Tuesday, September 04, 2018

ផ្ទះមនុស្សធម៌ ២ខ្នងត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រ នៅឃុំដូនពេង

នៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមរបស់លោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ ២ខ្នង មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសីភ្លីធំ ក្រាលក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ដែលជាអំណោយរបស់លោកស្រី សៀង ចាន់ហេង ផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកលោក សៀង ចាន់ហេង រួមនឹងសហការី ប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រ គ្មានទីពឹង ២គ្រួសារ នៅភូមិ រកា និង ភូមិ បត់ ឃុំដូនពេង ស្រុក អង្គរជុំ ខេត្តសៀមរាប ។
លោកស្រី សៀង ចាន់ហេង និង លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ក៏បានសម្តែងការអាណិតអាសូរដល់គ្រួសារទាំងពីរ ដែលមានជីវភាពទីទ័លក្រ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកបណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
លោកស្រីទាំងពីរ ក៏បានបញ្ជាក់ថា ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនប្រុសប្អូនស្រី ទាំងពីរគ្រួសារនេះហើយ ទើបលោកស្រីបរិចាកថវិកាផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រេចសាងសង់ផ្ទះជូនគ្រួសារទាំងពីរហើយត្រូវបានប្រគល់នៅពេលនេះ។ កត្តាទាំងនេះ ហើយក៏សបញ្ជាក់ពីការយកចិត្តទុកដាក់ ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល រស់នៅក្រោមម្លប់សន្តិភាព នៃមហាគ្រួសារខ្មែរតែមួយ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជា ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
លោកស្រីទាំងពីរក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូន ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដើម្បីកាត់បន្ថយក្នុងការចំណាយប្រចាំថ្ងៃ ហើយត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅរបស់ខ្លួនតរៀងទៅអនាគត ។
លោកស្រីទាំងពីរក៏បានសង្កត់ធ្ងន់ចំពោះ បញ្ហាសុខភាពមាតាទារក និង ស្ត្រីមានផ្ទៃពោះ ក៏ដូចប្រជាពលរដ្ឋទូទៅ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុខភាព ដោយរដូវនេះ ងាយទទួលរងជម្ងឺផ្សេងៗ តែបើមានជម្ងឺត្រូវប្រញាប់នាំកូនចៅ ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបងប្អូន និងត្រូវហូបស្អាត ផឹកស្អាត មានអនាម័យបរិស្ថានល្អ ក្នុងការកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារទៀតផង ។ ក្នុងនោះដែរលោកស្រីក៏បានធ្វើការអរព្រះគុណ ចំពោះព្រះតេជគុណ ព្រះអនុគណស្រុកអង្គរជុំ ដែលតែងតែ និមន្តចូលរួមនូវរាល់ព្រះសកម្មភាព មនុស្សធម៌ នៅក្នុងស្រុកអង្គរជុំ ដោយបានប្រទាននូវទេយ្យទានមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រទៀតផង ។
អំណោយមនុស្សធម៌បន្ថែមក្នុង១គ្រួសារ រួមមាន -មុង២ -ភួយ២ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ៥០គីឡូក្រាម -មី១កេស -ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល ។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមពិធីម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀលផងដែរ ។ ក្នុងនោះដែរលោកជំទាវឧកញ៉ា សៀង ចាន់ហេង ក៏បានបន្ថែមនូវថវិកាដល់មួយគ្រួសារ២០ម៉ឺនរៀល ប្រគេនព្រះសង្ឃ១០វត្ត ក្នុង១វត្ត ១០ម៉ឺន រៀល និង លោកតាលោកយាយ ម្នាក់ៗ២ម៉ឺនរៀល រួមទាំងរ៉ូប១ និង ក្រុមសមត្ថកិច្ច១០នាក់ ម្នាក់ៗ ៣ម៉ឺនរៀលផងដែរ ៕






No comments:

Post a Comment