មានមតិមួយចំនួនបានលើកឡើងថា
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅខែកញ្ញាខាងមុខនេះ
ប៉ុន្តែមតិខ្លះទៀតថា ទណ្ឌិតរូបនេះ គ្មានសិទ្ធិចុះឈ្មោះបោះឆ្នោតបានឡើយ
ដោយសារតែគាត់ជាអ្នកទោសដែលមានពិរុទ្ធភាពជាប់ខ្លួន។
បើទោះជាដឹងថា
មេបក្សប្រឆាំងរូបនេះ
គ្មានសិទ្ធិស្របច្បាប់ក្នុងការចុះឈ្មោះបោះឆ្នោតក្តី
ប៉ុន្តែដោយសារមនុស្សមួយចំនួនធ្លាប់បំរើ និងទទួលផលប្រយោជន៍ពីបក្សប្រឆាំង
ហើយបើទោះបីជាទៅទទួលភារកិច្ចនៅស្ថាប័នឯករាជ្យ គ.ជ.ប ក៏ដោយ ក៏នៅតែមិនបានធ្វើខ្លួនឯងជាបុគ្គលឯករាជ្យដែរ។
លោក
គួយ ប៊ុនរឿន អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលបច្ចុប្បន្នជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) បានលើកឡើងថា
ជាគោលការណ៍ច្បាប់ លោក សម រង្ស៊ី មានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅពេលបិទបញ្ជីដំបូងអាចមានការប្តឹងជំទាស់បាន។
បើទោះជាមានការអះអាងក្នុងចេតនាបំភ័ន្តបែបនេះក្តី
ប៉ុន្តែ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងផ្ទុយពីនេះថា
ស្ថិតនៅក្នុងលក្ខខ័ណ្ឌពេលនេះ លោក សម រង្ស៊ី ត្រូវបានច្បាប់ហាមឃាត់មិនឱ្យចុះឈ្មោះបោះឆ្នោត
និងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោត ២០១៧ និង២០១៨
ខាងមុខនោះទេ។ លោកបានបន្តថា បើយោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា៥១
បានចែងថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវទៅបង្ហាញខ្លួននៅសាលាឃុំ‑សង្កាត់របស់ខ្លួន
ឬទីកន្លែងណាមួយក្នុងឃុំ‑សង្កាត់ ដែលខ្លួនកំពុងតែរស់នៅតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក
ស៊ិក ប៊ុនហុក បានបញ្ជាក់បន្ថែមថា ដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន ពេលបង្ហាញខ្លួន ប្រជាពលរដ្ឋត្រូវតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
សម្រាប់សម្គាល់អត្តសញ្ញាណរបស់ខ្លួនដល់ក្រុមចុះឈ្មោះបោះឆ្នោត
ព្រមទាំងមានសិទ្ធិបោះឆ្នោត
ស្របតាមមាត្រា ៤៦ នៃច្បាប់នេះ។ មាត្រា ៤៦ នៃច្បាប់នេះ បានចែងទៀតថា
ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខ័ណ្ឌដូចខាងក្រោម៖
មានសញ្ជាតិខ្មែរ មានអាយុ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ
គិតដល់ថ្ងៃបោះឆ្នោត មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ
សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត និងមិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធបោះឆ្នោត។
គួររំលឹកផងដែរថា ទណ្ឌិតដែលជាប្រធានបក្សប្រឆាំង បច្ចុប្បន្ននេះ
កំពុងជាប់បណ្តឹងជាច្រើនករណី បន្ថែមពីលើសាលក្រមរបស់តុលាការដែលបានចូលជាស្ថាពរ
គឺមានតម្លៃស្មើនឹងការបិទផ្លូវមិនអាចឲ្យគាត់បន្តធ្វើនយោបាយបានឡើយ។
ទណ្ឌិតរូបនេះ ត្រូវបានគេដឹងថា
កំពុងប្រឈមនឹងបណ្តឹងជាច្រើន ក្នុងនោះរួមមាន៖ បណ្តឹងរបស់លោក ហេង សំរិន ប្តឹងពីបទបរិហាកេរ្តិ៍ បណ្តឹងពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែងក្លាយដែលពន្យល់ដោយលោក ហុង
សុខហួរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ប្តឹងពីការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះលោក
ហ៊ុន សែន ។ ក្រៅពីនេះ លោក សមរង្ស៊ី កំពុងប្រឈមនឹងបទល្មើសដោយការលាបពណ៌ដោយគ្មានមូលដ្ឋានច្បាស់លាស់ទៅលើរដ្ឋាភិបាល ចំពោះការស្លាប់របស់លោក កែម ឡី ដោយបានចោទថាជាភេរវកម្មមួយរៀបចំដោយរដ្ឋអំណាច។
លោក សម រង្ស៊ី ត្រូវបានតុលាការចេញសាលក្រមស្ថាពរមួយទៀតបង្គាប់ឲ្យចាប់ខ្លួនតាមអំណាចសាលដីការស្ថាពរលេខ១៧
ក្រ៥.ប ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៣
របស់សាលាឧទ្ធរណ៍ ដែលតុលាការបានកាត់ឱ្យចាញ់ក្តីលោកឧបនាយករដ្ឋមន្រ្តី ហោ
ណាំហុង លើបណ្តឹងបរិហាកេរ្តិ៍
ហើយតុលាការក៏បានបង្គាប់អោយចាប់ខ្លួនលោក សម រង្ស៊ី មកអនុវត្តទោសផងដែរ។
ដូច្នេះ ផ្អែកតាមបទល្មើស និងលក្ខខ័ណ្ឌផ្លូវច្បាប់ដែលកំពុងប្រឈមដែលលោក
សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានប្រព្រឹត្តដោយគ្មានទំនួលខុសត្រូវ រហូតរត់ចោលស្រុក
ទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់ថា ទណ្ឌិតរូបនេះ
មិនមានសិទ្ធិចុះឈ្មោះបោះឆ្នោតដូចពលរដ្ឋខ្មែរទូទៅបានឡើយ។ អ៊ីចឹង
ហេតុផលដែលអតីតមន្ត្រីជាន់ខ្ពស់របស់ខ្លួនចេញមកអះអាងនោះ
គ្រាន់តែជាការបោកប្រាស់សាធារណមតិតែប៉ុណ្ណោះ ក្នុងន័យថា បើសិនជាទណ្ឌិតរូបនេះមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានមែននោះ
អ្នកទោសនៅពន្ធនាគារទាំងអស់ក៏ប្រហែលជាមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែរហើយ
ប៉ុន្តែតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ថា អ្នកទោស ឬទណ្ឌិតពុំមានសិទ្ធិចុះឈ្មោះបោះឆ្នោតនោះទេ។
ម៉ោងនេះ គេលែងគិត លែងខ្វល់ និងមិននឹកនាអំពីឈ្មោះសម រង្ស៊ី ទៀតនោះទេ ពីព្រោះគាត់បានបាត់បង់សិទ្ធិនយោបាយបាត់ទៅហើយ៕
អត្ថបទដោយ៖ សិទ្ធិ សេរី