Tuesday, April 12, 2022

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥

 សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥

ថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ទី ១៥ និងទី ១៦ ខែមេសា ឆ្នាំ២០២២











មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២ និងរណ្តាប់ទទួលទេវតាឆ្នាំថ្មី !

>>> ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ទំនៀមចូលឆ្នាំ (មានវីដេអូ) 

(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២២ វេលាម៉ោង១០៖០០នាទីព្រឹក។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២។

សូមដកស្រង់នូវមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២ ពីសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល មកជម្រាបជូនដូចតទៅ៖

ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្តាកន្លងទៅហើយ បាន២៥៦៥ ត្រឹមថ្ងៃអាទិត្យ១៥ កើតខែពិសាខ លុះដល់ថ្ងៃចន្ទ ១រោចខែពិសាខ ឆ្នាំខាល ចត្វាត ទៅចូលពុទ្ធសករាជ ២៥៦៦។

នឹងគណនាឆ្នាំខាលឥឡូវនេះ សង្ក្រាន្តចូលនៅថ្ងៃព្រហស្បតិ៍១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២២ វេលាម៉ោង១០៖០០នាទីព្រឹក។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិត នៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយ ព្រះអង្គជាមគ្គនាយិកាព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌បៃតងលម្អ នៅព្រះកាណ៌ ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់ សណ្ដែក-ល្ង ព្រះហស្តស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់ កាំភ្លើងទ្រង់គង់ឈរបើកព្រះនេត្រ នៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។

ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់ គុហាកែវធម្មមាលីនា ទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។

ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យហើយ នាំគ្នាចូលទៅសមាទាន រក្សាសីល សោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យ មង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។

ថ្ងៃព្រហស្បតិ៍១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២២ វេលាម៉ោង១០៖០០នាទីព្រឹក ជាថ្ងៃចូលឆ្នាំខាលត្រីស័ក (ជាវារៈមហាសង្ក្រាន្ត)។

ថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.២០២២ ជាវារៈវន័បត។

ថ្ងៃសៅរ៍១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសាគ.ស.២០២២ វេលាម៉ោង១៣ និង៤៩នាទី ៤៨វិនាទីជាវារៈឡើងស័កគម្រប់ ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំខាលចត្វាស័ក មហាសករាជ ១៩៤៤ ចុល្លសករាជ ១៣៨៤ តទៅ។

នៅក្នុងឱកាសសង្គ្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបងចិត្តអាក្រក់ អន្យតិរ៉ូយជាចិត្តអប្រិយ៍ជាប់ ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្វសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

* រណ្តាប់ទទួលទេវតា

រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

ស្រេចហើយនៅវេលាម៉ោងដែលទេវតា ចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។

ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ៕









ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ទំនៀមចូលឆ្នាំ (មានវីដេអូ)


មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម​ជំនឿ​ទំនៀម​ទម្លាប់និង​ប្រពៃណី​ របស់​​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការ​និទាន​រឿង​របស់​ចាស់ទុំ​ជា​ច្រើន។



១- ពេលវេលា​ចូល​​ឆ្នាំខ្មែរ
២- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ ៣- ជំនឿទេវតា​ឆ្នាំថ្មី ៤- ទំនៀមចូលឆ្នាំ ៥- វាលុកចេតិយ ៦- រួមអានិសង្ស ៧- អានិសង្សវាលុកចេតិយ ៨- ផ្សឹកវាលុកចេតិយ ៩- ល្បែងប្រជាប្រិយខ្មែរ ១០- របាំប្រពៃណីខ្មែរ

————————————————————-

ពិធីបុណ្យ​នេះ ដែល​មាន​និទាន​ជាលំដា​ប់ដូចតទៅ៖

១- ពេលវេលា​ចូល​​ឆ្នាំខ្មែរ


កាលដើម​ឡើយ​ខ្មែរយើង​ប្រារព្ធ​ធ្វើ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ខែ​មិគសិរ ព្រោះ​គេ​កំណត់​យកខែ​នេះជា​ដើមឆ្នាំ។

នាសម័យ​ពីព្រេងនាយ​ឆ្នាំនីមួយៗ ចែកជាបី​រដូវគឺ ហេមន្តរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណ​លោក​គិត​​

– ហេមន្ត​រដូវ = រដូវ​ត្រជាក់​ចាត់​ទុកជា​រដូវ​ដើម​ឆ្នាំ​ ប្រៀប​បាន​ដឹង​​ពេល​​ព្រឹក​ដែល​​ផុតពី​រាត្រី​គឺជាដើមថ្ងៃ។

– គិម្ហរដូវ = រដូវ​ក្ដៅ​ត្រូវ​សន្មត​ទុក​ជា​កណ្ដាល​ឆ្នាំ​ប្រៀប​ដូច​ជា​ពេល​ថ្ងៃត្រង់។

– វស្សានរដូវ = ជារដូវ​មេឃ​មីរ​ងងឹត​មាន​ភ្លៀង​ផ្គរ​ត្រូវ​ទុក​ជា​ចុង​ឆ្នាំ​ប្រៀប​បាន នឹងពេលព្រលប់។

ចំណេរកាល​ក្រោយមក គ្រាដែល​បុព្វបុរស​ខ្មែរយើង អនុលោម​ប្រើចុល្លសករាជ ជា​សំខាន់​នោះមិន​ដឹង​ជា​ប្រើ​នៅ​ក្នុង​រដូវ​កាល​ នៃ​ព្រះរាជា​មួយព្រះអង្គ ទើប​កាល​ចូល​ឆ្នាំថ្មី​មាន​ការ​ប្រែ​ប្រួល​​ហើយ​កំណត់​យក​ខែចេត្រ ជាខែដើមឆ្នាំវិញ ព្រោះ​បុព្វ​បុរស​យើង​យល់​ថា​ស្ថិត​នៅ​ក្នុង​ខែ​មិគសិរ នេះប្រជានុរាស្ត្រ កសិករខ្មែរ​យើង​ជាប់​រវល់​មមា​ញឹក​ក្នុង​បេសកកម្ម​មាន​ការ​រៀប ចំ​​ធ្វើស្រែចម្ការ​ជាដើម។ ទើបលោកកំណត់​យកពេល​ចូលឆ្នាំ​មកធ្វើ​នៅក្នុង​កំលុង​ខែ ចេត្រ​វិញ ពីព្រោះថា ខែចេត្រ​កិច្ចការ​ច្រូតកាត់​បោក​បែន​របស់​ប្រជា​កសិករ​បាន​ចប់​សព្វ​គ្រប់​ហើយ​ បណ្ដាប្រជាពល​រដ្ឋខ្មែរ យើងមាន​ពេល​ទំនេរ​មាន​ឱកាស ដើម្បី​ធ្វើ​បុណ្យ​ទាន​តាម​ធន​ធាន​​របស់​ខ្លួនមាន។ ម្យ៉ាងទៀតបានកម្សាន្ត​សប្បាយ​តាម​សេចក្ដី​ប្រាថ្នា​ការ​កំណត់​នេះ​ក៏​ជាប់​​ជា​ប្រពៃណីរ​ហូតមក​ដល់សព្វ​ថ្ងៃនេះ។

២- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូល​ឆ្នាំខ្មែរ​ជាព្រឹត្តិការណ៍​យ៉ាង​ធំមួយ​ក្នុងទឹក​ចិត្ត និងជីវភាព​ខ្មែរមុន​ពេល​បុណ្យ​ចូលឆ្នាំ​មកដល់ គេ​នាំ​គ្នារៀប​ចំបោស​សម្អាត តុបតែង​ផ្ទះសម្បែង​សម្អាត​ទីធ្លា​វត្ត​អារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់​រាន​ទេវតា បុកអង្កររកឧសដងទឹក ត្រៀម សម្លៀក​បំពាក់​ថ្មីៗ​ ។ល។ ឲ្យ​ហើយស្រេច។

ពេល​ចូលឆ្នាំ ជាពេល​ជម្រះ​ឧបទ្រពចង្រៃ​ នៃឆ្នាំចាស់ ឲ្យជ្រះស្រឡះ​ដើម្បី​ទទួល​ឆ្នាំថ្មី ទេវតា​ថ្មី ​ក្នុង​ក្ដី​សោម​នស្ស​ក្សេម​ក្សាន្ត និងសុភមង្គល។ ឆ្នាំថ្មីមក​ដល់ ស្នូរស្គ រ​គាំង​សំឡេង​ធម៌​ពរ​ជ័យ​ លាន់ឮ រន្ទឺអឺងកង ចេញ​ពី​វត្ត​​អារាម និងពី​ភូមិ​ប្រជាជន ព្រោះ​វត្តខ្លះ​នៅ​ឆ្ងាយ​ពី​ភូមិ​គេ​រៀប​ចំ​កន្លែង​មួយ​ក្នុង​ភូមិ​របស់​គេ រួចនិមន្ត​ព្រះ​សង្ឃ​មក ។​ ភ្លើង​ទៀន​ឆេះ​ព្រោង​ព្រាត ផ្សែង​ធូប​ហុយ​​ចេញ​​ពី​គ្រប់​​​រាន​​ទេវតា​​​តាមដង​ផ្លូវមុខ​ផ្ទះ​សំបែង​វត្ត​អារាម។ ចាស់ទុំ ក្រមុំ កំលោះ​ក្មេង​ក្មាង​តូចធំ​ប្រដាប់​ប្រដា​ដោយ​សម្លៀក​បំពាក់​ស្អាតៗ ចេញមក​ទទួល​ទេវតា​ឆ្នាំថ្មី។ ម្នាក់ៗ​មាន​ទឹកមុខ​រីករាយ​ស្រស់​ស្រាយ រំភើ​បក្រៃលែ​ង​ ក្រមុំ – កំលោះ ក្មេងៗ​សប្បាយ​ក្អាក​ក្អាយ​​ជាង​គេ ព្រោះជា​ឱកាស​ក៏ពិសេស​បំផុត​សម្រាប់​ពួក​គេចូល​ឆ្នាំថ្មី​កម្សាន្ត​លេង​ល្បែង​ប្រជា​ប្រិយ​ជាមួយ​គ្នា​​ដោយ​គ្មាន​ចាស់​ទុំណា​ម្នាក់ឃាំង​ឃាត់​អ្វីឡើយ។

ពេលព្រលប់​គេនាំគ្នា​ទៅស្ដាប់​ធម៌​អាថ៌​ ជាការ​ផ្ដុំ​នូវ​កុសល​សម្រាប់​ជីវិត​ជាតិ​នេះ​និង​ជាតិ​ខាង​មុខរួច​ក៏មក​ប្រមូល​ផ្ដុំគ្នា​លេង​ល្បែងប្រ​ជាប្រិយ​ផ្សេងៗ តាម​ចំណង់​ចំណូល​​ចិត្ត។ គេនាំ​គ្នាលេង​ល្បែង ចាប់កូនខ្លែង លាក់​កន្សែង ក្រុងកូនមាន់ ទាញព្រ័ត្រ ឬច្រៀង ចម្រៀង​ប្រពៃណី ឬលេង​ស្ដេចចង់ ចោលឈូង បោះអង្គញ់ លោតអន្ទាក់ រាំវង់ ។ល។ យ៉ាង​សប្បាយ​រីករាយ​។ ទោះបីយ៉ាង​ណាគេពុំ​ភ្លេចរៀប​ចំចង្ហាន់​ទៅប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​បង្សុកូល​ឧទ្ទឹស​កុសលជូ​នបុព្វការីជន ញាតិសន្ដាន ដែល​បានចែក​ឋានទៅ​កាន់​បរលោក​ហើយ​នោះ​ទេ​។ គេនាំគ្នា​ជញ្ជូន​ដីដាក់​វត្ត ពូនភ្នំខ្សាច់ រែកទឹក​ស្រង់​ព្រះពុទ្ធរូប ព្រះសង្ឃចាស់ៗ ព្រឹទ្ធាចារ្យ​ ពេលត្រឡប់​ដល់ផ្ទះ​វិញ​គេអញ្ជើញ មាតាបិតា ចាស់ទុំ មក​ផ្ងូត​ទឹក​ហើយ​ជូន​សម្លៀក​បំពាក់ថ្មីៗ នំចំណី​ដើម្បី​ជាកិច្ច​តបស្នង​សងគុណ​ចំពោះ​បុព្វការី​ជន ​របស់​គេ​ជា​។ ទម្លាប់​​ដល់​ថ្ងៃ​​ឆ្លង​បុណ្យ គេពិនិត្យឃើញ​​តាមក្រោម​ម្លប់​ឈើធំៗ មាន​លេង​ល្បែង​ប្រជា​ប្រិយ​ផ្សេង​ៗ តាមចំណង់​ចំណូល​ចិត្តរៀងៗ​ខ្លួន អ្នកខ្លះ​ទៀត​គេនាំ​គ្នាទៅ​ទស្សនា​កម្សាន្ត ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន គោរព​បូជា​វត្ថុស័ក្តិសិទ្ធិ​ភ្ជាប់​បរិយាកាស​រីករាយ​នេះទៅ នឹង​បរិយាកាស​សម័យ​ពីព្រេង​នាយ ដ៏​រុងរឿង តាមតំបន់​ជាច្រើន​យ៉ាង​សន្ធឹក​សន្ធាប់។

នៅ​ក្នុង​​ពេល​ចូល​ឆ្នាំ​ម្ដងៗ ពួកគេ​មិន​មែន​សប្បាយ​ត្រឹម​តែ រយៈ​ពេល​៣ថ្ងៃ​ប៉ុណ្ណោះ​ទេ​គេ​ចាប់លេង​សប្បាយ​របៀប​នេះមុន និងក្រោយ​ថ្ងៃចូល​ឆ្នាំ​ប៉ុន្មាន​ថ្ងៃទៀត​ផង ហើយគេ​នាំ​គ្នា​ធ្វើ​បុណ្យ​កុសល ឲ្យអស់ចិត្ត​សប្បាយ​ដើម្បី​អបអរសាទ​រចំពោះ​ជីវិត​ថ្មី​របស់​គេ ដែល​បាន​ហែល​ឆ្លង​កាត់​ឧបសគ្គ ទទួលជោគជ័យក្នុ​ងរយៈ​ពេលឆ្នាំ​ចាស់​កន្លងទៅ និង​ដើម្បី​ត្រៀម​ចាំ​ទទួល​ភារកិច្ចថ្មី ត្រៀមចាំ​រដូវសាប​ព្រោះ ដកស្ទូង ត្រៀមចាំទឹក​ភ្លៀង ដែលនឹង​បង្អុរចុះ​មក នា ដើមវស្សាន​រដូវ នៃឆ្នាំថ្មី​ដ៏ខ្លីខាងមុខ។

៣- ជំនឿទេវតា​ឆ្នាំថ្មី

ពាក្យថា«សង្ក្រាន្ត​​»គឺជាចន្លោះ​ពេលវេលា នៃដំណើរដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលមាន​ការ​ទាក់​ទង​យ៉ាង​ជិត​ស្និត ជាមួយនិងរាសីចក្រទាំង៧ ក្នុងសង្រ្គាន្ត។ សូត្រ​និទាន​ថា ក្នុងដើម​​ភទ្ទកប្ប​​នេះមាន​​បុរស​ម្នាក់​ឈ្មោះ ធម្មបាល ជា​អ្នក​ប្រាជ្ញ​ចេះ​ចប់​ត្រៃ​វេទ ។ ឳពុក ធម្មបាល បានសាងសង់​ប្រាសាទមួយ នៅក្រោម​ដើម​​ជ្រៃ នៅ​ច្រាំងទន្លេ ដែល​មាន​ហ្វូង​សត្វ​រស់​នៅជាច្រើន ធម្មបាលកុមារ​មានសមត្ថភាពពិសេស អាច​និយាយ និងស្តាប់​​ភាសា​​សត្វ​ទៀត​​ផង។ ខណៈនេះហើយដែលធ្វើឱ្យគាត់ ក្លាយជាមនុស្សម្នាក់ ដែល​មាន​តួនា​ទី​ក្នុង​ការ​ចាត់​ចែង​ពិធី​បុណ្យសម្រាប់ប្រជាជនទាំងអស់។ ​ធម្មបាល ​តែង​សម្ដែង​មង្គល​ដល់​មនុស្ស​ផង​ទាំង​​ពួង។ ក្នុងការលេចឮ ដល់មេដឹកនាំសាសនាដ៏ទៃទៀត ដែលស​ម័យ​នោះ​​គេគោរ​ព​បូជា​​មហា​ព្រហ្ម។ មហា​​ព្រហ្ម​បានជ្រាប​ថា ធម្មបាល​កុមារ ជាអ្នក​ប្រាជ្ញក៏​បាន​​ដាក់​ប្រស្នា៣ខ ទៅ ​ធម្មបាល ​ហើយ​សន្យា​ថា ប្រសិន​​បើធម្មបាល​ដោះ​ស្រាយ​​ប្រស្នា​នេះរួច កបិល​មហា​ព្រហ្ម​នឹងកាត់ព្រះ​សិរសរបស់​​ខ្លួន​ បូជា​ធម្មបាល តែ​បើ​​ធម្មបាល​ដោះ​ស្រាយ​ប្រស្នាមិ​នរួ​ច​ទេ​ត្រូវ​​កាត់​ក្បាល​​បូជា​​មហា​ព្រហ្មវិញ។

ធម្មបាល​សុំបង្អង់​៧​​ថ្ងៃសិន ដើម្បីគិត​ប្រស្នា​ប៉ុន្តែ​៦​ថ្ងៃ​កន្លង​ផុតទៅ ហើយ​នៅតែ​គិត​មិន​ឃើញ​សោះ។ ធម្មបាល​ក៏សម្រេច​ចិត្តរត់គេចពី កបិល​មហា​ព្រហ្ម​​ ដោយ​បណ្តោយ​តាម​វាសនា​ ដោយ​ភាព​អស់​កំលាំង​ និង​នឿយ​​ហត់ពេកធម្មបាលកុមារ  បាន​ទៅសម្រាក​ក្រោម​ដើម​ត្នោត​ ដែល​​ជា​លំ​នៅ​នៃ​​សត្វ​ឥន្ទ្រី​មួយគូរ។ ជា​ភ័ព្វ​​​សំ​​ណាង​​​ធម្មបាល​បានឮ​សត្វ​ឥន្ទ្រី ញី ឈ្មោល និយា​យ​គ្នា៖

ញី– តើ​ព្រឹកស្អែក​នេះយើ​ង​​បាន​​អីឆី?

ឈ្មោល– យើងឆីសាច់ធម្មបាល​កុមារ​ ព្រោះ​ត្រូវ​​កបិល​​មហា​​ព្រហ្ម​​កាត់ក ដោយ​​ដោះប្រស្នា​មិន​រួច។

ញី– ប្រស្នានោះ​ដូច​ម្ដេច?

ឈ្មោល- ​ប្រស្នា​ទី១ វេលាព្រឹក​សិរី​សួស្តីស្ថិតនៅ​ត្រង់ណា? ត្រូវ​ឆ្លើយ​ថាសិរីសួស្តី​ពេល​ព្រឹក​​​ស្ថិតនៅ​មុខ​ ដូច្នេះ​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹកលាង​មុខ។ ប្រស្នា​ទី២ ថ្ងៃត្រង់​សិរី​​សួស្តីស្ថិត​នៅត្រង់ណា? ត្រូវឆ្លើយ​ថាសិរីសួស្តី​ស្ថិត​នៅដើម​ទ្រូង​ ដូច្នេះ​​មនុស្ស​ត្រូវ​​លាង​​ទ្រូង ​ឬយកទឹក​មកស្រឡាប​លើទ្រូង។ ប្រស្នា​ទី៣ ពេល​យប់​​សិរី​សួស្តី​ស្ថិតនៅត្រង់​ណា? ឆ្លើយ​ថា​សិរី​សួស្តី​ស្ថិត​​នៅជើង ដូច្នេះមនុស្សត្រូវ​លាងជើង។

ហេតុនេះ​ពាក្យពេចន៍​ទាំងប៉ុន្មាន​របស់ស​ត្វ​ឥន្ទ្រី​ទាំងពីរ​ក៏បាន​ជាពន្លឹក ដល់ធម្មបាល ក្នុង​ការដោះស្រាយ​ប្រស្នា កបិលមហាព្រហ្ម រួចចៀស​ផុតពីមរណៈ។ កបិលម​ហា​ព្រហ្ម សុខ​ចិត្ត​ចុះចាញ់​ដោយ​កាត់​ព្រះសិរសា​បូជា​ចំពោះ​ធម្មបាល​។​ មុននឹង​កាត់ព្រះ​សិរ​សា កបិល​មហា​ព្រហ្ម បានត្រាស់​ហៅទេព​​ធីតា​ទាំង៧អង្គ ដែលជា​បុត្រី របស់ខ្លួន ដោយឆ្តាំថា ព្រះសិរ របស់កបិល​មហា​ព្រហ្ម មិនអាចដាក់ក្នុងភពទាំងបី ណា​មួយ​បាន​ទេ ​​បើដាក់លើដី ដីនិងឆេះ បើបោះទៅក្នុងអាកាស នឹងបង្កឱ្យមានភាពរាំងស្ងួត​គ្មានភ្លៀង បើសិន​បោះ​ចូល​សមុទ្រ សមុទ្រនិងរីងស្ងួត ។ ទើប​កបិល​មហា​ព្រហ្ម ឱ្យបុត្រីទាំង៧ យកជើងពានមកតម្កល់ ព្រះសិ​រសា ​ដោយប្រគល់ឱ្យ ទៅបុត្រីទី១ ព្រះនាម ទុង្សា ទេវី ដែលជាបុត្រីច្បង ហើយ​ព្រះនាង​បាន​កំដរ​សិរសា​បិតា​​ដាក់​លើជើង​ពាន រួចធ្វើពិធីប្រទាក់សិនជុំវិញភ្នំព្រះសុមេរុអស់រយៈ​ពេល ៦០នាទី រក្សាជើង​ពាន​យ៉ាង​គោរ​ព​នៅលើព្រះហស្ថស្តាំ ហើយបន្តទៅ ប្រតិស្ឋាន​ទុក​នៅ​ក្នុងមណ្ឌលភ្នំកៃលាស។

លុះដល់​គម្រប់មួយ​ឆ្នាំសង្ក្រាន្ត​ថ្មីចូល​មកដល់ ទើបនាងធីតា​ទាំង​៧អង្គ ផ្លាស់​វេន​គ្នា​ដង្ហែ​ព្រះសិរសា កបិល​មហា​ព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ​ជារៀង​រាល់ឆ្នាំ។


ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គ្រឿងអាភរណៈ

ថ្ងៃទេពធីតាមហាសង្រ្កានគ្រឿងអាភរណៈ
ថ្ងៃអាទិត្យព្រះនាង ទុង្សាទេវីសៀតផ្កាទទឹម​​ គ្រឿងប្រដាប់បទុមរាគ ភក្សាហារ​ផ្លែ​ឧទុម្ពរ អាវុធ​ស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។
ថ្ងៃចន្ទ័ព្រះនាង គោរាគទេវីសៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធ​ស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។
ថ្ងៃអង្គារព្រះនាង រាគ្យសាទេវីសៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត
អាវុធ​​ស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។
ថ្ងៃពុធព្រះនាង មណ្ឌាទេវីសៀតផ្កាចំប៉ា គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារ​ទឹកដោះ​សប្បិ​ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។
ថ្ងៃព្រហស្បតិ៍ព្រះនាង កិរិណីទេវីសៀតផ្កាមណ្ឌា  គ្រឿងប្រដាប់មរកត  ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។
ថ្ងៃសុក្រព្រះនាង កិមិរាទេវីសៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារ​ចេក​​ណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណ ពាហនៈក្របី ។
ថ្ងៃសៅរ៍ព្រះនាង មហោទរាសៀតផ្កាត្រកៀត  គ្រឿងប្រដាប់នីលរត័ន៍  ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ  ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។

ដោយ​មានជំនឿ​បែប​នេះ​ហើយ ទើប​ខ្មែរ​យើង​បាន​រៀប​ចំពី​បូជា​ទេវតា​ដែល​ត្រូវ​ដង្ហែ​ព្រះសិរសា កបិល​មហា​ព្រហ្ម​ និង​ត្រូវ​អភិបាល​ពិភព​លោក​រាល់ឆ្នាំ​ចូលម​ក​ដល់​មិន​ដែល​អាក់​ខាន​ឡើយ​។

៤- ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​​ឆ្នាំ​​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វារៈវ័នបត ថ្ងៃទី៣ ជាថ្ងៃ​វារៈឡើង​ស័ក។ ឯ​ការ​​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​​ ដែល​ឆ្នាំ​ចាស់​​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​​ទទួល​​តំណែង​​ពី​ទេព្តា​​ឆ្នាំ​​ចាស់​​នោះ គេ​អាច​ដឹង​​បាន​យ៉ាង​​ទៀង​ទាត់ ដោយ​​អាស្រ័យ​​តាម​ក្បួន​ហោរា​សាស្ត្រ​​បែប​​បុរាណ ​គឺ​ក្បួន​មហាសង្ក្រាន្ត​ នេះឯង។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​​សម័យ​ក្រុង​​នគរធំ​ឡើង​​ទៅ​ខ្មែរ​​យើង​ប្រើ​​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​​កំនត់​យក​​ខែ​មិគ​​សិរ​ ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​​មក​ទើប​គេ​​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ)ជា​សំខាន់​​វិញ​ហើយ កំណត់​ ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​​កំនត់​ព្រះអាទិត្យ​ចូល​កាន់​​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ រ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃ​ខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​​ទៅ​មាន​​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​​ក្នុង​ថ្ងៃទី១៤ ក៏​មាន​ខ្លះដែរ ។ មហា​សង្ក្រាន្ត​​ដែល​​ប្រើ​​របៀប​​គន់គូរ​​តាម​​សុរិយ​គតិ​មាន​​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​​ត្រង់​ពី​លើ​ក្បាល​​ជា​​សង្ក្រាន្ត)។ មហា​សង្ក្រាន្ត​​ដែល​ប្រើ​​របៀប​​គន់​គូរ​​តាម​ចន្ទ​គតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​​ព្រះអាទិត្យ​​ដើរ​បញ្ឈៀង​​មិន​ត្រង់​​ពី​លើ) ។ គេ​នៅ​​ប្រើ​ចន្ទ​គតិ​​អែប​គ្នា នឹ​ង​​សុរិយគតិ​ដែរ ព្រោះ​ច​ន្ទគតិ​មាន​​ទំនាក់ទំនង​​នឹង​​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​​ឯ​ថ្ងៃ​ចូលឆ្នាំ​​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​​ណា​មួយ​ទេ ជួន​កាល​​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។

ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​​ចូល​ឆ្នាំ​​គេ​នាំ​​គ្នា​​ប្រុង​​ប្រៀប រក​ស្បៀង​​អាហារ​​សំអាត​​ផ្ទះ​សំបែង រែក​ទឹក​ដាក់​​ពាង រក​អុស​​ទុក​កាត់​​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។

ថ្ងៃ​ចូល​ឆ្នាំ​មក​​ដល់​គេ​រៀប​​គ្រឿង​​សក្ការៈ​​បូជា​​សំរាប់​​ទទួល​​ទេវតា​ថ្មី​​មាន : បាយ​សី​​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​​សំបែង​​គេ​តុប​តែង​​រំលេច​​ដោយ​​អំពូល​អគ្គីសនី​ខ្សែ​តូចៗ​​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​​សំរាប់​​ទទួល​​ទេព្តា​ថ្មី​។ លុះ​ដល់​​វេលា​​កំណត់​​ទេព្តា​ថ្មី​ចុះ​​មក​ហើយ គេ​នាំ​កូ​ន​ចៅ​​អង្គុយ​ជុំ​គ្នា នៅ​ជិត​​កន្លែង​រៀប​​គ្រឿង​សក្ការៈ​នោះ ហើយ​​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។

ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ…ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​​ចូល​​ឆ្នាំ​​នោះ​គឺ :

ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​​ព្រះវិហារ រឺ​នៅ​ជុំវិញ​​ដើម​ពោធិ៍ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​​ប្រគេន​​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។

ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណី ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ ។

ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

៥- វាលុកចេតិយ

ពាក្យ​​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​​គឺ​គេ​យក​ខ្សាច់​​សុទ្ធ​មក​​ចាក់​នៅ​​កណ្តាល​ទីធ្លា ​ដែល​គេ​ បាន​​កំណត់ រួចពូនអោយ​​ចេញ​ជា​រាង​​ចេតិយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គេ​​សន្មត់​​ហៅ​ថា «វាលុក​ចេតិយ​» គឺ​តំណាង​​អោយ​ព្រះ​ចូឡាម​ណី​ចេតិយ ​ដែល​សាង​​សំរាប់​​បញ្ចុះ​​ព្រះ​កេសា និង​​ព្រះ​ចង្កូម​កែវ​​នៃ​ព្រះ​ពុទ្ធ​បរមគ្រូ ។ ការពូន​​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយ​ម​ពូន​ភ្នំ​អង្ករ​នៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​​ផង​ដែរ។ ភ្នំខ្សាច់​​ដែល​​គេ​ពូន​​មិន​មាន​​កំណត់​ថា ត្រូវ​មាន​​ខ្នាត​តូច​​ខ្ពស់​​ទាប​​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​​ទៅ​តាម​​ការ​ពេញ​ចិត្ត​របស់​​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​​ភ្នំ​មួ​យ​នៅ​​កណ្តាល ហើយ​ត្រូវ​​មាន​​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​​ភ្នំ​គេ​មាន​​ធ្វើរាជ​វត័ តុប​តែង​​លំអ​ស្លឹក​​ដូង ស្លឹក​​រំសែ​​ជា​បួន​​ជ្រុង​​មាន​​ទ្វារ ចេញ​​ចូល​តាម​ទិស​​ធំ​ទាំង ៤ ។ នៅ​ជុំវិញរា​ជ​វ័តគេ​​មាន​​រៀប​រាន​​ទេវតា​គ្រប់​​ទិស​ទាំង ៨។ នៅ​លើ​រាន​​ទេវតា​និមួយៗ​​គេ​រៀប​ស្លាធម៌​​មួយ​គូ​បាយ​​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​​ទៀន​​ធូប​​ថ្វាយ ។ នៅ​ពី​​មុខ​​ភ្នំ​ខ្សាច់​​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្តាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

៦- រួមអានិសង្ស

ព្រះបរម​សាស្តាទ្រង់បានសំដែង​អំពីអានិសង្ស​ ដែលបានកសាង​បុណ្យកុសល ក្នុងឱកាស​ដាច់ ឆ្នាំចាស់ ចូល​ឆ្នាំថ្មី ដោយពិស្តារ​អ្នកដែលបាន ផ្ងូតទឹកអោយមាតា​បិតាគ្រូ​ឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្ត​នោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាសដោយ​ពពួក​នាង​នារី​សឹងមានរូបឆោម​ដ៏ល្អនិងសំបូរដោយ​ចតុរង្គសេនា ជាអ្នក បាននូវ​សេចក្តីសុខ​គ្រប់យ៉ាង ។ អ្នក​ដែល​បាន​លែង​សត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយ​អំណាច​ដែល​បាន​លែង​សត្វ​អម្បាល​នោះអ្នក​នោះ​រមែងជា អ្នកមានអាយុ​យឺនយូរ ជាអ្នក​មាន​សុខ​ច្រើន​ឥត​មាន​រោគ​ភ័យ​មក​បៀត​បៀន​ក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិ​សង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះ​ទោះ​ទៅ​កើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមាន​សម្បុរ​កាយ​ផូរ​ផង់ ជាទី គាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និង​ព្រះ​វិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយា​នូវ​គណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយ​ប្រការ​ដូច្នេះហើយបានជានៅឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះ​លែង​សត្វ​ផ្សេងៗ​តែង​នាំគ្នា​ធ្វើ​បុណ្យ​ផ្សេងៗ..ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

៧- អានិសង្សវាលុកចេតិយ


អំពីមហា​សំការ​សូត្រ​នៅមាន​រឿង​ទៀត​ហៅថា «អានិសង្សវាលុកចេតិយ» ជារឿង​ដែល​គេ តែង​ជា​ភាសា​ខ្មែរ​មក​យូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវា​លុក​ចេតិយថាមានផល្លា និសង្សជា​អនេ​កប្បកា​រវេលា​ឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងម​កប្រកបជាឧទាហរណ៍គឺ :

– និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើក សំពៅទៅជួញ​បាន​ប្រទះ​ឃើញផ្នូក​ខ្សាច់សល្អនៅតាម​ឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ ដែលទៅជួញ ជាមួយគ្នា​បើក​សំពៅ​ឆៀង​ចូល​ចត​នៅទៀប ផ្នូកខ្សាច់នោះ ហើយនាំគ្នាក ជាវាលុកចេតិយឧទ្ទិស​ជាតំណាងចូ​ឡាមណី​ចេតិយ​ដែល​បញ្ចុះព្រះ​ចង្កូម​កែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹង​ប្រតិស្ឋាន​នៅឋាន​ត្រៃត្រិង្ស​ទេវ​លោក​​ស្រេចហើយ​ពួកពាណិជ ទាំងនោះក៏បេះយកផ្កា​ឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំ​គ្នាចុះ​សំពៅ​បើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិលុះច្យុតពីសួគ៌ក៏កើតក្នុងមនុស្ស លោកបាន​ជា​ស្តេច​​ឯរាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាច​ផល្លានិសង្ស ដែលបានវាលុកចេតិយ ។

– និទានទី២ ដំណាលពីនាយ​នេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាប​សំលាប់ស​ត្វប​រិភោគតាំងពី​តូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយ​មាន​ភិក្ខុ​សង្ឃ ១រូបនឹកអាណិតនាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយអោយបានសាងបុណ្យកុសលខ្លះ លុះ​គិត​ដូច្នេះ​លោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះ​វេលា​ព្រឹកនាយ​នេសាទ​លី​លំពែង​ ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។   ដំបូង​នាយ​ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១​ពំនូត​ប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវ ពួកយម បាល​ឬ​យម​ភូបាល​យកខ្លួនទៅសួរយកចំលើយអំពីរឿងកាលនៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយ​នេសាទ​​តបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយម​បាល​ក៏នាំ​គ្នា​ចាប់​បោះ​ទៅក្នុង​រណ្តៅ​ភ្លើង​នរកតែមិនឆេះ ត្រឡប់ជា​ខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួល​នាយ​នេសាទ​ក្រឡេក ទៅឃើញអណ្តាតភ្លើងមានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួន បាន​ធ្វើទើប ឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយម ភូបាល​ប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយក​ខ្លួន​មក​អោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បាន​ទៅ​កើត​ឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និង​ស្រី​ទេព​​កញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃ​នឹក​ឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយចូលទៅដេក នាង សុវណ្ណ​ឱរ៉ៃ​ឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិនីទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះ សូមព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះ​អ្នកណាធ្វើបាប អម្បាលម៉ានក្តីបើចង់ អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាង​វាលុក​ចេតិយ​ធ្វើបុណ្យ​ឆ្លងហើយនឹង រួចអំពីកម្មពៀរនោះហោង» ហេតុនេះ​សូមព្រះ​អង្គ​ធ្វើតាមព្រះ​ពុទ្ធ​បន្ទូល​នេះចុះ​ទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។

អន្នំលោកង្សិនីទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លង​ហើយ​ស្រេច​ក្នុងរវាង ៧ថ្ងៃនោះឯង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាលក៏​ទៅដល់​ស្រែក​ហៅ​រក​ខ្លួន​អន្នំលោកង្សិនីទេវបុត្រអោយចេញមក គ្រានោះអន្នំលោក ង្សិនីទេវបុត្រគេចមុខចេញ នាង​សុវណ្ណ​ឱរ៉ៃចេញ​មកទទួល។ និយាយជាសំនួរ តបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះ​ស្វាមី​យើងបានសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងរួចហើយ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើ​នៅតែត្រូវការយកខ្លួនទៅ ធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យម​បាល​​តបថា មិនសល់ ក្រអ្វី ទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់​ខ្សាច់ ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែឯគ្រាប់ ខ្សាច់ក្នុងពែងគង់នៅដដែលគ្មានស្រកស្រុតទៅណាសោះ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។

ចំណែកអន្នំ​លោក​ង្សិនី​ទេវបុត្របាន នៅសោយសម្បត្តិក្នុងទេវលោកអស់​កាលអ​ង្វែងត​មកទៀត មិន​បាន​ទៅ​សោយ​ទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្ស​ដែល​បាន​សាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោលហើយ។

– និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់ នោះរាល់ៗថ្ងៃ ប្រឡាក់​ទៅដោយដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្រ​បើក​ទិព្វ​ចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធ​ចៅកំជិល​ខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅ​ក្មេង​ណាស់​មិន​ទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួន​ជា​ទេព​ធីតា​ ព្រះ​ឥន្ទ្រប្រើ អោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្ត ដោយ​នាង​មានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រម យក ។ ចៅកំជិល​ខ្សាច់​តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាត បាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់​ដោយ​នាងទេពធីតាជួយថែសំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់​តែល្បី​កេរ្តិ៍​ឈ្មោះ​ទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះ​ពួកមន្ត្រីសេនាបតីជាដើម ក៏បាន​ទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នក​ទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផល​ដែល​ជាទិដ្ឋ​ធម្ម​វេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។​កាលកើត​មានរឿង​សំដែង​អំពី​អានិ​សង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើត​សេច​ក្តី​ជឿ​និង​ជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ជាប្រវេណីដរាបមក ដល់បច្ចុប្បន្នកាល ។

១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូឡាមណី ចេតិយ រួចយក​កំណាត់​សប្រវែងប្រមាណមួយ​ម៉ែត្រកន្លះទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយ​បន្ត​អំបោះ​មកដល់​ភ្នំ​ទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលងឬរំលាយ​មុន​គេផ្សឹក​ទុកត្រូវទទួលបាប ។

៨- ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់ អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំ ខមាទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​ឡាយកន្លងមក ដោយការអនុគ្រោះ សុំអោយផ្តាច់កម្មផ្តាច់ ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នក ដែល ចែកឋានទៅមានមាតាបិតាជីដូន ជីតា​ព្រម​ទាំង​ញតិ​មិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយ​បង្គំ​ព្រះ​សមា​ទាន​សីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេល​បញ្ចប់ ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់​ផ្តើមពិធី​នៅ​ចំពោះ ភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយ​គ្នានេះ​ដែរ​ព្រះសង្ឃ​សូត្រ​ពុទ្ធ​មន្ត​ប្រសិទ្ធិពរ​ជ័យ​សិរី​មង្គល​​នៅធម្មសាលា។ អាចារ្យបាន បន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើ​កិច្ចផ្សឹក​ភ្នំវិញ​ដោយ​ពោល​ថា : «ឥមំវាលុក ចេតិយំ បច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកឥឡូវនេះនូវវាលុកចេតិយនេះចេញ» គឺលែង​ប្រកាន់​​ថាជា ចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្ត ប្រ គេនព្រះ​សង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះនិង អារាធនា ព្រះសង្ឃ​សំដែង​ធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កាបាញ់ទឹកអប់ «ស្រង់ព្រះ»។​ នេះ​ជាពិធីតាមបែបសាសនា ៕

៩- ល្បែងប្រជាប្រិយខ្មែរ
  1. ល្បែងចាប់កូនខ្លែង
  2. ល្បែងទាញព្រ័ត្រ
  3. ល្បែងចោលឈូង
  4. ល្បែងលាក់កន្សែង
  5. ល្បែង​ស្តេចចង់​ ឬល្បែងអៀវ
  6. ល្បែង​បោះ​អង្គញ់
  7. ល្បែង លោតអន្ទាក់
  8. ល្បែង​ប្រជល់មាន់
  9. ល្បែងបិទពួន
  10. ល្បែង​គ្របមាន់
  11. ល្បែង​ឱបត្រឡាច ឬបេះឳឡឹក
១០- របាំប្រពៃណីខ្មែរ

វិភាគអន្តរជាតិ៖ ចិនរៀនបានអ្វីខ្លះពីសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន?


(វ៉ាស៊ីនតោន)៖ សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៤៧ហើយ ដោយមិនទាន់មានសញ្ញាណាមួយបង្ហាញថានឹងបញ្ចប់ នៅពេលណានោះទេ ចំពោះមុខការព្រមានថាកងទ័ពរុស្ស៉ីកំពុងដកថយប្រមូលកម្លាំង និងរៀបចំយុទ្ធសាស្ត្រឡើងវិញ ដើម្បីវាយកាន់កាប់តំបន់ ភាគខាងកើតរបស់អ៊ុយក្រែនទាំងស្រុង។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងប្រទេសភាគច្រើនដែលជាសមាជិក អង្គការសហប្រជាជាតិសុទ្ធតែបានថ្កោលទោសថាការប្រើកម្លាំងយោធារបស់រុស្ស៉ីលើអ៊ុយក្រែនគឺជា «ទង្វើឈ្លានពាន»។


ក៏ប៉ុន្តែ ចិនមិនបានថ្កោលទោស ហើយក៏មិនបានបង្ហាញការគាំទ្រដល់សង្រ្គាមរបស់លោក ពូទីននោះដែរ ខណៈអ្នកជំនាញខ្លះយល់ថាចិនកំពុង រៀនសូត្រពីសង្រ្គាមនៅអ៊ុយក្រែន។ ម្លោះហើយថាតើចិនកំពុងស្រង់មេរៀនអ្វីខ្លះពីបទពិសោធន៍នៃសង្រ្គាមរបស់រុស្ស៊ី? ហើយតើវាមានជាប់ពាក់ព័ន្ធ អ្វីដែរនឹងអនាគតរវាងចិន និងកោះតៃវ៉ាន់?


* ចិននឹងមិនផ្លាស់ប្ដូរគោលនយោបាយចំពោះរុស្ស៉ីទេ

ទោះបីជាមានការអំពាវនាវពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចឱ្យចិនផ្លាស់ប្ដូរគោលនយោបាយសព្វថ្ងៃរបស់ខ្លួនចំពោះរុស្ស៉ី ក៏ដោយ តែការផ្លាស់ប្ដូរគោលនយោបាធំណាមួយរបស់ចិន ទំនងជានឹងមិនអាចធ្វើទៅរួចទេ។ ពីព្រោះចិនដឹងច្បាស់ថាការបោះបង់ចោលរុស្ស៉ី មិនអាចធ្វើឱ្យសហរដ្ឋអាមេរិក បង់បោះចោលគំនិតដែលចាត់ទុកចិនជាសត្រូវភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់ខ្លួន នៅក្នុងស.វទី២១ នេះនោះទេ។ ផ្ទុយទៅវិញ បើចិនផាត់រុស្ស៉ីចោល នោះចិនខ្លួនឯងដែលជាអ្នកត្រូវប្រឈមមុខតែម្នាក់ឯងជាមួយអាមេរិក និងលោកខាងលិច ទៅថ្ងៃអនាគត ឬអាចនិយាយឱ្យងាយស្ដាប់ បើមានរុស្ស៉ីនៅក្បែរ ចិនអាចធ្វើឱ្យអាមេរិកឈឺក្បាលមិនតិចនោះទេ ពោលគឺអាមេរិកត្រូវបែងចែក ធនធានដែលខ្លួនមានដើម្បីតាមមើលរុស្ស៉ីនៅអឺរ៉ុប ហើយឃ្លាំមើលចិននៅអាស៊ី។


* សង្រ្គាមអ៊ុយក្រែនផ្ដល់មេរៀន និងឱកាសឱ្យចិន

សង្រ្គាមនៅអ៊ុយក្រែន វាមិនមែនត្រឹមតែជាពន្លកនៃសង្រ្គាមត្រជាក់ថ្មីមួយរវាងរុស្ស៉ី និងប្លុកលោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើតេស្ដមួយ ដ៏ធំលើភាពរឹងមាំនៃទំនាក់ទំនងរវាងចិន និងរុស្ស៉ីផងដែរ ហើយទំនាក់ទំនងនេះនឹងត្រូវបានតម្លៃដោយសេដ្ឋកិច្ច, ទំនាក់ទំនងការទូត និងផលប្រយោជន៍យុទ្ធសាស្ត្រទប់ទល់ជាមួយលោកខាងលិច។ ឬអាចនិយាយម្យ៉ាងទៀតបានថារុស្ស៉ីនឹងកាន់តែពឹងផ្អែកលើខ្លាំងលើចិនទាំង សេដ្ឋកិច្ច, បច្ចេកវិទ្យា, នយោបាយ និងការទូត គឺវាអាស្រ័យថាតើលោកខាងលិចធ្វើឱ្យមូស្គូឯកាដល់កម្រិតណា។


និយាយជារួម ការធ្វើឱ្យរុស្ស៉ីទន់ខ្សោយដោយសារសង្រ្គាម ឬទណ្ឌកម្ម ប៉ុន្តែមិនចលាចល និងមិនអស្ថិរភាព វាគឺស្របទៅនឹងផលប្រយោជន៍ រយៈពេលវែងរបស់ចិន។ ពីព្រោះថាចង់ ឬមិនចង់ វានឹងធ្វើឱ្យរុស្ស៉ីកាន់តែត្រូវការចិន ខ្លាំងជាងចិនត្រូវការរុស្ស៉ី។ ដោយឡែក ក្រៅតែពីឱកាស ចិនក៏អាចស្រង់យកមេរៀនសំខាន់ៗពីសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ក្រុមអ្នកជំនាញលោកខាងលិចបាននិយាយថាប្រសិទ្ធភាពនៃទណ្ឌកម្មប្រឆាំង រុស្ស៉ីពីសំណាក់បណ្ដាប្រទេសលោកខាងលិច អាចនឹងកំញើញចិនកុំឱ្យយកគំរូតាមរុស្ស៉ីប្រើកម្លាំងយោធាលើតៃវ៉ាន់។


ជាការពិតណាស់, មានមេរៀនដ៏មានតម្លៃ ៣យ៉ាងដែលចិនកំពុងរៀនពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ម្យ៉ាង ចិនអាចនឹងធ្វើការសន្និដ្ឋានថា ការប្រើកម្លាំងយោធាលើកោះតៃវ៉ាន់ក្នុងពេលអនាគតដ៏ខ្លី ឬមធ្យម ហើយគួបផ្សំនឹងបរិបទបច្ចុប្បន្ន ដែលបក្សសម្ព័ន្ធប្រឆាំងចិនលេចរូបរាងឡើង ជាបន្តបន្ទាប់នៅក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដូចជា AUKUS ឬ Quad គឺមិនអាចធ្វើទៅបានឡើយ។ ផ្ទុយទៅវិញ អ្វីដែលចិនត្រូវធ្វើ គឺមានតែខំប្រឹងពង្រឹងសមត្ថភាពខ្លួនឯង រង់ចាំឱកាសល្អមកដល់។ ចំណែកឯ មេរៀនទី២ គឺចិននឹងបង្កើនគោលនយោបាយ

កាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច, បច្ចេកវិទ្យា និងធនធាន។ ប៉ុន្តែរឿងបែបនេះមិនអាចប្រើពេលមួយឆ្នាំពីរឆ្នាំចង់សម្រេចវា ឱ្យបាននោះទេ។ ចុងក្រោយគេ, ចិននឹងរៀនសូត្រពីកំហុសឆ្គងរបស់កងទ័ពរុស្ស៉ីនៅលើសមរភូមិសង្រ្គាមអ៊ុយក្រែន, ការទូត និងជាពិសេសគឺ ប្រព័ន្ធផ្សព្វផ្សាយតែម្ដង ដូចដែលចិនធ្លាប់បានរៀនសូត្រពីបរាជ័យនៃអតីតសហភាពសូវៀត ដែលមេរៀនមួយជួយឱ្យចិនពង្រីកឥទ្ធិពលរបស់ខ្លួន អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ និងក្លាយជាមហាអំណាចមួយដូចសព្វថ្ងៃ។


* ចិនព្យាយាមធ្វើយ៉ាងណាកុំឱ្យមានវាសនាដូចរុស្ស៉ី

ថ្នាក់ដឹកនាំចិនបានមើលឃើញយ៉ាងច្បាស់ពីសាមគ្គីភាពរបស់លោកខាងលិចក្នុងការចាត់វិធានការឆ្លើយតប្រឆាំងនឹងរុស្ស៉ី ដែលនេះបាននិងកំពុង ធ្វើឱ្យចិនធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្នជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក រឿងមួយដែលគេតែងតែលើកយកមកជជែក នៅស្រុកចិន នោះគឺចិនត្រូវតែពង្រឹងសេដ្ឋកិច្ច, បច្ចេកវិទ្យា និងអភិវឌ្ឍសមត្ថភាពយោធាឱ្យមានសមត្ថភាពការពារខ្លួនឯង។


តាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុងនេះ, ចិនសង្ឃឹមថាអាចនឹងការពារខ្លួនពីផលវិបាក ឬការខូចខាតដូចដែលរុស្ស៉ីកំពុងជួបប្រទះ នោះគឺទណ្ឌកម្ម សេដ្ឋកិច្ច។ តួយ៉ាងភ្លាមៗ នៅក្រោយសង្រ្គាមផ្ទុះឡើង ចិនបានធ្វើសកម្មភាពយ៉ាងប្រុងប្រយ័ត្នពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៉ី ហើយ ធ្វើដូច្នេះដើម្បីធានាឱ្យបានថាក្រុមហ៊ុនចិននឹងមិនជាប់ទណ្ឌកម្មលោកខាងលិចដោយសារតែរុស្ស៉ីទេ។ មិនតែប៉ុណ្ណោះនៅពេលដែលក្រុមមន្ត្រី លោកខាងលិចមួយចំនួនទាញភ្ជាប់តៃវ៉ាន់ និងអ៊ុយក្រែន ចិនបានចេញមុខព្រមានដោយច្រានចោលថាតៃវ៉ាន់មិនមែនជាអ៊ុយក្រែននោះទេ ព្រោះ តៃវ៉ាន់សព្វថ្ងៃគឺជាផ្នែកមួយរបស់ចិនរួចស្រេចទៅហើយ។


ដូច្នេះជាទ្រីស្ដីចិននឹងបន្តគាំទ្រ និងជួយរុស្ស៉ីតាមដែលអាចធ្វើទៅបាន ហើយរិះគន់សហរដ្ឋអាមេរិក និងលោកខាងលិច។ តែជាការអនុវត្តចិននឹង នៅតែប្រឹងធ្វើយ៉ាងណា មិនឱ្យខ្លួនឯងធ្លាក់ជ្រោះដោយសារតែជួយរុស្ស៉ីនោះឡើយ៕


ប្រភព៖ Foreign Policy (ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News