Tuesday, September 04, 2018

ចៅចាក់ស្មុក៖ សម រង្ស៊ី បន្តផែនការក្បត់កម្ពុជាកាត់ទឹកដីឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយ អត្ថបទមួយ ក្រោមចំណងជើងថា «សម រង្ស៊ី បន្តផែនការក្បត់កម្ពុជាកាត់ទឹកដីឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ខណៈសំណុំរឿងក្បត់ជាតិ កាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ាវៀតណាម កំពុងតែដំណើរការ សម រង្ស៊ី បានផ្តល់ភស្តុតាងថ្មីបន្ថែមនៅក្នុងសំណុំរឿងនេះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨ ក្នុងជំនួបជាមួយក្រុមជនភៀសខ្លួនម៉ុងតាញ៉ានៅសហរដ្ឋអាមេរិក ដោយមានវត្តមាន កុក សរ មេចលនាវៀតណាមសេរីបង្ហាញវត្ត មានផងដែរ តាមរយៈខ្សែអាត់វិដេអូបង្ហោះតាមហ្វេសប៊ុកសកម្មជនអតីតបក្សសង្គ្រោះជាតិឈ្មោះ សុភ័ណ្ឌ ឡារី។ សម រង្ស៊ី បានគូសបញ្ជាក់សាជាថ្មីពីគោលជំហរថា ខ្លួននឹងទទួលស្គាល់ក្រុមម៉ុងតាញ៉ា និងផ្តល់ស្វ័យភាព កាត់ទឹកដីឱ្យពួកគេគ្រប់គ្រងក្នុងខេត្តរតនគិរីមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះដូចការបានចុះកិច្ចព្រមព្រៀងរួមគ្នាកាលពីឆ្នាំ ២០១៣ កន្លងទៅ ព្រមទាំងសន្យាជួយ និងចូលរួមផ្លាស់ប្តូររបបដឹកនាំនៅវៀតណាមជាមួយក្រុមម៉ុងតាញ៉ា នាំយកលទ្ធិប្រជាធិបតេយ្យជូនដល់ប្រទេសវៀតណាម ផ្តល់សិទ្ធិសេរីភាពដល់ក្រុមជនជាតិម៉ុងតាញ៉ាថែមទៀតផង។ សារទាំងនេះត្រូវបានគាំទ្រពេញទំហឹង ហើយមេចលនាម៉ុងតាញ៉ាវៀតណាម កុក សរ បានបង្ហាញពីការដឹងគុណចំពោះសម រង្ស៊ី ដោយថ្លែងថាអនាគត ប្រទេសកម្ពុជានិងវៀត ណាមគឺជាក្លាយជាប្រទេសតែមួយ និងជាប្រជាជនតែមួយ។
សម រង្ស៊ី បានប្រព្រឹត្តនូវទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។ នេះគឺជាការនាំប្រទេសកម្ពុជា ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាមួយប្រទេសជិតខាងយ៉ាងពិតប្រាកដ និងបែងចែកទឹកដីកម្ពុជាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ សម រង្ស៊ី ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត ហើយប្រជាពលរដ្ឋខ្មែរមិនអាចអត់ឱនឱ្យជនក្បត់ជាតិ ដូច សម រង្ស៊ី នេះបានទេ។ សម រង្ស៊ី បាននឹងកំពុងក្បត់ជាតិ និងនាំជាតិចូលក្នុងគ្រោះថ្នាក់ និងបាត់បង់ទឹកដីដែលពលរដ្ឋខ្មែរបានតស៊ូលះបង់សព្វបែបយ៉ាង ដើម្បីការពារទឹកដីឱ្យបានគង់វង្សរហូតមកទល់នឹងសព្វថ្ងៃនេះ។ ប៉ុន្តែដើម្បីមហិច្ឆតាអំណាច និងស្វែងរកការគាំទ្រហិរញ្ញវត្ថុពីម៉ុងតាញ៉ាព្រោះពលរដ្ឋខ្មែរភាគច្រើនអស់ជំនឿលើខ្លួន និងលែងផ្តល់ការគាំទ្រទៀត សម រង្ស៊ី បានងាកមកបោកប្រាស់ក្រុមម៉ុងតាញ៉ាវិញម្តង ខណៈជនក្បត់ជាតិរូបនេះមិនដឹងថាពេលណាខ្លួនអាចសង្គ្រោះខ្លួនឯងបាន ហើយយោងតាមច្បាប់ សម រង្ស៊ី គ្មានសិទ្ធិនឹងកាត់ទឹកដីឱ្យបរទេសឡើយ។ សម រង្ស៊ី បាននិងកំពុងធ្វើនយោបាយបំផ្លាញជាតិ បំផ្លាញបូរណភាពទឹកដីកម្ពុជា ដោយជាន់ឈ្លីឯករាជភាពជាតិខ្មែរ ហ៊ានយកប្រទេសខ្មែរឱ្យជាតិសាសន៍ដទៃ។
នៅពេលនេះ ប្រជាពលរដ្ឋខ្មែរកាន់តែមើលឃើញច្បាស់ថា នរណាជាអ្នកស្នេហាជាតិពិតប្រាកដ! សំណាងសម្រាប់កម្ពុជាណាស់ដែល នៅក្នុងការបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជាជាឈ្នះ ការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល និងដឹកនាំប្រទេស បើពុំនោះទេដីខ្មែរនឹងស្ថិតក្រោម ការគ្រប់គ្រងរបស់ជបរទេសដែលសម រង្ស៊ី តែងតែចោទថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នធ្វើជាអាយ៉ងនោះ។ កាន់តែសំណាងថែមទៀត នៅពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលជោគជ័យក្នុងការបង្ក្រាប និងកម្ទេចអង្គការចាត់តាំងនយោបាយ និងកម្លាំងនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជា និងចុងក្រោយកាន់តែ សំណាងខ្លាំង ពេលដែលតុលាការកំពូលរកឃើញថាបក្សសង្គ្រោះជាតិដែលបានឃុបឃិតនឹងបរទេសទទួលការបង្គាប់បញ្ជាពីបរទេសត្រូវបានសម្រេចរំលាយចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ ទប់ស្កាត់អំពើទុច្ចរិតរបស់ក្រុមអ្នកនយោបាយកញ្ជះបរទេសដូចសម រង្ស៊ី នេះ នៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ពលរដ្ឋខ្មែរបានសម្រេចផ្តល់សេចក្តីទុកចិត្តយ៉ាងច្រើនភ្លូកទឹកភ្លូកដីដល់ គណបក្សប្រជាជនកម្ពុជា និងដល់សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសបន្តទៀត។
សម រង្ស៊ី ដែលបានចុះកិច្ចព្រមព្រៀងផ្តល់ស្វ័យភាពឱ្យជនជាតិម៉ុងតាញ៉ាវៀតណាមគ្រប់គ្រងខេត្តខ្មែរ ៤ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ! ដើម្បីបំពេញមហិច្ឆតាអំណាច ក្រុមអ្នកនយោបាយប្រឆាំងមិនញញើតនឹងក្បត់ជាតិខ្លួនឯង ស្តាប់បង្គាប់ និងកាត់ដីឱ្យបរទេសឡើយ! សម រង្ស៊ី ប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសម្ងាត់ ហើយសម្រួលនិងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមព្រំដែន រួមនឹងសន្យាកាត់ទឹកដីឱ្យក្រុមម៉ុងតាញ៉ាវៀតណាមថែមទៀត ។ សម រង្ស៊ី ញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ស្អប់ខ្ពើមជនជាតិវៀតណាម ប៉ុន្តែដើម្បីជួយខ្លួនឡើងកាន់អំណាច បានចរចាសម្ងាត់ជាមួយវៀតណាម។ ជាតិ និងប្រជាជនកម្ពុជាមិនអាចទុកចិត្តលើក្រុមជនក្បត់ជាតិនេះបានឡើយ! មិនទាន់នឹងបានឡើង ដឹកនាំប្រទេសផង ហ៊ានចុះហត្ថលេខាកាត់ដីឱ្យបរទេសទៅហើយ និងអ្នកខ្លះដើម្បីឡើងកាន់អំណាច សុខចិត្តទទួលបង្គាប់បញ្ជាពីបរទេសដើម្បីបំផ្លាញជាតិខ្លួនឯង។ ប្រជាពលរដ្ឋកម្ពុជាមិនត្រូវបានទង្វើក្បត់ជាតិទាំងនេះឡើយ និងចូលរួមជ្រោងទង់ជាតិខ្មែរ ប្រឆាំងនឹងអំពើក្បត់ជាតិ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
កម្ពុជា ពេលនេះបានសុខសន្តិភាព ដោយសារតែបាតដៃនៃថ្នាក់ដឹកនាំនៃគណបក្ស ប្រជាជនកម្ពុជា និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។ ដោយសារតែអំពើល្អរបស់កម្ពុជា ប្រទេសដែល ធ្លាប់តែកំសត់ និងរងទុក្ខវេទនាដោយសង្គ្រាមស៊ីវិលមួយនេះ បានបន្តរស់នៅយ៉ាងសុខសាន្តក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ ហើយក្រុមជនក្បត់ជាតិក៏ត្រូវបានរំលាយចោលនូវអង្គការចាត់តាំងនយោបាយផងដែរ៕
ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៨

ក្រសួងសុខាភិបាលចេញសេចក្តីណែនាំស្តីពីការបង្ការបញ្ហាសុខភាពក្រោយទឹកជំនន់ស្រក

ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នថា ក្រោយទឹកជំនន់ស្រកអាចនឹងមានជំងឺរាតត្បាតមួយចំនួនកើតមានឡើងដូចជា ជំងឺរាក ជំងឺគ្រុនឈាម ជំងឺកមរមាស់ និងជំងឺព្រូនជាដើម។
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលខាងក្រោម៖

ផ្ទះមនុស្សធម៌ ២ខ្នងត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រ នៅឃុំដូនពេង

នៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមរបស់លោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ ២ខ្នង មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសីភ្លីធំ ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ដែលជាអំណោយរបស់លោកស្រី សៀង ចាន់ហេង ផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកលោក សៀង ចាន់ហេង រួមនឹងសហការី ប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រ គ្មានទីពឹង ២គ្រួសារ នៅភូមិ រកា និង ភូមិ បត់ ឃុំដូនពេង ស្រុក អង្គរជុំ ខេត្តសៀមរាប ។
លោកស្រី សៀង ចាន់ហេង និង លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ក៏បានសម្តែងការអាណិតអាសូរដល់គ្រួសារទាំងពីរ ដែលមានជីវភាពទីទ័លក្រ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកបណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
លោកស្រីទាំងពីរ ក៏បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនប្រុសប្អូនស្រី ទាំងពីរគ្រួសារនេះហើយ ទើបលោកស្រីបរិចាកថវិកាផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រេចសាងសង់ផ្ទះជូនគ្រួសារទាំងពីរហើយត្រូវបានប្រគល់នៅពេលនេះ។ កត្តាទាំងនេះ ហើយក៏សបញ្ជាក់ពីការយកចិត្តទុកដាក់ ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល រស់នៅក្រោមម្លប់សន្តិភាព នៃមហាគ្រួសារខ្មែរតែមួយ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជា ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
លោកស្រីទាំងពីរក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូន ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដើម្បីកាត់បន្ថយក្នុងការចំណាយប្រចាំថ្ងៃ ហើយត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅរបស់ខ្លួនតរៀងទៅអនាគត ។
លោកស្រីទាំងពីរក៏បានសង្កត់ធ្ងន់ចំពោះ បញ្ហាសុខភាពមាតាទារក និង ស្ត្រីមានផ្ទៃពោះ ក៏ដូចប្រជាពលរដ្ឋទូទៅ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុខភាព ដោយរដូវនេះ ងាយទទួលរងជម្ងឺផ្សេងៗ តែបើមានជម្ងឺត្រូវប្រញាប់នាំកូនចៅ ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបងប្អូន និងត្រូវហូបស្អាត ផឹកស្អាត មានអនាម័យបរិស្ថានល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង ។ ក្នុងនោះដែរលោកស្រីក៏បានធ្វើការអរព្រះគុណ ចំពោះព្រះតេជគុណ ព្រះអនុគណស្រុកអង្គរជុំ ដែលតែងតែ និមន្តចូលរួមនូវរាល់ព្រះសកម្មភាព មនុស្សធម៌ នៅក្នុងស្រុកអង្គរជុំ ដោយបានប្រទាននូវទេយ្យទានមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រទៀតផង ។
អំណោយមនុស្សធម៌បន្ថែមក្នុង១គ្រួសារ រួមមាន -មុង២ -ភួយ២ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ៥០គីឡូក្រាម -មី១កេស -ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល ។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមពិធីម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀលផងដែរ ។ ក្នុងនោះដែរលោកជំទាវឧកញ៉ា សៀង ចាន់ហេង ក៏បានបន្ថែមនូវថវិកាដល់មួយគ្រួសារ២០ម៉ឺនរៀល ប្រគេនព្រះសង្ឃ១០វត្ត ក្នុង១វត្ត ១០ម៉ឺន រៀល និង លោកតាលោកយាយ ម្នាក់ៗ២ម៉ឺនរៀល រួមទាំងរ៉ូប១ និង ក្រុមសមត្ថកិច្ច១០នាក់ ម្នាក់ៗ ៣ម៉ឺនរៀលផងដែរ ៕






អភិបាលរងខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញលូប្រមូលទឹកសំណល់ក្នុងក្រុង

សៀមរាប៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ទៀ សីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក កែន រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ ប្រព័ន្ធបណ្តាញលូប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីសហការី ក្រុមការងារធនាគារពិភពលោក ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស SUEZ តំណាងអាជ្ញាធរជាតិអប្សរា មន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ និងអង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងនោះលោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក មានគម្រោងសិក្សាជាច្រើន លើការងារប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុង ហើយការជួបពិភាក្សាគ្នានេះ ក៏ជាទុនមួយសម្រាប់ការសិក្សាស្រាវជ្រាវ ពីបញ្ហាប្រព័ន្ធលូក្នុងក្រុងសៀមរាប របស់គម្រោងធនាគារពិភពលោកផងដែរ។ ដោយកន្លងមក ក្រុងប្រវត្តិសាស្ត្រមួយនេះ តែទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង តែក្រោមការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានកសាងរបាំងការពារទឹកជំនន់នៅផ្នែកខាងលើ ដើមី្បបញ្ជៀសការលិចលង់ក្នុងក្រុង។ ក៏ប៉ុន្តែទោះបីការបញ្ជៀសនេះទទួលបានជោគ ជ័យក៏ពិតមែន តែនៅតំបន់មួយចំនួនក្នុងក្រុងនៅពេលមានភ្លៀងធ្លាក់ក៏នៅរងការលិចលង់ ដោយបញ្ហាកង្វះប្រព័ន្ធលូរំដោះទឹក ហើយបញ្ហាចំណោទខ្លាំងនោះលើប្រព័ន្ធទឹកកខ្វក់និងទឹកជំនន់ក្នុងក្រុង។ លោកបានលើកផងដែរ អំពីដៃគូរអភិវឌ្ឍន៍លើផ្នែកអនាម័យមានធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអារហ៍ណនីហរហ៍ណ និងទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានឱ្យដឹងផងដែរថា ទោះបីមានការគាំទ្រពីសំណាក់ដៃគូរអភិវឌ្ឍន៍ក្តី ក្រុងសៀមរាបក៏នៅមានតម្រូវការក្នុងការសាងសង់បណ្តាញលូខ្នែង និងខ្នែងរង ដើមី្បតភ្ជាប់ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេដែលមានស្រាបដើមី្បធានាបានសុខភាពសាធារណៈ អនាម័យ បរិស្ថាន សាធារណៈ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះលោក កែន រដ្ឋា ក៏បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការបង្ហាញពីវឌ្ឍនភាពការងារ និងការពិគ្រោះយោបល់លើផែនការការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ដែលបាននឹងកំពុងសិក្សាដោយក្រុមប្រឹក្សា SUEZក្រោមការគាំទ្រផ្នែកថវិកា និងកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងសម្រាប់ទ្វីបអាស៊ី( CDIA) ក្នុងគោលបំណង ដើមី្បរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកកខ្វក់ក្នុងក្រុងសៀមរាប ការសិក្សាសមិទ្ធិលទ្ធភាពសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ព្រមទាំងការរៀបចំប្លង់លម្លិត និងឯកសារដេញថ្លៃមួយចំនួនរបស់គម្រោង លោកក៏បានគូសបញ្ជាក់ថា គម្រោងនេះត្រូវអនុវត្តក្រោមកម្ចីរបស់ធនាគារពិភពលោកសម្រាប់សិក្សា និង រៀបចំតភ្ជាប់ប្រព័ន្ធលូពីផ្ទះប្រជាពលរដ្ឋមកបណ្តាញលូមេមានស្រាប់ក្នុងក្រុងដើមី្បធានានូវសុខភាពសាធារណៈ បរិស្ថាន អនាម័យសាធារណៈ និងជំរុញនូវការកសាងសមត្ថភាពមន្ត្រីបន្ថែមលើការគ្រប់គ្រងអង្គភាពលូទឹក និងស្ថានីយ៍ច្រោះសម្អាតទឹកសំណល់រាវក្នុងខេត្តប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។
លោក កែន រដ្ឋា បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តប្រវត្តិសាស្ត្រដែលជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត។ តាមការពិនិត្យទៅលើបញ្ហាការបញ្ចេញចោលទឹកកខ្វក់ក្នុងមួយថ្ងៃមានប្រមាណ២៥ពាន់ម៉ែត្រគូប ដោយយើងអាចគ្រប់គ្រងបញ្ហានេះបានតែ៨ពាន់ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលកម្រិតនេះជាបញ្ហាមួយដែលតម្រូវការនូវការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍នានា។ លោកក៏បានឱ្យដឹងផងដែរថាថ្មីៗនេះ ធនាគារពិភពលោកបានសម្រេចផ្តល់កម្ខីប្រមាណ៥០លានដុល្លា ដោយក្នុងនោះ២០លានដុល្លារសម្រាប់គម្រោងទឹកស្អាត និង អនាម័យ ក្នុងការសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ដែលតភ្ជាប់ពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេ ដើមី្បប្រមូលទឹកកខ្វក់តាមផ្ទះយកទៅច្រោះសម្អាតនៅស្ថានីយ៍ច្រោះសម្អាតទឹកសំណល់ មុននឹងបញ្ចេញទៅប្រភពទឹកសាធារណៈវិញ ដើមី្បធានាបាននូវសុខភាពសាធារណៈ បរិស្ថាន និង អនាម័យសាធារណៈ៕



(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថាគណបក្សនយោបាយនានា​កុំរើសអើសត្រឹមតែពាក្យអបអរសាទរ​មួយម៉ាត់សម្រាប់ជាតិរបស់ខ្លួន

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថាលោកមិនស្អប់អាមេរិកនោះទេ គឺស្អប់តែនរណាដែលបានចូលឈ្លានពាន និងបំផ្លិចបំផ្លាញកម្ពុជាតែប៉ុណ្ណោះ

កម្ពុជា រៀបចំសន្និសីទអន្ដរជាតិ ស្ដីពី «ព្រះពុទ្ធសាសនា​នៅអាស៊ីអាគ្នេយ៍»​ ដើម្បីអប់រំពុទ្ធបរិស័ទ​ធ្វើអំពើល្អ​ តាមគន្លង​ព្រះពុទ្ធសាសនា​

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារភ្នំពេញ។ សន្និសីទនេះ ក៏មានការយាង និមន្ត និងអញ្ជើញចូលរួមវាគ្មិន មកពីបណ្តាប្រទេសអាស៊ាន ឥណ្ឌា អាស៊ីខាងត្បូង អាស៊ីបូព៌ា អន្តរភ្ញៀវជាតិ និងភ្ញៀវជាតិជាច្រើនរយអង្គ/នាក់។
ក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ក៏បានថ្លែងអំណរអរគុណដល់ ពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ និងស្ថានទូតឥណ្ឌាប្រចាំ នៅកម្ពុជា និងក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា ដែលបានសហការគ្នារៀបចំជាសន្និសីទអន្តរជាតិលើប្រធានបទ «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នាពេលនេះ។ លោកបានបន្ថែមទៀតថា កត្តាទាំងអស់នេះអាចប្រព្រឹត្តទៅ និងរៀបចំបានក៏ដោយសារប្រទេសកម្ពុជា គឺជាប្រទេសមួយមានសន្តិភាព ពេញលេញ ដែលជាកត្តានាំឲ្យប្រជាពុទ្ធបរិស័ទមានឱកាសរៀបចំនូវកម្មវិធីនេះឡើង។
ក្នុងន័យនេះ ព្រះពុទ្ធនៅកម្ពុជា ក៏បានតួយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ រួមមាន ការងារសង្គម ការងារមនុស្សធម៌ និងទំនាក់ទំនង រវាងព្រះពុទ្ធសាសនា នានានៅក្នុងតំបន់ និងនៅលើពិភពលោក។ ព្រះពុទ្ធសាសនា បានអប់រំឲ្យពុទ្ធបរិស័ទទាំងអស់ ធ្វើតែអំពើល្អជាកុសល អំពើបុណ្យ និងមិនកាប់សម្លាប់គ្នាឡើយ ហេតុនេះយើងទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា ត្រូវតែបន្តថែរក្សា និងប្រតិបត្តិឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕