំប្រកែកមិនព្រមធ្វើរដ្ឋមន្រ្តីការបរទេស ព្រោះខ្ញុំអត់ចេះ។ ខ្ញុំបាននិយាយថា ខ្ញុំសុខចិត្តធ្វើ ៣ ខែ ហើយពេលចូលដល់ភ្នំពេញ ច្បាស់ណាស់ថានឹងមានបញ្ញវន្ត ដែលចេះកិច្ចការបរទេស។ ប៉ុន្តែ មិននឹកស្មានថា អ្នកដែលនៅក្នុងរដ្ឋាភិបាលមិនដាច់រយៈតាំងពីថ្ងៃទី ៨​ មករា ១៩៧៩ រហូតមកដល់ថ្ងៃនេះ គឺ ហ៊ុន សែន ហ្នឹងតែម្ដង ដែលពេលនោះមានអាយុត្រឹមតែ ២៧ ឆ្នាំ ក្នុងពេលដែលថ្នាក់ដឹកនាំដទៃមានអាយុជាង ៤០-៥០ ឆ្នាំ។ អញ្ចឹង ខ្ញុំក្មេងណាស់ បើប្រៀបធៀបទៅដូចឪពុកនឹងកូន ជាមួយនឹងមេដឹកនាំដទៃទៀត ប៉ុន្តែ ខ្ញុំបានរួមដំណើរជាមួយថ្នាក់ដឹកនាំចាស់ៗ ធ្វើការជាមួយគ្នារហូតមកដល់ពេលនេះ រយៈពេលដ៏វែង បើគិតមកដល់ពេលនេះវាជិត ៤៤ ឆ្នាំ នៅបាំងតែប៉ុន្មានខែទៀត គឺចូលដល់ ៤៤ ឆ្នាំ។ បើតំណែងនាយករដ្ឋមន្រ្តីនៅសល់ប៉ុន្មានខែទៀត វាគ្រប់ ៣៨ ឆ្នាំហើយ។ ចាត់ទុកថាជានាយករដ្ឋមន្រ្តីដែលវែងជាងគេ ធ្វើពីក្មេងជាងគេ រហូតទៅដល់យូរជាងគេ។

តែកុំភ្លេចថា ម្នាក់ដែលកំពុងឈរនៅទីនេះ ទោះបីថាយូរក៏ដោយ ប៉ុន្តែសុខភាពគេអាចយល់បានហើយ ធ្វើដំ​ណើរ​រហូតដល់ឥឡូវហ្នឹង គឺថា នៅតែបន្តនិយាយបានហ្នឹង។ បំពង់កឈរទេ។ ប៉ុន្មានថ្ងៃខាងមុខនេះ ជាពេលវេលាដែលតានតឹងបំផុត ចេញពីប្រជុំមួយចូលប្រជុំមួយទៀតៗ។ ឥឡូវ សុន្ទរកថាចាប់ផ្ដើមដាក់មកបណ្ដើរៗ។ ខ្ញុំត្រូវតែពិនិត្យបណ្ដើរៗ។ ត្រូវមានសុន្ទរកថាពីរ មួយគឺខ្លួនឯងជាប្រធាន ដើម្បីបើកបន្ទាប់ទៅគោលជំហររបស់កម្ពុជាយ៉ាងម៉េច។ អញ្ចឹង បានខ្ញុំប្រាប់ទៅ ឯកឧត្ដម ប្រាក់ សុខុន ឱ្យយកចិត្តទុកដាក់ធ្វើឱ្យខ្លីបំផុតនូវសុន្ទរកថារបស់ខ្ញុំ។ ធ្វើប្រធានអង្គប្រជុំ ហើយសុទ្ធតែប្រធានាធិបតី។ ឥឡូវ សហរដ្ឋអាមេរិក ម្សិលមិញដឹកឡានមកដល់ហើយ។ មិនមែនថាគាត់មិនទុកចិត្តកម្ពុជាទេ គាត់ទៅណាក៏ដោយគាត់ដឹកឡានខ្លួនគាត់ទៅ។ អាចនឹងប្រធានាធិបតី ពូទីន របស់រុស្សីមក ក៏គាត់ដឹកឡានរបស់ពួកគាត់មកដែរ។ ជាទម្លាប់របស់ពួកគាត់។ ប៉ុន្តែ ថ្នាក់ដឹកនាំនៃប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្តនៅក្នុងប្រទេសរបស់យើង។ អញ្ចឹង ការប្រជុំនេះមិនមែនជាបញ្ហាតូចតាចទេ សម្រាប់ប្រទេសយើងក្រីក្រមួយ ក៏ប៉ុន្តែយើងក៏ត្រូវតែដឹងច្បាស់ខ្លួនឯងថា ដោយសារតែប្រ​ទេសយើងមានសន្តិភាពទើបមិត្តភក្ដិហ៊ានមក។ ដោយសារតែប្រទេសយើងពុំមានសកម្មភាពវាយប្រហារភេរវកម្ម ដែលយើងការពារបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទើបមិត្តភក្ដិរបស់យើងមកប្រជុំ។ សុទ្ធតែជាមហាអំណាច។ ពិតមែនហើយ មកដល់ម៉ោងនេះ យើងអត់ទាន់បានទទួលព័ត៌មានការឆ្លើយតបពីប្រធានាធិបតីរុស្សី ពូទីន នោះទេ សម្រាប់ការមកចូលរួមប្រជុំ រវាងអាស៊ានជាមួយនឹងរុស្សី និងការប្រជុំអាស៊ីបូព៌ា។ តែយ៉ាងណាយើងបានអញ្ជើញគាត់មកចូលរួមនៅទីនេះ។

(៥) រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវចេះចាត់ចែង គ្រប់គ្រង និងដាក់ចេញគោលនយោបាយ, អ្នកដឹកនាំត្រូវចេះប្រើប្រាស់មន្ត្រីក្រោមការគ្រប់គ្រងឱ្យធ្វើការ, នាយករដ្ឋមន្ត្រីមានសិទ្ធិដករដ្ឋមន្ត្រី ដោយស្នើព្រះរាជក្រឹត្យទៅព្រះមហាក្សត្រ និងនាំយកការតែងតាំងរដ្ឋមន្ត្រីថ្មីទៅសុំការទុកចិត្តពីសភា

អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំបានស្វាគមន៍ និងកោតសរសើរ ចំពោះជ័យលាភីដែលទទួលនូវសញ្ញាបត្រនៅទីនេះ ហើយក៏សូមចូលរួមជាមួយនឹងមាតាបិតា អាណាព្យាបាល និងគ្រួសាររបស់និស្សិត ជាស្វាមីក្ដី ជាភរិយាក្ដី ដែលផ្ដល់ឱកាសឱ្យប្រពន្ធ ឬប្ដីមករៀន ខ្ញុំនៅតែបន្តអំពាវនាវឱ្យនិស្សិតរបស់យើងពង្រឹងការស្វ័យសិក្សា។ បន្តការសិក្សាបន្តទៅទៀត ប៉ុណ្ណឹងវាមិនទាន់គ្រប់នោះទេ។ ហើយគ្មាននរណាចេះគ្រប់ទេ កុំនិយាយថាអ្នកឯងចេះគ្រប់ អត់ទេ។ អ្នកខ្លះបានលើកជាមតិថា មន្រ្តី្កកសិកម្មគគោកមិនយកទៅធ្វើរដ្ឋមន្រ្តីកសិកម្មទេ យកវិស្វកររ៉ែទៅធ្វើរដ្ឋមន្រ្តីកសិកម្ម។ រដ្ឋមន្រ្តីកសិកម្មគាត់បង្រៀនត្រឡប់ទៅវិញ អ្នកឯងចេះកសិកម្មចេះអស់ឬនៅ? ស្អីខ្លះកសិកម្មនោះ? ថ្ងៃក្រោយប្រយ័ត្នក្មេងប្រដៅ។ តើកសិកម្មអ្នកឯងចេះអស់ឬនៅ? កសិកម្មមិនមែនគ្រាន់តែដាំស្រូវមួយមុខឯណា? ហើយគ្រាន់តែបញ្ហាក្សេត្រសាស្រ្តហ្នឹង តើអ្នកឯងចេះអស់ទេ? ព្រោះវាមានទាក់ទងនឹងដំណាំស្រូវ (មាន)ដំណាំនេះ/នោះ វាមានតាំងពីកៅស៊ូស្អីៗ តើអ្នកឯងចេះអស់ឬទេ? ដោយសារភាពច្រណែន ឬស្អីបានអ្នកឯងចេញភាសាហ្នឹងមក? ទាក់ទងនឹងការចិញ្ចឹមសត្វ តើអ្នកឯងចេះអស់ទេ? ចិញ្ចឹមគោគេត្រូវធ្វើម៉េច? ចិញ្ចឹមចៀមយ៉ាងម៉េច? ចិញ្ចឹមជ្រូកយ៉ាងម៉េច? ចិញ្ចឹមត្រីយ៉ាងម៉េច? ចិញ្ចឹមអណ្ដើក/អន្ទង់ ឥឡូវ មានដល់ចិញ្ចឹមបង្កង។ បង្កាត់ពូជបង្កង ពេញទឹកពេញដី។

អ្នកចេញជាសម្ដីបែបនេះមក បង្ហាញឱ្យឃើញអំពីការខ្វះការចេះដឹង អ្វីទៅដែលហៅថា ភាពជាអ្នកដឹកនាំ? ខ្ញុំមានទៅចេះស្អី ចំណែកណាមួយក៏មិនចេះដែរ ឱ្យខ្ញុំចេះគ្រប់ (គឺ)អត់ទេ។ សូម្បីតែយោធា ដែលខ្ញុំធ្លាប់ធ្វើជាកងទ័ព ក៏មិនមែនសុទ្ធតែជាការចេះដឹងអស់នោះទេ។ យើងចេះតែខាងថ្មើរជើងទេតើ។ និយាយពីជើងគោក​មួយមុខ វាមានទាំងពួកថ្មើរជើង វាមានទាំងពួកកាំភ្លើងធំ វាមានទាំងរថក្រោះ វាមានទាំងការពារអាកាស វាមានទាំងស្អីៗទៅជាមួយគ្នាហ្នឹង យើងចេះអស់ឬអត់? ភាពជាអ្នកដឹកនាំ អ្វីដែលសំខាន់គឺចេះប្រើប្រាស់មន្ត្រី ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យធ្វើការ។ បញ្ហាវានៅកន្លែងហ្នឹង។ ដាក់ចេញនូវគោលនយោបាយ និងដឹកនាំឱ្យវាបានត្រឹមត្រូវតែប៉ុណ្ណឹងទេ។ ខ្ញុំមិនប្រដៅចំពោះអ្នកវិភាគ ឬអ្នកដែលលើកឡើងនោះទេ ក៏ប៉ុន្តែ ខ្ញុំគួរតែរំលឹកថា កុំវាយតម្លៃរហ័សពេក ហើយក៏កុំគិតថា វាទាល់តែអញជាជំនាញកសិកម្មទើបសមរម្យ ប៉ុន្តែ អ្នកខ្លះជំនាញកសិកម្ម ធ្វើតែរោងម៉ាស៊ីនកិនស្រូវជំពាក់លុយគេមិនទាន់សងផង? ខ្ញុំមិនដឹង? អញ្ចឹងធ្វើកសិកម្មខ្លួនឯងឱ្យតែចេះមក។

ពីដើមខ្ញុំឧស្សាហ៍ដើរទៅតាមខេត្ត។ មិនមែនជាការបន្តុះបង្អាប់មន្ត្រីកសិកម្មនៅខេត្តទេ ក៏ប៉ុន្តែចង់ដាស់តឿន។ខ្ញុំថាពួកអស់លោកកសិកម្មមានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលបានឃើញផ្លែស៊ីទេ។ ឥឡូវ ទៅរកផ្លែចេកជ្រលក់ប្រហុកបន្តិចមើល។ ប៉ុន្តែ មិនឱ្យទៅរករបស់ប្រជាជនទេ ទៅរកអ្នកកសិកម្មដាំ។ កន្លែងមន្ទីរកសិកម្មមួយៗ អត់មានដើមចេកទេ អត់មានដាំបន្លែបង្កាអីហ្នឹងគេទេ។ អន់ជាងសាលារៀន ដែលគ្រូបង្រៀនតែងតែធ្វើកន្លែងដាំដំណាំឱ្យក្មេងៗដាំ។ អ្នកខ្លះតាំងខ្លួនជាអ្នកក្សេត្រសាស្ត្រ ជាអ្នកកសិកម្មស្អីៗ កសិកម្មវាមិនមែនមានតែមួយមុខហ្នឹងឯណា? និយាយរួមខ្ញុំមិនមែនវាយបកអីទេ គ្រាន់តែថាវាដូចជាហួសពេក។ អីថារឿងដូររដ្ឋមន្ត្រីមិនតម្លាភាព ខ្ញុំគ្រាន់តែបញ្ជាក់ថា អត់ទេ ខ្ញុំអត់ត្រូវការឆ្លងយោបល់អ្នកឯងទេ។

ក្នុងប៉ុន្មានថ្ងៃនេះ វាដូចជាផ្តល់ឱកាសឱ្យយើងសម្រាប់ការបំភ្លឺរបស់មនុស្សមួយចំនួន ដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់យើង។ ឥឡូវ ឆ្លងកាត់ប្រទេសអង់គ្លេសមួយ នឹងធ្វើឱ្យមនុស្សមួយចំនួនដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានភ្លឺភ្នែក តើរបបសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅប្រទេសអង់គ្លេសគេធ្វើយ៉ាងម៉េច? តួនាទីរបស់សភានៅអង់គ្លេសស្ទើតែគ្មាន។ សម្រាប់យើង តួនាទីសភាគឺមាន។ ឃើញទេ អ្នកស្រី Truss នៅពេលដែលគាត់ឆ្លងការបោះឆ្នោតក្នុងសភាគាត់ចាញ់ ប៉ុន្តែគាត់ទៅបោះឆ្នោតនៅអង្គបោះឆ្នោតមួយទៀតគឺពីសមាជិកគណបក្សអភិរក្ស។ គណបក្សអភិរក្សមិនបោះឆ្នោតឱ្យ លោក Sunak ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅពេលនោះ ហើយនាយករដ្ឋមន្ត្រីនៅពេលនេះ ដែលគាត់ជាជនជាតិឥណ្ឌានោះធ្វើជានាយករដ្ឋមន្ត្រីទេ។ គេបោះឆ្នោតឱ្យលោកជំទាវ Truss ប៉ុន្តែ លោកជំទាវ Truss ពេលដែលឈ្នះ គាត់ចូលគាល់ចំពោះព្រះមហាក្សត្រីយានី Elizabeth ដូចត្រឹមតែ ២ ឬ ៣ ថ្ងៃ តែប៉ុណ្ណឹងទេ។ បន្ទាប់ទៅម្ចាស់ក្សត្រី Elizabeth ក៏សោយទិវង្គត់។ លោកស្រី Truss បានក្លាយជានាយករដ្ឋមន្ត្រី មិនចាំបាច់ទៅឆ្លងសភាទេ។ ខ្លួនគាត់ក៏មិនចាំបាច់ទៅឆ្លងសភា បោះឆ្នោតសុំការទុកចិត្តពីសភា ហើយគាត់តែងតាំងរដ្ឋមន្ត្រីក៏មិនចាំបាច់ឆ្លងកាត់ពីសភា សុំការទុកចិត្ត។ ឥឡូវ លោកជំទាវ Truss គាត់លាចេញពីតំណែងក្រោយពីធ្វើនាយករដ្ឋមន្ត្រីបានតែត្រឹមជាង ៤០ ថ្ងៃ។ ឥឡូវ ដល់លោក Sunak គឺគាត់អត់ទៅបោះឆ្នោតនៅឯគណបក្សអីទៀតទេ គ្រាន់តែមានសម្លេងភាគច្រើនគ្រឹប ចូលគាល់ស្តេច Charles ចេញមកវិញធ្វើនាយករដ្ឋមន្ត្រី ហើយតែងតាំងរដ្ឋាភិបាល។ តែងតាំងរដ្ឋមន្ត្រីអត់មានឆ្លងកាត់សភាទេ។

ឯយើងនៅទីនេះ បើទោះបីព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី ចាត់តាំងនាយករដ្ឋមន្ត្រីឱ្យបង្កើត(រាជ)រដ្ឋាភិបាលក៏ដោយ ក៏ប៉ុន្តែ ត្រូវយកទៅសុំការទុកចិត្តពីសភា។ អំណាចសភាគឺនៅកន្លែងហ្នឹងឯង។ អញ្ចឹងទេ បើទោះបីជាមានការតែងតាំងពីព្រះមហាក្សត្រ ឱ្យបុគ្គលណាមួយធ្វើនាយករដ្ឋមន្ត្រី ដើម្បីរៀបចំ(រាជ)រដ្ឋាភិបាល ប៉ុន្តែមិនមែនមានន័យថា (រាជ)រដ្ឋាភិបាលនោះ គឺជា(រាជ)រដ្ឋាភិបាលផ្លូវការទេ។ ផ្លូវការបាន គឺទាល់តែសុំការទុកចិត្ត(ពី)សភាសិន។ សភាបោះឆ្នោតសម្រេចការទុកចិត្តរួចហើយ បានទៅសុំព្រះរាជក្រឹត្យតែងតាំង(រាជ)រដ្ឋាភិបាលទាំងមូលតែម្តង។ ការដក(មន្ត្រី) គឺនាយករដ្ឋមន្ត្រីមានសិទ្ធិដក ព្រោះនេះច្បាប់អនុញ្ញាតឱ្យដក បូកនឹងមាត្រាទី ២១ នៃរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិឡាយព្រះហស្ថលេខាក្នុងការដក/ដាក់មន្ត្រីនានា ទាំងរដ្ឋបាល/តុលាការ។ ច្បាប់ស្តីពីការចាត់តាំងនិងការប្រព្រឹត្តទៅលើគណៈរដ្ឋមន្ត្រី គឺបានចែងច្បាស់ថា នាយករដ្ឋមមន្ត្រីមានសិទ្ធិដករដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យស្នើទៅព្រះមហាក្សត្រ ប៉ុន្តែនៅពេលតែងតាំងរដ្ឋមន្ត្រីឱ្យចូលកាន់តំណែង យើងទៅសុំការទុកចិត្តពីសភាឯណោះ។

អញ្ចឹង តួនាទីសភារបស់យើងវាខ្លាំងជាងនៅប្រទេសដទៃ រាប់ទាំងប្រទេសអង់គ្លេស និងប្រទេសម៉ាឡេស៊ី។ ឥឡូវ ប្រទេសម៉ាឡេស៊ីរំលាយសភា កំពុងតែឃោសនាបោះឆ្នោត។ នាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ី អាចនឹងមិនបានមកចូលរួមការប្រជុំអាស៊ាននៅទីក្រុងភ្នំពេញនេះទេ ដោយសារគាត់ជាប់ក្នុងការឃោសនាបោះឆ្នោត ប៉ុន្តែ មិនទាន់ឆ្លើយច្បាស់ទេ។ ជួនកាលគាត់អាចឆ្លៀតមកបន្តិច ដើម្បីប្រជុំព្រោះទាក់ទងនឹងបញ្ហាតំបន់ ហើយមានបញ្ហារសើបច្រើនទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ាជាមួយគាត់ ដោយសារតែរ៉ូហ៊ិនយ៉ាចេះតែរត់ចុះឡើងៗចូលទៅក្នុងម៉ាឡេស៊ី ហើយម៉ាឡេស៊ីចេះតែដេញត្រឡប់ទៅវិញ។ អញ្ចឹង ជួនកាលគាត់អាចមក ព្រោះយើងមានប្រជុំអាស៊ានផ្ទៃក្នុង ហើយមានប្រជុំពេញអង្គ ហើយមានការប្រជុំចង្អៀតនោះទៀត។ គាត់អាចមកមួយភ្លែត រួចគាត់ហោះត្រឡប់ទៅវិញដើម្បីបន្តការរកសម្លេងឆ្នោតទៀត។

អញ្ចឹងទេ យើងក៏ត្រូវរៀនសូត្រ ដើម្បីនឹងចៀសវាងនូវការធ្វើអត្ថាធិប្បាយ ដែលមានការភាន់ច្រឡំណាមួយ ដែលគួរឱ្យសោកស្តាយ ហើយតាំងខ្លួនជាបណ្ឌិត នៃការវិភាគ ហើយវិភាគហ្នឹងវាអត់ត្រូវរឿង ហើយក្នុងពេលដែលខ្ញុំដករដ្ឋមន្ត្រីកសិកម្មនៅស្រុកខ្មែរ ចំពេលដែលលោកស្រី Truss ដករដ្ឋមន្ត្រីហិរញ្ញវត្ថុនៅអង់គ្លេស។ វាជេរឯងនៅស្រុកខ្មែរ វាអត់ទៅជេរ លោកស្រី Truss នៅអង់គ្លេស ក្នុងពេលដែលគេថា គេប្រជាធិបតេយ្យ។ វាទៅជាអញ្ចេះ។ ហ្នឹងគឺថា ក្រុមចាញ់អមតៈទៅចុះ វាមិនដឹងថាម៉េច? ព្រោះវាអត់ចេះអី ដល់វាអត់ចេះអីអញ្ចឹងទៅវាអត់រៀន អារឿងអត់រៀនហ្នឹងហើយដែលធ្វើនាយករដ្ឋមន្ត្រីទៅមិនរួច។ មិនថាអ្នកដែលប្រឆាំងយើងទេ សូម្បីតែមន្ត្រីយើងក៏ដោយ បើមិនរៀនទេ គឺអ្នកហ្នឹងគ្មានអនាគតទេ។ មិនរៀន មិនចេះសួរនាំ មិនបង្កើតកិច្ចសហការ គឺនៅតែប៉ុណ្ណឹង។

(៦) ឆ្លងកាត់វិបត្តិកូវីដ១៩ ឥឡូវបញ្ហាអតិផរណាមកដល់, សូមប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ពិសេសយុវជនទើបដល់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត, អាកាសធាតុធ្លាក់ចុះដល់ ១៧ ឬ ១៨ អង្សា សូមយកចិត្តទុកដាក់ចំពោះសុខភាព ពិសេសមនុស្សចាស់

ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា និស្សិតរបស់យើងទាំងអស់ និងបន្តការខិតខំ មិនមាននរណាមួយមានចំណេះចេះអស់នោះទេ ខ្លួនខ្ញុំក៏ត្រូវតែបន្តរៀនតទៅទៀត និយាយរួម បើយើងមិនរៀនទេដើរអត់ទាន់សភាពការណ៍ទេ។ ក្នុងមួយពេលដែលខ្ញុំធ្វើដំណើរតាមទន្លេសាប រហូតមកថែមខេត្តព្រៃវែងមួយ ខ្ញុំប្រើ Internet អស់ជាង ៣០០ដុល្លារ ព្រោះខ្លាចលោមានប្រព័ន្ធនៅកន្លែងណាមួយសេវាខ្សោយ។ អញ្ចឹង ខ្ញុំត្រូវប្រើអាទូរស័ព្ទមួយប្រភេទទៀត ដែលប្រើភ្ជាប់ជាមួយនឹងផ្កាយរណបតែម្តងដើម្បីធានាសុវត្ថិភាពទំនាក់ទំនងដែលខ្ញុំត្រូវធ្វើ និងទទួលព័ត៌មានពីខាងក្រៅ/គ្រប់ទីកន្លែង។ អញ្ចឹងទេ វាត្រូវចំណាយលុយច្រើនបន្តិចហើយដើម្បីទទួលបាននូវព័ត៌មានបែបនេះ។ សូម្បីតែនៅក្នុងទីនេះ ខ្ញុំប្រើអាហ្នឹងជាមូលដ្ឋាន។ សម័យនេះ គឺជាសម័យដែលគេដើរដល់កម្រិតហ្នឹងហើយ ដែលយើងទាំងអស់គ្នាត្រូវតែបន្តការខិតខំ …។

ក្រសួងនានានៅឆ្នាំ ២០២០-២១ យើងទុកមន្ត្រីត្រឹមតែ ១០ ភាគរយ ឬ ១៥ ភាគរយទេ ឱ្យធ្វើការ ក្រៅពីនោះឱ្យធ្វើ(ការតាម)អនឡាញពីផ្ទះ។ សិស្សរបស់យើងរាប់លាននាក់ត្រូវរៀនតាមអនឡាញ។ អាហ្នឹងជាការខិតខំ ដែលខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវ សម្រាប់និស្សិតទាំងអស់ បន្តការខិតខំរាប់ទាំងព្រះតេជគុណ (ព្រះសង្ឃគ្រប់ព្រះអង្គ) … ឥឡូវនេះ យើងឃើញថា មិនមែនគ្រាន់តែគ្រហស្ថទេ ដែលមានកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ព្រះសង្ឃរបស់យើងបើរាប់ចូលដល់រាប់ពាន់/រាប់រយអង្គហើយ ដែលមានកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ ខ្លះក៏នៅជាសង្ឃ ខ្លះក៏សឹកទៅ រួចហើយទៅកសាងគ្រួសារ នេះជាសិទ្ធិសេរីភាព។ អញ្ចឹង​ទេ បានជាអ្វីៗធ្វើដំណើរក្នុងល្បឿនមួយលឿន ដែលមិនមែនជារឿងតូចតាចសម្រាប់ប្រទេស ដែលឆ្លងកាត់នូវវិបត្តិទាក់ទិនជាមួយនឹងបញ្ហាកូវីដ-១៩។ ឥឡូវនេះ បញ្ហាអតិផរណាបានមកដល់។ ពីមុននេះស្បៀងបាននាំចេញពីអ៊ុយក្រែនដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់ផ្សេងៗ ដែលធ្វើឱ្យមានស្ថិរភាពស្បៀង។ បន្ទាប់ពីអាក់ខាននាំចេញពីកំពង់ផែនៅអ៊ុយក្រែន ឥឡូវនេះចាប់ផ្ដើមមានបញ្ហាតទៅទៀតហើយ។ ល្ងាចនេះខ្ញុំនឹងអាចចោទសួរទៅប្រធា​នាធិបតីអ៊ុយក្រែន តើវាយ៉ាងម៉េចបញ្ហានាំចេញស្បៀងពីអ៊ុយក្រែន? ព្រោះគាត់ក៏(បាន)សួរមកយើងៗក៏សួរទៅគាត់ (នេះជារឿង)ធម្មតាទេ មេដឹកនាំជួបគ្នា ការប្រាស្រ័យទាក់ទងគ្នាជារឿងធម្មតាខ្លាំងណាស់។

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ អំពាវនាវ និងសុំអភ័យទោសទុកជាមុន ចំពោះប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋរបស់យើងនៅទីក្រុងភ្នំពេញអាចជួបការលំបាកបន្តិច ព្រោះយើងត្រូវរៀបចំផ្លូវ ដើម្បីចៀសវាងនូវការកកស្ទះចរាចរណ៍។ អញ្ចឹង ក៏សុំអភ័យទោសទុកជាមុន សម្រាប់ ប្រជាពលរដ្ឋរបស់យើង។ យើងធានាសុវត្ថិភាពយ៉ាងណា ដើម្បីកុំឱ្យស្ទះចរាចរណ៍ ឬរហូតទៅដល់បង្កឱ្យមានបញ្ហាជាមួយនឹងភ្ញៀវរបស់យើង។ អញ្ចឹង ផ្លូវមួយចំនួនច្បាស់ជាត្រូវបិទ មិនមែនបិទទាំងស្រុងទេ ពេលណាភ្ញៀវត្រូវចេញ គឺយើងចាប់ផ្ដើមបិទ ដើម្បីរុញឱ្យភ្ញៀវធ្វើដំណើរ។ អញ្ចឹងទេ សុំការខន្តីអភ័យទោសទុកជាមុន ចំពោះប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ។ បើសិនជាមានការចេញទៅ(ដើរ)លេង​ គឺទៅ(ដើរ)លេងនៅឯខេត្ត។ ឯនៅទីក្រុងភ្នំពេញ មិនមែនបានសេចក្តីថាយើងហាមឃាត់នៅលើផ្លូវទាំងអស់នោះទេ ក៏ប៉ុន្តែច្បាស់ជាមានការបិទផ្លូវច្រើន។

ខ្ញុំកំពុងតែរៀបចំខោអាវប៉ុន្មានកំប្លេរមក(ស្នាក់)នៅហូតែលសុខា។ ខ្ញុំមក(ស្នាក់)នៅទីនេះហើយ ព្រោះបើមិនអញ្ចឹងទេ រវល់តែ(ទៅ)ផ្លាស់ខោអាវនៅតាខ្មៅ​គេបិទផ្លូវពេញហ្នឹង។ បើអត់មានប្រធានអង្គប្រជុំ (តើ)អ្នកណាដឹក​នាំ​អង្គប្រជុំ? ព្រោះយើងធ្វើជាប្រធានអង្គប្រជុំ។ យ៉ាងហោចណាស់ប្រហែលជា ២ យប់ (មកស្នាក់)នៅហូតែល​សុខានេះ។ ជាប់រហូតកម្មវិធី ចាប់ពីថ្ងៃទី ៨ គឺចេញដំណើរហើយ។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម/ចិន។ យ៉ាងណាក៏ដោយខ្ញុំមិនអាក់ខានដង្ហែរព្រះមហាក្សត្រក្នុងការចូលរួមដុតទៀនជ័យនៅព្រឹកថ្ងៃទី ៩ វិច្ឆិកា (២០២២) នោះទេ។ ដល់ពេលល្ងាច គឺទទួលនាយករដ្ឋមន្ត្រីចិន ប៉ុន្តែពិធីទទួលគឺរហ័ស ប្រើពេលតែប៉ុន្មានម៉ោងគឺចប់គណៈប្រតិភូមួយ។ ទទួល ត្រួតពល ចរចា ចុះហត្ថលេខា រួចហើយជប់លៀងជូនតែម្តង។ វៀតណាម​ដូចជាទទួលតែមួយព្រឹកទេ គឺចប់។ ឯចិនទទួលតែមួយល្ងាចទេ គឺចប់។ ដល់ទៅ(ពេល)ព្រះករុណាទទួល(ស្ដេច)ស៊ុលតង់ប្រ៊ុយណេរួចហើយ (ស្តេច)ស៊ុលតង់ប្រ៊ុយណេ(ត្រូវ)ទៅចរចាជាមួយនាយករដ្ឋមន្ត្រី រួចហើយលាងសាយភោជន៍ពេលថ្ងៃត្រង់។ បន្ទាប់ទៅខ្ញុំ(ទទួលជួប)ជាមួយនាយករដ្ឋមន្ត្រីជប៉ុនបន្ត។ បន្ទាប់ទៅទាំងនាយករដ្ឋមន្ត្រីជប៉ុនទាំងខ្ញុំ ត្រូវហោះចេញទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួម(កិច្ច)ប្រជុំ G20។

កាលណាតែយើងធ្វើជាប្រធានអាស៊ាន តែងតែទៅជាភ្ញៀវ (ដើម្បី)ចូលរួមប្រជុំជាមួយប្រទេសអ្នកមានទាំង ២០។ កាលពីឆ្នាំ ២០១២ យើងធ្វើដំណើរទៅដល់  Los Cabos ប្រទេស Mexico ដើម្បីចូលរួម(ប្រជុំ)នៅទីនោះ ហើយយើងក៏បន្តចេញពីនោះមកដល់បាងកក (ដើម្បី)ចូលរួមកិច្ចប្រជុំ APEC។ ចូលមកដល់ក្នុងស្រុក វាគាប់ជួនកម្មវិធីនានា រាប់ទាំងកីឡាថ្នាក់ជាតិរបស់យើង គឺត្រូវបើក(ព្រឹត្តិការ)កីឡាថ្នាក់ជាតិ និងកម្មវិធីមួយចំនួន ដែលរង់ចាំនៅក្នុងស្រុកខ្មែររបស់យើងជាបន្តទៀត។ ប៉ុន្តែ នេះជាកិច្ចការដែលយើងចៀសវាមិនបាន។ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង ជាពិសេស អ្នករស់នៅទីក្រុងភ្នំពេញយោគយល់ ចំពោះពេលវេលាមានការរំខានទៅដល់បញ្ហាចរាចរណ៍ ប៉ុន្តែ នោះជាកិត្តិយស និងផ្ដល់ការគោរព ចំពោះមិត្តភក្តិរបស់យើង ដែលបានអញ្ជើញមកទីក្រុងភ្នំពេញ ដើម្បីចូលរួមប្រជុំជាមួយយើងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តនូវសិទ្ធិជ្រើសរើសមេដឹកនាំថ្ងៃទី ២៣ កក្កដា ២០២៣ ខាងមុខនេះ។ បណ្ដាបក្សនយោបាយដែលរួលរួមបោះឆ្នោតក្ដី ដែលមិនចូលរួមបោះឆ្នោតក្ដី ហើយដែលមានសមាជិក/ជិការបស់ខ្លួន (និង/ឬមាន)អ្នកគាំទ្រខ្លួន គប្បីរុញពួកគាត់ឱ្យទៅចុះឈ្មោះបោះឆ្នោត កុំឱ្យ ថា ខ្ញុំគាំទ្រគណបក្សនេះ ក៏ប៉ុន្តែ ខ្ញុំអត់មានឈ្មោះបោះឆ្នោត។ អញ្ចឹង ខ្ញុំបាននិយាយតាំងពីថ្ងៃទី ១០ (តុលា ២០២២) អំពាវនាវបណ្ដាបក្សនយោបាយ ឱ្យជំរុញអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោត។ ឥឡូវ ខ្ញុំអំពាវនាវសាជាថ្មីម្តងទៀត ជាមួយប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយឱ្យទៅចុះឈ្មោះបោះឆ្នោត ក្នុងនោះយុវជនដែលទើបដល់អាយុបោះឆ្នោត ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោត បើមិនអញ្ចឹងទេ ការអនុវត្តសិទ្ធិ គឺមិនអាចធ្វើទៅរួចទេ។ សូម្បីតែខ្ញុំដូរថ្ងៃខែឆ្នាំកំណើត ដែលមុននេះ ថ្ងៃទី ៤ មេសា ១៩៥១ ដូរមកថ្ងៃទី ៥ សីហា ១៩៥២ ក៏ត្រូវទៅចុះ(ឈ្មោះបោះឆ្នោត)ឡើងវិញឱ្យប្រាកដប្រជា ដើម្បីធានាថា យើងមានសិទ្ធិបោះឆ្នោតត្រឹមត្រូវ ទាំងឈ្មោះ/អាយុត្រឹមត្រូវ។ ដំណើរការប្រជាធិបតេយ្យមួយត្រូវធ្វើដោយទៀងទាត់ សម្រាប់ប្រទេសរបស់យើង ហើយការចុះឈ្មោះបោះឆ្នោតលើកនេះបច្ចេកទេសកាន់តែទំនើបទៅៗ ដែលផ្ដល់ភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋរបស់យើង(នូវ)តម្លាភាព នៃការបោះឆ្នោត។

ខ្ញុំព្រះករុណាខ្ញុំ ក៏សុំអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង សូមបន្តនូវកិច្ចការពារខ្លួនទាក់ទិនជាមួយនឹងជំងឺ កូវីដ-១៩ ក៏ដូចជា ជំងឺឆ្លងដទៃទៀត ដែលយើងត្រូវយកចិត្តទុកដាក់។ កូវីដ-១៩ ពិតមែនតែវាកាត់បន្ថយការឆ្លង ក៏ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់របស់វាទេ យើងមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ នោះទេ គ្រាន់តែឈ្នះទៅលើសមរភូមិកូវីដ-១៩ តែប៉ុណ្ណោះ។ វាខុសគ្នា​ រវាងការឈ្នះសមរភូមិ និងការឈ្នះសង្គ្រាម។​ ការឈ្នះសង្គ្រាមកូវីដ-១៩ វាទាល់តែនៅលើពិភពលោកអស់កូវីដ-១៩ ទើបហៅថា ពិភពលោកឈ្នះសង្គ្រាមលើកូវីដ-១៩ តែម្តង។ កន្លងទៅនេះ យើងត្រឹមតែត្រួតត្រាបានទៅលើ Alfa, Delta, Omicron ទាំង Omicron ដើម និង Omicron បន្តទៀត ប៉ុន្តែ នៅមានជំងឺច្រើនណាស់ ដូចជាជំងឺអ៊ុតស្វា ជំងឺអេប៊ូឡា កំពុងតែផ្ទុះនៅអាហ្វ្រិក (ដូច្នេះ) ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាព។

សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋ ជាពិសេស កូនៗ ចៅៗ យកចិត្តទុកដាក់ (ចំពោះ)សុខភាពរបស់មាតាបិតា ជីដូនជីតា ដែលមានវ័យចំណាស់ ក្នុងពេលដែលអាកាសធាតុចាប់ផ្ដើមចុះត្រជាក់។ ឥឡូវ ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់ខ្លះ(សីតុណ្ហភាព) គឺធ្លាក់ចុះមកនៅ ១៧ ឬ ១៨ អង្សា តែប៉ុណ្ណោះ។ ដូច្នេះ នេះជាស្ថានភាពដែលតម្រូវឱ្យយកចិត្តទុកដាក់ ចំពោះសុខភាពទាក់ទិនជាមួយនឹងជំងឺផ្ដាសាយ ព្រោះវាវិវឌ្ឍប្រែប្រួល(លឿន) ជាពិសេស មនុស្សចាស់គាត់ចាញ់រងាណាស់។ យើងមានកិច្ចការជាច្រើន ដែលត្រូវធ្វើ ក៏ប៉ុន្តែ យើងមានលទ្ធភាព ដើម្បីនឹងដោះស្រាយបញ្ហាទាំងអស់នោះ។ រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក៏ដូចជាផ្នែកពាក់ព័ន្ធមិនព្រងើយកន្តើយចំពោះសុខទុក្ខប្រជាពលរដ្ឋនោះទេ ក្នុងនោះយើងក៏បានធ្វើ​សកម្មភាពយ៉ាងច្រើនជាមួយនឹងអ្នករងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណ សម្តេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមថ្ងៃនេះ ដើម្បីផ្ដល់កិត្តិយស សម្រាប់ព្រះតេជព្រះគុណជាសមណនិស្សិត ក៏ដូចជា និស្សិតគ្រប់រូប ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមក សម្រាប់និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ចំនួន  ៦ ៣០៧ អង្គ/នាក់ ក្នុងអង្គ/នាក់ ទទួលបានថវិកា ចំនួន ៥ ម៉ឺនរៀល។ បន្ថែម(ជូន)និស្សិតពិការ ចំនួន ៦ នាក់ ក្នុងនោះ បុរស ៣ នាក់ នារី ៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ លានរៀល។ ក្មួយៗពិការអង្គុយនៅខាងណា? ប្រឹងប្រែងរៀន យើងពិការតែរូបកាយទេ តែយើងមិនពិការសរសៃប្រសាទទេ។ អ្នកខ្លះរូបរាងល្អ តែពិការសរសៃប្រសាទ។ បើទោះបីជាមានការរិតត្បិត អំពីការជ្រើសរើសបុគ្គលិក ប៉ុន្តែ រាជរដ្ឋាភិបាល នៅតែបន្តការអំពាវនាវឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជន ទទួលយកជាមួយនឹងជនពិការ ដែលយើងបានកំណត់ថា ស្ថាប័នរដ្ឋត្រូវយក ២ ភាគរយ និងវិស័យឯកជនត្រូវយក ១ ភាគរយ។ ខ្ញុំមកចែកសញ្ញាបត្រប៉ុន្មានលើកតែងតែជួបនិស្សិតពិការ អញ្ចឹងទេ និស្សិតនោះអាចនឹងក្លាយទៅជាមន្ត្រីរបស់យើង ដែលបញ្ចូលក្របខណ្ឌ សម្រាប់ការទទួលបានការងារធ្វើ។ នេះជាផ្នែកមួយ នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះជនពិការរបស់យើង។ សម្រាប់បុគ្គលិក/សាស្ត្រាចារ្យ ចំនួន ៥៨៩ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថវិកា ១០ លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល …។

អបអរសាទរជាមួយនឹងវឌ្ឍនភាព នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងការគោរពកោតសរសើរ ចំពោះថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ (ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច) ក៏ដូចជា សាស្ត្រាចារ្យ ព្រមទាំងជាមួយនឹងការអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រ នៅថ្ងៃនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្គគ្រប់ព្រះអង្គ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី​ ជាពិសេស និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបាននូវសុខភាពល្អ អាយុយ៉ឺនយូរ ទទួលបាននូវសេចក្តីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕



Selected Comments Samdech Techo Hun Sen,

at the Diplomas Presenting Ceremony for Students of the Royal University of Law and Economics (RULE)

[Unofficial Translation]
*****

[…] we have faced difficulties, and we have overcome them together. In the field of education, we have seen a new opportunity has arisen at the time of the Covid-19 epidemic. We have closed down schools but we replaced face-to-face classes with online learning. This can be considered as a leap forward in the digital front. Crisis always embodies opportunity. The estimated 4 million students had learnt online or we can say collectively a digital platform. Digital platform is at its booming stage during the crisis. It is one of the fortunes of the world that Covid-19 was born after the world has already gone online. If the world has not yet found this online connection, perhaps during the shutdown of individual countries, we will not be able to meet […]

This year, thanks to our efforts, the country has reopened (its socio-economic activities) since November 1, 2021. Today marks the one-year anniversary of the reopening of the country, which boosted our country’s economic growth to 3% in 2021, after declining to -3.1% in 2020. The economy this year is (estimated to) growing at 5.5 percent as we have put in place a budget law to manage the financial economy for 2023 with a prediction that our growth will reach 6.6 percent. This is also due to all our efforts to reopen the country, in which schools are reopen after online studies […]

I observe that the three state universities are still gaining popularity in accepting students. The first one is the Royal University of Phnom Penh; the second is the National University of Management and the third one is the Royal University of Law and Economics, and there are other public schools that have been accepting an increasingly large number of students. These are the human resource that will continue (to develop the country) in the future. What we of this generation build or former generation built are not for ourselves, but for the next generation. Our ancestors built for us, this generation, and we are building in this generation for the next generation (or) successors. For instance, RULE was established in 1982. I had the opportunity at that time to teach a few courses and it was since the school was flooded and under corrugated zinc roof […]

Without peace, we can do nothing. Obviously, no one can study under a bomb. People will run away from school, like in 1970-75, how many areas were there that people were still going to schools? […] this evening, at 4 pm (in Cambodia) and 11 am in Kiev, I will have a telephone conversation with the President of Ukraine on bilateral relations as well as Ukraine-ASEAN relations. We have a Ukrainian student with us here. During the former Soviet Union era, Ukraine helped train Cambodia’s human resources, including our naval officers in Crimea. If we look at the situation in war-torn countries and ask if those countries can provide opportunities for students to study or not, the short answer is “no.”

We still remember those schools remaining in the post-1970s war, in some of the liberated areas, there were always trenches. Schools in the city were open but also were under the threat of war. In between 1979-1993, some areas students and teachers carried out classes under the threat of war. Teachers had to protect their students from death or injury in the event of armed clashes. As of present, the Cambodian youth are really lucky that they are no longer suffering from the war. They have more opportunities. We continue to work for the growth of ourselves and our families, which is a great contribution for our national development. Do not talk about development without peace and do not talk about development without human resources. Development requires human resources […]

[…] (The Royal Government increases) efforts to invest more in human resource training. The 2023 budget law has already been set out for increasing spending on people, including education and health, which have received large sums of money. We give priority to such things […] those with higher education and post-graduate […] only from these two universities together have numbered more than 10,000 people […] recently, some commune chief candidates have bachelor’s degrees […] it is better to have educated people to take up the jobs. Almost every official in every institution … and even the district officials have higher education (or post-graduate degree) […]

Reviewing the old memories, I refused to be the Minister of Foreign Affairs because I did not know a thing about it. I said “I would be willing to take the job for three months, and when we all entered Phnom Penh, clearly there would be intellectuals who knew foreign affairs”. I did not expect to be the person that has been in the government from January 8, 1979 until today […] I was only 27 years old at the time, while other leaders were over 40-50 years old. I am very young and can be compared with other leaders as father and son. I have traveled with older leaders and worked together for a long time, till now almost 44 years. Just a few more months it will be 44 years. A few more months, I will be in the post of Prime Minister for 38 years. This is considered that I am the longest-serving prime minister – from the youngest one to the longest one […]

[…] Yesterday, the United States of America had had (their President limousines) arrived (at the airport) […] wherever he went, he took his own cars. The Russian President Vladimir Putin may also be sending his cars. That are their habits. Leaders of other countries use cars that we prepare at their disposal. This meeting is not small for our small and poor country. We must know for ourselves that it is the fact that our country is at peace that our friends dare to come. That our country protects security and social order, and there is no terrorist attack, our friends, who are all superpowers, will come to the meeting […] so far, we have not received any response from the Russian President Putin fwhether he will join us attend the meetings – ASEAN and Russia, and the East Asia Summit […]

[…] Some have suggested that while there are great number of agriculture officials, why not appoint anyone of them as agriculture ministers, and take mining engineers for the job. The (new) Minister of Agriculture responded in an educational way – “Do you know all about agriculture? What is agriculture?” […] agriculture is not just about growing rice? Just take agronomy. Do you know it all? […] such words in their suggestion show a lack of knowledge. What is leadership? As for me, I do not have every knowledge. I do not know everything about any subject. I just have to know parts of it and that would be enough […] even though I used to be in the army, I only know that much about infantry […] regarding leadership, the key thing is to know how to motivate the officials under his leadership to work effectively […] while setting out the policy and lead its implementation properly […]

[…] I am calling on people who have not yet registered to vote, please go and register to vote to exercise your right to choose the leader on July 23, 2023. Political parties that will participate in the election or will not participate in the election, and have their members (and/or supporters) should encourage them to register to vote to avoid any discontents later and complain about the problem that “s/he is supporting so and so party, but s/he do not have her/his name in the voters list” […] I hereby once again call on all people of all political persuasions, including young people who have just reached voting age, to register to vote to exercise their rights […]./.

 

ពិធីចុះហត្ថលេខាលើ “លក្ខន្តិកៈក្រុមហ៊ុន” រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើតក្រុមហ៊ុន “ថា្នលទូរទស្សន៍ឌីជីថលកម្ពុជា” និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា

 ព្រឹកថ្ងៃទី ០១ ខែវិច្ឆកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍ កម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើឯកសារ “លក្ខន្តិកៈក្រុមហ៊ុន ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលកម្ពុជា ដែលមានការអញ្ជើញចូលរួមពីរាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អន្តរក្រសួងមកពី ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ដែលជាការវិនិយោគទុនរួម រវាងក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោក ជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន អ្នកវិនិយោគទុនជាតិ-អន្តរជាតិ និងភ្ញៀវ។ នៅក្នុងឯកសារ “លក្ខន្តិកៈក្រុមហ៊ុន នេះ សម្រេចចំនួនសមាសភាពក្រុមប្រឹក្សាភិបាល ៧រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង៦រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា។ ហើយ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង។ជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀតបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។






សម្តេចតេជោ ហ៊ុន សែន៖ កុំនិយាយដល់ការអភិវឌ្ឍន៍ ប្រសិនបើគ្មានសន្តិភាពនិងធនធានមនុស្សទេ

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន 

បានថ្លែងថា យើងមិនអាចនិយាយដល់ការអភិវឌ្ឍន៍បានទេ ប្រសិនបើគ្មានសន្តិភាព និងគ្មានធនធានមនុស្សនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវតែខិតខំវិនិយោគឱ្យបានច្រើនបន្ថែមទៀត ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាបើសិនគ្មានធនធានមនុស្សទេ ប្រទេសជាតិយើងមិនអាចអភិវឌ្ឍន៍បានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ថ្មីៗនេះ គណៈរដ្ឋមន្រ្តី បានអនុម័តលើច្បាប់ថវិកា ដែលច្បាប់នេះ ផ្តោតអាទិភាពទៅលើការចំណាយលើធនធានមនុស្ស និងសុខាភិបាល៕






សម្តេចតេជោ ហ៊ុន សែន៖ បើមិនហ៊ានរំលឹកពីអតីតកាល ស្មើនឹងមិនស្គាល់ឪពុកម្តាយខ្លួនឯង

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន 

បានថ្លែងថា អ្នកខ្លះមិនហ៊ានរំលឹកពីអតីតកាលនោះទេ បើសិនមិនហ៊ានរំលឹកពីអតីតកាល ស្មើនឹងមិនស្គាល់ឪពុកម្តាយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកខ្លះមិនហ៊ានរំលឹកពីអតីតកាលទេ។ ពីមុនពុំមានអ្វីទាល់តែសោះ នៅពេលបច្ចុប្បន្នមានម៉ូតូ មានឡានទំនើបជិះ បែរជាមកស្រែកជេររាជរដ្ឋាភិបាលទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រជាជនខ្មែរយើងលំបាកវេទនាណាស់នៅសម័យខ្មែរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយបច្ចុប្បន្ននេះ យើងមានអ្វីៗគ្រប់បែបយ៉ាង បែរជាមកជេររាជរដ្ឋាភិបាលទៅវិញ៕





សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន 

បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មិនថានិន្នាការណានោះទេ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនេះសំខាន់ណាស់ ដើម្បីធានាថា យើងអាចមានសិទ្ធិបោះឆ្នោតនៅពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យ ត្រូវតែធ្វើសម្រាប់ប្រទេសរបស់យើង ហើយការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនេះហើយជាដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា៕





សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យជនមួយក្តាប់តូចដែលបំភ្លេចនូវអតីតកាល ប្រៀបបានដូចជាបំភ្លេចឱពុក-ម្តាយខ្លួនឯង

ព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំអកឱ្យជនមួយក្តាប់តូច មិនដែលហ៊ានរំលឹកនូវអតីតកាលនោះទេ ខណៈដែលពួកទាំងនោះបំភ្លេចនូវអតីតកាល ដែលខ្លួនធ្លាប់ឆ្លងកាត់ទាំងនោះ ប្រៀបបានដូចជា បំភ្លេចនូវគុណឱពុកម្តាយខ្លួនឯងយ៉ាងដូច្នេះដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានអ្នកខ្លះ មិនហ៊ាននិយាយពីអតីតកាលដ៏លំបាកលំបិនរបស់សកម្ពុជា និងអនុស្សាវរីយ៍ឈឺចាប់របស់ខ្លួនឡើយ ខ្លាចគេថាអន់  តែសម្រាប់សម្តេច ការឈឺចាប់ និងភាពលំបាលលំបិនរបស់កម្ពុជាពីអតីតកាល គឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា។ សម្តេចបន្តថា អ្នកខ្លះទៀត កាលពីកន្លងទៅ សូម្បីតែកង់ក៏គ្មានជិះដែរ តែបច្ចុប្បន្នពួកគេមានឡាន ម៉ូតូជិះយ៉ាងស្រួល បែរជាមកជេរ និងរិះគន់ការដឹកនាំរបស់សម្តេចទៅវិញ៕




ផ្សាយបន្តផ្ទាល់៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃ និងកិត្តិយសដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ​ ហើយតែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់ពួកគេ។ សម្រាប់សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីចំនួនប្រមាណ១៨លើករួចមកហើយ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាសាកលវិទ្យាល័យមួយ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់, សេដ្ឋកិច្ច, និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

បើតាមលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យមានចំនួនសរុប ៦១,១៩៦នាក់ (នារី ២៣,៤៩៧នាក់) ក្នុងនោះនិស្សិតបរទេសមានចំនួន ២០៩នាក់ (នារី ៨៤នាក់)។ និស្សិតជ័យលាភីទាំងនោះ បាននិងកំពុងបម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ, និងមួយចំនួនកំពុងដំណើរការអាជីវកម្មផ្ទាល់ខ្លួន។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, មន្រ្តី, បុគ្គលិក, សាស្រ្តាចារ្យក្របខ័ណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៥៨៩នាក់ (នារី ១៤៦នាក់) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៤,៤៧២នាក់ (នារី ៧,២៨៨នាក់) ក្នុងនោះមាននិស្សិតបរទេសចំនួន ៤៣នាក់ នារី ២៣នាក់។

លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យបានអនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹងប្រព័ន្ធវាយតម្លៃ គុណភាពអប់រំជាប្រចាំ ដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំ និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេសមួយចំនួន តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាបានចំនួន ៤៤ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិត និងសាស្រ្តាចារ្យ លើការសិក្សា, ការបង្រៀន, និងការស្រាវជ្រាវ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់ តែប្រសើរ។

ចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់សាកលវិទ្យាល័យ ជាដៃគូនានា បានចំនួន ១,៧៥៩នាក់។ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះសាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៤៦នាក់ (នារី ៣១នាក់) ទៅបន្តការសិក្សានៅបរទេស និងបញ្ជូន និស្សិតចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំនួន ១០នាក់ (នារី៥នាក់) នៅប្រទេសបារាំង ជប៉ុន ឥណ្ឌូនេស៊ី។

ក្រៅពីនេះ និស្សិតចំនួន ២៤រូប បានចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិពីចម្ងាយ តាមប្រព័ន្ធអនឡាញចំនួន ៨ប្រកួត ពាក់ព័ន្ធនឹងនីតិអន្តរជាតិ។ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ សាកលវិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ៣០រូប ទៅចូលរួមការប្រកួតសវនការប្រឌិត អន្តរជាតិចំនួន ១០ប្រកួតបន្ថែមទៀត៕